User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.094



ឃោដមុខសូត្រ ទី៤

សង្ខេប

បុគ្គល​៤​ពួក មាន​ក្នុង​លោក តើ​ដូច​ម្តេច​ខ្លះ?​ តើ​បុគ្គល​ណា​ ជា​បុគ្គល​មាន​​ខ្លួន​ដ៏​ប្រសើរ​?

mn 094 បាលី cs-km: sut.mn.094 អដ្ឋកថា: sut.mn.094_att PTS: ?

(ទី៤) ឃោដមុខសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤. ឃោដមុខសុត្តំ)

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ឧទេនភិក្ខុមានអាយុ នៅក្នុងខេមិយម្ពវ័ន (ព្រៃស្វាយ ឈ្មោះខេមិយៈ) ជិតក្រុងពារាណសី។ ក៏សម័យនោះ ព្រាហ្មណ៍ឈ្មោះឃោដមុខ បានមកដល់ក្រុងពារាណសី ដោយកិច្ចការណាមួយ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ដើរចង្ក្រមទៅ ដើរចង្ក្រមមក ដើម្បីសម្រាក​ស្មងបន្តិច រួចចូលសំដៅទៅកាន់ខេមិយម្ពវ័ន។ សម័យនោះឯង ឧទេនភិក្ខុមានអាយុ កំពុងចង្ក្រម​ក្នុងទីវាល។ ខណៈនោះ ឃោដមុខព្រាហ្មណ៍ ចូលសំដៅទៅរកឧទេនភិក្ខុមានអាយុ ត្រង់​កន្លែងដែលលោកនៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកឧទេនភិក្ខុមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រលឹក​ហើយ ដើរចង្ក្រមតាមឧទេនភិក្ខុមានអាយុ ដែលកំពុងចង្ក្រម និយាយយ៉ាងនេះ​បណ្តើរ​ថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌ មិនមានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួស​នេះយ៉ាងនេះ បានជាខ្ញុំចូលចិត្តដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាព​ដូច​លោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ ក្នុងផ្នួសនេះផង។

[៤៨] កាលឃោដមុខព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ឧទេនភិក្ខុមានអាយុ ក៏ចុះ​អំពីទីចង្ក្រម ចូលទៅកាន់វិហារ ហើយអង្គុយលើអាសនៈ ដែលគេក្រាលបំរុងទុក។ ចំណែកឃោដមុខព្រាហ្មណ៍ ក៏ចុះអំពីទីចង្ក្រម ហើយចូលទៅកាន់វិហារ ឋិតក្នុង​ទីដ៏​សមគួរដែរ។ លុះឃោដមុខព្រាហ្មណ៍ ឋិតក្នុងទីដ៏សមគួរហើយ ទើបឧទេនភិក្ខុមានអាយុ និយាយដូច្នេះថា ម្នាលព្រាហ្មណ៍ អាសនៈទាំងឡាយ មានគ្រប់គ្រាន់ ប្រសិនបើអ្នកត្រូវ​ការ អញ្ជើញអង្គុយចុះ។ ឃោដមុខព្រាហ្មណ៍ ឆ្លើយថា យើងរង់ចាំឧទេនភិក្ខុដ៏ចំរើនទេតើ យើងមិនហ៊ានអង្គុយលើអាសនៈនុ៎ះទេ ព្រោះថា បុគ្គលប្រហែលដូចខ្ញុំ បើគេមិនអញ្ជើញ​មុនហើយ ធ្វើម្តេចនឹងហ៊ានអង្គុយលើអាសនៈ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ កាន់​យកអាសនៈដ៏ទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះឃោដមុខព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយដូច្នេះ នឹងឧទេនភិក្ខុមានអាយុថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌មិនមានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួសយ៉ាងនេះ បានជាខ្ញុំចូលចិត្តដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាព​ដូចលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ ក្នុងផ្នួសនេះផង។ ឧទេនភិក្ខុតបថា ម្នាល​ព្រាហ្មណ៍ ប្រសិនបើអ្នកត្រូវការចង់ដឹងភាសិត ដែលគួរដឹង ត្រូវឃាត់ភាសិតដែល​គួរឃាត់​របស់អាត្មា បើអ្នកមិនដឹងនូវសេចក្តីនៃភាសិតណា របស់អាត្មាទេ អ្នកត្រូវសួរ​ក្នុងភាសិតនោះនឹងអាត្មាតទៅទៀតថា បពិត្រឧទេនដ៏ចំរើន ភាសិតនេះដូចម្តេច សេចក្តីនៃ​ភាសិតនេះ ដូចម្តេច កាលបើធ្វើយ៉ាងនេះហើយ យើងទាំង២នាក់ ទើបគួរនឹង​ចរចាគ្នា ក្នុងភាសិតនុ៎ះ តទៅទៀតបាន។ ឃោដមុខព្រាហ្មណ៍ ឆ្លើយថា ខ្ញុំត្រូវដឹង​នូវភាសិត ដែលគួរដឹង ត្រូវឃាត់ភាសិតដែល​គួរឃាត់​របស់ឧទេនដ៏ចំរើន តែថា បើខ្ញុំមិនដឹងនូវសេចក្តីនៃភាសិតណា របស់ឧទេនដ៏ចំរើនទេ ខ្ញុំនឹងសួរនូវឧទេន​ដ៏ចំរើន​ក្នុងភាសិតនោះ តទៅទៀតថា បពិត្រឧទេនដ៏ចំរើន ភាសិតនេះដូចម្តេច សេចក្តីនៃ​ភាសិតនេះ ដូចម្តេច លុះធ្វើយ៉ាងនេះហើយ យើងទាំង២នាក់ ទើបគួរនឹង​ចរចាគ្នា ក្នុងភាសិតនុ៎ះ តទៅទៀតបាន។

[៤៩] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បុគ្គល៤ពួកនេះ មានក្នុងលោក បុគ្គល​៤ពួក តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកំដៅខ្លួនឯង ទាំង​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកំដៅបុគ្គលដទៃ ទាំង​បានប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ កំដៅខ្លួនឯង ទាំង​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបាន​ប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនកំដៅខ្លួនឯង ទាំងមិន​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង ជាអ្នកមិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ១ ម្នាលព្រាហ្មណ៍ បណ្តាបុគ្គលទាំង៤ពួកនេះ តើបុគ្គលណា អាច​ញុំាងចិត្តអ្នក ឲ្យត្រេកអរបាន។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំង​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង បុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅបុគ្គលដទៃ ទាំង​បានប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ បុគ្គលនេះឯង មិនអាចញុំាង​ចិត្ត​ខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំង​បានប្រកប​រឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបាន​ប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង បុគ្គលនេះឯង មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរ​បាន​ទេ បពិត្រឧទេនដ៏ចំរើន លុះតែបុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិន​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ បុគ្គលនោះ មិនបានកំដៅខ្លួនឯងផង មិនបានកំដៅ​បុគ្គលដទៃផង មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បុគ្គលនេះ ទើបអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន។ ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះហេតុអ្វី បានជាបុគ្គលទាំង៣ពួក​នេះ មិនអាចញុំាងចិត្តអ្នក ឲ្យត្រេកអរបាន។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំង​បានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង បុគ្គលនោះ ឈ្មោះថា ដុតកំដៅខ្លួន ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន​ទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅបុគ្គលដទៃ ទាំង​បានប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា ដុតកំដៅបុគ្គលដទៃ ដែល​ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាង​ចិត្ត​ខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំង​បានប្រកប​រឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបាន​ប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង បុគ្គលនោះ ឈ្មោះថា ដុតកំដៅខ្លួនឯងផង បុគ្គលដទៃផង ដែល​ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរ​បាន​ទេ បពិត្រឧទេនដ៏ចំរើន លុះតែបុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិន​ប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនប្រកបរឿយៗ នូវការព្យាយាម​កំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមាន​សេចក្តីស្រេកឃ្លាន មានតែ​សេចក្តី​រំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បុគ្គលនោះ មិនបានឈ្មោះថា ដុតកំដៅខ្លួនឯងផង បុគ្គលដទៃផង ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ ទើបបុគ្គលនេះ អាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន។

[៥០] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បរិស័ទនេះ មាន២ពួក បរិស័ទ២ពួក តើ​ដូចម្តេចខ្លះ ម្នាលព្រាហ្មណ៍។ បរិស័ទខ្លះ ក្នុងលោកនេះ ប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌលទាំងឡាយ ហើយស្វែងរកកូនប្រពន្ធ ស្វែងរកខ្ញុំស្រី ខ្ញុំប្រុស ស្វែងរកស្រែចម្ការ ស្វែងរកមាសប្រាក់១ ម្នាលព្រាហ្មណ៍ មួយទៀត បរិស័ទខ្លះ ក្នុងលោកនេះ មិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌលទាំងឡាយ​ទេ ហើយលះបង់កូនប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ រួចចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស១ ម្នាលព្រាហ្មណ៍ បុគ្គលណាមិនកំដៅខ្លួនឯង ទាំង​មិនបានប្រកបរឿយៗ នូវការព្យាយាម កំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រ​កបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង ទាំងមិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ នែព្រាហ្មណ៍ បរិស័ទណា ដែលប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល ស្វែងរកកូនប្រពន្ធ ស្វែងរកខ្ញុំស្រី ខ្ញុំប្រុស ស្វែងរកស្រែចម្ការ ស្វែងរកមាសប្រាក់ក្តី បរិស័ទ​ណា ដែលមិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល បានលះបង់​កូនប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ ហើយចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួសក្តី អ្នកពិចារណាបុគ្គលនេះមើល តើណាប្រសើរជាង ក្នុងបរិស័ទ​ណា។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិនប្រ​កបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនប្រកប​រឿយៗ នូវការព្យាយាម កំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលតែសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បរិស័ទណា មិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល លះបង់កូន និងប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ រួចចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស ខ្ញុំពិចារណាមើលឃើញតែបុគ្គលនេះ គ្រាន់បើជាង ក្នុងបរិស័ទ​នេះ។ ឧទេនភិក្ខុឆ្លើយថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ អាត្មាបានដឹងសំដីរបស់អ្នក យ៉ាងនេះ​ថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌ គ្មានទេ សេចក្តីចូលចិត្ត​របស់ខ្ញុំ​ ក្នុងផ្នួស​នេះ យ៉ាងនេះ ក៏សេចក្តីចូលចិត្តនោះឯង ព្រោះមិនបានឃើញជនទាំងឡាយ ដែល​មានសភាព​ដូចជាលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ក្នុងផ្នួសនេះផង។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រឧទេនដ៏ចំរើន សំដីដែល​ប្រកបដោយហេតុនោះ លោកម្ចាស់បានសំដែងហើយ ដល់ខ្ញុំព្រះករុណា ដោយពិតថា ផ្នួសប្រកបដោយ​ធម៌​មាន សេចក្តីចូលចិត្ត​របស់ខ្ញុំ​ព្រះករុណា ក្នុងផ្នួសនុ៎ះ យ៉ាងនេះ មួយទៀត លោកម្ចាស់​ឧទេនដ៏ចំរើន ចូរចាំទុកនូវខ្ញុំយ៉ាងហ្នឹងចុះ បុគ្គល៤ពួកណា ដែលលោកម្ចាស់​ឧទេន​ដ៏ចំរើន សំដែងហើយដោយសង្ខេប មិនធ្វើឲ្យពិស្តារ ដល់ខ្ញុំព្រះករុណា សូមលោកម្ចាស់​ឧទេនដ៏ចំរើន ញែកចែក​នូវបុគ្គលទាំង៤ពួកនេះ ដោយ​សេចក្តីពិស្តារ ដល់ខ្ញុំ​ព្រះករុណា ដោយអាស្រ័យសេចក្តីអនុគ្រោះ។ ឧទេនភិក្ខុឆ្លើយថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នក​ប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ អាត្មានឹងសំដែង។ ឃោដមុខព្រាហ្មណ៍​ ទទួលស្តាប់ពាក្យឧទេនភិក្ខុមានអាយុថា ព្រះករុណា លោកដ៏ចំរើន។

[៥១] ឧទេនភិក្ខុមានអាយុ បានពោលពាក្យនេះថា ម្នាលព្រាហ្មណ៍ ចុះបុគ្គល​កំដៅខ្លួនឯង ទាំងប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ​ ជាអចេលក៍ (អាក្រាត) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ (និងជម្រះឧច្ចារៈដោយម្រាមដៃ) បើមានគេហៅថា ចូរមក ក៏មិនមក គេឃាត់ថាឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេនាំមកមុន មិនត្រេកអរនឹងភត្ត ដែលគេធ្វើ​ចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្តន៍ អចេលក៍នោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ មិនទទួលភត្តដែលគេនាំមកកន្លងធរណីទ្វារ មិនទទួលភត្ត ដែលគេនាំមកកន្លងកំណាត់ឈើ មិនទទួលភត្តដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់កំពុងបរិភោគ មិនទទួលភត្តរបស់ស្រីមានគភ៌ មិនទទួលភត្តរបស់ស្រី ដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រី ដែលនៅកំពុងនៅរួមនឹងបុរស មិនទទួលភត្ត ដែលពួកសាវ័កអចេលក៍អង្គាសមក មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំ ដែលត្រាំដោយស្រូវទាំងពួង អចេលក៍នោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ ដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ។បេ។ ទទួលភត្តចំពោះតែក្នុងផ្ទះ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត១ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត២ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត៣ភាជន៍តូចខ្លះ។បេ។ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្ត៧ភាជន៍តូចខ្លះ ស៊ីអាហាររំលង១ថ្ងៃខ្លះ ស៊ីអាហាររំលង២ថ្ងៃខ្លះ។បេ។ ស៊ីអាហាររំលង៧ថ្ងៃខ្លះ អចេលក៍​ប្រកបដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរ នូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពយ៉ាងនេះ ដូច្នេះឯង អចេលក៍នោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករ​ស្រងែ ជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេចស្បែក (ចំនៀរស្បែក) ជាអាហារខ្លះ មានជ័រជាអាហារខ្លះ1) មានស្លែ ឬសារាយ ជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានម្សៅ ជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើម និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែ​ផ្លែឈើ ដែលជ្រុះឯងខ្លះ អចេលក៍នោះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ ដែលត្បាញ​លាយគ្នាខ្លះ ទ្រទ្រង់សំពត់ ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់​សំពត់​បង្សុកូលខ្លះ ទ្រទ្រង់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវភ្លាំងក្រងខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចំរៀកក្តារ2) ជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់​កម្ពល ដែលត្បាញដោយរោមកន្ទុយសេះខ្លះ ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុក3) សក់ និងពុកមាត់ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹងហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមអង្គុយច្រហោងខ្លះ ដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រព្រឹត្តកាន់វត្តចុះត្រាំទឹក ១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ អចេលក៍ប្រកបការព្យាយាម ដុតកំដៅកាយ ច្រើនប្រការ មានសភាព​យ៉ាងនេះ ដូច្នេះឯង ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលកំដៅខ្លួនឯង ប្រកបការព្យាយាម ដុតកំដៅ​ខ្លួនឯង។

[៥២] ម្នាលព្រាហ្មណ៍ ចុះបុគ្គលកំដៅអ្នកដទៃ ប្រកបការព្យាយាម ដុតកំដៅ​អ្នកដទៃ តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម ជាអ្នកសម្លាប់ជ្រូក ជាអ្នកសម្លាប់សត្វស្លាប ជាអ្នកសម្លាប់ម្រឹគ ជាព្រាន ជាអ្នកសម្លាប់ត្រី ជាអ្នកល្មួច ជាអ្នកសម្លាប់ចោរ ជានាយគុក ពុំនោះសោត បុគ្គលណាមួយ ជាអ្នកធ្វើ​ការងារ​អាក្រក់ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលដុតកំដៅអ្នកដទៃ ប្រកប​ការព្យាយាមដុតកំដៅអ្នកដទៃ។

[៥៣] ម្នាលព្រាហ្មណ៍ ចុះបុគ្គលអ្នកដុតកំដៅខ្លួនឯង ប្រកប​ការព្យាយាម ដុតកំដៅខ្លួនឯងផង កំដៅអ្នកដទៃ ប្រកបការព្យាយាម ដុតកំដៅ​អ្នកដទៃផង តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាក្សត្រិយ៍ទ្រង់រាជ្យ ដែលបានមុទ្ធាភិសេករួច​ហើយក្តី ជាព្រាហ្មណមហាសាលក្តី ព្រះរាជា ឬព្រាហ្មណ៍នោះ ឲ្យគេសាងរោងសម្រាប់​ទទួលភ្ញៀវយ៉ាងថ្មី ក្នុងទិសខាងកើតនៃនគរ ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀក​ដណ្តប់ស្បែកខ្លាទាំងក្រចក លាបស្រឡាបកាយ ដោយទឹកដោះខ្លា និងប្រេង អែះខ្នង​ដោយស្នែងនៃម្រឹគ ហើយចូលទៅកាន់រោងសម្រាប់ទទួលភ្ញៀវ ព្រមទាំងមហេសី និងព្រាហ្មណ៍ជាបុរោហិត ព្រះរាជា ឬព្រាហ្មណ៍នោះ ក៏សម្រេចសេយ្យាលើផែនដី ប្រាសចាកកម្រាល ដែលគេលាបពណ៌ខៀវក្នុងទីនោះ ទឹកដោះណា មានក្នុងដោះមួយ របស់មេគោមួយ ដែលមានកូនខ្ចី ព្រះរាជា ឬព្រាហ្មណ៍ ក៏ចិញ្ចឹមជីវិតដោយ​ទឹកដោះ​នោះ ទឹកដោះណា មានក្នុងដោះទី២ មហេសី ក៏ចិញ្ចឹមជីវិត ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី៣ ព្រាហ្មណ៍ជាបុរោហិត ក៏ចិញ្ចឹមជីវិត ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី៤ ក៏បូជាភ្លើង ដោយទឹកដោះនោះ កូនគោចិញ្ចឹមជីវិតដោយទឹកដោះ​ដ៏សេស ព្រះរាជា ឬព្រាហ្មណ៍នោះ មានវាចាយ៉ាងនេះថា គោឈ្មោលទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ កូនគោឈ្មោលទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ កូនគោ​ញី​ទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ ពពែទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ ចៀមទាំងប៉ុណ្ណេះ ចូរគេ​សម្លាប់ដើម្បីយ័ញ្ញចុះ ឈើទាំងប៉ុណ្ណេះ ចូរគេ​កាប់ដើម្បី​ប្រយោជន៍​ដល់ប្រាសាទចុះ ទ្រព្យទាំងប៉ុណ្ណេះ ចូរពុកផុយទៅ ដើម្បី​លំបាក (ដល់ម្ចាស់​ទ្រព្យ)ចុះ មួយទៀត ជនទាំងឡាយណា ដែលជាខ្ញុំក្តី ជាអ្នកបម្រើ​ក្តី ជាកម្មករក្តី របស់​ព្រះរាជា ឬព្រាហ្មណ៍នោះ ជនទាំងនោះ ត្រូវអាជ្ញាគម្រាម ត្រូវភ័យ​គម្រាម មានមុខទទឹក​ដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្ម ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលកំដៅខ្លួនឯង ប្រកបការព្យាយាម កំដៅខ្លួនឯងផង កំដៅអ្នកដទៃ ប្រកប​ការព្យាយាម កំដៅអ្នកដទៃផង។

[៥៤] ម្នាលព្រាហ្មណ៍ ចុះបុគ្គលមិនកំដៅខ្លួនឯង ទាំងមិនប្រកប​ការព្យាយាម កំដៅខ្លួនឯង មិនកំដៅអ្នកដទៃ ទាំងមិនប្រកបការព្យាយាម កំដៅ​អ្នកដទៃ តើដូចម្តេច បុគ្គលនោះ មិនកំដៅខ្លួនឯង មិនកំដៅអ្នកដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តី​រំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ន​នេះ ម្នាលព្រាហ្មណ៍ ព្រះតថាគតកើតឡើងក្នុងលោក ព្រះអង្គឆ្ងាយចាក​សេចក្តីសៅហ្មង​គ្រប់យ៉ាង ព្រះអង្គត្រាស់​ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យ ដែលព្រះអង្គគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរ​ទៅកាន់ព្រះនិព្វាន ព្រះអង្គទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គ​ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គ​លែងវិលត្រឡប់មក​កាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល និងបទចុង ព្រះអង្គប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំង​ព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតីក្តី កូនគហបតីក្តី បុគ្គលកើតក្រោយ ក្នុងត្រកូលណាមួយក្តី ស្តាប់ធម៌នោះ លុះបុគ្គលនោះ ស្តាប់ធម៌នោះហើយ បានចំពោះ​នូវសទ្ធា ក្នុងព្រះតថាគត។ បុគ្គលនោះ ប្រកបព្រម ដោយការបានចំពោះនូវសទ្ធានោះ ហើយមានសេចក្តីពិចារណា ដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀតណាស់ ជាផ្លូវ​ហូរមក​ នៃធូលី គឺកិលេស មានតែបព្វជ្ជា ទើបមានឱកាស បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែមួយយ៉ាង បរិសុទ្ធតែមួយយ៉ាង ឲ្យដូចជាស័ង្ខ ដែលគេខាត់ឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ និងពុកចង្កា ហើយស្លៀក​ដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យ​ខាង​ក្រោយមក បុគ្គលនោះ ក៏លះបង់គំនរភោគៈតិចផង លះបង់គំនរភោគៈច្រើនផង លះបង់នូវញាតិវង្សតិចផង លះបង់នូវញាតិវង្សច្រើនផង ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។

[៥៥] កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សមាទាននូវសិក្ខា និងសាជីវៈ របស់​ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះ​ហើយ មានគ្រឿង​សស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់នូវសេចក្តីអាណិត ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វទាំងអស់ លះបង់នូវអទិន្នាទាន វៀរ​ចាក​អទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នានូវរបស់ដែលគេឲ្យ មិនមានចិត្ត​ល្មួច មានខ្លួនដ៏ស្អាត លះបង់នូវ​អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តល្អ ចៀស​វាង វៀរចាកមេថុន ដែលជាធម៌របស់អ្នកស្រុក លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ជាអ្នកពោលនូវពាក្យពិត តនូវពាក្យពិត មានសំដីខ្ជាប់ខ្ជួន ពោលនូវពាក្យគួរអ្នកផង​ជឿបាន មិនពោលបំភ្លាត់សត្វលោកឡើយ លះបង់នូវបិសុណាវាចា វៀរចាកបិសុណា​វាចា ឮពាក្យពីខាងនេះ មិនទៅប្រាប់ខាងនោះ ដើម្បីបំបែក​ជនខាងនោះឡើយ ឬឮ​អំពីខាងនោះ មិនមកប្រាប់ដល់ជនទាំងឡាយខាងនេះ ដើម្បីបំបែក​ជនខាងនោះឡើយ ជាអ្នកផ្សះផ្សា នូវពួកជនដែលបែកគ្នាហើយផង ជាអ្នកជួយផ្ចុងផ្តើម ដល់ពួកជន ដែល​បានប្រកបដោយប្រយោជន៍ហើយផង ជាអ្នករីករាយ នឹងសេចក្តីព្រមព្រៀង ត្រេកអរនឹង​សេចក្តីព្រមព្រៀង ពេញចិត្តនឹង​សេចក្តីព្រមព្រៀង ជាអ្នកពោលតែសំដី ដែលធ្វើនូវ​​សេចក្តីព្រមព្រៀង ជាអ្នកលះបង់​ផរុសវាចា វៀរចាកផរុសវាចា សំដីណា ដែលជាសំដី​ឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ តាំងនៅក្នុងហឫទ័យ ជាសំដីអ្នកក្រុង ជាទីរីករាយ ដល់ជនច្រើន ជាទីគាប់ចិត្តដល់ជនច្រើន តែងពោល​តែសំដី មានសភាព​ដូច្នោះ លះបង់នូវសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតាមកាលគួរ ពោលពាក្យ​ពិត ពោលពាក្យជាអត្ថ ពោលពាក្យជាធម៌ ពោលពាក្យជាវិន័យ ពោលសំដីដែលគួរ​កប់ទុក ក្នុងហឫទ័យ ជាសំដីប្រកបដោយហេតុ ប្រកបដោយគ្រឿង​ប្រៀបធៀប ដោយកាលគួរ មានដើម មានចុង ប្រកបដោយប្រយោជន៍។ បុគ្គលនោះ វៀរចាក​ការផ្តិលផ្តាច់ នូវពីជគាម និងភូតគាម ជាអ្នកបរិភោគភត្តតែ១ពេល វៀរចាកការ​បរិភោគ​ក្នុងរាត្រី វៀរចាកការបរិភោគ​ក្នុងកាលខុស វៀរចាក​ការរាំ ច្រៀង ប្រគំ និងការមើលនូវ​ល្បែង​ផ្សេងៗ ដែលជាសត្រូវដល់សាសនា ជាអ្នកវៀរចាកការប្រដាប់តាក់តែង​រាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ជាអ្នកវៀរចាកការដេកលើទី​សេនាសនៈខ្ពស់ និងទីសេនាសនៈប្រសើរ ជាអ្នកវៀរចាកការទទួល​នូវមាស និងប្រាក់ ជាអ្នកវៀរចាកការទទួល​នូវធញ្ញជាតិស្រស់ ជាអ្នកវៀរចាកការទទួលនូវ​សាច់​ស្រស់ ជាអ្នកវៀរចាកការទទួលនូវស្រី និងនាងកុមារិកា ជាអ្នកវៀរចាកការទទួលនូវខ្ញុំ​ស្រី និងខ្ញុំ​ប្រុស ជាអ្នកវៀរចាកការទទួលនូវពពែ និងចៀម ជាអ្នកវៀរចាកការទទួល​នូវមាន់ និងជ្រូក ជាអ្នកវៀរចាកការទទួលនូវដំរី គោ សេះ លាឈ្មោល និងញី ជាអ្នកវៀរចាកការ​ទទួលនូវស្រែនិងចម្ការ ជាអ្នកវៀរចាកកិរិយាប្រកបរឿយៗ នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យ​បណ្តាំរបស់គ្រហស្ថ ជាអ្នកវៀរចាកកិរិយាលក់ដូរ ជាអ្នកវៀរចាកការ​ឆបោក ដោយជញ្ជីង ឆបោកដោយភាជន៍មាស ទាំង​ឆបោកដោយរង្វាស់រង្វាល់ ជាអ្នកវៀរ​ចាក​កិរិយា​សើរើ បញ្ឆោត បន្លំ និងកោងកាច ជាអ្នកវៀរចាកកិរិយាកាត់ សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់កំហែងយកទ្រព្យ។ បុគ្គលនោះ ជាអ្នកសន្តោស ដោយចីវរ គ្រាន់តែការពារនូវកាយ សន្តោសដោយបិណ្ឌបាត គ្រាន់តែរក្សានូវផ្ទៃ បើទៅក្នុង​ទីណាៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ។ ដូចជាបក្សីសកុណជាតិ បើហើរទៅក្នុងទីណាៗ មានតែទម្ងន់ស្លាបទៅក្នុងទីនោះៗ យ៉ាង​ណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ គ្រាន់តែរក្សានូវកាយ សន្តោសដោយបិណ្ឌបាត គ្រាន់តែរក្សានូវផ្ទៃ បើទៅក្នុងទីណាៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ រមែងបានតែ​សេចក្តី​សុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូប​ដោយភ្នែក មិនកាន់យកនូវ​និមិត្ត មិនកាន់យកនូវ​អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមភិក្ខុនុ៎ះ ព្រោះកិរិយាមិនសង្រួមនូវចក្ខុន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បី​សង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ។ ភិក្ខុនោះ ឮសំឡេងដោយត្រចៀក… ធំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវ​ផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ដោយចិត្ត ក៏មិនកាន់​យកនូវនិមិត្ត មិនកាន់យក​នូវ​​​អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមភិក្ខុនុ៎ះ ព្រោះកិរិយាមិនសង្រួមនូវមនិន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បី​សង្រួមនូវមនិន្ទ្រិយ​នោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ ប្រកបដោយការ​សង្រួម នូវឥន្ទ្រិយដ៏ប្រសើរនេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនលាយ​ឡំ ដោយកិលេស ក្នុងសន្តាន។ ភិក្ខុនោះ កាលឈានទៅមុខ ឬឈានថយក្រោយ ក៏ដឹងខ្លួន កាលមើលទៅមុខ ឬមើលទៅទិសផ្សេងៗ ក៏ដឹងខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏ដឹង​ខ្លួន កាលទ្រទ្រង់ នូវសង្ឃាដិ បាត្រ ចីវរ ក៏ដឹងខ្លួន កាលស៊ី ផឹក ទំពាស៊ី ទទួលរស ក៏ដឹងខ្លួន កាលបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ក៏ដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬស្ងៀម ក៏ដឹងខ្លួន (ទាំងអស់)។

[៥៦] ភិក្ខុនោះ ប្រកបព្រមដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបព្រមដោយការ​សង្រួម នូវឥន្ទ្រិយដ៏ប្រសើរនេះផង ប្រកបព្រមដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរ​នេះផង ស្វែងរក​តែទីសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ​ពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់សតិឲ្យ​មានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ លះបង់នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចេញចាកអភិជ្ឈា ជម្រះចិត្តឲ្យ​ស្អាត ចាកអភិជ្ឈា លះបង់នូវ​ព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះ ដល់សព្វសត្វដោយ​ប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿង​ប្រទូស្ត លះបង់នូវថីនមិទ្ធៈ ប្រាសចេញចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យ​ស្អាត ចាកថីនមិទ្ធៈ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ មិនមានសេចក្តីរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់នូវវិចិកិច្ឆា មានវិចិកិច្ឆាកន្លងហើយ មិនមានសេចក្តីងឿងឆ្ងល់ ក្នុង​កុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។

[៥៧] លុះភិក្ខុនោះ លះបង់នីវរណៈទាំង៥យ៉ាងនេះ ដែលជាឧបក្កិលេសរបស់​ចិត្ត ជាធម្មជាតធ្វើបញ្ញា ឲ្យមានកំឡាំងថយបានហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លុះ​រម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុង​សន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺមានសភាពជាចិត្តខ្ពស់ឯក ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិប៉ុណ្ណោះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លុះ​មានចិត្តនឿយណាយ ចាកបីតិផង ប្រកបដោយ​ឧបេក្ខាផង ថែមទាំងមានសតិ និងសម្បជញ្ញៈផង សោយនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ធម្មតាបុគ្គល​ដែលបាននូវតតិយជ្ឈានហើយ រមែង​ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿង​នៅជាសុខដូច្នេះ ព្រោះហេតុនៃតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ទើប​សម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤ លុះលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ទើបបានដល់​នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានស្មារតីបរិសុទ្ធដោយ​ឧបេក្ខាវេទនា ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។

[៥៨] កាលបើចិត្តរបស់ភិក្ខុនោះ តាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញារលឹកឃើញនូវ​លំដាប់ខន្ធ ដែលអាស្រ័យនៅក្នុងកាលមុន ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាស គឺលំដាប់​ខន្ធដែលអាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ គឺរលឹកឃើញបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ រហូតដល់អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្បខ្លះ និងអនេកសំវដ្តវិវដ្តកប្បខ្លះ ភិក្ខុនោះដឹងថា អាត្មាអញ បានកើត​ក្នុងទី​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រកូលយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ​យ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ​ ច្យុតអំពីទីនោះហើយ បានទៅកើត​ក្នុងទីឯណោះទៀត លុះអាត្មាអញ​ទៅកើតក្នុងទីនោះហើយ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រកូលយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ​យ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ​ ច្យុតអំពីទីនោះ ក៏បានមកកើត​ក្នុងទីនេះ ភិក្ខុនោះ រលឹកឃើញនូវ​បុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺរូប និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ។

[៥៩] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ ឥតមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺប្រាជ្ញាដឹង នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ភិក្ខុនោះ មានចក្ខុទិព្វ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ក៏បាន​ឃើញនូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ អាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ ភិក្ខុនោះ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្ត​ទៅតាម​កម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត។បេ។ តិះដៀលនូវ​ព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់អំពើដែលយល់ខុស លុះសត្វទាំងអម្បាល​នោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងចូលទៅកើត ក្នុងកំណើតនៃ​តិរច្ឆាន ប្រេត អសុរកាយ និងនរក អើហ្ន៎ ចំណែកសត្វពួកនេះ ប្រកបដោយកាយសុចរិត​។បេ។ ជាសត្វមិនតិះដៀល នូវ​ព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់​នូវ​អំពើ​ដែលយល់ត្រូវ លុះសត្វទាំងអម្បាល​នោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងទៅកាន់សុគតិសួគ៌ទេវលោក ភិក្ខុនោះ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ រមែងដឹង​នូវពួកសត្វ ប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនេះឯង។

[៦០] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធ ជាចិត្តផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាជាគ្រឿងដឹងនូវធម៌ ដែលធ្វើ​នូវអាសវៈឲ្យអស់ទៅ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុ​ឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសភាពរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិទៅកាន់​ទីរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជា​អាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុ​ឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសភាពរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិទៅកាន់​ទីរលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្ត​រួចផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ក៏កើតមានប្រាកដ មួយទៀត ភិក្ខុដឹងច្បាស់ថា ជាតិរបស់អញអស់ហើយ ព្រហ្មចរិយធម៌ សម្រេចហើយ កិច្ច​ដែលត្រូវធ្វើ ក៏បានធ្វើ​ស្រេចអស់ហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលមិនកំដៅខ្លួនឯង ទាំង​មិនប្រកបការព្យាយាមកំដៅ​ខ្លួនឯង មិនកំដៅអ្នកដទៃ ទាំងមិនប្រកប​ការព្យាយាម​កំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង ទាំងមិនកំដៅអ្នកដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរលត់​ទុក្ខ ត្រជាក់ត្រជុំ សោយសេចក្តីសុខ មានខ្លួនប្រសើរ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក្នុងបច្ចុប្បន្ននេះឯង។

[៦១] កាលដែលឧទេនភិក្ខុ ពោលយ៉ាងនេះរួចហើយ ឃោដមុខព្រាហ្មណ៍ បាននិ​យាយ​នឹងឧទេនភិក្ខុមានអាយុ ដូច្នេះថា បពិត្រឧទេនដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រ​ឧទេន​ដ៏ចម្រើន ភ្លឺច្បាស់ណាស់ ធម៌ដែលលោកម្ចាស់​ឧទេនដ៏ចំរើន សំដែងដោយ​អនេក​បរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែល​បិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ​ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា បុរសមានចក្ខុ រមែងឃើញរូបទាំងឡាយបាន ខ្ញុំសូមដល់​នូវ​ព្រះឧទេនដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងអំពី​ថ្ងៃនេះទៅ សូមព្រះឧទេនដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវ​សរណគមន៍ ស្មើដោយជីវិត។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ អ្នកកុំយកអាត្មាជាទី​ពឹងឡើយ អាត្មាយកព្រះមានព្រះភាគអង្គណាជាទីពឹង អ្នកចូរយកព្រះមានព្រះភាគ​អង្គនោះជាទីពឹងចុះ។ ឃោដមុខព្រាហ្មណ៍សួរថា បពិត្រព្រះឧទេនដ៏ចំរើន ចុះឥឡូវ​នេះ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ គង់នៅក្នុងទីណា។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ ព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិនិព្វានទៅហើយ។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើន អង្គនោះ គង់ក្នុងទី ចំនួន​១០យោជន៍ យើងខ្ញុំគួរទៅកាន់ទី ចំនួន១០​យោជន៍ ដើម្បីចួបនឹងព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើនអង្គនោះ គង់ក្នុងទី ចំនួន២០យោជន៍… ក្នុងទីចំនួន៣០យោជន៍… ក្នុងទីចំនួន៤០យោជន៍… ក្នុងទីចំនួន៥០យោជន៍ យើងខ្ញុំ ក៏គួរទៅកាន់ទីចំនួន៥០​យោជន៍ ដើម្បីចួបនឹង​ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើន អង្គនោះ គង់ក្នុងទី ចំនួន១០០យោជន៍ យើងខ្ញុំ ក៏គួរតែទៅកាន់ទី ចំនួន១០០​យោជន៍ ដើម្បីចួបនឹង​ព្រះគោតមដ៏ចំរើន ជា​អរហន្ត​សម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន កាលបើព្រះគោតមដ៏ចំរើន ព្រះអង្គ​បរិនិព្វានទៅហើយ ក៏យើងខ្ញុំសូមដល់នូវ​ព្រះគោតមដ៏ចំរើនអង្គនោះ ដែលព្រះអង្គ​បរិនិព្វានទៅហើយផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូម​ព្រះឧទេន​ដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ បពិត្រព្រះឧទេនដ៏ចំរើន ព្រះរាជាក្នុងដែនអង្គៈ ទ្រង់ប្រទាន​និច្ចភិក្ខា ដល់ខ្ញុំព្រះករុណាតែសព្វៗថ្ងៃ ខ្ញុំព្រះករុណា សូមប្រគេននិច្ចភិក្ខាមួយចំណែក អំពីនិច្ចភិក្ខានោះ ដល់ព្រះឧទេនដ៏ចំរើន។

[៦២] ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះព្រះបាទអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខា​ប៉ុន្មាន ដល់អ្នកសព្វៗថ្ងៃ។ ឃោដមុខព្រាហ្មណ៍ តបថា បពិត្រព្រះឧទេនដ៏ចំរើន ព្រះបាទ​អង្គៈ ទ្រង់ប្រទាន​៥០០កហាបណៈ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ យើងមិនគួរ​ទទួល​មាសនិងប្រាក់ទេ។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រព្រះឧទេនដ៏ចំរើន បើមាសប្រាក់​នោះមិនគួរ ខ្ញុំព្រះករុណា នឹងឲ្យជាងធ្វើវិហារ ប្រគេនលោកម្ចាស់ឧទេនដ៏ចំរើន។ ឧទេន​ភិក្ខុតបថា ម្នាលព្រាហ្មណ៍ បើអ្នកចង់ឲ្យជាងធ្វើវិហារឲ្យអាត្មា ចូរឲ្យជាងសង់ឧបដ្ឋាន​សាលាប្រគេនសង្ឃ នៅក្នុងក្រុងបាដលិបុត្តវិញចុះ។ ឃោដមុខព្រាហ្មណ៍ ពោលថា លោកម្ចាស់ឧទេនដ៏ចំរើនបបួលខ្ញុំព្រះករុណា ឲ្យធ្វើទានចំពោះសង្ឃ ដោយហេតុណា ខ្ញុំ​ព្រះករុណាមានចិត្តត្រេកអរ រីករាយពន់ប្រមាណ ចំពោះលោកម្ចាស់ឧទេនដ៏ចំរើន ដោយហេតុនេះ បពិត្រលោកម្ចាស់ឧទេនដ៏ចំរើន ខ្ញុំព្រះករុណានេះ នឹងឲ្យជាងធ្វើ​ឧបដ្ឋានសាលាប្រគេនសង្ឃ ក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានេះផង ដោយនិច្ចភិក្ខា​ដទៃផង។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ ក៏ឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃ ក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានុ៎ះផង ដោយនិច្ចភិក្ខាដទៃផង។ ឥឡូវនេះ សាលា​នោះ គេហៅថា ឃោដមុខី។

ចប់ ឃោដមុខសូត្រ ទី៤។

 

លេខយោង

1)
ត្រូវថែមពាក្យថា មានជ័រជាអាហារខ្លះ ដូច្នេះ ទៅក្នុង​សៀវភៅទី២០ ទំព័រ២៩៣ បន្ទាត់ទី១៧ និងក្នុងសៀវភៅទី២៣ ទំព័រទី១៣ បន្ទាត់ទី១០ ឲ្យដូចជាសៀវភៅនេះផងចុះ ហើយត្រូវថែមបាលីថា និយាសភក្ខោ វា ហោតិ ក្នុងទំព័រ​ខាងបាលី ត្រង់កន្លែងនេះផង។
2)
ត្រូវកែសព្ទដែលថា សំបកផ្លែឈើ ក្នុងសៀវភៅទី២០ ទំព័រ២៩៤ បន្ទាត់ទី៩ និងសៀវភៅ​ទី២៣ ទំព័រទី១៤ បន្ទាត់ទី៤ មកជាសព្ទថា ចំរៀកក្តារ ដូច្នេះវិញ។
3)
ត្រូវកែសព្ទថា ដកសក់ និងពុកមាត់ ក្នុងសៀវភៅទី១៥ ទំព័រទី៩០ បន្ទាត់ទី៤ មកជាសព្ទថា ទុកសក់ និងពុកមាត់ ដូច្នេះវិញ។
km/tipitaka/sut/mn/sut.mn.094.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann