មហាបុរស ដែលប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ តែងមានគតិ ២យ៉ាង ជាប្រាកដ មិនមែនដទៃឡើយ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មិកធម្មរាជ គ្រប់គ្រងផែនដី បើចេញចាកផ្ទះ នឹងបានជាព្រះពុទ្ធ ចាកចេញពីសង្សារវដ្ត។
mn 092 បាលី cs-km: sut.mn.092 អដ្ឋកថា: sut.mn.092_att PTS: ?
(ទី២) សេលសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. សេលសុត្តំ)
[២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួនភិក្ខុ ១.២៥០ រូប ទ្រង់ស្តេចទៅដល់អាបណនិគម នៃអង្គុត្តរាបជនបទ។ កេណិយជដិល បាន់ដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវទ្រង់ស្តេចមកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ មួយអន្លើ ដោយភិក្ខុសង្ឃច្រើន ចំនួនភិក្ខុ ១.២៥០ រូប ទ្រង់ស្តេចមកដល់អាបណនិគមហើយ កិត្តិស័ព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ សុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ព្រះសមណគោតមអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គ សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ទ្រង់ប្រកាសព្រហ្មចរិយៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការបានឃើញព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេក។
[២២] គ្រានោះ កេណិយជដិល ចូលទៅគាល់ព្រះមានបុណ្យ លុះចូលទៅដល់ហើយ ក៏និយាយពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយព្រះមានបុណ្យ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ ព្រះមានបុណ្យ ទ្រង់សំដែងពន្យល់កេណិយជដិល ដែលអង្គុយក្នុងទីសមគួរ ឲ្យយល់ (ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យសង្វាត (ធ្វើការកុសល) ឲ្យរីករាយ (ដោយគុណ ដែលមានក្នុងខ្លួន) ដោយធម្មីកថា។ លុះព្រះមានព្រះភាគ ទ្រង់ពន្យល់កេណិយជដិល ឲ្យយល់ ឲ្យជឿជាក់ ឲ្យសង្វាត ឲ្យរីករាយ ដោយធម្មីកថាហើយ កេណិយជដិល ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែក។ កាលបើកេណិយជដិល ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានឹងកេណិយជដិល ដូច្នេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកអ្នក ក៏ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ទៅហើយ។ កេណិយជដិល ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដង ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកខ្លួនខ្ញុំព្រះអង្គ ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ ក៏មែនពិតហើយ តែបើទុកជាដូច្នោះ ក៏សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកេណិយជដិល ជាគំរប់ពីរដង ដូច្នេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកអ្នក ក៏ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ទៅហើយ។ កេណិយជដិល ក្រាបបង្គំទូលព្រះមានបុណ្យ ជាគំរប់បីដង ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកខ្ញុំព្រះអង្គ ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ ក៏ពិតមែនហើយ តែបើទុកជាដូច្នោះ ក៏សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានបុណ្យ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិលដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅកាន់អាស្រមរបស់ខ្លួន លុះចូលទៅដល់ហើយ ហៅពួកមិត្រអាមាត្យ និងញាតិសាលោហិត (មកនិយាយថា) សូមមិត្រអាមាត្យ និងញាតិសាលោហិត ដ៏ចំរើនទាំងឡាយ ស្តាប់ (ពាក្យខ្ញុំ) ដ្បិតខ្ញុំបាននិមន្តព្រះសមណគោតម មកទទួលភត្ត ក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ ចូរអ្នកទាំងឡាយ ខ្វល់ខ្វាយបម្រើដោយកាយ តាមយើង។ ពួកមិត្រអាមាត្យ និងញាតិសាលោហិត របស់កេណិយជដិល ទទួលស្តាប់ពាក្យកេណិយជដិលថា បាទ លោកដ៏ចំរើន ហើយពួកខ្លះ ជីកគុកធ្វើចង្ក្រាន ពួកខ្លះពុះឧស ពួកខ្លះលាងភាជន៍ ពួកខ្លះតម្កល់ក្អមទឹក ពួកខ្លះក្រាលអាសនៈ។ ឯកេណិយជដិល ចាត់ចែងបារាំ មានសណ្ឋានមូល1) ដោយខ្លួនឯង។
[២៣] សម័យនោះឯង សេលព្រាហ្មណ៍ អាស្រ័យនៅក្នុងអាបណនិគម ជាអ្នកចេះចប់ត្រៃវេទ គឺឥរុវេទ យជុវេទ និងសាមវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នករៀននូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ តែងបង្រៀន នូវមន្តទាំងឡាយ ដល់ពួកមាណពជំទង់ៗ ចំនួន ៣០០នាក់។ សម័យនោះ កេណិយជដិល ជាអ្នកជ្រះថ្លា ចំពោះសេលព្រាហ្មណ៍។ គ្រានោះ សេលព្រាហ្មណ៍ មានពួកមាណពជំទង់ៗ ចំនួន ៣០០នាក់ហែហម ដើរត្រាច់ចុះឡើង ដើម្បីសម្រួលស្មង ហើយក៏ចូលទៅអាស្រមរបស់កេណិយជដិល។ សេលព្រាហ្មណ៍ បានឃើញមនុស្សពួកខ្លះ កំពុងជីកគុកធ្វើចង្ក្រាន ពួកខ្លះកំពុងពុះឧស ពួកខ្លះ កំពុងលាងភាជន៍ ពួកខ្លះកំពុងតម្កល់ក្អមទឹក ពួកខ្លះកំពុងក្រាលអាសនៈ ជិតអាស្រមរបស់កេណិយជដិល បានឃើញកេណិយជដិល កំពុងចាត់ចែងបារាំង មានសណ្ឋានមូលដោយខ្លួនឯង លុះឃើញហើយ ក៏សួរកេណិយជដិលដូច្នេះថា លោកកេណិយជដិលដ៏ចម្រើន មានអាពាហ៍ពិពាហ៍ ឬតាំងមហាយ័ញ្ញ ឬអញ្ជើញព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងពួកពល ដើម្បីជប់លៀង ក្នុងថ្ងៃស្អែក ឬអ្វីហ្ន៎។ កេណិយជដិលនិយាយថា បពិត្រលោកសេលៈដ៏ចម្រើន ខ្ញុំមិនមានអាពាហ៍ពិពាហ៍ មិនអញ្ជើញព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងពួកពល ដើម្បីជប់លៀងក្នុងថ្ងៃស្អែកទេ ខ្ញុំតាំងមហាយ័ញ្ញទេតើ ដ្បិតព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ មួយអន្លើ ដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុ ១.២៥០រូប ឥឡូវទ្រង់ស្តេចមកដល់អាបណនិគមហើយ កិត្តិស័ព្ទនៃព្រះគោតមដ៏ចម្រើននោះ ខ្ចរខ្ចាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ខ្ញុំបាននិមន្តព្រះសមណគោតម អង្គនោះ មួយអន្លើ ដោយភិក្ខុសង្ឃ ដើម្បីភត្តកិច្ច ក្នុងថ្ងៃស្អែក។ សេលព្រាហ្មណ៍ សួរថា ម្នាលកេណិយៈដ៏ចម្រើន អ្នកនិយាយថា ព្រះពុទ្ធឬ។ កេណិយជដិល ឆ្លើយថា បពិត្រលោកសេលៈដ៏ចម្រើន ខ្ញុំនិយាយថា ព្រះពុទ្ធ។ សេលព្រាហ្មណ៍ សួរថា ម្នាលកេណិយៈដ៏ចម្រើន អ្នកនិយាយថា ព្រះពុទ្ធឬ។ កេណិយជដិល ឆ្លើយថា បពិត្រលោកសេលៈដ៏ចំរើន ខ្ញុំនិយាយថា ព្រះពុទ្ធ។ លំដាប់នោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា សូរសព្ទបែបនេះ រកបានដោយកម្រក្នុងលោក ពាក្យថា ព្រះពុទ្ធ ដូច្នេះ មានមកក្នុងមន្ត របស់យើងថា មហាបុរស ដែលប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ តែងមានគតិ ២យ៉ាង ជាប្រាកដ មិនមែនដទៃឡើយ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មិកធម្មរាជ គ្រប់គ្រងផែនដី ដែលមានសមុទ្រទាំង៤ ជាព្រំប្រទល់ ជាស្តេចឈ្នះសង្គ្រាម ដល់នូវសេចក្តីមាំមួន ក្នុងជនបទ ប្រកបដោយរ័តន៍ទាំង៧ប្រការ មហាបុរសនោះ រមែងមានរ័តន៍ ទាំង៧ប្រការនេះ គឺចក្ករ័តន៍ ហត្ថិរ័តន៍ អស្សរ័តន៍ មណិរ័តន៍ ឥត្ថីរ័តន៍ គហបតិរ័តន៍ និងបរិនាយករ័តន៍ ជាគំរប់៧ មួយទៀត មហាបុរសនោះ មានរាជបុត្រច្រើន ជាងពាន់ ជាបុត្រដ៏ក្លៀវក្លា មានសភាពជាអ្នកប្រកបដោយព្យាយាម អាចញាំញី នូវសេនារបស់ស្តេចដទៃបាន មហាបុរសនោះ ត្រួតត្រា នូវផែនដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាឡើយ បើមហាបុរសនោះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដំបូល គឺកិលេសបើកហើយ ម្នាលកេណិយៈដ៏ចំរើន ចុះឥឡូវនេះ ព្រះគោតមដ៏ចំរើន ជាអរហន្ត សម្មាសម្ពុទ្ធនោះ នៅឯណា។
[២៤] កាលបើសេលព្រាហ្មណ៍ និយាយយ៉ាងនេះហើយ កេណិយជដិល លើកដៃខាងស្តាំឡើង និយាយប្រាប់សេលព្រាហ្មណ៍ ដូច្នេះថា បពិត្រលោកសេលៈដ៏ចម្រើន ព្រះអង្គគង់នៅឯជួរព្រៃ មានពណ៌ខៀវៗឯណោះ។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលទៅគាល់ព្រះមានបុណ្យ ជាមួយនឹងពួកមាណពជំទង់ ៣០០នាក់។ ទើបសេលព្រាហ្មណ៍ ហាមប្រាមពួកមាណពទាំងនោះថា ចូរអ្នកដ៏ចម្រើនទាំងឡាយ មានសំឡេងតិចៗ ដើរមក ចូរអ្នកដ៏ចំរើនទាំងឡាយ ថ្នមជើងរាល់ៗជំហាន តាំងពីចម្ងាយ បណ្តើរៗទៅ ចូរអ្នកដ៏ចំរើនទាំងនោះ ធ្វើដូចជាសីហៈ ត្រេចទៅតែម្នាក់ឯង កាលណាបើខ្ញុំត្រូវប្រឹក្សា មួយអន្លើ ដោយព្រះសមណគោតមដ៏ចំរើន អ្នកដ៏ចម្រើនទាំងឡាយ កុំធ្វើពាក្យរបស់ខ្ញុំ ឲ្យដាច់ក្នុងចន្លោះៗឡើយ ចូរអ្នកដ៏ចម្រើនទាំងឡាយ បង្អង់ចាំខ្ញុំនិយាយចប់សិន។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសេលព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ពិចារណាមើល នូវមហាបុរិសលក្ខណៈ ទាំង៣២ ក្នុងព្រះកាយ របស់ព្រះដ៏មានបុណ្យ។ សេលព្រាហ្មណ៍ បានឃើញមហាបុរិសលក្ខណៈ ទាំង៣២ ក្នុងព្រះកាយ របស់ព្រះមានបុណ្យដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈ ២ប្រការ ចេញ ក៏មានសេចក្តីសង្ស័យ ងឿងឆ្ងល់ មិនអស់ចិត្ត មិនជ្រះថ្លាស៊ប់ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការ (នោះ) គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។
[២៥] គ្រានោះ ព្រះមានបុណ្យ មានសេចក្តីត្រិះរិះ ដូច្នេះថា សេលព្រាហ្មណ៍នេះ ឃើញមហាបុរិសលក្ខណៈ ទាំង៣២ប្រការ របស់តថាគត ដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈ ២ប្រការ ប៉ុណ្ណោះ ក៏មានសេចក្តីសង្ស័យ ងឿងឆ្ងល់ មិនអស់ចិត្ត មិនជ្រះថ្លាស៊ប់ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ជិវ្ហាដ៏ល្មម១។ ទើបព្រះមានបុណ្យ សំដែងនូវឥទ្ធានុភាព មានសភាពដូច្នោះ ឲ្យសេលព្រាហ្មណ៍ បានឃើញអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ដែលឋិតនៅក្នុងស្រោមរបស់ព្រះអង្គ។ លំដាប់ពីនោះមក ព្រះមានព្រះភាគ ទ្រង់លៀនព្រះជិវ្ហា ឲ្យទៅដដុសនឹងរន្ធព្រះកាណ៌ទាំងពីរផង ឲ្យទៅដដុសនឹងរន្ធព្រះនាសិកទាំងពីរផង មិនតែប៉ុណ្ណោះ ទ្រង់បញ្ចេញព្រះជិវ្ហា ទៅបាំងមណ្ឌល នៃព្រះនលាដទាំងអស់ផង។
[២៦] គ្រានោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២ប្រការ ពេញលេញ ឥតខ្វះខាតមែនហើយ តែអាត្មាអញ មិនទាន់ស្គាល់ព្រះសមណគោតមនោះ ថាជាព្រះពុទ្ធ ឬមិនមែនជាព្រះពុទ្ធនៅឡើយទេ អាត្មាអញ គ្រាន់តែបានឮពាក្យនុ៎ះ អំពីសំណាក់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ ចាស់ទុំ ជាអាចារ្យប្រធានលើអាចារ្យ និយាយថា ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា មានក្នុងលោក កាលបើមានគេសរសើរគុណរបស់ព្រះអង្គ ព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះ រមែងធ្វើនូវខ្លួន (របស់ព្រះអង្គ) ឲ្យជាក់ច្បាស់ បើដូច្នោះ គួរតែអាត្មាអញ សរសើរព្រះសមណគោតម ដោយគាថាទាំងឡាយ ដ៏សមគួរក្នុងទីចំពោះព្រះភក្ត្រព្រះអង្គ។ លំដាប់នោះ សេលព្រាហ្មណ៍ និយាយសរសើរ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា
បពិត្រព្រះមានបុណ្យ ព្រះអង្គមានព្រះកាយពេញលេញ មានព្រះសរីរៈល្អ មានកំពស់ និងទំហំសមសួន អ្នកផងមើលមិនចេះឆ្អែតឆ្អន់ មានសម្បុរដូចមាស មានព្រះទាឋា សស្អាត ទ្រង់ប្រកបដោយសេចក្តីព្យាយាម មហាបុរិសលក្ខណៈទាំងឡាយ ដែលមានដល់ជនអ្នកមានកំណើតល្អយ៉ាងណា មហាបុរិសលក្ខណៈទាំងអស់នោះ ក៏មានក្នុងព្រះកាយ របស់ព្រះអង្គ យ៉ាងនោះដែរ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្ត្រស្រស់បស់ មានព្រះអង្គាវយវៈត្រង់ ដូចជាអង្គព្រហ្ម មានព្រះរស្មី មានព្រះញាណដ៏ល្អ ទ្រង់ខ្លាចភ័យក្នុងសង្សារវដ្ត ទ្រង់មានព្រះតចៈភ្លឺដូចមាស រុងរឿងកណ្តាលពពួកសមណៈ ដូចជាព្រះអាទិត្យ ព្រះអង្គមានពន្លឺដ៏ថ្លៃថ្លាយ៉ាងនេះ ត្រូវការអ្វីដោយសមណភាព គួរណាស់តែសោយរាជ្យ ជាស្តេចចក្រពត្តិ (ទូន្មានប្រជាជន ឲ្យត្រឹមត្រូវតាមធម៌) ដូចជាសារថីដ៏ឧត្តម ទ្រង់គ្រប់គ្រងផែនដី រហូតដល់សមុទ្រទាំង៤ ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម ជាឥស្សរៈនៃជម្ពូទ្វីប ពួកខត្តិយជាតិ ដែលសោយរាជ្យ ដោយភោគសម្ប័ទ ចូលមកជាក្សត្រិយ៍ចំណុះព្រះអង្គ បពិត្រព្រះគោតម សូមព្រះអង្គសោយរាជសម្បត្តិ ជាព្រះរាជាធិរាជដ៏ធំជាងមនុស្ស (ព្រះមានព្រះភាគ) ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ តថាគត ជាស្តេចព្រោះធម៌ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញុំាងចក្រ ជាចក្រដែលបុគ្គលដទៃឲ្យប្រព្រឹត្តទៅមិនកើត ឲ្យប្រព្រឹត្តទៅតាមធម៌បាន (សេលព្រាហ្មណ៍ ក្រាបបង្គំទូលថា បើដូច្នោះ) ព្រះអង្គជាព្រះសម្ពុទ្ធ បានត្រាស់ដឹងហើយតើ (ព្រះអង្គត្រាស់ថា) តថាគត ជាស្តេចព្រោះធម៌ហើយ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញុំាងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បាន សេលព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតម សូមព្រះអង្គប្រាប់ខ្ញុំ ចុះលោកណាជាសេនាបតី ជាសាវ័ករបស់ព្រះសាស្តា ចុះលោកណាញុំាងធម្មចក្រដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយនេះ ឲ្យប្រព្រឹត្តទៅបាន (ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសេលព្រាហ្មណ៍) ធម្មចក្រណា ដែលតថាគត ឲ្យប្រព្រឹត្តទៅ សារីបុត្ត ជាអនុជាត ក៏ញុំាងធម្មចក្រនោះ ឲ្យប្រព្រឹត្តទៅ ទុក្ខសច្ច និងនិរោធសច្ច ដែលតថាគត ត្រូវដឹងច្បាស់ ក៏តថាគត បានដឹងច្បាស់ហើយ មគ្គសច្ច ដែលតថាគតត្រូវអប់រំ ក៏តថាគត បានអប់រំហើយ សមុទយសច្ច ដែលតថាគតត្រូវលះបង់ ក៏តថាគត បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត ឈ្មោះថា ព្រះពុទ្ធ ម្នាលព្រាហ្មណ៍ អ្នកចូរនាំបង់ ជម្រះបង់ នូវសេចក្តីសង្ស័យ ក្នុងតថាគតចេញ ការចួបប្រទះនឹងព្រះសម្ពុទ្ធទាំងឡាយរឿយៗ គេមិនងាយនឹងបានទេ ការកើតប្រាកដឡើង ក្នុងលោករឿយៗ នៃព្រះសម្ពុទ្ធទាំងឡាយ ក៏គេមិនងាយនឹងបានដែរ ម្នាលព្រាហ្មណ៍ តថាគតហ្នឹងឯង ជាព្រះពុទ្ធ ជាពេទ្យវះ មិនមានពេទ្យដទៃប្រសើរជាងឡើយ មានសភាពជាអ្នកប្រសើរ កន្លងបង់នូវសេចក្តីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ នឹងសេនារបស់មារ ធ្វើពួកសត្រូវទាំងអស់ ឲ្យលុះក្នុងអំណាចបាន ឥតមានភ័យអំពីអ្វី រមែងរីករាយ ទើបសេលព្រាហ្មណ៍ និយាយនឹងពួកមាណពទាំងនោះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចូរអ្នកទាំងឡាយស្តាប់ នូវព្រះពុទ្ធដីកានេះចុះ ព្រះមានចក្ខុ ជាពេទ្យវះ (ដ៏ប្រសើរ) មានព្យាយាមធំ ទ្រង់មានព្រះពុទ្ធដីកាមកទាំងប៉ុន្មាន ដូចជាសីហៈបន្លឺក្នុងព្រៃ នរណាបានឃើញព្រះសាស្តា មានសភាពជាបុគ្គលប្រសើរ កន្លងបង់នូវសេចក្តីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ និងសេនានៃមារហើយ (ដូចម្តេចឡើយ) នឹងអត់ទ្រាំមិនជ្រះថ្លាបាន សូម្បីជនអ្នកកើតក្នុងត្រកូលដ៏ថោកទាប (ក៏គង់ជ្រះថ្លា នឹងព្រះអង្គដែរ) អ្នកណាចូលចិត្តតាមខ្ញុំ អ្នកនោះចូរមក អ្នកណាមិនចូលចិត្តទេ អ្នកនោះចូរទៅចុះ ខ្ញុំនឹងបួសក្នុងសំណាក់ នៃព្រះសម្ពុទ្ធ ព្រះអង្គ មានប្រាជ្ញាដ៏ប្រសើរ ក្នុងទីនេះហើយ ពួកមាណពទាំងអស់ ក៏និយាយនឹងសេលព្រាហ្មណ៍ថា បើលោកដ៏ចម្រើន ពេញចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ យើងទាំងឡាយ ក៏នឹងបួសក្នុងសំណាក់ព្រះសម្ពុទ្ធ ទ្រង់មានប្រាជ្ញាដ៏ប្រសើរដែរ (សេលព្រាហ្មណ៍ក្រាបបង្គំទូលថា) ព្រាហ្មណ៍ទាំង ៣០០នាក់នេះ លើកកំបង់អញ្ជលីសូមផ្នួស បពិត្រព្រះមានបុណ្យ យើងទាំងឡាយ នឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះអង្គ (ព្រះមានព្រះភាគត្រាស់ថា ម្នាលសេលព្រាហ្មណ៍) ព្រហ្មចរិយៈ ដែលតថាគតសំដែង ដោយប្រពៃហើយ ជាព្រហ្មចរិយៈ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រហែសធ្វេស ជាអ្នកសិក្សា ជាបព្វជ្ជាមិនសោះសូន្យទេ។ សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។
[២៧] លុះកន្លងរាត្រីនោះហើយ លំដាប់នោះ កេណិយជដិល ក៏ញុំាងពួកមនុស្ស ឲ្យចាត់ចែងខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ក្នុងអាស្រមរបស់ខ្លួន ហើយឲ្យមនុស្សទៅក្រាបបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលវេលាដល់ហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានបុណ្យទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់ស្តេចចូលទៅឯអាស្រម របស់កេណិយជដិល លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ មួយអន្លើដោយភិក្ខុសង្ឃ។ លំដាប់នោះ កេណិយជដិល អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ប្រសើរ ដោយដៃខ្លួនឯង។ កេណិយជដិល បានដឹងថា ព្រះមានព្រះភាគ ទ្រង់សោយឆ្អែត លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈមួយយ៉ាងទាប អង្គុយក្នុងទីសមគួរ។
[២៨] លុះកេណិយជដិល អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងនេះថា
យ័ញ្ញទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជាប្រធាននៃឆន្ទសាស្ត្រ ព្រះរាជា ជាប្រធាននៃពួកមនុស្ស សាគរ ជាប្រធាននៃពួកនទី ព្រះចន្ទ្រ ជាប្រធាននៃពួកផ្កាយ ព្រះអាទិត្យជាប្រធាននៃពួកកំដៅ ព្រះសង្ឃក៏ជាប្រធាន នៃមនុស្សទាំងឡាយ អ្នកចង់បានបុណ្យ កាលបូជា។
លុះព្រះមានព្រះភាគ ទ្រង់ញុំាងកេណិយជដិល ឲ្យរីករាយតាម ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកអំពីអាសនៈចេញទៅ។ លំដាប់នោះ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ចៀសចេញអំពីពួក ជាអ្នកមិនមានសេចក្តីប្រហែសធ្វេស មានសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅដោយឥរិយាបថទាំង៤ កុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាធម៌ទីបំផុត នៃមគ្គព្រហ្មចរិយៈ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ហើយក៏ដឹងថា ជាតិរបស់អញ អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច ក៏អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ក៏ជាព្រះអរហន្តនឹងគេដែរ។
[២៩] គ្រានោះ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើចីពរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ពោលគាថាទាំងឡាយ ចំពោះព្រះមានព្រះភាគថា
បពិត្រព្រះអង្គ ទ្រង់មានបញ្ញាចក្ខុ យើងខ្ញុំទាំងឡាយ បានដល់នូវទីពឹង រាប់មកដល់ថ្ងៃនេះ គម្រប់ជា៨ថ្ងៃហើយ បពិត្រព្រះមានបុណ្យ យើងខ្ញុំទាំងឡាយ បានទូន្មានខ្លួន តាមព្រះសាសនា របស់ព្រះអង្គ អស់៧រាត្រីហើយ ព្រះអង្គ ជាព្រះពុទ្ធ ព្រះអង្គ ជាបរមសាស្តា ព្រះអង្គ ជាអ្នកប្រាជ្ញ គ្របសង្កត់នូវមារ ព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងអនុសយធម៌ ទ្រង់ឆ្លង (ចាកសង្សារវដ្ត) បានដោយព្រះអង្គឯង ហើយទ្រង់ចម្លងពពួកសត្វនេះ ឲ្យឆ្លងបានផង ព្រះអង្គកន្លងផុតឧបធិ ព្រះអង្គទម្លាយនូវអាសវៈទាំងឡាយ ព្រះអង្គមិនមានឧបាទាន ទ្រង់លះបង់នូវភ័យ ដែលគួរខ្លាចទាំងអស់ ដូចសីហៈ ភិក្ខុទាំង ៣០០រូបនេះ ឈរប្រណម្យអញ្ជលី បពិត្រព្រះអង្គ អ្នកមានព្យាយាម សូមព្រះអង្គលាព្រះបាទទាំងគូ ពួកនាគ គឺភិក្ខុ សូមក្រាបថ្វាយបង្គំ ចំពោះព្រះអង្គជាបរមសាស្តា។
ចប់ សេលសូត្រ ទី២។