User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.096



ឯសុការីសូត្រ ទី៦

សង្ខេប

បុគ្គល​ណា​​ដែល​គួរ​បម្រើ និង​ទ្រព្យ​​អ្វី​ដែល​គួរ​រក្សា?

mn 096 បាលី cs-km: sut.mn.096 អដ្ឋកថា: sut.mn.096_att PTS: ?

(ទី៦) ឯសុការីសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦. ឯសុការីសុត្តំ)

[៧៨] ខ្ញុំបានស្តាប់​មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រាហ្មណ៍​ឈ្មោះ​ឯសុការី បានចូលទៅគាល់ព្រះមានបុណ្យ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរ​រាក់ទាក់ និងគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៧៩] លុះឯសុការីព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូល​ព្រះមាន​បុញ្ញសិរី យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ តែងបញ្ញត្តការបំរើ ​៤យ៉ាង គឺបញ្ញត្តការបំរើ សម្រាប់ព្រាហ្មណ៍១ បញ្ញត្តការបំរើ សម្រាប់ក្សត្រិយ៍១ បញ្ញត្តការបំរើ សម្រាប់វេស្សៈ១ បញ្ញត្តការបំរើ សម្រាប់សុទ្ទៈ១។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់ព្រាហ្មណ៍ យ៉ាងនេះថា ព្រាហ្មណ៍​ត្រូវ​បំរើព្រាហ្មណ៍ ឬក្សត្រិយ៍ត្រូវបំរើព្រាហ្មណ៍ វេស្សៈត្រូវបំរើព្រាហ្មណ៍ សុទ្ទៈត្រូវបំរើព្រាហ្មណ៍ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់ព្រាហ្មណ៍។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការ​បំរើ​សម្រាប់ក្សត្រិយ៍ យ៉ាងនេះថា ក្សត្រិយ៍ត្រូវបំរើក្សត្រិយ៍ វេស្សៈត្រូវបំរើក្សត្រិយ៍ សុទ្ទៈ​ក៏ត្រូវ​បំរើក្សត្រិយ៍ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់ក្សត្រិយ៍។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការ​បំរើ​សម្រាប់វេស្សៈ យ៉ាងនេះថា វេស្សៈត្រូវបំរើវេស្សៈ សុទ្ទៈក៏ត្រូវបំរើវេស្សៈ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់វេស្សៈ។ បពិត្រព្រះគោតម​ដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការ​បំរើ​សម្រាប់សុទ្ទៈ យ៉ាងនេះថា ត្រូវតែសុទ្ទៈបំរើសុទ្ទៈ តើអ្នកដទៃណាទៅទៀត នឹងបំរើសុទ្ទៈ (នោះ) បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការបំរើនេះឯង សម្រាប់សុទ្ទៈ បពិត្រ​ព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការបំរើ ទាំង៤យ៉ាងនេះ តើព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់​សំដែងនូវដំណើរនេះ ថាដូចម្តេច។

[៨០] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលព្រាហ្មណ៍ ចុះលោកទាំងមូល យល់​ព្រម​​ដាច់ស្រេច នូវការបញ្ញត្តិ របស់ពួកព្រាហ្មណ៍នុ៎ះ ថា ចូរពួកព្រាហ្មណ៍ បញ្ញត្ត​នូវការបំរើ ទាំង៤យ៉ាងនេះចុះ ដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន លោកទាំងមូល មិន​យល់ព្រម នូវការបញ្ញត្តិនេះទេ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស មិនស្តុកស្តម្ភ ពួកឈ្មួញរទេះ យកចំណែកសាច់ (គោរបស់ខ្លួន ដែលស្លាប់តាមផ្លូវ) ផ្តែកវេរឲ្យដល់​បុរស​កំសល់នោះ ដែលមិនចង់បាន ដោយបង្ខំថា នែវ៉ឺយបុរស ឯងត្រូវតែស៊ីសាច់នេះ ទាំងត្រូវ​សងថ្លៃផង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលព្រាហ្មណ៍ ដោយការដែលពួក​សមណ​ព្រាហ្មណ៍នោះ មិនបានយល់​ព្រមសោះ ស្រាប់តែពួកព្រាហ្មណ៍ មកបញ្ញត្ត​ការ​បំរើ ទាំង៤យ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោល​ថា ត្រូវតែបំរើអ្នកទាំងអស់ (នោះ) ទេ ម្នាលព្រាហ្មណ៍ តែតថាគត នឹងបាន​ពោលថា មិនត្រូវ​បំរើទាំងអស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា កាលបើ​គេបំរើ​បុគ្គលណា ត្រឡប់ជាបានបាបក្រៃពេក មិនបានប្រយោជន៍ ព្រោះហេតុការបំរើ តថាគត មិនពោល​ថា ត្រូវបំរើបុគ្គលនោះទេ ម្នាលព្រាហ្មណ៍ តែថា កាលគេបំរើបុគ្គលណា បាន​ប្រយោជន៍ មិនបានបាប ព្រោះហេតុតែការបំរើទេ តថាគត ពោលថា ត្រូវបំរើ​បុគ្គល​នោះចុះ។ ម្នាលព្រាហ្មណ៍ ប្រសិនបើគេសួរក្សត្រិយ៍ យ៉ាងនេះថា កាលបើព្រះអង្គ​បំរើ​បុគ្គលណា ទ្រង់ក្លាយទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះ​ហេតុតែ​ការបំរើ មួយទៀត កាលបើព្រះអង្គបំរើបុគ្គលណា បានជាបុគ្គល​គាប់​ប្រសើរ មិនក្លាយ​​ជាបុគ្គលថោកថយ ព្រោះហេតុតែការបំរើទេ បណ្តាបុគ្គលទាំងពីរនុ៎ះ តើព្រះអង្គ ត្រូវ​បំរើបុគ្គលណា។ ម្នាលព្រាហ្មណ៍ កាលបើក្សត្រិយ៍ឆ្លើយតបដោយត្រឹមត្រូវ គួរឆ្លើយតប​ យ៉ាងនេះថា កាលខ្ញុំបំរើបុគ្គលណា ក្លាយខ្លួនទៅជាមនុស្សលាមកក្រៃពេក មិនបានជា​មនុស្សប្រសើរវិសេស ព្រោះហេតុតែ​ការបំរើទេ ខ្ញុំមិនត្រូវបំរើបុគ្គលនោះឡើយ លុះតែខ្ញុំបំរើបុគ្គលណា បានការ​គាប់ប្រសើរ មិនបានការអាក្រក់ ព្រោះហេតុតែការបំរើ ទើបខ្ញុំត្រូវបំរើបុគ្គលនោះ។ ម្នាលព្រាហ្មណ៍ បើគេសួរព្រាហ្មណ៍… ម្នាលព្រាហ្មណ៍ បើគេសួរវេស្សៈ… ម្នាលព្រាហ្មណ៍ បើគេសួរសុទ្ទៈ យ៉ាងនេះថា កាលបើអ្នកបំរើបុគ្គល​ណា ត្រឡប់បានជាបាប មិនបានការគាប់ប្រសើរ ព្រោះ​ការបំរើជាហេតុទេ មួយទៀត កាលបើអ្នក បំរើបុគ្គលណា បានការ​គាប់ប្រសើរ មិនបានការអាក្រក់ ព្រោះការបំរើ​ជា​ហេតុ​ទេ បណ្តាបុគ្គលទាំងពីរនុ៎ះ តើអ្នកត្រូវ​បំរើបុគ្គលណា។ ម្នាលព្រាហ្មណ៍ កាលបើ​សុទ្ទៈ​ឆ្លើយ​តប​​ដោយត្រឹមត្រូវ គប្បីឆ្លើយតប​ យ៉ាងនេះថា កាលបើខ្ញុំបំរើបុគ្គលណា បានការអាក្រក់ មិនបានការគាប់ប្រសើរ ព្រោះហេតុតែការបំរើទេ ខ្ញុំមិនត្រូវ​បំរើបុគ្គល​នោះឡើយ កាល​បើខ្ញុំបំរើបុគ្គលណា បានការគាប់ប្រសើរ មិនមែនជាការអាក្រក់ ព្រោះហេតុតែការបំរើទេ ទើបខ្ញុំត្រូវបំរើបុគ្គលនោះ។

[៨១] ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមាន​ត្រកូល​​ខ្ពស់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកថយ ព្រោះ​តែមានត្រកូលខ្ពស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានជាតិថ្លៃថ្លាទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គល​ថោកទាប ព្រោះ​តែមាន​ជាតិថ្លៃថ្លា ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានភោគៈ លើសលុបទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកទាប ព្រោះ​តែមានភោគៈលើសលុប ក៏ទេដែរ។ ម្នាល​ព្រាហ្មណ៍ ព្រោះថា បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានត្រកូលខ្ពង់ខ្ពស់ តែជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ប្រព្រឹត្ត​ពោលពាក្យមុសា មានវាចា​ញុះញង់ មានវាចាទ្រគោះ និយាយតែពាក្យឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈា មានចិត្ត​ព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជា​តថាគត​មិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមាន​ត្រកូលខ្ពង់ខ្ពស់ទេ។ ម្នាលព្រាហ្មណ៍ ព្រោះថា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយបានវៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមាន​ត្រកូល​ខ្ពង់ខ្ពស់​ទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទុកជាមានជាតិថ្លៃថ្លាក៏ដោយ តែជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ​ពោលពាក្យមុសា មានវាចា​ញុះញង់ មានសំដីអាក្រក់ និយាយពាក្យឥតប្រយោជន៍ មាន​អភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានជាតិថ្លៃថ្លាទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានជាតិថ្លៃថ្លា ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានភោគៈលើសលុប តែជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា និយាយពាក្យមុសា មានវាចាញុះញង់ មានវាចាអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមនុស្សមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានភោគៈលើសលុបទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានភោគៈដ៏លើសលុប ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈ​លើសលុបទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា ត្រូវតែបំរើ​អ្នក​ទាំងអស់ (នោះ) ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា មិនត្រូវបំរើ​អ្នកទាំង​អស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា កាលបើគេបំរើបុគ្គលណា សទ្ធាចំរើន សីល​ចំរើន សុតៈចំរើន ចាគៈចំរើន ប្រាជ្ញាក៏ចំរើន ព្រោះការបំរើ (នោះ) ជាហេតុ តថាគត ទើប​ពោលថា ត្រូវបំរើបុគ្គលនោះ។

[៨២] កាលបើព្រះមានបុណ្យ សំដែងយ៉ាងនេះហើយ ឯសុការីព្រាហ្មណ៍ បានក្រាប​ទូល​ព្រះមានបុណ្យ យ៉ាងនេះថា បពិត្រព្រះគោតម​ដ៏ចំរើន ពួកព្រាហ្មណ៍​បញ្ញត្តទ្រព្យ ៤យ៉ាង គឺបញ្ញត្តទ្រព្យ សំរាប់ខ្លួនរបស់ព្រាហ្មណ៍១ បញ្ញត្តទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍១ បញ្ញត្តទ្រព្យសំរាប់ខ្លួនរបស់វេស្សៈ១ បញ្ញត្តទ្រព្យ សំរាប់ខ្លួនរបស់សុទ្ទៈ១។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ​ ទាំង៤​នោះ ពួក​ព្រាហ្មណ៍ បញ្ញត្តការប្រព្រឹត្តិសូមនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ព្រាហ្មណ៍ ប្រសិនបើ​ព្រាហ្មណ៍មើលងាយ នូវការប្រព្រឹត្តិសូម ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នក​មិនធ្វើអំពើដែល​ខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការប្រព្រឹត្តិសូមនេះ ថាជាទ្រព្យ​សំរាប់​ខ្លួន​របស់​ព្រាហ្មណ៍ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ​ ទាំង៤​នោះ ពួកព្រាហ្មណ៍ បញ្ញត្តធ្នូ និងបំពង់ព្រួញនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍ ប្រសិនបើ​ក្សត្រិយ៍មើលងាយ ធ្នូ និងបំពង់ព្រួញ ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នក​មិនធ្វើការងារ ដែល​ខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចទ្រព្យ ដែលគេមិនបានឲ្យ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តធ្នូ និងបំពង់ព្រួញនេះ ថាជាទ្រព្យ​សំរាប់​ខ្លួន​របស់ក្សត្រិយ៍ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ​ ទាំង៤​នោះ ពួកព្រាហ្មណ៍ បញ្ញត្តការភ្ជួររាស់ និងការរក្សាគោនេះ ថាជាទ្រព្យសំរាប់ខ្លួន​របស់វេស្សៈ ប្រសិនបើវេស្សៈមើលងាយ ការភ្ជួររាស់ និងការរក្សាគោ ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នក​មិនធ្វើកិច្ច ដែល​ខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចទ្រព្យ ដែលគេមិន​បានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការភ្ជួររាស់ និងការរក្សាគោនេះ ថាជាទ្រព្យ​សំរាប់​ខ្លួន​របស់វេស្សៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ​ទាំង៤​នោះ ពួកព្រាហ្មណ៍ បញ្ញត្តកណ្ឌៀវ និងអម្រែកនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់​សុទ្ទៈ ប្រសិនបើសុទ្ទៈមើលងាយកណ្ឌៀវ និងអម្រែក ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នក​មិនធ្វើការងារ ដែល​ខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យ ដែល​គេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តកណ្ឌៀវ និងអម្រែកនេះ ថាជាទ្រព្យ​សំរាប់​ខ្លួន​របស់សុទ្ទៈ យ៉ាងនេះឯង។ ពួកព្រាហ្មណ៍ បញ្ញត្តទ្រព្យ ៤យ៉ាង​នេះ តើព្រះគោតមដ៏ចំរើន សំដែងថាដូចម្តេច ត្រង់រឿងនេះ។

[៨៣] ម្នាលព្រាហ្មណ៍ ចុះលោកទាំងមូល យល់ព្រមនូវការបញ្ញត្តិរបស់​ពួកព្រាហ្មណ៍នេះថា ពួកព្រាហ្មណ៍ ចូរបញ្ញត្ត​ទ្រព្យ ៤យ៉ាងនេះចុះ ដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ លោកទាំងមូលមិនយល់ព្រមទេ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស ក្រីក្រ ពួកឈ្មួញរទេះ យកចំណែកសាច់ (គោរបស់ខ្លួន ដែល​ស្លាប់​តាមផ្លូវ) ផ្តែកវេរឲ្យដល់​បុរស​កំសត់នោះ ដែលមិនចង់បាន ដោយការបង្ខំថា នែវ៉ឺយបុរស ឯងត្រូវស៊ីសាច់នេះ ទាំងត្រូវ​សងថ្លៃផង សេចក្តីនេះ មានឧបមា យ៉ាងណា ម្នាល​ព្រាហ្មណ៍ កាលបើពួក​សមណព្រាហ្មណ៍ទាំងនោះ មិនបានយល់ព្រម ស្រាប់តែ​ពួក​ព្រាហ្មណ៍ បញ្ញត្តទ្រព្យ ទាំង៤នេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ឯតថាគត បញ្ញត្តលោកុត្តរធម៌ ដ៏ប្រសើរតែម្យ៉ាង ថាជាទ្រព្យសំរាប់ខ្លួន របស់បុរសស្ត្រី ចំណែក​បុរសស្ត្រីនោះ ដែលអន្ទោលតាមវង្សត្រកូល ជាចំណែក​ខាងមាតា បិតាមកពី​ដើម បានកើតអត្តភាព ក្នុងត្រកូលណាៗ ក៏ដល់នូវការរាប់តាមត្រកូលនោះៗ បើបាន​កើត​អត្តភាព ក្នុងត្រកូលក្សត្រិយ៍ ក៏ដល់នូវការរាប់ថា ជាក្សត្រិយ៍ បើបានកើតអត្តភាព​ក្នុងត្រកូលព្រាហ្មណ៍ ក៏ដល់នូវការរាប់ថា ជាព្រាហ្មណ៍ បើបានកើតអត្តភាព ​ក្នុង​ត្រកូលវេស្សៈ ក៏ដល់នូវការរាប់ថា ជាវេស្សៈ បើបានកើតអត្តភាព ​ក្នុងត្រកូលសុទ្ទៈ ក៏ដល់នូវការរាប់ថា ជាសុទ្ទៈ។ ម្នាលព្រាហ្មណ៍ ភ្លើងឆេះ ព្រោះអាស្រ័យរបស់ណា ៗ ជាបច្ច័យ ក៏ដល់នូវការរាប់តាមរបស់នោះៗ។ បើភ្លើងឆេះ អាស្រ័យនឹងឧស ក៏ដល់នូវការរាប់ថា ភ្លើងឧស បើភ្លើងឆេះ អាស្រ័យនឹងចំណាំងឈើ ក៏ដល់នូវការរាប់ថា ភ្លើងចំណាំងឈើ បើភ្លើងឆេះ អាស្រ័យនឹងស្មៅ ក៏ដល់នូវការរាប់ថា ភ្លើងស្មៅ បើភ្លើងឆេះ អាស្រ័យនឹងអាចម៍គោ ក៏ដល់នូវការរាប់ថា ភ្លើងអាចម៍គោ សេចក្តីទាំងនេះ មានឧបមា យ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត បញ្ញត្តលោកុត្តរធម៌ ដ៏ប្រសើរ ថាជាទ្រព្យ​សំរាប់ខ្លួន នៃបុរសស្ត្រី កាលបើបុគ្គលរលឹក នូវ​វង្សត្រកូល ជាចំណែកខាងមាតាបិតា ដែល​មានមកពីបូរាណ ហើយបានកើតអត្តភាព ក្នុងត្រកូលណាៗ ក៏ដល់នូវការ​រាប់តាម​ត្រកូល​នោះៗដែរ បើបាន​កើត​អត្តភាព ក្នុងត្រកូលក្សត្រិយ៍ ក៏ដល់នូវការរាប់ថា ជាក្សត្រិយ៍ បើបានកើតអត្តភាព ​ក្នុងត្រកូលព្រាហ្មណ៍ ក៏ដល់នូវការរាប់ថា ជាព្រាហ្មណ៍ បើបានកើតអត្តភាព ​ក្នុង​ត្រកូលវេស្សៈ ក៏ដល់នូវការរាប់ថា វេស្សៈ បើបានកើតអត្តភាព​ក្នុងត្រកូលសុទ្ទៈ ក៏ដល់នូវការរាប់ថា សុទ្ទៈ ក៏មានឧបមេយ្យ ដូច្នោះដែរ។

[៨៤] ម្នាលព្រាហ្មណ៍ បើបុគ្គលចេញចាកផ្ទះ អំពីខត្តិយត្រកូល ហើយចូល​ទៅកាន់ផ្នួស ក៏អ្នកបួសនោះ បានអាស្រ័យធម៌វិន័យ ដែលតថាគត សំដែងហើយ ជាបុគ្គល​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ ជាបុគ្គលត្រេកអរ​នឹង​កុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីត្រកូល​ព្រាហ្មណ៍ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែល​តថាគត​សំដែង​ហើយ ជាបុគ្គល​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​អព្រហ្មចរិយៈ វៀរចាកមុសាវាទ។បេ។ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរ​ នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្របានចេញចាកផ្ទះ អំពីត្រកូលវេស្សៈ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែលតថាគត សំដែងហើយ ជាបុគ្គល​វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ។បេ។ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្របានចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ដូចម្តេច មានតែព្រាហ្មណ៍ ទើបអាច​ចំរើន​មេត្តចិត្ត ជាចិត្តមិនមានពៀរ មិនមានព្យាបាទ ក្នុង​ប្រទេស​នេះ ក្សត្រិយ៍ចំរើនមិនបាន វេស្សៈចំរើនមិនបាន សុទ្ទៈចំរើនមិនបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ទោះ​ក្សត្រិយ៍ អាចចំរើនមេត្តចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ក្នុង​ប្រទេស​នេះបាន បពិត្រព្រះគោតម ដ៏ចំរើន ទោះជាព្រាហ្មណ៍ …. បពិត្រព្រះគោតម ដ៏ចំរើន ទោះជាវេស្សៈ… បពិត្រព្រះគោតមដ៏ចំរើន ទោះជាសុទ្ទ… បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈទាំង៤ សុទ្ធតែអាចចំរើនមេត្តចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ក្នុង​ប្រទេស​នេះ បានទាំងអស់។

[៨៥] ម្នាលព្រាហ្មណ៍ យ៉ាងហ្នឹងហើយ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូល​ក្សត្រិយ៍ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះឯង អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល ​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​អព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​នឹង​កុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលព្រាហ្មណ៍ …. ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលវេស្សៈ… ម្នាលព្រាហ្មណ៍ បើកុលបុត្រ​ចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះឯង អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល​បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ដូចម្តេច មានតែព្រាហ្មណ៍ ទើបអាចនាំយក នូវកញ្ចប់​លំអិត​ សម្រាប់ងូត ទៅកាន់ស្ទឹង ដុសជំរះ​ក្អែលបាន ក្សត្រិយ៍ជំរះមិនបាន វេស្សៈជំរះ​មិនបាន សុទ្ទៈជំរះ​មិនបានទេឬ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតម ដ៏ចំរើន សូម្បី​ក្សត្រិយ៍ ក៏អាចយកកញ្ចប់​លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ជំរះក្អែលបានដែរ បពិត្រព្រះគោតម​ដ៏ចំរើន សូម្បីព្រាហ្មណ៍ …. បពិត្រព្រះគោតមដ៏ចំរើន សូម្បីវេស្សៈ… បពិត្រ​ព្រះគោតម​ដ៏ចំរើន សូម្បីសុទ្ទៈ… បពិត្រព្រះគោតម​ដ៏ចំរើន ពួកវណ្ណៈ ទាំង៤ សុទ្ធតែអាចយកកញ្ចប់លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ជំរះក្អែលបានទាំងអស់។

[៨៦] ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូលក្សត្រិយ៍ ហើយចូល​ទៅកាន់ផ្នួស ក៏កុលបុត្រនោះ អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជា​បុគ្គល​​វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​ នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាល​ព្រាហ្មណ៍ បើចេញអំពីត្រកូលព្រាហ្មណ៍ …. ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលវេស្សៈ… ម្នាលព្រាហ្មណ៍ បើកុលបុត្រ​ចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូល​ទៅកាន់ផ្នួស ក៏កុលបុត្រនោះ អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាក​បិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្ត​ព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គល​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ ក៏ដូចគ្នាយ៉ាង​នោះដែរ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ថាដូចម្តេច ក្សត្រិយ៍ ជារាជា ដែលបានមុទ្ធាភិសេកហើយ ក្នុងលោកនេះ ប្រជុំពួកបុរស ១០០នាក់ ដែលមាន​ជាតិផ្សេង​ៗគ្នាថា អ្នកដ៏ចំរើនទាំងឡាយ ចូរមក បណ្តាបុរសទាំងនោះ ពួកបុរសណា ដែលកើត​អំពី​ខត្តិយត្រកូល អំពីព្រាហ្មណត្រកូល អំពីរាជញ្ញត្រកូល1) ពួកបុរសនោះ ចូរកាន់យក នូវឈើពំនួតខាងលើ (កូនពំនួតជាវិការៈ) នៃឈើស្រាយ ឬឈើខ្លឹម ស្រល់ ខ្លឹមចន្ទន៍ ឬឈូក ពួតបង្កាត់​ភ្លើង ឲ្យភ្លើងឆេះ​ប្រាកដ​ឡើង មួយទៀត អ្នកដ៏ចម្រើនទាំងឡាយ ចូរមក បណ្តា​បុរសទាំងនោះ ពួកបុរសណា ដែលកើតអំពីត្រកូលចណ្ឌាល អំពីត្រកូលនេសាទ អំពីវេណុត្រកូល (ត្រកូលត្បាញផែង) អំពីរថការត្រកូល (ត្រកូលអ្នកធ្វើរថ) អំពីបុក្កុសត្រកូល (ត្រកូលអ្នកកើបសម្រាម) ពួកបុរស​ទាំងនោះ ចូរយកឈើ​ពំនួតខាងលើ (ជាវិការៈ) នៃស្នូកឆ្កែ ឬស្នូកជ្រូក ស្នូក​ជាង​ជ្រលក់ ឬដើមល្ហុងប្រេង ពួតបង្កាត់ភ្លើង ឲ្យភ្លើងឆេះប្រាកដឡើង។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ថាដូចម្តេច ភ្លើងណា ដែលពួកបុរស កើតអំពីខត្តិយត្រកូល អំពីព្រាហ្មណ​ត្រកូល អំពីរាជញ្ញត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ) នៃឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួតបង្កាត់ ​ភ្លើង ក៏ឆេះប្រាកដឡើង ភ្លើងនោះ មានអណ្តាតផង មានពណ៌ផង មានពន្លឺ​ផង គេអាច​ធ្វើ​ការ ដែលត្រូវ​ធ្វើដោយភ្លើង នឹងភ្លើងនោះបាន ចំណែកភ្លើងណា ដែលពួក​បុរស កើត​អំពី​ចណ្ឌាលត្រកូល នេសាទ​ត្រកូល វេណុត្រកូល រថការត្រកូល បុក្កុស​ត្រកូល យកពំនួត​​ភ្លើងខាងលើ (ជាវិការៈ) នៃស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុង​ប្រេងក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើងដែរ តែភ្លើងនោះ មិនមាន​អណ្តាត​ផង មិនមានពណ៌ផង មិនមាន​ពន្លឺផង គេមិនអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើង​នោះ​បានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ភ្លើងណា ដែលពួកបុរស កើតអំពីខត្តិយត្រកូល អំពី​ព្រាហ្មណ​ត្រកូល អំពីរាជញ្ញត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ)នៃ​ឈើ​ស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ឬដើមឈូកក្រហមក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើង ភ្លើងនោះ​ មានអណ្តាតផង មានពណ៌ផង មានពន្លឺផង គេអាចធ្វើការ ដែលត្រូវ​ធ្វើ​ដោយ​ភ្លើង នឹងភ្លើង​នោះក៏បាន ចំណែកភ្លើងណា ដែលពួក​បុរស កើត​អំពី​ចណ្ឌាល​ត្រកូល អំពីនេសាទ​ត្រកូល អំពីវេណុត្រកូល អំពីរថការត្រកូល អំពីបុក្កុសត្រកូល កាន់យក​នូវពំនួត​ភ្លើងខាងលើ (ជាវិការៈ) នៃស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួតបង្កាត់ ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះ​សោត ក៏មានអណ្តាតដូចគ្នា មានពណ៌ដូចគ្នា មានពន្លឺក៏ដូចគ្នាដែរ ទាំងគេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះក៏បាន បពិត្រព្រះគោតមដ៏ចំរើន ដ្បិតភ្លើងទាំងអស់ សុទ្ធតែមាន​អណ្តាតផង មានពណ៌ផង មានពន្លឺផង ទាំងគេអាចធ្វើការ ដែល​ត្រូវធ្វើដោយភ្លើង នឹងភ្លើង​នោះ បាន​ទាំងអស់។

[៨៧] ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីខត្តិយត្រកូល ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះ បានអាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជា​បុគ្គល ​​វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាក​មុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាអ្នក​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាល​ព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីព្រាហ្មណត្រកូល …. ម្នាលព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីវេស្សៈត្រកូល… ម្នាលព្រាហ្មណ៍ បើកុលបុត្រ ​ចេញចាកផ្ទះ អំពីសុទ្ទៈ​ត្រកូល ហើយចូល​ទៅកាន់ផ្នួស កុលបុត្រនោះឯង បានអាស្រ័យធម៌វិន័យ ដែល​តថាគត​ បានសំដែងហើយ ជាបុគ្គល​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​អព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាក​បិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមាន​អភិជ្ឈា មិនមាន​ចិត្ត​ព្យាបាទ ជាសម្មាទិដ្ឋិ ជាអ្នក​ត្រេកអរ​នឹងកុសលធម៌ ដែលជាតួហេតុ ក៏ដូចគ្នានឹងរឿង​បង្កាត់ភ្លើង យ៉ាង​នោះដែរ។

[៨៨] កាលបើព្រះសព្វញ្ញូ ទ្រង់ត្រាស់យ៉ាងនេះហើយ ឯសុការីព្រាហ្មណ៍ បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់​។បេ។ តាំងពីថ្ងៃនេះតទៅ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត។

ចប់ ឯសុការីសូត្រ ទី៦។

 

លេខយោង

1)
ស្តេចដែលមិន​ទាន់​បានរាជាភិសេក។
km/tipitaka/sut/mn/sut.mn.096.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann