km:tipitaka:sut:mn:sut.mn.090



កណ្ណកត្ថលសូត្រ ទី១០

សង្ខេប

ជា​គតិ​​អប់រំ​ក្នុង​សូត្រ ដល់​សារ​ប្រយោជន៏​សង្គម​ ​​សេចក្ដី​យល់​ដឹង​ខាង​ផ្នែក​ សតិ​ស្មារតី​ ពី​ខាងក្នុង​ដ៏​ជ្រៅ​ ទើប​ជាការ​​រំដោះ​ នូវ​ការ​ប្រកាន់​វណ្ណៈ​ឬ​ពូជ​សាសន៍ ផ្ទុយ​ទៅ​វិញ​ ការ​ប្រកាន់​នូវ​​ជីវិត ​បែប​​​វណ្ណៈ​ ពណ៏ ​សំបុរ​ ជា​​ឧបសគ្ក​​រារាំង​​ដល់​នូវ​ការ​ចម្រើន​ និង​​ការ​អភិវឌ្ឍដ៏​ពិត​ប្រាកដ។

mn 090 បាលី cs-km: sut.mn.090 អដ្ឋកថា: sut.mn.090_att PTS: ?

(ទី១០) កណ្ណកត្ថលសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១០. កណ្ណកត្ថលសុត្តំ)

[៣៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ភូមិប្រទេស ឈ្មោះកណ្ណកត្ថលៈ ជាទីឲ្យអភ័យដល់ពួកម្រឹគ ជិតក្រុងឧទញ្ញា។ សម័យនោះឯង ព្រះបាទបសេនទិកោសល បានមកដល់ឧទញ្ញានគរ ដោយកិច្ចនីមួយ។ គ្រានោះ ព្រះបាទបសេនទិកោសល ត្រាស់ហៅបុរសម្នាក់ថា ម្នាលបុរសដ៏ចំរើន អ្នកឯង​ចូរមកនេះ ចូរអ្នកឯង ចូលទៅរកព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំ​ព្រះបាទទាំងគូ របស់​ព្រះមានព្រះភាគ ដោយក្បាល តាមពាក្យរបស់យើង រួចហើយចូរសួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោក​ទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល ថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរ្យៈ ហើយទ្រង់សួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខ រួចអ្នកឯងចូរពោលយ៉ាងនេះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឮថាថ្ងៃនេះ ព្រះបាទបសេនទិកោសល ទ្រង់សោយក្រយាស្ងោយ​ក្នុងវេលាព្រឹករួចហើយ ក្នុងកាលជាខាងក្រោយភត្ត ទ្រង់នឹងចូលមកគាល់​ព្រះមាន​ព្រះភាគ។ បុរសនោះ ទទួលព្រះឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅគាល់ព្រះមានព្រះភាគ ត្រង់ទីដែល​ព្រះអង្គគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយ​អង្គុយនៅក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានពោល​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល ថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរ្យៈ ហើយទ្រង់សួរ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់​នៅ​ជាសុខ ហើយទ្រង់ត្រាស់ យ៉ាងនេះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឮថាថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលបើទ្រង់សោយព្រះក្រយាស្ងោយ ​ក្នុងវេលាព្រឹករួចហើយ វេលាខាងក្រោយភត្ត ទ្រង់នឹងចូលមកគាល់​ព្រះមានព្រះភាគ។

[៣៣៣] ព្រះភគិនី (ជាបជាបតី) ព្រះនាមសោមា និងព្រះនាមសកុលា បានឮថា ថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលទ្រង់សោយព្រះក្រយាស្ងោយ ​ក្នុងវេលាព្រឹក​រួច​ហើយ ខាងក្រោយភត្ត ទ្រង់នឹងស្តេចទៅគាល់​ព្រះមានព្រះភាគ។ លំដាប់នោះ ព្រះនាងសោមា និងព្រះនាងសកុលា ចូលទៅគាល់ព្រះបាទបសេនទិកោសល ក្នុងកន្លែង​សម្រាប់សោយ ហើយបានពោលពាក្យនេះថា បពិត្រមហារាជ បើដូច្នោះ សូមព្រះអង្គ ថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ តាមពាក្យរបស់ខ្ញុំម្ចាស់​ទាំងឡាយផង សូមទ្រង់សួរ ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់​នៅ​ជាសុខផងថា បពិត្រព្រះអង្គដ៏ចំរើន នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ ហើយសួរ​ នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់​នៅ​ជាសុខសាន្ត។

[៣៣៤] គ្រានោះ ព្រះបាទបសេនទិកោសល សោយព្រះក្រយាស្ងោយ ​ក្នុងវេលាព្រឹករួចហើយ ទើបចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទ​បសេនទិកោសល គង់នៅក្នុងទីដ៏សមគួរហើយ ទើបក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ ទូលសួរ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់​នៅ​ជាសុខសាន្ត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ ចុះនាងសោមា និងនាងសកុលា រកអ្នកបម្រើដទៃមិនបានឬ។ ព្រះបាទបសេនទិកោសល ​ក្រាបបង្គំទូលថា នាងសោមា និងនាងសកុលា បានឮថា ក្នុងថ្ងៃនេះ ព្រះបាទ​បសេនទិកោសល កាលទ្រង់សោយព្រះក្រយាស្ងោយ ​ក្នុងវេលាព្រឹករួចហើយ ក្នុងវេលាខាងក្រោយភត្ត នឹងយាងចូលទៅ ដើម្បីគាល់​ព្រះមានព្រះភាគ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏លំដាប់នោះ នាងសោមា និងនាងសកុលា ចូលមករកខ្ញុំព្រះអង្គ ត្រង់កន្លែង​សម្រាប់ទទួលភត្ត ហើយពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ សូម​ព្រះអង្គ​ ថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ តាមពាក្យ​របស់ខ្ញុំម្ចាស់​ទាំងឡាយផង ទូលសួរ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោក​ទៅមក​បានរហ័សរហួន ព្រះកាយពល ការទ្រង់គង់​នៅ​ជាសុខថា នាងសោមា និងនាង​សកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ ដោយសិរ្យៈ ទូលសួរ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការទ្រង់គង់​នៅ​ជាសុខ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ សូមឲ្យនាងសោមា និងនាង​សកុលា បានសេចក្តីសុខទាំងអស់គ្នា។

[៣៣៥] គ្រានោះ ព្រះបាទបសេនទិកោសល បានក្រាបទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ព្រះសមណគោតម ពោលយ៉ាងនេះថា គ្មានសមណព្រាហ្មណ៍ណា ដែលជាអ្នកដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុ​ទេ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយណា ពោលយ៉ាងនេះថា ព្រះសមណគោតម និយាយយ៉ាងនេះថា គ្មានសមណព្រាហ្មណ៍ណា ដែលដឹងសព្វ ឃើញសព្វ ប្តេជ្ញា​នូវ​ញាណទស្សនៈដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុ​ទេ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយនោះ ពោលតាមពាក្យ របស់ព្រះមានព្រះភាគ មិនមែន​ពោលបង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិតទេ ឈ្មោះថា ព្យាករនូវ​ធម៌ ដ៏សមគួរ ដល់នវលោកុត្តរធម៌ ទាំងពាក្យតូច ពាក្យធំ ប្រកបដោយធម៌ណានីមួយ ក៏​មិនដល់នូវទីគួរតិះដៀលទេឬ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ ជន​ទាំងឡាយណា ពោលយ៉ាងនេះថា ព្រះសមណគោតម និយាយយ៉ាងនេះថា គ្មានសមណៈ ឬព្រាហ្មណ៍ ដែលដឹងសព្វ ឃើញសព្វ ប្តេជ្ញា​នូវ​ញាណទស្សនៈ ដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុ​ឡើយ ជនទាំងឡាយនេះ ពោលតាមពាក្យ ដែលតថាគតពោលហើយ ទាំងមិនឈ្មោះថា ​ពោលបង្កាច់តថាគត​ ដោយពាក្យមិនទៀង មិនពិតទេ។

[៣៣៦] លំដាប់នោះ ព្រះបាទបសេនទិកោសល ត្រាស់ហៅសេនាបតី ឈ្មោះ​វិឌូឌភៈមក ហើយសួរថា ម្នាលសេនាបតី នរណាហ្ន៎ នឹងអាចពោលកថាវត្ថុនេះ ក្នុង​ខាងក្នុង នៃព្រះបរមរាជវាំងបាន។ វិឌូឌភៈសេនាបតី ក្រាបបង្គំទូលថា បពិត្រមហារាជ មានតែសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ។ ទើបព្រះបាទបសេនទិកោសល ត្រាស់ហៅ​បុរសម្នាក់មក ហើយប្រាប់ថា ម្នាលបុរសអើយ អ្នកឯងចូរមកអាយ អ្នកចូរទៅហៅ​សញ្ជយ​ព្រាហ្មណ៍ ជាអាកាសគោត្រ តាមពាក្យរបស់យើងថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល ទ្រង់មានព្រះឱង្ការឲ្យហៅលោក។ បុរសនោះ ទទួល​ព្រះឱង្ការ​របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅរកសញ្ជយ​ព្រាហ្មណ៍ ជាអាកាសគោត្រ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ ទៅរក​សញ្ជយ​ព្រាហ្មណ៍ ជាអាកាសគោត្រថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល ទ្រង់មាន​ព្រះរាជឱង្ការឲ្យហៅលោក។ លំដាប់នោះ ព្រះបាទបសេនទិកោសល បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានពោល​ពាក្យឯទៀត ព្រោះសំដៅហេតុណាមួយ អ្នកផងចូលចិត្តពាក្យនោះ ដោយប្រការដទៃដែរ​ឬ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះមានព្រះភាគ ជ្រាបនូវពាក្យ តាមសមគួរហើយ ទើបពោលវាចាឬ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ តថាគត ដឹងយ៉ាងនេះ​ហើយ ទើបពោលវាចាថា គ្មានសមណព្រាហ្មណ៍ណា ដែលដឹងនូវហេតុទាំងពួង ឃើញ​នូវហេតុទាំងពួងតែម្តង សេចក្តីនេះ មិនសមហេតុឡើយ។ ព្រះបាទបសេនទិកោសល ទ្រង់​ត្រាស់ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ សំដែងពាក្យសមហេតុ បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ សំដែងពាក្យ ដែលប្រព្រឹត្តទៅ មួយអន្លើដោយហេតុថា គ្មានសមណៈ ឬព្រាហ្មណ៍ណា ដែលដឹងនូវហេតុទាំងពួង ឃើញ​នូវហេតុទាំងពួងតែម្តង រឿងដូច្នេះនេះ មិនសមហេតុឡើយ បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈមាន៤គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រព្រះអង្គដ៏ចំរើន ត្រកូលទាំង​៤នេះ មានសេចក្តី​វិសេស ទាំងមានសេចក្តីផ្សេងគ្នាដែរឬទេ។

[៣៣៧] បពិត្រមហារាជ វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រមហារាជ បណ្តាវណ្ណៈទាំង​៤នេះ មានតែវណ្ណៈ២គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ ដែលប្រាកដ​ជាប្រសើរជាងគេ ព្រោះវណ្ណៈ​ទាំងពីរនេះ គួរដល់ការថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលិកម្ម និងសាមីចិកម្ម។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនទូលសួរនូវគុណ ក្នុង​បច្ចុប្បន្ន នឹងព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ទូលសួរនូវគុណ ដែល​ប្រព្រឹត្តទៅ ក្នុងបរលោក នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ត្រង់វណ្ណៈ​ទាំង៤​នេះ គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈទាំង​៤នេះ មានសេចក្តីវិសេស និងសេចក្តីផ្សេងគ្នាដែរឬទេ។

[៣៣៨] បពិត្រមហារាជ អង្គនៃសេចក្តីព្យាយាមនេះ មាន៥។ ចុះអង្គនៃសេចក្តី​ព្យាយាម មាន៥ តើដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹង របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយ​ចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទៅកាន់​ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់ នូវ​ត្រៃលោក ព្រះអង្គប្រសើរ ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ​ជាគ្រូ​នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិល​ត្រឡប់​មកកាន់ភពថ្មីទៀតហើយ១។ ជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយ​ការចាប់បដិសន្ធិ មានវិបាកដ៏ស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក ជាកណ្តាល អត់ទ្រាំ​នូវសេចក្តីព្យាយាមបាន១។ ជាអ្នក​មិនអួតអាង មិនមានមាយា ធ្វើនូវខ្លួនឲ្យជាក់ច្បាស់ តាមសេចក្តីពិត ក្នុងព្រះសាស្តាផង ក្នុងសព្រហ្មចារី ជាអ្នកប្រាជ្ញទាំងឡាយផង១។ ជាអ្នក​ប្រារព្ធ នូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវធម៌ទាំងឡាយជាអកុសល ដើម្បី​បំពេញនូវ​ធម៌​ទាំងឡាយជាកុសល មានកំឡាំងចិត្ត មានព្យាយាមដ៏មាំមួន មិនដាក់ចុះនូវធុរៈ ក្នុងធម៌​ទាំងឡាយជាកុសលឡើយ១។ ជាអ្នកមានប្រាជ្ញា ប្រកបដោយបញ្ញាដ៏ប្រសើរ ស្គាល់​សេចក្តីកើតឡើង និងវិនាសទៅ ជាបញ្ញាដល់នូវសេចក្តី​អស់ទៅនៃទុក្ខ ដែលជាគ្រឿង​នឿយណាយ១។ បពិត្រមហារាជ នេះឯង ជាអង្គ នៃសេចក្តីព្យាយាមទាំង៥។ បពិត្រ​មហារាជ វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈ​ទាំង៤​នោះ បើបានប្រកបដោយអង្គ នៃសេចក្តីព្យាយាម ទាំង៥នេះហើយ ការប្រកបនោះ នៃវណ្ណៈ​ទាំងនោះ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសុខ សេចក្តីចំរើន អស់កាលជាយូរអង្វែង។

[៣៣៩] បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ បើប្រកបដោយអង្គ នៃសេចក្តីព្យាយាម ទាំង៥នេះ បពិត្រព្រះអង្គដ៏ចំរើន តើវណ្ណៈទាំងនោះ មានសេចក្តីវិសេសជាងគ្នា ផ្សេងគ្នា ក្នុងហេតុ​នុ៎ះ​ដែរឬ។ បពិត្រមហារាជ នេះហើយ ដែលតថាគតពោលថា សេចក្តីព្យាយាម​ខុសគ្នា ក្នុងហេតុនុ៎ះឯង។ បពិត្រមហារាជ ដូចសត្វពីរពួក គឺដំរី គួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក គេបានទូន្មានប្រដៅល្អហើយ សត្វពួកទីពីរទៀត គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក តែគេមិនបានទូន្មាន មិនបានប្រៀនប្រដៅទេ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច សត្វពីរពួកណា គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក គេបានទូន្មានល្អ ប្រៀនប្រដៅល្អហើយ ក៏សត្វទាំងនោះ លុះគេទូន្មាន​ហើយ បានដល់នូវហេតុតាមដែលទូន្មាន លុះគេទូន្មានហើយ ក៏បានដល់នូវ​ទី តាមដែលទូន្មាន ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនុ៎ះ យ៉ាងនេះហើយ។ សត្វពួកទីពីរណា គឺដំរី​គួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក តែគេមិនបានទូន្មាន មិនបានប្រៀនប្រដៅទេ សត្វទាំងនោះ កាលបើគេមិនបានទូន្មានហើយ តើបានដល់នូវហេតុ តាមដែលទូន្មាន កាលបើ​គេមិនបានទូន្មានហើយ តើបានដល់នូវទី តាមដែល​ទូន្មាន ដូចជា​ពួកសត្វ​ទាំងនោះ គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេបាន​ទូន្មានល្អ ប្រដៅ​ល្អហើយ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ បពិត្រមហារាជ សេចក្តីនេះ មានឧបមេយ្យដូចបុគ្គលមានសទ្ធា មិនមានអាពាធ ជាអ្នកមិនអួតអាង មិនមាន​មាយា ប្រារព្ធនូវ​សេចក្តីព្យាយាម មានប្រាជ្ញា រមែងដល់នូវហេតុណា បុគ្គលគ្មាន​សទ្ធា មានអាពាធច្រើន ជាអ្នកអួតអាង មានមាយា ខ្ជិលច្រអូស ឥតប្រាជ្ញា នឹងដល់នូវ​ហេតុ​នោះដូចគ្នា ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៣៤០] បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពោលនូវពាក្យដ៏សមគួរ​ដល់ហេតុ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពោលនូវពាក្យប្រព្រឹត្តទៅ មួយអន្លើ​ដោយហេតុ បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈ​ទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ បើប្រកបដោយអង្គ នៃសេចក្តីព្យាយាម៥នេះ វណ្ណទាំងនោះ ឈ្មោះថា មានសេចក្តីព្យាយាមដោយពិត បពិត្រព្រះអង្គដ៏ចំរើន វណ្ណទាំងនោះ មានសេចក្តី​វិសេសជាងគ្នា ផ្សេងគ្នាក្នុងហេតុនុ៎ះឯង។ បពិត្រមហារាជ តថាគត មិនពោល​នូវអំពើផ្សេងៗ បន្តិចបន្តួចក្នុងហេតុនុ៎ះ គឺវិមុត្តិដោយវិមុត្តិទេ។ បពិត្រមហារាជ ដូចបុរស​យក​ឧសសាលព្រឹក្ស ដែលស្ងួត មកបង្កាត់ភ្លើង ភ្លើងក៏កើតឡើង។ មានបុរសម្នាក់ទៀត យក​ឧស​ស្វាយ ដែលស្ងួត​មកបង្កាត់ភ្លើង ភ្លើងក៏កើតឡើងដែរ។ បុរសម្នាក់ទៀត យក​ឧស​ល្វា ដែលស្ងួត​មកបង្កាត់ភ្លើង ភ្លើងក៏កើតភ្លើងឡើងដែរ។ បពិត្រមហារាជ ព្រះអង្គសំគាល់​នូវ​សេចក្តីនោះ ថាដូចម្តេច អំពើបន្តិចបន្តួច​ផ្សេងៗ របស់ភ្លើងទាំងនោះ ដែលកើតអំពី​ឧសផ្សេងៗ គឺអណ្តាតភ្លើងដោយអណ្តាតភ្លើងក្តី ពណ៌ដោយពណ៌ក្តី ពន្លឺដោយពន្លឺក្តី ខុសគ្នាដែរឬ។ សេចក្តីនេះ មិនដូច្នោះទេព្រះអង្គ។ បពិត្រមហារាជ តេជះណា ដែលបុគ្គល​មិនបានញាំញី ដោយព្យាយាម ដែលកើតអំពីព្យាយាម តថាគត មិនពោល​នូវអំពើបន្តិចបន្តួច​ថា ផ្សេងគ្នាក្នុងតេជះនោះ គឺវិមុត្តិ ដោយវិមុត្តិយ៉ាងនេះទេ។

[៣៤១] បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពោលពាក្យប្រព្រឹត្តទៅ មួយអន្លើ​ដោយហេតុ បពិត្រព្រះអង្គដ៏ចំរើន ចុះទេវតា មានដែរឬ។ បពិត្រមហារាជ ចុះហេតុដូចម្តេច បានជាទ្រង់​ត្រឡប់សួរយ៉ាងនេះវិញថា បពិត្រព្រះអង្គដ៏ចំរើន ចុះទេវតា មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើទេវតាមានមែន ទេវតាទាំងនោះ មុខជានឹង​មកកាន់អត្តភាពជាមនុស្សនេះពុំខាន ឬបើមិនមានទេ (ទេវតាទាំងនោះ) នឹងមិនមកកាន់អត្តភាពជាមនុស្សនេះឡើយ។ បពិត្រមហារាជ ពួកទេវតាណា មានសេចក្តី​ព្យាបាទ ទេវតាទាំងនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ពួកទេវតា​ណា មិនមានសេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាពជាមនុស្សនេះទេ។

[៣៤២] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ វិឌូឌភសេនាបតី ក៏បានពោលតប ទៅនឹង​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា មានសេចក្តី​ព្យាបាទ ទេវតាទាំងនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ពួកទេវតា​ណា មិនមានសេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាពជាមនុស្សនេះទេ ហើយញុំាងទេវតា ដែលមានព្យាបាទទាំងនោះ ឲ្យកក្រើកចាកទីនោះ ឬបណ្តេញចេញ។ លំដាប់នោះ ព្រះអានន្ទ មានសេចក្តីត្រិះរិះ យ៉ាងនេះថា វិឌូឌភសេនាបតីនេះ ជាបុត្តរបស់​ព្រះបាទបសេនទិកោសល ឯអាត្មាអញ ជាបុត្ត​របស់ព្រះមានព្រះភាគ កាលនេះ ជាកាល​ឲ្យបុត្តប្រឹក្សាជាមួយនឹងបុត្ត។ លំដាប់នោះ ព្រះអានន្ទមានអាយុ ហៅវិឌូឌភសេនាបតីមកថា បពិត្រសេនាបតី បើដូច្នោះ អាត្មាភាព នឹងសួរប្រស្នា ចំពោះទ្រង់ ក្នុងដំណើរនេះវិញ ប្រស្នាគួរដល់ទ្រង់យ៉ាងណា សូមទ្រង់ដោះស្រាយ​ យ៉ាង​នោះចុះ បពិត្រសេនាបតី ចុះទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច ដែន​របស់​ព្រះបាទបសេនទិកោសល ត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល សោយរាជ​សម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល អាចធ្វើឲ្យកក្រើក ឬបណ្តេញ នូវសមណព្រាហ្មណ៍ ដែលមានបុណ្យក្តី ឥតបុណ្យក្តី មានសេចក្តី​ប្រព្រឹត្តិ​ល្អក្តី មិនមានសេចក្តី​ប្រព្រឹត្តិល្អក្តី ឲ្យចេញចាកតំណែងនោះ ក្នុងទីដែននោះ បានដែរឬ។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ដែនរបស់ព្រះបាទបសេនទិកោសល ត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល សោយរាជ​សម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទ​បសេនទិកោសល អាចដើម្បីធ្វើឲ្យកក្រើក បណ្តេញចេញ នូវសមណព្រាហ្មណ៍ ដែល​មានបុណ្យ ឬឥតបុណ្យ ​ប្រព្រឹត្តិល្អ ឬ​ប្រព្រឹត្តិអាក្រក់ ឲ្យចេញចាកតំណែងនោះ ក្នុងទី​ដែននោះបាន។ បពិត្រសេនាបតី ទ្រង់សំគាល់នូវសេចក្តីនោះ ថាដូចម្តេច ទីដែល​មិនមែនជាដែន ​របស់​ព្រះបាទបសេនទិកោសលត្រឹមណា មួយទៀត ព្រះបាទបសេនទិ​កោសល មិនបានសោយរាជ​សម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទ​បសេនទិ​កោសល អាចដើម្បីធ្វើឲ្យកក្រើក បណ្តេញនូវសមណព្រាហ្មណ៍ ដែលមានបុណ្យ ឬឥតបុណ្យ ​ប្រព្រឹត្តិល្អ ឬ​ប្រព្រឹត្តិអាក្រក់ ឲ្យចេញចាកតំណែងនោះ បានដែរឬ។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ទីដែលមិនមែនជាដែន របស់ព្រះបាទបសេនទិកោសលត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល មិនបានសោយរាជ​សម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល មិនអាចដើម្បីធ្វើឲ្យកក្រើក ឬបណ្តេញ នូវសមណៈ ឬព្រាហ្មណ៍ ដែលមានបុណ្យ ឬឥតបុណ្យ មានព្រហ្មចរិយធម៌ ឬ​មិនមាន​ព្រហ្មចរិយធម៌ ឲ្យចេញចាកតំណែងនោះ ក្នុងដែននោះបានទេ។ បពិត្រសេនាបតី ចុះ​ទ្រង់​សំគាល់នូវសេចក្តីនោះ ថាដូចម្តេច ទ្រង់បានឮថា ពួកទេវតាជាន់តាវត្តិង្ស មានដែរឬ។ ព្រះករុណា យ៉ាងហ្នឹងហើយ ខ្ញុំបានឮថា ពួកទេវតាជាន់តាវត្តិង្សមាន តែឥឡូវនេះ ព្រះបាទបសេនទិកោសលដ៏ចំរើន ក៏ទ្រង់ឮថា ពួកទេវតាជាន់​តាវត្តិង្ស​មានដែរ។ បពិត្រសេនាបតី ចុះទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទបសេនទិកោសល អាច​ដើម្បីធ្វើឲ្យកក្រើក ឬបណ្តេញពួកទេវតាជាន់តាវត្តិង្ស ឲ្យចេញចាកទីនោះ បានដែរឬ។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ព្រះបាទបសេនទិកោសល មិនអាចដើម្បី​មើល​ពួកទេវតាជាន់តាវត្តិង្សឃើញទេ នឹងទៅបំបរបង់ ឬបណ្តេញ (ទេវតាទាំងនោះ) ឲ្យចេញ​ចាក​ទីនោះឯណាបាន។ បពិត្រសេនាបតី យ៉ាងនោះពិតហើយ ពួកទេវតាណា មានសេចក្តីព្យាបាទ ទេវតាទាំងនោះ មកកាន់អត្តភាព​ជាមនុស្សនេះ ពួកទេវតាណា មិនមាន​សេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាព​ជាមនុស្សនេះទេ (ទេវតា​ទាំងនោះ) មិនអាចដើម្បីមើលឃើញ នូវពួកទេវតា​ទាំងនោះឃើញទេ នឹងទៅបំបរបង់ ឬបណ្តេញ (ទេវតាទាំងនោះ) ឲ្យចេញ​ចាក​ទីឯណាបាន។ គ្រានោះ ព្រះបាទបសេនទិកោសល ទូលសួរទៅព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះឈ្មោះអ្វី ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ ​ឈ្មោះអានន្ទ។

[៣៤៣] ព្រះរាជាមានព្រះឱង្ការថា អើហ្ន៎ ព្រះអានន្ទទេតើ អើហ្ន៎ រូបព្រះអានន្ទ​ទេតើ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រះអានន្ទមានអាយុ ចេះសំដែងពាក្យសមគួរដល់ហេតុ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រះអានន្ទមានអាយុ ចេះសំដែងពាក្យប្រព្រឹត្តទៅ មួយអន្លើ​ដោយហេតុ បពិត្រលោកម្ចាស់ដ៏ចំរើន ចុះព្រហ្មមានដែរឬ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គ មានព្រះឱង្ការសួរ យ៉ាងនេះថា បពិត្រលោកម្ចាស់​ដ៏ចំរើន ព្រហ្មមានដែរឬ។ បពិត្រលោកម្ចាស់ដ៏ចំរើន បើព្រហ្មនោះ​មានមែន មុខជានឹង​មកកាន់អត្តភាពជាមនុស្សនេះមិនខានទេ បើមិនមានទេ មិនបានមកកាន់អត្តភាពជាមនុស្សនេះឡើយ។ បពិត្រមហារាជ បើព្រហ្មណា មាន​សេចក្តី​ព្យាបាទ ព្រហ្មនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ព្រហ្ម​ណា មិនមាន​សេចក្តីព្យាបាទទេ ព្រហ្មនោះ មិនបានមកកាន់អត្តភាពជាមនុស្សនេះទេ។ លំដាប់នោះ មានបុរសម្នាក់ ក្រាបបង្គំទូល​ព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រ​មហារាជ សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ មកដល់ហើយ។ ទើប​ព្រះបាទបសេនទិកោសល មានព្រះឱង្ការ ទៅនឹងសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ដូច្នេះថា ម្នាលព្រាហ្មណ៍ នរណាហ្ន៎ អាចពោលនូវកថាវត្ថុនេះ ក្នុងខាងក្នុងនៃបូរី របស់ស្តេចបាន។ សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ក្រាបបង្គំទូលថា បពិត្រ​មហារាជ មានតែវិឌូឌភសេនាបតី។ ឯវិឌូឌភសេនាបតី ពោលយ៉ាងនេះថា បពិត្រមហារាជ មានតែ​សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ។ គ្រានោះ មានបុរសម្នាក់ទៀត បានក្រាបបង្គំទូល​ព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រមហារាជ កាលនេះគួរស្តេចយាងហើយ។

[៣៤៤] លំដាប់នោះ ព្រះបាទបសេនទិកោសល បានក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំបានទូល​សួរ នូវសព្វញ្ញុតញ្ញាណ នឹង​ព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវសព្វញ្ញុតញ្ញាណ ការព្យាករ​នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករនោះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ បានទូលសួរ នូវសេចក្តី​ស្អាត នៃវណ្ណទាំង៤ នឹង​ព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវសេចក្តី​ស្អាត នៃវណ្ណទាំង៤​ហើយ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំរីករាយ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ បានសួរនូវពួកទេវតាជាធំ នឹង​ព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវពួកទេវតាជាធំ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ បានទូលសួរនូវព្រហ្មជាធំ នឹង​ព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវព្រហ្មជាធំ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំ បានទូលសួរនូវហេតុណាៗ នឹង​ព្រះមានព្រះភាគ ព្រះមានព្រះភាគ ក៏បានព្យាករ នូវហេតុនោះៗ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវយើងខ្ញុំមានកិច្ចច្រើន មានការងារដែល​ត្រូវធ្វើច្រើន យើងខ្ញុំ​សូមថ្វាយបង្គំ​លាត្រឡប់ទៅវិញ។ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សូម​ព្រះអង្គ សំគាល់នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់សព្វព្រះរាជហឫទ័យ រីករាយចំពោះភាសិត របស់​ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ។

ចប់ កណ្ណកត្ថលសូត្រ ទី១០។

ចប់ រាជវគ្គ ទី៤។

ឧទ្ទាន នៃរាជវគ្គនោះ គឺ

ជោតិសហាយក1) សូត្រ១ រដ្ឋបាលសូត្រ ១ មឃទេវម្ពសូត្រ ១ មធុរសូត្រ ១ ពោធិរាជកុមារសូត្រ ១ អង្គុលិមាលសូត្រ ១ (បិយជាតិកសូត្រ ១ ពាហិតិយសូត្រ ១) ធម្មចេតិយសូត្រ ១ កណ្ណកត្ថលសូត្រ ១ គ្រប់ជា១០សូត្រ។

ចប់ ភាគ២៤។

 

លេខយោង

1)
ក្នុងសូត្រ ឈ្មោះថា ឃដិការសូត្រ តែដល់​មកក្នុងឧទ្ទាន ឈ្មោះថា ជោតិសហាយកសូត្រវិញ លោកឲ្យឈ្មោះតាមរឿង ព្រោះស្មូនឆ្នាំងឈ្មោះ​ឃដិការ ជាសំឡាញ់របស់ជោតិបាលមាណព។
km/tipitaka/sut/mn/sut.mn.090.txt · ពេលកែចុងក្រោយ: 2023/09/19 16:58 និពន្ឋដោយ Johann