User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.112



ឆវិសោធនសូត្រ ទី២

សង្ខេប

ប្រស្នា​៦​​ខ​ ដើម្បី​ពិសោធ​ភិក្ខុ​ដែល​អួត​ខ្លួន​ថា​បាន​សម្រេច​អរហត្ត​ផល។

mn 112 បាលី cs-km: sut.mn.112 អដ្ឋកថា: sut.mn.112_att PTS: ?

(ទី២) ឆវិសោធនសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. ឆព្វិសោធនសុត្តំ)

[១៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១៦៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ និយាយអួតអរហត្តផល ចំពោះភិក្ខុទាំងឡាយថា ខ្ញុំដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយៈ ខ្ញុំបានប្រព្រឹត្តហើយ សោឡសកិច្ច ខ្ញុំបានធ្វើរួចហើយ មិនមាន​កិច្ចអ្វីក្រៅពីនេះទៀតទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវ​ហាមឃាត់​ភាសិតរបស់ភិក្ខុនោះទេ។ បើភិក្ខុមិនត្រេកអរ មិន​ហាមឃាត់ហើយ ត្រូវសួរប្រស្នាទៅវិញ​ថា ម្នាលអាវុសោ វោហារ៤ម៉ាត់នេះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកដោយប្រពៃហើយ វោហារ៤ម៉ាត់ តើ​ដូចម្តេច គឺ​ភាវៈនៃបុគ្គលនិយាយថា​ ឃើញក្នុងរូបារម្មណ៍ ដែលឃើញហើយ១ ភាវៈនៃ​បុគ្គល​និយាយ​ថា​ឮ ក្នុងសទ្ទារម្មណ៍ ដែលឮហើយ១ ភាវៈនៃបុគ្គលនិយាយថា​ ទទួលរសារម្មណ៍ ដែលបានទទួលហើយ១ ភាវៈនៃបុគ្គលនិយាយថា ដឹងច្បាស់ ក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយ១ ម្នាលអាវុសោ វោហារទាំង៤ម៉ាត់នេះឯង ដែល​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែង​ទុក​មកហើយ ដោយប្រពៃ។ ភិក្ខុនោះ សួរថា ចុះលោកមានអាយុដឹងដូចម្តេចខ្លះ ឃើញ​ដូចម្តេចខ្លះ បានជាចិត្តរួច​ស្រឡះ ចាកអាសវៈទាំងឡាយ មិនប្រកាន់​ក្នុងវោហារ ​ទាំង៤​ម៉ាត់នេះ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព អ្នកមានព្រហ្មចរិយៈ​ប្រព្រឹត្តហើយ មានកិច្ចការធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​សម្រាប់ខ្លួន​សម្រេច​ហើយ មានភវសញ្ញោជនៈអស់ហើយ រួចស្រឡះចាកអកុសលធម៌ ព្រោះដឹងដោយប្រពៃ រមែងមានអនុធម៌នេះ1) ដើម្បី​ព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំមិនលុះ មិនលិចលង់ មិនអាស្រ័យ មិនជាប់ចំពាក់នៅក្នុងអារម្មណ៍ ដែលឃើញហើយទេ រួចស្រឡះចាក​កាមរាគៈ ប្រាសចាកយោគៈ ឥតមានចិត្តរពើតរពើងឡើយ ម្នាលអាវុសោ​ ខ្ញុំ (មិនលុះ)​ក្នុងរសារម្មណ៍ដែលទទួលហើយទេ… ម្នាលអាវុសោ ខ្ញុំ (មិនលុះ)​ក្នុងសទ្ទារម្មណ៍ដែលឮហើយទេ… ម្នាលអាវុសោ ខ្ញុំមិនលុះ មិនលិចលង់ មិនអាស្រ័យ មិនជាប់ចំពាក់នៅក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយទេ រួចស្រឡះ​ចាកកាមរាគ ប្រាសចាកយោគៈ ឥតមានចិត្តរពើតរពើងឡើយ ម្នាលអាវុសោ ខ្ញុំដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ បានជាចិត្តរួចស្រឡះ ចាកអាសវធម៌ទាំងឡាយ មិនប្រកាន់ក្នុងវោហារ ​ទាំង​៤ម៉ាត់នេះផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នូវភាសិតរ​បស់​ភិក្ខុ​នោះថា សាធុ ដូច្នេះ។ លុះភិក្ខុត្រេកអរ អនុមោទនាភាសិតថា សាធុ ដូច្នេះហើយ ត្រូវសួរ​ប្រស្នាតទៅទៀតថា ម្នាលអាវុសោ ឧបាទានក្ខន្ធ៥នេះ ព្រះមានព្រះភាគ អរហន្ត សម្មា​សម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកហើយ ដោយប្រពៃ ឧបាទានក្ខន្ធ​ទាំង៥ តើដូចម្តេចខ្លះ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបា​ទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ ម្នាលអាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលព្រះមានព្រះភាគ អរហន្ត សម្មា​សម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកហើយ ដោយប្រពៃ។ ចុះលោកមានអាយុ ដឹងដូចម្តេច ឃើញដូចម្តេច បានជាចិត្តរួចស្រឡះចាកអាសវៈទាំងឡាយ មិនប្រកាន់ក្នុងឧបាទានក្ខន្ធ​ទាំង៥នេះ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព អ្នកមានព្រហ្មចរិយៈប្រព្រឹត្ត​ស្រេច​ហើយ មានកិច្ចការធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​ចំពោះខ្លួន​សម្រេចហើយ មានភវសញ្ញោជនៈអស់ហើយ មានចិត្ត​ផុតស្រឡះហើយ ព្រោះ​ដឹង​នូវធម៌​ដោយប្រពៃ រមែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ នូវ​រូប​ថា មានកម្លាំងថយ ដល់នូវសេចក្តីវិនាស មិនជាទីត្រេកអរ ហើយដឹងច្បាស់ថា ការប្រកាន់​មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ របស់ចិត្តណា ក្នុងរូប ចិត្តរបស់ខ្ញុំ​ផុត​ស្រឡះ​ ព្រោះអស់ទៅ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវ​សេចក្តី​ប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ ខ្ញុំ (ដឹងច្បាស់) នូវវេទនា … ម្នាលអាវុសោ ខ្ញុំ​(ដឹង​ច្បាស់) នូវសញ្ញា … ម្នាលអាវុសោ ខ្ញុំ (ដឹងច្បាស់) នូវសង្ខារ​ទាំងឡាយ … ម្នាលអាវុសោ ខ្ញុំដឹងច្បាស់នូវវិញ្ញាណ​ថា មានកម្លាំងថយ ដល់នូវការវិនាស មិនជាទីត្រេកអរ ហើយដឹងច្បាស់ថា សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ ​របស់​ចិត្ត​ណា ក្នុងវិញ្ញាណ ចិត្តរបស់ខ្ញុំ ​ក៏ផុត​ស្រឡះ​ ព្រោះអស់ទៅ ព្រោះនឿយណាយ ព្រោះ​រលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវ​សេចក្តី​ប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏ផុត ចាកអាសវធម៌​ទាំងឡាយ ព្រោះ​មិនប្រកាន់មាំ ក្នុងឧបាទានក្ខន្ធទាំង៥នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា ចំពោះភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះ។ លុះភិក្ខុត្រេកអរ អនុមោទនា ចំពោះភាសិតថា សាធុ ដូច្នេះហើយ ត្រូវសួរប្រស្នាតទៅទៀតថា ម្នាលអាវុសោ ធាតុ៦​នេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់​សំដែង ដោយប្រពៃហើយ ធាតុទាំង៦ តើដូចម្តេច គឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ១ ម្នាលអាវុសោ ធាតុទាំង​៦​នេះឯង ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​ត្រាស់​សំដែង ដោយប្រពៃហើយ។ ចុះលោកមានអាយុ ដឹងដូចម្តេច ឃើញដូចម្តេច បានជា​ចិត្ត​រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ក្នុងធាតុទាំង៦នេះ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព ដែលមានព្រហ្មចរិយធម៌​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ មានកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​ចំពោះខ្លួន​សម្រេចហើយ មានសញ្ញោជនៈក្នុងភពអស់ហើយ មានចិត្ត​ផុតស្រឡះហើយ ព្រោះ​ដឹង​នូវធម៌​ដោយប្រពៃ តែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវ​បឋវីធាតុ ថាមិនមែនខ្លួនផង មិនចូលចិត្ត នូវខ្លួនដែលអាស្រ័យនៅនឹង​បឋវីធាតុផង មួយទៀត សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅរបស់ចិត្តណា ដែលអាស្រ័យនឹងបឋវីធាតុ ខ្ញុំដឹងច្បាស់ថា ចិត្តរបស់​អាត្មាអញ ផុតស្រឡះហើយ ព្រោះអស់ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវ​សេចក្តី​ប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវអាបោធាតុ… ម្នាលអាវុសោ ខ្ញុំចូល​ចិត្ត​នូវតេជោធាតុ…​ ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវ​វាយោធាតុ… ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវ​អាកាសធាតុ… ម្នាលអាវុសោ ខ្ញុំចូលចិត្ត​នូវវិញ្ញាណធាតុ ថាមិនមែនខ្លួនផង មិនចូល​ចិត្ត​ខ្លួន ដែលអាស្រ័យនៅនឹងវិញ្ញាណធាតុផង មួយទៀត ខ្ញុំដឹងច្បាស់ថា ការប្រកាន់មាំ ការ​អធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅរបស់ចិត្តណា ដែលអាស្រ័យនឹងវិញ្ញាណ ចិត្ត​របស់ខ្ញុំផុតស្រឡះហើយ ព្រោះអស់ ព្រោះនឿយណា ព្រោះរលត់ ព្រោះលះបង់ ព្រោះ​កំចាត់បង់ នូវសេចក្តីប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះហើយ ចិត្តក៏ផុតចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ក្នុងធាតុទាំង៦​នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹងភាសិតរបស់ភិក្ខុនោះថា សាធុ ដូច្នេះចុះ។ លុះភិក្ខុត្រេកអរ អនុមោទនានូវភាសិតថា​ សាធុ ដូច្នេះហើយ ត្រូវសួរប្រស្នា​តទៅទៀតថា ម្នាលអាវុសោ ចុះអាយតនៈខាងក្នុង ខាងក្រៅ ទាំង៦នេះ ដែល​ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ដោយ​ប្រពៃហើយ អាយតនៈ៦ តើដូចម្តេច គឺ ចក្ខុ១ រូប១ សោតៈ១ សទ្ទៈ១ ឃានៈ១ គន្ធៈ១ ជិវ្ហា១ រសៈ១ កាយៈ១ ផោដ្ឋព្វៈ១ មនៈ១ ធម្មៈ១ ម្នាលអាវុសោ អាយតនៈខាងក្នុង​ខាងក្រៅ​ ៦នេះហើយ ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញ​ច្បាស់ ទ្រង់ត្រាស់សំដែង ដោយប្រពៃហើយ។ ភិក្ខុសួរថា ចុះលោកមានអាយុ ដឹងដូច​ម្តេច ឃើញដូចម្តេច ទើបចិត្តផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះ​មិនប្រកាន់ក្នុង​អាយតនៈ​ខាងក្នុង៦ ខាងក្រៅ៦នេះ។

[១៧១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព ដែលមានព្រហ្មចរិយធម៌ ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ មានកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​ចំពោះ​ខ្លួនសម្រេចហើយ មាន​ភវសញ្ញោជនៈអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹង​នូវ​ធម៌ដោយប្រពៃ តែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ថា ឆន្ទៈ រាគៈ នន្ទិ តណ្ហា សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ របស់ចិត្តណា ក្នុងចក្ខុ ក្នុងរូប ក្នុងចក្ខុវិញ្ញាណ ក្នុងធម្មារម្មណ៍ទាំងឡាយ ដែល​បុគ្គល​គប្បីដឹងច្បាស់ ដោយចក្ខុវិញ្ញាណ ចិត្តរបស់អាត្មាអញ ក៏ផុតស្រឡះហើយ ព្រោះអស់​ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវសភាវៈ មានឆន្ទៈ​ជាដើមនោះ ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ថា ឆន្ទៈ រាគៈ នន្ទិ តណ្ហា សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ របស់ចិត្តណាៗ ក្នុងសោតៈ ក្នុងសទ្ទៈ ក្នុងសោតវិញ្ញាណ… ក្នុងឃានៈ ក្នុងគន្ធៈ ក្នុងឃានវិញ្ញាណ… ក្នុងជិវ្ហា ក្នុងរសៈ ក្នុង​ជិវ្ហាវិញ្ញាណ… ក្នុងកាយ ក្នុងផោដ្ឋព្វៈ ក្នុងកាយវិញ្ញាណ… ក្នុងមនៈ ក្នុងធម្មៈ ក្នុង​មនោវិញ្ញាណ ក្នុងធម៌ទាំងឡាយ ដែលបុគ្គល ​ត្រូវដឹងដោយមនោវិញ្ញាណ ចិត្តរបស់​អាត្មាអញ ក៏ផុតស្រឡះ ព្រោះអស់ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវឆន្ទៈ ​ជាដើមនោះ ម្នាលអាវុសោ កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះហើយ ចិត្តរបស់ខ្ញុំ ក៏រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ នូវ​អាយតនៈ ខាងក្នុង៦ ខាងក្រៅ៦ នេះឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹង​ភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះចុះ។ លុះភិក្ខុត្រេកអរ អនុមោទនា នឹងភាសិតថា សាធុ ដូច្នេះហើយ ត្រូវសួរប្រស្នាតទៅទៀតថា ចុះលោកមានអាយុ ដឹងដូចម្តេច ឃើញ​ដូចម្តេច បានជាលោកដកនូវអហង្ការមានានុស័យ និងមមង្ការតណ្ហានុស័យ ក្នុងកាយ​ដែល​ប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅនេះផង។

[១៧២] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព ដែលមាន​ព្រហ្មចរិយធម៌ ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ មានកិច្ចការធ្វើរួចហើយ មានភារៈ​ដាក់​ចុះ​ហើយ មានប្រយោជន៍របស់ខ្លួន សម្រេចហើយ មាន​ភវសញ្ញោជនៈអស់រលីងហើយ មាន​ចិត្តផុតហើយ ព្រោះដឹង​ធម៌ដោយប្រពៃ តែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាល​អាវុសោ កាលពីដើម ខ្ញុំនៅជាគ្រហស្ថ ព្រះតថាគតក្តី សាវ័កព្រះតថាគតក្តី តែងសំដែង​ធម៌ ដល់ខ្ញុំនោះ លុះខ្ញុំស្តាប់ធម៌នោះហើយ ក៏បាននូវសទ្ធា ចំពោះ​ព្រះតថាគត។ ខ្ញុំនោះ បរិបូណ៌ដោយការបាននូវសទ្ធានោះហើយ ក៏ពិចារណាឃើញ ដូច្នេះថា ឃរាវាស ចង្អៀត​ណាស់ ជាផ្លូវបង្ហូរនូវធូលី គឺរាគៈ បព្វជ្ជា ទើបមានទំនេរច្រើន កាលបើអាត្មាអញ នៅ​គ្រប់គ្រងផ្ទះហើយ មិនងាយនឹងប្រព្រឹត្តព្រហ្មចារ្យ ឲ្យបរិបូណ៌ ដោយចំណែកមួយ ឲ្យ​បរិសុទ្ធ ដោយចំណែកមួយ ដូចជាស័ង្ខ ដែលបុគ្គល​ដុសខាត់បានឡើយ បើដូច្នោះ មានតែ​អាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ហើយស្លៀកសំពត់កាសាយៈ ចេញ​ចាក​ផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលអាវុសោ លុះសម័យជាខាងក្រោយមក ខ្ញុំនោះ បានលះបង់​គំនរទ្រព្យតិចក្តី លះបង់គំនរទ្រព្យច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្ស​ច្រើន​ក្តី ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅ​កាន់​ផ្នួស។ លុះខ្ញុំបានបួសយ៉ាងនេះហើយ ក៏បរិបូណ៌ដោយសិក្ខា និងសាជីវៈរបស់ភិក្ខុ លះបង់​បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវសស្ត្រា ជា​អ្នកអៀនខ្មាស មានចិត្តអាណិតអាសូរ និងមានសេចក្តីអនុគ្រោះដល់សត្វ ដោយ​ប្រយោជន៍។ ជាអ្នកលះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែទ្រព្យ​ដែល​គេឲ្យ ប្រាថ្នាចំពោះតែទ្រព្យ ដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែន​ជាអ្នកល្មួច។ ជាអ្នក​លះបង់ នូវអព្រហ្មចរិយធម៌ គឺធម៌​មិនប្រសើរ ប្រព្រឹត្តនូវធម៌ ដ៏ប្រសើរ ជាអ្នកចៀសវាង វៀរ​ស្រឡះចាកមេថុន ដែលជាធម៌សម្រាប់អ្នកស្រុក។ ជាអ្នកលះបង់មុសាវាទ វៀរចាកមុសាវាទ និយាយតែពាក្យពិត តនូវពាក្យពិត ជាអ្នកទៀងត្រង់ គួរគេជឿបាន មិន​និយាយបំភ្លាត់សត្វលោកឡើយ។ ជាអ្នកលះបង់បិសុណវាចា វៀរចាកបិសុណវាចា គឺ​ឮសំដីអំពីសំណាក់ជននេះ មិនប្រាប់ដល់ជនឯណោះ ដើម្បីនឹង​បំបែកជនទាំងពីរនេះ​ឡើយ ឬឮពីសំណាក់អ្នកឯណោះ មិនយកមកនិយាយប្រាប់អ្នកនេះ ដើម្បីនឹងបំបែក​ជនឯណោះឡើយ តែងតែជួយបង្រួបបង្រួម នូវពួកជន ដែលបែកបាក់គ្នាហើយផង ជាអ្នក​ជួយទំនុកបម្រុង នូវពួកជន ដែលត្រូវការនឹងប្រយោជន៍ផង ជាអ្នកត្រេកអរ នឹង​សេចក្តីព្រមព្រៀង ពេញចិត្តនឹង​សេចក្តីព្រមព្រៀង ចូលចិត្តនឹង​សេចក្តីព្រមព្រៀង និយាយ​តែពាក្យ ដែល​នាំឲ្យកើត​សេចក្តីព្រមព្រៀង ដូច្នេះឯង។ ជាអ្នកលះបង់ផរុសវាចា វៀរចាកផរុសវាចា វាចាណា មិនមានទោស ជាសុខដល់ត្រចៀក គួរឲ្យស្រឡាញ់ គួរ​ឲ្យ​តម្កល់ទុក ក្នុងហឫទ័យ ជាសំដីអ្នកក្រុង ជាទីស្រឡាញ់ដល់ជនច្រើន ជាទីពេញចិត្ត​ដល់​ជនច្រើន ក៏និយាយតែវាចាមានសភាពដូច្នោះ។ លះបង់សម្ផប្បលាបៈ វៀរចាក​សម្ផប្បលាបៈ និយាយតាមកាល និយាយតែពាក្យពិត និយាយតែពាក្យនាំឲ្យកើត​ប្រយោជន៍ និយាយពីធម៌ និយាយពីវិន័យ និយាយតែពាក្យ ដែលគួរឲ្យគេតម្កល់ទុក​ក្នុងចិត្ត និយាយតែពាក្យមានគ្រឿងអាងតាមកាល ពាក្យមានទីបំផុត ពាក្យមានប្រយោជន៍។ ខ្ញុំនោះ ជាអ្នកវៀរចាកការផ្តិលផ្តាច់ នូវពីជគាម និងភូតគាម ជាអ្នក​បរិភោគភត្តតែម្តង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគ​ក្នុងវេលា​វិកាល វៀរចាកការរាំ ច្រៀង ប្រគំ និងការមើលនូវល្បែង ដែលជាសត្រូវ ដល់កុសលធម៌ វៀរចាកការប្រដាប់តាក់តែង ស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង គ្រឿងក្រអូប និង​គ្រឿង​លាបផ្សេងៗ វៀរចាកការដេកអង្គុយ លើសេនាសនៈដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាកការទទួលមាស និងប្រាក់ វៀរចាកការទទួលស្រូវស្រស់ វៀរចាកការ​ទទួល​​សាច់​ឆៅ វៀរចាកការទទួលស្រី និងក្មេងស្រី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី​ គោ សេះឈ្មោល និងសេះញី វៀរចាកការទទួលស្រែ និងចំការ វៀរចាកការប្រកបកិច្ច​ជាទូតនាំសំបុត្រទៅមក វៀរចាកការលក់ដូរ វៀរចាកការឆបោកដោយជញ្ជីង ឆបោក​ដោយភាជន៍មាស ឆបោកដោយរង្វាស់ ជាអ្នកវៀរចាកការសើររើ បញ្ឆោត បន្លំ កោងកាច វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) សម្លាប់ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ខ្ញុំនោះ ជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យកតែចីវរ និងបិណ្ឌបាតនោះ ដើរចេញ​ទៅ។ ដូចសត្វបក្សី ហើរទៅកាន់ទីណាៗ ដោយតែស្លាប និងរោមរបស់ខ្លួនប៉ុណ្ណោះ យ៉ាង​ណា ម្នាលអាវុសោ ខ្ញុំជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើចេញទៅទីណាៗ ក៏កាន់យកតែចីវរ និងបិណ្ឌបាត ដើរចេញ​ទៅប៉ុណ្ណោះ យ៉ាងនោះដែរ។

[១៧៣] ខ្ញុំនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ ទទួលសេចក្តី​សុខ ដែលមិនមានទោស ក្នុងសន្តាន។ ខ្ញុំនោះ ឃើញរូបដោយភ្នែក ក៏មិនប្រកាន់​នូវ​និមិត្ត មិនប្រកាន់នូវ​អនុព្យញ្ជនៈឡើយ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និង​ទោមនស្ស គប្បីជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួម នូវចក្ខុន្ទ្រិយណា ខ្ញុំក៏​ប្រតិបត្តិ ដើម្បី​សង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ ឮសំឡេង​ដោយត្រចៀក… ធំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវ​នូវផោដ្ឋព្វៈ ដោយកាយ…. ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនប្រកាន់​នូវនិមិត្ត មិនប្រកាន់​នូវ​​​អនុព្យញ្ជនៈឡើយ ធម៌ទាំងឡាយ ជាអកុសល ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួម នូវមនិន្ទ្រិយណា ខ្ញុំក៏ប្រតិបត្តិ ដើម្បី​សង្រួមនូវមនិន្ទ្រិយ​នោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។

[១៧៤] ខ្ញុំនោះ បរិបូណ៌ដោយការសង្រួមក្នុងឥន្ទ្រិយ ដ៏ប្រសើរនេះហើយ បាន​ទទួល​នូវសេចក្តីសុខ មិនមានទុក្ខក្នុងសន្តាន។ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការឈាន​ទៅ​មុខ ឈានថយក្រោយ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការមើលទៅមុខ ងាកមើលទៅខាង ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការបត់ដៃចូល និងលាដៃចេញ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការប្រើប្រាស់សង្ឃាដិ បាត្រ ចីវរ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការស៊ី ផឹក ទំពា ទទួលរស ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការធ្វើឧច្ចារៈ បស្សាវៈ ខ្ញុំ​មានកិរិយាដឹងច្បាស់ ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ និយាយ នៅស្ងៀម។

[១៧៥] ខ្ញុំនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង បរិបូណ៌ដោយ​ឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង បរិបូណ៌ដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរ​នេះផង ក៏អាស្រ័យនៅនឹង​សេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ខ្ញុំនោះ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ​ពែនភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិ ចំពោះទៅរកកម្មដ្ឋាន។ ខ្ញុំនោះ លះបង់នូវ​អភិជ្ឈា​ក្នុងលោកចេញ មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់នូវ​ព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិន​ព្យាបាទ ជាអ្នក​អនុគ្រោះដោយ​ប្រយោជន៍ ដល់​ពួក​សត្វ ជម្រះចិត្តចាកព្យាបាទ និងសេចក្តី​ប្រទូស្ត លះបង់ថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តី​សំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្ត ចាកថីនមិទ្ធៈ លះបង់​ឧទ្ធច្ចកុក្កុច្ចៈ មិនមានចិត្តអណ្តែតអណ្តូង មានចិត្តស្ងប់រម្ងាប់ ក្នុងសន្តាន ជម្រះចិត្ត​ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ឆ្លងផុតវិចិកិច្ឆា មិនងឿងឆ្ងល់ ក្នុង​ធម៌ទាំងឡាយ ជាកុសល ជម្រះចិត្តចាកវិចិកិច្ឆា។

[១៧៦] ខ្ញុំនោះ លះបង់នូវនីវរណៈទាំង៥ ដែលជាឧបក្កិលេស របស់​ចិត្ត ជាធម្មជាតធ្វើប្រាជ្ញា ឲ្យមានកំឡាំងថយចុះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ក៏ចូលដល់បឋមជ្ឈាន ដែលមានវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើតពីវិវេក ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលដល់​ទុតិយជ្ឈាន ប្រកបដោយ​សេចក្តីជ្រះថ្លា ក្នុង​សន្តាន មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើត​ពី​សមាធិប៉ុណ្ណោះ… ចូលដល់តតិយជ្ឈាន… ចូល​ដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ។

[១៧៧] កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនរំជួយដោយ​អារម្មណ៍ យ៉ាងនេះហើយ ខ្ញុំនោះ ក៏បង្អោនចិត្តទៅ ដើម្បីប្រាជ្ញា ជាគ្រឿង​អស់នៃអាសវៈទាំងឡាយ។ ខ្ញុំនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុ​នាំឲ្យកើតទុក្ខ ដឹងច្បាស់តាម​ពិត​ថា នេះជាសេចក្តីរលត់ទុក្ខ ដឹងច្បាស់​តាម​ពិត​ថា នេះបដិបទា ជាដំណើរទៅកាន់សេចក្តី​រលត់​ទុក្ខ ដឹងច្បាស់តាមពិតថា នេះជា​ពួកអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់​សេចក្តី​រលត់អាសវៈ។ កាលខ្ញុំនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏រួចចាក​កាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្ត​រួចស្រឡះហើយ ខ្ញុំក៏មានញាណ (ដឹងច្បាស់) ថា ចិត្តរបស់អាត្មាអញ រួចស្រឡះហើយ ខ្ញុំបានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ កិច្ចដែល​ត្រូវធ្វើ អាត្មាអញ បានធ្វើរួចហើយ មិនមានកិច្ចដទៃ ក្រៅពីនេះទៀតទេ។ ភិក្ខុនោះ​និយាយថា ម្នាលអាវុសោ កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ខ្ញុំក៏ដកនូវ​អហង្ការមមង្ការមានានុស័យ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្ត​ទាំងអស់ ខាងក្រៅនេះផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹង​ភាសិត​របស់ភិក្ខុនោះថា សាធុ។ លុះភិក្ខុត្រេកអរ អនុមោទនានឹងភាសិតថា សាធុ ហើយ ត្រូវ​និយាយថា ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្ស យើង​បានល្អហើយ ដោយយើងបានឃើញ​លោកមានអាយុ ជាអ្នកប្រព្រឹត្តធម៌​ល្អ ប្រាកដដូច្នោះ។ លុះព្រះមានព្រះភាគ បានសំដែង​សូត្រនេះចប់ហើយ ភិក្ខុ​ទាំងនោះ ក៏​មានសេចក្តីពេញចិត្ត ត្រេកអរនឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ឆវិសោធនសូត្រ ទី២។

 

លេខយោង

1)
សភាវៈ
km/tipitaka/sut/mn/sut.mn.112.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann