តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » ទេវទហវគ្គ »
តើគេអាចសម្គាល់ សប្បុរស និងអសប្បុរស បានយ៉ាងដូម្ដេច?
mn 110 បាលី cs-km: sut.mn.110 អដ្ឋកថា: sut.mn.110_att PTS: ?
(ទី១០) ចូឡបុណ្ណមសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(១០. ចូឡបុណ្ណមសុត្តំ)
[១៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ ក្នុងវេលារាត្រី ដែលមានព្រះចន្ទពេញវង់ ជាថ្ងៃឧបោសថទី១៥។
[១៣១] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ទតចំពោះទៅភិក្ខុសង្ឃដែលនៅស្ងៀម ក៏មានព្រះបន្ទូលសួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អសប្បុរស អាចស្គាល់នូវអសប្បុរសថា អ្នកនេះជាអសប្បុរសដែរឬហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស មិនស្គាល់ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ មិនមែនជាហេតុ មិនមែនជាឱកាសទេ ត្រង់ដែលអសប្បុរស អាចស្គាល់នូវអសប្បុរសថា អ្នកនេះ ជាអសប្បុរស ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស អាចស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរសដែរឬ។ សូមទ្រង់ព្រះមេត្តាប្រោស មិនអាចស្គាល់ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ មិនមែនជាហេតុ មិនមែនជាឱកាសដែរ ត្រង់ដែលអសប្បុរស អាចស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរស។
[១៣២] ម្នាលភិក្ខុទាំងឡាយ អសប្បុរស ជាអ្នកប្រកបដោយអសទ្ធម្ម (ធម៌ដ៏លាមក) មានការសេពគប់ជាអសប្បុរស មានគំនិតជាអសប្បុរស មានសេចក្តីប្រឹក្សាជាអសប្បុរស មានវាចាជាអសប្បុរស មានការងារជាអសប្បុរស មានទិដ្ឋិជាអសប្បុរស តែងឲ្យទានជាអសប្បុរស។
[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ប្រកបដោយអសទ្ធម្ម ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរសក្នុងលោកនេះ មិនមានសទ្ធា មិនមានសេចក្តីខ្មាសបាប មិនមានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងតិច ខ្ជិលច្រអូស ភ្លេចស្មារតី ឥតបញ្ញា ម្នាលភិក្ខុទាំងឡាយ អសប្បុរស ប្រកបដោយអសទ្ធម្ម យ៉ាងនេះឯង។
[១៣៤] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានការសេពគប់ជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ណា ក្នុងលោកនេះ ដែលមិនមានសទ្ធា មិនខ្មាសបាប មិនខ្លាចបាប ចេះដឹងតិច ខ្ជិលច្រអូស ភ្លេចស្មារតី ឥតបញ្ញា សមណព្រាហ្មណ៍ទាំងនោះ រមែងបានជាមិត្ត ជាសំឡាញ់ របស់អសប្បុរសនោះ ម្នាលភិក្ខុទាំងឡាយ អសប្បុរស សេពគប់នូវអសប្បុរស យ៉ាងនេះឯង។
[១៣៥] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានគំនិតជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ គិតដើម្បីបៀតបៀនខ្លួនឯងផង គិតដើម្បីបៀតបៀនអ្នកដទៃផង គិតដើម្បីបៀតបៀនទាំងពីរខាងផង ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានគំនិតជាអសប្បុរស យ៉ាងនេះឯង។
[១៣៦] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានសេចក្តីប្រឹក្សាជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ ប្រឹក្សាដើម្បីបៀតបៀនខ្លួនឯងផង ប្រឹក្សាដើម្បីបៀតបៀនអ្នកដទៃផង ប្រឹក្សាដើម្បីបៀតបៀនទាំងពីរខាងផង ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានសេចក្តីប្រឹក្សាជាអសប្បុរស យ៉ាងនេះឯង។
[១៣៧] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានវាចាជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ មានពាក្យកុហក ពាក្យញុះញង់ ពាក្យទ្រគោះ ពាក្យរោយរាយឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានវាចាជាអសប្បុរស យ៉ាងនេះឯង។
[១៣៨] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានការងារជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានការងារជាអសប្បុរស យ៉ាងនេះឯង។
[១៣៩] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានទិដ្ឋិជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ មានសេចក្តីយល់ឃើញ យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាកនៃកម្មល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន ការប្រតិបត្តិល្អអាក្រក់ ក្នុងមាតាមិនមានផល ការប្រតិបត្តិល្អអាក្រក់ ក្នុងបិតាមិនមានផល សត្វដែលជាឱបបាតិកៈមិនមាន សមណព្រាហ្មណ៍ ក្នុងលោកនេះ ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង នូវលោកនេះផង លោកខាងមុខផង ហើយអាចប្រកាសបាន មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានទិដ្ឋិជាអសប្បុរស យ៉ាងនេះឯង។
[១៤០] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ឲ្យអសប្បុរិសទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ ឲ្យទានដោយមិនគោរព1) ឲ្យទានមិនមែនឲ្យដោយដៃរបស់ខ្លួន ឲ្យទាន មិនធ្វើសេចក្តីកោតក្រែង ឲ្យទានបោះគ្រវែងចោល មិនបានយល់ឃើញផលហើយឲ្យទាន ម្នាលភិក្ខុទាំងឡាយ អសប្បុរស ឲ្យអសប្បុរិសទាន យ៉ាងនេះឯង។
[១៤១] ម្នាលភិក្ខុទាំងឡាយ អសប្បុរសនោះឯង ប្រកបដោយអសទ្ធម្មយ៉ាងនេះ មានការសេពគប់ជាអសប្បុរសយ៉ាងនេះ មានគំនិតជាអសប្បុរសយ៉ាងនេះ មានសេចក្តីប្រឹក្សាជាអសប្បុរស យ៉ាងនេះ មានវាចាជាអសប្បុរសយ៉ាងនេះ មានការងារជាអសប្បុរសយ៉ាងនេះ មានទិដ្ឋិជាអសប្បុរសយ៉ាងនេះ ឲ្យទានជាអសប្បុរសយ៉ាងនេះហើយ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតក្នុងគតិ របស់ពួកអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ឯគតិរបស់ពួកអសប្បុរស តើដូចម្តេច គតិរបស់ពួកអសប្បុរស គឺនរក ឬកំណើតតិរច្ឆាន។
[១៤២] ម្នាលភិក្ខុទាំងឡាយ សប្បុរស អាចស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរសដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ រមែងមានពិត គឺត្រង់ដែលសប្បុរស អាចស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរស ម្នាលភិក្ខុទាំងឡាយ មួយទៀត សប្បុរស អាចស្គាល់នូវអសប្បុរសថា អ្នកនេះជាអសប្បុរសដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ ក៏រមែងមានពិត គឺត្រង់ដែលសប្បុរស អាចស្គាល់នូវអសប្បុរសថា អ្នកនេះជាអសប្បុរស។
[១៤៣] ម្នាលភិក្ខុទាំងឡាយ សប្បុរស រមែងប្រកបដោយព្រះសទ្ធម្ម ជាអ្នកមានការសេពគប់ជាសប្បុរស មានគំនិតជាសប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស មានវាចាជាសប្បុរស មានការងារជាសប្បុរស មានទិដ្ឋិជាសប្បុរស តែងឲ្យនូវទានជាសប្បុរស។
[១៤៤] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ប្រកបដោយព្រះសទ្ធម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ ជាអ្នកមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន មានព្យាយាមតឹងតែង មានស្មារតីតម្កល់ខ្ជាប់ មានបញ្ញា ម្នាលភិក្ខុទាំងឡាយ សប្បុរស រមែងប្រកបដោយព្រះសទ្ធម្ម យ៉ាងនេះឯង។
[១៤៥] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានការសេពគប់ជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ពួកសមណព្រាហ្មណ៍ណា ដែលមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន មានព្យាយាមតឹងតែង មានស្មារតីតម្កល់ខ្ជាប់ មានបញ្ញា ពួកសមណព្រាហ្មណ៍នោះ រមែងបានជាមិត្ត ជាសំឡាញ់ នៃសប្បុរសនោះ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានការសេពគប់ជាសប្បុរស យ៉ាងនេះឯង។
[១៤៦] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានគំនិតជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរស ក្នុងលោកនេះ មិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានគំនិតជាសប្បុរស យ៉ាងនេះឯង។
[១៤៧] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរស ក្នុងលោកនេះ មិនប្រឹក្សាដើម្បីបៀតបៀនខ្លួនឯង មិនប្រឹក្សាដើម្បីបៀតបៀនអ្នកដទៃ មិនប្រឹក្សាដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស យ៉ាងនេះឯង។
[១៤៨] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានវាចាជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ វៀរចាកពាក្យកុហក វៀរចាកពាក្យញុះញង់ វៀរចាកពាក្យទ្រគោះ វៀរចាកពាក្យរោយរាយឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានវាចាជាសប្បុរស យ៉ាងនេះឯង។
[១៤៩] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានការងារជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ វៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានការងារជាសប្បុរស យ៉ាងនេះឯង។
[១៥០] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានទិដ្ឋិជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ មានសេចក្តីយល់ឃើញ យ៉ាងនេះថា ទាន ដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផល និងវិបាកនៃកម្ម ដែលល្អ និងអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន ការប្រតិបត្តិល្អអាក្រក់ ក្នុងមាតាមានផល ការប្រតិបត្តិល្អអាក្រក់ក្នុងបិតាមានផល សត្វជាឱបបាតិកៈមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង នូវលោកនេះផង លោកខាងមុខផង ហើយអាចនឹងប្រកាសបាន រមែងមាន ម្នាលភិក្ខុទាំងឡាយ សប្បុរស មានទិដ្ឋិជាសប្បុរស យ៉ាងនេះឯង។
[១៥១] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តែងឲ្យទានជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ ឲ្យទានដោយគោរព ធ្វើនូវសេចក្តីកោតក្រែង ហើយឲ្យទាន ឲ្យទានដ៏បរិសុទ្ធ មានសេចក្តីយល់ឃើញនូវផល ហើយឲ្យទាន ម្នាលភិក្ខុទាំងឡាយ សប្បុរស តែងឲ្យទានជាសប្បុរស យ៉ាងនេះឯង។
[១៥២] ម្នាលភិក្ខុទាំងឡាយ សប្បុរសនោះឯង ប្រកបដោយព្រះសទ្ធម្មយ៉ាងនេះ មានការសេពគប់ ជាសប្បុរសយ៉ាងនេះ មានគំនិតជាសប្បុរសយ៉ាងនេះ មានសេចក្តីប្រឹក្សាជាសប្បុរសយ៉ាងនេះ មានវាចាជាសប្បុរសយ៉ាងនេះ មានការងារជាសប្បុរសយ៉ាងនេះ មានទិដ្ឋិជាសប្បុរសយ៉ាងនេះ ឲ្យទានជាសប្បុរសយ៉ាងនេះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតក្នុងគតិ របស់សប្បុរស ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់សប្បុរស តើដូចម្តេច គតិរបស់សប្បុរសនោះ គឺសភាពជាទេវតាដ៏ស្តុកស្តម្ភ ឬសភាពជាមនុស្សដ៏ស្តុកស្តម្ភ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡបុណ្ណមសូត្រ ទី១០។
ចប់ ទេវទហវគ្គ ទី១។
ឧទ្ទាននៃទេវទហវគ្គនោះ ដូច្នេះ
ទេវទហសូត្រ១ បញ្ចត្តយសូត្រ១ កិន្តិសូត្រ១ រឿងនិគន្ថនាដបុត្រ ក្នុងសាមគ្គាមសូត្រ១ ការព្យាករណ៍នូវអរហត្តផល ក្នុងសុនក្ខត្តសូត្រ១ ដំណើរព្រះអង្គគង់ក្នុងកម្មាសធម្មនិគម ក្នុងដែនកុរុ ក្នុងអានេញ្ជសប្បាយសូត្រ១ គណកមោគ្គល្លានសូត្រ១ គោបកមោគ្គល្លានសូត្រ១ រឿងព្រះអង្គគង់ក្នុងទីវាលក្នុងរាត្រី មានព្រះចន្ទ្រពេញវង់ ក្នុងមហាបុណ្ណមសូត្រ១ ចូឡបុណ្ណមសូត្រ១ ឈ្មោះថា ទេវទហវគ្គ ដ៏ប្រសើរជាវគ្គដំបូង។