User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.105



សុនក្ខត្តសូត្រ ទី៥

សង្ខេប

ការ​ប្រកាស​ព្រះ​អរហត្ត​ផល ដោយ​ប្រពៃ​មែន​ពិត និង​ការ​ប្រកាស​ព្រះ​អរហត្ត​ផល ដោយ​ការ​ស្មាន?​ សេចក្ដី​ប្រមាទ​ ធ្វេស​ប្រហែស​នាំ​ឲ្យ​​បង់បាត់​​ សេចក្ដី​ប្រុង​ប្រយ័ត្ន​នាំឲ្យ​រក្សា​​គង់​បាន។

mn 105 បាលី cs-km: sut.mn.105 អដ្ឋកថា: sut.mn.105_att PTS: ?

(ទី៥) សុនក្ខត្តសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. សុនក្ខត្តសុត្តំ)

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុង​កូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ សម័យនោះឯង មានភិក្ខុច្រើនរូប ប្រកាស​អរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គបានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតឡើយ។

[៦៨] សុនក្ខត្តលិច្ឆវិបុត្រ បានឮថា មានភិក្ខុច្រើនរូប បានប្រកាស​ព្រះអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតឡើយ។ ទើបសុនក្ខត្តលិច្ឆវិបុត្រ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​សួរនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះថា មានភិក្ខុច្រើនរូប ប្រកាស​ព្រះអរហត្តផល ក្នុងសំណាក់​ព្រះមានព្រះភាគ​ថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតឡើយ ភិក្ខុទាំងឡាយណា បាន​ប្រកាស​អរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ទាំងនោះ បានប្រកាស​ព្រះអរហត្តផល ដោយប្រពៃមែនពិត ឬថា​មានភិក្ខុពួកខ្លះ ក្នុងទីនុ៎ះ បានប្រកាស​ព្រះអរហត្តផល ដោយការស្មានដែរ។

[៦៩] ម្នាលសុនក្ខត្ត ពួកភិក្ខុ ដែលប្រកាស​អរហត្តផល ក្នុងសំណាក់​តថាគតថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតទេ នោះ ភិក្ខុខ្លះ ក្នុងទីនុ៎ះ ប្រកាសអរហត្តផល ដោយប្រពៃមែនក៏មាន ភិក្ខុ​ពួកខ្លះក្នុងទីនុ៎ះ ប្រកាសអរហត្តផល ដោយការស្មានក៏មាន។ ម្នាលសុនក្ខត្ត បណ្តាភិក្ខុ​អម្បាលនោះ ភិក្ខុពួកណា ប្រកាស​អរហត្តផលដោយប្រពៃ ការប្រកាសនោះ របស់ភិក្ខុ​ពួកនោះ លើកទុកមួយអន្លើចុះ។ តែចំណែក​ខាងភិក្ខុពួកណា ប្រកាសអរហត្តផល ដោយ​ការស្មាន ម្នាលសុនក្ខត្ត ក្នុងរឿងនេះ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹង​សំដែងធម៌ ដល់ភិក្ខុពួកនោះ។ ម្នាលសុនក្ខត្ត តថាគត មានសេចក្តីត្រិះរិះ ក្នុងហេតុ​នុ៎ះ យ៉ាងនេះថា តថាគត នឹង​សំដែងធម៌ ដល់ភិក្ខុពួកនោះ ដោយឧបាយដូចតទៅនេះ។ កាលបើភិក្ខុពួកខ្លះ ជាមោឃបុរស ក្នុងទីនេះ តាក់តែងសម្រឹតសម្រាំង នូវបញ្ហា ចូលមកសួរតថាគត ម្នាលសុនក្ខត្ត ក្នុងរឿងនោះ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹង​សំដែងធម៌ ដល់ភិក្ខុទាំងនោះ ដោយប្រការដទៃ (អំពី​បញ្ហារបស់ភិក្ខុទាំងនោះ)។ សុនក្ខត្តលិច្ឆវិបុត្រ ក្រាបង្គំទូលថា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលដែលព្រះមានព្រះភាគ គួរសំដែងធម៌ហើយ បពិត្រព្រះសុគត កាល​នេះ ជាកាលដែលព្រះមានព្រះភាគ គួរសំដែងធម៌ហើយ ពួកភិក្ខុបានស្តាប់​ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលសុនក្ខត្ត បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរ​ធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ សុនក្ខត្តលិច្ឆវិបុត្រ ទទួលព្រះពុទ្ធ​ដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៧០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសុនក្ខត្ត កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើដូចម្តេចខ្លះ កាមគុណ៥ប្រការនោះគឺ រូប ដែល​គួរ​ដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១ សំឡេង ដែលគប្បីដឹងច្បាស់ដោយសោតៈ…១ ក្លិន ដែលគប្បីដឹងច្បាស់ដោយឃានៈ…១ រស ដែលគប្បីដឹងច្បាស់ដោយជិវ្ហា…១ ផោដ្ឋព្វៈ ដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១។ ម្នាលសុនក្ខត្ត នេះឯង កាមគុណ៥ប្រការ។

[៧១] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរក​លោកាមិសៈ រមែងមាន។ ម្នាលសុនក្ខត្ត ពាក្យសំដីរបស់​បុរសបុគ្គល​ ដែលមានអធ្យាស្រ័យឱនទៅរក​លោកាមិសៈ តែហានិយាយឡើង រមែងប្រមៀលទៅរកកាមគុណផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមកាមគុណនោះផង តែងគប់រក នូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ចំណែក​ខាងពាក្យសំដី ដែលគេនិយាយ ប្រកបដោយអានេញ្ជសមាបត្តិ បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹងផង មិនគប់រក នូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ដូចជាបុរស​ចេញអំពីស្រុក ឬនិគមរបស់ខ្លួន ដែលជាទីធ្លាប់នៅយូរហើយ។ បុរសនោះ កាលបើឃើញ​បុរសណាមួយ ដែល​ទើបនឹងចេញអំពីស្រុក ឬនិគមនោះ។ បុរសនោះ គប្បីសួរនូវភាព នៃ​ស្រុក ឬនិគមនោះ ដែលជាដែនមានសេចក្តីក្សេមក្សាន្តផង ជាដែនមានភិក្ខាហារដ៏​សម្បូណ៌ផង ជាដែនមិនមានអាពាធផង ចំពោះបុរសនោះ។ បុរសនោះ គប្បី​និយាយ​ប្រាប់នូវភាព នៃ​ស្រុក ឬនិគមនោះ ដែលជាដែនមានសេចក្តីក្សេមក្សាន្តផង ជាដែនមានភិក្ខាហារ ដ៏​សម្បូណ៌ផង ជាដែនមិនមានអាពាធផង ដល់បុរសនោះ។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ដូចម្តេច តើបុរសនោះ គប្បីស្តាប់ពាក្យសំដី​ របស់​បុរសនោះ ផ្ចង់ត្រចៀកស្តាប់ តាំងចិត្តដើម្បីដឹង គប់រកនូវ​បុរសនោះផង ដល់នូវ​សេចក្តី​គោរព ទៅរកបុរសនោះផង ដែរឬ។ សុនក្ខត្តលិច្ឆវិបុត្រ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលសុនក្ខត្ត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរក​លោកាមិសៈ រមែងមាន ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅក្នុង​លោកាមិសៈ តែហានិយាយឡើង រមែងប្រមៀលទៅរកកាមគុណផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមកាមគុណនោះផង តែងគប់រក នូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ឯពាក្យសំដី ដែលគេនិយាយ ប្រកបដោយអានេញ្ជសមាបត្តិ បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹងផង មិនគប់រក នូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ បុរសបុគ្គលនោះ បណ្ឌិត​គប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យ ឱនទៅក្នុងលោកាមិសៈ ដោយប្រការដូច្នេះ។

[៧២] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត ពាក្យសំដី​បុរស​បុគ្គល​ ដែលមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ តែហានិយាយឡើង រមែង​ប្រមៀលទៅរកអានេញ្ជសមាបត្តិនោះ បុរសបុគ្គលនោះ រមែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមអានេញ្ជសមាបត្តិនោះផង តែង​គប់រក នូវបុរសនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ចំណែក​ខាងពាក្យសំដី ដែលគេនិយាយ ប្រកបដោយលោកាមិសៈ បុរសបុគ្គល​នោះ មិនចង់ស្តាប់​ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹងផង មិនគប់រក នូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ស្លឹកឈើទុំ មានពណ៌លឿង ជ្រុះចេញចាកទងហើយ មិនគួរ​ដើម្បីនៅខៀវខ្ចីទៀតបានឡើយ យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអានេញ្ជ​សមាបត្តិ រមែងជ្រុះចាកការប្រកបក្នុងលោកាមិសៈ ក៏យ៉ាងនោះដែរ។ បុរសបុគ្គល​នោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ ប្រាសចាក​ការប្រកប​ក្នុងលោកាមិសៈហើយ ដោយប្រការដូច្នេះ។

[៧៣] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត សំដីរបស់​បុរសបុគ្គល​ ដែលមានអធ្យាស្រ័យឱនទៅរក​អាកិញ្ចញ្ញាយតនសមាបត្តិ តែហានិយាយឡើង តែងប្រមៀលទៅរកអាកិញ្ចញ្ញាយតនសមាបត្តិផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមអាកិញ្ចញ្ញាយតន​សមាបត្តិនោះផង តែងគប់រក នូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរក​បុរស​បែបនោះផង ចំណែក​ខាងពាក្យសំដី ដែលគេនិយាយ ប្រកបដោយ​អានេញ្ជ​សមាបត្តិ បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹង​ផង មិនគប់រកបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ដូចដុំថ្មក្រាស់ បែកចេញជាពីរភាគ មិនជាប់គ្នាវិញបាន យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ រមែង​បែកចេញអំពីការប្រកបក្នុងអានេញ្ជសមាបត្តិ ក៏យ៉ាងនោះឯង។ បុរសបុគ្គល​នោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ ប្រាស​ចាក​ការប្រកប ក្នុងអានេញ្ជសមាបត្តិហើយ ដោយប្រការដូច្នេះ។

[៧៤] ម្នាលសុនក្ខត្ត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មាន​អធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត បុរសបុគ្គល​ ដែលមានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ តែ​ហា​និយាយឡើង តែងប្រមៀលទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែល​ប្រព្រឹត្តទៅ តាមនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះផង តែងគប់រកនូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរក​បុរស​បែបនោះផង ទោះបីសំដី ដែលគេនិយាយ ប្រកបដោយអាកិញ្ចញ្ញាយតនសមាបត្តិ ក៏បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតំកល់ចិត្តដើម្បីដឹងផង មិនគប់រកនូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ប្រៀបដូច​បុរសបរិភោគ​រួចហើយ គប្បីចោលនូវ​ភោជន ជាទីគាប់ចិត្ត។ ម្នាលសុនក្ខត្ត អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ម្នាលសុនក្ខត្ត បុរសនោះ តើគប្បីមានសេចក្តីប្រាថ្នា ក្នុងភត្តនោះ​ទៀត ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រាថ្នាក្នុងភត្ត របស់បុរស​នោះ មិនមានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះភត្តនោះ គេសន្មតថា ជា​របស់បដិកូល។ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យ​ឱនទៅរក​នេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងខ្ជាក់ចោល នូវការប្រកប ក្នុងអាកិញ្ចញ្ញាយតន​សមាបត្តិនោះ ក៏មានឧបមេយ្យ យ៉ាងនេះឯង។ បុរសបុគ្គល​នោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យ ឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ ប្រាស​ចាក​ការប្រកបដោយអាកិញ្ចញ្ញាយតនសមាបត្តិហើយ ដោយប្រការដូច្នេះ។

[៧៥] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មាន​អធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃ រមែងមាន។ ម្នាលសុនក្ខត្ត បុគ្គល​ ដែលមានអធ្យាស្រ័យ ឱនទៅរកព្រះនិព្វាន ដោយប្រពៃ តែ​ហា​និយាយឡើង តែងប្រមៀល​ទៅរកព្រះនិព្វាននោះផង បុរសបុគ្គលនោះ រមែងត្រិះរិះរឿយៗ ពិចារណា​រឿយៗ នូវហេតុដែល​ប្រព្រឹត្តទៅ តាមព្រះនិព្វាននោះផង គប់រកនូវ​បុរស​បែប​នោះ​ផង តែងដល់នូវសេចក្តីគោរព ទៅរក​បុរស​បែបនោះផង ទោះបីសំដី ដែលគេ​និយាយ ប្រកបដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ក៏បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតំកល់ចិត្តដើម្បីដឹងផង មិនគប់រកនូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ដើមត្នោតកំបុតចុង មិនគួរដើម្បីដុះលូតលាស់ឡើងបាន យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យ​ឱនទៅរកព្រះនិព្វាន ដោយប្រពៃ រមែងផ្តាច់ផ្តិល នូវការប្រកប ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើងឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌​លែងមានកំណើត តទៅមុខទៀតហើយ ក៏យ៉ាងនោះឯង។ បុរសបុគ្គល​នោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យ​ឱនទៅរកព្រះនិព្វាន ដោយប្រពៃ ប្រាស​ចាក​ការប្រកបដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ដោយប្រការដូច្នេះ។

[៧៦] ម្នាលសុនក្ខត្ត ហេតុដែលនាំឲ្យភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈត្រាស់ហើយថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែង​កម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់​ហើយ ទោសជាពិស គឺអវិជ្ជា ក៏អាត្មាអញ បាននាំចេញហើយដែរ អាត្មាអញ មាន​អធ្យាស្រ័យឱនទៅរក​ព្រះនិព្វាន ដោយប្រពៃហើយ សេចក្តី​ត្រិះរិះយ៉ាងនេះ ដូច្នេះ​ជាដើម ជាសេចក្តីត្រិះរិះមានប្រយោជន៍ ក៏រមែងមាន។ តែភិក្ខុនោះ បែរ​ជាប្រកប​រឿយៗ នូវអារម្មណ៍ មិនជាទីសប្បាយ សម្រាប់អ្នកដែលមានអធ្យាស្រ័យ ឱនទៅរក​ព្រះនិព្វាន ដោយប្រពៃ។ គឺ ប្រកប​រឿយៗ នូវរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកបរឿយៗ នូវសំឡេង​មិនជាទីសប្បាយ ដោយសោតៈ ប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកប​រឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា ប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយដោយកាយ ប្រកបរឿយៗ នូវធម៌​មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ ប្រកប​រឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកប​រឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយសោតៈ ប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកប​រឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា ប្រកប​រឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈក៏គ្របសង្កត់ចិត្ត។ ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវមរណៈ ឬដល់​នូវ​សេចក្តីទុក្ខ ស្ទើរតែមរណៈ។ ម្នាលសុនក្ខត្ត ដូចបុរសត្រូវសរ ដែលត្រាំ​ដោយថ្នាំ​ពិស ជ្រាបជោកជាំហើយ មិត្រអាមាត្យ ញាតិសាលោហិត របស់បុរសនោះ ក៏ឲ្យ​ពេទ្យវះ ជាអ្នកស្ទាត់ជំនាញរក្សា។ ពេទ្យវះអ្នកស្ទាត់ជំនាញនោះ វះមុខដំបៅរបស់បុរសនោះ ដោយ​គ្រឿងសស្ត្រា លុះវះមុខដំបៅ ដោយគ្រឿង​សស្ត្រារួចហើយ ក៏រាវរកសរ ដោយគ្រឿង​សម្រាប់រាវរក (ដង្កៀប) លុះរាវរកសរ ដោយគ្រឿងសម្រាប់រាវរកហើយ ក៏​ដកចេញនូវសរ មានពិសជាទោស ដែលសេសសល់នៅ ក៏ដឹងថា ពិសជាទោសនោះ មិនមាននៅសេសសល់ទេ។ ពេទ្យវះនោះ និយាយយ៉ាងនេះថា នែបុរសដ៏ចម្រើន សរ​របស់អ្នក យើងបានដកចេញហើយ ពិសជាទោស យើងបាននាំចេញ ឥតមានសេស​សល់ឡើយ ល្មមមិនមានអន្តរាយដល់អ្នកហើយ អ្នកគួរបរិភោគតែភោជន ដែលជាទី​សប្បាយ អ្នកកុំបរិភោគភោជនមិនជាទីសប្បាយ ឲ្យដំបៅរីកឡើយ អ្នកគួរលាងដំបៅ តាម​កាលដ៏សមគួរផង គួរលាបមុខដំបៅ តាមកាលដ៏សមគួរផង អ្នកកុំ​មិនលាង​ដំបៅ​ តាមកាលដ៏សមគួរ កុំមិនលាបមុខដំបៅ តាមកាលដ៏សមគួរ ឲ្យមុខដំបៅដែលមានខ្ទុះ និងឈាមរុំជិតឡើយ អ្នកកុំដើរហាលខ្យល់ និងកំដៅថ្ងៃ អ្នកកុំដើរហាលខ្យល់ និងកំដៅថ្ងៃ ឲ្យលំអងធូលី រុំមុខដំបៅឡើយ នែបុរសដ៏ចម្រើន អ្នកត្រូវនៅរក្សាដំបៅ ត្រូវនៅផ្សះដំបៅចុះ។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សររបស់អាត្មាអញ ពេទ្យបានដកយកចេញហើយ ពិសជាទោស ពេទ្យបាននាំចេញ ឥតមានសេសសល់​ហើយ ល្មមមិនមានអន្តរាយ ដល់អាត្មាអញហើយ។ បុរសនោះ ក៏បរិភោគភោជន​ មិនជាទី​សប្បាយផង កាលដែលបុរសនោះ បរិភោគភោជនមិនជាទីសប្បាយ ដំបៅក៏ដរ រីកឡើង ទាំងមិនលាងដំបៅ តាមកាលដ៏សមគួរ ទាំងមិនលាបមុខដំបៅ តាមកាល​ដ៏សមគួរ កាល​ដែលបុរសនោះ មិនលាងមុខដំបៅ តាមកាលដ៏សមគួរ មិនលាបដំបៅ តាមកាលដ៏​សមគួរ ខ្ទុះ និងឈាម ក៏រួបរឹតស្ទះមុខដំបៅ បុរសនោះ ប្រកបរឿយៗ នូវការដើរហាល​ខ្យល់ និងកំដៅថ្ងៃ កាលដែលបុរសនោះ ប្រកប​រឿយៗ នូវការដើរហាលខ្យល់ និងកំដៅថ្ងៃ លំអងធូលី ក៏រុំមុខដំបៅ បុរសនោះ ឈ្មោះថា មិនរក្សាដំបៅផង មិនផ្សះ​ដំបៅផង បុរសនោះ មិនបាននាំចេញនូវវត្ថុមិនស្អាត និងពិសជាទោស ដែលនៅសេស​សល់ ព្រោះកិរិយាមិនជាទីសប្បាយនេះឯង មុខដំបៅទើបដរឡើង ដោយហេតុ​ទាំងពីរ​នោះ។ បុរសនោះ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខ ស្ទើរតែមរណៈ ដោយដំបៅដែលដរ​ឡើង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលសុនក្ខត្ត មានឧបមេយ្យដូចហេតុដែល​នាំ​ឲ្យភិក្ខុរូបខ្លះ ក្នុងសាសនានេះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈ​ត្រាស់​ហើយ​ថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែង​កម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់​ហើយ ទោសជាពិស គឺអវិជ្ជា អាត្មាអញ បាននាំចេញហើយ អាត្មាអញ មាន​អធ្យាស្រ័យឱនទៅរក​ព្រះនិព្វាន ដោយប្រពៃហើយ សេចក្តី​ត្រិះរិះយ៉ាងនេះ ដូច្នេះ​ជាដើម ជាការមានប្រយោជន៍។ តែ​ភិក្ខុនោះ បែរជាប្រកបរឿយៗ នូវអារម្មណ៍មិនជាទីសប្បាយ សម្រាប់អ្នកដែល​មាន​អធ្យាស្រ័យ​ឱនទៅរក​ព្រះនិព្វាន ដោយប្រពៃ គឺ ប្រកប​រឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកបរឿយៗ នូវសំឡេង​មិនជាទីសប្បាយ ដោយសោតៈ ប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកប​រឿយៗ នូវរស មិនជាទី​សប្បាយ ដោយជិវ្ហា ប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកប​រឿយៗ នូវធម្មារម្មណ៍​ មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ ប្រកប​រឿយៗ នូវការឃើញ​រូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកប​រឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយ​សោតៈ ប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកប​រឿយៗ នូវរស មិន​ជា​ទីសប្បាយ ដោយជិវ្ហា ប្រកប​រឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈ ក៏គ្របសង្កត់ចិត្ត។ ភិក្ខុនោះ លុះ​ត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវមរណៈ ឬដល់​នូវ​ទុក្ខ ស្ទើរតែមរណៈ។ ម្នាលសុនក្ខត្ត ពាក្យថា មរណៈ នេះ សំដៅយក​ភិក្ខុ ដែលពោលលាសិក្ខា ក្នុងវិន័យ របស់​ព្រះអរិយៈ ហើយទៅប្រព្រឹត្តខ្លួន ជាបុគ្គលថោក​ទាប​វិញ។ ម្នាលសុនក្ខត្ត ពាក្យថា ទុក្ខ ស្ទើរតែមរណៈ នេះ សំដៅយកភិក្ខុ ដែលត្រូវ​អាបត្តិ​ណាមួយ ដែលនាំឲ្យសៅហ្មង​ព្រម។

[៧៧] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យភិក្ខុខ្លះ ក្នុងសាសនានេះ មាន​សេចក្តី​​ត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈត្រាស់ហើយថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែង​កម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់​ហើយ ទោសជាពិស គឺអវិជ្ជា អាត្មាអញ បាននាំចេញហើយ អាត្មាអញ មាន​អធ្យាស្រ័យ ឱនទៅរក​ព្រះនិព្វាន ដោយប្រពៃហើយ ដូច្នេះ​ រមែងមាន។ កាលដែល​គេកំពុង​មានអធ្យាស្រ័យ ឱនទៅរក​ព្រះនិព្វានដោយប្រពៃ ភិក្ខុនោះ មិនប្រកប​រឿយៗ នូវអារម្មណ៍ មិនជាទីសប្បាយ សម្រាប់បុគ្គលអ្នកមានអធ្យាស្រ័យឱនទៅរក​ព្រះនិព្វាន ដោយប្រពៃឡើយ គឺ មិនប្រកប​រឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកបរឿយៗ នូវសំឡេង​មិនជាទីសប្បាយ ដោយសោតៈ មិនប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកប​រឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា មិនប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយដោយកាយ មិនប្រកបរឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ មិនប្រកប​រឿយៗ នូវការឃើញរូប មិនជា​ទី​សប្បាយ ដោយចក្ខុ មិនប្រកប​រឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយសោតៈ មិនប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកប​រឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា មិនប្រកប​រឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ មិនប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈ ក៏មិនគ្របសង្កត់ចិត្ត។ លុះភិក្ខុនោះ មិនត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏មិនដល់នូវមរណៈ ឬមិនដល់​នូវ​ទុក្ខ ស្ទើរតែមរណៈទេ។ ម្នាលសុនក្ខត្ត ដូចបុរសត្រូវសរ ដែលត្រាំ​ដោយថ្នាំ​ពិស ជ្រាប​ជោក​ជាំ​ហើយ មិត្រអាមាត្យ ញាតិសាលោហិត របស់បុរសនោះ គប្បីឲ្យ​ពេទ្យវះ អ្នកស្ទាត់​ជំនាញ​រក្សា។ ពេទ្យវះអ្នកស្ទាត់ជំនាញនោះ គប្បីវះនូវមុខដំបៅ របស់បុរសនោះ ដោយ​សស្ត្រា លុះវះនូវមុខដំបៅ ដែលមានសរ ដោយគ្រឿង​សស្ត្រារួចហើយ គប្បីរាវរកសរ ដោយគ្រឿង​សម្រាប់រាវរក លុះរាវរកសរ ដោយគ្រឿងសម្រាប់រាវរករួចហើយ គប្បី​ដកចេញ​នូវ​សរ ដែលមានពិសជាទោស មិនឲ្យមាននៅសេសសល់ ពេទ្យវះនោះ ក៏ដឹងថា មិនមាន​ពិស នៅសេសសល់ទេ។ ពេទ្យវះនោះ និយាយយ៉ាងនេះថា នែបុរសដ៏ចម្រើន សរ​របស់អ្នក យើងបានដក​ចេញ​ហើយ ពិសជាទោស យើងបាននាំចេញ ឥតមានសេស​សល់ឡើយ ល្មមមិនមានសេចក្តី​អន្តរាយ ដល់អ្នកហើយ អ្នកគួរបរិភោគភោជន ជាទី​សប្បាយ អ្នកកុំបរិភោគ​ភោជន​មិន​ជាទីសប្បាយ ឲ្យរីកដំបៅឡើយ អ្នកគប្បីលាងដំបៅ តាម​កាលដ៏សមគួរផង គប្បីលាប​មុខ​ដំបៅ តាមកាលដ៏សមគួរផង អ្នកកុំ​ខានលាង​ដំបៅ​ តាមកាលដ៏សមគួរ កុំខានលាប​មុខដំបៅ តាមកាលដ៏សមគួរ ឲ្យមុខដំបៅដែលមានខ្ទុះ និងឈាមរុំជិតឡើយ អ្នកកុំ​ដើរហាលខ្យល់ និងកំដៅថ្ងៃ អ្នកកុំដើរហាលខ្យល់ និង​កំដៅ​ថ្ងៃ ឲ្យលំអង គឺធូលី រុំមុខដំបៅឡើយ នែបុរសដ៏ចម្រើន អ្នកគប្បីនៅរក្សាដំបៅផង គប្បី​នៅផ្សះ​ដំបៅផង។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សររបស់អាត្មាអញ ពេទ្យវះ បានដកយក​ចេញ​ហើយ ពិសជាទោស ពេទ្យវះ បាននាំចេញ ឥតមាន​សេសសល់​​ហើយ ល្មមមិន​មានសេចក្តីអន្តរាយ ដល់អាត្មាអញហើយ។ បុរសនោះ គប្បីបរិភោគភោជន​ ជាទី​សប្បាយ កាលបុរសនោះ បរិភោគតែភោជនជាទីសប្បាយ ដំបៅក៏មិនរីកឡើង ទាំងលាងនូវដំបៅ តាមកាលដ៏សមគួរ ទាំងលាបនូវមុខដំបៅ តាមកាលដ៏សមគួរ កាល​បុរសនោះ លាងដំបៅ តាមកាលដ៏សមគួរ លាបមុខដំបៅ តាមកាលដ៏​សមគួរហើយ ខ្ទុះ និងឈាម ក៏មិនរួបរឹតមុខដំបៅ បុរសនោះ មិនប្រកប​ នូវការដើរហាល​ខ្យល់ និងកំដៅថ្ងៃ កាលបុរសនោះ មិនប្រកប​ នូវការដើរហាលខ្យល់ និងកំដៅថ្ងៃហើយ លំអងធូលី ក៏មិនបានរុំមុខដំបៅ បុរសនោះ ឈ្មោះថា ជាអ្នក​រក្សានូវដំបៅផង ជាអ្នកផ្សះនូវ​ដំបៅផង បុរសនោះ បាននាំចេញនូវពិស ជាទោស មិនស្អាត ដែលនៅសេស​សល់ ព្រោះសេចក្តី​សប្បាយនេះឯង មុខដំបៅក៏ដុះឡើង ដោយហេតុ​ទាំងពីរ​នោះ។ បុរសនោះ ក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខ ស្ទើរតែមរណៈឡើយ ព្រោះដំបៅដែល​មាន​សម្បុរថ្ងៃ ដុះដាល​ឡើង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលសុនក្ខត្ត មានឧបមេយ្យ ដូចហេតុដែល​នាំ​ឲ្យភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា សរ ព្រះសមណៈ​ ត្រាស់​ហើយ​ថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែង​កម្រើកឡើង ដោយ​ឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់​ហើយ ទោស​ជាពិស គឺអវិជ្ជា អាត្មាអញ បាននាំ​ចេញហើយ អាត្មាអញ មាន​អធ្យាស្រ័យឱនទៅរក​ព្រះនិព្វាន ដោយប្រពៃហើយ ដូច្នេះ រមែងមាន។ កាលគេកំពុងមានអធ្យាស្រ័យ ឱនទៅរកព្រះ​និព្វាន ដោយប្រពៃ ​ភិក្ខុនោះ មិនប្រកបរឿយៗ នូវអារម្មណ៍មិនជាទីសប្បាយ សម្រាប់អ្នក​មាន​អធ្យាស្រ័យ​ឱនទៅរក​ព្រះនិព្វាន ដោយប្រពៃ គឺ មិនប្រកប​រឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកបរឿយៗ នូវសំឡេង​មិនជាទីសប្បាយ ដោយសោតៈ មិនប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកប​រឿយៗ នូវរស មិនជាទី​សប្បាយ ដោយជិវ្ហា មិនប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ មិនប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ មិនប្រកប​រឿយៗ នូវការឃើញ​រូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកប​រឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយ​សោតៈ មិនប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកប​រឿយៗ នូវរស មិន​ជា​ទីសប្បាយ ដោយជិវ្ហា មិនប្រកប​រឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ មិនប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈក៏មិនអាចគ្របសង្កត់ចិត្តបាន។ លុះភិក្ខុនោះ មិន​ត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏មិនដល់នូវមរណៈ ឬមិនដល់​នូវ​ទុក្ខ ស្ទើរតែមរណៈឡើយ។ ម្នាលសុនក្ខត្ត សេចក្តីឧបមានេះ តថាគតបានធ្វើ ដើម្បីនឹងញុំាងជន​ឲ្យដឹងសេចក្តី។ ឯសេចក្តីក្នុង​ឧបមានុ៎ះ ដូចតទៅនេះ។ ម្នាលសុនក្ខត្ត ពាក្យថា ដំបៅនុ៎ះ ជាឈ្មោះនៃអាយតនៈ ដែលប្រព្រឹត្ត​ទៅខាងក្នុងទាំង៦។ ម្នាលសុនក្ខត្ត ពាក្យថា ពិសជាទោស នុ៎ះ ជាឈ្មោះនៃអវិជ្ជា។ ម្នាលសុនក្ខត្ត ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃតណ្ហា។ ម្នាលសុនក្ខត្ត ពាក្យថា គ្រឿង​សម្រាប់​រាវរក នុ៎ះ ជាឈ្មោះនៃស្មារតី។ ម្នាលសុនក្ខត្ត ពាក្យថា សស្ត្រា នុ៎ះ ជាឈ្មោះនៃ​បញ្ញា ដ៏ប្រសើរ។ ម្នាលសុនក្ខត្ត ពាក្យថា ពេទ្យវះដ៏ជំនាញ នុ៎ះ ជាឈ្មោះនៃព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលសុនក្ខត្ត ភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួម ក្នុងផស្សាយតនៈ ទាំង៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ លុះដឹងដូច្នេះ​ហើយ ក៏ជាអ្នកមិនមានកិលេស ជាអ្នករួចស្រឡះហើយ ព្រោះការអស់ទៅនៃ​កិលេស នឹង​បង្អោន​កាយ ឬនឹងផ្តេកផ្តួលចិត្ត ទៅក្នុងកិលេស ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលសុនក្ខត្ត ដូចផ្តិលសំរឹទ្ធ ដល់ព្រមដោយពណ៌ ដោយក្លិន ដោយរស តែថា ផ្តិលសំរឹទ្ធ​នោះ ប្រឡាក់ដោយថ្នាំពិស។ កាលបើមានបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើម​ទុក្ខ មកដល់។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តើបុរសនោះ គួរផឹកទឹក នឹងផ្តិលសំរិទ្ធឯណោះ ដែលខ្លួនដឹងថា អាត្មាអញ ផឹកទឹកនេះទៅហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែមរណៈដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនផឹកទឹកនឹងផ្តិលសំរិទ្ធនុ៎ះទេ។

[៧៨] ម្នាលសុនក្ខត្ត សេចក្តីនេះ មានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវ​ការសង្រួម ក្នុងផស្សាយតនៈ ៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ។បេ។ ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលសុនក្ខត្ត ដូចជាអាសិរពិស មានពិសដ៏ពន្លឹក។ កាលបើបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើម​ទុក្ខ មកដល់។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ដូចម្តេច តើបុរសនោះ គួរហុចដៃទាំងឡាយ ឬហុច​មេដៃ​ ឲ្យដល់អាសិរពិស មានពិសដ៏ពន្លឹកឯណោះ ដែលខ្លួនដឹងថា អាសិរពិសនេះ ចឹកអាត្មាអញហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែមរណៈដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនហុចឲ្យអាសិរពិសនោះទេ។

[៧៩] ម្នាលសុនក្ខត្ត សេចក្តីនេះ មានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវ​ការសង្រួម ក្នុងផស្សាយតនៈ ៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស រួចស្រឡះហើយ ព្រោះតែការអស់ទៅ​នៃកិលេស នឹងបង្អោនកាយ ឬផ្តេកផ្តួលចិត្ត ទៅរកកិលេស ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ សុនក្ខត្តលិច្ឆវិបុត្រ មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ សុនក្ខត្តសូត្រ ទី៥។

 

លេខយោង

km/tipitaka/sut/mn/sut.mn.105.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann