តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » ទេវទហវគ្គ »
ភិក្ខុរូបណា អំណើះអំពីព្រះពុទ្ធទៅ នឹងបានជាទីពឹងនៃអ្នកទាំងឡាយ? អ្វីជាទីពឹងនៃអ្នកទាំងឡាយ បន្ទាប់ពីព្រះពុទ្ធបរិនិព្វានទៅ?
mn 108 បាលី cs-km: sut.mn.108 អដ្ឋកថា: sut.mn.108_att PTS: ?
(ទី៨) គោបកមោគ្គល្លានសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
sut.mn.108.aac
(៨. គោបកមោគ្គល្លានសុត្តំ)
[១០៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានទៅ មិនទាន់បានយូរប៉ុន្មាន ព្រះអានន្ទមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគហៈ។ សម័យនោះឯង ព្រះរាជាទ្រង់ព្រះនាមអជាតសត្តុ វេទេហីបុត្រ ជាធំក្នុងដែនមគធៈ ទ្រង់រង្កៀសនឹងព្រះរាជាទ្រង់ព្រះនាមបជ្ជោត ក៏ទ្រង់ត្រាស់ឲ្យរៀបចំក្រុងរាជគហៈ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ស្លៀកស្បង់ប្រដាប់ដោយបាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅក្រុងរាជគហៈ ដើម្បីបិណ្ឌបាត។ គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគហៈ នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅត្រង់ទីធ្វើការងារ របស់គោបកមោគ្គល្លានព្រាហ្មណ៍ និងទីដែលគោបកមោគ្គល្លានព្រាហ្មណ៍នៅសិន។ ព្រះអានន្ទមានអាយុ ក៏ចូលទៅត្រង់ទីធ្វើការងារ របស់គោបកមោគ្គល្លានព្រាហ្មណ៍ និងទីដែលគោបកមោគ្គល្លានព្រាហ្មណ៍នៅ។ ឯគោបកមោគ្គល្លានព្រាហ្មណ៍ បានឃើញព្រះអានន្ទមានអាយុ មកអំពីចម្ងាយ លុះបានឃើញហើយ ក៏ពោលទៅនឹងព្រះអានន្ទមានអាយុ ដូច្នេះថា សូមព្រះអានន្ទដ៏ចម្រើន និមន្តមក ព្រះអានន្ទដ៏ចំរើន និមន្តមកជាការល្អ ព្រោះព្រះអានន្ទដ៏ចម្រើន ខានធ្វើបរិយាយ ដើម្បីនិមន្តមកក្នុងទីនេះ អស់កាលយូរហើយ សូមព្រះអានន្ទដ៏ចម្រើនគង់ចុះ នេះអាសនៈ ដែលខ្ញុំក្រាលទុក។ ព្រះអានន្ទមានអាយុ ក៏គង់លើអាសនៈ ដែលព្រាហ្មណ៍ក្រាលទុក។ ឯគោបកមោគ្គល្លានព្រាហ្មណ៍ ក៏កាន់យកនូវអាសនៈ ដ៏ទាបមួយ ហើយអង្គុយនៅ។
[១០៦] លុះគោបកមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចម្រើន អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌1) ទាំងឡាយណា ភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មានដែរឬទេ។ ព្រះអានន្ទឆ្លើយថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ទាំងឡាយណា សូម្បីភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មិនមានទេ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ជាអ្នកបង្កើតផ្លូវ ដែលមិនទាន់កើតឡើង ជាអ្នករៀបចំផ្លូវ ដែលគេមិនទាន់រៀបចំ ជាអ្នកប្រាប់ផ្លូវ ដែលគេមិនដែលប្រាប់ ជាអ្នកស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមជាខាងក្រោយ។ នេះឯងពាក្យជាចន្លោះ ដែលព្រះអានន្ទមានអាយុ ធ្វើមិនទាន់ស្រេច ជាមួយនឹងគោបកមោគ្គល្លានព្រាហ្មណ៍នៅឡើយ។
[១០៧] លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ កាលដែលត្រួតត្រាការងារក្នុងរាជគហៈ ក៏ដើរចូលទៅត្រង់ទីធ្វើការងារ របស់គោបកមោគ្គល្លានព្រាហ្មណ៍ និងទីដែលព្រះអានន្ទមានអាយុគង់នៅ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទ ដ៏ចំរើន ក្នុងកាលអម្បាញ់មិញនេះ លោកម្ចាស់ប្រជុំគ្នាពោលអំពីរឿងអ្វីហ្ន៎ មួយទៀត ពាក្យជាចន្លោះដូចម្តេច ដែលលោកម្ចាស់ធ្វើមិនទាន់ស្រេច។ ព្រះអានន្ទឆ្លើយថា ម្នាលព្រាហ្មណ៍ គោបកមោគ្គល្លានព្រាហ្មណ៍ បានសួរអាត្មាក្នុងទីនេះ យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចម្រើន អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ទាំងឡាយណា ភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មានដែរឬទេ ម្នាលព្រាហ្មណ៍ កាលបើគោបកមោគ្គល្លានព្រាហ្មណ៍ សួរយ៉ាងនេះហើយ អាត្មាក៏បានប្រាប់ទៅគោបកមោគ្គល្លានព្រាហ្មណ៍វិញ ដូច្នេះថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ទាំងឡាយណា សូម្បីភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មិនមានទេ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ជាអ្នកបង្កើតផ្លូវ ដែលមិនទាន់កើតឡើង ជាអ្នករៀបចំផ្លូវដែលមិនទាន់រៀបចំ ជាអ្នកប្រាប់ផ្លូវ ដែលគេមិនបានប្រាប់ ជាអ្នកស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមជាខាងក្រោយប៉ុណ្ណោះ ម្នាលព្រាហ្មណ៍ ពាក្យជាចន្លោះនេះឯង ដែលយើងធ្វើមិនទាន់សម្រេច ជាមួយនឹងគោបកមោគ្គល្លានព្រាហ្មណ៍នៅឡើយ។ ក៏ស្រាប់តែអ្នកមកដល់។
[១០៨] បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះគោតមដ៏ចំរើនអង្គនោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ។ ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មិនមានទេ។
[១០៩] បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹង នៃយើងទាំងឡាយ ដូច្នេះ មានដែរឬទេ។ ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹង នៃយើងទាំងឡាយ ដូច្នេះ មិនមានទេ។ បពិត្រព្រះអានន្ទដ៏ចំរើន កាលបើមិនមានទីពឹងយ៉ាងនេះហើយ ចុះធម៌ដូចម្តេច ដែលជាហេតុនាំឲ្យកើតធម៌សាមគ្គីបាន។ ម្នាលព្រាហ្មណ៍ យើងទាំងឡាយ មិនមែនជាឥតទីពឹងទេ ម្នាលព្រាហ្មណ៍ យើងទាំងឡាយ ប្រកបដោយទីពឹង គឺមានធម៌ជាទីពឹង។
[១១០] កាលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះគោតម ដ៏ចម្រើននោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មិនមានទេ។ កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទ ដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹងនៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹង នៃយើងទាំងឡាយ ដូច្នេះ មិនមានទេ។ កាលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន កាលបើមិនមានទីពឹងយ៉ាងនេះហើយ ចុះធម៌ដូចម្តេច ដែលជាហេតុនាំឲ្យកើតធម៌សាមគ្គីបាន លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ យើងទាំងឡាយ មិនមែនជាឥតទីពឹងទេ ម្នាលព្រាហ្មណ៍ យើងទាំងឡាយ ប្រកបដោយទីពឹង គឺមានធម៌ជាទីពឹង។ បពិត្រព្រះអានន្ទដ៏ចំរើន សេចក្តីនៃភាសិតនេះ ត្រូវយល់ដូចម្តេច។
[១១១] ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានបញ្ញត្តសិក្ខាបទទុកហើយ បានសំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយរួចហើយ យើងទាំងឡាយនោះ មានប៉ុន្មានរូប ក៏ចូលទៅអាស្រ័យនៅនឹងគាមក្ខេត្តមួយ ប្រជុំគ្នាទាំងអស់ ក្នុងកន្លែងមួយ នាថ្ងៃឧបោសថ លុះប្រជុំគ្នាហើយ ភិក្ខុណា ចាំស្ទាត់នូវបាតិមោក្ខនោះ ក៏នាំគ្នាអារាធនាភិក្ខុនោះ (ឲ្យសូត្រ) កាលបើបាតិមោក្ខនោះ ភិក្ខុកំពុងសូត្រ ភិក្ខុណា ត្រូវអាបត្តិ ឬប្រព្រឹត្តកន្លង (បញ្ញត្តិ) យើងទាំងឡាយ តែងញុំាងភិក្ខុនោះ ឲ្យធ្វើតាមធម៌ តាមពាក្យប្រៀនប្រដៅ ព្រោះហេតុនោះតាមពិត លោកដ៏ចម្រើនទាំងឡាយ មិនបានញុំាងភិក្ខុនោះឲ្យធ្វើទេ គឺធម៌ (ច្បាប់) ញុំាងភិក្ខុនោះឲ្យធ្វើ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះភិក្ខុសូម្បីមួយរូប ដែលលោកម្ចាស់ទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែងនៅអាស្រ័យផង តើមានដែរឬទេ។ ម្នាលព្រាហ្មណ៍ ភិក្ខុសូម្បីមួយរូប ដែលយើងទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែងនៅអាស្រ័យផង មានដែរ។
[១១២] កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះគោតមដ៏ចម្រើន អង្គនោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មិនមានទេ។ កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទ ដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹង នៃយើងទាំងឡាយ ដូច្នេះ មិនមានទេ។ កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទ ដ៏ចំរើន ចុះភិក្ខុសូម្បីមួយរូប ដែលលោកម្ចាស់ទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែងនៅអាស្រ័យផង តើមានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ភិក្ខុសូម្បីមួយរូប ដែលយើងទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែងនៅអាស្រ័យផង មានដែរ។ បពិត្រព្រះអានន្ទដ៏ចម្រើន សេចក្តីនៃភាសិតនេះ ត្រូវយល់ដូចម្តេច។
[១១៣] ម្នាលព្រាហ្មណ៍ បសាទនីយធម៌ (ធម៌ជាទីតាំងនៃសេចក្តីជ្រះថ្លា)១០យ៉ាង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ រមែងមាន បសាទនីយធម៌ទាំងនោះឯង មាននៅក្នុងភិក្ខុណា ក្នុងកាលឥឡូវនេះ យើងទាំងឡាយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ ក៏តែងនៅអាស្រ័យនឹងភិក្ខុនោះ ឯបសាទនីយធម៌ ទាំង១០យ៉ាងនោះ តើដូចម្តេច ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញនូវភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច តែងសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១។ ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ សន្សំទុកនូវពុទ្ធវចនៈ ធម៌ទាំងឡាយណា ដែលមានលំអខាងដើម មានលំអកណ្តាល មានលំអខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ រមែងប្រកាសនូវព្រហ្មចរិយៈ ដ៏បរិសុទ្ធ បរិបូណ៌គ្រប់គ្រាន់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ បានចេះចាំ ដោយច្រើន បានទ្រង់ទុក ចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ជ្រាលជ្រៅ ដោយទិដ្ឋិ គឺបញ្ញា១។ ភិក្ខុជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខា១។ ភិក្ខុជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសកាលវេលា នូវឈានទាំង៤ ដែលជាធម្មជាតអាស្រ័យនូវចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន១។ ភិក្ខុបាននូវឫទ្ធិ ជាច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរ (ចេញពីខាងក្នុង) ទៅកាន់ទីវាល ទីខាងក្រៅក៏បាន ដើរទម្លុះទៅខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅភ្នំក៏បាន ឥតទើសទាល់ ដូចជាដើរទៅក្នុងអាកាស ធ្វើនូវការងើបឡើង និងមុជចុះក្នុងផែនដី ដូចមុជក្នុងទឹកក៏បាន ដើរទៅលើទឹក ក៏មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន ហោះទៅក្នុងអាកាសទាំងភ្នែន ដូចជាបក្សីសកុណជាតិក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន១។ ភិក្ខុមានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងនូវសោតធាតុ ជារបស់មនុស្សធម្មតា តែងឮនូវសំឡេងទាំងពីរ គឺសំឡេងជាទិព្វ និងសំឡេងជារបស់មនុស្សធម្មតា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី១។ ភិក្ខុកំណត់ដឹងចិត្ត នៃពួកសត្វដទៃ នៃបុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន។ ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ។ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ។ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ចិត្តដែលរួញរាក្តី ក៏ដឹងច្បាស់ថា ចិត្តរួញរា ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ។ ចិត្តដែលជាមហគ្គតៈ (ចិត្តដល់នូវភាពជាធំ បានដល់រូបាវចរៈ និងអរូបាវចរៈ)ក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈ គឺកាមាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ។ ចិត្តដែលជាសឧត្តរៈ គឺជាកាមាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺជារូបាវចរៈ និងអរូបាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ។ ចិត្តដែលតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តដែលមិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងមាំ។ ចិត្តដែលរួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ១។ ភិក្ខុរលឹកឃើញនូវបុព្វេនិវាស គឺរលឹកឃើញនូវខន្ធដែលខ្លួនធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុន ជាច្រើនប្រការ គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ សំវដ្តកប្បជាច្រើនខ្លះ វិវដ្តកប្បជាច្រើនខ្លះ សំវដ្តវិវដ្តកប្បជាច្រើនខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះទៅហើយ បានទៅកើតក្នុងភពឯណោះទៀត ដែលអាត្មាអញ បានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ ភិក្ខុរលឹកឃើញនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ១។ ភិក្ខុមានចក្ខុទិព្យ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ តែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន១។ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំងបួន១។ ម្នាលព្រាហ្មណ៍ នេះឯង បសាទនីយធម៌ ១០ប្រការ ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ បសាទនីយធម៌ទាំងនេះ មាននៅក្នុងភិក្ខុណា ក្នុងកាលឥឡូវនេះ យើងទាំងឡាយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈគោរពហើយ ក៏នៅអាស្រ័យនឹងភិក្ខុនោះ។
[១១៤] កាលព្រះអានន្ទមានអាយុ ពោលយ៉ាងនេះហើយ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ក៏ប្រឹក្សានឹងឧបនន្ទសេនាបតីថា ម្នាលសេនាបតី អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច បើលោកដ៏ចម្រើនទាំងនេះ ធ្វើសក្ការៈនូវបុគ្គល ដែលគួរធ្វើសក្ការៈ ធ្វើការគោរពនូវបុគ្គលដែលគួរគោរព រាប់អាន នូវបុគ្គលដែលគួររាប់អាន បូជានូវបុគ្គលដែលគួរបូជា យ៉ាងនេះ ឱត្រូវណាស់ហើយ ដែលលោកដ៏ចម្រើនទាំងនេះ ធ្វើសក្ការៈ នូវបុគ្គលដែលគួរធ្វើសក្ការៈ ធ្វើការគោរព នូវបុគ្គលដែលគួរគោរព រាប់អាន នូវបុគ្គលដែលគួររាប់អាន បូជានូវបុគ្គលដែលគួរបូជា ព្រោះថា បើលោកដ៏ចម្រើនទាំងនោះ មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា នូវបុគ្គលបែបនេះទេ តើឲ្យលោកដ៏ចម្រើនទាំងនោះ ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យនឹងបុគ្គលបែបណាវិញ។
[១១៥] គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ ក៏សួរព្រះអានន្ទមានអាយុ ដូច្នេះថា ចុះព្រះអានន្ទ នៅក្នុងទីណា ឥឡូវនេះ។ ព្រះអានន្ទឆ្លើយថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ អាត្មានៅក្នុងវត្តវេឡុវ័ន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះវត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្តីគឹកកងតិចផង មានខ្យល់រំភើយៗ2) ជាទីគួរធ្វើការសម្ងាត់របស់មនុស្ស ជាទីសមគួរនឹងពួនសម្ងំដែរឬ។ អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្តីគឹកកងតិចផង មានខ្យល់រំភើយៗ ជាទីគួរធ្វើការសម្ងាត់របស់មនុស្ស ជាទីសមគួរ ដល់ការពួនសម្ងំ ថែមទាំងមានបុគ្គលទាំងឡាយ ប្រហែលនឹងអ្នក ជាអ្នករក្សា គ្រប់គ្រងដោយពិត។
[១១៦] អើព្រះអានន្ទដ៏ចំរើន វត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្តីគឹកកងតិចផង មានខ្យល់រំភើយៗ ជាទីគួរធ្វើការសម្ងាត់របស់មនុស្ស ជាទីសមគួរ ដល់ការពួនសម្ងំ ថែមទាំងមានលោកដ៏ចម្រើនទាំងឡាយ ជាអ្នកប្រកបដោយឈាន មានឈានជាប្រក្រតី ដោយពិត ព្រោះលោកដ៏ចម្រើនទាំងឡាយ ជាអ្នកប្រកបដោយឈានផង មានឈានជាប្រក្រតីផង បពិត្រព្រះអានន្ទដ៏ចំរើន សម័យមួយ ខ្ញុំមកក្នុងទីនេះ ព្រះគោតម ដ៏ចំរើនអង្គនោះ គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី បពិត្រព្រះអានន្ទដ៏ចំរើន គ្រានោះឯង ខ្ញុំបានចូលទៅរកព្រះគោតម ដ៏ចំរើននោះ ក្នុងកូដាគារសាលា នាមហាវ័ន ព្រះគោតមដ៏ចំរើន អង្គនោះ ទ្រង់ពោលនូវឈានកថា ជាអនេកបរិយាយ ក្នុងកូដាគារសាលានោះ ព្រោះព្រះគោតមដ៏ចំរើន អង្គនោះ ជាអ្នកប្រកបដោយឈានផង មានឈានជាប្រក្រតីផង មិនតែប៉ុណ្ណោះ ព្រះគោតមដ៏ចំរើន អង្គនោះ ទ្រង់សរសើរ នូវឈានទាំងអស់ផង។
[១១៧] ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគអង្គនោះ មិនទ្រង់សរសើរនូវឈានទាំងអស់ទេ ព្រះមានព្រះភាគ អង្គនោះ មិនមែនជាមិនទ្រង់សរសើរ នូវឈានទាំងអស់ឡើយ ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ មិនមែនជាមិនទ្រង់សរសើរ នូវឈានមានសភាពដូចម្តេចទេ។ ម្នាលព្រាហ្មណ៍ ក្នុងលោកនេះ បុគ្គពួកខ្លះ មានចិត្តត្រូវកាមរាគរួបរឹតហើយ ត្រូវកាមរាគគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿងរលាស់ចោល នូវកាមរាគ ដែលកើតឡើង បុគ្គលនោះ ធ្វើនូវកាមរាគ ឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង។ មានចិត្តត្រូវព្យាបាទរួបរឹតហើយ ត្រូវព្យាបាទគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿងរលាស់ចោល នូវព្យាបាទ ដែលកើតឡើង បុគ្គលនោះ ធ្វើនូវព្យាបាទឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង។ មានចិត្តត្រូវថីនមិទ្ធៈរួបរឹតហើយ ត្រូវថីនមិទ្ធៈគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿងរលាស់ចោល នូវថីនមិទ្ធៈ ដែលកើតឡើង បុគ្គលនោះ ធ្វើនូវថីនមិទ្ធៈឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង។ មានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈរួបរឹតហើយ ត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿងរលាស់ចោល នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើង បុគ្គលនោះ ធ្វើនូវឧទ្ធច្ចកុក្កុច្ចៈឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ ជ្រប់ សញ្ជប់សញ្ជឹង។ មានចិត្តត្រូវវិចិកិច្ឆារួបរឹតហើយ ត្រូវវិចិកិច្ឆាគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿងរលាស់ចោល នូវវិចិកិច្ឆាដែលកើតឡើង បុគ្គលនោះ ធ្វើនូវវិចិកិច្ឆាឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង។ ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ មិនទ្រង់សរសើរនូវឈាន មានសភាពដូច្នេះទេ។ ម្នាលព្រាហ្មណ៍ ចុះព្រះមានព្រះភាគអង្គនោះ ទ្រង់សរសើរនូវឈានមានសភាពដូចម្តេចវិញ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈកើតអំពីសេចក្តីស្ងាត់ហើយ សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ (បានដល់) នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ បានដល់នូវតតិយជ្ឈាន… បានដល់នូវចតុត្ថជ្ឈាន ហើយសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ទ្រង់សរសើរនូវឈាន មានសភាពដូច្នេះឯង។
[១១៨] បពិត្រព្រះអានន្ទដ៏ចំរើន បានឮថា ព្រះគោតមដ៏ចំរើនអង្គនោះ ទ្រង់តិះដៀលនូវឈាន ដែលគួរតិះដៀល ទ្រង់សរសើរនូវឈាន ដែលគួរសរសើរ បពិត្រព្រះអានន្ទដ៏ចំរើន ណ្ហើយចុះ យើងខ្ញុំនឹងសូមលាទៅ ក្នុងកាលឥឡូវនេះ ព្រោះយើងខ្ញុំបានកិច្ចច្រើន មានការងារច្រើន។ ម្នាលព្រាហ្មណ៍ អ្នកចូរសំគាល់ នូវកាលដែលគួរនឹងអញ្ជើញទៅ ឥឡូវនេះចុះ។ គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះអានន្ទមានអាយុ ហើយក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។
[១១៩] លំដាប់នោះ គោបកមោគ្គល្លានព្រាហ្មណ៍ កាលដែលវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏ពោលទៅព្រះអានន្ទមានអាយុ ដូច្នេះថា យើងបានសួរព្រះអានន្ទដ៏ចំរើន ចំពោះរឿងណា ព្រះអានន្ទដ៏ចម្រើន មិនទាន់ដោះស្រាយរឿងនោះឡើយ។ ព្រះអានន្ទតបថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ប្រកបហើយដោយធម៌ទាំងឡាយណា ភិក្ខុសូម្បីមួយរូប ដែលប្រកបហើយ ដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មិនមានទេ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ជាអ្នកបង្កើតផ្លូវ ដែលមិនទាន់កើតឡើង ជាអ្នករៀបចំផ្លូវ ដែលមិនទាន់រៀបចំ ជាអ្នកប្រាប់ផ្លូវ ដែលគេមិនដែលប្រាប់ ជាអ្នកស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ពួកសាវ័ក ក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមក្រោយប៉ុណ្ណោះទេតើ។
ចប់ គោបកមោគ្គល្លានសូត្រ ទី៨។