User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.115



ពហុធាតុកសូត្រ ទី៥

សង្ខេប

ភ័យ​ទាំង​ឡាយ​ ភ័យ​ទាំង​អស់​តែង​កើត​មក​ អំពី​ពាល​ មិន​មែន​មក​ពី​បណ្ឌិត​ទេ។តើ​ដោយ​ហេតុ​ប៉ុន្មាន ការណ៍​ដែល​គួរ​ហៅ​ថា ភិក្ខុ​ជា​បណ្ឌិត ជា​អ្នក​ចេះ​ពិចារណា ?

mn 115 បាលី cs-km: sut.mn.115 អដ្ឋកថា: sut.mn.115_att PTS: ?

(ទី៥) ពហុធាតុកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. ពហុធាតុកសុត្តំ)

[២៣៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទូលតប​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។

[២៣៥] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភ័យ​ទាំងឡាយណាមួយកើតឡើង ភ័យទាំងអស់នោះ កើតឡើងតែអំពីពាល មិនដែល​កើត​អំពីបណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយកើតឡើង ឧបទ្រព​ទាំងអស់នោះ កើត​ឡើង​តែអំពីពាល មិនមែន​កើត​ឡើងអំពីបណ្ឌិតទេ ឧបស័គ្គ​ទាំងឡាយណា​មួយ​កើតឡើង ឧបស័គ្គ​ទាំងអស់នោះ កើតឡើងតែអំពីពាល មិនមែន​កើត​ឡើងអំពីបណ្ឌិតទេ។ ម្នាលភិក្ខុទាំងឡាយ ដូចភ្លើង តែងរាលអំពីផ្ទះ​ប្រក់​បបុស ឬអំពីផ្ទះប្រក់ស្មៅ ទៅ​ឆាប​ឆេះ​ផ្ទះមានកំពូល ដែលគេលាបទាំងខាងក្នុង ទាំង​ខាងក្រៅ មានគន្លឹះជិតស្និទ្ធ មានទ្វារ​បង្អួច​បិទជិត យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភ័យ​​ទាំងឡាយណាមួយកើតឡើង ភ័យទាំងអស់នោះ តែងកើតឡើងតែអំពីពាល មិនមែន​កើត​ឡើងអំពីបណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយ តែងកើតឡើង ឧបទ្រព​ទាំងអស់នោះ តែង​កើតឡើង​តែអំពីពាល មិនដែល​កើត​ឡើងអំពីបណ្ឌិតទេ ឧបស័គ្គ​ទាំងឡាយណា​មួយ ​កើតឡើង ឧបស័គ្គ​ទាំងអស់នោះ តែងកើតឡើងតែអំពីពាល មិនដែល​កើត​ឡើងអំពី​បណ្ឌិតឡើយ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលប្រកបដោយ​ភ័យ បណ្ឌិត​មិនប្រកបដោយភ័យទេ បុគ្គលពាលប្រកបដោយ​ឧបទ្រព បណ្ឌិត​មិនប្រកបដោយ​ឧបទ្រពទេ បុគ្គលពាលប្រកបដោយ​ឧបស័គ្គ បណ្ឌិត​មិនប្រកបដោយឧបស័គ្គទេ។ ម្នាលភិក្ខុទាំងឡាយ ភ័យមិនមាន​អំពីបណ្ឌិតទេ ឧបទ្រព មិនមាន​អំពីបណ្ឌិតទេ ឧបស័គ្គ មិនមាន​អំពីបណ្ឌិតទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គួរសិក្សា​យ៉ាងនេះថា យើងទាំងឡាយ សូមឲ្យបានជាអ្នកប្រាជ្ញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។

[២៣៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទ​មានអាយុ ក្រាបទូល​សួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ការណ៍​ដែលគួរហៅថា ភិក្ខុជាបណ្ឌិត ជាអ្នកចេះពិចារណា តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុជាអ្នកឈ្លាសក្នុងធាតុផង ឈ្លាសក្នុងអាយតនៈផង ឈ្លាសក្នុងបដិច្ចសមុប្បាទផង ឈ្លាស​ក្នុងហេតុគួរ និងហេតុមិនគួរផង ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែល​គួរហៅថា ភិក្ខុជាបណ្ឌិត ជាអ្នកចេះពិចារណា ដោយហេតុប៉ុណ្ណេះឯង។

[២៣៧] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាស​ក្នុងធាតុ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ធាតុទាំងឡាយនេះ មាន១៨ គឺចក្ខុធាតុ រូបធាតុ ចក្ខុ​វិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោត​វិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃាន​វិញ្ញាណ​ធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហា​វិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយ​វិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោ​វិញ្ញាណធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំង១៨នេះ ដោយហេតុ​ណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​ហេតុប៉ុណ្ណេះឯង។

[២៣៨] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយបរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំង៦នេះ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ អាកាសធាតុ វិញ្ញាណធាតុ ម្នាលអានន្ទ ភិក្ខុ​ដឹងនូវធាតុទាំង៦នេះ ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុអ្នក​ឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៣៩] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​បរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំង៦នេះ គឺ សុខធាតុ ទុក្ខធាតុ សោមនស្សធាតុ ទោមនស្សធាតុ ឧបេក្ខាធាតុ អវិជ្ជាធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំង៦នេះឯង ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤០] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​បរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំង៦នេះ គឺ កាមធាតុ នេក្ខម្មធាតុ ព្យាបាទធាតុ អព្យាបាទធាតុ វិហឹសាធាតុ អវិហឹសាធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំង៦នេះ ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤១] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​បរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំងឡាយ៣នេះ គឺ កាមធាតុ រូបធាតុ អរូបធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំង៣នេះ ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤២] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​បរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំងឡាយ២នេះ គឺ សង្ខតាធាតុ អសង្ខតាធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំងពីរនេះ ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤៣] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុង​អាយតនៈ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ អាយតនៈ ទាំងខាងក្នុង ទាំងខាងក្រៅ​នេះ មាន៦គឺ ចក្ខុ និងរូបៈ១ សោតៈ និងសទ្ទៈ១ ឃានៈ និងគន្ធៈ១ ជិវ្ហា និងរសៈ១ កាយ និងផោដ្ឋព្វៈ១ មនោ និងធម្មារម្មណ៍១ ម្នាលអានន្ទ ភិក្ខុដឹងនូវអាយតនៈទាំងខាងក្នុង ទាំងខាងក្រៅ៦នេះឯង ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងអាយតនៈ ដោយហេតុប៉ុណ្ណេះឯង។

[២៤៤] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុង​បដិច្ចសមុប្បាទ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ដឹង​យ៉ាងនេះ​ថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះកើត ព្រោះតែបច្ច័យនេះកើត កាលបើ​បច្ច័យនេះមិនមាន ផលនេះក៏មិនមាន ផលនេះរលត់ ព្រោះតែបច្ច័យនេះរលត់ គឺថា សង្ខារ​ទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភព​កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរានិងមរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ក៏កើតព្រម ការប្រជុំកើតឡើងព្រម នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះឯង ចំណែក​ខាងការរលត់​សង្ខារ ព្រោះអវិជ្ជាហ្នឹងឯង រលត់មិនសល់ ការរលត់វិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់នាមរូប ព្រោះរលត់វិញ្ញាណ ការរលត់អាយតនៈទាំង៦ ព្រោះរលត់នាមរូប ការរលត់ផស្សៈ ព្រោះរលត់អាយតនៈទាំង៦ ការរលត់វេទនា ព្រោះរលត់ផស្សៈ ការរលត់តណ្ហា ព្រោះរលត់វេទនា ការរលត់ឧបាទាន ព្រោះរលត់តណ្ហា ការរលត់ភព ព្រោះរលត់ឧបាទាន ការរលត់ជាតិ ព្រោះរលត់ភព ការរលត់ជរានិងមរណៈ ព្រោះរលត់​ជាតិ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ក៏រលត់ ការរលត់នៃកងទុក្ខទាំងអស់​នេះ យ៉ាងនេះឯង ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាស ក្នុងបដិច្ចសមុប្បាទ ដោយហេតុប៉ុណ្ណេះឯង។

[២៤៥] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាស ក្នុងហេតុ និង​មិនមែនហេតុ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់​ថា ការណ៍នុ៎ះឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ1) ប្រកាន់នូវសង្ខារនីមួយ ថាទៀង ការណ៍នុ៎ះ មិនសមហេតុឡើយ។ មួយទៀត ភិក្ខុដឹងច្បាស់ថា ការណ៍នុ៎ះទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន ប្រកាន់នូវ​សង្ខារ​នីមួយ ថាទៀង ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកាន់នូវសង្ខារនីមួយ ថាជាសុខ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែល​បុថុជ្ជន ប្រកាន់នូវ​សង្ខារ​នីមួយ ថាជាសុខ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ ប្រកាន់នូវធម៌នីមួយ ថាជារបស់​ខ្លួន ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែល​បុថុជ្ជន ប្រកាន់នូវ​ធម៌​នីមួយ ថាជារបស់ខ្លួន ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីផ្តាច់បង់​នូវ​មាតាចាកជីវិត ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន ផ្តាច់បង់នូវមាតា ចាកជីវិត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីផ្តាច់បង់​នូវ​បិតាចាកជីវិត ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ហេតុនុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល គប្បីផ្តាច់បង់នូវបិតា ចាកជីវិត។បេ។ គប្បីផ្តាច់បង់នូវ​ព្រះអរហន្ត ចាកជីវិត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ មានចិត្តប្រទូស្ត គប្បីញុំាងព្រះលោហិត​ព្រះ​តថាគតឲ្យពុរពង2) ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន មានចិត្តប្រទូស្ត គប្បីញុំាង​ព្រះលោហិត ព្រះតថាគត ឲ្យពុរពង ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីបំបែកសង្ឃ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន គប្បីបំបែកសង្ឃ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីឧទ្ទិស (ងាកចិត្តទៅរក) សាស្តាដទៃ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន គប្បីឧទ្ទិស​រកសាស្តាដទៃ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងមិនមុន មិនក្រោយ ក្នុងលោកធាតុមួយ ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធមួយ​ព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើង មិនមុន​មិនក្រោយ ក្នុងលោកធាតុមួយ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុ​មួយ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធជាស្ត្រី ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធ​ជាបុរស ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលស្តេចចក្រពត្តិជាស្ត្រី ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលស្តេចចក្រពត្តិជាប្រុស ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលស្ត្រី គប្បីធ្វើខ្លួនជាព្រះឥន្ទ្របាន3)…. គប្បីធ្វើខ្លួនជាមារបាន4) … គប្បីធ្វើខ្លួនជាព្រហ្មបាន5) … ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុរស ទើបធ្វើជាព្រះឥន្ទ្របាន… ធ្វើជាមារបាន… ធ្វើជាព្រហ្មបាន ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលកាយទុច្ចរិត ឲ្យផលជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលកាយទុច្ចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលវចី​ទុច្ចរិត… មនោទុច្ចរិត ឲ្យផលជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលវចីទុច្ចរិត… មនោទុច្ចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលកាយសុចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី​គាប់ចិត្ត ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលកាយសុចរិតឲ្យផល ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់វចីសុចរិត… មនោសុចរិត ឲ្យផលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី​គាប់ចិត្ត ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់វចីសុចរិត… មនោសុចរិតឲ្យផល ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ រមែងដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គល​ មានសេចក្តី​បរិបូណ៌​ដោយកាយ​ទុច្ចរិត6) លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះ​កាយទុច្ចរិតនោះ​ជាហេតុ កាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល​ បរិបូណ៌​ដោយកាយទុច្ចរិត លុះទម្លាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​កាយទុច្ចរិតនោះជាហេតុ កាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសម​ហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គល​ ​បរិបូណ៌​ដោយវចី​ទុច្ចរិត… បរិបូណ៌ដោយមនោទុច្ចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះ​មនោទុច្ចរិតនោះជាហេតុ មនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល​ បរិបូណ៌​ដោយវចីទុច្ចរិត… បរិបូណ៌ដោយមនោទុច្ចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​មនោទុច្ចរិតនោះជាហេតុ មនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសម​ហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គល​ ​បរិបូណ៌​ដោយកាយសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​កាយសុចរិតនោះជាហេតុ កាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល​ បរិបូណ៌​ដោយកាយសុចរិត លុះទម្លាយ​រាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះ​កាយសុចរិតនោះជាហេតុ កាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសម​ហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គល​ ​បរិបូណ៌​ដោយវចី​សុចរិត… ត្រង់ដែលបុគ្គលបរិបូណ៌ដោយមនោសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​មនោសុចរិតនោះជាហេតុ មនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល​ បរិបូណ៌​ដោយវចីសុចរិត… ត្រង់ដែលបុគ្គល បរិបូណ៌ដោយមនោសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះ​មនោសុចរិតនោះជាហេតុ មនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសម​ហេតុ។ ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាស ក្នុងហេតុ និងមិនមែនហេតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ចុះធម្ម​បរិយាយនេះ តើឈ្មោះអ្វី។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ​ អ្នកចូរចាំ​ទុក នូវធម្មបរិយាយនេះ ឈ្មោះថា ពហុធាតុកៈ7) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយ​នោះ ឈ្មោះថា ចតុប្បរិវដ្តៈ8) ដូច្នេះក៏បាន ចូរចាំនូវធម្មបរិយាយនោះ ឈ្មោះថា ធម្មទាសៈ9) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះ ឈ្មោះថា អមតទុន្ទុភិ10) ដូច្នេះក៏បាន ចូរ​ចាំ​ទុកនូវធម្មបរិយាយនោះ ឈ្មោះថា សង្គាមវិជ័យដ៏ប្រសើរ11) ដូច្នេះក៏បាន។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏​មានចិត្ត​ត្រេកអរ រីករាយ​ហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ ពហុធាតុកសូត្រ ទី៥។

 

លេខយោង

1)
សោតាបន្នបុគ្គល។
2)
ព្រះសរីរកាយ របស់ព្រះសម្មាសម្ពុទ្ធ គ្មានអ្នកណាមួយព្យាយាម​ធ្វើ​ឲ្យ​ចេញព្រះលោហិតបានទេ ព្យាយាមបានត្រឹមតែធ្វើឲ្យពុរពង ជាំឡើងប៉ុណ្ណោះ លុះតែ​ទ្រង់​អនុញ្ញាត ទើបអាចធ្វើបាន ដូចកាល​ទេវទត្ត ប្រមៀលថ្ម ឲ្យខ្ទាតបំណែកត្រូវចុង​ម្រាមមេព្រះបាទ ឲ្យទាល់តែពុរពងព្រះលោហិតឡើង ហើយទ្រង់អនុញ្ញាត​ឲ្យ​ជីវក​កុមារ​ពេទ្យ យកព្រះលោហិតអាក្រក់ចេញ ត្រង់ណេះ ទេវទត្តត្រូវអនន្តរិយកម្ម ចំណែក​ជីវក​កុមារពេទ្យ ត្រឡប់ជាបានបុណ្យវិញ។ អដ្ឋកថា។
3)
១.២.៣.ព្រះឥន្ទ្រ មារ និងព្រហ្មជាស្រីនោះ គ្មានទេ កាលណាបើ​ស្រី​ត្រូវបានជាព្រះឥន្ទ្រ ជាមារ និងជាព្រហ្មនោះ ក៏ត្រូវតែក្លាយខ្លួនទៅប្រុសសិន។
4)
5)
6)
ការបរិបូណ៌នោះ មាន៥ គឺការបរិបូណ៌​ដោយកុសលាកុសលកម្ម១ ដោយចេតនា១ ដោយការកសាង គឺសត្វដែលមិនទាន់សម្រេចអរហត្តនៅឡើយ ឈ្មោះថា ត្រូវទទួលផលកម្ម ដែលខ្លួនបានធ្វើ១ ដោយខណៈ ដែលសោយ​ផលកម្ម១ ដោយឃើញឧប្បត្តិនិម្មិត ប្រាកដដូច​ជាអណ្តាតភ្លើង ឬកប្បព្រឹក្សជាដើម១។ អដ្ឋកថា។
7)
ដែលហៅថា ពហុធាតុកៈ ព្រោះសំដែង​ពីធាតុច្រើនយ៉ាង។
8)
ប្រព្រឹត្តទៅដោយធម៌៤យ៉ាង គឺធាតុ អាយតនៈ បដិច្ចសមុប្បាទ និងឋានាឋានៈ។
9)
កញ្ចក់ធម៌
10)
ស្គរជ័យមហានិព្វាន។
11)
ជាក្បួន​ពិជ័យសង្គ្រាមយ៉ាងប្រសើរបំផុត។
km/tipitaka/sut/mn/sut.mn.115.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann