តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » ទេវទហវគ្គ »
ព្រះនិព្វានក៏មាន ផ្លូវជាទីទៅកាន់ព្រះនិព្វានក៏មាន អ្នកបង្ហាញផ្លូវទៅនិព្វានក៏មាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកខ្លះ ក៏បានព្រះនិព្វាន ហើយពួកខ្លះក៏មិនបាន?
mn 107 បាលី cs-km: sut.mn.107 អដ្ឋកថា: sut.mn.107_att PTS: ?
(ទី៧) គណកមោគ្គល្លានសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. គណកមោគ្គល្លានសុត្តំ)
[៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ឰដ៏មិគារមាតុប្រាសាទ1) ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ គណកមោគ្គល្លាន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹក ហើយអង្គុយក្នុងទីសមគួរ។ លុះគណកមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន មិគារមាតុប្រាសាទនេះ ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានផ្លូវសម្រាប់ដើរទៅ ជាលំដាប់ គឺកំណត់តាំងអំពីកាំជណ្តើរជាន់ក្រោមបំផុតឡើងទៅ បពិត្រព្រះគោតមដ៏ចំរើន ឯពួកព្រាហ្មណ៍ទាំងនេះ ក៏ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទាជាលំដាប់ ក្នុងការរៀននូវវេទមន្ត បពិត្រព្រះគោតមដ៏ចំរើន ឯពួកខ្មាន់ធ្នូទាំងនេះ ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទាជាលំដាប់ ក្នុងវិជ្ជារបស់ខ្មាន់ធ្នូ បពិត្រព្រះគោតមដ៏ចំរើន ឯយើងទាំងឡាយ ជាអ្នករាប់2) អ្នកចិញ្ចឹមជីវិត ដោយការរាប់ ក៏ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទាជាលំដាប់ ក្នុងការរាប់ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា យើងទាំងឡាយ បាននូវកូនសិស្សទាំងឡាយ រមែងបង្រៀនឲ្យរាប់ជាដំបូងយ៉ាងនេះថា មួយ ចំនួនមួយ ពីរ ចំនួនពីរ បី ចំនួនបី បួន ចំនួនបួន ប្រាំ ចំនួនប្រាំ ប្រាំមួយ ចំនួនប្រាំមួយ ប្រាំពីរ ចំនួនប្រាំពីរ ប្រាំបី ចំនួនប្រាំបី ប្រាំបួន ចំនួនប្រាំបួន ដប់ ចំនួនដប់ បពិត្រព្រះគោតមដ៏ចំរើន យើងទាំងឡាយ បង្រៀនឲ្យរាប់ដល់មួយរយក៏មាន យ៉ាងណាមិញ បពិត្រព្រះគោតមដ៏ចំរើន ចុះព្រះអង្គ អាចដើម្បីបញ្ញត្ត នូវការសិក្សាជាលំដាប់ ការធ្វើជាលំដាប់ បដិបទាជាលំដាប់ ក្នុងធម្មវិន័យនេះបានយ៉ាងនោះដែរឬ។
[៩៤] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតអាចដើម្បីបញ្ញត្ត នូវការសិក្សាជាលំដាប់ ការធ្វើជាលំដាប់ បដិបទាជាលំដាប់ ក្នុងធម្មវិន័យនេះបាន។ ម្នាលព្រាហ្មណ៍ បុរសអ្នកបង្ហាត់សេះ ជាអ្នកឈ្លាសវៃ បាននូវសេះអាជានេយ្យដ៏ល្អ តែងបង្វឹកបង្ហាត់ ដោយខ្សែបង្ហៀរជាដំបូង រួចបង្វឹកបង្ហាត់តទៅជាលំដាប់ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ តថាគត បាននូវបុរស ដែលគួរទូន្មាន រមែងទូន្មានជាដំបូង យ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមក ចូរជាបុគ្គលមានសីល ចូរជាអ្នកសង្រួម ក្នុងបាតិមោក្ខសំវរៈ ជាអ្នកបរិបូណ៌ ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញនូវភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្តួច ចូរសមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ក៏យ៉ាងនោះឯង។
[៩៥] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុជាអ្នកមានសីលសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយរួចហើយ តថាគត ក៏ទូន្មានភិក្ខុនោះតទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរជាអ្នករក្សាទ្វា ក្នុងឥន្ទ្រិយទាំងឡាយ បើបានឃើញរូបដោយចក្ខុ កុំកាន់យកនូវនិមិត្ត កុំកាន់យកនូវអនុព្យញ្ជនៈឡើយ អភិជ្ឈា និងទោមនស្សទាំងឡាយ ដែលជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គលដែលមិនបានសង្រួមនូវឥន្ទ្រិយ គឺចក្ខុនុ៎ះ ព្រោះហេតុតែមិនបានសង្រួមនូវឥន្ទ្រិយ គឺចក្ខុណា អ្នកចូរប្រតិបត្តិ ដើម្បីសង្រួមនូវឥន្ទ្រិយ គឺចក្ខុនោះ ចូររក្សានូវឥន្ទ្រិយ គឺចក្ខុ ចូរដល់នូវសេចក្តីសង្រួមក្នុងឥន្ទ្រិយ គឺចក្ខុ។ បានឮសំឡេងដោយត្រចៀក… បានធុំក្លិនដោយច្រមុះ… បានទទួលរសដោយអណ្តាត… បានពាល់ត្រូវផ្សព្វដោយកាយ… បានដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត កុំកាន់យកនូវនិមិត្ត កុំកាន់យកនូវអនុព្យញ្ជនៈឡើយ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ដែលមិនបានសង្រួម នូវឥន្ទ្រិយ គឺចិត្តនុ៎ះ ព្រោះហេតុតែមិនបានសង្រួមនូវឥន្ទ្រិយ គឺចិត្តណា អ្នកចូរប្រតិបត្តិ ដើម្បីសង្រួមនូវឥន្ទ្រិយ គឺចិត្តនោះ ចូររក្សានូវឥន្ទ្រិយ គឺចិត្ត ចូរដល់នូវសេចក្តីសង្រួមក្នុងឥន្ទ្រិយ គឺចិត្ត។
[៩៦] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុបានរក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយហើយ តថាគត ក៏ទូន្មានភិក្ខុនោះតទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរជាអ្នកដឹងនូវប្រមាណ ក្នុងភោជន អ្នកគប្បីពិចារណាដោយឧបាយ ហើយបរិភោគអាហារ មិនគប្បីបរិភោគ ដើម្បីលេង មិនគប្បីបរិភោគ ដើម្បីសេចក្តីស្រវឹង មិនគប្បីបរិភោគ ដើម្បីប្រដាប់រាងកាយ មិនគប្បីបរិភោគ ដើម្បីស្អិតស្អាងកាយ គប្បីបរិភោគ ដើម្បីតាំងនៅ ដើម្បីរស់នៅនៃកាយនេះជាកំណត់ ដើម្បីបំបាត់នូវសេចក្តីលំបាក ដើម្បីទំនុកបំរុង ដល់ព្រហ្មចារ្យ គប្បីបរិភោគ ដោយគិតថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង ទាំងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តិទៅ នៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស មានការមិនច្រអូសកាយ ច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ នឹងមានដល់អាត្មាអញ។
[៩៧] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជនហើយ តថាគត ក៏ទូន្មានភិក្ខុនោះតទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរប្រកបរឿយៗ នូវសេចក្តីភ្ញាក់រលឹក ចូរធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ទាំងឡាយ3) ដោយការចង្រ្កម ឬការអង្គុយក្នុងវេលាថ្ងៃ ចូរធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ទាំងឡាយ ដោយការចង្ក្រម ឬការអង្គុយក្នុងបឋមយាមនៃរាត្រី គប្បីសម្រេចនូវសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកជើងតម្រួតលើជើង មានសតិសម្បជញ្ញៈ ធ្វើទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា (សំគាល់ថានឹងក្រោកឡើង) ក្នុងមជ្ឈិមយាមនៃរាត្រី លុះដល់បច្ឆិមយាមនៃរាត្រី ចូរក្រោកឡើង ធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ទាំងឡាយ ដោយការចង្ក្រម ឬការអង្គុយ។
[៩៨] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុបានប្រកបរឿយៗ នូវសេចក្តីភ្ញាក់រលឹកហើយ តថាគត ក៏ទូន្មានភិក្ខុនោះ តទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរប្រកបដោយសតិ សម្បជញ្ញៈ គឺធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរឈានទៅមុខ ឈានថយក្រោយ ធ្វើសេចក្តីដឹងខ្លួន ក្នុងការក្រឡេកមើលត្រង់ ក្រឡេកមើលចំហៀង ធ្វើសេចក្តីដឹងខ្លួន ក្នុងការបត់អវយវៈចូល លាអវយវៈចេញ ធ្វើសេចក្តីដឹងខ្លួន ក្នុងការប្រើប្រាស់សង្ឃាដិ បាត្រ ចីវរ ធ្វើសេចក្តីដឹងខ្លួន ក្នុងការស៊ី ផឹក ទំពា ក្រេប ជញ្ជក់ ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈ បស្សាវៈ ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ រលឹក និយាយ ស្ងៀម។
[៩៩] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុបានប្រកបដោយសតិ សម្បជញ្ញៈហើយ តថាគត ក៏ទូន្មានភិក្ខុនោះ តទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរប្រើប្រាស់នូវសេនាសនៈស្ងាត់ គឺព្រៃ4) ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃខ្មោច ព្រៃឆ្ងាយ5) ទីវាលស្រឡះ ទីគំនរចំបើង។ ភិក្ខុនោះ ក៏ប្រើប្រាស់នូវសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃខ្មោច ព្រៃឆ្ងាយ ទីវាលស្រឡះ ទីគំនរចំបើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយផ្គត់ភ្នែន តម្កល់កាយឲ្យត្រង់ ហើយផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ ក៏លះបង់នូវអភិជ្ឈា (កាមច្ឆន្ទៈ) ក្នុងលោក គឺកាយ មានចិត្តប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យស្អាត ចាកអភិជ្ឈា លះបង់នូវសេចក្តីប្រទូស្ត គឺព្យាបាទ មានចិត្តមិនព្យាបាទ មានការផ្ចុងផ្តើម និងសេចក្តីអនុគ្រោះ ដល់សត្វមានជីវិតទាំងពួង ធ្វើចិត្តឲ្យស្អាត ចាកសេចក្តីប្រទូស្ត គឺព្យាបាទ លះបង់នូវថីនមិទ្ធៈ គឺសេចក្តីខ្ជិលច្រអូស មានចិត្តប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិសម្បជញ្ញៈ ធ្វើចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ និងសេចក្តីរំខានចិត្ត មានចិត្តមិនបានរាយមាយ មានចិត្តខាងក្នុងស្ងប់រម្ងាប់ហើយ ធ្វើចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់នូវវិចិកិច្ឆា គឺសេចក្តីសង្ស័យ ឆ្លងផុតសេចក្តីសង្ស័យហើយ ឥតមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ធ្វើចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។
[១០០] ភិក្ខុនោះ ក៏លះបង់នូវនីវរណៈ ទាំង៥នេះ ដែលជាគ្រឿងសៅហ្មងនៃចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកំឡាំងថយ ហើយក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវទុតិយជ្ឈាន ព្រោះមានចិត្តនឿយណាយ ចាកបីតិ។បេ។ បានដល់នូវតតិយជ្ឈាន ព្រោះលះបង់នូវសុខៈ។បេ។ បានដល់នូវចតុត្ថជ្ឈាន។ ម្នាលព្រាហ្មណ៍ ភិក្ខុទាំងឡាយណា ជាសេក្ខបុគ្គល មានអរហត្តផលចិត្ត មិនទាន់បានសម្រេចនៅឡើយ កំពុងប្រាថ្នា នូវព្រះនិព្វានជាទីក្សេមចាកយោគៈ រកគុណជាតដទៃក្រៃលែងជាងគ្មាន តថាគត ក៏តែងប្រើវាចានេះ ដែលជាពាក្យប្រៀនប្រដៅ មានទំនងបែបនេះ ចំពោះភិក្ខុទាំងនោះ។ តែបើភិក្ខុទាំងឡាយណា ជាអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយៈ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនបានសម្រេចហើយ មានភវសញ្ញោជនៈ គឺតណ្ហាអស់រលីងហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ភិក្ខុទាំងនោះ ឈ្មោះថា មានធម៌ទាំងឡាយនេះ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង (តថាគត ពុំបានប្រៀនប្រដៅភិក្ខុទាំងនោះទេ)។
[១០១] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ចុះពួកសាវ័ក របស់ព្រះគោតមដ៏ចំរើន ដែលព្រះគោតមដ៏ចំរើនទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ សុទ្ធតែបានព្រះនិព្វាន ដែលជាគុណជាតចប់កិច្ចដោយពិត ទាំងអស់គ្នាឬ ឬថាពួកខ្លះមិនបានដែរ។ ម្នាលព្រាហ្មណ៍ ពួកសាវ័ក របស់តថាគត ដែលតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះក៏បានព្រះនិព្វាន ដែលជាគុណជាតចប់កិច្ចដោយពិត ពួកខ្លះ ក៏មិនបានដែរ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាព្រះនិព្វានក៏មាន ផ្លូវជាទីទៅកាន់ព្រះនិព្វានក៏មាន ព្រះគោតមដ៏ចំរើន ជាអ្នកកៀរគរ ប្រមូលសត្វក៏មាន ប៉ុន្តែពួកសាវ័ក របស់ព្រះគោតមដ៏ចំរើន ដែលព្រះគោតមដ៏ចំរើន ទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះ ក៏បានព្រះនិព្វាន ដែលជាគុណជាតចប់កិច្ចដោយពិត ពួកខ្លះក៏មិនបាន។
[១០២] ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគតនឹងសួរតបចំពោះអ្នកវិញ ក្នុងប្រស្នានុ៎ះ បើអ្នកពេញចិត្តយ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះ យ៉ាងនោះចុះ ម្នាលព្រាហ្មណ៍ អ្នកសំគាល់នូវដំណើរនោះ ដូចម្តេច ខ្លួនអ្នកជាបុគ្គលឈ្លាស ក្នុងផ្លូវទៅកាន់ក្រុងរាជគហៈដែរឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ ជាអ្នកឈ្លាស ក្នុងផ្លូវទៅកាន់ក្រុងរាជគហៈដែរ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ដំណើរនោះ ដូចម្តេច បុរសប្រាថ្នានឹងទៅកាន់ក្រុងរាជគហៈ គប្បីមកក្នុងទីនេះ បុរសនោះ ចូលមករកអ្នក ហើយសួរយ៉ាងនេះថា នែអ្នកដ៏ចម្រើន ខ្ញុំបាទចង់ទៅក្រុងរាជគហៈ អ្នកចូរបង្ហាញផ្លូវ របស់ក្រុងរាជគហៈ ដល់ខ្ញុំបាទ។ អ្នកគប្បីប្រាប់បុរសនោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមក នេះផ្លូវទៅក្រុងរាជគហៈ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញស្រុកឯណោះ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញនិគមឯណោះទៀត អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញសួនច្បារជាទីសប្បាយ ព្រៃឈើជាទីសប្បាយ ភូមិជាទីសប្បាយ ស្រះបោក្ខរណី ជាទីសប្បាយ របស់ក្រុងរាជគហៈមិនខាន។ បុរសនោះ កាលដែលអ្នកទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ក៏កាន់យកផ្លូវខុស ហើយដើរឆ្ពោះទៅខាងក្រោយវិញ។ លំដាប់នោះ បុរសជាគំរប់ពីរ ប្រាថ្នានឹងទៅកាន់ក្រុងរាជគហៈ គប្បីមកទៀត។ បុរសនោះ ចូលមករកអ្នក ហើយសួរយ៉ាងនេះថា នែអ្នកដ៏ចម្រើន ខ្ញុំបាទចង់ទៅក្រុងរាជគហៈ អ្នកចូរបង្ហាញផ្លូវ នៃក្រុងរាជគហៈ ដល់ខ្ញុំបាទផង។ អ្នកគប្បីប្រាប់បុរសនោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមក នេះផ្លូវទៅកាន់ក្រុងរាជគហៈ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញស្រុកឯណោះ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញនិគមឯណោះទៀត អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញនូវសួនច្បារជាទីសប្បាយ ព្រៃឈើជាទីសប្បាយ ភូមិជាទីសប្បាយ ស្រះបោក្ខរណី ជាទីសប្បាយ របស់ក្រុងរាជគហៈមិនខាន។ បុរសនោះ កាលបើអ្នកទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ក៏ដើរទៅកាន់ក្រុងរាជគហៈ ដោយសួស្តី។ ម្នាលព្រាហ្មណ៍ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្រុងរាជគហៈ ក៏មាន ផ្លូវសម្រាប់ទៅក្រុងរាជគហៈក៏មាន អ្នកជាអ្នកបង្ហាញផ្លូវក៏មាន ប៉ុន្តែកាលដែលអ្នកទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ បុរសម្នាក់បែរជាកាន់យកផ្លូវខុស ដើរឆ្ពោះមុខទៅខាងក្រោយវិញ ឯបុរសម្នាក់ទៀត បានដើរទៅដល់ក្រុងរាជគហៈ ដោយសួស្តី។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនុ៎ះ ខ្ញុំព្រះអង្គ នឹងធ្វើដូចម្តេចកើត បពិត្រព្រះគោតមដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ គ្រាន់តែជាអ្នកប្រាប់ផ្លូវប៉ុណ្ណោះទេ។
[១០៣] ម្នាលព្រាហ្មណ៍ សេចក្តីនេះ មានឧបមេយ្យដូចព្រះនិព្វានក៏មាន ផ្លូវសម្រាប់ទៅកាន់ព្រះនិព្វានក៏មាន តថាគតជាអ្នកកៀរគរ ប្រមូលសត្វក៏មាន ប៉ុន្តែពួកសាវ័ករបស់តថាគត កាលបើតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះ ក៏បាននូវព្រះនិព្វាន ដែលជាធម្មជាតចប់កិច្ចដោយពិត ពួកខ្លះ ក៏មិនបាន ម្នាលព្រាហ្មណ៍ ក្នុងរឿងនុ៎ះ តថាគតនឹងធ្វើដូចម្តេចកើត ម្នាលព្រាហ្មណ៍ ព្រោះថា តថាគត គ្រាន់តែជាអ្នកប្រាប់ផ្លូវប៉ុណ្ណោះ។
[១០៤] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ត្រូវការតែចិញ្ចឹមជីវិត ចេញចាកផ្ទះទៅ ចូលកាន់ផ្នួស ជាអ្នកលេង6) ជាអ្នកបិទបាំងទោសខ្លួន ជាអ្នកបញ្ឆោត ជាអ្នកមានចិត្តរាយមាយ មានមានះដុះឡើង មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មិនបានរក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវសេចក្តីភ្ញាក់រលឹក មិនរមិលមើល7) ក្នុងសមណធម៌ (ផ្នួស) មិនមានការគោរពដ៏ក្លៀវក្លា ក្នុងសិក្ខា ជាអ្នកល្មោភច្រើន ជាអ្នកប្រព្រឹត្តធូរ ជាប្រធានក្នុងការបន្ធូរបន្ថយព្យាយាម ដាក់ធុរៈចោលក្នុងទីស្ងាត់ ជាអ្នកខ្ជិលច្រអូស មានព្យាយាម ក្នុងអំពើថោកទាប ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនបានតម្កល់មាំ មានចិត្តវិលខុស ឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ព្រះគោតមដ៏ចំរើន មិនបាននៅរួមជាមួយនឹងបុគ្គលទាំងនោះទេ។ ឯកុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយសទ្ធា មិនជាអ្នកលេង មិនបានបិទបាំងទោសខ្លួន មិនជាអ្នកបញ្ឆោត មានចិត្តមិនបានរាយមាយ មិនមានមានះដុះឡើង មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានវាចារោយរាយ ជាអ្នករក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកដឹងប្រមាណ ក្នុងភោជន ប្រកបរឿយៗ នូវសេចក្តីភ្ញាក់រលឹក ជាអ្នករមិលមើលក្នុងសមណធម៌ មានសេចក្តីគោរពដ៏ក្លៀវក្លា ក្នុងសិក្ខា មិនជាអ្នកល្មោភច្រើន មិនបានប្រព្រឹត្តធូរ ដាក់ធុរៈក្នុងការបន្ធូរបន្ថយព្យាយាមចោល ជាប្រធានក្នុងទីស្ងាត់ មានព្យាយាមតឹងតែង មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានសតិតម្កល់ខ្ជាប់ ដឹងខ្លួន មានចិត្តតម្កល់មាំ មានចិត្តប្រកបដោយអារម្មណ៍តែមួយ មានបញ្ញា មិនល្ងង់ខ្លៅ ព្រះគោតមដ៏ចំរើន រមែងនៅរួមជាមួយនឹងកុលបុត្រទាំងនោះ។ បពិត្រព្រះគោតមដ៏ចំរើន ដូចជាក្លិននៃឫស ឬមើម ណានីមួយ ឫសស្គារ ប្រាកដជាប្រសើរជាងក្លិននៃឫស ឬមើម ទាំងអម្បាលនោះ ក្លិននៃខ្លឹមណានីមួយ ខ្លឹមចន្ទន៍ក្រហម ប្រាកដជាប្រសើរជាងក្លិននៃខ្លឹមទាំងអម្បាលនោះ ក្លិនផ្កាណាមួយ ផ្កាម្លិះលា ប្រាកដជាប្រសើរជាងក្លិននៃផ្កាទាំងអម្បាលនោះ យ៉ាងណាមិញ ឱវាទរបស់ព្រះគោតមដ៏ចំរើន ក្នុងធម៌ជាគ្រឿងដុសខាត់ចិត្ត នៃសត្វដទៃ (ឲ្យស្អាត) ក៏យ៉ាងនោះឯង បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើងនូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលគេបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក រមែងមើលឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើន ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ។
ចប់ គណកមោគ្គល្លានសូត្រ ទី៧។