ក្នុងសូត្រនេះ អ្នកនឹងបានដឹង នូវអំពីដំណើរខុសគ្នា នៃបុគ្គលអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ក្នុងបច្ចុប្បន្ន ហើយដឹងច្បាស់នូវធម៌ ដោយប្រាជ្ញាខ្លួនឯង និង សមណព្រាហ្មណ៍ពួកមួយ ជាអ្នកឮតាមៗគ្នា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ដឹងនូវធម៌ ដោយការឮតាមៗគ្នា។ និងដឹងថាទេវតាមានមែនឬទេ?
mn 100 បាលី cs-km: sut.mn.100 អដ្ឋកថា: sut.mn.100_att PTS: ?
(ទី១០) សគារវសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១០. សង្គារវសុត្តំ)
[១៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ ក៏សម័យនោះឯង ព្រាហ្មណី ឈ្មោះនាងធនញ្ជានី នៅអាស្រ័យក្នុងស្រុក បច្ចលក័ប្ប ជាស្ត្រីមានសេចក្តីជ្រះថ្លាមាំមួន ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ គ្រានោះ នាងធនញ្ជានីព្រាហ្មណី ភ្លាត់មាត់បន្លឺឧទានវាចា អស់វារៈ៣ដងថា សូមនមស្ការ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ… សូមនមស្ការ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
[១៥២] សម័យនោះឯង មាណពឈ្មោះ សគារវៈ នៅអាស្រ័យក្នុងបច្ចលកប្បគ្រាម ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរឈ្មោះកេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ មិនទើសទាល់ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ។ សគារវមាណព បានឮនាងធនញ្ជានីព្រាហ្មណី ពោលវាចាយ៉ាងនេះ លុះឮហើយ ក៏ពោលទៅនឹងនាងធនញ្ជានីព្រាហ្មណី ដូច្នេះថា នាងធនញ្ជានីព្រាហ្មណីនេះ ជាស្ត្រីគំរក់ផង នាងធនញ្ជានីព្រាហ្មណីនេះ ជាស្ត្រីដល់នូវសេចក្តីវិនាសផង ព្រោះថា ពួកព្រាហ្មណ៍ ដែលបាននូវវិជ្ជាបី ក៏មានដែរ ហេតុអ្វីក៏នៅតែពោលសរសើរគុណសមណៈត្រងោលនោះទៀត។ នាងធនញ្ជានីព្រាហ្មណីពោលថា នែអ្នកមានមុខស្រស់បស់ ហេតុតែអ្នកមិនស្គាល់សីល និងបញ្ញា របស់ព្រះមានព្រះភាគអង្គនោះ នែអ្នកមានមុខស្រស់បស់ ប្រសិនបើអ្នកស្គាល់សីល និងបញ្ញា របស់ព្រះមានព្រះភាគអង្គនោះ នែអ្នកមានមុខស្រស់បស់ អ្នកមិនគួរសំគាល់ នូវព្រះមានព្រះភាគអង្គនោះថា ជាបុគ្គលគួរជេរ គួរប្រទេចសោះឡើយ។ សគារវមាណព តបថា ម្នាលនាងដ៏ចំរើន បើដូច្នោះ ព្រះសមណគោតម ស្តេចមកដល់បច្ចលកប្បគ្រាមក្នុងកាលណា នាងត្រូវប្រាប់ដល់យើង ក្នុងកាលនោះផង។ នាងធនញ្ជានីព្រាហ្មណី ទទួលពាក្យរបស់សគារវមាណពថា ចា៎ស អ្នកមានមុខស្រស់បស់។
[១៥៣] គ្រានោះឯង កាលព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនកោសល ដោយលំដាប់ ក៏បានដល់បច្ចលកប្បគ្រាម។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវ័ន (ព្រៃស្វាយ) របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតបច្ចលកប្បគ្រាមនោះ។ នាងធនញ្ជានីព្រាហ្មណី បានឮថា ព្រះមានព្រះភាគ ស្តេចដល់បច្ចលកប្បគ្រាម ឥឡូវគង់នៅក្នុងអម្ពវ័ន របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតស្រុកបច្ចលកប្បគ្រាម។ ទើបនាងធនញ្ជានីព្រាហ្មណី ចូលទៅរកសគារវមាណព លុះចូលទៅដល់ហើយ ក៏និយាយនឹងសគារវមាណព ដូច្នេះថា នែអ្នកមានមុខស្រស់បស់ ព្រះមានព្រះភាគ អង្គនោះ ស្តេចមកដល់បច្ចលកប្បគ្រាមហើយ ទ្រង់គង់នៅក្នុងអម្ពវ័ន របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតបច្ចលកប្បគ្រាម នែអ្នកមានមុខស្រស់បស់ ចូរអ្នកសំគាល់នូវកាលគួរ នឹងទៅឥឡូវនេះចុះ។ សគារវមាណព ទទួលពាក្យ នៃនាងធនញ្ជានីព្រាហ្មណីថា អើ នាងដ៏ចំរើន ហើយក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសគារវមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាត ដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន តែងដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ បពិត្រព្រះគោតមដ៏ចំរើន ក្នុងពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន តែងដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ តើព្រះគោតមដ៏ចំរើន ជាសមណៈបែបណា។
[១៥៤] ព្រះអង្គត្រាស់ថា ម្នាលភារទ្វាជៈ តថាគតនឹងពោលអំពីដំណើរខុសគ្នា នៃបុគ្គលអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ហើយដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកឮតាមៗគ្នា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ដោយការឮតាមៗគ្នានោះ ដូចយ៉ាងពួកព្រាហ្មណ៍ អ្នកបានត្រៃវិជ្ជា។ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ដូចយ៉ាងបុគ្គលអ្នកត្រិះរិះ ពិចារណាជាប្រក្រតី។ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ម្នាលភារទ្វាជៈ ក្នុងសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ បណ្តាសមណព្រាហ្មណ៍ទាំងនោះ តថាគត ជាសមណៈមួយដែរ ម្នាលភារទ្វាជៈ ដំណើរដែលខុសគ្នានោះ អ្នកគប្បីដឹងដោយបរិយាយនេះឯង។ ពួកសមណព្រាហ្មណ៍ណា ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ យ៉ាងណា បណ្តាសមណព្រាហ្មណ៍ទាំងនោះ តថាគត ក៏ជាសមណៈ យ៉ាងនោះដែរ។
[១៥៥] ម្នាលភារទ្វាជៈ ក្នុងកាលមុនអំពីការត្រាស់ដឹង កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះ ក្នុងទីឯណោះថា ឃរាវាស ជាភេទចង្អៀតពេកណាស់ ជាផ្លូវនៃធូលី ឯបព្វជ្ជា ទើបជាភេទទំនេរ បើអាត្មាអញ នៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ក្រៃលែង ឲ្យបរិសុទ្ធក្រៃលែង ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេដុសខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ។ ម្នាលភារទ្វាជៈ សម័យខាងក្រោយមក កាលតថាគតនៅក្មេងកំឡោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ ទុកជាមាតាបិតាមិនប្រាថ្នា (នឹងឲ្យបួស) មានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ក៏នៅតែកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះតថាគតនោះ បួសយ៉ាងនេះហើយ ក៏ស្វែងរកនូវកឹកុសល គឺសព្វញ្ញុតញ្ញាណ ស្វែងរកនូវសន្តិវរបទ គឺព្រះនិព្វាន រកគុណជាតដទៃក្រៃលែងជាងគ្មាន ក៏ចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ ទើបពោលនឹងអាឡារតាបស កាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ យើងប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះដែរ។ ម្នាលភារទ្វាជៈ កាលបើតថាគតពោលយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ ក៏ពោលតបមកតថាគតវិញ យ៉ាងនេះថា ចូរអ្នកមានអាយុនៅចុះ នេះធម៌ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស គប្បីធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញា នូវលទ្ធិអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅបាន ដោយកាលមិនយូរប៉ុន្មាន។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏រៀនធម៌នោះ ចប់ភ្លាម។ ម្នាលភារទ្វាជៈ តថាគត ពោលនូវញាណវាទផង ថេរវាទផង ដោយគ្រាន់តែបង្ហើបបបូរមាត់ ដោយគ្រាន់តែហាមាត់និយាយប៉ុណ្ណោះ ទាំងតថាគត ទាំងអ្នកដទៃ ក៏អាចប្តេជ្ញាថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះបាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាឡារតាបស កាលាមគោត្រ មិនហ៊ានប្រកាសថា ខ្ញុំធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត អាឡារតាបសកាលាមគោត្រ គ្រាន់តែយល់ឃើញ នូវធម៌នេះប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ ក្នុងកាលជាខាងក្រោយមក តថាគត ចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ ទើបពោលនឹងអាឡារតាបកាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែកមានប៉ុន្មានខ្លះឬទេ។ ម្នាលភារទ្វាជៈ កាលបើតថាគតពោលយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ ក៏សំដែងនូវអាកិញ្ចញ្ញាយតនជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា សទ្ធារបស់អាឡារតាបស កាលាមគោត្រ គ្មានទេ សទ្ធារបស់អាត្មាអញ ទើបមាន វីរិយៈរបស់អាឡារតាបសកាលាមគោត្រគ្មានទេ វីរិយៈរបស់អាត្មាអញ ទើបមាន សតិ… សមាធិ… បញ្ញា របស់អាឡារតាបសកាលាមគោត្រ គ្មានទេ បញ្ញារបស់អាត្មាអញ ទើបមាន បើដូច្នោះ គួរតែអាត្មាអញ តាំងសេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលអាឡារតាបសកាលាមគោត្រប្រកាសថា ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏បានធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯងភ្លាម ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ ក្នុងកាលខាងក្រោយមកទៀត តថាគត ចូលទៅរកអាឡារតាបសកាលាមគោត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងអាឡារតាបសកាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបានដោយចំណែក មានប្រមាណតែប៉ុណ្ណេះទេឬ។ អាឡារតាបសតបថា ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែកមានប្រមាណប៉ុណ្ណេះឯង ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយចំណែកមានប្រមាណប៉ុណ្ណេះឯង ហើយសម្រាន្តនៅ ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្ស យើងពេញជាបានដោយល្អហើយ ដ្បិតយើងបានឃើញនូវសព្រហ្មចារី ប្រាកដដូចជាអ្នកមានអាយុ ព្រោះថា ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយសម្រាន្តនៅដែរ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយសម្រាន្តនៅ ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបានដែរ ខ្ញុំដឹងនូវធម៌ណា អ្នកក៏ដឹងនូវធម៌នោះដែរ អ្នកដឹងនូវធម៌ណា ខ្ញុំក៏ដឹងនូវធម៌នោះដែរ ខ្ញុំប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះដែរ អ្នកប្រាកដយ៉ាងណា ខ្ញុំក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមក យើងទាំងពីរនាក់ នឹងនៅគ្រប់គ្រងគណៈនេះ។ ម្នាលភារទ្វាជៈ ឯអាឡារតាបសកាលាមគោត្រ ជាអាចារ្យរបស់តថាគត តាំងតថាគត ដែលជាកូនសិស្ស ឲ្យត្រឹមស្មើនឹងខ្លួន ទាំងបូជាតថាគត ដោយគ្រឿងបូជាដ៏លើសលុប ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅ បានត្រឹមតែកើតក្នុងអាកិញ្ចញ្ញាយតនភពប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ តថាគត មិនទាន់ល្មមចិត្តនឹងធម៌នោះទេ នឿយណាយចាកធម៌នោះ ហើយចៀសចេញទៅ។
[១៥៦] ម្នាលភារទ្វាជៈ តថាគត ក៏ស្វែងរកនូវកឹកុសល គឺសព្វញ្ញុតញ្ញាណ ស្វែងរកនូវសន្តិវរបទ គឺព្រះនិព្វាន រកគុណជាតដទៃក្រៃលែងជាងគ្មាន បានចូលទៅរកឧទ្ទកតាបស រាមបុត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្រ យ៉ាងនេះថា ម្នាលរាមៈមានអាយុ ខ្ញុំប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម្មវិន័យនេះ។ ម្នាលភារទ្វាជៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទកតាបសរាមបុត្រ ក៏ពោលតបនឹងតថាគត យ៉ាងនេះវិញថា ចូរអ្នកមានអាយុ នៅចុះ នេះធម៌ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវលទ្ធិអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅបាន ដោយកាលមិនយូរប៉ុន្មាន។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគតឯង ក៏បានរៀននូវធម៌នោះចប់ភ្លាម។ ម្នាលភារទ្វាជៈ តថាគត ពោលនូវញាណវាទផង ថេរវាទផង ដោយគ្រាន់តែបង្ហើបបបូរមាត់ ដោយគ្រាន់តែហាមាត់និយាយប៉ុណ្ណោះ ទាំងតថាគត ទាំងអ្នកដទៃ ក៏អាចប្តេជ្ញាថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះបាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា រាមៈមិនហ៊ានប្រកាសថា ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ដូច្នេះឡើយ តាមពិត រាមៈ គ្រាន់តែយល់ឃើញ នូវធម៌នេះប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ ក្នុងកាលដទៃទៀត តថាគត ចូលទៅរកឧទ្ទកតាបសរាមបុត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្ត យ៉ាងនេះថា ម្នាលរាមៈមានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែខ្លះឬទេ។ ម្នាលភារទ្វាជៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទកតាបសរាមបុត្រ ក៏សំដែងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា សទ្ធារបស់រាមៈមិនមានទេ សទ្ធារបស់អាត្មាអញទើបមាន វីរិយៈរបស់រាមៈមិនមានទេ។បេ។ សតិ… សមាធិ… បញ្ញារបស់រាមៈ មិនមានទេ បញ្ញារបស់អាត្មាអញ ទើបមាន បើដូច្នោះ គួរតែអាត្មាអញ តាំងសេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលរាមៈប្រកាសថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះភ្លាម ដោយប្រាជ្ញាខ្លួនឯង។ ម្នាលភារទ្វាជៈ ក្នុងកាលខាងក្រោយមកទៀត តថាគត ចូលទៅរកឧទ្ទកតាបសរាមបុត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្រ យ៉ាងនេះថា ម្នាលរាមៈមានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែកខ្លះឬទេ។ ឧទ្ទកតាបសរាមបុត្ត តបថា ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែក មានប្រមាណប៉ុណ្ណេះឯង ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយចំណែកមានប្រមាណប៉ុណ្ណេះឯង ម្នាលអាវុសោ យើងពេញជាមានលាភ អត្តភាពជាមនុស្ស យើងពេញជាបានដោយល្អ ត្រង់ដែលយើង បានឃើញនូវសព្រហ្មចារី ប្រាកដដូចជាអ្នកមានអាយុ ព្រោះថា រាមៈ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯងដែរ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង រាមៈ ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបានដែរ រាមៈ ដឹងច្បាស់នូវធម៌ណា អ្នកក៏ដឹងច្បាស់នូវធម៌នោះដែរ អ្នកដឹងច្បាស់នូវធម៌ណា រាមៈ ក៏ដឹងច្បាស់នូវធម៌នោះដែរ រាមៈ ប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះដែរ អ្នកប្រាកដយ៉ាងណា រាមៈ ក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមក អ្នកចូរគ្រប់គ្រងគណៈនេះចុះ។ ម្នាលភារទ្វាជៈ ឯឧទ្ទកតាបសរាមបុត្រ ជាសព្រហ្មចារីរបស់តថាគត តាំងតថាគត ក្នុងទីជាអាចារ្យ ទាំងបូជាតថាគត ដោយគ្រឿងបូជា ដ៏លើសលុប ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែទៅកើតក្នុងនេវសញ្ញានាសញ្ញាយតនភពប៉ុណ្ណោះឯង។ ម្នាលភារទ្វាជៈ តថាគតឯង មិនល្មមចិត្តនឹងធម៌នោះ នឿយណាយចាកធម៌នោះ ហើយក៏ចៀសចេញទៅ។
[១៥៧] ម្នាលភារទ្វាជៈ តថាគត ស្វែងរកនូវកឹកុសល ស្វែងរកនូវសន្តិវរបទ រកគុណជាតដទៃក្រៃលែងជាងគ្មាន ត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ តាមលំដាប់ ក៏បានដល់សេនានិគម ក្នុងឧរុវេលាប្រទេស។ ក្នុងទីនោះ តថាគត បានឃើញភូមិភាគ (ចំណែកផែនដី) ជាទីគួរត្រេកអរផង នូវដងព្រៃ ជាទីនាំមកនូវសេចក្តីជ្រះថ្លាផង នូវស្ទឹងកំពុងហូរទៅ មានទឹកត្រជាក់ មានកំពង់ដ៏ល្អ ជាទីគួរត្រេកអរផង នូវស្រុកជាទីគោចរជុំវិញផង។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ ភូមិភាគនេះ ជាទីគួរត្រេកអរផង ដងព្រៃជាទីនាំមកនូវសេចក្តីជ្រះថ្លាផង ស្ទឹងកំពុងហូរទៅ មានទឹកត្រជាក់ មានកំពង់ដ៏ល្អ ជាទីគួរត្រេកអរផង ស្រុកជាទីគោចរជុំវិញផង ទីនេះ ជាទីគួរតាំងសេចក្តីព្យាយាម របស់កុលបុត្តអ្នកត្រូវការដោយសេចក្តីព្យាយាម។ ម្នាលភារទ្វាជៈ តថាគត អង្គុយក្នុងទីនោះ ដោយគិតថា ទីនេះជាទីគួរដល់សេចក្តីព្យាយាម។
[១៥៨] ម្នាលភារទ្វាជៈ សេចក្តីឧបមា៣យ៉ាង មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់ក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្រស់មានជ័រ ដែលត្រាំទឹក មានបុរសកាន់យកនូវឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងពួតភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកនូវពំនួតភ្លើងខាងលើ មកពួតគ្នានឹងកំណាត់ឈើស្រស់ នៅមានជ័រដែលត្រាំទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនធ្លាប់មានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើឯណោះ នៅស្រស់ មានជ័រ មួយទៀត កំណាត់ឈើនោះ ត្រាំទឹកផង ឯបុរសនោះឯង គ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្តប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ សេចក្តីនុ៎ះ មានឧបមេយ្យដូចសមណៈ ឬព្រាហ្មណ៍ណាមួយ មិនស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ដោយកាយផង សេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុងកាមជាដើមនោះ មិនបានសាបសូន្យដោយងាយ មិនបានស្ងប់រម្ងាប់ដោយងាយ ក្នុងចិត្តផង បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួលវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរឡើយ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនបានទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមទេ សមណព្រាហ្មណ៍ទាំងនោះ ក៏នៅតែមិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងដ៏ប្រសើរទេ។ ម្នាលភារទ្វាជៈ នេះសេចក្តីឧបមាទី១ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។
[១៥៩] ម្នាលភារទ្វាជៈ សេចក្តីឧបមាទី២ដទៃទៀត មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្រស់មានជ័រ នៅលើគោក ឆ្ងាយអំពីទឹក មានបុរសកាន់យកឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកពំនួតភ្លើងខាងលើ មកពួតគ្នានឹងកំណាត់ឈើស្រស់ឯណោះ ដែលមានជ័រ នៅលើគោក ឆ្ងាយអំពីទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនធ្លាប់មានទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើឯណោះ ជាឈើស្រស់ នៅមានជ័រ ទោះបីនៅលើគោក ឆ្ងាយអំពីទឹកក៏ដោយ ឯបុរសនោះ គ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្តប៉ុណ្ណោះឯង។ ម្នាលភារទ្វាជៈ សេចក្តីនុ៎ះ មានឧបមេយ្យដូចសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ដោយកាយពិតមែនហើយ តែសេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីក្តៅក្រហាយ ក្នុងកាមទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុងកាមជាដើមនោះ មិនបានសាបសូន្យស្រឡះ មិនបានស្ងប់រម្ងាប់ស្រឡះ ក្នុងចិត្តនៅឡើយ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ សោយនូវវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរឡើយ បើទុកជាសមណព្រាហ្មណ៍ទាំងនោះ មិនបានទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមទេ សមណព្រាហ្មណ៍ទាំងនោះ ក៏គង់តែមិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងដ៏ប្រសើរក៏ទេ។ ម្នាលភារទ្វាជៈ នេះជាសេចក្តីឧបមាទី២ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។
[១៦០] ម្នាលភារទ្វាជៈ សេចក្តីឧបមាទី៣ដទៃទៀត មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្ងួត អស់សម្ងួតនៅលើគោក ឆ្ងាយអំពីទឹក មានបុរសកាន់យកឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកពំនួតភ្លើងខាងលើ មកពួតគ្នា នឹងកំណាត់ឈើស្ងួតឯណោះ ដែលជាឈើអស់សម្ងួត នៅលើគោក ឆ្ងាយអំពីទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានដែរឬ។ ព្រះករុណា ព្រះគោតមដ៏ចំរើន សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះកំណាត់ឈើឯណោះ ជាឈើស្ងួត អស់សម្ងួត ទាំងឈើនោះ ក៏នៅលើគោក ឆ្ងាយអំពីទឹកផង។ ម្នាលភារទ្វាជៈ រឿងនេះ មានឧបមេយ្យដូចជាសមណៈ ឬព្រាហ្មណ៍ណានីមួយ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ដោយកាយផង សេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីក្តៅក្រហាយ ក្នុងកាមទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុងកាមជាដើមនោះ ក៏សាបសូន្យស្រឡះ ស្ងប់រម្ងាប់ស្រឡះ ក្នុងចិត្តផង បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួលនូវវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏គួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរពិត ឬបើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមទេ សមណព្រាហ្មណ៍ទាំងនោះ ក៏គង់តែគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរពិត យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ នេះជាសេចក្តីឧបមាទី៣ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ឧបមា ទាំង៣នេះឯង មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។
[១៦១] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្ត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្ត។ ម្នាលភារទ្វាជៈ កាលបើតថាគត យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្តទៅហើយ ញើសក៏ហូរចេញអំពីក្លៀក។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាប់បុរសដែលខ្សោយ ត្រង់ក្បាលក្តី ត្រង់កក្តី សង្កត់សង្កិន គាបត្បុត ដុតកំដៅ យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្តទៅហើយ ញើសក៏ហូរចេញអំពីក្លៀក យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦២] ម្នាលភារទ្វាជៈ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន (ឈានសម្រេចដោយមិនមានខ្យល់ដង្ហើមចេញចូល)។ ម្នាលភារទ្វាជៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ និងច្រមុះហើយ ខ្យល់ដែលចេញអំពីរន្ធត្រចៀក ក៏មានសំឡេងឮខ្លាំង។ ដូចជាស្នប់របស់ជាងលោហៈ កាលបើគេសប់ ក៏មានសំឡេងឮខ្លាំង យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូលអំពីមាត់ និងច្រមុះហើយ ខ្យល់ដែលចេញមកអំពីរន្ធត្រចៀក ក៏មានសំឡេងឮខ្លាំង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេចឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៣] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ ច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏ចាក់ដោតអំបែងក្បាល។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាក់ដោតអំបែងក្បាល ដោយដែកស្រួចដ៏មុត យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ ច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏ចាក់ដោតអំបែងក្បាល យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងមិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៤] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន តទៅទៀត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទនូវខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានទុក្ខវេទនា ក្នុងក្បាលដ៏ក្រៃលែង។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង យកកំណាត់ព្រ័ត្រដ៏មាំ មករុំព័ទ្ធក្បាល យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានទុក្ខវេទនាក្នុងក្បាលដ៏ក្រៃលែង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៥] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈានតទៅទៀត។ ម្នាលភារទ្វាជៈ តថាគត ក៏បិទនូវខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏វះអារនូវផ្ទៃ។ ម្នាលភារទ្វាជៈ ដូចគោឃាតកៈ (អ្នកសម្លាប់គោ) ក្តី កូនសិស្សរបស់គោឃាតកៈក្តី ដែលឈ្លាសវៃ វះអារនូវផ្ទៃដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏វះអារនូវផ្ទៃ យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៦] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈានតទៅទៀត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានសេចក្តីក្តៅក្រហាយ ក្នុងកាយដ៏ក្រៃលែង។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាប់បុរសដែលខ្សោយ ឰដ៏ដើមដៃមួយម្ខាង ហើយកំដៅ ក្នុងរណ្តៅដ៏ពេញ ដោយរងើកភ្លើង យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានសេចក្តីក្តៅក្រហាយ ក្នុងកាយដ៏ក្រៃលែង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគតតម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាមដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។ ម្នាលភារទ្វាជៈ ពួកទេវតាបានឃើញតថាគតហើយ ក៏ពោលយ៉ាងនេះថា ព្រះសមណគោតម ធ្វើមរណកាលទៅហើយ។ ឯទេវតាពួកខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម មិនមែនធ្វើមរណកាលហើយទេ ប៉ុន្តែជិតនឹងធ្វើមរណកាលហើយ។ ទេវតាពួកខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម ធ្វើមរណកាលរួចហើយ ក៏មិនមែន ជិតនឹងធ្វើមរណកាល ក៏មិនមែន ព្រះសមណគោតម ជាព្រះអរហន្ត ទ្រង់គង់សម្រាន្តនៅទេតើ ឯធម៌ជាគ្រឿងនៅ របស់ព្រះអរហន្ត មានសភាពយ៉ាងនោះឯង។
[១៦៧] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ប្រតិបត្តិ ដើម្បីផ្តាច់បង់អាហារ។ ម្នាលភារទ្វាជៈ លំដាប់នោះ ទេវតាទាំងនោះ ចូលមករកតថាគតហើយ ពោលឃាត់យ៉ាងនេះថា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រតិបត្តិ ដើម្បីផ្តាច់បង់អាហារទាំងអស់ឡើយ បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ បើព្រះអង្គនឹងប្រតិបត្តិ ដើម្បីផ្តាច់បង់អាហារទាំងអស់ហើយ យើងទាំងឡាយនឹងបញ្ចូលនូវឱជារសទិព្វ តាមរណ្តៅនៃរោមព្រះអង្គ ព្រះអង្គនឹងបានញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយសារឱជារសនោះ។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើអាត្មាអញ ប្តេជ្ញាខ្លួនថា ជាអ្នកអត់អាហារទាំងអស់ផង ពួកទេវតានេះឯង គប្បីបញ្ចូលឱជារសទិព្វ តាមរណ្តៅនៃរោមអាត្មាអញផង ឯអាត្មាអញ គប្បីញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយឱជារសនោះផង អំពើទាំង៣នោះ ជាអំពើកុហក របស់អាត្មាអញ។ ម្នាលភារទ្វាជៈ តថាគតនោះ ក៏ពោលហាមឃាត់ទេវតាទាំងនោះថា កុំឡើយ។
[១៦៨] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី។ ម្នាលភារទ្វាជៈ តថាគត ក៏បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី។ ម្នាលភារទ្វាជៈ កាលបើតថាគត បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយ ឬគ្រាប់ពពាយជ្រុង ឬគ្រាប់សណ្តែកកង់ ឬគ្រាប់សណ្តែកទ្រើង កាយក៏ដល់នូវការស្គាំងស្គមក្រៃពេក។ ដូចវល្លិលែនពែន ឬវល្លិយាវ យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ អវយវៈតូចធំរបស់តថាគត ក៏យ៉ាងនោះឯង។ ស្នាមជើងសត្វឱដ្ឋ យ៉ាងណាមិញ ព្រោះអាហារតិចនោះ ត្រគាករបស់តថាគត ក៏យ៉ាងនោះឯង។ លួសដែលគេវេញយ៉ាងណាមិញ ព្រោះតែអាហារតិចនោះ ឆ្អឹងខ្នងរបស់តថាគត ក៏ឡើងរដិបរដុប យ៉ាងនោះឯង។ បង្កង់សាលា ដែលគ្រាំគ្រារគីមរគាម យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ របៀបឆ្អឹងជំនីររបស់តថាគត ក៏រគីមរគាមយ៉ាងនោះឯង។ ក្រពេញទឹកក្នុងអណ្តូងទឹកដែលជ្រៅ ក៏ជ្រៅខូងចុះទៅប្រាកដ យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ ប្រស្រីភ្នែកក្នុងរណ្តៅភ្នែករបស់តថាគត ក៏ជ្រៅខូងចុះទៅ ប្រាកដយ៉ាងនោះឯង។ ផ្លែននោងព្រៃ ដែលគេកាត់ កាលនៅខ្ចី លុះមានខ្យល់ និងកំដៅថ្ងៃពាល់ត្រូវហើយ ក៏ស្វិតស្រពោន យ៉ាងណាមិញ ស្បែកក្បាល របស់តថាគត លុះអាហារតិចនោះ ពាល់ត្រូវហើយ ក៏ស្វិតស្រពោន យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ តថាគតគិតថា អាត្មាអញ នឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវឆ្អឹងខ្នងទៅវិញ គិតថា អាត្មាអញ នឹងស្ទាបឆ្អឹងខ្នង ក៏ចាប់ត្រូវស្បែកពោះទៅវិញ ម្នាលភារទ្វាជៈ ស្បែកពោះតថាគត ជាប់គ្នានឹងឆ្អឹងខ្នង ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ តថាគត គិតថា អាត្មាអញ នឹងបន្ទោបង់នូវវច្ចៈក្តី នូវទឹកមូត្រក្តី ក៏ដួលផ្កាប់មុខចុះ ក្នុងទីនោះ ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ តថាគត ថ្នាក់ថ្នមកាយនេះ ហើយបបោសអង្អែលខ្លួនដោយដៃ។ ម្នាលភារទ្វាជៈ កាលតថាគត បបោសអង្អែលខ្លួនដោយដៃ ឯរោម មានឫសស្អុយ ក៏ធ្លាក់ចុះអំពីកាយ ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ មនុស្សទាំងឡាយ បានឃើញតថាគតហើយ ក៏ពោលយ៉ាងនេះថា ព្រះសមណគោតម មានសម្បុរខ្មៅ។ តែមនុស្សខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម មិនមែនខ្មៅទេ ព្រះសមណគោតម មានសម្បុរសណ្តែកបាយ។ មនុស្សខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម មិនមែនខ្មៅ មិនមែនសម្បុរសណ្តែកបាយទេ ព្រះសមណគោតម មានសម្បុរប្រផេះទេតើ។ ម្នាលភារទ្វាជៈ តាមពិត សម្បុរស្បែករបស់តថាគត សបរិសុទ្ធ ផូរផង់ តែអាប់អន់ទៅ ព្រោះតែមានអាហារតិចនោះឯង។
[១៦៩] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងអតីតកាល បានរងនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ សមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងអនាគតកាល នឹងរងនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ សមណៈ ឬព្រាហ្មណ៍ ណានីមួយ ក្នុងកាលឥឡូវនេះ រងនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ។ ចំណែកតថាគត ក៏នៅតែមិនបានគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់ នូវកិលេស ដ៏ក្រៃលែង ជាងមនុស្សធម៌ ដោយអំពើកម្រ ដ៏ក្តៅក្រហាយនេះឡើយ ទើបគិតថា ប្រហែលជាមានផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹងទេដឹង។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះឃើញ យ៉ាងនេះថា អាត្មាអញ ធ្លាប់អង្គុយនៅក្នុងម្លប់ដើមព្រីង ដែលត្រជាក់ ក្នុងការងាររបស់សក្យៈជាបិតា ក៏បានស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានសម្រេចបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងាត់នោះ ក៏សម្រាន្តនៅដោយឥរិយាបថទាំង៤ ប្រហែលជាផ្លូវនុ៎ះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹងទេដឹង។ ម្នាលភារទ្វាជៈ តថាគតនោះ មានវិញ្ញាណ រឭកតាមនូវសតិថា ផ្លូវនុ៎ះឯង ទើបជាផ្លូវប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹងពិត។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខណា ក្រៅអំពីកាមទាំងឡាយ ក្រៅអំពីអកុសលធម៌ទាំងឡាយ អាត្មាអញ ខ្លាចសេចក្តីសុខនោះដែរឬហ្ន៎។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះឃើញ យ៉ាងនេះថា សេចក្តីសុខណា ក្រៅអំពីកាមទាំងឡាយ ក្រៅអំពីអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចក្តីសុខនោះឡើយ។
[១៧០] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បុគ្គលដែលមានកាយ ដល់នូវការស្គាំងស្គមក្រៃពេក យ៉ាងនេះ មិនងាយនឹងបានសេចក្តីសុខនោះឡើយ បើដូច្នោះ គួរតែអាត្មាអញ បរិភោគអាហារជាឱឡារិក គឺបាយ និងនំ ឲ្យពេញលេញ។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បានបរិភោគអាហារឱឡារិក គឺបាយ និងនំ។ ម្នាលភារទ្វាជៈ សម័យនោះឯង ភិក្ខុ៥រូប តាមមកបម្រើតថាគត ដោយគិតថា ព្រះសមណគោតម នឹងត្រាស់ដឹងធម៌ណា មុខជានឹងប្រាប់ធម៌នោះ ដល់យើងទាំងឡាយ។ ម្នាលភារទ្វាជៈ កាលណា បើតថាគត បានបរិភោគអាហារឱឡារិក គឺបាយ និងនំហើយ កាលនោះ ភិក្ខុទាំង៥រូបនោះ នឿយណាយចាកតថាគត ក៏នាំគ្នាចៀសចេញទៅ ដោយគិតថា ព្រះសមណគោតម ជាអ្នកល្មោភ សាបសូន្យ ចាកសេចក្តីព្យាយាម វិលមកដើម្បីសេចក្តីល្មោភវិញហើយ។
[១៧១] ម្នាលភារទ្វាជៈ លុះតថាគតនោះ បរិភោគអាហារឱឡារិក មានកំឡាំងហើយ ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានសម្រេចបឋមជ្ឈាន សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ តថាគត បានសម្រេចទុតិយជ្ឈាន ជាធម្មជាតកើតក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏សម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត មានចិត្តនឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង បានទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ សរសើរនូវបុគ្គលនោះថា បុគ្គលដែលបាននូវតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានសម្រេចនូវតតិយជ្ឈាននោះ សម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បានសម្រេចចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពីឧបេក្ខា សម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[១៧២] កាលបើចិត្តតំកល់ខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ គឺរលឹកឃើញ ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ បឋមវិជ្ជានេះឯង តថាគត បានក្នុងវេលាបឋមយាម នៃរាត្រី ឯអវិជ្ជា បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។
[១៧៣] កាលបើចិត្តតាំងខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ប្រាជ្ញាដឹងនូវចុតិ និងបដិសន្ធិ) របស់សត្វទាំងឡាយ។ តថាគតនោះ មានចក្ខុជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅ សមគួរតាមកម្ម ម្នាលភារទ្វាជៈ វិជ្ជាទី២នេះឯង តថាគត បានក្នុងមជ្ឈិមយាម នៃរាត្រី ឯអវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគត ដែលមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់កិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។
[១៧៤] កាលបើចិត្តតាំងខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។1) តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់អាសវៈ។ កាលបើតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចិត្តក៏រួចស្រឡះ ចាកភវាសវៈផង ចិត្តក៏រួចស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះ ដូច្នេះ ក៏កើតមាន តថាគត ដឹងច្បាស់ថា កំណើតរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភារទ្វាជៈ វិជ្ជាទី៣ នេះឯង តថាគត បានហើយ ក្នុងបច្ឆិមយាមនៃរាត្រី ឯអវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។
[១៧៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវមាណព ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ឱហ្ន៎ ព្រះគោតមដ៏ចំរើន មានសេចក្តីព្យាយាមមិនបានឈប់ ឱហ្ន៎ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធ មានសេចក្តីព្យាយាម ជារបស់សប្បុរស បពិត្រព្រះគោតមដ៏ចំរើន ទេវតាមានមែនឬទេ។ ម្នាលភារទ្វាជៈ ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ តថាគត ដឹងច្បាស់តាមហេតុពិត។ បពិត្រព្រះគោតមដ៏ចំរើន កាលបើខ្ញុំព្រះអង្គសួរថា ទេវតាមានមែនឬទេ ហេតុអ្វីក៏ព្រះអង្គឆ្លើយថា ម្នាលភារទ្វាជៈ ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ តថាគត ដឹងច្បាស់ តាមហេតុពិត បពិត្រព្រះគោតមដ៏ចំរើន កាលបើមានហេតុយ៉ាងនេះហើយ ពាក្យរបស់ព្រះអង្គ ជាពាក្យកុហកទទេ។ ម្នាលភារទ្វាជៈ បុគ្គលណា កាលដែលគេសួរថា ទេវតាមានមែនឬទេ ដូច្នេះ គប្បីពោលថា ទេវតាមានមែន ដូច្នេះក្តី មួយទៀត បុគ្គលណា ពោលថា ទេវតា យើងដឹងតាមហេតុពិត ទេវតា យើងដឹងច្បាស់ហើយ ដូច្នេះក្តី។ ពាក្យណាថា ទេវតាមានដូច្នេះ មានតែវិញ្ញូបុរស ទើបអាចដល់នូវសេចក្តីចូលចិត្តតាមពិត ក្នុងពាក្យនុ៎ះឯង។ ចុះព្រោះហេតុអ្វី បានជាព្រះគោតមដ៏ចំរើន មិនដោះស្រាយតាមបទខាងដើម ដល់ខ្ញុំព្រះអង្គ។ ម្នាលភារទ្វាជៈ ព្រោះថា ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ គេសន្មត ដោយសព្ទដ៏ខ្ពស់ ក្នុងលោក។
[១៧៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវមាណព ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ប្រៀបដូចបុគ្គល ផ្ងារឡើងនូវរបស់ដែលគេផ្កាប់ទុក ឬបើកឡើងនូវរបស់ដែលគេបិទបាំង ឬប្រាប់ផ្លូវដល់បុគ្គលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលនូវប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ រមែងមើលឃើញនូវរូបទាំងឡាយបាន យ៉ាងណាមិញ ឯធម៌ដែលព្រះគោតមដ៏ចំរើន បានសំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតម ដ៏ចំរើន ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ថាជាទីពឹង ទីរឭក សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរត្នត្រ័យជាទីពឹង ទីរលឹក ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។
ចប់ សគារវសូត្រ ទី១០។
ចប់ ព្រាហ្មណវគ្គ ទី៥។
ឧទ្ទាននៃវគ្គនោះ ដូច្នេះគឺ
រឿងព្រហ្មាយុព្រាហ្មណ៍ ១ សេលព្រាហ្មណ៍ ១ អស្សលាយនមាណព ១ ឃោដមុខព្រាហ្មណ៍ ១ ចង្កីព្រាហ្មណ៍ ១ ឯសុការីព្រាហ្មណ៍ ១ ធនញ្ជានីព្រាហ្មណ៍ ១ វាសេដ្ឋមាណព ១ សុភមាណព ១ សគារវមាណព ១។
ចប់ មជ្ឈិមបណ្ណាសកៈ។
ចប់ ភាគ២៥