User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.095



ចង្កីសូត្រ ទី៥

សង្ខេប

សៀវភៅ​ គម្ពីរ​ ក្បួន​តម្រា​ ជា​ប្រភព​​នៃ​ពុទ្ធិ​ ប៉ុន្តែ​មិន​មែន​រាល់​ពុទ្ធិ​ទាំង​អស់​ សុទ្ធ​តែ​ទទួល​បាន​ពីសៀវភៅ​ គម្ពីរ​ ក្បួន​តម្រា​នោះ​ទេ​ ជាពិសេស​ ការ​រក្សា​សច្ចៈ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ ការ​កើត​សច្ច​ធម៌ ប្រកប​ដោយ​បញ្ញាញាណ។

mn 095 បាលី cs-km: sut.mn.095 អដ្ឋកថា: sut.mn.095_att PTS: ?

(ទី៥) ចង្កីសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. ចង្កីសុត្តំ)

[៦៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ក៏បានដល់​ទៅ​ស្រុក​ព្រាហ្មណ៍ ឈ្មោះឱបាសាទ របស់ដែនកោសល។ ដំណឹងនោះឮថា ព្រះមានជោគ ទ្រង់គង់​​ក្នុង​សាលវ័ន ជាទេវវ័ន1) នៅខាងជើង​ឱបាសាទ​គ្រាម ជិត​ឱបាសាទគ្រាម។ ក្នុងសម័យ​នោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះ​ចង្កី នៅអាស្រ័យ​នឹង​ឱបាសាទគ្រាម ដែល​ជា​ស្រុក​កុះករដោយសត្វ និងមនុស្ស បរិបូណ៌​ដោយ​ស្មៅ ឧស និងទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជាស្រុក​ព្រះរាជទ្រព្យ ដែលព្រះរាជា​បសេនទិកោសល ទ្រង់ព្រះ​រាជទាន​ ជាព្រះរាជ​អំណោយ​ដ៏ប្រសើរ គឺទ្រង់​ប្រទាន​ដោយ​ដាច់ខាត។

[៦៤] ពួកព្រាហ្មណ៍ និងគហបតីនៅក្នុងឱបាសាទគ្រាម បានឮដំណឹងថា ព្រះសមណ​គោតម ជាសក្យ​បុត្រ ទ្រង់​ចេញ​ចាក​សក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធ​ដំណើរ​​មកកាន់​ចារិក ក្នុងដែន​កោសល ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន បានដល់មក​ឱបាសាទ​គ្រាម ឥឡូវនេះ មកគង់​ក្នុង​ឱបាសាទគ្រាម ក្នុងសាល​វ័នជា​ទេវវ័ន នៅខាង​​ជើង​ឱបាសាទគ្រាម កិត្តិសព្ទ​ល្អ នៃ​ព្រះគោតម​ដ៏ចំរើន អង្គ​នោះ ឮល្បី​ខ្ចរខ្ចាយ សុះសាយ​យ៉ាងនេះ​ថា ព្រះមាន​ជោគ​អង្គនោះ ព្រះអង្គ​ឆ្ងាយចាក​សេចក្តីសៅហ្មង​គ្រប់យ៉ាង ព្រះអង្គត្រាស់​ដឹង​នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តី​ចេះដឹង និងក្រឹត្យ​ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គ​មានព្រះដំណើរ​​ល្អទៅកាន់​ព្រះនិព្វាន ព្រះអង្គ​ជ្រាបច្បាស់​នូវត្រៃលោក ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ព្រះអង្គ​ជាអ្នកទូន្មាននូវបុរស ដែលគួរ​ទូន្មានបាន ព្រះអង្គ​​ជាគ្រូនៃទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គ​​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ព្រះអង្គ​​លែងវិល​ត្រឡប់​មក​កាន់​ភពថ្មីទៀត ព្រះអង្គ​បាន​ធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក នូវ​ពពួក​សត្វ ព្រមទាំង​​សមណៈ និងព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ហើយ​ប្រកាស ទ្រង់​សំដែងធម៌ មានលំអ​បទដើម មានលំអ​បទ​កណ្តាល និងបទចុង ព្រះអង្គ​ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធ​ទាំងអស់ ក៏ដំណើរ​ដែលបាន​ឃើញ បានចួប​​នឹង​ព្រះអរហន្ត​ទាំងឡាយ មានសភាព​យ៉ាងហ្នឹង ជាការ​ប្រពៃ​ពេក។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី នៅក្នុង​ឱបាសាទគ្រាម ចេញអំពី​ឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះ​ទៅកាន់​ឧត្តរទិស សំដៅ​ទៅកាន់​​សាលវ័ន ជាទេវវ័ន។ ក៏សម័យ​នោះឯង ចង្កីព្រាហ្មណ៍ ចូលទៅ​ដេក​ក្នុង​វេលាថ្ងៃ ឰដ៏ប្រាសាទ​ជាន់ខាងលើ។

[៦៥] ចង្កីព្រាហ្មណ៍ បានឃើញ​ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពី​ឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស ដើរ​ត្រសង​ទៅកាន់​សាលវ័ន ជាទេវវ័ន លុះឃើញ​ហើយ ក៏និយាយ​ទៅរក​ខត្តាមាត្យ​ថា ម្នាល​ខត្តៈ ចុះហេតុដូចម្តេច បានជា​ពួកព្រាហ្មណ៍ និងគហបតី នៅក្នុង​ឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស ដើរ​ត្រសង​ទៅកាន់​សាលវ័ន ជាទេវវ័ន។ ខត្តាមាត្យ​ជំរាបថា បពិត្រ​លោក​ចង្កី​ដ៏ចំរើន មាន​ព្រះសមណ​គោតម ជាសក្យ​បុត្រ ចេញ​ចាក​សក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធ​ដំណើរ​មកកាន់​ចារិក ក្នុងដែនកោសល ព្រម​ដោយ​ភិក្ខុសង្ឃ ជាច្រើន ឥឡូវ បានមកដល់​​ឱបាសាទគ្រាម ទ្រង់គង់​នៅក្នុង​សាលវ័ន ជាទេវវ័ន ក្បែរ​ឱបាសាទគ្រាម ជាខាងជើង​នៃ​ឱបាសាទគ្រាម ក៏កិត្តិសព្ទល្អ នៃព្រះគោតម​ដ៏ចំរើននោះ ឮល្បីខ្ចរខ្ចាយ សុះសាយ​មក យ៉ាងនេះថា ព្រះមានព្រះភាគ​អង្គនោះ ជាអហរន្ត​សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌​​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវ​លោក ជាបុគ្គល​​ប្រសើរ​បំផុត ជាសារថី​ទូន្មាននូវបុរស ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គ​​បាន​ត្រាស់​ដឹង​​នូវ​ចតុរារិយ​សច្ច ព្រះអង្គ​​លែងវិល​មក​កាន់​ភពថ្មីទៀត ពួកព្រាហ្មណ៍ និងគហបតី​ទាំងនុ៎ះ ដើរចូល​ទៅ​ដើម្បី​គាល់ព្រះគោតម​ដ៏ចំរើន។ ចង្កីព្រាហ្មណ៍​និយាយថា ម្នាល​ខត្តៈដ៏ចំរើន បើដូច្នោះ អ្នកចូរចូល​ទៅរក​​ពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុង​ឱបាសាទគ្រាម លុះចូល​ទៅដល់ហើយ និយាយ​នឹងពួក​ព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុង​ឱបាសាទ​គ្រាម យ៉ាងនេះថា ម្នាលអ្នក​ទាំងឡាយ​ដ៏ចំរើន ចង្កីព្រាហ្មណ៍ បាននិយាយ​យ៉ាងនេះថា សូមឲ្យ​អ្នកដ៏ចំរើន​ទាំងឡាយ រង់ចាំ​បន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់​​ព្រះសមណ​គោតមដែរ។ ខត្តាមាត្យនោះ ទទួលពាក្យ​ចង្កីព្រាហ្មណ៍​ថា បាទ លោកដ៏ចំរើន រួចចូលទៅ​រកពួកព្រាហ្មណ៍ និងគហបតី ដែលនៅ​​ក្នុង​ឱបាសាទគ្រាម លុះចូល​ទៅដល់​ហើយ បានពោល​ទៅរកពួក​ព្រាហ្មណ៍ គហបតី ដែលនៅ​​ក្នុងឱបាសាទគ្រាម ដូច្នេះថា ម្នាលអ្នក​ដ៏ចំរើន​ទាំងឡាយ ចង្កីព្រាហ្មណ៍ និយាយ​យ៉ាង​នេះ​​ថា សូមឲ្យ​អ្នកទាំងឡាយ រង់ចាំបន្តិច​សិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅ​គាល់​​ព្រះគោតមដែរ។

[៦៦] ក៏សម័យនោះឯង បណ្តាពួកព្រាហ្មណ៍ ដែលមកអំពីដែន​ដទៃផ្សេងៗ មានពួក​ព្រាហ្មណ៍ ​ចំនួន៥០០នាក់ នៅអាស្រ័យ​ក្នុង​ឱបាសាទគ្រាម ដោយកិច្ចណា​នីមួយៗ។ ពួកព្រាហ្មណ៍​ទាំងនោះ បានឮថា ចង្កីព្រាហ្មណ៍ នឹងចូលទៅគាល់​ព្រះសមណ​គោតម។ ទើបព្រាហ្មណ៍​ទាំងនោះ នាំគ្នាចូលទៅរក​ចង្កីព្រាហ្មណ៍ ត្រង់កន្លែង​ដែលគាត់​នៅ លុះចូល​ទៅដល់ហើយ បាននិយាយទៅ​រក​ចង្កីព្រាហ្មណ៍ ដូច្នេះថា ឮថា ចង្កីដ៏ចំរើន នឹងចូល​ទៅគាល់​ព្រះសមណ​គោតម មែនឬ។ ចង្កីព្រាហ្មណ៍​ឆ្លើយថា ម្នាលអ្នកដ៏​ចំរើន​ទាំងឡាយ យ៉ាងហ្នឹងហើយ ខ្ញុំឯងនឹង​ទៅគាល់​ព្រះសមណ​គោតម​មែន។ ពួកព្រាហ្មណ៍​និយាយឃាត់ថា ចង្កីដ៏ចំរើន កុំចូលទៅគាល់​ព្រះសមណ​គោតម​​ឡើយ ចង្កីដ៏ចំរើន មិនគួរ​ចូលទៅគាល់​ព្រះសមណគោតមទេ គួតែ​ព្រះសមណគោតម ចូលមកចួប​នឹងចង្កី​ដ៏ចំរើនវិញ ដ្បិត​ចង្កីដ៏ចំរើន មានកំណើត​បរិសុទ្ធទាំងពីរ​ចំណែក គឺ​ខាងមាតា និងខាង​បិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណ នៃជីដូន​ជីតា​​ជា​គំរប់​៧មក មិនមានអ្នក​ណាមួយ រិះគន់ តិះដៀល ដោយពោល​ដល់ជាតិកំណើត​បានឡើយ ចង្កីដ៏ចំរើន មានកំណើត​បរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាក​គភ៌​​ដ៏បរិសុទ្ធ តាំងអំពី​តំណ​នៃជីដូន​ជីតា ជាគំរប់៧មក មិនមានអ្នក​ណាមួយ រិះគន់ តិះដៀល ដោយ​ពោល​ដល់​ជាតិកំណើត​បានឡើយ ដោយហេតុណា ហេតុនោះ បានជាចង្កីដ៏ចំរើន មិនគួរចូល​ទៅគាល់​ព្រះសមណ​គោតម​ទេ គួរតែ​ព្រះសមណគោតម​ចូលមកចួប​នឹងចង្កី​ដ៏ចំរើន​វិញ មួយទៀត ចង្កីដ៏​ចំរើន ជាអ្នក​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានគ្រឿង​បរិភោគ​ច្រើន មិនតែប៉ុណ្ណោះ ចង្កីដ៏ចំរើន ចេះចប់​ត្រៃវេទ ព្រមទាំង​គម្ពីរ​និឃណ្ឌុ និងគម្ពីរ​កេដុភៈ ព្រមទាំង​អក្ខរប្បភេទ គឺ​សិក្ខា និង​និរុត្តិ ដែលមាន​គម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់​នូវបទ និងវេយ្យាករណ៍ ជាអ្នកមិន​ឱនថយ គឺស្ទាត់ជំនាញ ក្នុង​លោកាយតសាស្ត្រ និង​មហាបុរិសលក្ខណ​​ព្យាករណសាស្ត្រ មួយទៀត ចង្កីដ៏ចំរើន មានរូបល្អ គួរពិត​ពិល​រមិលមើល គួរជាទីជ្រះថ្លា ប្រកប​ដោយពណ៌​សម្បុរ​ដ៏ល្អក្រៃលែង មានព្រះវ័ណ្ណ ស្រដៀង​នឹងព្រហ្ម មានសរីរៈ​ស្រដៀងគ្នា​នឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់​មើលមិនលែង មួយទៀត ចង្កីដ៏ចំរើន ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយ​សីលដ៏ចំរើន មួយទៀត ចង្កីដ៏ចំរើន មាន​សំដីពីរោះ និយាយ​សំដីពីរោះ ប្រកបដោយ​សំដីអ្នកក្រុង ជាសំដី​ច្បាស់លាស់ ប្រាសចាក​ទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្ត​​សេចក្តី​ជាក់លាក់​បាន មួយទៀត ចង្កីដ៏ចំរើន ជាអាចារ្យ ជាប្រធាន​លើអាចារ្យ​នៃពួក​ជនច្រើន បាន​បង្រៀន​មន្ត​មាណព ៣០០នាក់ មួយទៀត ចង្កីដ៏ចំរើន ព្រះបាទ​បសេនទិកោសល តែង​ធ្វើ​សក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជា កោតក្រែង ទាំង​បោក្ខរសាតិ​ព្រាហ្មណ៍ ក៏តែងធ្វើ​សក្ការៈ ធ្វើសេចក្តី​​គោរព រាប់អាន បូជា កោតក្រែង​ចង្កីដ៏ចំរើន​ដែរ មួយទៀត ចង្កីដ៏ចំរើន នៅគ្រប់​គ្រង​ឱបាសាទគ្រាម ដែលជា​ស្រុកកុះករ ដោយ​មនុស្ស និងសត្វ សម្បូណ៌​ដោយស្មៅ ឧស និងទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជាស្រុក​ព្រះរាជ​ទ្រព្យ ដែល​ព្រះបាទ​បសេនទិកោសល ប្រទាន ជាព្រះរាជ​អំណោយ​ដ៏ប្រសើរ គឺទ្រង់​ប្រទាន​ដោយ​ដាច់ខាត ចង្កីដ៏ចំរើន នៅគ្រប់​គ្រង​ឱបាសាទគ្រាម ដែលជា​ស្រុកកុះករ​ដោយ​មនុស្ស និងសត្វ សម្បូណ៌​ដោយ​ស្មៅ ឧស និងទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជាស្រុក​ព្រះរាជ​ទ្រព្យ ដែល​ព្រះបាទ​បសេនទិកោសល ប្រទាន ជាព្រះរាជ​អំណោយ​ដ៏ប្រសើរ គឺព្រះរាជ​ទាន​ដោយ​ដាច់ខាត ដោយ​ហេតុណា ហេតុ​នេះ បាន​ជាថា ចង្កីដ៏ចំរើន មិនគួរ​ចូលទៅ​ចួបនឹង​ព្រះសមណគោតម​ឡើយ គួរតែ​ព្រះសមណ​គោតម ចូលមក​ចួបនឹងចង្កី​ដ៏ចំរើន​វិញ។

[៦៧] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏និយាយ​នឹង​ព្រាហ្មណ៍​ទាំងនោះ យ៉ាងនេះថា នែអ្នក​ដ៏ចំរើន បើដូច្នោះ ចូរស្តាប់​ពាក្យខ្ញុំ​សិនថា បើទុកជា​យ៉ាងណាៗ ក៏គួរតែ​យើងចូល​ទៅគាល់​ព្រះសមណ​គោតមនោះ​វិញ មិនគួរ​ឲ្យ​ព្រះគោតម​ដ៏ចំរើននោះ ចូលមក​ចួបនឹង​យើងទេ នែអ្នក​ទាំងឡាយ​ដ៏ចំរើន ឮថា ព្រះសមណ​គោតម មានជាតិ​បរិសុទ្ធ​ទាំងពីរ​ចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូត​ចាកគភ៌​ដ៏បរិសុទ្ធ តាំងពី​តំណ​នៃ​ព្រះអយ្យកោ អយ្យិកា ជាគំរប់​៧មក មិនមាន​អ្នកណា​តិះដៀល ដោយ​ពោល​ដល់​ជាតិកំណើត​បានឡើយ ព្រះសមណគោតម មានជាតិ​ដ៏ល្អ ទាំងពីរ​ចំណែក។បេ។ ដោយពោល​ដល់ជាតិ​កំណើត​បានឡើយ ដោយ​ហេតុ​ណា ហេតុនេះ មិនគួរ​ឲ្យ​ព្រះគោតម​ដ៏ចំរើន​នោះ ចូលមក​ចួបនឹង​យើងទេ គួរតែ​យើង​រាល់គ្នា ចូលទៅ​គាល់ព្រះគោតម​ដ៏ចំរើននោះ ដោយពិត នែអ្នក​ទាំងឡាយ​ដ៏ចំរើន ឮថា ព្រះសមណ​គោតម ទ្រង់លះបង់​មាសប្រាក់​​មាន​ប្រមាណ​​ច្រើន ដែលឋិត​នៅលើ​ផែនដី ទាំងឋិត​នៅ​ក្នុងវេហាស៍ គឺក្នុង​ប្រាសាទ​ជាន់លើ ហើយចេញ​​ទៅទ្រង់​ព្រះផ្នួស នែគ្នា​យើង ឮថា​ព្រះសមណ​គោតម ព្រះអង្គ​ជាកម្ល៉ោះ​នៅឡើយ មាន​ព្រះកេសា​ខ្មៅស្រិល ប្រកប​ដោយ​វ័យដ៏ចំរើន គឺបឋមវ័យ ទ្រង់ចេញចាក​គេហដ្ឋាន ចូលទៅ​កាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណ​គោតម កាលព្រះវរ​មាតាបិតា មិនពេញ​ព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុង​មានព្រះភក្ត្រ​ជោកជាំ ដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែង​សោយសោក ព្រះអង្គ ទ្រង់ដាក់​ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះ​កាសាវ​ពស្ត្រ ហើយចេញ​ចាកគេហដ្ឋាន ចូលទៅ​កាន់ផ្នួស នែគ្នា​យើង ឮថា ព្រះសមណគោតម មានព្រះ​រូបល្អ គួរឲ្យ​រមិលមើល គួរជាទី​ជ្រះថ្លា ប្រកបដោយ​ព្រះវណ្ណៈ​ដ៏ល្អក្រៃលែង មានព្រះវណ្ណៈ​ស្រដៀង​នឹងព្រហ្ម មានព្រះសរីរៈ​ស្រដៀង​នឹងព្រហ្ម មាន​ព្រះសព៌ាង្គ​រាងកាយ គួរឲ្យចង់​មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណ​គោតម ទ្រង់មាន​សីល មានសីល​ដ៏ប្រសើរ មានសីល​​ជា​កុសល ប្រកប​ដោយ​សីលជា​កុសល នែគ្នាយើង ឮថា ព្រះសមណ​គោតម មាន​ព្រះវាចា​​ពីរោះ មានព្រះពុទ្ធ​ដីកា​ដ៏ពីរោះ ប្រកបដោយ​វាចាជា​របស់​អ្នកក្រុង ជាព្រះវាចា​​ច្បាស់លាស់​​ប្រាសចាកទោស អាចញុំាង​អ្នកស្តាប់​ឲ្យចូលចិត្ត​សេចក្តីច្បាស់​លាស់បាន នែគ្នាយើង ឮថា ព្រះសមណគោតម ជាអាចារ្យ ជាប្រធាន​លើអាចារ្យ​របស់ពួកជនច្រើន នែគ្នាយើង ឮថា ព្រះសមណគោតម អស់កាមរាគៈ​ហើយ ប្រាសចាក​សេចក្តីស្រើប​ស្រាល​​ហើយ នែគ្នាយើង ឮថា ព្រះសមណ​គោតម ជាកម្មវាទី ជាកិរិយ​វាទី ព្រះអង្គ ទ្រង់ធ្វើ​ធម៌ដែល​គ្មានបាប ទុកជា​ខាងមុខ ក្នុងពួក​ព្រាហ្មណ៍ និងពួក​សត្វ នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាក​ត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូល​ក្សត្រិយ៍ មិនលាយច្រឡំ ហើយមក​ទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាក​ត្រកូល​ដ៏​ស្តុក​ស្តម្ភ មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ពួកមនុស្ស អ្នកនៅ​ដែនក្រៅ អ្នកនៅ​ជនបទក្រៅ តែងនាំគ្នា​មកសាក​សួរព្រះសមណ​គោតម នែគ្នាយើង ឮថា ទេវតាច្រើន​ពាន់ បានដល់​ព្រះសមណគោតម ជាទីពឹង ស្មើដោយ​ជីវិត នែគ្នាយើង ឮថា កិត្តិសព្ទ​ល្អ នៃព្រះសមណ​គោតម ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាង​នេះថា ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ជា​ព្រះសុគត ជ្រាបច្បាស់​នូវត្រៃលោក ប្រសើរ​បំផុត ជាសារថី ទូន្មាន​នូវបុរស ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ បានត្រាស់​ដឹងនូវ​ចតុរារិយសច្ចធម៌ ទ្រង់លែង​វិលមកកាន់​ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណ​គោតម ប្រកប​ដោយ​​មហាបុរិសលក្ខណៈ ៣២ប្រការ នែគ្នា​យើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំង​ព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់​ព្រះសមណ​គោតម ជាទីពឹង ស្មើដោយ​ជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល ព្រមទាំង​​ព្រះរាជបុត្រ ព្រះអគ្គ​មហេសី បានដល់​ព្រះសមណគោតម ជាទីពឹង ស្មើដោយ​ជីវិត នែគ្នា​យើង ឮ​ថា បោក្ខរសាតិ​ព្រាហ្មណ៍ ព្រមទាំងបុត្រ និងភរិយា បានដល់​ព្រះសមណ​គោតម ជាទីពឹង ស្មើដោយ​ជីវិត នែគ្នាយើង ឮថា ព្រះសមណ​គោតម ស្តេចមក​ដល់​ឱបាសាទគ្រាម​ហើយ ឥឡូវនេះ គង់នៅ​ក្នុងសាលវ័ន ជាទេវវ័ន ជាខាង​ជើង​ឱបាសាទគ្រាម ជិតឱបាសាទគ្រាម ពួកសមណៈ ឬព្រាហ្មណ៍ ណាមួយ ដែលមក​ដល់​គាមក្ខេត្ត របស់យើង​ហើយ ពួកសមណ​ព្រាហ្មណ៍​ទាំងនោះ សុទ្ធតែជា​ភ្ញៀវរបស់​យើង ភ្ញៀវហ្នឹងឯង ត្រូវតែ​យើង​ធ្វើ​សក្ការៈ គោរព រាប់អាន បូជា នែគ្នាយើង ក៏ព្រះសមណ​គោតម​នេះឯង ស្តេចមកដល់​ឱបាសាទគ្រាម​ហើយ ឥឡូវនេះ គង់ក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើង​ឱបាសាទគ្រាម ជិតឱបាសាទគ្រាម ឯព្រះសមណ​គោតម ជាភ្ញៀវ​របស់​យើង ភ្ញៀវហ្នឹងឯង ក៏ត្រូវតែ​យើងធ្វើសក្ការៈ គោរព រាប់អាន បូជា ដោយហេតុ​នេះហើយ បានជាមិនគួរ​ឲ្យព្រះសមណគោតម​ដ៏ចំរើននោះ ចូលមកចួប​នឹងយើងឡើយ តាមពិត គួរតែពួកយើង ចូលទៅគាល់​ព្រះសមណគោតម​ដ៏ចំរើននោះវិញ នែគ្នាយើង ខ្ញុំដឹងគុណ (ដែលគួរ​សរសើរ) របស់ព្រះគោតម​ដ៏ចំរើននោះ ត្រឹមតែប៉ុណ្ណេះឯង តែព្រះគោតម​ដ៏ចំរើននោះ មិនមែន​មានគុណ​ដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតម​ដ៏ចំរើននោះ មានគុណ នឹងរាប់ នឹងប្រមាណពុំបាន នែគ្នាយើង ព្រះគោតមដ៏ចំរើន​នោះ ទោះបីព្រះអង្គ​ប្រកបដោយ​អង្គតែមួយៗ ព្រះ​គោតមដ៏ចំរើន​នោះ ក៏មិនគួរ​នឹងចូល​មកចួប​នឹង​យើងទេ តាមពិត គួរតែពួកយើង ចូលទៅចួប​នឹង​ព្រះគោតម​ដ៏ចំរើន​នោះ​វិញ។ ពួកព្រាហ្មណ៍​​និយាយ​គ្នាថា នែគ្នា​យើង បើដូច្នោះ ពួកយើង​ទាំងអស់គ្នា នឹងនាំគ្នា​ចូលទៅគាល់​​ព្រះសមណគោតម។ ទើប​ចង្កី​ព្រាហ្មណ៍ ព្រមទាំង​ពួកព្រាហ្មណ៍​ច្រើននាក់ ចូលទៅគាល់​ព្រះសមណគោតម លុះចូលទៅ​ដល់ហើយ ក៏ពោលពាក្យ​សំណេះ​សំណាល ជាមួយនឹង​​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ​ដែលគួររីករាយ និងពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពោល​ពាក្យណាមួយ ទៅរក​ពួក​ព្រាហ្មណ៍​ចាស់ៗ លុះបញ្ចប់​ពាក្យដែលគួរ​រលឹកហើយ ក៏ទ្រង់គង់។

[៦៨] សម័យនោះឯង មានមាណពកំឡោះម្នាក់ ឈ្មោះ​កាបទិកៈ មានក្បាលកោរ មានអាយុប្រមាណ​ ១៦ឆ្នាំ អំពីកំណើត ចេះចប់ត្រៃវេទ ព្រមទាំង​គម្ពីរ​និឃណ្ឌុ និងគម្ពីរ​កេដុភៈ ព្រមទាំង​អក្ខរប្បភេទ គឺសិក្ខា និង​និវុត្តិ ដែលមាន​គម្ពីរ​​ឥតិហាសៈ ជាគំរប់៥ ជាអ្នក​ស្គាល់​នូវបទ និងវេយ្យាករណ៍ ជាអ្នក​មិនឱនថយ គឺស្ទាត់ជំនាញ ក្នុង​លោកាយត​សាស្ត្រ និង​​មហាបុរិស​លក្ខណ​ព្យាករណសាស្ត្រ អង្គុយនៅ​ក្នុង​ប្រជុំ​បរិស័ទនោះ។ មាណពនោះ ក៏និយាយស្កាត់​សំដីរបស់ពួក​ព្រាហ្មណ៍ចាស់ៗ ដែលកំពុង​តែប្រឹក្សា ទៅរក​ព្រះមានព្រះភាគ។ ទើបព្រះមានព្រះភាគ ទ្រង់ឃាត់​កាបទិកមាណព​ថា ភារទ្វាជៈ​មានអាយុ កុំនិយាយ​ស្កាត់សំដី​ របស់ពួក​ព្រាហ្មណ៍ចាស់ៗ ដែលកំពុង​តែប្រឹក្សាឡើយ ភារទ្វាជៈ​មានអាយុ ចូរបង្អង់ចាំឲ្យ​ចប់សំដី​គេសិន។

[៦៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏ក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតម​ដ៏ចំរើន កុំឃាត់​កាបទិកមាណព​ឡើយ ដ្បិត​​កាបទិកមាណព ជាកុលបុត្រផង ជាពហុស្សូតផង ​កាបទិកមាណព ជាបណ្ឌិតផង ​កាបទិកមាណព ជាអ្នកនិយាយ​ពាក្យពីរោះផង ​កាបទិកមាណព អាចនឹង​​ប្រឹក្សាក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតម​ដ៏ចំរើនបានផង។ ទើបព្រះមានជោគ មានព្រះតម្រិះ​យ៉ាង​នេះថា ​កាបទិកមាណព មុខជា​នឹងបាន​សម្រេចត្រៃវិជ្ជា ក្នុងព្រះពុទ្ធសាសនា​ដោយ​ពិត ព្រោះហេតុនោះ បានជាពួកព្រាហ្មណ៍ លើក​​កាបទិកមាណព​នោះជាត្រីមុខ។ គ្រានោះ ​កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាបើ​ព្រះសមណ​គោតម ទ្រង់ឆ្មៀង​ព្រះនេត្រ​មកចំភ្នែក​របស់អញ អញនឹងសួរប្រស្នា ចំពោះ​ព្រះសមណ​គោតម ក្នុងកាល​នោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​នូវ​បរិវិតក្កៈ ក្នុងចិត្ត​របស់​​​កាបទិកមាណព ដោយព្រះហឫទ័យ​របស់ព្រះអង្គហើយ ទើបឆ្មៀងព្រះនេត្រ ចំពោះ​ទៅរក​​កាបទិកមាណព។ គ្រានោះ ​កាបទិកមាណព មានសេចក្តី​ត្រិះរិះ យ៉ាងនេះ​ថា ព្រះសមណគោតម មើលមកអញ​ហើយតើ បើដូច្នោះ មានតែអញ​សួរប្រស្នា ចំពោះ​ព្រះសមណ​គោតម។ លំដាប់នោះ ​កាបទិកមាណព ក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម​ដ៏ចំរើន បទមន្តចាស់ របស់​ពួកព្រាហ្មណ៍​ដែលប្រកាន់​តៗគ្នាថា ដូច្នេះៗ ប្រកាន់តាមក្បួន ក៏បណ្តាពួកព្រាហ្មណ៍​ទាំងនោះ ពួកព្រាហ្មណ៍​ដែលដល់នូវ​​សេចក្តីចូលចិត្ត ដោយចំណែក​មួយថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ក្នុងសេចក្តីនេះ ព្រះគោតម​ដ៏ចំរើន ទ្រង់សំដែងថា​ដូចម្តេចទៅវិញ។

[៧០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ ចុះបណ្តា​ព្រាហ្មណ៍ទាំងឡាយ មានព្រាហ្មណ៍​ណាខ្លះ សូម្បីតែម្នាក់ ពោលយ៉ាង​នេះថា អញដឹង​ហេតុនេះ អញឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ។ ​កាបទិកមាណព ឆ្លើយថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពុំមានទេ។ ម្នាល​ភារទ្វាជៈ ចុះបណ្តា​​ព្រាហ្មណ៍​ទាំងឡាយ ព្រាហ្មណ៍ខ្លះ មានអាចារ្យ​ជាមួយគ្នា​ផង ជាប្រធាន​លើអាចារ្យ​ជាមួយគ្នាផង តាំងអំពីគូ​នៃអាចារ្យ​ជាគំរប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរ​ឬទេ។ ​ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពុំមានទេ។ ម្នាល​ភារទ្វាជៈ ចុះបណ្តា​​ព្រាហ្មណ៍​​ទាំងឡាយ មានពួក​ព្រាហ្មណ៍​ណា ជាឥសី មានក្នុង​ជាន់មុន ជាអ្នកតាក់​តែងនូវមន្ត អ្នកពោលនូវ​មន្ត បទនៃមន្ត​ចាស់នេះ ដែលពួកព្រាហ្មណ៍ណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ សូត្រតាមមន្តនោះ ពោលតាមមន្តនោះ ពោលតាម​មន្ត ដែលគេពោល​ហើយ បង្រៀន​មន្ត​ដែលគេ​​បង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះ​វាមកៈ ឈ្មោះ​វាមទេវៈ ឈ្មោះ​វេស្សាមិត្តៈ ឈ្មោះ​យមតគ្គិ ឈ្មោះ​អង្គីរសៈ ឈ្មោះ​ភារទ្វាជៈ ឈ្មោះ​វាសេដ្ឋៈ ឈ្មោះ​កស្សបៈ ឈ្មោះ​ភគុ ក៏ពួកឥសី​ទាំងនោះ ពោលយ៉ាង​នេះថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ។ ​ បពិត្រ​ព្រះ​គោតម​​ដ៏ចំរើន ពុំមានទេ។

[៧១] ព្រះភគវន្តមុនីនាថ ទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ មិនមានឮថា បណ្តា​ព្រាហ្មណ៍​​ទាំងឡាយ មិនមាន​ព្រាហ្មណ៍ណាមួយ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹង​ហេតុនេះ អញឃើញ​​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តា​ព្រាហ្មណ៍​​ទាំងឡាយ មិនមាន​ព្រាហ្មណ៍​ណាមួយ ដែលមាន​អាចារ្យជាមួយគ្នា ឬមានអាចារ្យ​ជាប្រធាន​លើអាចារ្យជាមួយគ្នា ដរាបតាំងអំពី​គូនៃអាចារ្យ ជាគំរប់៧មក ពោលយ៉ាង​នេះថា អញដឹងហេតុនេះ អញឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តា​ព្រាហ្មណ៍​​ទាំងឡាយ ពួកព្រាហ្មណ៍​ដែលជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់​តែងមន្ត អ្នកពោល​មន្ត បទនៃមន្តចាស់នេះ ដែលពួកឥសីណា បាន​សូត្រ​ហើយ បានពោល​ហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ បានសូត្រ​តាម​មន្ត​នោះ បានពោល​តាមមន្ត​នោះ បានពោល​តាម​មន្ត ដែល​គេពោល​ហើយ បានបង្រៀន​មន្ត ដែលគេ​​បង្រៀន​ហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះ​វាមកៈ ឈ្មោះ​វាមទេវៈ ឈ្មោះ​វេស្សាមិត្តៈ ឈ្មោះ​យមតគ្គិ ឈ្មោះ​អង្គីរសៈ ឈ្មោះ​ភារទ្វាជៈ ឈ្មោះ​វាសេដ្ឋៈ ឈ្មោះ​កស្សបៈ ឈ្មោះ​ភគុ ក៏ពួកឥសី​ទាំងនោះ មិនពោល​ថា យើងទាំងឡាយ ដឹងហេតុនេះ យើង​ទាំងឡាយ ឃើញ​ហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ។ ម្នាលភារទ្វាជៈ ដូចបុរសខ្វាក់​ទាំងជួរ ដែលជាប់តៗគ្នា បុរស​ដែល​ដើរមុន ក៏មើល​មិន​ឃើញ បុរសដែល​ដើរកណ្តាល ក៏មើលមិនឃើញ បុរសដែល​​ដើរក្រោយ ក៏មើល​មិនឃើញ យ៉ាងណាមិញ ម្នាលភារទ្វាជៈ ភាសិតរបស់​​ពួកព្រាហ្មណ៍ ក៏មានទំនង​ដូចបុរស​ខ្វាក់ទាំងជួរ បុរសដែលដើរមុន ក៏មើល​មិនឃើញ បុរសដែល​ដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អ្នកយល់​សេចក្តីនោះ ដូចម្តេច កាលបើ​យ៉ាងនេះ តើ​សទ្ធា​ដែលគ្មាន​ឫសគល់ របស់ពួកព្រាហ្មណ៍ សម្រេចបានដែរឬ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតម​ដ៏ចំរើន សម្រេច​មិនបានទេ ពួកព្រាហ្មណ៍ តែងចូល​ទៅ​អង្គុយជិត​ដោយសទ្ធា ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិត ដោយការស្តាប់​តៗគ្នាមក។

[៧២] ព្រះបរមគ្រូទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ កាលពីមុន អ្នកថាជឿ ឥឡូវនេះ អ្នកថា​ឮតាមគេ ម្នាល​ភារទ្វាជៈ ធម៌ទាំង​៥​យ៉ាង​នេះ មាន​វិបាក២​យ៉ាង ក្នុងបច្ចុប្បន្ន ធម៌​ទាំង​៥យ៉ាង តើដូចម្តេច ធម៌ទាំង៥យ៉ាង​គឺ សេចក្តីជឿ១ សេចក្តី​គាប់ចិត្ត១ ការឮ​តាមគ្នា១ ការត្រិះរិះ​នូវអាការ១ សេចក្តី​ចូលចិត្ត​តាមការ​យល់១ ម្នាលភារទ្វាជៈ ធម៌ទាំង​៥នេះឯង មានវិបាក​២យ៉ាង ក្នុងបច្ចុប្បន្ន ម្នាលភារទ្វាជៈ គឺហេតុណា ដែលបុគ្គល​ជឿស៊ប់ តែហេតុ​នោះ ជាហេតុ​សោះសូន្យ​ទទេ កុហកសោះ​ក៏មាន ហេតុណា ដែលបុគ្គលមិនជឿ​ស៊ប់ទេ តែហេតុនោះ ជាហេតុ​ពិតប្រាកដ មិនមែន​ជាដទៃ​ក៏មាន ម្នាលភារទ្វាជៈ មួយទៀត ហេតុណា ដែលបុគ្គល​គាប់ចិត្ត​ស៊ប់។បេ។ ពាក្យណា ដែលបុគ្គល​​ឮច្បាស់​តាមគ្នា។បេ។ ហេតុណា ដែលបុគ្គល​ត្រិះរិះ​ឃើញជាក់។បេ។ ហេតុណា ដែលបុគ្គល​​ចូលចិត្តស៊ប់ តែហេតុ​នោះ ជាហេតុ​សោះសូន្យ​ទទេ កុហក​សោះក៏មាន ហេតុណា ដែលបុគ្គល​មិនចូល​ចិត្ត​ស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែន​​ជាដទៃ​ក៏មាន ម្នាលភារទ្វាជៈ បុរសជា​អ្នកប្រាជ្ញ អ្នករក្សាសច្ចៈ មិនគួរ​ចូលចិត្ត​ដោយ​​ដាច់ខាត ក្នុងហេតុនេះថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះ​ឡើយ។ កាបទិកមាណព ក្រាបទូល​សួរថា បពិត្រព្រះគោតម​ដ៏ចំរើន ចុះការរក្សាសច្ចៈ តើត្រឹម​ប៉ុន្មាន បុគ្គលរក្សាសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំព្រះអង្គ សូមសួរចំពោះ​​ការរក្សាសច្ចៈ និងព្រះគោតម​ដ៏ចំរើន។

[៧៣] ព្រះលោកនាថត្រាស់ថា ម្នាលភារទ្វាជៈ បើបុរសមានជំនឿថា ជំនឿរបស់​អញ​យ៉ាងនេះ កាលដែល​និយាយតាម​គំនិតដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់​​ដល់​នូវសេចក្តី​ចូលចិត្ត ដោយដាច់​ខាតថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះ​ឡើយ ម្នាល​ភារទ្វាជៈ ការរក្សា​សច្ចៈ​ត្រឹមប៉ុណ្ណេះ បុគ្គល​រក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ យើងក៏​បញ្ញត្ត​ការរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ តែការ​ត្រាស់ដឹងសច្ចៈ មិនទាន់​មានដល់​បុរស​នោះ​នៅ​ឡើយទេ ម្នាលភារទ្វាជៈ បើបុរស​មានសេចក្តី​គាប់ចិត្ត… ម្នាលភារទ្វាជៈ បើបុរស​មានការ​ឮតាម​ៗគ្នា… ម្នាលភារទ្វាជៈ បើបុរស​មានសេចក្តី​ត្រិះរិះ​នូវអាការ… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីចូល​ចិត្ត​ដោយការយល់ថា សេចក្តីចូលចិត្ត តាមការ​យល់របស់អញ យ៉ាងនេះ កាលបើនិយាយ​តាមសេចក្តីចូលចិត្ត ដោយការយល់​ដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់​​ដល់​នូវ​សេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះ​​ឡើយ ម្នាល​ភារទ្វាជៈ ការរក្សា​សច្ចៈ​​ត្រឹមប៉ុណ្ណេះ បុគ្គល​រក្សាសច្ចៈ​ត្រឹមតែប៉ុណ្ណេះ យើងក៏​បញ្ញត្ត​ការរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ តែការ​ត្រាស់​ដឹងសច្ចៈ មិនទាន់​មានដល់​បុរស​​នោះនៅ​ឡើយទេ។ កាបទិកមាណព ក្រាបបង្គំ​ទូលសួរ​ថា បពិត្រព្រះគោតម​ដ៏ចំរើន ការរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ យើងខ្ញុំទាំងឡាយ ក៏​បញ្ញត្ត​ការរក្សាសច្ចៈ​ត្រឹមប៉ុណ្ណេះ​ដែរ បពិត្រព្រះគោតម​ដ៏ចំរើន ចុះការ​ត្រាស់​ដឹងសច្ចៈ​ត្រឹមប៉ុន្មាន បុគ្គលត្រាស់​ដឹងសច្ចៈត្រឹម​ប៉ុន្មាន យើងខ្ញុំសូមសួរ ចំពោះការ​ត្រាស់ដឹងសច្ចៈ នឹងព្រះគោតម​ដ៏ចំរើន។

[៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ មានសេចក្តីដំណាលថា ភិក្ខុ​ក្នុង​សាសនានេះ ចូលទៅ​អាស្រ័យ​នូវស្រុក ឬនិគមណាមួយ។ គហបតីក្តី កូនគហបតីក្តី ចូល​ទៅរកភិក្ខុ​នោះឯង ល្បងមើល​ក្នុងធម៌​ទាំងឡាយ ៣ប្រការ គឺធម៌ជា​ទីតាំង​នៃ​លោភៈ ធម៌ជាទីតាំង​នៃ​ទោសៈ ធម៌ជាទីតាំង​នៃ​មោហៈ ដោយគំនិតថា បុគ្គលមានចិត្ត ដែល​ធម៌ជា​ទីតាំង​នៃ​លោភៈ មានសភាព​យ៉ាងណា គ្របសង្កត់​ហើយមិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា​ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្ម​មិនមែនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ​អស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ តើមានដល់លោក​មានអាយុ​នេះដែរឬហ្ន៎។ កាលគហបតី ឬកូន​គហបតី ល្បងមើល​ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលធម៌ទាំងឡាយ ជាទីតាំងនៃ​សេចក្តីលោភ មានសភាព​យ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញ​ឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់បុគ្គលទាំងឡាយ​ដទៃ ក៏បបួល​នូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ជាទីតាំង​នៃសេចក្តីលោភ មានសភាព​ដូច្នោះ មិនមានដល់លោក​មានអាយុនេះទេ។ កាយសមាចារ និង​វចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់​អ្នកដែល​មិនលោភដែរ បើលោក​មានអាយុនេះ សំដែង​ធម៌ណា ធម៌នោះជ្រៅ ឃើញបាន​ដោយក្រ ត្រាស់ដឹងបាន​ដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់​មើល​ដោយការ​ត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមាន​សេចក្តីលោភ មិនងាយ​សំដែងបាន​ឡើយ។ កាល​គហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នក​បរិសុទ្ធ ចាកធម៌​ទាំងឡាយ ដែលជាទីតាំង​នៃ​លោភៈ ដោយហេតុ​ណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ ដែលជាទី​តាំងនៃ​ទោសៈ ឲ្យក្រៃលែងជាង​ហេតុនោះ តទៅទៀតថា បុគ្គល​មានចិត្ត ដែល​ធម៌​ជាទីតាំង​នៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយ​ថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែល​ប្រព្រឹត្ត​ទៅ ដើម្បីកម្ម​មិនជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជន​ទាំងឡាយ​ដទៃ ក៏បបួល​នូវបុគ្គលដទៃ ដើម្បីហេតុ​នោះ ពួកធម៌ ដែលជាទីតាំង​នៃទោសៈ មានសភាពដូច្នោះ មានដល់លោក​​មានអាយុនេះ ដែរឬហ្ន៎។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាង​នេះ​ថា បុគ្គល​មានចិត្ត ដែលពួកធម៌ ជាទីតាំង​នៃទោសៈ មានសភាព​យ៉ាងណា គ្រប​សង្កត់​ហើយ មិនដឹង និយាយថា អាត្មាអញ​ដឹង ឬមិនឃើញ និយាយថា អាត្មាអញ​ឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្ម​មិនជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាល​យូរ ដល់ជនទាំងឡាយ​ដទៃ ក៏បបួលជនដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំង​នៃទោសៈ មានសភាព​ដូច្នោះ មិនមានដល់លោក​មានអាយុ​នេះឡើយ។ កាយសមាចារ និង​វចីសមាចារ របស់លោក​មានអាយុនេះ ក៏ដូចជារបស់អ្នក ដែលមិនមាន​ទោសៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបាន​ដោយក្រ ត្រាស់ដឹងបាន​ដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែល​គេស្ទង់មើល ដោយការត្រិះរិះ​ពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានទោសៈ មិនងាយសំដែង​បានឡើយ។ កាលគហបតី ឬកូនគហបតី ល្បងមើល​ភិក្ខុនោះ បានឃើញ​ច្បាស់ថា ជាអ្នក​បរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជា​ទីតាំង​នៃទោសៈ ដោយហេតុ​ណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំង​នៃមោហៈ ឲ្យក្រៃលែងជាង​ហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែល​ពួកធម៌ជាទីតាំង​នៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួល​អ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មានដល់លោក​មាន​អាយុនេះ ដែរឬហ្ន៎។ កាលគហបតី ឬកូនគហបតី ល្បងមើល​ភិក្ខុនោះ ក៏ដឹងយ៉ាង​នេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃមោហៈ មានសភាព​យ៉ាងណា គ្របសង្កត់​ហើយ មិនដឹង និយាយថា អាត្មា​អញដឹង ឬមិនឃើញ និយាយថា អាត្មា​អញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្ត​ទៅ ដើម្បីកម្ម​មិនជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជន​ទាំងឡាយ​ដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទី​តាំងនៃមោហៈ មានសភាព​ដូច្នោះ មិនមានដល់​លោកមាន​អាយុនេះទេ។ កាយសមាចារ និង​វចីសមាចារ របស់លោក​មានអាយុនេះ ក៏ដូចជា​របស់អ្នក​ដែល​មិនមាន​មោហៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបាន​ដោយក្រ ត្រាស់ដឹង​បានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេ​ស្ទង់មើល ដោយការត្រិះរិះ​ពុំបានទេ ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នក​មានមោហៈ មិនងាយ​នឹងសំដែង​បានឡើយ។ កាលគហបតី ឬកូនគហបតី ល្បងមើលនូវភិក្ខុនោះ បានឃើញ​ច្បាស់ថា ជាអ្នក​បរិសុទ្ធ ចាកធម៌ទាំងឡាយ ជាទីតាំង​នៃមោហៈ ដោយហេតុ​ណាហើយ ក៏ញុំាងសទ្ធា ឲ្យជ្រួតជ្រាប ក្នុងហេតុនោះ ជាអ្នកមាន​សទ្ធា កើតឡើង​ក្នុងកាលនោះ ទើបចូល​ទៅរក (ភិក្ខុនោះ) កាលចូលទៅរក ក៏បាន​អង្គុយជិត កាលទៅ​អង្គុយជិត ក៏ដាក់នូវសោតប្បសាទ លុះមាន​សោតប្បសាទ​ដាក់​ចុះហើយ ទើបស្តាប់​ធម៌ លុះស្តាប់​ហើយ ទើបទ្រទ្រង់នូវធម៌ ពិចារណានូវសេចក្តីនៃ​ធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ កាលបើពិចារណា​នូវសេចក្តីហើយ ក៏ចូលចិត្ត​នូវធម៌ និងគំនិត កាលមានសេចក្តី​ចូលចិត្ត នូវធម៌ និងគំនិត​ហើយ ក៏មានឆន្ទៈកើតឡើង លុះ​មានឆន្ទៈកើត​ឡើង​ហើយ ក៏ប្រឹងប្រែង លុះប្រឹងប្រែងហើយ ក៏ត្រិះរិះ លុះត្រិះរិះ​​ហើយ ក៏តម្កល់ (នូវសេចក្តី​ព្យាយាម ដើម្បីមគ្គ) ជាអ្នកមានចិត្តបញ្ជូន​ទៅកាន់ព្រះនិព្វាន ទើបធ្វើ​ឲ្យជាក់ច្បាស់ នូវបរមត្ថសច្ចៈ ដោយនាម​កាយផង បានចាក់ធ្លុះ​ឃើញច្បាស់ នូវបរមត្ថ​សច្ចៈ​នោះ ដោយបញ្ញា​ផង។ ម្នាលភារទ្វាជៈ ការត្រាស់​ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គល​ត្រាស់ដឹងនូវ​សច្ចៈត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការ​ត្រាស់ដឹងសច្ចៈត្រឹមប៉ុណ្ណេះ តែ​មិនទាន់ហៅថា កើតសច្ចធម៌​ទេ។ កាបទិកមាណព ក្រាប​បង្គំទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ការត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលត្រាស់ដឹងនូវសច្ចៈ​ត្រឹមប៉ុណ្ណេះ យើងខ្ញុំក៏បញ្ញត្តការ​ត្រាស់ដឹងសច្ចៈត្រឹមប៉ុណ្ណេះដែរ បពិត្រព្រះគោតមដ៏ចំរើន ចុះការ​កើតសច្ចៈ តើត្រឹមប៉ុន្មាន បុគ្គលបាននូវសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំសូម​សួរនូវការ​កើតសច្ចៈ ចំពោះ​ព្រះគោតម​ដ៏ចំរើន។

[៧៥] ព្រះបរមគ្រូត្រាស់ថា ម្នាលភារទ្វាជៈ ការធ្វើឲ្យថ្នឹក ការចំរើន ការធ្វើ​រឿយៗ នូវធម៌ទាំងនោះឯង ឈ្មោះថា ការកើតសច្ចៈ ម្នាលភារទ្វាជៈ ការកើតសច្ចៈ​ត្រឹមប៉ុណ្ណេះ បុគ្គលបាន​នូវសច្ចៈ ត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្ត​ការកើតឡើង​នៃសច្ចៈ​​ត្រឹមប៉ុណ្ណេះដែរ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតម​ដ៏ចំរើន ការកើតសច្ចៈ​ត្រឹមប៉ុណ្ណេះ បុគ្គលបាន​នូវសច្ចៈ ត្រឹមប៉ុណ្ណេះ យើងបញ្ញត្ត​នូវការកើតឡើង​នៃសច្ចៈ​​ត្រឹមប៉ុណ្ណេះ បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌​មានឧបការៈច្រើន ប្រព្រឹត្តទៅដើម្បី​ឲ្យកើត​សច្ចៈ តើដូចម្តេច យើងខ្ញុំសូម​សួរព្រះគោតម​ដ៏ចំរើន នូវ​ធម៌មានឧបការៈច្រើន ដើម្បី​ឲ្យកើតសច្ចៈ។

[៧៦] ព្រះសាស្តាត្រាស់ថា ម្នាលភារទ្វាជៈ សេចក្តីព្យាយាម ជាធម្មជាត មានឧប​ការៈច្រើន ដល់ការកើតឡើងនៃសច្ចៈ បើបុគ្គលមិនតាំង​ទុកនូវសេចក្តី​ព្យាយាមនោះទេ មិនគប្បីបាន​នូវសច្ចៈនេះឡើយ ព្រោះហេតុនោះ បុគ្គលលុះ​តែតាំង​​ព្យាយាម ទើបបាន​នូវសច្ចៈ ហេតុនោះ បានជាថា សេចក្តីព្យាយាម ជាធម្មជាត មានឧប​ការៈ​ច្រើន ដល់ការកើត​ឡើង​នៃសច្ចៈ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌ដូចម្តេច ដែលជា​ធម្មជាត មានឧបការៈច្រើន ដល់​សេចក្តីព្យាយាម យើងខ្ញុំសូម​សួរព្រះគោតម​ដ៏ចំរើន នូវធម៌ដែល​ជាធម្មជាត មានឧបការៈ​ច្រើន ដល់សេចក្តី​ព្យាយាម។ ព្រះសាស្តា​ត្រាស់ថា ម្នាល​ភារទ្វាជៈ ការពិចារណា ជាធម្មជាត មានឧប​ការៈច្រើន ដល់សេចក្តី​ព្យាយាម បើបុគ្គល​មិនថ្លឹងនូវ​ការពិចារណា​នោះទេ មិនគប្បីតាំង​នូវសេចក្តី​ព្យាយាម​នេះ​បាន​ឡើយ ព្រោះហេតុនោះ បុគ្គល​លុះតែពិចារណា ទើបតាំង​សេចក្តី​ព្យាយាម​បាន ព្រោះហេតុនោះ បានជាថា ការពិចារណា ជាធម្មជាត មានឧប​ការៈ​ច្រើន ដល់សេចក្តី​ព្យាយាម។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះធម៌មានឧបការៈ​ច្រើន ដល់ការពិចារណា តើដូចម្តេច យើងខ្ញុំសូម​សួរ​ព្រះគោតមដ៏ចំរើន នូវធម៌មាន​ឧបការៈ​ច្រើន ដល់ការ​ពិចារណា។ ម្នាលភារទ្វាជៈ ការប្រឹងប្រែង ជាសភាវៈ មានឧប​ការៈ​​ច្រើន ដល់ការ​ពិចារណា បើបុគ្គល​មិនផ្គូផ្គង​នូវការប្រឹងប្រែង​នោះទេ មិនគប្បីថ្លឹង​នូវការពិចារណា​នេះបានឡើយ ព្រោះហេតុនោះ បុគ្គល​លុះតែផ្គូផ្គង ទើបពិចារណាបាន ហេតុនោះ បានជាថា ការប្រឹងប្រែង ជាសភាព មានឧប​ការៈច្រើន ដល់ការពិចារណា។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការ​ប្រឹង​ប្រែង តើដូចម្តេច យើងខ្ញុំសូម​​សួរព្រះគោតម​ដ៏ចំរើន នូវធម៌ មានឧបការៈច្រើន ដល់ការប្រឹងប្រែង។ ម្នាលភារទ្វាជៈ ឆន្ទៈ មានឧប​ការៈ​​ច្រើន ដល់ការប្រឹងប្រែង បើឆន្ទៈមិនញុំាង​ការប្រឹងប្រែងនោះឲ្យកើតឡើងទេ បុគ្គលមិនគប្បីប្រឹងប្រែងបានឡើយ ព្រោះហេតុនោះ លុះតែកើតឆន្ទៈ ទើបបុគ្គលប្រឹងប្រែងបាន ហេតុនោះ បានជាថា ឆន្ទៈ ជាធម៌មានឧប​ការៈច្រើន ដល់សេចក្តីប្រឹងប្រែង។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ឆន្ទៈ តើដូចម្តេច យើងខ្ញុំសូម​សួរព្រះគោតមដ៏ចំរើន នូវធម៌ មានឧបការៈច្រើន ដល់ឆន្ទៈ។ ម្នាលភារទ្វាជៈ សេចក្តីចូលចិត្តធម៌ក្នុងគំនិត ជាធម្មជាត មានឧប​ការៈ​ច្រើន ដល់ឆន្ទៈ បើមិនចូលចិត្តធម៌ក្នុងគំនិតនោះទេ ឆន្ទៈក៏កើតឡើង​មិនបាន ព្រោះហេតុនោះ លុះតែចូលចិត្តធម៌ក្នុងគំនិត ទើបឆន្ទៈ​កើតឡើងបាន ហេតុនោះ បានជាថា ការចូលចិត្ត​ធម៌ក្នុងគំនិត ជាធម្មជាត មានឧប​ការៈច្រើន ដល់ឆន្ទៈ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត តើដូចម្តេច យើងខ្ញុំសូម​សួរនូវធម៌ មានឧបការៈ​ច្រើន ដល់ការចូលចិត្ត​ធម៌​ក្នុងគំនិត ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការពិចារណា​នូវអត្ថ មានឧប​ការៈ​​ច្រើន ដល់ការចូលចិត្ត​ធម៌ក្នុងគំនិត បើបុគ្គលមិន​ពិចារណានូវ​អត្ថនោះទេ ធម៌ទាំងឡាយ មិនគួរ​ដល់​ការចូលចិត្ត​បានឡើយ ព្រោះហេតុនោះ បុគ្គលលុះ​តែពិចារណា​នូវ​អត្ថ ទើបធម៌​ទាំងឡាយ គួរ​ដល់ការ​ចូលចិត្ត​បាន ហេតុនោះ បានជាថា ការពិចារណា​នូវអត្ថ មានឧប​ការៈច្រើន ដល់ការចូលចិត្ត​ធម៌​ក្នុងគំនិត។ បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការពិចារណា​នូវអត្ថ តើដូចម្តេច យើងខ្ញុំសូម​​សួរនូវធម៌ មានឧបការៈច្រើន ដល់ការពិចារណា​នូវអត្ថ ចំពោះព្រះគោតម​ដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចេះចាំនូវធម៌ មានឧប​ការៈ​ច្រើន ដល់ការពិចារណា​នូវអត្ថ បើបុគ្គល​មិនចេះចាំនូវ​ធម៌នោះទេ ក៏មិនអាច​ពិចារណានូវអត្ថបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែចេះចាំនូវធម៌ ទើបពិចារណានូវអត្ថបាន ហេតុនោះ បានជាថា ការចេះចាំនូវធម៌ មានឧប​ការៈច្រើន ដល់ការពិចារណានូវអត្ថ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការទ្រទ្រង់នូវធម៌ តើដូចម្តេច យើងខ្ញុំសូម​សួរនូវធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌ ចំពោះ​ព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការស្តាប់ធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌ បើបុគ្គលមិនស្តាប់ធម៌នោះទេ មិនអាចចេះចាំនូវធម៌បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែស្តាប់ធម៌ ទើបចេះចាំ​នូវធម៌បាន ហេតុនោះ បានជាថា ការស្តាប់ធម៌ មានឧប​ការៈច្រើន ដល់ការចេះ​ចាំនូវ​ធម៌។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការ​ស្តាប់ធម៌ តើដូចម្តេច យើងខ្ញុំសូម​​សួរ​នូវធម៌ មានឧបការៈ​ច្រើន ដល់ការស្តាប់ធម៌ ចំពោះ​ព្រះគោតម​ដ៏ចំរើន។ ម្នាល​ភារទ្វាជៈ ការផ្ចង់ត្រចៀក មានឧប​ការៈ​ច្រើន ដល់ការស្តាប់នូវធម៌ បើបុគ្គល​មិនផ្ចង់​ត្រចៀកនោះទេ មិនអាចស្តាប់​ធម៌បានឡើយ ព្រោះហេតុនោះ បុគ្គលលុះ​តែផ្ចង់ត្រចៀក ទើបស្តាប់​ធម៌បាន ហេតុនោះ បានជាថា ការផ្ចង់ត្រចៀក មានឧប​ការៈច្រើន ដល់ការ​ស្តាប់​ធម៌។ បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការផ្ចង់​ត្រចៀក តើដូចម្តេច យើងខ្ញុំសូម​​សួរនូវធម៌ មានឧបការៈច្រើន ដល់ការផ្ចង់ត្រចៀក ចំពោះ​ព្រះគោតម​ដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចូលទៅ​អង្គុយជិត មានឧប​ការៈ​ច្រើន ដល់ការផ្ចង់​ត្រចៀក បើបុគ្គល​មិនចូលទៅ​អង្គុយជិតទេ មិនអាចផ្ចង់ត្រចៀក​បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែចូល​ទៅអង្គុយជិត ទើបផ្ចង់ត្រចៀកបាន ហេតុនោះ បានជាថា ការចូល​ទៅអង្គុយជិត មានឧប​ការៈច្រើន ដល់ការផ្ចង់ត្រចៀក។ បពិត្រព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូល​ទៅអង្គុយជិត តើដូចម្តេច យើងខ្ញុំសូម​​សួរនូវធម៌ មានឧបការៈច្រើន ដល់ការចូល​ទៅអង្គុយ​​ជិត ចំពោះ​ព្រះគោតម​ដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចូល​ទៅរក មានឧប​ការៈ​​ច្រើន ដល់ការចូល​ទៅអង្គុយជិត បើបុគ្គលមិនចូល​ទៅរកទេ មិនអាចចូល​ទៅអង្គុយជិត​បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែ​ចូលទៅរក ទើបចូលទៅអង្គុយជិតបាន ហេតុនោះ បានជាថា ការចូលទៅរក មានឧប​ការៈច្រើន ដល់ការចូលទៅអង្គុយជិត។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូលទៅរក តើដូចម្តេច យើងខ្ញុំសូម​សួរនូវធម៌ មានឧបការៈច្រើន ដល់ការចូលទៅរក ចំពោះព្រះគោតម​ដ៏ចំរើន។ ម្នាល​ភារទ្វាជៈ សទ្ធា មានឧប​ការៈ​ច្រើន ដល់ការចូលទៅរក បើសទ្ធាមិនកើតទេ គេមិនអាច​​ចូលទៅរក​បាន ព្រោះហេតុនោះ បុគ្គលលុះ​តែសទ្ធាកើត ទើបចូល​​ទៅរក​បាន ហេតុនោះ បានជាថា សទ្ធា មានឧប​ការៈច្រើន ដល់ការចូលទៅរក។

[៧៧] កាបទិកមាណព ក្រាបបង្គំទូល​តបថា យើងខ្ញុំ បានសួរនូវ​​ការរក្សាសច្ចធម៌ នឹងព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន ក៏បានព្យាករ​នូវការរក្សាសច្ចៈ​ហើយ ក៏ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍​នោះ យើងខ្ញុំ បានសួរ​នូវ​ការត្រាស់ដឹង​នូវសច្ចៈ នឹងព្រះគោតម​ដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ​នូវការត្រាស់ដឹង​សច្ចៈហើយ ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍​​នោះ យើងខ្ញុំ បានសួរនូវ​ការកើតសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករនូវការកើតសច្ចៈហើយ ក៏ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយ​ការព្យាករណ៍​នោះ យើងខ្ញុំ បានសួរនូវធម៌មានឧបការៈច្រើន ដល់ការកើតសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ នូវធម៌មានឧបការៈច្រើន ដល់ការកើតសច្ចៈហើយ ក៏ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើង​ខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវ​ប្រស្នាណាៗ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ នូវប្រស្នា​នោះៗ​ហើយ ក៏ការ​ព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មាន​ចិត្តត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កាលពីដើម យើងខ្ញុំបានដឹងយ៉ាងនេះថា បុគ្គលពួកណា ជាសមណៈត្រងោល ជាគហបតិជាតិ មាន​សម្បុរខ្មៅ ជាកូនកើតមក​អំពី​ព្រះបាទ​នៃមហាព្រហ្ម បុគ្គលពួកណា ជាអ្នកដឹងច្បាស់​នូវ​ធម៌ ឱហ្ន៎ (ឥឡូវនេះ) ព្រះគោតមដ៏ចំរើន បាននាំខ្ញុំ​ឲ្យ​មានសេចក្តី​ស្រឡាញ់ ក្នុងពួក​សមណៈ ឲ្យមាន​សេចក្តីជ្រះថ្លា ក្នុងពួកសមណៈ ឲ្យមាន​សេចក្តីគោរព ក្នុងពួក​សមណៈ បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​​ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់​ជ្រាប នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវត្រៃសរណគមន៍ ស្មើដោយជីវិត តាំងពី​ថ្ងៃនេះ ជាដើមតទៅ។

ចប់ ចង្កីសូត្រ ទី៥។

 

លេខយោង

1)
ក្នុងព្រៃនោះ អ្នកផងតែងធ្វើពលិកម្មថ្វាយពួកទេវតា បានជាហៅថា ទេវវ័ន ឬនឹងហៅថា សាលវ័ន ក៏បាន។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.095.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann