User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.099



សុភសូត្រ ទី៩

សង្ខេប

សុភ​មាណព ជា​បុត្រ​តោទេយ្យ​ព្រាហ្មណ៍ បាន​ចូល​​គាល់​ព្រះ​មាន​ព្រះ​ភាគ​ រួច​សួរ​នូវ​សំនួរ​២ ដែល​ជា​​ទិដ្ឋិ​​របស់​ពួក​ព្រាហ្មណ៍​

តើ​​គ្រហស្ថ​​ និង​បព្វជិត​ មួយ​ណា​ងាយ​ស្រួល​ក្នុង​ការ​បំពេញ​​នូវ​កុសល​ធម៌​បាន? តើ​​ការ​បញ្ញត្ត​នូវ​ធម៌ ទាំង​៥ប្រការ​​របស់​ព្រាហ្មណ៍​ និង​​ព្រះ​ពុទ្ធ​ខុស​គ្នា​ដូច​ម្ដេច?

mn 099 បាលី cs-km: sut.mn.099 អដ្ឋកថា: sut.mn.099_att PTS: ?

(ទី៩) សុភសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៩. សុភសុត្តំ)

[១២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង សុភមាណព ជាបុត្រ តោទេយ្យព្រាហ្មណ៍ អាស្រ័យនៅក្នុង និវេសន៍ របស់គហបតីម្នាក់ ក្នុងក្រុងសាវត្ថី ដោយកិច្ច​ដែលត្រូវធ្វើណានីមួយ។ កាលដែលសុភមាណព ជាបុត្ររបស់តោទេយ្យ​ព្រាហ្មណ៍ អាស្រ័យនៅក្នុងនិវេសន៍ របស់គហបតីណា ក៏ពោលពាក្យនេះ នឹងគហបតី​នោះថា ម្នាលគហបតី ខ្ញុំបានឮពាក្យនេះថា ក្រុងសាវត្ថី មិនស្ងាត់ចាកព្រះអរហន្ត​ទាំង​ឡាយឡើយ ក្នុងថ្ងៃនេះ គួរយើងទាំងពីរនាក់ ចូលទៅអង្គុយជិតសមណៈ ឬព្រាហ្មណ៍​ណាហ្ន៎។ គហបតី ឆ្លើយថា បពិត្រអ្នកដ៏ចំរើន ព្រះមានព្រះភាគនេះ គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី បពិត្រអ្នកដ៏ចំរើន សូមអ្នក​ចូលទៅអង្គុយជិត ព្រះមានព្រះភាគនោះចុះ។

[១២៧] លុះសុភមាណព ជាបុត្រតោទេយ្យ​ព្រាហ្មណ៍ ទទួលពាក្យរបស់គហបតី​នោះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់​ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរ​រីករាយ និងពាក្យ​ដែលគួរ​រលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុភមាណព ជាបុត្រតោទេយ្យ​ព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ច្រើន និយាយគ្នា យ៉ាងនេះថា គ្រហស្ថ ទើបជាអ្នក​បំពេញនូវហេតុ គឺកុសលធម៌បាន ឯបព្វជិត បំពេញនូវហេតុ គឺកុសលធម៌​មិនបានឡើយ ដូច្នេះ តើក្នុងសេចក្តីនេះ ព្រះគោតមដ៏ចំរើន នឹងទ្រង់ត្រាស់ថាដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាណព ក្នុងសេចក្តីនេះ តថាគត ជាអ្នក​ពោលញែក ក្នុងសេចក្តីនេះ តថាគត មិនបានពោលដោយចំណែក​មួយទេ ម្នាលមាណព តថាគត ពណ៌នានូវសេចក្តីប្រតិបត្តិខុស របស់គ្រហស្ថខ្លះ របស់បព្វជិត​ខ្លះ ម្នាលមាណព ព្រោះថា គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ នឹងហៅថា ជាអ្នក​បំពេញនូវហេតុ គឺកុសលធម៌ ព្រោះហេតុប្រតិបត្តិខុស មិនបានឡើយ ម្នាលមាណព តថាគតពណ៌នា នូវសេចក្តីប្រតិបត្តិត្រូវ របស់គ្រហស្ថខ្លះ របស់បព្វជិតខ្លះ ព្រោះថា គ្រហស្ថក្តី​ បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ ហៅថា ជាអ្នកបំពេញនូវហេតុ គឺកុសលធម៌​ ព្រោះហេតុប្រតិបត្តិត្រូវនោះបាន។

[១២៨] សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ ​និយាយ​យ៉ាងនេះថា ហេតុជាទីតាំងនៃការងារ របស់ឃរាវាសនេះ មានសេចក្តីត្រូវការ​ច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន ទើបមានផល​ច្រើន ឯហេតុជាទីតាំង នៃការងាររបស់បព្វជ្ជានេះ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច ទើបមានផលតិច ដូច្នេះ តើក្នុងសេចក្តី​នេះ ព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ថាដូចម្តេច។ ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ក្នុងសេចក្តីនេះ តថាគត ជាបុគ្គលពោលញែក ក្នុងសេចក្តីនេះ តថាគត មិនបាន​ពោល​ដោយចំណែក​មួយឡើយ ម្នាលមាណព ហេតុជាទីតាំង នៃការងារ មានសេចក្តី​ត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើមិនសម្រេច មានផលតិចក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច មានផលច្រើនក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើមិនសម្រេច បានផលតិចក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបានសម្រេច បានផលច្រើនក៏មាន។

[១២៩] ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើមិនសម្រេច បានផលតិចក៏មាន តើដូចម្តេចខ្លះ ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការភ្ជួរ​រាស់ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើមិនសម្រេច តែងមានផលតិច។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច តែងមានផលច្រើន តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការភ្ជួររាស់នេះឯង មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច តែងមាន​ផលច្រើន។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺ​ការលក់ដូរនេះ​ឯង មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀប​តិច កាលបើមិនសម្រេច តែងមានផលតិច។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការលក់ដូរនេះឯង មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន។

[១៣០] ម្នាលមាណព ហេតុជាទីតាំងនៃការងារ របស់ឃរាវាស មានសេចក្តី​ត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀបច្រើន កាលបើមិនសម្រេច តែងមានផលតិច ដូចហេតុជាទីតាំង នៃកសិកម្ម គឺការភ្ជួររាស់ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើមិនសម្រេច តែងមានផលតិច ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំងនៃ​ការងារ របស់ឃរាវាស មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច តែងមានផលច្រើន ដូចហេតុជាទីតាំង នៃកសិកម្ម ដែលមានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​​ប្រុងប្រៀប​ច្រើន កាលបើបានសម្រេច តែងមានផលច្រើន ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំង នៃបព្វជ្ជាកម្ម គឺការបួស មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច ដូចហេតុជាទីតាំង នៃពាណិជ្ជកម្ម គឺ​ការលក់ដូរ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀប​តិច កាលបើមិនសម្រេច តែងមានផលតិច ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំង​ នៃបព្វជ្ជាកម្ម មានសេចក្តី​ត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបាន​សម្រេច តែងមានផលច្រើន ដូចហេតុជាទីតាំង នៃពាណិជ្ជកម្ម ដែលមាន​សេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន ដូច្នោះឯង។

[១៣១] សុភមាណពក្រាបទូលថា​ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌៥យ៉ាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាណព ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌៥យ៉ាង ណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បើអ្នកមិនទើសទាល់ទេ ចូរអ្នកពោល​ ធម៌ ទាំង៥នោះ ក្នុងបរិស័ទ​នេះ មកមើល។ បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គក្តី អ្នកប្រាជ្ញប្រហែលនឹង​ព្រះអង្គក្តី គង់​ក្នុងទីណា ទីនោះឈ្មោះថា មិនទើសទាល់ (ដល់ខ្ញុំព្រះអង្គ)។ ម្នាលមាណព បើដូច្នោះ អ្នកចូរពោលចុះ។

[១៣២] សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី១ គឺវចីសច្ចៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតម​ ដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី២ គឺតបៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៣ គឺព្រហ្មចរិយៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៤ គឺការបង្រៀនមន្ត ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៥ គឺចាគៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្តធម៌ ទាំង៥នេះ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ដូច្នេះ តើក្នុងសេចក្តី​នេះ ព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ថាដូចម្តេច។

[១៣៣] ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ ចុះ​មានព្រាហ្មណ៍ណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ បាននិយាយ យ៉ាងនេះថា យើងបានធ្វើ​ឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាស​ផល ដូច្នេះ មានដែរឬទេ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម​ដ៏ចំរើន មិនមានទេ។ ម្នាលមាណព បណ្តា​ព្រាហ្មណ៍​ទាំងឡាយ ចុះមានព្រាហ្មណ៍ណា​មួយ ជាអាចារ្យម្នាក់ក្តី ជាអាចារ្យប្រធានលើអាចារ្យម្នាក់ក្តី ដរាបអំពីជួរ​នៃអាចារ្យ​ជាគំរប់៧មក បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាស​ផល ដូច្នេះ មានដែរឬទេ។ បពិត្រព្រះគោតម​ដ៏ចំរើន មិនមានទេ។ ម្នាលមាណព ចុះពួកឥសី ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយ​មន្ត ដល់ពួកព្រាហ្មណ៍ ពួកព្រាហ្មណ៍ឥឡូវនេះ តែងស្វាធ្យាយតាមបទមន្ត ជារបស់ចាស់ ដែលធ្លាប់ច្រៀង ធ្លាប់ប្រព្រឹត្ត ធ្លាប់ផ្សំមកនោះ តែងសូត្រ​តាមបទមន្តនោះ តែងពោលតាមបទ​មន្ត ដែលពួកឥសីពោលមកហើយ តែងបង្រៀនតាមបទ​មន្ត ដែលពួកឥសី​បង្រៀនមកហើយ ដូចជាឥសីឈ្មោះ អដ្ឋកៈ ១ ឈ្មោះ វាមកៈ ១ ឈ្មោះ វាមទេវៈ ១ ឈ្មោះ វេស្សាមិត្តៈ ១ ឈ្មោះ យមតគ្គិ ១ ឈ្មោះ អង្គីរសៈ ១ ឈ្មោះ ភារទ្វាជៈ ១ ឈ្មោះ វាសេដ្ឋៈ ១ ឈ្មោះ កស្សបៈ ១ ឈ្មោះ ភគុ ១ ឥសីទាំងនោះ បានពោលហើយ​យ៉ាងនេះថា ពួកយើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះ​ មានដែរឬទេ។ ​ បពិត្រ​ព្រះគោតម​ដ៏ចំរើន មិនមានទេ។

[១៣៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ មិន​មានព្រាហ្មណ៍ណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ បាននិយាយ យ៉ាងនេះថា យើងបានធ្វើ​ឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ ទាំង៥នេះ ដោយខ្លួនឯង ទើបប្រកាស​ផល ដូច្នេះទេ បណ្តា​ព្រាហ្មណ៍​ទាំងឡាយ មិនមានព្រាហ្មណ៍ណា​មួយ ជាអាចារ្យម្នាក់ក្តី ជាអាចារ្យ​ប្រធាន​លើអាចារ្យម្នាក់ក្តី ដរាបអំពីជួរ​ នៃអាចារ្យជាគំរប់៧មក បាននិយាយ​ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ​ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាស​ផល ដូច្នេះទេ ពួកឥសី ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយ​មន្ត ដល់ពួកព្រាហ្មណ៍ ពួកព្រាហ្មណ៍ឥឡូវនេះ តែងស្វាធ្យាយតាមបទមន្ត ជារបស់ចាស់ ដែលធ្លាប់ច្រៀងមក ធ្លាប់ប្រព្រឹត្តមក ធ្លាប់ផ្សំមកនោះ តែងសូត្រ​តាម​បទ​មន្ត​នោះ តែងពោលតាមបទ​មន្ត ដែលពួកឥសីពោលមកហើយ តែងបង្រៀនតាមបទ​មន្ត ដែលពួកឥសី​បង្រៀនមកហើយ ដូចជាឥសីឈ្មោះ អដ្ឋកៈ១ ឈ្មោះវាមកៈ១ ឈ្មោះវាមទេវៈ១ ឈ្មោះវេស្សាមិត្តៈ១ ឈ្មោះយមតគ្គិ១ ឈ្មោះអង្គីរសៈ១ ឈ្មោះភារទ្វាជៈ១ ឈ្មោះវាសេដ្ឋៈ១ ឈ្មោះកស្សបៈ១ ឈ្មោះភគុ១ ពួកឥសីទាំងនោះ ក៏មិនបានពោលយ៉ាងនេះថា ពួកយើង បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌​ទាំង៥នេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះទេ ម្នាលមាណព មនុស្សខ្វាក់​ទាំងជួរ ដើរដឹកដៃគ្នា អ្នកមុខក៏មើលមិនឃើញ អ្នកកណ្តាល ក៏មើលមិនឃើញ អ្នកក្រោយ ក៏មើល​មិនឃើញ យ៉ាងណា ម្នាលមាណព ភាសិតសម្រេចដល់ពួកព្រាហ្មណ៍ ក៏មាន​ទំនង ប្រៀបដូចមនុស្សខ្វាក់ទាំងជួរ អ្នកមុខក៏មើលមិនឃើញ អ្នកកណ្តាល ក៏មើលមិនឃើញ អ្នកក្រោយ ក៏មើល​មិនឃើញ យ៉ាងនោះឯង។

[១៣៥] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្រ​របស់តោទេយ្យព្រាហ្មណ៍ ដែលត្រូវព្រះមានព្រះភាគ ត្រាស់ឧបមាថា ដូចជាមនុស្សខ្វាក់​ទាំងជួរ ក៏ខឹង អាក់អន់ចិត្ត ជេរព្រះមានព្រះភាគ ប្រទេចព្រះមានព្រះភាគ និយាយនឹង​ព្រះមានព្រះភាគថា ព្រះសមណគោតម ធ្វើអាត្មាអញឲ្យមានសេចក្តីអាក្រក់ ដូច្នេះ​ហើយ ក៏និយាយនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍​ឈ្មោះបោក្ខរសាតិ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) បាន​ពោល​យ៉ាងនេះថា សមណព្រាហ្មណ៍ពួកខ្លះ ប្តេជ្ញានូវឧត្តរិមនុស្សធម៌ ដែល​ជាគុណ​វិសេស គួរឃើញដោយញាណ ដ៏ប្រសើរ យ៉ាងនេះឯង ភាសិតរបស់សមណព្រាហ្មណ៍​ទាំងនោះ នាំឲ្យតែគេសើចលេង នាំឲ្យតែអាក្រក់ឈ្មោះ ជារបស់នាំឲ្យឥតប្រយោជន៍ សោះសូន្យទទេ ព្រោះថា ធម្មតា មនុស្សនឹងដឹង ឬនឹងឃើញ ឬនឹងធ្វើ​ឲ្យច្បាស់ នូវ​ឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញ ដោយញាណដ៏ប្រសើរ ដូចម្តេចបាន ការណ៍ដូច្នេះនេះ មិនមានឡើយ។ ម្នាលមាណព ចុះបោក្ខរសាតិព្រាហ្មណ៍ ជា​ឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) នឹងកំណត់ដឹង​ចិត្ត​ របស់​ពួកសមណព្រាហ្មណ៍ទាំងអស់ ដោយចិត្តរបស់ខ្លួន​បានឬទេ។ បពិត្រ​ព្រះគោតមដ៏ចំរើន អម្បាលនាងបុណ្ណា ជាទាសីរបស់គាត់ ក៏បោក្ខរសាតិព្រាហ្មណ៍ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) កំណត់ដឹងចិត្ត ដោយចិត្តរបស់ខ្លួនមិន​បានទៅ​ហើ់យ នឹងកំណត់ដឹងចិត្ត របស់សមណព្រាហ្មណ៍ទាំងអស់ ដោយចិត្ត​ខ្លួន​ឯង ឯណាបាន។

[១៣៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ដូច​បុរសខ្វាក់​អំពីកំណើត មិនធ្លាប់ឃើញរូបខ្មៅ ឬស មិនធ្លាប់ឃើញរូបខៀវ មិនធ្លាប់ឃើញរូបលឿង មិនធ្លាប់​ឃើញរូបក្រហម មិនធ្លាប់ឃើញរូបហង្សបាទ មិនធ្លាប់ឃើញទីស្មើ និងមិនស្មើ មិនធ្លាប់ឃើញរូបផ្កាយ និងព្រះចន្ទ ព្រះអាទិត្យទាំងឡាយ ក៏និយាយ​យ៉ាងនេះថា រូបខ្មៅ និងស ក៏មិនមាន បុគ្គលដែល​ជាអ្នកឃើញរូបខ្មៅ និងស ក៏មិនមាន រូបខៀវ ក៏មិនមាន បុគ្គលដែល​ជាអ្នកឃើញរូបខៀវ ក៏មិនមាន រូបលឿង ក៏មិនមាន បុគ្គលដែលជាអ្នក​ឃើញ​រូបលឿង ក៏មិនមាន រូបក្រហម​ក៏មិនមាន បុគ្គលដែល​ជាអ្នកឃើញរូបក្រហម ក៏មិនមាន រូបហង្សបាទ ក៏មិនមាន បុគ្គលដែល​ជាអ្នកឃើញរូបហង្សបាទ ក៏មិនមាន ទីដែលស្មើ និងមិនស្មើ ក៏មិនមាន បុគ្គលដែលជាអ្នកឃើញទីស្មើ និងមិនស្មើ​ ក៏​មិនមាន រូបផ្កាយក៏មិនមាន បុគ្គលដែលជាអ្នកឃើញរូបផ្កាយ ក៏មិនមាន ព្រះចន្ទ ព្រះអាទិត្យក៏មិនមាន បុគ្គលដែលជាអ្នកឃើញព្រះចន្ទ ព្រះអាទិត្យ​ក៏មិនមាន អាត្មាអញ មិនស្គាល់​របស់នុ៎ះ អាត្មាអញ មិនឃើញរបស់នុ៎ះ ព្រោះហេតុនុ៎ះ របស់​នោះ​មិនមានឡើយ ម្នាលមាណព បុរសនោះ កាលនិយាយ​ដូច្នេះ តើឈ្មោះថា និយាយ​ត្រូវដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនត្រូវទេ ព្រោះថា រូបខ្មៅ និងស ក៏មាន បុគ្គលដែល​ជាអ្នកឃើញរូបខ្មៅ និងសក៏មាន រូបខៀវក៏មាន បុគ្គលដែលជាអ្នក​ឃើញរូបខៀវក៏មាន រូបលឿងក៏មាន បុគ្គលដែលជាអ្នកឃើញ​រូបលឿង ក៏មាន រូបក្រហមក៏មាន បុគ្គលដែលជាអ្នកឃើញ​រូបក្រហមក៏មាន រូប​ហង្សបាទក៏មាន បុគ្គលដែលជាអ្នកឃើញ​រូបហង្សបាទក៏មាន ទីដែលស្មើ និង​មិនស្មើ​ក៏មាន បុគ្គលដែលជាអ្នកឃើញទីដែលស្មើ និងមិនស្មើក៏មាន រូបផ្កាយក៏មាន បុគ្គលដែលជាអ្នកឃើញ​រូបផ្កាយ ក៏មាន ព្រះចន្ទ ព្រះអាទិត្យក៏មាន បុគ្គលដែលជាអ្នកឃើញ​ព្រះចន្ទ និងព្រះអាទិត្យក៏មាន បពិត្រ​ព្រះគោតមដ៏ចំរើន បុរសនោះ កាលពោលដោយត្រឹមត្រូវ មិនគប្បីពោលថា ខ្ញុំមិនស្គាល់​របស់នោះ ខ្ញុំ​មិនឃើញ នូវ​របស់នោះ ព្រោះហេតុដូច្នោះ របស់នោះ មិនមានឡើយ ដូច្នេះទេ។ ម្នាល​មាណព សេចក្តីនេះ មានឧបមេយ្យ ដូចបោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) ជាបុគ្គលខ្វាក់ មិនមាន​ចក្ខុ យ៉ាងនោះឯង គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវ​ឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញដោយញាណ ដ៏ប្រសើរបាន ការណ៍​ដូច្នេះនេះ មិនមានឡើយ។

[១៣៧] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់​នូវហេតុ​នោះ ដូចម្តេច បើព្រាហ្មណមហាសាលណាមួយ ដែលនៅក្នុងកោសលជនបទ ដូចជា​ចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុស្សោណិព្រាហ្មណ៍ ឬតោទេយ្យព្រាហ្មណ៍ ជាបិតារបស់អ្នកឯង គប្បីពោលវាចាណា តាមលោក​វោហារ​ក្តី ពោលវាចាណា មិនតាមលោកវោហារក្តី តើវាចាដូចម្តេច របស់ព្រាហ្មណ​មហាសាល​ទាំងនោះ ដែលជាវាចាប្រសើរជាងគេ។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលពោលតាម​លោកវោហារ ជាវាចាប្រសើរ។ ព្រាហ្មណ៍​ទាំងនោះ ត្រិះរិះហើយ ពោលវាចាក្តី មិនបានត្រិះរិះ ហើយពោលវាចាក្តី តើវាចា​របស់ពួកព្រាហ្មណ៍ទាំងនោះ ណាប្រសើរ​ជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែល​ត្រិះរិះហើយពោល ប្រសើរជាង។ ព្រាហ្មណ៍​ទាំងនោះ ដឹងហើយ ពោលវាចាក្តី មិនដឹង ហើយពោលវាចាណាក្តី តើវាចា​របស់​ព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចា​ដែលព្រាហ្មណ៍​ទាំងនោះ​ដឹងហើយពោល ប្រសើរជាង។ ព្រាហ្មណ៍ទាំងនោះ ពោលវាចាណា ដែល​ប្រកបដោយប្រយោជន៍ក្តី មិនប្រកប​ដោយប្រយោជន៍ក្តី តើវាចារបស់ព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលព្រាហ្មណ៍ទាំងនោះ ពោលប្រកបដោយ​ប្រយោជន៍ (ប្រសើរជាង)។

[១៣៨] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់​សេចក្តី​នោះដូចម្តេច កាលបើហេតុយ៉ាងនេះមាន វាចាដែលបោក្ខរសាតិព្រាហ្មណ៍ ជា​ឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ពោលតាមលោក​វោហារ ឬមិនពោល​តាមលោកវោហារទេ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ ពោលតាមលោកវោហារ។ បោក្ខរសាតិព្រាហ្មណ៍ ពិចារណា​ហើយ​ពោលវាចា ឬមិនបានពិចារណា ហើយពោលវាចា។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ មិនបានពិចារណាទេ។ បោក្ខរសាតិព្រាហ្មណ៍ ដឹងហើយ ​ពោលវាចា ឬមិនបានដឹង ហើយពោលវាចា។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ មិនបានដឹងទេ។ បោក្ខរសាតិព្រាហ្មណ៍ ពោលវាចា​ប្រកបដោយប្រយោជន៍ ឬមិនបានប្រកបដោយ​ប្រយោជន៍ទេ។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ ពោលវាចាមិនប្រកបដោយប្រយោជន៍ទេ។

[១៣៩] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព នីវរណធម៌ទាំងនេះ មាន៥​ប្រការ នីវរណធម៌ ៥ប្រការនោះ ដូចម្តេចខ្លះ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ម្នាលមាណព នីវរណធម៌​មាន៥ប្រការនេះឯង។ ម្នាលមាណព បោក្ខរសាតិព្រាហ្មណ៍ ជា​ឱបម្មញ្ញគោត្រ ជាធំ​ក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ត្រូវនីវរណធម៌ ៥ប្រការនេះឯង មក​បិទបាំង រាំងរា ព័ន្ធព័ទ្ធ រួបរឹតហើយ គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេសគួរឃើញ ដោយញាណដ៏ប្រសើរ ការណ៍​ដូច្នេះនេះ មិនមានឡើយ។

[១៤០] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព កាមគុណទាំងឡាយនេះ មាន៥ប្រការ កាមគុណ ៥ប្រការនោះ ដូចម្តេចខ្លះ គឺរូបារម្មណ៍ គប្បីដឹងដោយចក្ខុ​បសាទ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ​កាម គួរ​ឲ្យកើតតម្រេក១ សទ្ធារម្មណ៍ ដែលគប្បីដឹងដោយសោតបសាទ១។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយឃានបសាទ…១ រសារម្មណ៍ ដែលគប្បីដឹងដោយជីវហាបសាទ…១ ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយបសាទ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ​កាម គួរ​ឲ្យកើតតម្រេក១ ម្នាលមាណព កាមគុណ​មាន ៥ប្រការនេះឯង។ ម្នាលមាណព បោក្ខរសាតិព្រាហ្មណ៍ ជា​ឱបម្មញ្ញគោត្រ ជាធំក្នុង​សុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ចំពាក់ចិត្ត ងប់ចិត្ត លង់គំនិត ដោយកាមគុណ ទាំង៥ប្រការនេះឯង ជាអ្នកមិនឃើញទោស មិនមានបញ្ញា ជាគ្រឿង​រលាស់ចេញ (ចាកភព) តែងបរិភោគ (នូវកាមគុណនោះ) គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យ​ជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែល​ជាគុណវិសេស គួរឃើញដោយញាណដ៏​ប្រសើរ ការណ៍ ដូច្នេះនេះ មិនមានឡើយ។

[១៤១] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់​ហេតុនោះ ដូចម្តេច បុគ្គលបង្កាត់ភ្លើងឲ្យឆេះឡើង ព្រោះអាស្រ័យស្មៅ និងឧស ជាកំញមណាក្តី បង្កាត់ភ្លើង​ឲ្យឆេះឡើង ព្រោះមិនអាស្រ័យស្មៅ និងឧស ជាកំញមណាក្តី ភ្លើងណាហ្ន៎ ដែល​មានអណ្តាត មានពណ៌ មានពន្លឺ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន បើហេតុនោះ មានទំនងដើម្បីនឹងឲ្យភ្លើង ដែលមិនអាស្រ័យស្មៅ និងឧស ឆេះឡើង​បាន ភ្លើងនោះ ទើបមានអណ្តាត មានពណ៌ មានពន្លឺ។ ម្នាលមាណព ឥតមានហេតុ ឥត​មានបច្ច័យណា ឲ្យបុគ្គល​បង្កាត់ភ្លើង ដែលមិនអាស្រ័យស្មៅ និងឧស ជាកំញម ឲ្យឆេះ​ឡើងបានឡើយ វៀរលែងតែបុគ្គល​មានឫទ្ធិ ម្នាលមាណព ភ្លើងអាស្រ័យស្មៅ និងឧស​ជាកំញម ទើបឆេះឡើងបាន ដូចម្តេចមិញ ម្នាលមាណព តថាគត ពោលបីតិ ដែល​អាស្រ័យ​នូវកាមគុណ ទាំង៥ ថាមានឧបមេយ្យ ដូច្នោះដែរ ម្នាលមាណព មួយទៀត ភ្លើង​មិនអាស្រ័យស្មៅ និងឧសជាកំញម ឆេះឡើងបាន ដូចម្តេចមិញ ម្នាលមាណព តថាគត ពោលបីតិ ដែលប្រាសចាកកាមទាំងឡាយផង ប្រាសចាក​អកុសលធម៌​ទាំងឡាយផង ថាមានឧបមេយ្យ ដូច្នោះដែរ ម្នាលមាណព ចុះបីតិ ដែលប្រាសចាក​កាមទាំងឡាយផង ប្រាសចាកអកុសលធម៌ទាំងឡាយផង ដូចម្តេចខ្លះ ម្នាលមាណព ភិក្ខុ​ក្នុងធម្មវិន័យនេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ​ហើយ។បេ។ ក៏ចូលបឋមជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលមាណព នេះឯងឈ្មោះថា បីតិ ដែលប្រាសចាកកាមទាំងឡាយ ប្រាសចាកអកុសលធម៌​ទាំងឡាយ។ ម្នាលមាណព មួយទៀត ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ វិចារៈរួចហើយ។បេ។ ចូលទុតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលមាណព នេះឯង​ឈ្មោះថា បីតិ ដែលប្រាសចាកកាមទាំងឡាយ ប្រាសចាកអកុសលធម៌ទាំងឡាយ។

[១៤២] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ នាំគ្នា​បញ្ញត្ត ធម៌ទាំង៥ប្រការ ណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បណ្តាធម៌​ទាំង​៥ប្រការនុ៎ះ ព្រាហ្មណ៍ទាំងឡាយ នាំគ្នាបញ្ញត្តធម៌ណា ថាជាធម៌មានផលច្រើន​ជាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ នាំគ្នា​បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បណ្តាធម៌​ទាំងនុ៎ះ ព្រាហ្មណ៍ទាំងឡាយ នាំគ្នាបញ្ញត្តធម៌ គឺចាគៈ ថាជាធម៌មានផលច្រើន​ជាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។

[១៤៣] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ​ដូចម្តេច បើមហាយ័ញ្ញប្រាកដឡើង ចំពោះមុខព្រាហ្មណ៍ម្នាក់ ក្នុងលោកនេះ។ វេលានោះ ស្រាប់តែមានព្រាហ្មណ៍ពីរនាក់មក គិតគ្នាថា យើងទាំងពីរនាក់ មុខជានឹង​បានបរិភោគ​ នូវមហាយ័ញ្ញ របស់ព្រាហ្មណ៍ឈ្មោះនេះ។ បណ្តាព្រាហ្មណ៍ទាំងពីរនាក់នោះ ព្រាហ្មណ៍​ម្នាក់ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ អាត្មាអញ នឹងបានអាសនៈ ​ដ៏ប្រសើរ ទឹកដ៏ប្រសើរ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត (តែម្នាក់ឯង) កុំឲ្យពួកព្រាហ្មណ៍ដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលមាណព បើ​ព្រាហ្មណ៍ដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ​ ក្នុងរោងភត្ត ឯព្រាហ្មណ៍នោះ ត្រឡប់ជាមិនបានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្តវិញ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ព្រាហ្មណ៍ទាំងឡាយដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ឯ​ព្រាហ្មណ៍នោះ ក៏ខឹង​ក្រោធ អាក់អន់ចិត្ត ដោយគិតថា អាត្មាអញ មិនបានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ដូច្នេះ ម្នាលមាណព តើពួក​ព្រាហ្មណ៍បញ្ញត្ត នូវវិបាក​របស់មហាយ័ញ្ញនេះ ដូចម្តេចខ្លះ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ក្នុងសេចក្តីនេះ ព្រាហ្មណ៍ទាំងឡាយ ឲ្យទានយ៉ាងនេះ ដោយគិតថា នឹងឲ្យព្រាហ្មណ៍​នេះក្រោធ អាក់អន់ចិត្ត ទៅរកបុគ្គលដទៃ ក៏ទេ តែថា ក្នុងសេចក្តីនេះ ព្រាហ្មណ៍​ទាំងឡាយ ឲ្យទាន គ្រាន់តែជារបស់​សង្គ្រោះប៉ុណ្ណោះ។ ម្នាលមាណព កាលបើ​ហេតុយ៉ាងនេះ​មាន បុញ្ញកិរិយាវត្ថុ ទី៦នេះ ជាការសង្គ្រោះ របស់ពួកព្រាហ្មណ៍​ឬ។ បពិត្រព្រះគោតមដ៏ចំរើន ការបើហេតុយ៉ាងនេះមាន បុញ្ញកិរិយាវត្ថុ ទី៦នេះ ក៏ទៅជាការសង្គ្រោះ របស់ព្រាហ្មណ៍ទាំងឡាយ។

[១៤៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌​ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល អ្នកពិចារណា នូវធម៌​ទាំង​៥ប្រការនុ៎ះ តើមានច្រើន ក្នុងបរិស័ទណា។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌​ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌​ ទាំង​៥ប្រការនេះ មានច្រើន ក្នុងពួកបព្វជិត មានតិចក្នុងពួកគ្រហស្ថ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា គ្រហស្ថមានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រារព្ធ​ច្រើន នឹងនិយាយពាក្យពិត ទៀងទាត់រឿយៗ ពុំបាន បពិត្រព្រះគោតមដ៏ចំរើន ចំណែក​ខាងបព្វជិត មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រារព្ធ​តិច និយាយពាក្យពិត ទៀងទាត់រឿយៗបាន បពិត្រព្រះគោតមដ៏ចំរើន ឯគ្រហស្ថ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តី​ប្រារព្ធ​ច្រើន នឹងប្រព្រឹត្តដុតកំដៅកិលេស ទៀងទាត់រឿយៗ ពុំបាន… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើន​ដោយការស្វាធ្យាយន៍… ច្រើនដោយការបរិច្ចាគទាន បពិត្រព្រះគោតមដ៏ចំរើន ចំណែក​ខាងបព្វជិត មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តី​ប្រារព្ធ​តិច ប្រព្រឹត្តព្យាយាមដុតកំដៅកិលេស ទៀងទាត់រឿយៗបាន… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើនដោយការស្វាធ្យាយន៍… ច្រើនដោយការបរិច្ចាគទាន។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញ​កុសល ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌ទាំង៥ប្រការនេះ មានច្រើនក្នុងពួកបព្វជិត មានតិចក្នុងពួកគ្រហស្ថ។

[១៤៥] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញ​កុសល តថាគត ពោល​នូវធម៌​ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បី​ការអប់រំចិត្តនោះ។ ម្នាលមាណព ភិក្ខុក្នុងធម៌វិន័យនេះ ជាអ្នកនិយាយពិត ភិក្ខុនោះ​គិតថា អាត្មាអញ និយាយពិត ដូច្នេះហើយ តែងបាននូវ​ការដឹងក្នុងអត្ថ បាននូវការ​ដឹង​ក្នុងធម៌ បាននូវបាមោជ្ជៈ ដែល​អាស្រ័យនឹងធម៌ បាមោជ្ជៈណា អាស្រ័យនឹង​កុសលធម៌ តថាគត ពោលនូវ​បាមោជ្ជៈនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកប្រព្រឹត្តព្យាយាម ដុតកំដៅកិលេស… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើនដោយការស្វាធ្យាយន៍… ច្រើនដោយ​ការ​បរិច្ចាគទាន ភិក្ខុនោះគិតថា អាត្មាអញ ជាអ្នកច្រើនដោយការបរិច្ចាគទាន ដូច្នេះហើយ ទើប​បាននូវការដឹងក្នុងអត្ថ បាននូវការដឹងក្នុងធម៌ បាននូវបាមោជ្ជៈ ដែល​អាស្រ័យ​នឹង​ធម៌ បាមោជ្ជៈណា ដែលអាស្រ័យនូវ​កុសលធម៌ តថាគត ពោលនូវ​បាមោជ្ជៈនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុង​ការបំពេញកុសល តថាគត ពោលនូវ​ធម៌ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែល​មិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ បានក្រាបទូល​ព្រះមានព្រះភាគ​ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ ខ្ញុំព្រះអង្គ បានឮមក​ហើយថា ព្រះសមណគោតម ទ្រង់ជ្រាបច្បាស់ នូវផ្លូវប្រព្រឹត្តទៅ មួយអន្លើ​ដោយពួក​ព្រហ្ម។

[១៤៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ ​ដូចម្តេច នឡការគ្រាម នៅជិតទីនេះ នឡការគ្រាម នៅមិនឆ្ងាយអំពីទីនេះទេឬ។ សុភមាណព​ ក្រាបទូលថា ព្រះករុណា ព្រះគោតមដ៏ចំរើន នឡការគ្រាម នៅជិតទីនេះ នឡការគ្រាម ​នៅមិនឆ្ងាយ អំពីទីនេះប៉ុន្មានទេ។ ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បើបុរសកើតចំរើនធំឡើង ក្នុងនឡការគ្រាមនេះ បើគេសួររកផ្លូវនឡការគ្រាម នឹងបុរស​ដែលទើបចេញអំពីនឡការគ្រាម មួយរំពេចនោះ ម្នាលមាណព តើបុរសដែល​កើត​ចំរើនធំឡើង ក្នុងនឡការគ្រាមនេះ ដែលគេសួររកផ្លូវ របស់នឡការគ្រាម នឹង​មានសេចក្តី​យឺតយូរ អឹមអៀមដែរឬ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ដំណើរ​នេះ មិនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ​ផ្លូវ​របស់នឡការគ្រាម សព្វអន្លើ បុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាមនោះ ស្គាល់​ច្បាស់ហើយ។ ម្នាលមាណព បុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាម ដែលគេ​សួររកផ្លូវ ​របស់នឡការគ្រាម មានសេចក្តីយឺតយូរអឹមអៀមខ្លះ ឯតថាគត កាលបើ​មានគេសួររកព្រហ្មលោក ឮការប្រតិបត្តិទៅកាន់ព្រហ្មលោក ក៏ឥតមានសេចក្តី​យឺតយូរ​ អឹមអៀមឡើយ ម្នាលមាណព ព្រោះតថាគត ស្គាល់ច្បាស់នូវព្រហ្មផង នូវព្រហ្មលោក​ផង នូវបដិបទា ទៅកាន់ព្រហ្មលោកផង បុគ្គលប្រតិបត្តយ៉ាងណា ហើយបានទៅកាន់​ព្រហ្មលោក តថាគត ដឹងច្បាស់នូវបដិបទានោះផង។ បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ ខ្ញុំព្រះអង្គ បានស្តាប់មកហើយថា ព្រះសមណគោតម ទ្រង់សំដែង នូវផ្លូវប្រព្រឹត្ត​ទៅ មួយ​អន្លើដោយពួកព្រហ្ម សូមព្រះគោតមដ៏ចំរើន ទ្រង់ព្រះមេត្តាប្រោស ប្រាប់ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម ដល់ខ្ញុំព្រះអង្គ។ ម្នាលមាណព បើដូច្នោះ អ្នកចូរស្តាប់ ចូរ​ធ្វើ​ទុក​ក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង។ សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ ទទួល​ស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៤៧] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលមាណព ផ្លូវប្រព្រឹត្តទៅ មួយ​អន្លើ ដោយពួកព្រហ្ម នោះដូចម្តេចខ្លះ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ មានចិត្ត​ប្រកប​ដោយមេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ទិស​ទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា​ធំទូលាយ មានសភាពជាចិត្តធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅកាន់​លោកទាំងមូល ដោយប្រការទាំងពួង ក្នុងទីទាំងពួង ទាំងទិសខាងលើ ខាងក្រោម និង​ទិសទទឹង ដោយប្រការដូច្នេះ ម្នាលមាណព មេត្តាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យ​នេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះ ម្នាលមាណព បុរស​មានកំឡាំង ជាអ្នកផ្លុំស័ង្ខ នឹងញុំាងទិសទាំង៤ ឲ្យឮខ្ទរខ្ទារ ទៅបានមិនលំបាក ដូចម្តេច​មិញ ម្នាលមាណព កាលបើមេត្តាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើន​ហើយ​ ដោយ​ប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះ ដូច្នោះឯង ម្នាលមាណព នេះ​ឯងឈ្មោះថា ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម។ ម្នាលមាណព មួយទៀត ភិក្ខុ​មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិសទី១ សម្រេច​សម្រាន្តនៅ ដោយឥរិយាបថ​ ទាំង៤ ទិស​ទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ​ធំទូលាយ មានសភាពជាចិត្តធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​លោកទាំងមូល ដោយប្រការទាំងពួង ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និង​ទិសទទឹង ដោយ​ប្រការដូច្នេះ ម្នាលមាណព កាលបើឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះទេ ម្នាលមាណព បុរស​ដែលមានកំឡាំង ជាអ្នកផ្លុំស័ង្ខ នឹងញុំាងទិសទាំង៤ ឲ្យឮខ្ទរខ្ទារទៅបាន ដោយ​មិនលំបាក ដូចម្តេចមិញ ម្នាលមាណព កាលបើឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុក្នុង​ធម្មវិន័យ​នេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្ម​ដែលភិក្ខុ​នោះ ធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់​នៅក្នុងទីនោះ កម្មនោះ មិនឋិត​នៅក្នុង​ទីនោះទេ ដូច្នោះឯង ម្នាលមាណព នេះឯងឈ្មោះថា ផ្លូវប្រព្រឹត្តទៅមួយអន្លើ​ដោយពួកព្រហ្ម។

[១៤៨] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្ត​តោទេយ្យព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​​ព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចគេផ្ងាររបស់ដែល​ផ្កាប់ ឬដូចគេបើកបង្ហាញរបស់ ដែលគេបិទបាំង ពុំនោះ ដូចគេ​ប្រាប់ផ្លូវដល់​អ្នកវង្វេងទិស ពុំ​នោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ រមែងមើល​ឃើញរូបទាំងឡាយបាន ដូច្នោះ ខ្ញុំព្រះអង្គ​នេះ​ សូមដល់​ព្រះគោតម ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូម​ព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវ​សរណៈ ស្មើ​ដោយ​ជីវិត តាំងពីថ្ងៃនេះទៅ បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ សូម​លាទៅឥឡូវ​នេះ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការដែលគប្បីធ្វើច្រើន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព អ្នកចូរសំគាល់​កាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ សុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ ក៏ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោក​អំពីទីអង្គុយ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀស​ចេញទៅ។

[១៤៩] សម័យនោះឯង ជាណុស្សោណិព្រាហ្មណ៍ ចេញអំពីក្រុងសាវត្ថី ដោយ​រថ ដែលទឹមដោយមេសេះសសុទ្ធ ទាំងថ្ងៃត្រង់។ ជាណុស្សោណិព្រាហ្មណ៍ បានឃើញ​សុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ទើប​និយាយនឹងសុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ ដូច្នេះថា ចុះភារទ្វាជៈដ៏ចំរើន ទើប​មកអំពីណា ទាំងថ្ងៃត្រង់។ សុភមាណព ឆ្លើយថា នែលោកដ៏ចំរើន ខ្ញុំទើបនឹងមកអំពី​សំណាក់ព្រះសមណគោតម។ ជាណុស្សោណិព្រាហ្មណ៍ពោលថា អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច ភារទ្វាជៈដ៏ចំរើន ជាបណ្ឌិត ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់​ព្រះសមណគោតមឬទេ នែអ្នកដ៏ចំរើន ខ្ញុំ ឬនរណា នរណា ក៏គង់ដឹងនូវប្រាជ្ញា និងសេចក្តី​ឈ្លាសវៃ របស់ព្រះសមណគោតមដែរ បុគ្គលណា ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់​ព្រះសមណគោតមបាន បុគ្គលនោះ ស្មើនឹងអ្នកដោយពិត។ ជាណុស្សោណិព្រាហ្មណ៍ ពោលទៀតថា ឮថា ភារទ្វាជៈដ៏ចំរើន តែងសរសើរ​ព្រះសមណគោតម ដោយវាចា​ជាគ្រឿងសរសើរ យ៉ាងក្រៃពេក។ សុភមាណព ពោលថា ឱលោកដ៏ចំរើន ខ្លួនខ្ញុំ ឬនរណា នរណា ក៏គង់សរសើរ​ព្រះសមណគោតមដែរ ព្រោះព្រះសមណគោតមដ៏ចំរើន ជាបុគ្គល​ប្រសើរក្រៃលែង គឺប្រសើរជាងទេវតា និងមនុស្សទាំងឡាយ នែលោកដ៏ចំរើន ពួកព្រាហ្មណ៍​ បញ្ញត្តនូវធម៌ ទាំង​៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ឯ​ព្រះសមណគោតម ក៏សំដែងនូវធម៌ ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែល​មិនមានពៀរ មិនមានព្យាបាទ ដើម្បីអប់រំចិត្តនោះ ប៉ុណ្ណោះ។

[១៥០] កាលសុភមាណពពោលយ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ចុះ​អំពីរថទឹមដោយមេសេះសសុទ្ធ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី​ទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ បន្លឺឧទានថា ព្រះបាទបសេនទិកោសល ហៅពេញ​ជាមានលាភ ភាពជាមនុស្ស ព្រះបាទបសេនទិកោសល បានដោយប្រពៃហើយ ព្រោះ​ទ្រង់​បានព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ គង់ក្នុងដែនរបស់ព្រះអង្គ។

ចប់ សុភសូត្រ ទី៩។

 

លេខយោង

km/tipitaka/sut/mn/sut.mn.099.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann