User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.091



ព្រហ្មាយុសូត្រ ទី១

សង្ខេប

​មហា​បុរិស​លក្ខណៈ​៣២​ប្រការ​របស់​ព្រះ​ពុទ្ធ​​មាន​អ្វី​ខ្លះ? បុគ្គល​ដូច​ម្តេច ហៅ​ថា​ព្រាហ្មណ៍? ហៅ​ថា អ្នក​ចេះ​ចប់​នូវ​ត្រៃ​វេទ? ហៅ​ថា អ្នក​មាន​ត្រៃ​វិជ្ជា? ហៅ​ថា អ្នក​មាន​សួស្ដី? ហៅ​ថា ព្រះ​អរហន្ត? ហៅ​ថា អ្នក​បរិបូណ៌ ដោយ​គុណ​ទាំង​អស់? ហៅ​ថា មុនិ? ហៅ​ថា ព្រះ​ពុទ្ធ?

mn 091 បាលី cs-km: sut.mn.091 អដ្ឋកថា: sut.mn.091_att PTS: ?

(ទី១) ព្រហ្មាយុសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. ព្រហ្មាយុសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែន​វិទេហៈ ជាមួយនឹង​ភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ​៥០០រូប។ សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ នៅអាស្រ័យក្នុងនគរមិថិលា ជាមនុស្ស​ជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ​១២០ឆ្នាំ អំពី​កំណើត ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះ​ និឃណ្ឌុ និងគម្ពីរឈ្មោះ ​កេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះ ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរ​លោកាយតៈ និងគម្ពីរ​មហាបុរិសលក្ខណៈ។ ព្រហ្មាយុព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេច​មកកាន់ចារិក ក្នុងដែន​វិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប ឯកិត្តិសព្ទល្អ នៃ​ព្រះគោតម​ដ៏ចំរើននោះ ខ្ចរខ្ចាយ សុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់​ដឹងដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់​ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់​លែងត្រឡប់មក​កាន់ត្រៃភពទៀត​ហើយ ព្រះមានព្រះភាគអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមរបស់ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះមានព្រះភាគ​ អង្គនោះ ទ្រង់សំដែងធម៌ មានលំអខាងដើម មានលំអកណ្តាល មាន​លំអ​ខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ទ្រង់ប្រកាស​នូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ក៏ការបានចួប​ព្រះអរហន្ត ដែលមានសភាពដូច្នោះ ជាការ​ប្រពៃ​ពេកណាស់។

[២] សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ មានកូនសិស្សម្នាក់ ឈ្មោះ ឧត្តរមាណព ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះ​និឃណ្ឌុ និងគម្ពីរឈ្មោះ​កេដុភៈ ព្រម​ទាំង​អក្ខរប្បភេទ មានគម្ពីរឈ្មោះ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នក​ដឹង​នូវ​វេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរ​លោកាយតៈ និងគម្ពីរ​មហាបុរិសលក្ខណៈ។ គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ហៅឧត្តរមាណពមកថា នែបាឧត្តរ ព្រះសមណគោតម​នេះ ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេច​មកកាន់ចារិក ក្នុងដែន​វិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប ឯកិត្តិសព្ទល្អ នៃព្រះសមណ​គោតម ដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់​ដឹងដោយព្រះអង្គឯង ដោយប្រពៃ។បេ។ ក៏ការបានចួប​ប្រទះ​ ​នូវ​ព្រះអរហន្ត មានសភាពដូច្នោះ ជាការ​ប្រពៃ​ពេកណាស់ នែបាឧត្តរៈ អ្នកចូរមក ចូរអ្នក​ចូលទៅរក​ព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរដឹងនូវ​ព្រះសមណ​គោតមថា កិត្តិសព្ទនៃព្រះសមណគោតម ដ៏ចំរើននោះ ខ្ចរខ្ចាយសុះសាយទៅ មានដោយប្រការ​ដូច្នោះ​មែឬ ឬថាមិនមែនដោយប្រការដូច្នោះទេ មួយទៀត ព្រះគោតម​ដ៏ចំរើននោះ ជាបុគ្គល​ប្រាកដដូច្នោះមែនឬ ឬថាមិនមែនជាបុគ្គលប្រាកដដូច្នោះទេ យើងនឹងប្រើអ្នក ឲ្យទៅមើល​ព្រះគោតមដ៏ចំរើននោះ។ ឧត្តរមាណពពោលថា បពិត្រលោកដ៏ចំរើន ចុះធ្វើម្តេច ខ្ញុំនឹងស្គាល់នូវព្រះគោតមដ៏ចំរើននោះថា កិត្តិសព្ទ នៃព្រះគោតមដ៏ចំរើន​នោះ ខ្ចរខ្ចាយសុះសាយទៅ មានដោយប្រការដូច្នោះមែនឬ ឬថា​មិនមែន​ដោយប្រការ​ដូច្នោះទេ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គល​ប្រាកដដូច្នោះឬ ឬថាមិនមែនជាបុគ្គលប្រាកដដូច្នោះទេ។ ព្រហ្មាយុព្រាហ្មណ៍ពោលថា នែបាឧត្តរៈ មហាបុរសប្រកបដោយមហាបុរិសលក្ខណៈទាំង៣២ ដែលមានមក ក្នុង​មន្តវេទ​របស់​យើង រមែង​មានតែគតិ២ យ៉ាងប៉ុណ្ណោះ មិនមែនខុសអំពីគតិ២យ៉ាងនោះទេ គឺថា បើនៅ​គ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មរាជប្រកបដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត ឈ្នះអស់សត្រូវទាំងខាងក្នុង ខាងក្រៅ1) ដល់នូវការមាំមួន ក្នុងជនបទ ​ប្រកប​ដោយ​កែវទាំង៧ប្រការ ឯកែវទាំង៧ប្រការនេះ របស់​ស្តេចចក្រពត្តិ​នោះ​គឺ ចក្កកែវ​១ ដំរីកែវ​១ សេះកែវ​១ មណិកែវ​១ ស្រីកែវ១ គហបតិកែវ១ បរិនាយកកែវ​១ ​ជាគំរប់​៧ មួយទៀត ព្រះរាជានោះ មានព្រះរាជបុត្រ​ច្រើនជាង​ពាន់ ជាអ្នកក្លៀវក្លា មានសភាព​អង់អាច អាច​ញាំញី​នូវសេនា​នៃ​ស្តេចដទៃ​បាន ព្រះរាជានោះ មានជ័យ​ជំនះ នៅ​គ្រប់គ្រង​​ផែនដីនេះ ​មាន​សាគរ​ជាទី​បំផុត ប្រកបដោយធម៌ មិនមានគ្រឿង​វាយដំ មិនមានគ្រឿងកាប់ចាក់ បើចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ នឹងបានជា​អរហន្ត​សម្មាសម្ពុទ្ធ បានបើកនូវ​ដម្បូល2) គឺ​កិលេសក្នុងលោក​ហើយ នែបាឧត្តរៈ ចំណែកខាងខ្ញុំ ជាអ្នកតាក់តែង​មន្ត អ្នកឯងជាអ្នកទទួលយកមន្តទៅ (សម្រាប់​ធៀបមើល)។

[៣] ឧត្តរមាណព ទទួលស្តាប់ពាក្យរបស់ព្រហ្មាយុព្រាហ្មណ៍ថា បាទ លោកដ៏ចំរើន ហើយក្រោកចាកអាសនៈ សំពះព្រហ្មាយុព្រាហ្មណ៍ ធ្វើប្រទក្សិណ ហើយចេញទៅកាន់ចារិក សំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគ គង់នៅ ក្នុងដែន​វិទេហៈ ក៏ត្រេចទៅកាន់ចារិក ដោយលំដាប់ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួរ​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ ឧត្តរមាណព លុះអង្គុយក្នុងទីសមគួររួចហើយ ក៏ពិនិត្យមើលនូវ​មហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ​ នៃព្រះមានព្រះភាគ។ លុះឧត្តរមាណព បានឃើញមហាបុរិសលក្ខណៈ​ទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈទាំង​២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។

[៤] គ្រានោះ ព្រះមានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះថា ឧត្តរមាណពនេះ បានឃើញ​​នូវមហាបុរិសលក្ខណៈទាំង៣២ របស់តថាគតដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈទាំង​២ប្រការនោះ គឺអវយវៈ ដែលត្រូវ​លាក់ក្នុង​សំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តាក់តែង​នូវ​ឥទ្ធាភិសង្ខារ ឲ្យឧត្តរមាណពបានឃើញ អវយវៈ របស់ព្រះអង្គ ដែលត្រូវលាក់​ក្នុងសំពត់ ឋិតនៅក្នុងស្រោម។ តមកទៀត ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ប៉ះពាល់​ដល់រន្ធព្រះកាណ៍ទាំង២ផង ប៉ះពាល់ដល់រន្ធព្រះនាសិក​ទាំង២ផង ហើយ​ទ្រង់យកព្រះជិវ្ហា បាំងមណ្ឌល នៃព្រះនលាដទាំងអស់។

[៥] គ្រានោះ ឧត្តរមាណព មានសេចក្តីត្រិះរិះដូច្នេះថា សមណគោតម ប្រកប​ដោយ​មហាបុរិសលក្ខណៈ៣២ពិត បើដូច្នោះ មានតែអាត្មាអញ ដើរតាម នូវ​ព្រះសមណគោតម នឹងបានឃើញឥរិយាបថរបស់ព្រះអង្គ។ ឯឧត្តរមាណព ក៏ជាប់តាម​ព្រះមានព្រះភាគ អស់៧ខែ ប្រៀបដូចជាស្រមោលជាប់តាមរូប។ លុះកន្លងខែ៧ទៅ​ហើយ ទើបឧត្តរមាណព ចេញទៅកាន់ចារិក សំដៅទៅត្រង់នគរមិថិលា ក្នុងដែន​នៃពួកអ្នកវិទេហៈ ក៏ត្រេចទៅកាន់ចារិក ដោយលំដាប់ ហើយចូលទៅរកព្រហ្មាយុ​ព្រាហ្មណ៍ ឯនគរមិថិលា លុះចូលទៅដល់ហើយ ក៏សំពះព្រហ្មាយុ​ព្រាហ្មណ៍ រួចអង្គុយ​ក្នុង​ទីសមគួរ។ លុះឧត្តរមាណព អង្គុយក្នុងទីសមគួរហើយ ព្រហ្មាយុ​ព្រាហ្មណ៍ សួរដូច្នេះ​ថា នែបាឧត្តរៈ ឯកិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយ​ទៅ មានប្រការ​ដូច្នោះ មិនខុសពិតមែនឬ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គល​ប្រាកដ​ដូច្នោះ មិនមែនជាបុគ្គលប្រាកដដោយប្រការដទៃពិតមែនឬ។

[៦] ឧត្តរមាណពតបថា បពិត្រលោកដ៏ចំរើន កិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុសសាយ​ទៅ មានប្រការដូច្នោះ មិនខុសទេ មួយទៀត ព្រះគោតមដ៏​ចំរើន​នោះ ជាបុគ្គល​ប្រាកដ​ដូច្នោះពិត មិនមែនជាបុគ្គលប្រាកដ ដោយប្រការដទៃទេ បពិត្រ​លោកដ៏ចំរើន ឯព្រះគោតមដ៏ចំរើននោះឯង ប្រកបដោយ​មហាបុរិសលក្ខណៈ ​ទាំង៣២ គឺព្រះគោតមដ៏ចំរើននោះ មានព្រះបាទាប្រតិស្ឋានលើផែនដីស៊ប់ល្អ នេះជា​ មហាបុរិសលក្ខណៈ នៃមហាបុរស របស់ព្រះគោតមដ៏ចំរើននោះ១ ព្រះគោតមដ៏ចំរើន​នោះ មានកងចក្រកើតនៅត្រង់ផ្ទៃ​ នៃព្រះបាទខាងក្រោម មានកាំ​១០០០ ព្រមទាំង​ខ្នងកង់ ព្រមទាំងដុំ ដ៏បរិបូណ៌ដោយអាការទាំងពួង១។ ព្រះគោតមដ៏ចំរើននោះ មានព្រះបណ្ហិ (កែងជើង) វែង១ ព្រះគោតមដ៏ចំរើននោះ មានម្រាមព្រះហស្ត និងម្រាមព្រះបាទវែង១ ព្រះគោតមដ៏ចំរើននោះ មានព្រះហស្ត និងព្រះបាទទន់ខ្ចី១ ព្រះគោតមដ៏ចំរើននោះ មាន​ព្រះហស្ត និងព្រះបាទដូចជាសំណាញ់១ ព្រះគោតមដ៏ចំរើននោះ មានកព្រះបាទដូចជា​អណ្តែតឡើង១ ព្រះគោតមដ៏ចំរើននោះ មានព្រះជង្ឃាដូចជាស្មង នៃសត្វទ្រាយ១ ព្រះគោតមដ៏ចំរើននោះ បើទ្រង់ឈរជាប្រក្រតី មិនបានឱនចុះ ហើយយកផ្ទៃ​ព្រះហស្តទាំង​ពីរ ស្ទាប​ពាល់នូវព្រះជានុបាន១ ព្រះគោតមដ៏ចំរើននោះ មាន​ព្រះអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះគោតមដ៏ចំរើននោះ មានសម្បុរ​​ព្រះកាយល្អ ដូចជាសម្បុរនៃមាស មានព្រះតចៈភ្លឺ ប្រហែលដោយមាស១ ព្រះគោតមដ៏ចំរើននោះ មានព្រះឆវីល្អិតម៉ត់ ព្រោះព្រះឆវី​ល្អិតម៉ត់ (នោះ) ទើបធូលី និងក្អែល មិនបានដិតជាប់ព្រះកាយឡើយ១ ព្រះគោតមដ៏ចំរើន​នោះ មានព្រះរោមតែមួយៗ គឺព្រះរោមទាំងឡាយតែមួយសរសៃៗ ដុះឡើងក្នុងរណ្តៅ​នៃរោម​ទាំងឡាយ១ ព្រះគោតមដ៏ចំរើននោះ មានចុងព្រះរោម​កួចឡើង​លើ គឺព្រះរោមទាំងឡាយ មានចុងងឡើង មានពណ៌ខៀវ ដូចជាពណ៌​នៃផ្កាអញ្ជ័ន វិលទៅខាង​ស្តាំ ដូចជារង្វង់នៃកុណ្ឌល១ ព្រះគោតមដ៏ចំរើននោះ មានដងព្រះអង្គត្រង់ ដូចជាកាយមហាព្រហ្ម១ ព្រះគោតមដ៏ចំរើននោះ មានព្រះមំសៈ ដ៏ពេញកំពុងល្អ ក្នុងសរីរៈ​ប្រទេស៧អន្លើ (ត្រង់ខ្នងព្រះហស្តទាំងពីរ ខ្នងព្រះបាទាទាំងពីរ ចង្កួយស្មាទាំង​ពីរ និងព្រះសុរង)១ ព្រះគោតមដ៏ចំរើននោះ មានព្រះកាយដូច​ជាកាយ​ពាក់​កណ្តាល​ខាងមុខ នៃសត្វសីហៈ១ ព្រះគោតមដ៏ចំរើននោះ មានចន្លោះព្រះអង្សា3) ពេញស្មើល្អ១ ព្រះគោតមដ៏ចំរើននោះ មានបរិមណ្ឌល នៃព្រះកាយស្មើគ្នា ដូចជាបរិមណ្ឌល នៃដើម​ជ្រៃ គឺព្រះកាយរបស់​ព្រះអង្គប្រវែងប៉ុន្មាន ព្យាមរបស់ព្រះអង្គប្រវែងប៉ុណ្ណោះដែរ ព្យាម​របស់​ព្រះអង្គប្រវែងប៉ុន្មាន កាយរបស់ព្រះអង្គ ក៏ប្រវែងប៉ុណ្ណោះដែរ១។ ព្រះគោតម​ដ៏ចំរើន​នោះ មានព្រះសុរងមូលស្មើ១ ព្រះគោតម​ដ៏ចំរើននោះ មានសរសៃល្អ សម្រាប់​នាំនូវរស១ ព្រះគោតមដ៏ចំរើននោះ មានព្រះហនុ (ចង្កា) ដូចជា​ចង្កានៃសត្វសីហៈ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្ត៤០គត់ ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្ត​ត្រឹមស្មើ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្តមិនរង្វើល១ ព្រះគោតមដ៏ចំរើននោះ មានព្រះចង្កូមសស្អាត១ ព្រះគោតមដ៏ចំរើននោះ មានព្រះជិវ្ហាដ៏ល្មម១ ព្រះគោតមដ៏ចំរើននោះ មានព្រះសូរស័ព្ទ ដូចជាសំឡេងនៃព្រហ្ម មានព្រះវាចាពីរោះ ដូចជាសំឡេងនៃសត្វករវិក១ ព្រះគោតមដ៏ចំរើននោះ មានព្រះនេត្រខ្មៅយង់១ ព្រះគោតមដ៏ចំរើននោះ មានរោមព្រះនេត្រដូចជារោមភ្នែកនៃកូនគោ១ ព្រះឧណ្ណាលោម របស់ព្រះគោតមដ៏ចំរើននោះ ដុះក្នុងចន្លោះនៃព្រះភមូ (ចិញ្ចើម) មានពណ៌ស ទន់ល្វន់ ដូចជាសំឡី១ ព្រះគោតមដ៏ចំរើននោះ មានព្រះឧណ្ហិសៈ (ថ្ងាស ឬក្បាំង) និង​ព្រះសិរ្ស ដ៏បរិបូណ៌ នេះជា មហាបុរិសលក្ខណៈ នៃមហាបុរស របស់ព្រះគោតមដ៏ចំរើននោះ១។ បពិត្រលោកដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ ប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២​នេះឯង។ ព្រះគោតមដ៏ចំរើននោះ កាលដែលទ្រង់ពុទ្ធដំណើរទៅ រមែងទ្រង់​ឈាន​ព្រះបាទ​ខាងស្តាំទៅជាមុន ព្រះអង្គលើកជំហានព្រះបាទមិនឆ្ងាយពេក ដាក់ព្រះបាទ​មិនជិតពេក ព្រះអង្គទ្រង់ពុទ្ធដំណើរទៅ មិនរហ័សពេក ទ្រង់ពុទ្ធដំណើរ​ទៅ មិនយឺតពេក ទ្រង់ពុទ្ធដំណើរ​ទៅ មិនទង្គិចព្រះជានុដោយព្រះជានុ ទ្រង់ពុទ្ធដំណើរ​ទៅ មិនទង្គិច​ព្រះគោប្ផកៈ (ភ្នែកគោ) ដោយព្រះគោប្ផកៈ ព្រះគោតមនោះ កាលដែល​ទ្រង់ពុទ្ធដំណើរ​ទៅ មិនលើកព្រះឧរុ (ភ្លៅ) ទៅខាងមុខ មិនសណ្តូកព្រះឧរុមកខាង​ក្រោយ មិនធ្វើព្រះឧរុ ឲ្យជាប់រឹងស្តូក មិនកែក្រាយព្រះឧរុ ព្រះគោតមដ៏ចំរើននោះ កាលដែល​ទ្រង់ពុទ្ធដំណើរ​ទៅ មានព្រះកាយខាងលើ រឹងប៉ឹង មិនបានកំរើក មិន​ទ្រង់ពុទ្ធដំណើរ​ទៅ ​ដោយកំឡាំង​ព្រះកាយឡើយ ព្រះគោតមដ៏ចំរើននោះ កាលដែលទត​ព្រះនេត្រ ក្រឡេកមើល រមែង​ក្រឡេកមើលទៅ ដោយទាំងកាយ ព្រះអង្គមិនបានងើយ​ទតទៅខាងលើ មិនបានឈ្ងោកទតទៅខាងក្រោម ទ្រង់ពុទ្ធដំណើរ​ទៅ មិនក្រឡេក​ទតទិស​ផ្សេងៗ ទ្រង់ក្រឡេកទតទៅតែប្រមាណមួយជួរនឹម4) ប៉ុន្តែឯញាណទស្សនៈ ដែលមិនមានអ្វីរាំងរា របស់​ព្រះគោតមនោះ រមែងមានលើសលុប ជាងមួយជួរនឹមនោះឯង។ ព្រះគោតមនោះ កាលដែលចូល​ទៅកាន់ចន្លោះផ្ទះ មិនដកព្រះកាយឡើងលើ មិនបន្ទន់ព្រះកាយ​ចុះក្រោម មិនទប់ទល់ព្រះកាយឲ្យរឹង មិនគ្រលែងព្រះកាយ។ ព្រះគោតមនោះ ទ្រង់បែរ​ព្រះកាយមិនឆ្ងាយពេក មិនជិតពេក អំពីអាសនៈ ទ្រង់គង់លើអាសនៈ មិនយកបាត​ព្រះហស្តច្រត់អាសនៈ មិនផ្អែក​ព្រះកាយទៅលើអាសនៈ។ ព្រះគោតមនោះ កាលដែលទ្រង់គង់ក្នុងចន្លោះផ្ទះ មិនរពឹសព្រះហស្ត មិនរពឹសព្រះបាទា មិនគង់លើ​ព្រះជានុតម្រួតលើព្រះជានុ មិនគង់លើព្រះគោប្ផកៈតម្រួតលើព្រះគោប្ផកៈ មិនគង់យក​បាតព្រះហស្តទល់ព្រះហនុកៈ។ ព្រះគោតមនោះ កាលដែលទ្រង់គង់​ក្នុងចន្លោះ​ផ្ទះ តែង​មិនរំភើប មិនញាប់ញ័រ មិនរន្ធត់ មិនតក់ស្លុត ព្រះអង្គជាបុគ្គល​មិនរំភើបផង មិនញាប់​ញ័រផង មិនរន្ធត់ផង មិនតក់ស្លុតផង ប្រាសចាកសេចក្តីព្រឺរោមផង មានព្រះហឫទ័យ​បែរទៅរកសេចក្តីស្ងាត់។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គង់ក្នុងចន្លោះផ្ទះ កាលដែលទ្រង់​ទទួលទឹកលាងបាត្រ មិនលើកបាត្រឡើង ឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់​បាត្រឲ្យរឹង មិនគ្រលែងបាត្រ ព្រះអង្គទ្រង់ទទួល​ទឹកលាងបាត្រ មិនឲ្យ​តិចពេក មិនឲ្យច្រើនពេក។ ព្រះអង្គលាងបាត្រ មិនធ្វើឲ្យឮសូរខ្លូកខ្លូក ទ្រង់លាងបាត្រ​មិនបង្វិលបាត្រឲ្យវិលជុំវិញ មិនដាក់បាត្រលើផែនដី ហើយលាង​ព្រះហស្តឡើយ។ កាលដែលព្រះអង្គលាងព្រះហស្តហើយស្រេច បាត្រក៏លាងហើយស្រេច​ដែរ ឬកាលដែលលាងបាត្រហើយស្រេច ព្រះហស្តក៏លាងហើយស្រេចដែរ។ ព្រះអង្គទ្រង់ចាក់ទឹកលាងបាត្រ ក្នុងទី​មិនឆ្ងាយពេក មិនជិតពេក ទ្រង់មិនបាចសាចផ្តេសផ្តាស។ កាលដែលព្រះអង្គទ្រង់ទទួលបាយ មិនលើក​បាត្រឡើងឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់បាត្រឲ្យរឹង មិនគ្រលែងបាត្រ។ ព្រះអង្គ ទ្រង់ទទួលបាយមិនឲ្យតិចពេក មិនឲ្យច្រើនពេក។ មួយទៀត បពិត្រព្រះគោតមដ៏ចំរើននោះ ទ្រង់ទទួលម្ហូមហើយ ទ្រង់សោយភត្តដោយល្មម ប្រមាណដល់ម្ហូប5) មិនសោយ​ម្ហូប​ឲ្យលើសលុបពំនូតភត្ត ឬមិនសោយភត្ត ឲ្យលើសលុបម្ហូបឡើយ។ ព្រះគោតមដ៏ចំរើន​នោះ ទ្រង់គ្រលៀវពំនូតភត្ត ក្នុងព្រះឱស្ឋ កំណត់ត្រឹមពីរបីដង ហើយទ្រង់លេបទៅ។ ឯសាច់ភត្តបន្តិចបន្តួច ដែលមិនទាន់ល្អិត ក៏មិនចូលទៅកាន់ព្រះកាយរបស់ព្រះអង្គ​ឡើយ។ លុះតែមិនសល់សាច់ភត្តបន្តិចបន្តួច នៅក្នុងព្រះឱស្ឋព្រះអង្គ។ ទើបព្រះអង្គ​បង្អោននូវពំនូតភត្តដទៃទៀត ឲ្យចូលទៅ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់សោយអាហារ ទ្រង់ឆ្ងាញ់ពិសាតែរសអាហារប៉ុណ្ណោះ មិនបានឆ្ងាញ់ពិសា ព្រោះតម្រេក​ក្នុងរស​អាហារឡើយ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់សោយអាហារ ប្រកបដោយអង្គ៨ គឺទ្រង់​សោយដើម្បីនឹងលេងក៏ទេ ដើម្បីនឹងឲ្យកើតសេចក្តី​ស្រវឹងក៏ទេ ដើម្បីនឹង​ប្រដាប់​រាងកាយ​ក៏ទេ ដើម្បីនឹងស្អិតស្អាងរាងកាយក៏ទេ ដើម្បីនឹង​ឲ្យតាំងនៅនៃកាយនេះ ដើម្បីនឹង​ញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ដើម្បីនឹង​បំបាត់បង់ នូវនូវ​សេចក្តីលំបាក ដើម្បីនឹង​អនុគ្រោះ ដល់ព្រហ្មចារ្យ ទ្រង់ពិចារណាថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តី​ឃ្លានចេញផង នឹងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើត​ឡើងបានផង កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថទាំង៤)ក្តី សេចក្តីមិនមានទោស (មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើម)ក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ លុះព្រះអង្គ​សោយរួចហើយ កាលដែលទ្រង់ទទួលទឹកលាងបាត្រ មិនលើកបាត្រឡើងឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់​បាត្រឲ្យរឹង មិនបានគ្រលែងបាត្រ។ ព្រះអង្គទ្រង់ទទួល​ទឹកលាងបាត្រ មិនឲ្យតិចពេក មិនឲ្យច្រើនពេក។ ព្រះអង្គលាងបាត្រ មិនធ្វើឲ្យឮសូរ​ខ្លូក​ខ្លូក ទ្រង់លាងបាត្រមិនបង្វិលបាត្រឲ្យវិលជុំវិញ មិនដាក់បាត្រលើផែនដី ហើយលាង​ព្រះហស្តឡើយ។ កាលដែលលាង​ព្រះហស្តហើយស្រេច បាត្រក៏លាងហើយស្រេច កាលដែលលាងបាត្រហើយស្រេច ព្រះហស្តក៏លាងហើយស្រេចដែរ។ ព្រះអង្គ​ទ្រង់​ចាក់​ទឹក​លាងបាត្រ ក្នុងទី​មិនឆ្ងាយពេក មិនជិតពេក ទ្រង់មិនបាចសាចផ្តេសផ្តាសឡើយ។ លុះព្រះអង្គសោយរួចហើយ មិនដាក់បាត្រលើផែនដី ទ្រង់ទុកបាត្រ ក្នុងទីមិនឆ្ងាយពេក មិនជិតពេក ព្រះអង្គ មិនមែនជាមិនត្រូវការ​ដោយបាត្រទេ ទាំងទ្រង់​រក្សា​បាត្រ មិនឲ្យហួសវេលា។ លុះព្រះអង្គសោយរួចហើយ ទ្រង់គង់ស្ងៀមមួយស្របក់។ ព្រះអង្គ មិនញុំាងកាលនៃមនុស្ស អ្នកត្រូវការដោយអនុមោទនា ឲ្យកន្លងហួស​ទៅឡើយ។ លុះព្រះអង្គសោយរួចហើយ ទ្រង់អនុមោទនា មិនតិះដៀលភត្តនោះ មិនប្រាថ្នានូវភត្ត​ដទៃទៀតឡើយ។ ព្រះអង្គ ទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាច​ហាន ឲ្យរីករាយ ដោយធម្មីកថា ដោយពិត។ លុះព្រះអង្គទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យ​អាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​អំពីអាសនៈ ចេញទៅ។ ព្រះអង្គទ្រង់ស្តេចទៅមិនបានលឿនពេក មិនបានតិចពេក ទ្រង់ស្តេច​ទៅ មិនប្រាថ្នានឹងឃ្លាតឆ្ងាយ អំពីបរិស័ទឡើយ។ ចីវរក្នុងកាយ របស់​ព្រះគោតមដ៏ចំរើននោះ មិនឡើងលើពេក មិនចុះក្រោមពេក6) មិនទទឹកស្អិតជាប់នៅក្នុងកាយ ដោយញើសក្អែល ទាំងមិនរបូតចាកកាយឡើយ។ ខ្យល់7) ក៏មិនបក់សើយចីវរ អំពីកាយរបស់​ព្រះគោតមដ៏ចំរើន។ ធូលី និងក្អែល ក៏មិនដិតជាប់ នៅក្នុងកាយរបស់ព្រះគោតមដ៏ចំរើន​នោះ។ ព្រះគោតមនោះ ស្តេចទៅកាន់អារាម ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយ លុះគង់រួចហើយ ទ្រង់លាងព្រះបាទ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់មិនបានខ្វល់ខ្វាយ ក្នុងការប្រកបគ្រឿងប្រដាប់ព្រះបាទទេ។ លុះព្រះអង្គ ទ្រង់លាងព្រះបាទរួចហើយ ក៏គង់​ផ្គត់ព្រះភ្នែន តម្កល់កាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ព្រះអង្គ មិនទ្រង់​ព្រះតម្រិះ ​ដើម្បីបៀតបៀន​ខ្លួនឯង មិនទ្រង់​ព្រះតម្រិះ ដើម្បីបៀតបៀន​អ្នកដទៃ មិនទ្រង់ព្រះតម្រិះ ដើម្បីបៀតបៀនទាំងពីរខាង។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គង់ត្រិះរិះ​តែអំពីប្រយោជន៍ នៃសត្វលោកទាំងអស់ គឺប្រយោជន៍ខ្លួន ប្រយោជន៍​អ្នកដទៃ ឬប្រយោជន៍​​ទាំងពីរខាង។ ព្រះអង្គស្តេចទៅកាន់អារាម ទ្រង់សំដែងធម៌ ក្នុង​កណ្តាល​បរិស័ទ មិនបានលើកបញ្ជោរបរិស័ទនោះ មិនបានតិះដៀល​បរិស័ទនោះ ទ្រង់​ញុំាង​បរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមពិត។ ព្រះគោតមដ៏ចំរើននោះ ទ្រង់មានព្រះសូរសេង8) ប្រកបដោយអង្គ៨ លាន់ចេញអំពីព្រះឱស្ឋ គឺ​ព្រះសូរសេងជ្រះស្រឡះ១ ញុំាងបុគ្គលឲ្យដឹងសេចក្តីច្បាស់១ ទន់ពីរោះ១ គួរស្តាប់១ ណែន១ មិនរាត់រាយ គឺព្រះសូរសេងមូល១ ក្រអួន១ កងរំពង១។ ព្រះគោតមដ៏ចំរើន​នោះ ទ្រង់ញុំាងបរិស័ទឲ្យដឹងច្បាស់ ដោយព្រះសូរសេងយ៉ាងណា ព្រះសូរសេងរបស់​ព្រះគោតមនោះ ក៏មិនផ្សាយចេញទៅខាងក្រៅ អំពីបរិស័ទយ៉ាងនោះ។ ឯពួកបរិស័ទ​ទាំងនោះ លុះព្រះគោតមដ៏ចំរើននោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ រមិលមើល មិនបានលះបង់ (នូវ​សេចក្តីសរសើរអំពីធម្មកថា) ហើយចៀសចេញទៅ ដោយពាក្យថា ម្នាលគ្នាយើង យើងបានឃើញព្រះគោតមដ៏ចំរើននោះ កំពុងស្តេចទៅ យើងបានឃើញ​ព្រះគោតម​ទ្រង់ឈរ យើងបានឃើញព្រះគោតម ទ្រង់ចូលទៅកាន់ចន្លោះផ្ទះ យើងបានឃើញព្រះគោតមគង់ស្ងៀម ក្នុងចន្លោះផ្ទះ យើងបានឃើញព្រះគោតម កំពុង​សោយក្នុងចន្លោះផ្ទះ យើងបានឃើញព្រះគោតមសោយរួចហើយ ទ្រង់គង់ស្ងៀម យើងបានឃើញព្រះគោតមសោយរួចហើយ ទ្រង់អនុមោទនា យើងបានឃើញ​ព្រះគោតម ស្តេចមកកាន់អារាម យើងបានឃើញព្រះគោតមស្តេច​ទៅកាន់អារាមគង់ស្ងៀម យើងបានឃើញព្រះគោតមស្តេចទៅកាន់អារាម ទ្រង់សំដែង​ធម៌ ក្នុងកណ្តាលបរិស័ទ ព្រះគោតមដ៏ចំរើននោះ ប្រាកដដូច្នេះផង ប្រាដកដូច្នេះផង ក្រៃលែងជាងនោះទៅទៀតផង។

[៧] កាលបើឧត្តរមាណព ពោលយ៉ាងនេះហើយ ព្រហ្មាយុព្រាហ្មណ៍ ក៏ក្រោក​អំពីអាសនៈ ធ្វើនូវសំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះត្រង់ទីដែល​ព្រះមានព្រះភាគគង់ បន្លឺនូវ​ឧទានវាចា អស់វារៈ​៣ដងថា សូមថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ… សូមថ្វាយបង្គំ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ​អង្គនោះ ធ្វើដូចម្តេចហ្ន៎ យើងគប្បីបានចួបនឹងព្រះគោតមដ៏ចំរើននោះ ក្នុងកាលរឿយៗ ធ្វើដូចម្តេចហ្ន៎ គប្បីមានកថាសល្លាបៈណាមួយ។

[៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅកាន់ចារិក ក្នុងដែន​វិទេហៈ តាម​លំដាប់ ក៏បានដល់នគរមិថិលា។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុង មឃទេវម្ពវ័ន (ព្រៃស្វាយ របស់ព្រះរាជា ព្រះនាម​ មឃទេវៈ) ជិតក្រុងមិថិលានោះ។ ពួកព្រាហ្មណ៍ និង​គហបតី អ្នកក្រុងមិថិលា បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាក​សក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹង​ភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប មកដល់ក្រុងមិថិលា ទ្រង់គង់​នៅក្នុងមឃ​ទេវម្ពវ័ន ជិត​ក្រុងមិថិលា ឯកិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុសសាយ​ទៅ យ៉ាងនេះ​ថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់​ដឹង ​ដោយ​ព្រះអង្គ​ឯង ដោយប្រពៃ ទ្រង់​បរិបូណ៌​ ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់​ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មាននូវបុរស ដែល​គួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់​លែង​ត្រឡប់​មក​កាន់ត្រៃភពទៀត​ហើយ ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយ​បញ្ញា ដ៏ឧត្តមដោយព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គទ្រង់សំដែងនូវធម៌ មានលំអខាងដើម មានលំអកណ្តាល មាន​លំអ​ខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ទ្រង់ប្រកាស​ នូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ក៏ការបានចួប​នឹងព្រះអរហន្ត មានសភាពដូច្នោះ ជាការ​ប្រពៃ​ពេកណាស់។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី ដែល​នៅក្នុងក្រុងមិថិលា ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែល​គួររីករាយ និងពាក្យ​ដែល​គួរ​រលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ទៅរកព្រះមានព្រះភាគ ហើយ​​​អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រកាស​នាម និងគោត្រ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះស្ងៀម ហើយអង្គុយក្នុងទីសមគួរ។

[៩] ព្រហ្មាយុព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញ​ចាក​សក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវគង់នៅក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា។ ទើប​ព្រហ្មាយុព្រាហ្មណ៍ ចូលទៅកាន់មឃទេវម្ពវ័ន ជាមួយនឹងពួកមាណពជាច្រើន។ ព្រហ្មាយុព្រាហ្មណ៍ លុះដល់ទីជិតអម្ពវ័ន ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ដែល​មិនបានថ្វាយដំណឹងជាមុន ហើយចូលទៅ ដើម្បីជួប​ព្រះសមណគោតម អំពើនេះ មិនសមគួរ​ ដល់អាត្មាអញឡើយ។ លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ហៅមាណព​ម្នាក់​មកថា នែមាណព អ្នកចូរមក អ្នកចូលទៅគាល់​ព្រះសមណគោតម លុះចូលទៅ​ដល់​ហើយ ចូរសួរ​ព្រះសមណគោតម អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយ​គ្រប់​ឥរិយាបថ តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ សួរមក​ព្រះគោតមដ៏ចំរើន អំពីសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័ស កំឡាំងកាយ និងការនៅ​សប្បាយ​គ្រប់ឥរិយាបថ ដូច្នេះ រួចហើយ​អ្នកចូរក្រាបបង្គំ​ទូល​ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាល​វែង​ឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះ​ចប់​ នូវត្រៃវេទ ព្រមទាំងគម្ពីរ ឈ្មោះ​និឃណ្ឌុ និងគម្ពីរ ឈ្មោះ​កេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរ ឈ្មោះ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះនូវបទនៃវេទ ជាអ្នកចេះ នូវវេយ្យាករណ៍ ជាអ្នកមិន​ទើសទាល់ ក្នុងគម្ពីរ​លោកាយតៈ និងគម្ពីរ​មហាបុរិសលក្ខណៈ ពួកព្រាហ្មណ៍ និងគហបតីដ៏ចំរើនទាំងអម្បាលម៉ាន តែងនៅអាស្រ័យ ក្នុងក្រុងមិថិលា ឯព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយភោគសម្ប័ទជាងព្រាហ្មណ៍ និងគហបតី​ទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយមន្តវិជ្ជា ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយអាយុផង ដោយយសផង ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ឥឡូវគាត់ចង់ចួបនឹង​ព្រះគោតមដ៏ចំរើន។

[១០] មាណពនោះ ទទួលពាក្យរបស់ព្រហ្មាយុព្រាហ្មណ៍ថា បាទលោកដ៏ចំរើន ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជា​មួយ​នឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរ​រលឹក​ហើយ ក៏ឋិតនៅក្នុងទីសមគួរ។ លុះមាណព ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍​ទូលសួរ​ព្រះគោតម​ដ៏ចំរើន អំពីសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោកឡើង ដោយ​រហ័ស កំឡាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យ​ហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះ​ចប់ ​នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះ​និឃណ្ឌុ និងគម្ពីរឈ្មោះ​កេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកចេះនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរ​លោកាយតៈ និងគម្ពីរ​មហាបុរិសលក្ខណៈ ពួកព្រាហ្មណ៍ និង​គហបតី​ដ៏ចំរើន​ទាំងអម្បាលម៉ាន តែងនៅអាស្រ័យក្នុងក្រុងមិថិលា ឯព្រហ្មាយុព្រាហ្មណ៍ ប្រាកដ​ជា​ប្រសើរ ដោយភោគសម្ប័ទជាងព្រាហ្មណ៍ និងគហបតី​ទាំងអម្បាលនោះ ព្រហ្មាយុ​ព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយមន្តវិជ្ជា ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយអាយុផង ដោយយសផង ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ឥឡូវគាត់ចង់ចួបនឹង​ព្រះគោតមដ៏ចំរើន។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលមាណព ព្រហ្មាយុព្រាហ្មណ៍ ចូរសំគាល់​នូវកាលគួរ នឹងមកឥឡូវ​នេះចុះ។ ទើបមាណពនោះ ចូលទៅរកព្រហ្មាយុព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏ពោល​នឹង​ព្រហ្មាយុព្រាហ្មណ៍ ដូច្នេះថា ព្រះសមណគោតម បានបើកឱកាស ដល់​អ្នកដ៏ចំរើនហើយ អ្នកដ៏ចំរើន ចូរសំគាល់​នូវកាលគួរនឹង​ទៅឥឡូវនេះចុះ។

[១១] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ចូលទៅគាល់​ព្រះមានព្រះភាគ។ ឯបរិស័ទ​នោះ បានឃើញព្រហ្មាយុព្រាហ្មណ៍ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ថយចេញ បើក​ឱកាស​ឲ្យ ដូចជាបុគ្គល បើកឱកាស​ដល់បុគ្គល ដែលមានកេរ្តិ៍ឈ្មោះ មានយស។ លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ពោល​នឹងបរិស័ទនោះ ដូច្នេះថា នែអ្នកទាំងឡាយដ៏​ចំរើន ណ្ហើយ ចូរអ្នកទាំងឡាយ អង្គុយលើអាសនៈ ជារបស់ខ្លួនចុះ ខ្ញុំនឹងអង្គុយ​ក្នុងទីជិត​ព្រះសមណគោតម ក្នុងទីនេះ។ ទើបព្រហ្មាយុព្រាហ្មណ៍ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះ​ព្រហ្មាយុព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ពិនិត្យមើល ​នូវមហាបុរិសលក្ខណៈ​ទាំង៣២ក្នុងព្រះកាយ នៃព្រះមានព្រះភាគ។ ព្រហ្មាយុព្រាហ្មណ៍ ក៏បានឃើញ នូវ​មហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគ ដោយច្រើន វៀរលែង​តែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុង​មហាបុរិសលក្ខណៈ ទាំង២ប្រការនោះ គឺអវយវៈ ដែល​ត្រូវលាក់ក្នុងសំពត់ ឋិតនៅ​ក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។9) លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ពោលសរសើរព្រះមានព្រះភាគ ដោយគាថា ទាំងឡាយថា

មហាបុរិសលក្ខណៈទាំងឡាយណា ដែលខ្ញុំបានចេះដឹងមក ថាមាន​៣២ប្រការ បពិត្រ​ព្រះគោតម បណ្តាមហាបុរិសលក្ខណៈទាំងនោះ ខ្ញុំមិនឃើញនូវ​លក្ខណៈ​២ប្រការ ក្នុងព្រះកាយនៃព្រះអង្គ បពិត្រព្រះអង្គ ទ្រង់ខ្ពង់ខ្ពស់ជាងជន អវយវៈ ដែលត្រូវលាក់​ក្នុងសំពត់ ឋិតនៅក្នុងស្រោម ដ៏ប្រាកដស្មើ ដោយភេទស្ត្រី របស់ព្រះអង្គមានដែរឬ ព្រះជិវ្ហាមិនខ្លីរបស់ព្រះអង្គមានឬទេ យើងខ្ញុំ​បានដឹង​មកយ៉ាងណា ព្រះអង្គជាបុគ្គល​មានព្រះជិវ្ហាដ៏ល្មម (យ៉ាងនោះ) ដែរឬ សូម​ព្រះអង្គ​លៀន នូវព្រះជិវ្ហានុ៎ះ បន្តិចមកមើល បពិត្រព្រះអង្គ ទ្រង់ស្វែងរកនូវ គុណដ៏ប្រសើរ សូមព្រះអង្គបន្ទោបង់ នូវសេចក្តីសង្ស័យដល់យើងខ្ញុំ បើព្រះអង្គ​បើកឱកាសឲ្យហើយ យើងខ្ញុំសូមសួរ នូវប្រស្នាណានីមួយ ដែលយើងខ្ញុំត្រូវការ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខ ក្នុងលោកខាងមុខផង។

[១២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះ ដូច្នេះថា ព្រហា្មយុព្រាហ្មណ៍​នេះ បានឃើញ នូវមហាបុរិសលក្ខណៈ ទាំង៣២ប្រការ របស់តថាគតដោយច្រើន វៀរតែ​មហា​បុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុង​មហាបុរិស​លក្ខណៈ ទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវ​លាក់ក្នុងសំពត់ ឋិតនៅ​ក្នុងស្រោម១ អណ្តាត​ដ៏ល្មម១។ ទើបព្រះមានព្រះភាគ ទ្រង់តាក់តែង នូវឥទ្ធាភិសង្ខារ ឲ្យព្រហា្មយុព្រាហ្មណ៍ បានឃើញ នូវអវយវៈ ដែលត្រូវ​លាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម​របស់ព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់លៀន​នូវព្រះជិវ្ហា ប៉ះពាល់​ដល់រន្ធ​ព្រះកាណ៌ទាំងពីរផង ប៉ះពាល់ដល់រន្ធព្រះនាសិកទាំងពីរផង ហើយទ្រង់យក​ព្រះជិវ្ហា​បាំងនូវមណ្ឌល​ នៃព្រះនលាដ (ថ្ងាស) ទាំងអស់។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រហា្មយុព្រាហ្មណ៍ ដោយគាថាទាំងឡាយថា

មហាបុរិសលក្ខណៈទាំងឡាយណា ដែលអ្នកបានចេះដឹង​មកថា មាន៣២ប្រការ មហាបុរិសលក្ខណៈទាំងអស់នោះ មានក្នុងកាយនៃតថាគត ម្នាលព្រាហ្មណ៍ អ្នកកុំ​មានសេចក្តីសង្ស័យឡើយ ធម្មជាតិដែលគួរដឹងច្បាស់ តថាគត បានដឹងច្បាស់​ហើយ ធម្មជាតដែលគួរចំរើន តថាគតបានចំរើនហើយ ធម្មជាតិដែលគួរលះបង់ តថាគត ក៏បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ ទើបតថាគត ឈ្មោះថា ព្រះពុទ្ធ តថាគត បើកឱកាស​ឲ្យអ្នកហើយ អ្នកចូរសួរនូវប្រស្នា​ណានីមួយ ដែលអ្នកត្រូវការចុះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បី​សេចក្តី​សុខ ក្នុងលោកខាងមុខផង។

[១៣] លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ព្រះសមណគោតម បានបើកឱកាស​ឲ្យហើយ អាត្មាអញ គប្បីសួរព្រះសមណគោតម អំពីប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍ក្នុងលោក​ខាងមុខ។ ទើបព្រហ្មាយុព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា អាត្មាអញ ជាបុគ្គលឈ្លាសវៃ ក្នុងប្រយោជន៍បច្ចុប្បន្ន ឯជនទាំងឡាយដទៃទៀត តែងសួរអាត្មាអញ អំពីប្រយោជន៍បច្ចុប្បន្នដែរ បើដូច្នោះ គួរ​តែអាត្មាអញ សួរព្រះសមណគោតម អំពីប្រយោជន៍ក្នុងបរលោកវិញចុះ។ ទើប​ព្រហ្មាយុព្រាហ្មណ៍ ពោលសួរព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា

បុគ្គលដូចម្តេច ហៅថាព្រាហ្មណ៍ បុគ្គលដូចម្តេច ហៅថា អ្នកចេះចប់នូវត្រៃវេទ បុគ្គលដូចម្តេច ហៅថា អ្នកមានត្រៃវិជ្ជា បុគ្គលដូចម្តេច ហៅថា អ្នកមានសួស្តី បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដូចម្តេច ហៅថា ព្រះអរហន្ត បុគ្គលដូចម្តេច ហៅថា អ្នកបរិបូណ៌ ដោយគុណទាំងអស់ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត បុគ្គលដូចម្តេច ហៅថា មុនិ បុគ្គលដូចម្តេច ដែលហៅថា ព្រះពុទ្ធ។

[១៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបនឹង​ព្រហ្មាយុព្រាហ្មណ៍វិញ ដោយគាថាទាំងឡាយថា

បុគ្គលណាដឹងនូវខន្ធ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ឃើញច្បាស់​នូវឋាន​សួគ៌ និងអបាយ មួយទៀត បុគ្គលណា ដល់នូវកិរិយាអស់ទៅនៃជាតិ ដល់នូវទីបំផុតដោយអភិញ្ញា ជាអ្នកប្រាជ្ញ ដឹងច្បាស់​នូវចិត្តដ៏បរិសុទ្ធ ជាចិត្ត​រួច​ស្រឡះហើយចាករាគៈ ដោយអាការទាំងពួង ជាអ្នកមានជាតិ និងមរណៈលះ​បង់ហើយ ជាអ្នកប្រកបដោយមគ្គព្រហ្មចរិយៈទាំងអស់ ជាអ្នកចេះចប់ នូវធម៌​ទាំងអស់ បុគ្គលប្រាកដដូច្នោះ តថាគតហៅថា ព្រះពុទ្ធ។

[១៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រហ្មាយុព្រាហ្មណ៍ ក៏​ក្រោក​អំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបទៀបព្រះបាទា នៃ​ព្រះមានព្រះភាគដោយក្បាល ជប់ព្រះបាទា នៃព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់​ដោយដៃផង បន្លឺឈ្មោះរបស់ខ្លួនថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះថា ព្រហ្មាយុព្រាហ្មណ៍ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះព្រហ្មាយុព្រាហ្មណ៍។ គ្រានោះ បរិស័ទនោះ ក៏មានសេចក្តីស្ងើច និងសេចក្តីស្ញប់ស្ញែងថា អើ អស្ចារ្យណាស់ហ្ន៎ អើចំឡែកណាស់ហ្ន៎ សមណៈ ពេញជាមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រហ្មាយុព្រាហ្មណ៍នេះ ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយស ហើយធ្វើនូវសេចក្តីគោរព​ដ៏ក្រៃលែង មានសភាពដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ព្រហ្មាយុព្រាហ្មណ៍​ ដូច្នេះថា ម្នាលព្រាហ្មណ៍ ល្មមហើយ អ្នកចូរក្រោកឡើង ចូរអង្គុយ​លើអាសនៈ របស់ខ្លួនចុះ ព្រោះចិត្ត​របស់អ្នក ជ្រះថ្លានឹង​តថាគតហើយ។ សម័យនោះ ព្រហ្មាយុព្រាហ្មណ៍ ក្រោកឡើង អង្គុយលើអាសនៈ​ជារបស់​ខ្លួន។

[១៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង អនុបុព្វីកថា ដល់​ព្រហ្មាយុ​ព្រាហ្មណ៍ គឺ ទ្រង់ប្រការនូវទានកថា សីលកថា សគ្គកថា និងទោស​របស់កាម ជាទោសដ៏លាមក សៅហ្មង និងអានិសង្ស ក្នុងការចេញចាកកាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ព្រហ្មាយុព្រាហ្មណ៍ មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាក​នីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ទ្រង់ត្រាស់​នូវ​ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គ​ឯង គឺទុក្ខ១ សមុទ័យ១ និរោធ១ មគ្គ១ ក្នុងកាលនោះ។ សំពត់ស្អាត ប្រាសចាកវត្ថុ​មានពណ៌​ខ្មៅ គួរទទួល នូវគ្រឿងជ្រលក់ ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតា​បត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើង ដល់ព្រហ្មាយុព្រាហ្មណ៍ លើអាសនៈ​នោះ​ឯងថា ធម្មជាតិណានីមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់​នោះ រមែង​រលត់ទៅវិញជាធម្មតា ក៏យ៉ាងនោះដែរ។

[១៧] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ បានឃើញចតុស្សច្ចធម៌ហើយ បានដល់​ចតុស្សច្ចធម៌ហើយ បានដឹង​ចតុស្សច្ចធម៌ហើយ បានចុះចិត្តស៊ប់ កាន់ចតុស្សច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវ​សេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនា របស់ព្រះសាស្តា ក៏ក្រាបបង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើង នូវរបស់ដែលផ្កាប់ទុក ឬ​បើក​ឡើង នូវ​របស់ដែលបិទបាំងទុក ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្ស​អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត​ ដោយគិតថា មនុស្ស​អ្នកមាន​ភ្នែក រមែងមើលឃើញនូវរូបទាំងឡាយ ព្រះធម៌ ដែលព្រះគោតមដ៏ចំរើន បានសំដែងហើយ ដោយ​អនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌​ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ចាំទុក​នូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ មួយទៀត សូម​ព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលនូវភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។

[១៨] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត​ហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះរាត្រីនោះកន្លងទៅ ព្រហ្មាយុព្រាហ្មណ៍ ឲ្យតាក់តែងខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ក្នុងផ្ទះរបស់ខ្លួនរួចហើយ ឲ្យមនុស្សទៅក្រាបបង្គំទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហ​សម័យ ហើយស្តេចចូលទៅកាន់ផ្ទះ ​របស់ព្រហ្មាយុព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏​គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ បានញុំាង​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែភិក្ខុសង្ឃហាមឃាត់ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃនៃខ្លួន អស់៧ថ្ងៃ។ លុះថ្ងៃ៧កន្លងទៅ​ហើយ ទើបព្រះមានព្រះភាគ ក៏ស្តេចចេញទៅកាន់ចារិក ក្នុងដែនវិទេហៈ។

[១៩] គ្រានោះ កាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅមិនយូរប៉ុន្មាន ព្រហ្មាយុព្រាហ្មណ៍ ក៏ធ្វើមរណកាល។ លំដាប់នោះ ពួកភិក្ខុជាច្រើន ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ធ្វើមរណកាល​ហើយ គតិរបស់គាត់ដូចម្តេច បរលោកដូចម្តេច។

[២០] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រហ្មាយុព្រាហ្មណ៍ ជាបណ្ឌិត បាននូវធម៌10) ព្រមទាំង​អនុធម៌11) ហើយមិនបានញុំាងតថាគតឲ្យលំបាក ព្រោះធម៌ជាហេតុ ព្រហ្មាយុព្រាហ្មណ៍ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ទាំង៥ ហើយបរិនិព្វាន​ ក្នុងលោកនោះ មានសភាព​ជាអ្នក​មិនត្រឡប់ចាកលោកនោះ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ ព្រហ្មាយុសូត្រ ទី១។

 

លេខយោង

1)
សត្រូវខាងក្នុង មានសេចក្តីក្រោធជាដើម សត្រូវខាងក្រៅ មានស្តេចដទៃជាដើម។
2)
រាគៈ១ ទោសៈ១ មោហៈ១ មានៈ១ ទិដ្ឋិ១ អវិជ្ជា១ ទុច្ចរិត១ ធម៌ទាំង៧ប្រការនេះ ទុកដូចជាដម្បូល ជាគ្រឿងបិទបាំងសត្វ មិនឲ្យ​ឃើញ​ព្រះនិព្វាន។
3)
អដ្ឋកថា ថា សាច់ជាចន្លោះនៃស្លាបប្រជៀវទាំងពីរ។
4)
មួយជួរនឹមនោះ ប្រមាណ៩ចំអាម (អដ្ឋកថា)។
5)
បរិភោគអាហារឲ្យមានបាយជាភាគទី៤ គឺចំនួនម្ហូប៣ភាគ បាយ១ភាគ ជាភាគទី៤ នេះជាកំណត់យ៉ាងច្រើនបំផុត។ (អដ្ឋកថា)។
6)
ភិក្ខុដែលឃ្លុំ​ចីវរ​ឲ្យឡើងលើ ដរាបដល់ទល់នឹងឆ្អឹងចង្កា ហៅថា ឡើងលើពេក។ ភិក្ខុដែលឃ្លុំចីវរ​ឲ្យចុះក្រោម ដរាបដល់កជើង ហៅថា ចុះក្រោមពេក។
7)
ទុកជាខ្យល់​កំបុតត្បូង ក៏មិនអាច​បក់ឲ្យកក្រើកបានដែរ។ អដ្ឋកថា។
8)
សូរសេង គឺសូរសំឡេង សៀមយកទៅប្រើក្លាយជា សូរសៀង។
9)
គឺអណ្តាតដែលទន់វែង។
10)
បានដល់អរហត្តមគ្គ។
11)
បានដល់មគ្គទាំង៣ខាងក្រោម។
km/tipitaka/sut/mn/sut.mn.091.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann