User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.101



ទេវទហសូត្រ ទី១

សង្ខេប

តើ​ទ្រឹស្ដី​​កម្ម​ផល​​​របស់​ពួក​​និគ្រន្ថ និង​​ទ្រឹស្ដី​​កម្ម​ផល​របស់​ព្រះ​ពុទ្ធ​ខុស​គ្នា​ដូច​ម្ដេច?

mn 101 បាលី cs-km: sut.mn.101 អដ្ឋកថា: sut.mn.101_att PTS: ?

(ទី១) ទេវទហសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. ទេវទហសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​ទេវទហនិគម របស់សក្យៈទាំងឡាយ ក្នុងដែនសក្កៈ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងទេវទហនិគមនោះឯង បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មាន​សមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរស​បុគ្គល​នេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់នោះឯង កើតឡើងព្រោះហេតុនៃកម្ម ដែលខ្លួនបានធ្វើក្នុងកាលមុន ឯការមិន​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់​ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅបាន ព្រោះអស់ទៅនៃវេទនា ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ1) តែងនិយាយយ៉ាងនេះឯង។

[៣] ម្នាលភិក្ខុទាំងឡាយ តថាគតបានចូលទៅរក​ពួកនិគ្រន្ថ ដែលនិយាយយ៉ាង​នោះ ហើយសួរយ៉ាងនេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ឮថា អ្នកទាំងឡាយ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរស​បុគ្គល​នេះ ទទួលនូវអារម្មណ៍​ណា​មួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់នោះឯង កើត​ឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ឯការមិន​ទទឹក​ចិត្ត (ដោយ​រាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) ការអស់​ទៅ នៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹង​សាបសូន្យ​ទៅបាន ព្រោះអស់ទៅនៃវេទនា ដូច្នេះពិតមែនឬ។ ម្នាលភិក្ខុទាំងឡាយ និគ្រន្ថទាំងនោះ កាលបើតថាគត សួរយ៉ាងនេះហើយ ក៏ឆ្លើយតបថា ព្រះករុណា ទើប​តថាគត សួរនិគ្រន្ថទាំងនោះ យ៉ាងនេះទៀតថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នក​ទាំងឡាយ ដឹងថា យើងបានកើតហើយ ក្នុងកាលមុន មិនមែនមិនបានកើតទេ ដូច្នេះ​ដែរឬ។ ពួកនិគ្រន្ថ ឆ្លើយតបថា បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបាន​ដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុងកាលពីដើម មិនមែនមិនបានធ្វើទេ ដូច្នេះដែរឬ។ បពិត្រលោកដ៏មានអាយុ ដំណើរ​នេះ ពួកយើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះដែរឬ។ បពិត្រលោក​ដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ទុក្ខទាំងប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះដែរឬ។ បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើង​មិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងនូវការ​លះបង់​អកុសលធម៌ ដឹងនូវការបំពេញកុសលធម៌ ក្នុងបច្ចុប្បន្ននេះ ដូច្នេះឬទេ។ បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបានដឹងទេ។

[៤] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ឮថា អ្នកទាំងឡាយ មិនដឹងថា យើងបាន​កើត​ហើយ ក្នុងកាលមុន មិនមែនមិនបានកើតទេ មិនដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុង​កាលមុន មិនមែនមិនបានធ្វើទេ មិនដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ មិនដឹងថា ទុក្ខទាំងប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះទេ អ្នកទាំងឡាយ ឈ្មោះថា មិនដឹងនូវការលះបង់អកុសលធម៌ មិនដឹងនូវ​ការបំពេញ​កុសល​ធម៌ ក្នុងបច្ចុប្បន្ននេះទេ កាលបើមិនដឹងយ៉ាងនេះហើយ ពួកនិគ្រន្ថដ៏មានអាយុ មិនគួរ​នឹងនិយាយថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់នោះឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ឯការមិន​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាស​ទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) ការអស់​ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តែបើអ្នក​ទាំងឡាយដឹងថា យើងបានកើតហើយ ក្នុង​កាលមុន មិនមែនមិនបានកើតទេ ដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុងកាលមុន មិនមែនមិនបានធ្វើទេ ដឹងថា យើងបានធ្វើ​បាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដឹងថា ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យ ឬក៏កាលបើ​ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះ អ្នកទាំងឡាយ ឈ្មោះថា ដឹងនូវការលះបង់អកុសលធម៌ ដឹងនូវ​ការបំពេញ​កុសល​ធម៌ ក្នុងបច្ចុប្បន្ននេះ កាលបើដឹងយ៉ាងនេះហើយ ទើបពួកនិគ្រន្ថ​ដ៏មានអាយុ គួរ​នឹងនិយាយថា បុរស​បុគ្គល​នេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់នោះឯង កើតឡើង ព្រោះហេតុ​នៃកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ឯ​ការ​មិន​​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាស​ទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់​ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។

[៥] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ដូចបុរសត្រូវសរ ដែលមានថ្នាំពិស ដែលលាប​ដោយថ្នាំពិសដ៏ក្រាស់។ បុរសនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្រូវ​សរ​នោះ​ ពួកមិត្រអាមាត្យ និងញាតិសាលោហិតរបស់បុរសនោះ ក៏នាំយកទៅឲ្យពេទ្យវះ ថែរក្សា។ ពេទ្យវះនោះ យកកាំបិតវះមុខដំបៅ នៃបុរសនោះ។ បុរសនោះ រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែវះមុខដំបៅ ដោយកាំបិតនោះ ពេទ្យវះនោះ ក៏យកដំបៀត​ត្បៀត រំកៀកមើលសរ របស់បុរសនោះ។ បុរសនោះ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្បៀតសរមើល ដោយដំបៀតនោះទៀត ពេទ្យវះនោះ ចាប់ដកសរ អំពីបុរសនោះ។ បុរសនោះ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែដកសរនោះថែមទៀត ពេទ្យវះនោះ ក៏យកកំទេច2) ថ្នាំទៅរោយ ត្រង់មុខដំបៅ​នៃបុរសនោះ។ បុរសនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែរោយកំទេច​ថ្នាំ ត្រង់មុខដំបៅនោះថែមទៀត។ សម័យខាងក្រោយមក បុរសនោះ ក៏មានដំបៅដុះសាច់ ព្រម​ទាំងស្បែក ជាអ្នកលែងឈឺចាប់ មានសេចក្តីសុខ រួចខ្លួនអំពីពេទ្យថែរក្សា មាន​អំណាច​ខ្លួនឯង ទៅណាមកណា តាមសេចក្តីប្រាថ្នាបាន។ បុរសនោះ ក៏គិតយ៉ាង​នេះថា កាលពីដើម អាត្មាអញត្រូវសរ ដែលមានថ្នាំពិស ដែលលាបដោយ​ថ្នាំពិសយ៉ាងក្រាស់ អាត្មាអញនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្រូវ​សរ​នោះឯង​មិត្រអាមាត្យ និងញាតិសាលោហិតទាំងឡាយ របស់អញនោះ ក៏នាំយកទៅឲ្យពេទ្យវះ ថែរក្សា។ ពេទ្យវះនោះ យកកាំបិតវះមុខដំបៅ របស់អញនោះ។ អញនោះ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែវះមុខដំបៅ ដោយកាំបិតនោះ លុះពេទ្យវះនោះ យកដំបៀត​ត្បៀត រំកៀកមើលសរ របស់អញនោះ ខ្លួនអញ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្បៀតសរ ដោយដំបៀតនោះទៀត លុះពេទ្យវះនោះ ចាប់​ដក​សរ របស់អញនោះ ខ្លួនអញនោះ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែដកសរ​ចេញ​នោះទៀត លុះពេទ្យវះនោះ យកកំទេចថ្នាំរោយ ត្រង់មុខដំបៅរបស់អញនោះ ខ្លួនអញនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែរោយកំទេច​ថ្នាំ ត្រង់មុខ​ដំបៅ​នោះ ឥឡូវនេះ ខ្លួនអញនោះ មានដំបៅដុះសាច់ ព្រម​ទាំងស្បែក ជាអ្នកលែង​ឈឺ​ចាប់ មានសេចក្តីសុខ រួចខ្លួនអំពីពេទ្យថែរក្សា ជាអ្នកមាន​អំណាច​ខ្លួនឯង ទៅណា​មក​ណា​ តាមសេចក្តីប្រាថ្នាបាន សេចក្តីនេះ មាន​ឧបមាយ៉ាងណា។ ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ មានឧបមេយ្យដូចអ្នកទាំងឡាយ បើដឹងថា យើងបានកើតហើយ ក្នុង​កាល​មុន មិនមែនមិនបានកើតទេ ដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុងកាលមុន មិនមែន​មិន​បាន​ធ្វើទេ ដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដឹងថា ទុក្ខទាំង​ប៉ុណ្ណេះ សាបសូន្យហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យទៅ ឬក៏កាលបើ​ទុក្ខទាំង​ប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ អ្នកទាំងឡាយ ឈ្មោះថា​ដឹងនូវការលះបង់អកុសលធម៌ ដឹងនូវ​ការបំពេញ​កុសល​ធម៌ ក្នុងបច្ចុប្បន្ននេះ កាលបើ​ដឹង​យ៉ាងនេះហើយ ទើបពួកនិគ្រន្ថដ៏មានអាយុ គួរពោលថា បុរស​បុគ្គល​នេះ ទទួល​រង​អារម្មណ៍​ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់​នោះ​ឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ឯ​ការ​មិន​​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាស​ទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវ​កម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់​ទៅ​នៃ​ទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តែបើអ្នក​ទាំងឡាយ មិនដឹងថា យើងបានកើតហើយ ក្នុង​កាលមុន មិនមែនមិនបានកើតទេ មិនដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុងកាលមុន មិនមែនមិនបានធ្វើទេ មិនដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ មិនដឹងថា ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យទៅហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យទៅ ឬក៏កាលបើ​ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ អ្នកទាំងឡាយ ឈ្មោះថា មិនដឹង​នូវការលះបង់អកុសលធម៌ មិនដឹងនូវ​ការបំពេញ​កុសល​ធម៌ ក្នុងបច្ចុប្បន្ន ព្រោះហេតុ​ណា ហេតុនោះ បានជាពួកនិគ្រន្ថដ៏មានអាយុ មិនគួរ​នឹងពោលថា បុរស​បុគ្គល​នេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនសុខ មិនមែនទុក្ខក្តី អារម្មណ៍​ទាំងអស់នោះឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ​ការ​មិន​​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាស​ទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ឯការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់​ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។

[៦] ម្នាលភិក្ខុទាំងឡាយ កាលបើតថាគតពោលយ៉ាងនេះហើយ និគ្រន្ថទាំងនោះ ឆ្លើយតបនឹងតថាគត ដូច្នេះថា ម្នាលអាវុសោ និគណ្ឋនាដបុត្រ ជាអ្នកដឹងសព្វ ឃើញសព្វ តែងប្តេជ្ញានូវ​ញាណទស្សនៈ (ការដឹង ការឃើញ) មិនមានសេសសល់ថា អញកាលដើរ​ក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ញាណទស្សនៈ តែងតំកល់ស៊ប់ជាប់​ជានិច្ច។ និគណ្ឋនាដបុត្រ​នោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បាបកម្ម ដែលអ្នកទាំង​ឡាយ បានធ្វើទុកក្នុងកាលមុន មានដែរ ចូរអ្នកទាំងឡាយ ធ្វើបាបកម្មនោះ ឲ្យសាបសូន្យ​ទៅ ដោយទុក្ករកិរិយា ដ៏តឹងរ៉ឹងនេះចុះ ក៏ឥឡូវនេះ អ្នកទាំងឡាយ បានសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ក្នុងទុក្ករកិរិយា​នុ៎ះហើយ ដោយហេតុណា ហេតុនោះ ឈ្មោះថា មិនធ្វើបាបកម្មតទៅ ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ​នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះ​មិនទទឹកចិត្ត (ដោយ​រាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់​ទៅនៃ​វេទនា (ពាក្យរបស់និគណ្ឋនាដបុត្រ)​នោះ រមែងគាប់ចិត្ត ត្រូវចិត្តពួកយើង ទាំង​ពួកយើង ក៏ជាអ្នកត្រេកអរនឹងពាក្យនោះ។

[៧] ម្នាលភិក្ខុទាំងឡាយ កាលបើនិគ្រន្ថទាំងឡាយ និយាយយ៉ាងនេះហើយ តថាគត បានតបទៅនឹងពួកនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ធម៌ទាំង​ឡាយ​ ៥យ៉ាងនេះ មានវិបាកពីរប្រការ ក្នុងបច្ចុប្បន្ននេះ ធម៌៥យ៉ាង តើដូចម្តេច ធម៌​៥យ៉ាង គឺសទ្ធា (ការជឿ)១ រុចិ (ការគាប់ចិត្ត)១ អនុស្សវៈ (ការឮតៗគ្នា)១ អាការបរិវិតក្កៈ (ការត្រិះរិះតាមហេតុ)១ ទិដ្ឋិនិជ្ឈានក្ខន្តិ (ការពេញចិត្តថា ត្រូវនឹង​លទ្ធិ​របស់ខ្លួន)១ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ធម៌ទាំង៥យ៉ាងនេះឯង ដែលមាន​វិបាកពីរប្រការ ក្នុងបច្ចុប្បន្ន​នេះ បណ្តាធម៌ ទាំង៥ប្រការនោះ សទ្ធា (ការជឿ) ចំពោះគ្រូ ដែលកន្លងទៅហើយ តើដូចម្តេច រុចិ (ការគាប់ចិត្ត) តើដូចម្តេច អនុស្សវៈ (ការឮតៗគ្នា) តើដូចម្តេច អាការបរិវិតក្កៈ (ការត្រិះរិះតាមហេតុ) តើដូចម្តេច ទិដ្ឋិនិជ្ឈានក្ខន្តិ (ការពេញចិត្តថា ត្រូវនឹងលទ្ធិរបស់ខ្លួន) តើដូចម្តេច របស់និគ្រន្ថដ៏មានអាយុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតសួរយ៉ាងនេះ ក៏មិនបានជួបនឹងពាក្យតទល់ ដែល​ប្រកបដោយធម៌ណាមួយ អំពីពួកនិគ្រន្ថឡើយ។

[៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតសួរនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវសេចក្តីនោះ ថាដូចម្តេច បើអ្នក​ទាំងឡាយ មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា តើអ្នក​ទាំងឡាយ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះឬទេ មួយទៀត បើអ្នកទាំងឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំង មិនមាន​សេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា តើអ្នក​ទាំងឡាយ មិនរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះទេឬ។ ពួកនិគ្រន្ថ​ទាំងនោះ ឆ្លើយតបថា ម្នាលអាវុសោគោតម បើពួកយើង មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា ពួកយើង ក៏រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ បើពួកយើង មិនមាន​សេចក្តី​ប្រឹងប្រែងខ្លាំងទេ មិនមានសេចក្តីព្យាយាមខ្លាំងទេ ក្នុងសម័យណា ពួកយើង ក៏មិនរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមកអំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ។

[៩] ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ បានឮថា បើអ្នកទាំងឡាយ មាន​សេចក្តី​ប្រឹង​ប្រែង​ខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា អ្នក​ទាំងឡាយ ក៏រងទុក្ខ​វេទនា​ក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ​ បើអ្នកទាំង​ឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំងទេ មិនមានសេចក្តីព្យាយាមខ្លាំងទេ ក្នុងសម័យណា អ្នក​ទាំងឡាយ ក៏មិនរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ កាលបើយ៉ាងនេះ ពួកនិគ្រន្ថ​ដ៏មានអាយុ មិនគួរនឹង​និយាយថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ កើតឡើង ព្រោះហេតុតែខ្លួនធ្វើកម្មទុក ក្នុងកាលមុន ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះ​វិនាស​ទៅនៃ​កម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយ​រាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃ​វេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បើអ្នកទាំងឡាយ មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា ទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើត​អំពីសេចក្តី​​ប្រឹងប្រែង ក៏គប្បីតាំងឡើង ក្នុង​សម័យនោះ​ មួយទៀត អ្នកទាំងឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំង មិនមានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា ទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែង ក៏គង់តាំងឡើង ក្នុង​សម័យនោះ កាលបើយ៉ាងនេះ ទើបពួកនិគ្រន្ថ​មានអាយុ គួរនឹងពោលថា បុរស​បុគ្គល​នេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំង​អស់នោះ កើតឡើង ព្រោះហេតុតែកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ការមិន​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះ​វិនាស​ទៅ នៃកម្មចាស់ ទាំង​មិន​ធ្វើ​នូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការ​អស់​ទៅ​នៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃ​វេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បើអ្នក​ទាំង​ឡាយ មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា អ្នក​ទាំងឡាយ ក៏ទទួលទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ​ បើអ្នកទាំងឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំង មិនមាន​សេចក្តី​ព្យាយាម​ខ្លាំង ក្នុងសម័យណា អ្នក​ទាំងឡាយ ក៏ទទួលទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ ព្រោះហេតុណា ហេតុនោះ អ្នកទាំងឡាយនោះ កាលទទួលទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែង ដោយខ្លួនឯង ឈ្មោះថា ប្រកាន់ខុស ព្រោះសេចក្តីល្ងង់ ព្រោះការមិនដឹង ព្រោះ​សេចក្តីភាន់ច្រឡំថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ កើតឡើង ព្រោះហេតុតែកម្ម​ដែលខ្លួនធ្វើទុក ក្នុងកាលមុន ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះ​វិនាស​ទៅ នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃ​វេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅ​នៃវេទនា។ ម្នាលភិក្ខុទាំងឡាយ កាលតថាគត និយាយយ៉ាងនេះ ក៏មិនបាន​ជួបប្រទះ នឹងពាក្យតទល់ ដែលប្រកបដោយធម៌ណាមួយ អំពីពួកនិគ្រន្ថឡើយ។

[១០] ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតបានសួរពួកនិគ្រន្ថទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ដែលឲ្យផលក្នុងបច្ចុប្បន្ន តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងបរលោកវិញ ដូច្នេះបានឬទេ។ ពួកនិគ្រន្ថឆ្លើយតបថា ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ដែលឲ្យផល ក្នុងបរលោក តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូម​ឲ្យផលក្នុងបច្ចុប្បន្នវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោ​និគ្រន្ថ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ​ឲ្យផលជាសុខ តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យ​ផលជាទុក្ខវិញ ដូច្នេះបានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ឲ្យផលជាទុក្ខ តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យ​ផលជាសុខវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោ​និគ្រន្ថ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ឲ្យផលក្នុង​អត្តភាព ដែលសម្រេចហើយ គឺអត្តភាពក្នុងបច្ចុប្បន្ន តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែលមិនទាន់សម្រេច គឺអត្តភាពក្នុងបរលោកវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ឲ្យផលក្នុងអត្តភាព ដែល​មិនទាន់ចាស់ក្លា តើកម្មនោះ គេអាច​បំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែល​ចាស់ក្លាវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោនិគ្រន្ថទាំង​ឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ដែលឲ្យផលច្រើន តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផល​តិច ដូច្នេះវិញ បាន​ឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ដែលឲ្យផលតិច តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូម​ឲ្យផលច្រើន ដូច្នេះវិញ បាន​ឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោ​និគ្រន្ថ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ដែលឲ្យផល តើកម្មនោះ គេអាចបំបែរ ដោយ​សេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមកុំឲ្យផល ដូច្នេះវិញ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ដែលមិនឲ្យផល តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផល ដូច្នេះវិញ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។

[១១] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បានឮថា កម្មណាដែលឲ្យផលក្នុងបច្ចុប្បន្ន​នេះ កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផល ក្នុងបរលោកវិញបានឡើយ។ កម្មណា ដែលឲ្យផលក្នុងបរលោក កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូម​ឲ្យផល​ក្នុងបច្ចុប្បន្នវិញបានឡើយ។ កម្មណា​ ដែលឲ្យផលជាសុខ កម្មនោះ គេមិនអាចនឹង​បំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលជាទុក្ខវិញបានឡើយ។ កម្មណា ឲ្យផលជាទុក្ខ កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយ​សេចក្តី​​ព្យាយាមថា សូមឲ្យផលជាសុខវិញបានឡើយ។ កម្មណា ឲ្យផលក្នុងអត្តភាព ដែលសម្រេចហើយ កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយ​សេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែល​មិនទាន់សម្រេចវិញបានឡើយ។ កម្មណា ឲ្យផលក្នុងអត្តភាព ដែល​មិនទាន់សម្រេច កម្មនោះ គេមិនអាចនឹង​បំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែលសម្រេចវិញបានឡើយ។ កម្មណា ដែលឲ្យផលច្រើន កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផល​តិចវិញបានឡើយ។ កម្មណា ដែលឲ្យផលតិច កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូម​ឲ្យផលច្រើនវិញបានឡើយ។ កម្មណា ដែលឲ្យផល កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមកុំឲ្យផលវិញបានឡើយ។ កម្មណា ដែលមិនឲ្យផល កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលវិញបានឡើយ។ កាលបើបំបែរ​មិនបានយ៉ាងនេះ សេចក្តីប្រឹងប្រែង និង​សេចក្តីព្យាយាម របស់ពួក​និគ្រន្ថមានអាយុ ក៏ទៅជាឥតផល ឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ តែងនិយាយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ពាក្យធំ ពាក្យតូច មាន១០ប្រការ ដែលប្រកប​ដោយហេតុ រមែង​មកកាន់ទី ដែលគួរឲ្យវិញ្ញូជន តិះដៀល នូវពួកនិគ្រន្ថ ជាអ្នក​និយាយ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ គឺ បើសត្វទាំង​ឡាយ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជា​អ្នកធ្វើ​អំពើ​អាក្រក់ទុកក្នុងកាលមុន បានជាក្នុងកាល​ឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ មានព្រះឥសូរអាក្រក់ តាក់តែងដោយពិត បានជាក្នុងកាល​ឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសង្គតិ និងភាវៈ3) ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមានសង្គតិអាក្រក់ ដោយពិត បានជាក្នុងកាលឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ4) ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមានអភិជាតិអាក្រក់ ដោយពិត បានជាក្នុងកាលឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុង​បច្ចុប្បន្ននេះ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមានសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ​អាក្រក់ បានជាក្នុងកាលឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែ​កម្ម ដែលខ្លួន​បានធ្វើទុក ក្នុងកាលមុនក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែ​ព្រះឥសូរ តាក់តែងឲ្យ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែព្រះឥសូរ តាក់តែងឲ្យក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែ​សង្គតិ និងភាវៈ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែសង្គតិ និងភាវៈក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែអភិជាតិក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ​ក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ តែង​និយាយយ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ពាក្យធំ ពាក្យតូច ទាំង១០ប្រការ ដែល​ប្រកបដោយហេតុ រមែង​មកកាន់ទី ដែលគួរ​ឲ្យវិញ្ញូជនតិះដៀល នូវពួកនិគ្រន្ថ ជាអ្នក​និយាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា សេចក្តីប្រឹងប្រែង មិនមាន​ផល សេចក្តីព្យាយាម ក៏មិនមានផល។

[១២] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រឹងប្រែង មាន​ផល សេចក្តីព្យាយាម មានផល តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនយកទុក្ខ មក​គ្របសង្កត់ខ្លួន5) ដែលមិនធ្លាប់មានទុក្ខគ្របសង្កត់ផង មិនលះបង់សុខ ប្រកបដោយធម៌ផង6) ជាអ្នកមិន​ជ្រុលជ្រប់ ក្នុងសុខនោះផង។ ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា កាលបើអាត្មាអញ ផ្គងសេចក្តីព្យាយាម តណ្ហា ជាហេតុកើតឡើងនៃទុក្ខ​នេះឯង រមែងវិនាស ព្រោះការផ្គងសេចក្តីព្យាយាម មួយទៀត កាលបើអាត្មាអញ ព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហាជាហេតុកើតឡើងនៃទុក្ខនេះ ក៏រមែង​វិនាសដែរ។ កាលគេផ្គង នូវសេចក្តីព្យាយាម តណ្ហាជាហេតុកើតឡើង នៃទុក្ខណា រមែង​វិនាស ព្រោះ​ការផ្គងសេចក្តីព្យាយាម ភិក្ខុនោះ ក៏ផ្គងសេចក្តីព្យាយាម ចំពោះតណ្ហាជាហេតុកើតឡើង​នៃទុក្ខនោះ មួយទៀត កាលគេព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហាជាហេតុ​កើតឡើង​នៃទុក្ខណា រមែង​វិនាស ភិក្ខុនោះ ក៏ចម្រើនឧបេក្ខា ចំពោះតណ្ហា​ជាហេតុកើតឡើង​នៃ​ទុក្ខ​នោះ កាលភិក្ខុនោះ ផ្គងនូវសេចក្តីព្យាយាម តណ្ហាជាហេតុ​កើតឡើង នៃទុក្ខនោះ ក៏​វិនាស ព្រោះ​ការផ្គង នូវសេចក្តីព្យាយាម កាលតណ្ហា​វិនាស យ៉ាងនេះហើយ ទុក្ខរបស់​ភិក្ខុនោះ ក៏រមែងសាបសូន្យ កាលភិក្ខុនោះ ព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហា ជាហេតុ​កើតឡើង​នៃទុក្ខនោះ ក៏​វិនាស កាលតណ្ហាវិនាសយ៉ាង​នេះហើយ ទុក្ខរបស់​ភិក្ខុនោះ ក៏រមែងសាបសូន្យទៅ។

[១៣] ម្នាលភិក្ខុទាំងឡាយ ដូចបុរសម្នាក់ មានចិត្តត្រេក មានចិត្តប្រតិព័ទ្ធ មានសេចក្តី​ពេញចិត្តខ្លាំង មានសេចក្តី​ចង់បានខ្លាំង ចំពោះស្ត្រី។ បុរសនោះ ឃើញស្ត្រី​នោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​ប្រុសឯទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច តើសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើតឡើង ដល់បុរសដែលឃើញ​ស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរស​ឯទៀតនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន កើតឡើងបាន។ ដំណើរនោះ ព្រោះហេតុ​អ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ មានចិត្តត្រេក មានចិត្តប្រតិព័ទ្ធ មាន​សេចក្តី​ពេញចិត្តខ្លាំង មានសេចក្តី​ចង់បានខ្លាំង ចំពោះស្ត្រីនោះ បានជា សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត កើតឡើងបាន ព្រោះឃើញស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរសឯទៀត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អញ មានចិត្ត​ត្រេក មានចិត្តប្រតិព័ទ្ធ មានសេចក្តីពេញចិត្តខ្លាំង មានសេចក្តី​ចង់បានខ្លាំង ចំពោះស្ត្រីនោះ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត កើតឡើង ដល់អញនោះ ព្រោះតែឃើញស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយ​នឹង​បុរសឯទៀត បើដូច្នោះ អញគួរតែលះបង់ចោល នូវ​សេចក្តីត្រេកត្រអាល របស់អញ ចំពោះស្ត្រីនោះចេញ។ សេចក្តីត្រេកត្រអាលណា ចំពោះស្ត្រីនោះ បុរសនោះ ក៏លះបង់ នូវសេចក្តីត្រេកត្រអាលនោះចេញ។ លុះ​សម័យ​ខាងក្រោយមក បុរសនោះ ឃើញ​ស្ត្រី​នោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរសឯទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះ ថាដូចម្តេច តើសេចក្តី​សោក ខ្សឹក​ខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើតឡើង ដល់បុរស ដែល​ឃើញ​ស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរសឯ​ទៀត​នោះ ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនកើតឡើង​ទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ លែងមានសេចក្តីត្រេក ចំពោះស្ត្រីនោះហើយ បានជាសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតឡើង ព្រោះឃើញស្ត្រីនោះ ដែល​កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរសឯទៀត។

[១៤] ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុ មិនយកសេចក្តីទុក្ខមកគ្របសង្កត់ខ្លួន ដែល​មិនធ្លាប់មានទុក្ខគ្របសង្កត់ផង មិនលះបង់​សុខប្រកបដោយធម៌ផង ជាអ្នកមិនជ្រុលជ្រប់​ទៅក្នុងសុខនោះផង។ ភិក្ខុនោះ រមែងដឹងច្បាស់យ៉ាងនេះថា កាលបើអាត្មាអញ ផ្គងសេចក្តី​​ព្យាយាម តណ្ហា ជាហេតុកើតឡើង នៃទុក្ខ​នេះឯង រមែងវិនាស ព្រោះការ​ផ្គងនូវសេចក្តីព្យាយាម មួយទៀត កាលបើអាត្មាអញ ព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហា ជាហេតុកើតឡើង នៃទុក្ខនេះ ក៏រមែង​វិនាសដែរ។ កាលគេផ្គង នូវសេចក្តីព្យាយាម តណ្ហា ជាហេតុកើតឡើង នៃទុក្ខណា រមែង​វិនាស ព្រោះ​ការផ្គង នូវសេចក្តីព្យាយាម ភិក្ខុ​នោះ ក៏ផ្គងនូវសេចក្តីព្យាយាម ចំពោះតណ្ហាជាហេតុកើត​នៃទុក្ខនោះ មួយទៀត កាលគេព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហា ជាហេតុ​កើតនៃទុក្ខណា រមែង​វិនាស ភិក្ខុនោះ ក៏ចម្រើនឧបេក្ខា ចំពោះតណ្ហា​ជាហេតុកើត​នៃទុក្ខនោះ កាលភិក្ខុនោះ ផ្គងនូវសេចក្តីព្យាយាម តណ្ហាជាហេតុ​កើត នៃទុក្ខនោះ ក៏​វិនាស ព្រោះ​ការ​ផ្គង​នូវសេចក្តីព្យាយាម កាលតណ្ហា​វិនាស យ៉ាងនេះហើយ ទុក្ខរបស់ភិក្ខុនោះ ក៏រមែង​សាប​សូន្យទៅ កាលភិក្ខុនោះ ព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហាជាហេតុ​កើតនៃទុក្ខនោះ ក៏​វិនាស កាលតណ្ហាវិនាសយ៉ាង​នេះហើយ ទុក្ខរបស់ភិក្ខុនោះ រមែងសាបសូន្យ ក៏​មានឧបមេយ្យ ដូចបុរសនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែង មានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[១៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរមែងពិចារណាដូច្នេះថា កាលអាត្មាអញ នៅតាមសេចក្តីសុខស្រួល7) អកុសលធម៌ទាំងឡាយ រមែងចម្រើនឡើង កុសលធម៌ទាំងឡាយ រមែងសាបសូន្យ តែកាលបើអាត្មាអញ តាំងខ្លួនឲ្យលំបាក8) អកុសលធម៌ទាំងឡាយ រមែងសាបសូន្យ កុសលធម៌ទាំងឡាយ រមែងចម្រើនឡើង បើ​ដូច្នោះ គួរតែអាត្មាអញ តាំងខ្លួនឲ្យលំបាកចុះ។ ភិក្ខុនោះ ក៏តាំងខ្លួនឲ្យលំបាក កាលភិក្ខុនោះ តាំងខ្លួនឲ្យលំបាក អកុសលធម៌ទាំងឡាយ ក៏សាបសូន្យ កុសលធម៌​ទាំងឡាយ ក៏ចម្រើនឡើង។ លុះសម័យខាងក្រោយមក ភិក្ខុនោះ មិន​តាំងខ្លួន​ឲ្យលំបាកទៀតឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ តាំងខ្លួនឲ្យលំបាក ដើម្បីប្រយោជន៍ណា ប្រយោជន៍របស់ភិក្ខុនោះ សម្រេចហើយ ព្រោះ​ហេតុនោះ បានជាសម័យខាងក្រោយមក ភិក្ខុនោះ មិនតាំងខ្លួនឲ្យលំបាកទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាងព្រួញ រមែងឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការបាន។ ម្នាលភិក្ខុទាំងឡាយ កាលដែលជាងព្រួញ ឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការបានហើយ សម័យខាងក្រោយមក ជាងព្រួញនោះ មិនឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការ​បាន​ទៀតទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ជាងព្រួញនោះ ឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការបាន ដើម្បីប្រយោជន៍​ណា ប្រយោជន៍របស់គេនោះ សម្រេចហើយ ហេតុនោះ បានជាសម័យ​ខាងក្រោយមក ជាងព្រួញ មិនឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការ​បាន​ទៀតទេ សេចក្តីនេះ​ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណា​ ដូច្នេះថា កាលអាត្មាអញ នៅតាមសេចក្តីសុខស្រួល អកុសលធម៌ទាំងឡាយ រមែង​ចម្រើន​ឡើង កុសលធម៌ទាំងឡាយ រមែងសាបសូន្យ តែកាលបើអាត្មាអញ តាំងខ្លួន​ឲ្យ​លំបាក អកុសលធម៌ទាំងឡាយ រមែងសាបសូន្យ កុសលធម៌ទាំងឡាយ រមែងចម្រើនឡើង បើដូច្នោះ មានតែអាត្មាអញ តាំងខ្លួនឲ្យលំបាកចុះ។ ភិក្ខុនោះ ក៏តាំងខ្លួន​ឲ្យលំបាក កាលភិក្ខុនោះ តាំងខ្លួនឲ្យលំបាក អកុសលធម៌ទាំងឡាយ ក៏សាបសូន្យ កុសលធម៌​ទាំងឡាយ ក៏ចម្រើនឡើង។ លុះសម័យជាខាងក្រោយមក ភិក្ខុនោះ ក៏លែងតាំងខ្លួន​ឲ្យលំបាកទៀត ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ តាំងខ្លួន​ឲ្យលំបាក ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ របស់ភិក្ខុនោះ ក៏សម្រេចហើយ ហេតុនោះ បានជាសម័យខាងក្រោយមក ភិក្ខុនោះ មិនតាំងខ្លួនឲ្យលំបាកទៀតឡើយ សេចក្តីនេះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែង មានផល សេចក្តី​ព្យាយាម​មានផល យ៉ាងនេះឯង។

[១៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគតកើតឡើងក្នុងលោកនេះ បានជា​ព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់​ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់​ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មានបាន ទ្រង់ជាសាស្តាចារ្យ នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោល​ហើយ ព្រះអង្គ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យដឹងច្បាស់ ព្រះអង្គ សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតីក្តី កូន​គហបតីក្តី ឬបុគ្គលកើតក្នុងត្រកូលណាមួយ ក្នុងកាលជាខាងក្រោយក្តី ស្តាប់ធម៌​នោះ លុះបុគ្គលនោះ ស្តាប់ធម៌នោះហើយ រមែងបាននូវសទ្ធា ក្នុងព្រះតថាគត លុះបុគ្គលនោះ ប្រកបដោយការបាននូវសទ្ធា ដូច្នោះហើយ ក៏ពិចារណា ដូច្នេះថា ឃរាវាស ចង្អៀតចង្អល់​ណាស់ ជាផ្លូវនៃធូលី គឺកិលេស មានតែបព្វជ្ជា ទើបមានឱកាសទំនេរ បុគ្គល ជាគ្រហស្ថ គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ តែមួយយ៉ាង ឲ្យបរិសុទ្ធ​តែ​មួយយ៉ាង ដូចស័ង្ខ ដែលគេខាត់ហើយនោះបានទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា រួចហើយស្លៀកដណ្តប់​សំពត់​ជ្រលក់​ទឹក​អម្ចត់ ហើយចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យជាខាងក្រោយមក បុគ្គលនោះ លះបង់គំនរភោគៈ​តិចក្តី លះបង់គំនរភោគៈ​ច្រើនក្តី លះបង់នូវញាតិវង្ស​តិច​ក្តី លះបង់នូវញាតិវង្សច្រើនក្តី កោរសក់ ពុកមាត់ ពុកចង្កា រួចហើយស្លៀកដណ្តប់​សំពត់ជ្រលក់ទឹកអម្ចត់ ចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស។ កាលបើបុគ្គលនោះ បានបួស​យ៉ាងនេះហើយ ក៏សមាទានសិក្ខា និងសាជីវៈ សម្រាប់ភិក្ខុទាំងឡាយ លះបង់​បាណាតិបាត ជាអ្នកវៀរចាកបាណាតិបាត ជាអ្នកដាក់ចុះ នូវគ្រឿងវាយដំ ដាក់ចុះ​នូវ​គ្រឿងសស្ត្រាវុធ មានសេចក្តីខ្មាសបាប បរិបូណ៌ដោយសេចក្តីអាណិតអាសូរ ជាអ្នក​អនុគ្រោះ ដោយប្រយោជន៍ ដល់សត្វ​មានជីវិត​ទាំងអស់ លះបង់នូវអទិន្នាទាន ជាអ្នកវៀរចាកអទិន្នាទាន កាន់យកតែវត្ថុ​ដែល​គេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មិនមែនជាមនុស្សល្មួច មានខ្លួនដ៏ស្អាត លះបង់​អព្រហ្ម​ចរិយៈ ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាកមេថុនធម្ម ដែលជាធម៌​របស់អ្នកស្រុក លះបង់មុសាវាទ ជាអ្នកវៀរចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត តពាក្យពិត មានសំដីទៀងទាត់ មិនយាយពាក្យ ដែលគេគប្បីជឿ មិនបានពោលបំភ្លាត់​ដល់សត្វ​លោក លះបង់បិសុណវាចា ជាអ្នកវៀរចាកបិសុណវាចា ឮអំពីទីនេះ មិនបាន​យកទៅ​និយាយប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកជនទាំងឡាយនេះ ឬឮអំពីទីឯណោះ មិនបានយកមកប្រាប់ ដល់ជនទាំងឡាយនេះ ដើម្បីបំបែកជនទាំងឡាយឯណោះ ជាអ្នក​ផ្សះផ្សាពួកជន ដែលបែកបាក់គ្នាហើយ ឬឲ្យកម្លាំងថែម ដល់ពួកជនដែលបានជានឹងគ្នា​ហើយ ជាអ្នកពេញចិត្តនឹងការព្រមព្រៀងគ្នា ត្រេកអរនឹងការព្រមព្រៀងគ្នា រីករាយតែ​ក្នុង​សេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែពាក្យ ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា លះបង់​ផរុសវាចា ជាអ្នកវៀរចាកផរុសវាចា ក៏សំដីណាមិនមានទោស នាំមកនូវសេចក្តី​សុខ ដល់ត្រចៀក (នៃអ្នកដទៃ) ជាពាក្យគួរស្រឡាញ់ ជាពាក្យគួរតំកល់ទុក ក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាពាក្យជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីពេញចិត្ត នៃជនច្រើនគ្នា ជាអ្នកពោលតែសំដីដូច្នោះ លះបង់​សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នក​និយាយ​ពាក្យក្នុងកាលគួរ និយាយពាក្យពិត និយាយពាក្យមានប្រយោជន៍ និយាយធម៌ និយាយ​វិន័យ ជាអ្នកនិយាយសំដី ដែលគួរតំកល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយ​គ្រឿងអាង ជាពាក្យមានកំណត់ ជាពាក្យប្រកបដោយប្រយោជន៍ តាមកាលគួរ។ ភិក្ខុ​នោះ វៀរចាកការធ្វើពីជគាម និងភូតគាមឲ្យវិនាស ជាអ្នកបរិភោគភត្តតែ១ពេល វៀរចាក​ការបរិភោគក្នុងរាត្រី វៀរចាកបរិភោគក្នុងកាលខុស វៀរចាកការមើលនូវរបាំ និងការស្តាប់​នូវចម្រៀង និងភ្លេងប្រគំ (ជាសត្រូវ ដល់កុសលធម៌) វៀរចាកការទ្រទ្រង់ និងការប្រដាប់​ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ជាអ្នក​វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ ជាអ្នកវៀរចាក​ការទទួល​មាស និងប្រាក់ ជាអ្នកវៀរចាកការទទួល​នូវធញ្ញជាតិឆៅ វៀរចាកការទទួល​សាច់ឆៅ វៀរចាកការទទួលស្រី និងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួល​ពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល​ញី វៀរចាកការទទួលស្រែ និងចំការ វៀរចាកការប្រកបទូតកម្ម គឺនាំសំបុត្រ ឬពាក្យ​បណ្តាំ​នៃគ្រហស្ថ និងការទៅដោយគេប្រើអំពីផ្ទះមួយ ទៅផ្ទះមួយ វៀរចាកការទិញ និងការលក់ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង បញ្ឆោតដោយភាជន៍កាឡៃមាស (ជាដើម) និងការបញ្ឆោត ដោយរង្វាស់រង្វាល់ វៀរចាកការប្រកប​អំពើវៀច គឺបង្ខុស បំភាន់ និងការបោកប្រាស និងការបន្លំ ដោយរបស់ក្លែង វៀរចាកការកាត់ (នូវអវយវៈ មានដៃ​ជាដើម) និងការសម្លាប់ ចង លាក់ខ្លួនពួនចាំធ្វើអំពើអាក្រក់ និងការប្លន់​កំហែង​យក​ទ្រព្យ។ ភិក្ខុនោះ ជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿង​រក្សាផ្ទៃ កាលបើចេញទៅ ក្នុងទិសណាៗ តែងកាន់យក (តែគ្រឿង​បរិក្ខារ ៨​ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួនចេញទៅ សកុណជាតិ ដែលមានស្លាប កាលហើរទៅ ក្នុងទិសណាៗ រមែងមានតែទម្ងន់ស្លាប របស់ខ្លួនប៉ុណ្ណោះ ហើរទៅ មានឧបមាដូចម្តេច​មិញ មានឧបមេយ្យ ដូចភិក្ខុជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌ​បាត ជាគ្រឿងរក្សាផ្ទៃ កាលបើចេញទៅ ក្នុងទិសណាៗ តែងកាន់យក (តែគ្រឿង​បរិក្ខារ​៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ដូច្នោះឯង។

[១៧] ភិក្ខុនោះបរិបូណ៌ដោយសីលក្ខន្ធដ៏ប្រសើរនេះហើយ តែងទទួលនូវសេចក្តី​សុខ ដែលមិនមានទោស ខាងក្នុងសន្តាន។ ភិក្ខុនោះ បានឃើញរូបដោយភ្នែក មិនកួច​កាន់​នូវ​និមិត្ត មិនកួចកាន់ នូវ​អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌​ដ៏លាមក តែងគ្របសង្កត់​នូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្ទ្រិយ ព្រោះហេតុតែ​មិនបាន​សង្រួម​នូវចក្ខុន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បី​សង្រួម នូវចក្ខុន្ទ្រិយនោះ រក្សា​នូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ។ បានឮសំឡេង​ដោយត្រចៀក… បានធំក្លិនដោយច្រមុះ… បានទទួលរស ដោយអណ្តាត… បានពាល់ត្រូវ​នូវសម្ផ័ស្ស ដោយកាយ… បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្ត ក៏មិនកួចកាន់​ នូវនិមិត្ត មិនកួចកាន់ ​នូវ​​​អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក តែងគ្រងសង្កត់​នូវបុគ្គល ដែលមិនសង្រួមនូវមនិន្ទ្រិយ ព្រោះហេតុតែមិនបាន​សង្រួម​នូវ​មនិន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បី​សង្រួមនូវមនិន្ទ្រិយ​នោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។

[១៨] ភិក្ខុនោះ បរិបូណ៌ដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះហើយ តែងទទួល​នូវសេចក្តីសុខ ដែលមិនច្រឡូកច្រ​ឡំ ដោយកិលេស ខាងក្នុងសន្តាន។ ភិក្ខុនោះ កាលឈានទៅមុខ ឈានថយក្រោយ ក៏ជាអ្នកដឹងខ្លួន កាលក្រឡេកមើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ ក៏ជាអ្នកដឹងខ្លួន កាលបត់លា (ដៃជើង) ក៏ជាអ្នកដឹង​ខ្លួន កាលប្រើប្រាស់សង្ឃាដិ បាត្រ ចីវរ ក៏ជាអ្នកដឹងខ្លួន កាលបរិភោគ ផឹក ទំពា ទទួលរស ក៏ជាអ្នកដឹងខ្លួន កាលបន្ទោឧច្ចារៈ បស្សាវៈ ក៏ជាអ្នកដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ពីដេក និយាយ ឬស្ងៀម ក៏ជាអ្នកដឹងខ្លួន។

[១៩] ភិក្ខុនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង បរិបូណ៌ដោយ​ឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង បរិបូណ៌ដោយសតិ សម្បជញ្ញៈ ដ៏ប្រសើរ​នេះផង តែងគប់រក នូវ​សេនាសនៈដ៏ស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះហួសពេលបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏អង្គុយ​ពត់​ភ្នែន តម្រង់កាយឲ្យត្រង់ តម្កល់ស្មារតី ឲ្យ​មានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ ក៏លះបង់ នូវអភិជ្ឈាក្នុងលោក គឺបញ្ចុបាទានក្ខន្ធ មានចិត្តប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យ​ស្អាត ចាកអភិជ្ឈា លះបង់នូវ​ព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិន​ព្យាបាទ មាន​សេចក្តី​អនុគ្រោះដោយ​ប្រយោជន៍ ដល់សត្វមានជីវិតទាំងអស់ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកព្យាបាទ និងសេចក្តី​ប្រទូស្ត លះបង់ថីនមិទ្ធៈ ជាអ្នកប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ ជាអ្នកមានសតិ និងសម្បជញ្ញៈ ធ្វើចិត្តឲ្យ​ស្អាត ចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ ជាអ្នកមានចិត្តមិនរាយមាយ មានចិត្តស្ងប់ស្ងាត់ ក្នុងសន្តានរបស់​ខ្លួន ធ្វើចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ជាអ្នកឆ្លងផុតចាកវិចិកិច្ឆាហើយ មិនមាន​សេចក្តីងឿងឆ្ងល់ ក្នុង​កុសលធម៌ទាំងឡាយ ធ្វើចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។

[២០] ភិក្ខុនោះ លុះលះបង់នូវនីវរណៈ ទាំង៥នេះ ដែលជា ឧបក្កិលេស របស់​ចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសល​ធម៌​​ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ក៏សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាម មានផល យ៉ាងនេះឯង។

[២១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរម្ងាប់នូវវិតក្កៈ និងវិចារៈ ហើយក៏ចូល​កាន់​ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុង​សន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ គឺបឋមជ្ឈាន ក៏សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនឿយណាយ ចាកបីតិផង ជាអ្នក​ប្រកបដោយ​ឧបេក្ខាផង មានសតិ សម្បជញ្ញៈ ទទួលសុខ ដោយនាមកាយផង ក៏ចូល​កាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គល ដែលបាន​តតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ ដូច្នេះ ក៏សម្រាន្តនៅ ដោយឥរិយាបថ ៤។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាម​មានផល យ៉ាងនេះឯង។

[២៣] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវ​ទុក្ខផង អស់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយ​ឧបេក្ខា ក៏សម្រាន្តនៅ ដោយឥរិយាបថ ៤។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២៤] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ រលឹកឃើញនូវ​ខន្ធ ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនប្រការ រលឹកឃើញនូវខន្ធនោះ តើដូចម្តេចខ្លះ គឺរលឹកឃើញ​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកឃើញនូវសំវដ្តកប្បជាច្រើនក៏បាន នូវវិវដ្តកប្ប​ជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បាន ថា អាត្មាអញ បានកើត​ក្នុងភព​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ​យ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ​ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើត​ក្នុងភពឯណោះ កាលដែលអាត្មាអញ​ទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ​យ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ​ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើត​ក្នុងភពនេះ។ ភិក្ខុនោះ រលឹកឃើញនូវខន្ធ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនប្រការ ព្រមទាំង​អាការ គឺសម្បុរ និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការ​ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២៥] ភិក្ខុនោះ កាលបើមានចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិន​ញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ចុតូបបាតញ្ញាណ (ការដឹងចុតិ បដិសន្ធិ) របស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូច​ជាទិព្វ បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា រមែង​ឃើញពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្ត​ទៅ តាម​កម្មរបស់ខ្លួន ដូច្នេះថា អើហ្ន៎ សត្វអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយ​មនោ​ទុច្ចរិត ជាអ្នកតិះដៀលពួក​ព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើជាមិច្ឆាទិដ្ឋិ សត្វទាំង​នោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មួយទៀត សត្វអម្បាលនេះ ប្រកបដោយកាយសុចរិត​ ប្រកបដោយវចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នកមិនតិះដៀលពួក​ព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់​អំពើ​ជាសម្មាទិដ្ឋិ សត្វទាំង​នោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធ កន្លងបង់​ចក្ខុជារបស់មនុស្សធម្មតា រមែងឃើញ​ពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវពួកសត្វ ដែល​ប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២៦] ភិក្ខុនោះ កាលបើមានចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅ​តាម​អារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ ភិក្ខុ​នោះ ដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុ​នាំឲ្យកើតទុក្ខ ដឹងតាម​ពិត​ថា នេះជាសេចក្តីរលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តី​រលត់​ទុក្ខ ដឹងតាមពិតថា នេះជា​អាសវៈ ដឹងតាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចិត្តរួច​ស្រឡះ ចាកភវាសវៈផង ចិត្តរួចស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្ត​រួចស្រឡះហើយ ប្រាជ្ញា ក៏កើតឡើងថា ចិត្តរួចស្រឡះហើយ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២៧] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត តែងពោលយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ពាក្យប្រកបដោយ​ធម៌ ១០ប្រការ តែងមកកាន់ស្ថាន ដែលគប្បីសរសើរ ចំពោះ​ព្រះតថាគត ជាអ្នកពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនបានធ្វើ ក្នុងកាលមុន ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអ្នក​ធ្វើអំពើល្អ ក្នុងកាលមុនដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាពយ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត គឺ​ព្រះឥសូរ ដ៏ចម្រើន តាក់តែងឲ្យ ដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាពយ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសង្គតិ និងភាវៈ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានសង្គតិល្អ​ដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាព​យ៉ាងនេះ​១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានអភិជាតិល្អដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាពយ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួក​សត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុង​បច្ចុប្បន្ននេះ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត មានសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះល្អដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាពយ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនធ្វើ ក្នុងកាលមុន ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនធ្វើក្នុងកាលមុនក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ​មិនរងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែ​សង្គតិ និងភាវៈ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែសង្គតិ និងភាវៈក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វមិនរងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ន​នេះក៏ដោយ ព្រះតថាគត ក៏គង់​គេ​សរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត តែងពោលយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ពាក្យប្រកបដោយហេតុ ១០ប្រការ នេះឯង តែង​មកកាន់ស្ថាន ​ដែលគេសរសើរ ចំពោះ​ព្រះតថាគត ជាអ្នកពោលយ៉ាងនេះ។ លុះព្រះមានបុណ្យ បានសំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានចិត្ត​ត្រេកអរ រីករាយ ចំពោះ​ភាសិត របស់ព្រះមានបុណ្យ។

ចប់ ទេវទហសូត្រ ទី១។

 

លេខយោង

1)
មគធៈថា និគណ្ឋ សំស្ក្រឹតថា និគ្រន្ថ។
2)
យកផ្លែស្រម៉ ឬផ្លែកន្ទួតព្រៃ លីងបុកឲ្យល្អិត (លាបមុខរបួស)។ អដ្ឋកថា។
3)
ដំណើរនៃអភិជាតិទាំង៦ ដែលត្រាច់ទៅក្នុងទីនោះៗ ហៅថា សង្គតិ។ ធម្មតាដែលកើតឡើងឯងៗ ហៅថា ភាវៈ ប្រៀបដូចបន្លាដែលស្រួច​ឯង ផ្លែខ្វិតមានសណ្ឋានមូល ដោយខ្លួនឯង សត្វម្រឹគ បក្សីមានរូបរាង វិចិត្រផ្សេងៗ ដោយធម្មតាឯង យ៉ាងណាមិញ លោកទាំងអស់ មានសេចក្តីប្រែប្រួលដូច្នោះៗ មិនបាច់​អាស្រ័យ​ហេតុបច្ច័យឡើយ ដូចបន្លាជាដើម យ៉ាងនោះឯង។
4)
កំណើតដែល​បែកទៅផ្សេងៗ ហៅថាអភិជាតិ ៗ មាន៦យ៉ាង គឺ​កណ្ហាភិជាតិ (កំណើតខ្មៅ) បានដល់ពួកអ្នកធ្វើអំពើអាក្រក់ មានសម្លាប់សត្វជាដើម១ នីលាភិជាតិ (កំណើតខៀវ) បានដល់ពួកភិក្ខុ១ លោហិតាភិជាតិ (កំណើតក្រហម) បានដល់ពួកនិគ្រន្ថ ដែលមានសំពត់សាដកតែមួយ១ ហលិទ្ទាភិជាតិ (កំណើតលឿង) បានដល់ពួក​គ្រហស្ថ ដែលស្លៀកស ជាសាវ័ករបស់អចេលក៍១ សុក្កាភិជាតិ (កំណើតស) បានដល់អាជីវក និងអាជីវិនី១ បរមសុក្កាភិជាតិ (កំណើតសណាស់) បានដល់ នន្ទ វច្ឆ កឹស សង្កិច្ច មក្ខលិគោសាល១ (អភិជាតិទាំង៦នេះ ជាលទ្ធិរបស់និគ្រន្ថ)។ សាមញ្ញផលសុត្តវណ្ណនា។
5)
បុគ្គលដែលប្រកបសេចក្តីព្យាយាម ដោយទុក្ករកិរិយាផ្សេងៗ ឈ្មោះថា យកទុក្ខមកសង្កត់ខ្លួន។ លុះតែបុគ្គលណាបួស ក្នុងសាសនាហើយ ជាអ្នកប្រព្រឹត្ត​នៅតែ​ក្នុងព្រៃ ឬនៅទៀបគល់ឈើជាដើម បុគ្គលនោះ ទើបឈ្មោះថា មិនយកទុក្ខមកសង្កត់ខ្លួន
6)
សេចក្តីសុខ ក្នុងបច្ច័យ៤ មានចីវរបច្ច័យជាដើម ដែលកើតឡើងអំពីសង្ឃ ឬគណៈ ហៅថា សុខប្រកប​ដោយធម៌។ អដ្ឋកថា។
7)
បុគ្គលដែលប្រតិបត្តិ ដើម្បីឲ្យតែសុខស្រួលខ្លួន ដូចប្រើប្រាស់​ចីវរមានសាច់ល្អិត នៅក្នុងសេនាសនៈគួរជ្រះថ្លា ហៅថា នៅតាមសេចក្តីសុខស្រួល តែការ​ប្រព្រឹត្តិដូច្នោះ ចិត្តរមែងរាយមាយ។
8)
បុគ្គលដែល​ប្រតិបត្តិ ដើម្បីឲ្យលំបាកខ្លួន ដូចប្រើប្រាស់ចីវរមានសាច់ក្រាស់ ឬដាច់​ធ្លុះធ្លាយ នៅក្នុងព្រៃស្មសាន ឬទៀបគល់ឈើ ជាដើម ហៅថា តាំងខ្លួនឲ្យលំបាក គឺធ្វើ​ខ្លួនឲ្យលំបាក តែការប្រព្រឹត្តិដូច្នោះ ចិត្តរមែង​មានអារម្មណ៍មូលតែមួយ។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.101.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann