តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » ទេវទហវគ្គ »
បន្ទាប់ពីនិគន្ថនាដបុត្រ បានធ្វើមរណៈកាលទៅ និគន្ថបរិស័ទ ក៏មានវិវាទ ឈ្លោះទាស់ទែងគ្នានិងគ្នា លុះព្រះអានន្ទបានឃើញហេតុដូច្នោះ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ប្រាប់សេចក្តីត្រិះរិះថា អំណឹះឥតអំពីព្រះមានព្រះភាគទៅ សូមកុំឲ្យវិវាទ កើតឡើងក្នុងសង្ឃ ដូចពួកនិគន្ថឡើយ ព្រះពុទ្ធបានសម្ដែងធម៌ដែលជាហេតុកើតឡើងនៃវិវាទ និងសារាណីយធម៌។
mn 104 បាលី cs-km: sut.mn.104 អដ្ឋកថា: sut.mn.104_att PTS: ?
(ទី៤) សាមគ្គាមសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. សាមគាមសុត្តំ)
[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងសាមគ្រាម ក្នុងដែនសក្កៈ។ សម័យនោះឯង និគណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា។ ព្រោះកាលកិរិយា នៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ (ជាអន្តេវាសិក) ក៏បែកបាក់គ្នាជាពីរពួក កើតប្រកួតប្រកាន់គ្នា ឈ្លោះទាស់ទែង ចាក់ដោតគ្នានិងគ្នា ដោយលំពែង គឺមាត់ថា អ្នកឯងមិនដឹងធម៌វិន័យនេះទេ យើងទើបដឹងធម៌វិន័យនេះ អ្នកឯងនឹងដឹងធម៌វិន័យនេះ ដូចម្តេចបាន អ្នកឯងប្រតិបត្តិខុស យើងទើបប្រតិបត្តិត្រូវ ពាក្យរបស់យើង ប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នកឯង មិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគួរនិយាយមុន អ្នកឯងបែរជានិយាយក្រោយ ពាក្យដែលគួរនិយាយក្រោយ អ្នកឯងបែរជានិយាយមុន អ្នកឯងសន្សំតែវត្តដែលខុសៗ បើអ្នកឯងលើកវាទៈឡើង គេរមែងតិះដៀលបាន បើអ្នកឯងអាច ចូរប្រព្រឹត្តឲ្យរួចចាកវាទៈចុះ។ ពួកនិគ្រន្ថទាំងនោះ ធ្វើនូវជម្លោះគ្នានឹងគ្នា។ សេចក្តីស្លាប់តែមួយនាក់ តែហាក់ដូចប្រព្រឹត្តទៅ ក្នុងពួកនិគ្រន្ថ ជាអន្តេវាសិក របស់និគណ្ឋនាដបុត្រ។ ពួកសាវ័ករបស់និគណ្ឋនាដបុត្រណា ជាគ្រហស្ថ ស្លៀកពាក់ស។ ពួកសាវ័កទាំងនោះ មានសភាពនឿយណាយ ប្រាសចាកសេចក្តីត្រេកអរ មានសភាពរួញរា ក្នុងធម្មវិន័យ ដែលពួកនិគណ្ឋនាដបុត្រសំដែងខុស ប្រកាសខុស មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនមែនព្រះសម្មាសម្ពុទ្ធសំដែង ជាថូបៈបែកធ្លាយ មិនមែនជាទីពំនាក់ឡើយ។
[៥២] គ្រានោះ សមណុទ្ទេស ឈ្មោះចុន្ទៈ នៅចាំវស្សា ក្នុងដែនបាវា ចូលទៅរកព្រះអានន្ទមានអាយុ ដែលគង់នៅក្នុងសាមគ្រាម លុះចូលទៅដល់ហើយ ក៏អភិវាទព្រះអានន្ទមានអាយុ រួចអង្គុយក្នុងទីសមគួរ។ លុះចុន្ទសមណុទ្ទេស អង្គុយក្នុងទីសមគួរហើយ និយាយនឹងព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន និគណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា ព្រោះកាលកិរិយា របស់និគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ ក៏បែកបាក់គ្នាជាពីរពួក។បេ។ ជាថូបៈបែកធ្លាយ មិនមែនជាទីពំនាក់ឡើយ។ កាលចុន្ទសមណុទ្ទេស និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ និយាយនឹងចុន្ទសមណុទ្ទេស យ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ ពាក្យនេះ ជាពាក្យមានមូល គួរនឹងទៅគាល់ព្រះមានព្រះភាគណាស់ ម្នាលអាវុសោចុន្ទៈ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគ។ ចុន្ទសមណុទ្ទេស ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ព្រះករុណា លោកម្ចាស់។
[៥៣] លំដាប់នោះ ព្រះអានន្ទមានអាយុ និងចុន្ទសមណុទ្ទេស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសមណុទ្ទេសនេះឯង បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន និគណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា ព្រោះកាលកិរិយា របស់និគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ ក៏បែកបាក់គ្នាជាពីរពួក កើតទៅជាប្រកួតប្រកាន់ ឈ្លោះទាស់ទែង ចាក់ដោតគ្នានិងគ្នា ដោយលំពែង គឺមាត់ថា អ្នកឯងមិនដឹងធម៌វិន័យនេះទេ យើងទើបដឹងធម៌វិន័យនេះ។បេ។ ជាថូបៈបែកធ្លាយ មិនមែនជាទីពំនាក់ឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អំណឹះឥតអំពីព្រះមានព្រះភាគទៅ សូមកុំឲ្យវិវាទ កើតឡើងក្នុងសង្ឃឡើយ ព្រោះថាវិវាទនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។
[៥៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកយល់សេចក្តីនោះ ដូចម្តេច ធម៌ទាំងឡាយ ដែលតថាគត ត្រាស់ដឹងហើយ សំដែងហើយ ដល់អ្នកទាំងឡាយ ដូចជាសតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ ម្នាលអានន្ទ អ្នកដែលឃើញភិក្ខុពីររូប មានវាទៈផ្សេងគ្នា ក្នុងធម៌ទាំងឡាយនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ត្រាស់ដឹងហើយ សំដែងហើយ ដល់ខ្ញុំព្រះអង្គទាំងឡាយ ដូចជា សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ ខ្ញុំព្រះអង្គ មិនដែលឃើញភិក្ខុពីររូប មានវាទៈផ្សេងគ្នា ក្នុងធម៌វិន័យនេះឡើយ បពិត្រព្រះអង្គដ៏ចំរើន មានតែពួកបុគ្គល ដែលជាអ្នកអែបអប នូវព្រះមានព្រះភាគទេ លុះអំណឹះឥតអំពីព្រះមានព្រះភាគទៅ នឹងញុំាងវិវាទ ឲ្យកើតឡើង ក្នុងព្រះសង្ឃ ព្រោះអាជីវៈជាហេតុខ្លះ ព្រោះអធិប្បាតិមោក្ខជាហេតុខ្លះ វិវាទនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអានន្ទ កាលវិវាទណាកើតឡើង ព្រោះអាស្រ័យអាជីវៈជាហេតុ ឬព្រោះអាស្រ័យអធិប្បាតិមោក្ខ ជាហេតុ វិវាទនោះ គ្រាន់តែជាការបន្តិចបន្តួចទេ ម្នាលអានន្ទ មួយទៀត កាលវិវាទណា កើតឡើងក្នុងសង្ឃ ព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា វិវាទនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខ ដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។
[៥៥] ម្នាលអានន្ទ វិវាទមូលនេះ មាន៦ប្រការ វិវាទមូល ៦ប្រការដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនក្រោធ ជាអ្នកច្រើនចងពៀរ។ ម្នាលអានន្ទ ភិក្ខុណា ជាអ្នកច្រើនក្រោធ ជាអ្នកច្រើនចងពៀរ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែង ចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង។ ម្នាលអានន្ទ ភិក្ខុណា មិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តា ចំពោះព្រះធម៌… មិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទ (ដែលកើតក្នុងសង្ឃ) តែងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខ ដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ពួកទេវតា និងមនុស្ស។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងរឿងនោះ អ្នកទាំងឡាយ គួរព្យាយាមលះវិវាទមូល ដ៏លាមកនោះចេញ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាមិនឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរប្រតិបត្តិ ដើម្បីកុំឲ្យវិវាទមូល ដ៏លាមកនោះឯង ហូរហៀរតទៅទៀត ការលះបង់វិវាទមូល ដ៏លាមកនុ៎ះ រមែងមាន ដោយប្រការយ៉ាងនេះ ការមិនឲ្យវិវាទមូល ដ៏លាមក ហូរហៀរតទៅទៀត រមែងមាន ដោយប្រការយ៉ាងនេះ។
[៥៦] ម្នាលអានន្ទ មួយទៀត ភិក្ខុជាអ្នកច្រើនលុបគុណគេ ជាអ្នកច្រើនលើកខ្លួន… ជាអ្នកច្រើនច្រណែន ជាអ្នកកំណាញ់… ជាអ្នកអួតអាង ជាអ្នកមានមាយា… ជាអ្នកមានប្រាថ្នាដ៏លាមក ជាអ្នកមានសេចក្តីឃើញខុស… ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកស្ទាបអង្អែល (នូវសីល និងទិដ្ឋិ) ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់បានដោយកម្រ។ ម្នាលអានន្ទ ភិក្ខុណា ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកស្ទាបអង្អែល ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែង ចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃផង ជាអ្នកមិនធ្វើឲ្យពេញលេញ ក្នុងសិក្ខា។ ម្នាលអានន្ទ ភិក្ខុណា មិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តា ព្រះធម៌… ព្រះសង្ឃ… ជាអ្នកមិនធ្វើឲ្យពេញលេញ ក្នុងសិក្ខា ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទ (ដែលកើតឡើង) រមែងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខ ដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ពួកទេវតា និងមនុស្ស។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរព្យាយាម លះបង់វិវាទមូល ដ៏លាមកនោះចេញ។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាមិនឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរប្រតិបត្តិ ដើម្បីកុំឲ្យវិវាទមូល ដ៏លាមកនោះឯង ហូរហៀរតទៅ ការលះបង់វិវាទ ដ៏លាមកនេះ រមែងមាន ដោយប្រការយ៉ាងនេះ ការមិនឲ្យវិវាទមូល ដ៏លាមកនេះ ហូរហៀរតទៅ រមែងមាន ដោយប្រការយ៉ាងនេះ។ ម្នាលអានន្ទ នេះឯងវិវាទមូល ៦យ៉ាង។
[៥៧] ម្នាលអានន្ទ អធិករណ៍នេះមាន៤យ៉ាង អធិករណ៍៤យ៉ាង ដូចម្តេចខ្លះ អធិករណ៍៤យ៉ាងគឺ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ ម្នាលអានន្ទ នេះឯង ជាអធិករណ៍៤យ៉ាង។ ម្នាលអានន្ទ អធិករណសមថៈនេះ មាន៧យ៉ាង គឺសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ យេភុយ្យសិកា១ តស្សបាបិយសិកា១ តិណវត្ថារកៈ១ ដែលសង្ឃគប្បីឲ្យ ដើម្បីរម្ងាប់អធិករណ៍ ដែលកើតឡើងហើយ។
[៥៨] ម្នាលអានន្ទ ចុះសម្មុខាវិន័យ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ ឬថា នេះមិនមែនជាធម៌ ថា នេះជាវិន័យ ឬថា នេះមិនមែនជាវិន័យ។ ម្នាលអានន្ទ ភិក្ខុទាំងអស់នោះឯង គប្បីព្រមព្រៀងគ្នា ប្រជុំប្រៀបធៀប តាមបែបដែលជាធម៌ លុះប្រៀបធៀបតាមបែបដែលជាធម៌រួចហើយ គប្បីរម្ងាប់អធិករណ៍នោះ ដោយវិធីដែលឲ្យរម្ងាប់តាមបែបដែលជាធម៌នោះ។ ម្នាលអានន្ទ សម្មុខាវិន័យ យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមានដោយ សម្មុខាវិន័យ យ៉ាងនេះឯង។
[៥៩] ម្នាលអានន្ទ ចុះយេភុយ្យសិកា តើដូចម្តេច។ ម្នាលអានន្ទ បើភិក្ខុទាំងនោះ មិនអាចរម្ងាប់អធិករណ៍នោះ ក្នុងអាវាសនោះបានទេ។ ម្នាលអានន្ទ ក្នុងអាវាសណា មានភិក្ខុច្រើន ភិក្ខុទាំងនោះ គប្បីទៅកាន់អាវាសនោះ។ ភិក្ខុទាំងអស់នោះ គួរមកប្រជុំគ្នា ក្នុងអាវាសនោះ លុះប្រជុំគ្នាហើយ គួរប្រៀបធៀបតាមបែបដែលជាធម៌ លុះប្រៀបធៀបតាមបែប ដែលជាធម៌ហើយ គប្បីរម្ងាប់អធិករណ៍នោះ ដោយវិធីដែលឲ្យរម្ងាប់ តាមបែបដែលជាធម៌នោះ។ ម្នាលអានន្ទ យេភុយ្យសិកា យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមានដោយយេភុយ្យសិកា យ៉ាងនេះឯង។
[៦០] ម្នាលអានន្ទ ចុះសតិវិន័យ តើដូចម្តេច។ ម្នាលអានន្ទ ក្នុងសាសនានេះ ភិក្ខុទាំងឡាយ ចោទភិក្ខុដោយគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរង1) បារាជិកក្តី ថា លោកមានអាយុ រលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ ឃើញឬទេ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ។ ម្នាលអានន្ទ យ៉ាងនេះ សង្ឃគប្បីឲ្យសតិវិន័យ ដល់ភិក្ខុនោះ។ ម្នាលអានន្ទ សតិវិន័យ យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមាន ដោយសតិវិន័យ យ៉ាងនេះឯង។
[៦១] ម្នាលអានន្ទ ចុះអមូឡ្ហវិន័យ តើដូចម្តេច។ ម្នាលអានន្ទ ក្នុងសាសនានេះ ភិក្ខុទាំងឡាយ ចោទភិក្ខុដោយគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តីថា លោកមានអាយុ រលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ ឃើញឬទេ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ។ ភិក្ខុនោះ ញុំាងភិក្ខុនេះ ដែលកំពុងបណ្តោះបណ្តៃ មិនឲ្យបណ្តោះបណ្តៃបានថា លោកដ៏មានអាយុ ណ្ហើយ លោកចូរទទួលដឹងដោយស្រួលចុះ បើលោករលឹកឃើញ នូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល កាលដែលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ បានប្រព្រឹត្តអនាចារ បានពោល បានព្យាយាមល្មើស នូវកិច្ចដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញអំពើនោះទេ អំពើនុ៎ះ ខ្ញុំបានធ្វើដោយសេចក្តីវង្វេង។ ម្នាលអានន្ទ យ៉ាងនេះឯង សង្ឃគប្បីឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ម្នាលអានន្ទ អមូឡ្ហវិន័យ យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមាន ដោយអមូឡ្ហវិន័យ យ៉ាងនេះឯង។
[៦២] ម្នាលអានន្ទ ចុះបដិញ្ញាតករណៈ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ត្រូវគេចោទក្តី មិនត្រូវគេចោទក្តី តែងរលឹក តែងបើក តែងធ្វើឲ្យរាក់ នូវអាបត្តិ។ ម្នាលអានន្ទ ភិក្ខុនោះ គួរចូលមករកភិក្ខុចាស់ជាងខ្លួន ហើយធ្វើចីពរ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទា អង្គុយច្រហោង ផ្គងអញ្ជលីរួច គួរពោលយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំត្រូវអាបត្តិឈ្មោះនេះ ខ្ញុំសូមសំដែងនូវអាបត្តិនោះ។ ភិក្ខុចាស់នោះ ពោលយ៉ាងនេះថា លោកឃើញឬ។ ភិក្ខុខ្ចីឆ្លើយថា ខ្ញុំឃើញ។ ភិក្ខុចាស់ពោលថា លោកត្រូវសង្រួមតទៅ។ ភិក្ខុខ្ចីឆ្លើយថា ខ្ញុំនឹងសង្រួម។ ម្នាលអានន្ទ បដិញ្ញាតករណៈ យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមាន ដោយបដិញ្ញាតករណៈ យ៉ាងនេះឯង។
[៦៣] ម្នាលអានន្ទ ចុះតស្សបាបិយសិកា តើដូចម្តេច។ ម្នាលអានន្ទ ក្នុងសាសនានេះ ភិក្ខុទាំងឡាយ ចោទភិក្ខុដោយគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តីថា លោកដ៏មានអាយុ ចូររលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំនឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ។ ភិក្ខុនោះ ញុំាងភិក្ខុនេះ ដែលកំពុងបណ្តោះបណ្តៃ មិនឲ្យបណ្តោះបណ្តៃបានថា ម្នាលលោកដ៏មានអាយុ ណ្ហើយ លោកចូរទទួលដឹងដោយស្រួលចុះ បើលោករលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយបាន។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ ម្នាលអាវុសោ តែខ្ញុំរលឹកឃើញខ្លះ នូវអាបត្តិតិចតួច មានសភាពយ៉ាងនេះ ដែលខ្ញុំត្រូវហើយ។ ភិក្ខុនោះ ញុំាងភិក្ខុនេះ ដែលកំពុងបណ្តោះបណ្តៃ មិនឲ្យបណ្តោះបណ្តៃបានថា ម្នាលលោកមានអាយុ ណ្ហើយ លោកចូរទទួលដឹង ដោយស្រួលចុះ បើលោករលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយបាន។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ អម្បាលខ្ញុំ ត្រូវអាបត្តិបន្តិចបន្តួចប៉ុណ្ណេះ ដែលលោកមិនសួរសោះ ក៏គង់តែទទួលដឹងបាន ចំណង់បើខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកសួរហើយ នឹងមិនទទួលដឹងដូចម្តេចបាន។ ភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ អម្បាលលោក ត្រូវអាបត្តិបន្តិចបន្តួចប៉ុណ្ណេះ ដែលខ្ញុំមិនសួរ ក៏នឹងមិនទទួលដឹង ចំណង់បើលោក ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ អាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំមិនសួរ នឹងទទួលដឹងដូចម្តេចបាន ម្នាលលោកមានអាយុ ណ្ហើយ លោកចូរទទួលដឹង ដោយស្រួលចុះ បើលោករលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយបាន។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកឃើញ នូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ ពាក្យនេះ ខ្ញុំនិយាយលេងទេ ពាក្យនេះ ខ្ញុំនិយាយក្លែងទេ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ អាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញឡើយ។ ម្នាលអានន្ទ តស្សបាបិយសិកា យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមាន ដោយតស្សបាបិយសិកា យ៉ាងនេះឯង។
[៦៤] ម្នាលអានន្ទ ចុះតិណវត្ថារកៈ តើដូចម្តេច។ ម្នាលអានន្ទ ក្នុងសាសនានេះ ភិក្ខុទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល បានព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ម្នាលអានន្ទ ភិក្ខុទាំងអស់នោះឯង គប្បីព្រមព្រៀងប្រជុំគ្នា លុះប្រជុំគ្នាហើយ ភិក្ខុ១រូប ដែលជាអ្នកឈ្លាស ជាងភិក្ខុដែលជាបក្ខពួកជាមួយគ្នា គប្បីក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ ក្នុងទីនេះ នាំគ្នាបង្កហេតុ ឈ្មោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល បានព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ជំនួសលោកមានអាយុទាំងឡាយនេះផង ដើម្បីខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ និងអាបត្តិដែលជាគិហិប្បដិសំយុត្ត។ លំដាប់នោះ ភិក្ខុ១រូប ជាអ្នកឈ្លាសជាងភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នាដទៃទៀត គប្បីក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ ក្នុងទីនេះ នាំគ្នាបង្កហេតុ ឈ្មោះទាស់ទែងគ្នា បានប្រព្រឹត្តអនាចារ បានពោល បានព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ជំនួសលោកមានអាយុទាំងឡាយនេះផង ដើម្បីខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ និងអាបត្តិដែលជាគិហិប្បដិសំយុត្ត។ ម្នាលអានន្ទ តិណវត្ថារកៈ យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមាន ដោយតិណវត្ថារកៈ យ៉ាងនេះឯង។
[៦៥] ម្នាលអានន្ទ ធម៌៦ប្រការនេះ ជា សារាណីយធម៌ (ធម៌នាំឲ្យរលឹករកគ្នា) ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់ ធម៌៦ប្រការ តើដូចម្តេចខ្លះ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានតាំងកាយកម្ម ប្រកបដោយមេត្តា ក្នុងពួកសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខនេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ មួយទៀត ភិក្ខុបានតាំងវចីកម្ម ប្រកបដោយមេត្តា។បេ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់១។ ម្នាលអានន្ទ មួយទៀត ភិក្ខុបានតាំងមនោកម្ម ប្រកបដោយមេត្តា ក្នុងពួកសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ មួយទៀត លាភទាំងឡាយណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីត្រឹមតែអាហារបិណ្ឌបាត ភិក្ខុមិនជាអ្នកហួងហែង បរិភោគលាភ មានសភាពដូច្នោះឡើយ ជាអ្នកបរិភោគសាធារណ៍ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល អ្នកមានសីលទាំងឡាយ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ មួយទៀត សីលទាំងឡាយណា ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលដែលអ្នកប្រាជ្ញតែងសរសើរ ជាសីលដែលតណ្ហា និងទិដ្ឋិមិនបានប៉ះពាល់ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ មួយវិញទៀត ទិដ្ឋិណាដ៏ប្រសើរ ជាទិដ្ឋិនាំសត្វចេញចាកវដ្តៈ តែងដឹកនាំបុគ្គលអ្នកធ្វើតាមនោះ ឲ្យអស់កងទុក្ខ ដោយប្រពៃ ភិក្ខុប្រកបដោយសេចក្តីយល់ឃើញស្មើគ្នា ដោយទិដ្ឋិ មានសភាពដូច្នោះ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ សារាណីយធម៌៦ប្រការនេះឯង ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។
[៦៦] ម្នាលអានន្ទ បើអ្នកទាំងឡាយ បានប្រព្រឹត្ត សមាទាន នូវសារាណីយធម៌ទាំង៦ប្រការនេះ ដោយប្រពៃហើយ ម្នាលអានន្ទ តើអ្នកទាំងឡាយ មិនដែលជួបគន្លងពាក្យ ជាពាក្យតូច ឬពាក្យថ្លោស ដែលគួរឲ្យអ្នកទាំងឡាយ អត់សង្កត់មិនបាន ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ មិនដែលជួបពាក្យនុ៎ះទេ។ ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ គួរតែប្រព្រឹត្តសមាទាន នូវសារាណីយធម៌ទាំង៦ប្រការនេះ ដោយប្រពៃចុះ ព្រោះថា ការប្រព្រឹត្ត សមាទាននូវសារាណីយធម៌ របស់អ្នកទាំងឡាយនោះ នឹងមានប្រយោជន៍ មានសេចក្តីសុខ អស់កាលជាអង្វែង។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ សាមគ្គាមសូត្រ ទី៤។