កម្ម(ផលកម្ម) ជាការណ៍ដែលមិនអាចគេចរួច របស់សព្វសត្តនិកាយ។ ការចម្រើនធម៌ពិតប្រាកដ ជាការចម្រើន ដើម្បីឲ្យរួចពីការចម្រើន(កើត) និងការវិនាស(រលត់)គឺកម្ម។
mn 097 បាលី cs-km: sut.mn.097 អដ្ឋកថា: sut.mn.097_att PTS: ?
(ទី៧) ធនញ្ជានិសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. ធនញ្ជានិសុត្តំ)
[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសារីបុត្រមានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ គ្រានោះ មានភិក្ខុមួយរូប នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះ រួចហើយ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ឯទក្ខិណាគិរិជនបទ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹងព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងគួររីករាយហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៩០] ព្រះសារីបុត្រមានអាយុ បានសួរភិក្ខុនោះ ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនមានអាពាធ ទាំងមានព្រះកាយពលទេឬ។ ម្នាលអាវុសោ ព្រះមានព្រះភាគ មិនមានអាពាធ ទាំងមានព្រះកាយពលទេ។ ម្នាលអាវុសោ ចំណែកខាងភិក្ខុសង្ឃ មិនមានរោគ ទាំងមានកំឡាំងទេឬ។ ម្នាលអាវុសោ ភិក្ខុសង្ឃមិនមានរោគ ទាំងមានកំឡាំងដែរ។ ម្នាលអាវុសោ ក្នុងស្រុកតណ្ឌុលបាលទ្វារា1) ក្នុងក្រុងរាជគ្រឹះនុ៎ះ មានព្រាហ្មណ៍ឈ្មោះ ធនញ្ជានិ ម្នាលអាវុសោ ធនញ្ជានិព្រាហ្មណ៍ (នោះ) មិនមានរោគ ទាំងមានកំឡាំង ដែរឬ។ ម្នាលអាវុសោ ឯធនញ្ជានិព្រាហ្មណ៍ មិនមានរោគ ទាំងមានកំឡាំង ដែរ។ ម្នាលអាវុសោ ចុះធនញ្ជានិព្រាហ្មណ៍ មិនប្រហែសធ្វេសទេឬ។ ម្នាលអាវុសោ សេចក្តីមិនធ្វេសប្រហែស របស់ធនញ្ជានិព្រាហ្មណ៍ មានពីណា ម្នាលអាវុសោ ព្រោះធនញ្ជានិព្រាហ្មណ៍ អាងព្រះរាជា ក៏រឹបជាន់ពួកព្រាហ្មណ៍ និងគហបតី អាងពួកព្រាហ្មណ៍ និងគហបតី ក៏បោកប្រាស់ព្រះរាជា ឯភរិយារបស់គាត់ មានសទ្ធា ដែលគាត់នាំមកអំពីត្រកូលមានសទ្ធា នាងនោះ ក៏ធ្វើកាលកិរិយាទៅហើយ ភរិយាឯទៀត ដែលគាត់នាំមក អំពីត្រកូលមិនមានសទ្ធា ក៏ជាស្ត្រីមិនមានសទ្ធា។ ម្នាលអាវុសោ យើងបានឮថា ធនញ្ជានិព្រាហ្មណ៍ មានសេចក្តីប្រហែសធ្វេស ឈ្មោះថា បានឮដំណឹងមិនល្អហើយ ធ្វើដូចម្តេចហ្ន៎ យើងនឹងបានចួបធនញ្ជានិព្រាហ្មណ៍ម្តងទៅអេះ ធ្វើម្តេចហ្ន៎ នឹងបាននិយាយចរចាម្តងទៅអេះ។ ទើបព្រះសារីបុត្តមានអាយុ នៅតាមសប្បាយ ក្នុងទក្ខិណាគិរី ហើយចេញទៅកាន់ចារិក សំដៅទៅត្រង់ក្រុងរាជគ្រឹះ កាលត្រាច់ទៅកាន់ចារិក តាមលំដាប់ ក៏បានដល់ទៅក្រុងរាជគ្រឹះនោះ។
[៩១] សេចក្តីដំណាលថា ព្រះសារីបុត្រមានអាយុ នៅអាស្រ័យក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះ។ គ្រានោះ ព្រះសារីបុត្រមានអាយុ ស្លៀកស្បង់ ទ្រង់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ។ ចួនសម័យនោះឯង ធនញ្ជានិព្រាហ្មណ៍ ឲ្យពួកមនុស្សរូតទឹកដោះគោទាំងឡាយ ក្នុងឃ្នងគោ នាខាងក្រៅនគរ។ គ្រានោះ ព្រះសារីបុត្រមានអាយុ ចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រឡប់ពីបិណ្ឌបាត ក្នុងពេលខាងក្រោយនៃភត្ត ក៏ចូលទៅរកធនញ្ជានិព្រាហ្មណ៍។ ធនញ្ជានិព្រាហ្មណ៍ បានឃើញព្រះសារីបុត្រមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ ក៏ដើរចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ និយាយនឹងព្រះសារីបុត្រមានអាយុ យ៉ាងនេះថា បពិត្រព្រះសារីបុត្រដ៏ចំរើន សូមលោកនិមន្តមកណេះបន្តិច សូមព្រះសារីបុត្រ ឆាន់ទឹកដោះសិន ទម្រាំដល់ភត្តកាល។ ម្នាលព្រាហ្មណ៍ កុំឡើយ ថ្ងៃនេះ អាត្មាធ្វើភត្តកិច្ចរួចហើយ អាត្មានឹងទៅនៅសម្រាកក្នុងវេលាថ្ងៃ ឯម្លប់ឈើឯណោះ អ្នកត្រូវមកក្នុងទីនោះ។ ឯធនញ្ជានិព្រាហ្មណ៍ ក៏ទទួលស្តាប់ព្រះសារីបុត្រមានអាយុថា ករុណា លោកដ៏ចំរើន។ ពេលនោះ ធនញ្ជានិព្រាហ្មណ៍ បរិភោគក្នុងវេលាព្រឹករួចហើយ ដល់ពេលជាខាងក្រោយនៃភត្ត ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ ជាមួយព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យគួររាក់ទាក់ និងគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។
[៩២] ព្រះសារីបុត្រមានអាយុ បាននិយាយនឹងធនញ្ជានិព្រាហ្មណ៍ ដែលអង្គុយក្នុងទីសមគួរហើយ យ៉ាងនេះថា ម្នាលធនញ្ជានិ អ្នកជាបុគ្គលមិនប្រហែសធ្វេសទេឬ។ បពិត្រព្រះសារីបុត្រដ៏ចំរើន សេចក្តីមិនប្រហែសធ្វេសរបស់យើង នឹងមានមកពីណា ព្រោះយើងត្រូវចិញ្ចឹមមាតាបិតា ត្រូវចិញ្ចឹមកូនប្រពន្ធ ត្រូវចិញ្ចឹមខ្ញុំ និងបុរសអ្នកធ្វើការ ត្រូវធ្វើកិច្ចរបស់មិត្រអាមាត្យ ដល់ពួកមិត្រអាមាត្យ ត្រូវធ្វើកិច្ចរបស់ញាតិសាលោហិត ដល់ពួកញាតិសាលោហិត ត្រូវធ្វើកិច្ចរបស់ភ្ញៀវ ដល់ពួកភ្ញៀវ ត្រូវធ្វើកិច្ចរបស់បុព្វបេត ដល់ពួកបុព្វបេត ត្រូវធ្វើកិច្ចរបស់ទេវតា ដល់ពួកទេវតា ត្រូវធ្វើរាជកិច្ចដល់ព្រះរាជា សូម្បីកាយនេះ យើងក៏ត្រូវចិញ្ចឹមឲ្យធាត់ធំចំរើន។
[៩៣] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសគន្លងធម៌2) ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទៅទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ តើបុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាអ្នកប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា សូមកុំឲ្យពួកនិរយបាល ទង់ទាញខ្ញុំទៅនរកឡើយ ដូច្នេះបានដែរឬ ឬក៏មាតាបិតា អង្វរដើម្បីអ្នកនោះថា កូននោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល នាំយកវាទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្ត ដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏ពួកនិរយបាល នៅតែទម្លាក់បុគ្គល កំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៤] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុកូនប្រពន្ធ ពួកនិរយបាល ទង់ទាញបុគ្គលនុ៎ះ ទៅទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែកូនប្រពន្ធ សូមកុំឲ្យពួកនិរយបាល ទង់ទាញខ្ញុំទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ ឬក៏កូន និងប្រពន្ធអ្នកនោះអង្វរថា អ្នកនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទង់ទាញអ្នកនោះ ទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏គង់តែពួកនិរយបាល ទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៥] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុទាសៈ និងបុរសជាកម្មករ ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ សូមកុំឲ្យពួកនិរយបាល ទង់ទាញខ្ញុំទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ ឬក៏ទាសៈ និងបុរសជាកម្មករ របស់បុគ្គលនោះ គួរអង្វរថា ចៅហ្វាយខ្ញុំនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ចៅហ្វាយខ្ញុំនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៦] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមិត្រអាមាត្យទាំងឡាយ ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមិត្រអាមាត្យទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ យ៉ាងនេះ បានដែរឬ ឬក៏ពួកមិត្រអាមាត្យរបស់បុគ្គលនោះ គួរអង្វរថា អ្នកនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ យ៉ាងនេះ បានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៧] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុញាតិសាលោហិតទាំងឡាយ ពួកនិរយបាល ទង់ទាញអ្នកនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុញាតិសាលោហិតទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកញាតិសាលោហិត របស់អ្នកនោះ គួរអង្វរថា អ្នកនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ក្នុងនរកឡើយ យ៉ាងនេះ បានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏គង់តែពួកនិរយបាល ទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។
[៩៨] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុភ្ញៀវទាំងឡាយ ពួកនិរយបាល ទង់ទាញអ្នកនោះ ទៅទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកភ្ញៀវ របស់អ្នកនោះ គួរអង្វរថា អ្នកនុ៎ះឯង បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៩] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុបុព្វបេតៈទាំងឡាយ ពួកនិរយបាល ទង់ទាញមនុស្សនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុបុព្វបេតៈទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកបុព្វបេតៈ របស់អ្នកនោះ អង្វរថា មនុស្សនោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។
[១០០] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុទេវតាទាំងឡាយ ពួកនិរយបាល ទង់ទាញអ្នកនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតាទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកទេវតា របស់អ្នកនោះ គួរអង្វរថា បុគ្គលនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។
[១០១] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា ពួកនិរយបាល ក៏ទង់ទាញយកមនុស្សនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ មនុស្សនោះ ត្រូវបានពាក្យប្រកែកថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ដូច្នេះដែរឬ ឬក៏ព្រះរាជា របស់អ្នកនោះ ត្រូវបានសេចក្តីហាមប្រាមថា មនុស្សនោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើង សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ក្នុងនរកឡើយ ដូច្នេះដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។
[១០២] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែចិញ្ចឹមកាយ ឲ្យធំធាត់ចំរើន ពួកនិរយបាល ចាប់ទាញមនុស្សនោះ ទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ មនុស្សនោះ ត្រូវបានសេចក្តីអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ឬក៏ពួកមនុស្សឯទៀត របស់អ្នកនោះ ត្រូវបានសេចក្តីជួយអង្វរថា មនុស្សនោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ក្នុងនរកដែរ។
[១០៣] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតា និងបិតាទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌3) ប្រព្រឹត្តស្មើ ព្រោះហេតុតែមាតា និងបិតាទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុមាតាបិតា អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ និងការប្រព្រឹត្តិស្មើ ប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយដទៃ ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលពួកមនុស្ស អាចចិញ្ចឹមមាតាបិតាបានផង មិនធ្វើបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យកើតបុណ្យផង មានដែរតើ។
[១០៤] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះតែកូន និងប្រពន្ធក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែកូន និងប្រពន្ធក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែកូន និងប្រពន្ធ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន ចំណែកឯមនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែកូន និងប្រពន្ធ អំពើនោះឯង ទើបប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយដទៃ ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលពួកមនុស្សអាចចិញ្ចឹមកូន និងប្រពន្ធបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១០៥] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះតែទាសៈ និងបុរសជាកម្មករក្តី មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករក្តី តើអំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលពួកមនុស្ស អាចចិញ្ចឹមទាសៈ និងបុរសជាកម្មករបានផង មិនបាច់ធ្វើ នូវបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យបានបុណ្យផង មានដែរតើ។
[១០៦] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយ អំពើនោះឯង ទើបបានឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន ព្រោះថាការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយអាចធ្វើកិច្ចរបស់មិត្រអាមាត្យ ដល់មិត្រអាមាត្យបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យផង មានដែរតើ។
[១០៧] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្ត ដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ញាតិសាលោហិត ដល់ញាតិសាលោហិតបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យបានបុណ្យផង មានដែរតើ។
[១០៨] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ អំពើនោះ ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ភ្ញៀវ ដល់ភ្ញៀវទាំងឡាយបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១០៩] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្ត ដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយ អំពើនោះ ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់បុព្វបេតៈ ដល់បុព្វបេតៈទាំងឡាយបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១១០] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតាទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទេវតាទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតាទាំងឡាយ អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទេវតាទាំងឡាយ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ ការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ទេវតា ដល់ទេវតាទាំងឡាយបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១១១] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជាក្តី មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែព្រះរាជាក្តី តើអំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែព្រះរាជា អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើរាជការរបស់ព្រះរាជាបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១១២] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពើនោះ មិនប្រសើរ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរវិសេសជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចចិញ្ចឹមកាយ ឲ្យធាត់ធំចំរើនបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។ គ្រានោះ ធនញ្ជានិព្រាហ្មណ៍ ត្រេកអរ អនុមោទនា នូវភាសិតរបស់ព្រះសារីបុត្រមានអាយុ រួចក្រោកចាកអាសនៈ ហើយក៏ចៀសចេញទៅ។
[១១៣] លុះចំណេរកាលតមក ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់។ ទើបធនញ្ជានិព្រាហ្មណ៍ ហៅបុរសម្នាក់ មកនិយាយបង្គាប់ថា នែបុរសដ៏ចំរើន ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះបាទានៃព្រះមានបុណ្យ ហើយក្រាបបង្គំទូល តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគដោយត្បូង ដូច្នេះរួច ឯងចូរទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុ តាមពាក្យអញថា បពិត្រលោកដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុដោយត្បូង ដូច្នេះរួចហើយ ឯងទូលលោកយ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះសារីបុត្រមានអាយុ និមន្តទៅនិវេសនដ្ឋានរបស់ធនញ្ជានិព្រាហ្មណ៍ អាស្រ័យសេចក្តីអនុគ្រោះ។
[១១៤] បុរសនោះ ក៏ទទួលពាក្យរបស់ធនញ្ជានិព្រាហ្មណ៍ថា បាទអ្នកដ៏ចំរើន យ៉ាងនេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានបុណ្យដោយត្បូង ដូច្នេះរួចហើយ ចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្រមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះសារីបុត្តមានអាយុថា បពិត្រលោកដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុដោយត្បូង មួយទៀត គាត់មានប្រសាសន៍យ៉ាងនេះថា សូមឱកាស បពិត្រលោកដ៏ចំរើន សូមព្រះសារីបុត្រមានអាយុ និមន្តចូលទៅនិវេសនដ្ឋាន របស់ធនញ្ជានិព្រាហ្មណ៍ អាស្រ័យសេចក្តីអនុគ្រោះ។ ព្រះសារីបុត្រមានអាយុ ក៏ទទួលដោយតុណ្ហីភាព។
[១១៥] លំដាប់នោះ ព្រះសារីបុត្រមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ចូលទៅនិវេសនដ្ឋានរបស់ធនញ្ជានិព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុកប្រគេន។ លុះព្រះសារីបុត្រមានអាយុគង់ហើយ ក៏និយាយនឹងធនញ្ជានិព្រាហ្មណ៍ យ៉ាងនេះថា នែធនញ្ជានិ (យន្ត គឺសរីរៈដែលមានចក្រ៤ មានទ្វារ៩) អ្នកអត់សង្កត់បានទេឬ អ្នកឲ្យប្រព្រឹត្តទៅបានស្រួលបួលឬទេ ទុក្ខវេទនាស្រាកស្រាន្ត មិនរឹតឡើងទេឬ ប្រាកដជាសះស្បើយ មិនរឹតចំរើនឡើងទេឬ។
[១១៦] ធនញ្ជានិព្រាហ្មណ៍ទូលថា បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្ត ដែលមានចក្រ៤ មានទ្វារ៩ ខ្ញុំព្រះករុណាអត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណារឹតតែចំរើនឡើង មិនស្រាកស្រាន្តទេ មានតែចំរើនឡើង មិនប្រាកដជាស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំង ចាក់ក្បាលដោយដែកស្រួចដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន ខ្យល់ទាំងឡាយដ៏ខ្លាំងហួសប្រមាណ ចាក់ដោតនូវក្បាលខ្ញុំព្រះករុណា ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនមានធូរថយទេ ចេះតែចំរើនឡើង មិនមានស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំង យកព្រ័ត្រដ៏មាំ មកត្របែងក្បាល យ៉ាងណា បពិត្រព្រះសារីបុត្រ ដ៏ចំរើន សីសវេទនា ក្នុងក្បាលខ្ញុំ ខ្លាំងហួសប្រមាណ ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនធូរថយទេ មានតែចំរើនឡើង មិនស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោ ដ៏ឈ្លាសវៃ វះពោះគោនឹងកាំបិតសំរាប់អារគោដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន ខ្យល់ទាំងឡាយ ខ្លាំងហួសប្រមាណ ក៏អារពោះខ្ញុំព្រះករុណា យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានស្រួលបួលទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនបានធូរថយទេ មានតែចំរើនឡើង មិនស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំងពីរនាក់ ចាប់បុរសខ្សោយជាង ត្រង់ដើមដៃទាំងពីរ ហើយឆ្អើររោលកំដៅលើរងើកភ្លើង យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន សេចក្តីក្តៅ អន្ទះអន្ទែង ក្នុងកាយ របស់ខ្ញុំព្រះករុណា ក៏ហួសប្រមាណ យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនអន់ថយសោះ មានតែចំរើនខ្លាំងឡើង ឥតស្រាកស្រាន្តទេ។
[១១៧] ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច នរកក្តី កំណើតតិរច្ឆានក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន កំណើតតិរច្ឆាន ប្រសើរជាងនរក។ ម្នាលធនញ្ជានិ អ្នកសំគាល់ហេតុនោះ ដូចម្តេច កំណើតតិរច្ឆានក្តី បិត្តិវិស័យក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន បិត្តិវិស័យ ប្រសើរជាងកំណើតតិរច្ឆាន។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បិត្តិវិស័យក្តី ពួកមនុស្សក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកមនុស្ស ប្រសើរជាងបិត្តិវិស័យ។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកមនុស្សក្តី ពួកទេវតា ដែលនៅក្នុងឋានចាតុម្មហារាជិកៈក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកចាតុម្មហារាជិកទេវតា ប្រសើរជាងពួកមនុស្ស។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកចាតុម្មហារាជិកទេវតាក្តី ពួកតាវត្តឹសទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកតាវត្តឹសទេវតា ប្រសើរជាងពួកចាតុម្មហារាជិកទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់ហេតុនោះ ដូចម្តេច ពួកតាវត្តឹសទេវតាក្តី ពួកយាមទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកយាមទេវតា ប្រសើរជាងពួកតាវត្តឹសទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកយាមទេវតាក្តី ពួកតុសិតទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកតុសិតទេវតា ប្រសើរជាងពួកយាមទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកតុសិតទេវតាក្តី ពួកនិម្មានរតិទេវតាក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកនិម្មានរតិទេវតា ប្រសើរជាងពួកតុសិតទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកនិម្មានរតិទេវតាក្តី ពួកបរនិម្មិតវសវត្តិទេវតាក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកបរនិម្មិតវសវត្តិទេវតា ប្រសើរជាងពួកនិម្មានរតិទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកបរនិម្មិតវសវត្តិទេវតាក្តី ព្រហ្មលោកក្តី ណាប្រសើរជាង។ ព្រះសារីបុត្រដ៏ចំរើន សំដែងថាព្រហ្មលោក ព្រះសារីបុត្រដ៏ចំរើន សំដែងថាព្រហ្មលោក។ គ្រានោះ ព្រះសារីបុត្រមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ ចុះចិត្តស៊ប់តែនឹងព្រហ្មលោក បើដូច្នោះ គួរតែអញសំដែងផ្លូវ ដើម្បីឲ្យបានកើតរួមនឹងព្រហ្មទាំងឡាយ ដល់ធនញ្ជានិព្រាហ្មណ៍ចុះ។ ទើបព្រះថេរៈសំដែងថា នែធនញ្ជានិ អាត្មានឹងសំដែងផ្លូវដើម្បីបានកើតរួមនឹងព្រហ្មទាំងឡាយ អ្នកចូរស្តាប់រឿងនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យស្រួលចុះ អាត្មានឹងសំដែងប្រាប់។ ធនញ្ជានិព្រាហ្មណ៍ ទទួលស្តាប់ព្រះសារីបុត្រមានអាយុថា ព្រះករុណាលោកដ៏ចំរើន។
[១១៨] ព្រះសារីបុត្រមានអាយុ ក៏សំដែងយ៉ាងនេះថា ម្នាលធនញ្ជានិ ផ្លូវប្រព្រឹត្តទៅ ដើម្បីកើតរួមនឹងព្រហ្មទាំងឡាយ តើដូចម្តេច ម្នាលធនិញ្ជានិ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា ទិសខាងលើ ទិសខាងក្រោម ទិសទទឹងក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសទាំងពួង ដោយយកខ្លួន ប្រៀបនឹងសត្វទាំងពួង ម្នាលធនញ្ជានិ នេះឯង ជាផ្លូវប្រព្រឹត្តទៅ ដើម្បីកើតរួមនឹងព្រហ្មទាំងឡាយ ម្នាលធនញ្ជានិ មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា…. មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសទាំងពួង ដោយយកខ្លួន ទៅប្រៀបនឹងសត្វទាំងពួង ម្នាលធនញ្ជានិ នេះឯង ក៏ជាផ្លូវប្រព្រឹត្តដើម្បីកើតរួមនឹងពួកព្រហ្ម។ ធនញ្ជានិផ្តាំថា បពិត្រព្រះសារីបុត្រដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ ក្រាបថ្វាយបង្គំព្រះបាទាព្រះមានបុណ្យដោយត្បូង តាមពាក្យរបស់ខ្ញុំព្រះករុណាថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទា នៃព្រះមានបុណ្យដោយត្បូង។
[១១៩] គ្រានោះ ព្រះសារីបុត្រមានអាយុ កាលបើមានកិច្ច ដែលលោកត្រូវធ្វើតទៅទៀត ក៏ញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈ ហើយក៏ចេញទៅ។ គ្រានោះឯង ធនញ្ជានិព្រាហ្មណ៍ កាលបើព្រះសារីបុត្រមានអាយុ និមន្តចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាល ហើយទៅកើតឯព្រហ្មលោក។ គ្រានោះ ព្រះមានបុណ្យ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រនុ៎ះ កាលបើមានកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ក៏ញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈ ចេញមក។
[១២០] គ្រានោះ ព្រះសារីបុត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទា នៃព្រះមានព្រះភាគ ដោយត្បូង។ ព្រះមានព្រះភាគ ត្រាស់សួរថា ហៃសារីបុត្រ កាលបើកិច្ចដែលអ្នកត្រូវធ្វើតទៅទៀតនៅមាន ហេតុម្តេច ក៏អ្នកញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈចេញមក។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ មានចិត្តជឿស៊ប់នឹងព្រហ្មលោក បើដូច្នោះ គួរតែខ្ញុំព្រះអង្គ សំដែងផ្លូវប្រព្រឹត្តទៅ ដើម្បីកើតរួមនឹងពួកព្រហ្ម ដល់ធនញ្ជានិព្រាហ្មណ៍ចុះ។ ហៃសារីបុត្រ ធនញ្ជានិព្រាហ្មណ៍ស្លាប់ហើយ ទៅកើតឯព្រហ្មលោកហើយ។
ចប់ ធនញ្ជានិសូត្រ ទី៧។