km:tipitaka:sut:mn:sut.mn.106



អានេញ្ជសប្បាយសូត្រ ទី៦

សង្ខេប

ការ​ចម្រើន​ជ្ឈាន(ឈានៈធ្យាន)​ គឺ​ឲ្យ​រួច​ពី​ឈាន​ ដើម្បី​​ជា​ស្ពាន​ដល់​​នូវ​ព្រះ​និព្វាន។

mn 106 បាលី cs-km: sut.mn.106 អដ្ឋកថា: sut.mn.106_att PTS: ?

(ទី៦) អានេញ្ជសប្បាយសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦. អានេញ្ជសប្បាយសុត្តំ)

[៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​កម្មាសធម្មនិគម របស់អ្នកកុរុទាំងឡាយ ក្នុងកុរុជនបទ។ នៅទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធ​ដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៨១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ ជាសភាវៈ​មិនទៀង ជារបស់ទទេ ជារបស់កុហក មានការវិនាសជាធម្មតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា កាមនេះ ដូចជាវត្ថុដែលគេធ្វើដោយឧបាយកល1) ជាសំដីរបស់ជនពាល កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណាដែលប្រព្រឹត្តទៅក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្តី ទាំង​មួយគូនុ៎ះ ជាទីនៅនៃមារ នុ៎ះជាវិស័យរបស់មារ នុ៎ះជាចំណីរបស់មារ នុ៎ះជាទីគោចរ របស់​មារ អកុសល ដ៏លាមកទាំងនោះ ដែល​កើតអំពីចិត្ត ទោះជាអភិជ្ឈាក្តី ព្យាបាទក្តី សារម្ភៈ (ការ​ប្រណាំងប្រជែង)ក្តី រមែងប្រព្រឹត្តទៅ ក្នុងកាមទាំងនុ៎ះ ឯកិលេស ទាំង៣នោះ រមែង​កើត ដើម្បីអន្តរាយ ដល់អរិយសាវ័ក អ្នកកំពុងសិក្សារឿយៗ ក្នុងសាសនានេះ។

[៨២] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក តែងពិចារណា ក្នុងកាមនោះ ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណាដែលប្រព្រឹត្តទៅក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី ទាំង​មួយគូនុ៎ះ ជាទីនៅនៃមារ នុ៎ះជាវិស័យរបស់មារ នុ៎ះជាចំណីរបស់មារ នុ៎ះជាទីគោចរ របស់​មារ អកុសលដ៏លាមកទាំងនេះ ដែល​កើតអំពីចិត្ត ទោះជាអភិជ្ឈាក្តី ព្យាបាទក្តី សារម្ភៈក្តី រមែងប្រព្រឹត្តទៅ ក្នុងកាមទាំងនុ៎ះ ឯកិលេសទាំង៣នោះ រមែង​កើត ដើម្បីអន្តរាយ ដល់អរិយសាវ័ក អ្នកកំពុងសិក្សារឿយៗ ក្នុងសាសនានេះ បើដូច្នោះ គួរតែ​អាត្មាអញ យកមហគ្គតចិត្តដ៏ទូលាយ ទៅគ្របសង្កត់ នូវលោក គឺកាមគុណ អធិដ្ឋាន (នូវ​ឈានារម្មណ៍) ដោយចិត្ត ហើយសម្រេចសម្រាន្តនៅ ព្រោះថា កាលបើអាត្មាអញ យកមហគ្គតចិត្ត2) ដ៏ទូលាយ ទៅគ្របសង្កត់ នូវលោក គឺកាមគុណ អធិដ្ឋាន (នូវ​ឈានារម្មណ៍) ដោយចិត្តហើយ អកុសល ដ៏លាមក​ទាំងឡាយណា ដែលកើតអំពីចិត្ត ទោះជា​អភិជ្ឈាក្តី ព្យាបាទក្តី សារម្ភៈក្តី អកុសលទាំងនោះ នឹងមិនមានតទៅ មួយទៀត ចិត្ត​របស់អាត្មាអញ នឹងមិនមែនជា​បរិត្តចិត្តផង3) ជាចិត្តប្រមាណមិនបានផង4) ជាចិត្តដែលអាត្មាអញ ចម្រើនដោយល្អផង5) ព្រោះលះបង់ នូវអកុសលទាំងនោះ។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិយ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិ​នោះ ដោយច្រើនហើយ ចិត្តរមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ6) កាលបើសេចក្តីជ្រះថ្លា​មាន​ហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អានេញ្ជធម៌7) ក្នុងកាលឥឡូវនេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង។8) លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណ​នោះ ក៏នឹងដល់នូវ អានេញ្ជធម៌ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អានេញ្ជសប្បាយប្បដិបទា9) ទី១។

[៨៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណាដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណានីមួយ រូបទាំងអស់ (នោះ) គឺមហាភូតរូប៤ និងរូប10) ដែលអាស្រ័យ នូវមហាភូតរូប៤ក្តី។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តរមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់​ អានេញ្ជធម៌11) ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹងដល់នូវអានេញ្ជធម៌ ដោយហេតុណា ហេតុនុ៎ះឯង តែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អានេញ្ជសប្បាយប្បដិបទា ទី២។

[៨៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី ទាំងមួយគូនុ៎ះ ជារបស់មិនទៀង ធម្មជាតណាមិនទៀង ធម្មជាតនោះ មិនគួរដើម្បីត្រេកអរឡើយ មិនគួរដើម្បីសរសើរ មិនគួរដើម្បី​ចូលចិត្ត​ឡើយ។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តី​ប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អានេញ្ជធម៌12) ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹង​ដល់នូវអានេញ្ជធម៌ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អានេញ្ជសប្បាយប្បដិបទា ទី៣។

[៨៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី អានេញ្ជសញ្ញាណាក្តី សញ្ញាទាំងអស់នេះ រលត់​ឥតមាន​សេសសល់ ក្នុងធម្មជាតណា ធម្មជាតនុ៎ះដ៏ល្អិត ធម្មជាតនុ៎ះដ៏ឧត្តម គឺអាកិញ្ចញ្ញាយតនជ្ឈាន។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹង​ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អាកិញ្ចញ្ញាយតនសប្បាយប្បដិបទា ទី១។

[៨៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ទៅនៅក្នុងព្រៃក្តី ទៅនៅក្រោម​ម្លប់ឈើក្តី ទៅនៅក្នុងផ្ទះដ៏ស្ងាត់ក្តី តែងពិចារណា ដូច្នេះថា ធម្មជាតនេះ សូន្យ ចាកខ្លួន ឬចាករបស់ដែល​អាស្រ័យនឹងខ្លួនក្តី។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹង​ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អាកិញ្ចញ្ញាយតនសប្បាយប្បដិបទា ទី២។

[៨៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា អាត្មាអញ មិនបានឃើញ (នូវខ្លួន) ក្នុងទីបន្តិចបន្តួច មិនបានឃើញ (នូវខ្លួន) ដែលគួរ​បង្អោន​ទៅរកកង្វល់ របស់បុគ្គលនីមួយទេ មួយទៀត មិនបានឃើញ (នូវខ្លួន) របស់បុគ្គល​ដទៃ ក្នុងទីនីមួយ ឯកង្វល់របស់អាត្មាអញ មិនមានឡើយ។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណ​នោះ ក៏នឹង​ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អាកិញ្ចញ្ញាយតនសប្បាយប្បដិបទា ទី៣។

[៨៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាម​សញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី អានេញ្ជសញ្ញាណាក្តី អាកិញ្ចញ្ញាយតនសញ្ញា​ណាក្តី សញ្ញា​ទាំងអស់នោះឯង តែងរលត់ ឥតមានសេសសល់ ក្នុងធម្មជាតណា ធម្មជាតនុ៎ះដ៏​ល្អិត ធម្មជាតនុ៎ះដ៏ឧត្តម គឺនេវសញ្ញានាសញ្ញាយតនជ្ឈាន។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណ​នោះ ក៏នឹង​ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ នេវសញ្ញានាសញ្ញា​យតន​សប្បាយប្បដិបទា។

[៨៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏​ក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះថា បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុង​កាលមុនទេ វិបាកវដ្តៈ ក៏មិនគប្បីមាន ដល់អាត្មាអញ ក្នុងកាលឥឡូវនេះ បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុងកាលឥឡូវនេះទេ វិបាកវដ្តៈ ក៏នឹងមិនមានដល់អាត្មាអញ ក្នុង​អនាគតកាល ខន្ធបញ្ចកៈណា ដែលមាន ដែលកើត ក្នុងកាលឥឡូវនេះ អាត្មាអញ លះបង់​នូវខន្ធបញ្ចកៈនោះ ភិក្ខុនោះ បាននូវ​ឧបេក្ខាយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនោះ គួររំលត់កិលេសបាន ឬមិនគួររំលត់កិលេសបានទេ។ ម្នាលអានន្ទ ភិក្ខុខ្លះ គួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ ភិក្ខុខ្លះ មិនគួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ​ទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យភិក្ខុខ្លះ គួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ ភិក្ខុខ្លះ មិនគួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ។

[៩០] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះថា បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុង​កាលមុនទេ វិបាកវដ្តៈ ក៏មិនគប្បីមាន ដល់អាត្មាអញ ក្នុងកាល​ឥឡូវនេះ បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុងកាលឥឡូវនេះទេ វិបាកវដ្តៈ នឹងមិនមាន​ដល់អាត្មាអញ ក្នុង​អនាគតកាល ខន្ធបញ្ចកៈណា ដែលមាន ដែលកើត ក្នុងកាល​ឥឡូវ​នេះ អាត្មាអញ លះបង់​នូវខន្ធបញ្ចកៈនោះ ភិក្ខុនោះ បាននូវ​ឧបេក្ខា (យ៉ាងនេះ) ភិក្ខុនោះ ក៏ត្រេកអរ សរសើរនូវឧបេក្ខានោះ តាំងនៅដោយសេចក្តីចូលចិត្តស៊ប់ កាលបើភិក្ខុនោះ ត្រេកអរ សរសើរនូវឧបេក្ខានោះ តាំងនៅដោយសេចក្តីចូលចិត្តស៊ប់ហើយ វិញ្ញាណណា ដែលអាស្រ័យនូវវិបស្សនានោះ វិញ្ញាណនោះ ជាឧបាទាន13) របស់ភិក្ខុនោះ ម្នាលអានន្ទ ភិក្ខុដែលប្រកបដោយឧបាទាន រមែង​រំលត់កិលេសមិនបានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុនោះ កាលបើកាន់យក នូវ​បដិសន្ធិ តែងកាន់យកក្នុងទីណា។ ម្នាលអានន្ទ ភិក្ខុនោះ កាន់យកនូវ​បដិសន្ធិ ក្នុងនេវសញ្ញានាសញ្ញាយតនភព។ បពិត្រព្រះអង្គដ៏ចំរើន បានឮថា ភិក្ខុនោះ កាលកាន់យកនូវ​បដិសន្ធិ តែងកាន់យកក្នុងភពដ៏ប្រសើរឬ។ ម្នាលអានន្ទ ភិក្ខុនោះ កាល​កាន់យកនូវបដិសន្ធិ តែងកាន់យកក្នុងភពដ៏ប្រសើរ ម្នាលអានន្ទ ឯភពដ៏ប្រសើរនុ៎ះ បានដល់នេវសញ្ញានាសញ្ញាយតនភព។

[៩១] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះថា បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុង​កាលមុនទេ វិបាកវដ្តៈ ក៏មិនគប្បីមាន ដល់អាត្មាអញ ក្នុងកាល​ឥឡូវនេះ បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុងកាលឥឡូវនេះទេ វិបាកវដ្តៈ ក៏នឹងមិនមាន​ដល់អាត្មាអញ ក្នុង​អនាគតកាល ខន្ធបញ្ចកៈណា ដែលមាន ដែលកើត ក្នុងកាល​ឥឡូវ​នេះ អាត្មាអញ លះបង់​នូវខន្ធបញ្ចកៈនោះ ភិក្ខុនោះ បាននូវ​ឧបេក្ខា (យ៉ាងនេះ) តែភិក្ខុនោះ មិនបានត្រេកអរ មិនបានសរសើរ នូវឧបេក្ខានោះ មិនបានតាំងនៅ ដោយសេចក្តី​​ចូលចិត្តស៊ប់ កាលបើភិក្ខុនោះ មិនបានត្រេកអរ មិនបានសរសើរ នូវឧបេក្ខានោះ មិនបានតាំងនៅ ដោយសេចក្តីចូលចិត្តស៊ប់ វិញ្ញាណណា ដែលមិនអាស្រ័យ នូវវិបស្សនានោះ វិញ្ញាណនោះ មិនមែនជាឧបាទាន របស់ភិក្ខុនោះ​ឡើយ ម្នាលអានន្ទ ភិក្ខុមិនមានឧបាទាន រមែង​រំលត់កិលេសបាន។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ឮថា ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ជាគ្រឿង​ឆ្លងចាកឱឃៈ ដល់ខ្ញុំព្រះអង្គទាំងឡាយ ព្រោះ​អាស្រ័យរឿយៗ (នូវ​សមាបត្តិនោះ) បពិត្រព្រះអង្គដ៏ចំរើន ចុះអរិយវិមោក្ខ តើដូចម្តេច។

[៩២] ម្នាលអានន្ទ អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី អានេញ្ជសញ្ញាណាក្តី អាកិញ្ចញ្ញាយតនសញ្ញា​ណាក្តី នេវសញ្ញានាសញ្ញាយតនសញ្ញាណាក្តី ទាំងអស់នេះ ឈ្មោះថា សក្កាយៈ (ចំណែក​តេភូមិកវដ្តធម៌) ទាំងអម្បាលមាណ ក៏ឈ្មោះថា សក្កាយៈដែរ សភាព ដែលធ្វើចិត្ត ឲ្យរួច​ចាកកិលេស ព្រោះមិនមានប្រកាន់មាំ នុ៎ះ ឈ្មោះថា អមតៈ។ ម្នាលអានន្ទ អានេញ្ជសប្បាយប្បដិបទា ដែលតថាគតបានសំដែងហើយក្តី អាកិញ្ចញ្ញាយតនសប្បាយ​ប្បដិបទា ដែលតថាគតបានសំដែងហើយក្តី នេវសញ្ញានាសញ្ញាយតនសប្បាយ​ប្បដិបទា ដែលតថាគតបានសំដែងហើយក្តី ធម៌ជាគ្រឿងឆ្លងចាកឱឃៈ ព្រោះអាស្រ័យ​រឿយៗ (នូវ​សមាបត្តិនោះ) ដែលតថាគតបានសំដែងហើយក្តី ដោយប្រការដូច្នេះ ឈ្មោះថា អរិយវិមោក្ខ។ ម្នាលអានន្ទ អំពើណា ដែលព្រះសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នក​អនុគ្រោះ គប្បីធ្វើដល់ពួកសាវ័ក ព្រោះអាស្រ័យសេចក្តីអនុគ្រោះ អំពើនោះ តថាគត បានធ្វើហើយ ដល់អ្នកទាំងឡាយ ម្នាលអានន្ទ ទីទាំងអម្បាលនេះ ហៅថា រុក្ខមូល ទីទាំងអម្បាលនេះ ហៅថា សុញ្ញាគារដ្ឋាន។ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរ​ចម្រើនឈាន ចូរកុំប្រមាទ ចូរកុំមានសេចក្តីស្តាយក្រោយ ក្នុងកាលជាខាងក្រោយឡើយ នេះជាពាក្យប្រៀនប្រដៅ នូវអ្នកទាំងឡាយ របស់តថាគត។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ មានសេចក្តី​ត្រេកអរ រីករាយហើយ នឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ អានេញ្ជសប្បាយសូត្រ ទី៦។

 

លេខយោង

1)
ឧបាយកល ដែលគេ​ធ្វើទឹក ឲ្យទៅជាកែវមណី ស្លឹកពទ្រា ឲ្យទៅជាប្រាក់ បង្ហាញអ្នកដទៃ​បាន យ៉ាងណាមិញ កាមក៏ដូច្នោះឯង។
2)
រូបាវចរចិត្ត និងអរូបាវចរចិត្ត។
3)
១.២.៣.កាមាវចរចិត្ត ហៅថា បរិត្តចិត្ត ពាក្យថា មិនមែនជាបរិត្តចិត្ត បានខាង​រូបាវចរចិត្ត និងអរូបាវចរចិត្ត តែទាំង៣បទនេះ សំដៅយក​លោកុត្តរចិត្ត។
4)
5)
6)
ហេតុក្នុងទីនេះ សំដៅយក ព្រះអរហត្ត វិបស្សនា ចតុត្ថជ្ឈាន ឬឧបចារ នៃចតុត្ថជ្ឈាន។
7)
ធម៌មិនញាប់ញ័រ ក្នុងទីនេះ សំដៅយក ចតុត្ថជ្ឈាន។
8)
បានសម្រេច ព្រះអរហត្ត។
9)
សេចក្តីប្រតិបត្តិ ជាទីសប្បាយ នៃអានេញ្ជធម៌
10)
បានខាង​ឧបាទាយរូប២៤។
11)
ក្នុងទីនេះ សំដៅយក អាកាសានញ្ចាយតនជ្ឈាន។
12)
ក្នុងទីនេះ សំដៅយក វិញ្ញាណញ្ចាយតនជ្ឈាន។
13)
សេចក្តីប្រកាន់មាំ សេចក្តី​អាល័យក្នុងវិបស្សនា។
km/tipitaka/sut/mn/sut.mn.106.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann