User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.102



បញ្ចត្តយសូត្រ ទី២

សង្ខេប

តើ​​សច្ចៈទាំង​៣​នេះ​ បញ្ញត្តិ​សច្ចៈ​ ​បរមត្ថ​សច្ចៈ អរិយ​សច្ចៈ ដែល​ជា​សច្ច​ធម៌​របស់​ព្រះ​តថាគត​​​ត្រាស់​ដឹង​ និង​សេព​​ឈ្មោះថា សន្តិ​វរ​បទ ដ៏​ប្រសើរ​នោះ?

mn 102 បាលី cs-km: sut.mn.102 អដ្ឋកថា: sut.mn.102_att PTS: ?

(ទី២) បញ្ចត្តយសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. បញ្ចត្តយសុត្តំ)

[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅ​ក្នុង​វត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលតប​ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២៩] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មាន​សមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកកំណត់ នូវខន្ធជាចំណែកខាងមុខ (ខន្ធក្នុងអនាគត) មានសេចក្តីយល់ឃើញ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធជាចំណែក​ខាងមុខ ហើយ​សំដែងនូវចំណែក នៃទិដ្ឋិច្រើនប្រការ។ គឺសមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាង​នេះថា អត្តា (ខ្លួន) កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ១។ សមណ​ព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាង​នេះថា អត្តា កាលស្លាប់ទៅហើយ ជា​សភាវៈ​មិនមាន​សញ្ញា ទាំងឥតមានរោគ១។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាង​នេះថា អត្តា កាល​ស្លាប់​ទៅហើយ ជាសភាវៈមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ទាំងឥត​មាន​រោគ១។ សមណព្រាហ្មណ៍ពួកខ្លះ បញ្ញត្តនូវការ​ដាច់សូន្យ នូវ​សេចក្តី​វិនាស នូវការមិន​កើត​ទៀត របស់សត្វ​ដែលមាននៅ១។ មួយទៀត សមណព្រាហ្មណ៍ពួកខ្លះ និយាយថា ព្រះនិព្វានក្នុងបច្ចុប្បន្ន១ (រួមជា៥ពួក)។ តែបើបំប្រួញមកវិញ (មានត្រឹម​៣ពួក) គឺសមណព្រាហ្មណ៍ពួកខ្លះ បញ្ញត្តអត្តា ដែលមាននៅ កាលស្លាប់ទៅហើយ មិនមានរោគ1) ១។ សមណព្រាហ្មណ៍ពួកខ្លះ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវការមិនកើតទៀត របស់សត្វ ដែលមាននៅ១។ សមណព្រាហ្មណ៍ពួកខ្លះ និយាយថា ព្រះនិព្វានក្នុងបច្ចុប្បន្ន​១។ ទិដ្ឋិទាំងនេះមាន ៥ប្រការ រួមមកជា៣ប្រការ ឬមាន៣ប្រការ ញែកទៅជា៥ប្រការ​វិញ ដោយប្រការ ដូច្នេះឯង។ នេះជាឧទ្ទេស នៃប្រជុំទិដ្ឋិ ៥ប្រការ ឬ៣ប្រការ។

[៣០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណ​ព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមាន​រោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាលស្លាប់ទៅហើយ ជា​សភាវៈ​មានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏​ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មាន​សញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ទាំងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញាដូចគ្នាថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥត​មាន​រោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មានសញ្ញាផ្សេងគ្នាថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញាតិចថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍​ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញារកប្រមាណ​មិនបានថា កាលស្លាប់​ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ មួយទៀត សមណ​ព្រាហ្មណ៍​ពួកខ្លះ សំដែងនូវ​វិញ្ញាណកសិណ របស់សមណព្រាហ្មណ៍ទាំងនុ៎ះ ដែលជាអ្នកកន្លង នូវ​សញ្ញាខាងលើ ទាំង៧នុ៎ះថា មិនមានប្រមាណ មិនញាប់ញ័រខ្លះ។ ម្នាលភិក្ខុទាំងឡាយ តថាគត ស្គាល់ច្បាស់ នូវដំណើរនោះថា ពួក​សមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍​ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏​ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍​ ដ៏​ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបក៏មិនមែន មិនមានរូបក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញាដូចគ្នាថា កាលស្លាប់ទៅហើយ ជា​សភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែង​បញ្ញត្តអត្តា ដែល​មានសញ្ញាផ្សេងគ្នាថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មាន​សញ្ញាតិចថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញារកប្រមាណ​មិនបានថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ មួយទៀត បណ្តាសញ្ញាទាំងនោះ ទោះជារូបសញ្ញាក្តី អរូបសញ្ញាក្តី សញ្ញាដូចគ្នាក្តី សញ្ញាផ្សេងគ្នាក្តី សញ្ញាណា ដែលរាប់ថា​បរិសុទ្ធ ខ្ពង់ខ្ពស់ ប្រសើរថ្លៃថ្លា សមណ​ព្រាហ្មណ៍​ពួកខ្លះ សំដែង (នូវសញ្ញានោះ) គឺអាកិញ្ចញ្ញាយតនសញ្ញា ដែលបរិកម្មថា អ្វីតិចតួច មិនមាន ថាជាសញ្ញា​មិនមានប្រមាណ មិនញាប់ញ័រ តែសញ្ញា (ទាំងអស់)នោះ ជាសង្ខតធម៌ គឺ​មានបច្ច័យប្រជុំតាក់តែង ជារបស់គ្រោតគ្រាត ចំណែកខាងការរលត់ នៃសង្ខារទាំង​ឡាយ​មានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគត បានដឹងច្បាស់ ដូច្នេះហើយ ជាអ្នកឃើញ​នូវការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។

[៣១] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍​ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាល​ស្លាប់​ទៅ​ហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍​ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមាន​សញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ) របស់ពួក​សមណព្រាហ្មណ៍នោះ ដំណើរនោះ តើព្រោះហេតុអ្វី (ព្រោះ) សញ្ញាជារោគ សញ្ញាជាបូស សញ្ញាជាព្រួញ ឯដំណើរដែល​មិនមានសញ្ញានុ៎ះ ទើបជាធម្មជាតស្ងប់ ជាធម្មជាតថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ តថាគតដឹងច្បាស់ នូវដំណើរនោះថា ពួក​សមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្ត​អត្តាដែល​មានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្ត​អត្តា ដែលមិន​មានរូបថា កាល​ស្លាប់​ទៅ​ហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍​ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្ត​អត្តា ដែល​មានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្ត​អត្តា ដែល​មានរូបក៏មិនមែន មិនមានរូបក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ ម្នាលភិក្ខុទាំងឡាយ តែបើបុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ និយាយយ៉ាងនេះថា អាត្មាអញ បើវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយ វៀរចាកវិញ្ញាណចេញហើយ នឹងដឹងនូវ​ដំណើរ​ជាទីមក (ចាប់បដិសន្ធិ) ឬដំណើរជាទីទៅ ការច្យុតិ ឬការកើតឡើង ឬការចម្រើនឡើង ការលូតលាស់ ឬធំទូលាយបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ (ព្រោះ) ការដែល​មិនមានសញ្ញានោះ ជាសង្ខតធម៌ ជារបស់គ្រោតគ្រាត ចំណែកខាងការរលត់ទៅ នៃ​សង្ខារទាំងឡាយ មានពិត ព្រះនិព្វាននុ៎ះ ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់​ដូច្នេះ​ហើយ ជាអ្នកឃើញ នូវ​ការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។

[៣២] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគ សមណព្រាហ្មណ៍ ​ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាល​ស្លាប់​ទៅ​ហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍ ​ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមាន​សញ្ញា ក៏​មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍​ ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិន​មានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​សមណ​ព្រាហ្មណ៍​ទាំងនោះ ​សមណព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ) របស់ពួក​សមណព្រាហ្មណ៍ទាំងនោះ ទោះបីពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ពួកនេះ ក៏បដិសេធ (ពាក្យ) របស់ពួក​សមណព្រាហ្មណ៍ទាំងនោះដែរ ដំណើរនោះ តើព្រោះហេតុអ្វី (ព្រោះ) សញ្ញា ជារោគ សញ្ញាជាបូស សញ្ញាជាព្រួញ ការ​មិនមានសញ្ញា ប្រកបដោយមោហៈ ដំណើរដែលមានសញ្ញា ក៏មិនមែន មិនមានសញ្ញា​ក៏មិនមែននុ៎ះ ទើបជាធម្មជាតស្ងប់ ជាធម្មជាតថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងច្បាស់ នូវដំណើរនោះថា សមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តអត្តាថា កាល​ស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាល​ស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាល​ស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិន​មានរូបថា កាល​ស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាល​ស្លាប់ទៅហើយ ជាសភាវៈមាន​សញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគខ្លះ ម្នាលភិក្ខុទាំងឡាយ តែ​បើបុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ បញ្ញត្តនូវការបាន នូវនេវសញ្ញានាសញ្ញា​យតនៈនុ៎ះ ដោយត្រឹមតែសង្ខារ ដែលបុគ្គលត្រូវដឹង ដោយការឃើញ ការឮ ការប៉ះពាល់ ម្នាលភិក្ខុទាំងឡាយ ការបាននូវនេវសញ្ញានាសញ្ញាយតនៈនោះ ប្រាកដជាវិនាសទៅវិញ ដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះថា​ នេវសញ្ញានាសញ្ញាយតនៈនោះ មិនប្រាកដថា ត្រូវបានដោយសង្ខារសមាបត្តិឡើយ ម្នាលភិក្ខុទាំងឡាយ នេវសញ្ញានាសញ្ញាយតនៈ​នោះ ប្រាកដជាត្រូវបាន ដោយសង្ខារាវសេសសមាបត្តិ។ នេវសញ្ញានាសញ្ញាយតនៈនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាត ចំណែកខាងការរលត់ទៅ នៃសង្ខារទាំងឡាយ មានពិត ព្រះ​និព្វាននុ៎ះ ក៏មានពិត លុះព្រះតថាគត បានដឹងច្បាស់ ដូច្នេះហើយ ជាអ្នកឃើញនូវ​ការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។

[៣៣] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវការមិនកើតទៀត របស់ដែល​មាននៅ ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍​ទាំងនោះ ពួក​សមណព្រាហ្មណ៍​ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍​ពួកនេះ បដិសេធ (ពាក្យ) របស់សមណព្រាហ្មណ៍​ទាំងនោះ ពួកសមណ​ព្រាហ្មណ៍ ដ៏ចម្រើនណាក្តី បញ្ញត្តថា អត្តា កាល​ស្លាប់​ទៅ​ហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគ សមណ​ព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ)​របស់​សមណ​ព្រាហ្មណ៍​ទាំងនោះ ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណាក្តី បញ្ញត្តថា អត្តា កាលស្លាប់​ទៅហើយ ជាសភាវៈមាន​សញ្ញា ក៏​មិនមែន មិនមាន​សញ្ញា ក៏មិនមែន ទាំងមិនមានរោគ សមណ​ព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ) ​របស់សមណព្រាហ្មណ៍​ទាំងនោះ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងអស់នេះ តែងប្រកាន់និយាយថា មានសញ្ញា ក្នុងអនាគត តែងពោល នូវការជាប់ចំពាក់ គឺតណ្ហាតែមួយយ៉ាងថា យើងទាំងឡាយ នឹងកើត​ក្នុងលោក​ខាងមុខ ដោយអាការដូច្នេះ យើងទាំងឡាយ នឹងកើតក្នុងលោកខាងមុខ ដោយអាការដូច្នេះ។ ឈ្មួញ​ កាលចេញទៅ ដើម្បីជួញប្រែ តែងមានសេចក្តីត្រិះរិះ យ៉ាង​នេះថា វត្ថុនេះ នឹងមានដល់អញ ដោយសារហេតុនេះ អញនឹង​បានវត្ថុនេះ ដោយសារ​ហេតុនេះ សេចក្តីនេះ មានឧបមាយ៉ាងណា សមណព្រាហ្មណ៍​ ដ៏ចម្រើន​ទាំងនេះ ប្រហែល​គ្នា នឹងឈ្មួញ រមែងប៉ុនប៉ងថា យើងទាំងឡាយ នឹងកើតក្នុងលោកខាងមុខ ដោយអាការដូច្នេះ យើងទាំងឡាយ នឹងកើតក្នុងលោកខាងមុខ ដោយអាការៈ​ដូច្នេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងច្បាស់​នូវ​ដំណើរ​នុ៎ះថា ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តនូវសេចក្តី​ដាច់សូន្យ នូវសេចក្តី​វិនាស នូវការមិនកើតឡើងទៀត របស់សត្វដែលមាននៅ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមានភ័យ ព្រោះសក្កាយ2) ខ្ពើមរអើមសក្កាយ តែងស្ទុះត្រឡប់​ទៅរកសក្កាយវិញដដែល។ សុនខ ជាប់ចំណងដងដោយ3) ដែលគេចងភ្ជាប់នឹងសសរ ឬនឹងបង្គោល តែង​ស្ទុះ​វិលជុំវិញសសរ ឬបង្គោលនោះឯង សេចក្តីនេះ មានឧបមាយ៉ាងណា សមណព្រាហ្មណ៍​ ដ៏​ចម្រើនទាំងនេះ ជាអ្នកមានភ័យ ព្រោះសក្កាយ ខ្ពើមរអើមសក្កាយ តែងស្ទុះត្រឡប់​ទៅរកសក្កាយវិញដដែល ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាត ចំណែក​ខាងការរលត់ទៅ នៃសង្ខារទាំងឡាយមានពិត ព្រះនិព្វាននុ៎ះ ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ ដូច្នេះហើយ ជាអ្នកឃើញ នូវ​ការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។

[៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជា​សមណៈ ឬព្រាហ្មណ៍ ជាអ្នក​កំណត់​នូវខន្ធ ជាចំណែកខាងមុខ មានសេចក្តី​យល់ឃើញ នូវខន្ធ​ជាចំណែក​ខាងមុខ ប្រារព្ធនូវខន្ធ ជាចំណែកខាងមុខ ហើយសំដែង នូវចំណែកនៃទិដ្ឋិច្រើនប្រការ សមណព្រាហ្មណ៍ទាំងអស់នោះ តែងសំដែងនូវហេតុ ទាំង៥យ៉ាងនេះឯង ឬក៏បណ្តា​ហេតុទាំង៥យ៉ាងនោះ ហេតុណាមួយ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍​ពួកមួយ ជាអ្នកកំណត់​នូវខន្ធ ជាចំណែក​ខាងដើម (ខន្ធអតីត) មានសេចក្តី​យល់ឃើញ​នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធជាចំណែក​ខាងដើម ហើយសំដែង​នូវចំណែក​នៃទិដ្ឋិច្រើនប្រការ។ គឺសមណព្រាហ្មណ៍ពួកខ្លះ​ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណ​ព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈមិនទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀងផង មិនទៀងផង ការយល់​ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀងក៏​មិនមែន មិនទៀងក៏មិនមែន ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានទីបំផុត ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មិនមានទីបំផុត ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានទីបំផុតផង មិន​មានទីបំផុតផង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានទីបំផុត ក៏​មិនមែន មិនមានទីបំផុត ក៏មិនមែន ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញ​ដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញា​​ដូចគ្នា ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញាផ្សេងគ្នា ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញាតិច ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញាមិន​មានប្រមាណ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសេចក្តី​សុខតែ​មួយយ៉ាង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសេចក្តីទុក្ខតែមួយ​យ៉ាង ការយល់ឃើញនេះឯង ត្រូវពិត ការ​យល់​ឃើញ​ដទៃ ជាមោឃៈ។ សមណ​ព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មាន​សុខ និងទុក្ខ ការយល់​ឃើញ​នេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណ​ព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។

[៣៥] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណ​ព្រាហ្មណ៍ណា ជាអ្នកនិយាយយ៉ាងនេះ យល់ឃើញ​យ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ សមណ​ព្រាហ្មណ៍ទាំងនោះ បើវៀរចាកសទ្ធា គឺការជឿ វៀរចាករុចិ គឺសេចក្តីគាប់ចិត្ត វៀរចាកអនុស្សវៈ គឺការឮតៗគ្នា វៀរចាកអាការបរិវិតក្កៈ គឺ​សេចក្តីត្រិះរិះ​តាមអាការ វៀរចាកទិដ្ឋិនិជ្ឈានក្ខន្តិ គឺការពេញចិត្ត ថាត្រូវគ្នា នឹងលទ្ធិរបស់ខ្លួន (នោះ) ញាណ នឹងបរិសុទ្ធផូរផង់ ប្រាកដ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ក៏​កាលបើញាណបរិសុទ្ធផូរផង់ ប្រាកដមិនមានហើយ សមណព្រាហ្មណ៍ ដ៏ចម្រើន​ទាំងនោះ ញុំាងចំណែក នៃញាណប៉ុណ្ណោះឯង ឲ្យផូរផង់ក្នុងទិដ្ឋិនោះ ដោយហេតុណា ហេតុនោះឯង តថាគតពោលថា ជាឧបាទាន របស់សមណព្រាហ្មណ៍ ដ៏ចម្រើន​ទាំងនោះ។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារ​ទាំងឡាយមានពិត ព្រះនិព្វាន ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ​ នូវការរលាស់ចេញ នូវទិដ្ឋិនោះ កន្លងនូវទិដ្ឋិនោះ។

[៣៦] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា ជាអ្នក​និយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈមិនទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។បេ។ អត្តាក្តី លោកក្តី ជាសភាវៈទៀងផង មិនទៀងផង… អត្តាក្តី លោកក្តី ជាសភាវៈទៀង ក៏​មិនមែន មិនទៀង ក៏មិនមែន… អត្តាក្តី លោកក្តី មានទីបំផុត… អត្តាក្តី លោកក្តី មិនមាន​ទីបំផុត… អត្តាក្តី លោកក្តី មានទីបំផុតផង មិនមាន​ទីបំផុតផង… អត្តាក្តី លោកក្តី មានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែន… អត្តាក្តី លោកក្តី មានសញ្ញា​ដូចគ្នា… អត្តាក្តី លោកក្តី មានសញ្ញាផ្សេងគ្នា… អត្តាក្តី លោកក្តី មានសញ្ញាតិច… អត្តាក្តី លោកក្តី មានសញ្ញាមិនមានប្រមាណ… អត្តាក្តី លោកក្តី មានសេចក្តីសុខតែមួយយ៉ាង… អត្តាក្តី លោកក្តី មានសេចក្តីទុក្ខតែមួយយ៉ាង… អត្តាក្តី លោកក្តី មានសេចក្តីសុខ និងទុក្ខ​… អត្តាក្តី លោកក្តី មានអារម្មណ៍​មិនមែន​ជាទុក្ខ មិនមែនជាសុខ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ សមណព្រាហ្មណ៍ទាំងនោះឯង បើវៀរចាក​ការជឿ វៀរចាកសេចក្តីគាប់ចិត្ត វៀរចាកការឮតៗគ្នា វៀរចាកការត្រិះរិះតាមអាការ វៀរចាកការពេញចិត្តថា ត្រូវគ្នានឹងលទ្ធិរបស់ខ្លួន (នោះ) ញាណនឹងបរិសុទ្ធ ផូរផង់ប្រាកដ ពាក្យដូច្នេះនេះ​ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើញាណ​បរិសុទ្ធផូរផង់ ប្រាកដមិនមានហើយ សមណព្រាហ្មណ៍ដ៏ចម្រើន​ទាំងនោះ ញុំាងចំណែក​នៃញាណប៉ុណ្ណោះឯង ឲ្យផូរផង់ក្នុងទិដ្ឋិនោះ ដោយ​ហេតុណា ហេតុនោះឯង តថាគតពោលថា ជាឧបាទាន របស់សមណព្រាហ្មណ៍ ដ៏ចម្រើន​ទាំងនោះ។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាង​ការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ​ នូវ​ការរលាស់នូវទិដ្ឋិនោះ កន្លងនូវទិដ្ឋិនោះ។

[៣៧] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវបុព្វន្តានុទិដ្ឋិ គឺសេចក្តីយល់ឃើញ នូវខន្ធជាចំណែក​ខាងដើមផង លះបង់​នូវ អបរន្តានុទិដ្ឋិ គឺសេចក្តីយល់ឃើញនូវខន្ធ ជាចំណែកខាងមុខផង ទាំង​មិន​អធិដ្ឋាន​ទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ រមែងបានបីតិ ដែលស្ងប់ស្ងាត់ហើយ ក៏គិតថា អាត្មាអញ បានបីតិ ដ៏ស្ងប់ស្ងាត់ ដែលជាគុណជាតស្ងប់រម្ងាប់ ជាគុណជាត​ថ្លៃថ្លា។ បីតិ​ដ៏ស្ងប់ស្ងាត់ របស់សមណព្រាហ្មណ៍នោះ រមែងរលត់ទៅ លុះបីតិ ដ៏ស្ងប់ស្ងាត់​រលត់ ទោមនស្ស ក៏កើតឡើង លុះទោមនស្សរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង។ ម្នាល​ភិក្ខុទាំងឡាយ ម្លប់លះបង់ទីណា កំដៅថ្ងៃ ក៏ផ្សាយទៅកាន់ទីនោះ កំដៅថ្ងៃ លះបង់​ទីណា ម្លប់ក៏ផ្សាយទៅកាន់ទីនោះ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កាលបីតិដ៏ស្ងប់ស្ងាត់រលត់ ទោមនស្ស ក៏កើតឡើង កាលទោមនស្ស​រលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងច្បាស់ នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះបង់​នូវ បុព្វន្តានុទិដ្ឋិ ផង លះបង់នូវ អបរន្តានុទិដ្ឋិ ផង ទាំងមិនអធិដ្ឋានទុក នូវកាម​សញ្ញោជនៈ ដោយសព្វគ្រប់ ក៏រមែងបាន​បីតិ ដ៏ស្ងប់ស្ងាត់ ហើយក៏គិតថា អាត្មាអញ បានបីតិដ៏ស្ងប់​ស្ងាត់ ដែលជាគុណជាតស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។ បីតិដ៏ស្ងប់ស្ងាត់ របស់​សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះបីតិដ៏ស្ងប់ស្ងាត់រលត់ ទោមនស្ស ក៏កើតឡើង លុះ​ទោមនស្សរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាត​នៅ​ឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះ​ព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញនូវ​ការរលាស់ចេញ នូវទិដ្ឋិនោះ កន្លង​នូវទិដ្ឋិនោះ។

[៣៨] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់​ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវ អបរន្តានុទិដ្ឋិផង ទាំង​មិនអធិដ្ឋានទុក នូវ​កាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិ ដ៏ស្ងប់ស្ងាត់ ក៏បាននូវ និរាមិសសុខ គឺ​សេចក្តីសុខមិនមានអាមិសៈ ហើយគិតថា អាត្មាអញ បាននូវនិរាមិសសុខ ដែលជាគុណ​ជាតដ៏ស្ងប់រម្ងាប់ ជាគុណជាតដ៏ថ្លៃថ្លា។ និរាមិសសុខ របស់សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះនិរាមិសសុខរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង លុះបីតិ ដ៏ស្ងប់ស្ងាត់រលត់ និរាមិសសុខ ក៏កើតឡើង។ ម្នាលភិក្ខុទាំងឡាយ ម្លប់លះបង់ទីណា កំដៅថ្ងៃ ក៏ផ្សាយ​ទៅកាន់ទីនោះ កំដៅថ្ងៃ លះបង់​ទីណា ម្លប់ក៏ផ្សាយទៅកាន់ទីនោះ សេចក្តីនេះ មាន​ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលនិរាមិសសុខរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង កាលបីតិដ៏ស្ងប់ស្ងាត់រលត់ និរាមិសសុខ ក៏កើតឡើង ក៏មាន​ឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះបង់​ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ ក៏បាននូវនិរាមិសសុខ ហើយក៏គិតថា អាត្មាអញ បាននូវនិរាមិសសុខ ដែលជាគុណជាត​ដ៏ស្ងប់រម្ងាប់ ជាគុណជាតដ៏ថ្លៃថ្លា។ និរាមិសសុខ របស់​​សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះនិរាមិសសុខរលត់ បីតិដ៏ស្ងប់ស្ងាត់ ​ក៏កើត​ឡើង លុះបីតិដ៏ស្ងប់ស្ងាត់រលត់ និរាមិសសុខ ក៏កើតឡើង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅ​ឡើយ ចំណែកខាងការរលត់ នៃសង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះ​ព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវ​ការរលាស់ចេញ នូវទិដ្ឋិនោះ កន្លង​នូវទិដ្ឋិនោះ។

[៣៩] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់​ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំង​មិនអធិដ្ឋាន នូវ​កាម​សញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ ក៏បាន​នូវ​អទុក្ខមសុខវេទនា គឺទទួលអារម្មណ៍ មិនជាទុក្ខ មិនជាសុខ ហើយគិតថា អាត្មាអញ បាននូវអទុក្ខមសុខវេទនា ដែលជាគុណ​ជាតស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។ អទុក្ខមសុខវេទនា របស់សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះអទុក្ខមសុខវេទនារលត់ និរាមិសសុខ ក៏កើតឡើង លុះនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង។ ម្នាលភិក្ខុទាំងឡាយ ម្លប់លះបង់ទីណា កំដៅថ្ងៃ ក៏ផ្សាយ​ទៅកាន់ទីនោះ កំដៅថ្ងៃ លះបង់​ទីណា ម្លប់ក៏ផ្សាយទៅកាន់ទីនោះ សេចក្តីនេះ មាន​ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ កាលអទុក្ខមសុខវេទនារលត់ និរាមិសសុខ ក៏កើតឡើង កាលនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះ​បង់​ ​នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាម​សញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិ ដ៏ស្ងប់ស្ងាត់ កន្លងនូវ​និរាមិសសុខ ក៏បាននូវ​អទុក្ខមសុខវេទនា ហើយគិតថា អាត្មាអញ បាននូវអទុក្ខមសុខវេទនា ជាគុណជាត​ស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។ អទុក្ខមសុខវេទនា របស់​​សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះអទុក្ខមសុខវេទនារលត់ និរាមិសសុខ ​ក៏កើត​ឡើង លុះនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅ​ឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះ​ព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវ​ការរលាស់ចេញ នូវទិដ្ឋិនោះ កន្លង​នូវទិដ្ឋិនោះ។

[៤០] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់​ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំង​មិនអធិដ្ឋានទុក នូវ​កាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លង​នូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នក​រលត់ទុក្ខ អាត្មាអញ ជាអ្នកមិនមានសេចក្តីប្រកាន់ (ក្នុងបញ្ចក្ខន្ធ)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់ នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះ​បង់​ ​នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាម​សញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវ​និរាមិសសុខ កន្លងនូវ​អទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នក​រលត់ទុក្ខ អាត្មាអញ ជាអ្នកមិនមានសេចក្តីប្រកាន់។ សមណព្រាហ្មណ៍ ដ៏មានអាយុនេះ តែងពោលសរសើរ នូវបដិបទា ជាទីសប្បាយ នៃព្រះនិព្វាន ដោយពិត ប៉ុន្តែសមណៈ ឬ​ព្រាហ្មណ៍ ដ៏ចម្រើននេះឯង ប្រកាន់មាំ នូវបុព្វន្តានុទិដ្ឋិផង ប្រកាន់មាំ នូវ​អបរន្តានុទិដ្ឋិផង ប្រកាន់មាំ នូវ​កាមសញ្ញោជនៈផង ប្រកាន់មាំ នូវ​បីតិដ៏ស្ងប់ស្ងាត់ផង ប្រកាន់មាំ​ នូវ​និរាមិស​សុខផង ប្រកាន់មាំ នូវ​អទុក្ខមសុខវេទនាផង។ សមណព្រាហ្មណ៍ មានអាយុនេះ ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នករលត់ទុក្ខ អាត្មាអញ ជាអ្នក​មិនមានសេចក្តីប្រកាន់មាំ ដោយហេតុណា ហេតុនោះ ព្រះតថាគតពោលថា ជា​ឧបាទាន (សេចក្តីប្រកាន់មាំ) របស់​សមណព្រាហ្មណ៍ ដ៏ចម្រើននេះ។ ឧបាទាននោះ ជា​សង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះ​ព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវ​ការ​រលាស់ចេញ នូវឧបាទាននោះ កន្លង​នូវឧបាទាននោះ។

[៤១] ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយាកើតឡើងផង នូវ​កិរិយា​វិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃផស្សាយតនៈ​ទាំង​៦ ហើយរួចចាកសេចក្តីប្រកាន់មាំណា នេះឯង ឈ្មោះថា សន្តិវរបទ ដ៏ប្រសើរ ដែល​ព្រះ​តថាគត ត្រាស់ដឹងហើយ ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃ​ផស្សាយតនៈ​ ទាំង​៦ហើយ រួចចាកសេចក្តីប្រកាន់មាំណា នោះឯង ឈ្មោះថា សន្តិវរបទ ដ៏ប្រសើរ ដែល​ព្រះ​តថាគត ត្រាស់ដឹងហើយ។ លុះ​ព្រះមានបុណ្យ បានសំដែង​ព្រះសូត្រ​នេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះ​ភាសិត របស់​ព្រះមានបុណ្យ។

ចប់ បញ្ចត្តយសូត្រ ទី២។

 

លេខយោង

1)
ទិដ្ឋិ៣យ៉ាងខាងដើមគឺ យល់ឃើញថា អត្តាមានសញ្ញា១ អត្តាមិនមាន​សញ្ញា១ អត្តាមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន១ ទាំង៣នេះ រាប់ទុកថា​តែ១វិញ ព្រោះមានសេចក្តីយល់ឃើញត្រូវគ្នា ប្លែកគ្នាខ្លះ តែត្រង់សញ្ញាប៉ុណ្ណោះ។
2)
ពាក្យថា សក្កាយ សំដៅ​យកវដ្តៈ ប្រព្រឹត្តទៅក្នុងភូមិ៣។ អដ្ឋកថា។
3)
ចំណងនេះ គេយកឈើ ឬឫស្សីចងបន្តពីកឆ្កែកាច ទៅភ្ជាប់នឹងបង្គោល ឬសសរ កុំឲ្យវាខាំដាច់ អ្នកស្រុកខ្លះ ហៅដងដោយ ខ្លះហៅឈើបង្ខាំង។
km/tipitaka/sut/mn/sut.mn.102.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann