តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » អនុបទវគ្គ »
ព្រះពុទ្ធបាននិទានរឿង ប្រាប់ដល់ភិក្ខុ ពីដើមហេតុ ដែលមានភ្នំឈ្មោះ ឥសិគិលិ និងព្រះបច្ចេកពុទ្ធដែលធ្លាប់បានគង់នៅលើភ្នំនេះ។
mn 116 បាលី cs-km: sut.mn.116 អដ្ឋកថា: sut.mn.116_att PTS: ?
(ទី៦) ឥសិគិលិសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៦. ឥសិគិលិសុត្តំ)
[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់លើភ្នំឥសិគិលិ ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះវាចាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គដ៏ចំរើន។
[២៤៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ វេភារៈ នុ៎ះឬទេ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេភារៈ នុ៎ះឯង មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ បណ្ឌវៈ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំបណ្ឌវៈ នុ៎ះឯង ក៏មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ វេបុល្លៈ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លៈ នុ៎ះឯង ក៏មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេងដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ គិជ្ឈកូដ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំគិជ្ឈកូដ នុ៎ះឯង មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេងដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ ឥសិគិលិ នេះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ឯ ភ្នំឥសិគិលិ នេះឯង មានឈ្មោះយ៉ាងហ្នឹង មានបញ្ញត្តិយ៉ាងហ្នឹងតែម្យ៉ាង។
[២៤៩] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានព្រះបច្ចេកពុទ្ធ ៥០០អង្គ នៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ព្រះបច្ចេកពុទ្ធទាំងនោះ កាលចូលទៅកាន់ភ្នំនេះ មនុស្សឃើញប្រាកដ លុះចូលស៊ប់ទៅហើយ មនុស្សមិនឃើញទេ។ លុះពួកមនុស្សឃើញហេតុនោះហើយ ក៏នាំគ្នានិយាយ យ៉ាងនេះថា ភ្នំនេះលេបនូវពួកឥសីទាំងនេះ ព្រោះហេតុនោះ បានជាមានឈ្មោះកើតឡើងថា ឥសិគិលិ ឥសិគិលិ (ភ្នំលេបឥសីៗ) ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់ឈ្មោះព្រះបច្ចេកពុទ្ធទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ចង្អុលបង្ហាញឈ្មោះព្រះបច្ចេកពុទ្ធទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងឈ្មោះព្រះបច្ចេកពុទ្ធទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវរឿងនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះវាចា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២៥០] ព្រះមានជោគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះ អរិដ្ឋៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ ឧបរិដ្ឋៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ តគរសិខី បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ យសស្សី បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ សុទស្សនៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ បិយទស្សី បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ គន្ធារៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ បិណ្ឌោលៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ ឧបាសភៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ និថៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ តថៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ សុតវា បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ ភាវិតត្តៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។
[២៥១] ព្រះបច្ចេកសម្ពុទ្ធទាំងឡាយណា ជាខ្លឹមរបស់សត្វ អស់ទុក្ខ អស់ចំណង់ បានត្រាស់ដឹងហើយ នូវបច្ចេកសុពោធិញ្ញាណ កាលបើតថាគត សំដែងឈ្មោះ របស់ព្រះបច្ចេកពុទ្ធទាំងនោះ ដែលមានសរ ដកចេញហើយ ដ៏ឧត្តមជាងជន អ្នកទាំងឡាយចូរស្តាប់ចុះ ព្រះបច្ចេកពុទ្ធទាំងឡាយ ឈ្មោះអរិដ្ឋៈ១ ឧបរិដ្ឋៈ១ តគរសិខី១ យសស្សី១ សុទស្សនៈ១ បច្ចេកពុទ្ធឈ្មោះបិយទស្សី១ គន្ធារៈ១ បិណ្ឌោលៈ១ ឧបាសភៈ១ និថៈ១ តថៈ១ សុតវា១ ភាវិតត្តៈ១ សុម្ភៈ១ សុភៈ១ មេថុលៈ១ អដ្ឋមៈ១ អស្សុមេឃៈ១ អនិឃៈ១ សុទាឋៈ១ ជាបច្ចេកពុទ្ធ មានតណ្ហានាំទៅកាន់ភពអស់ហើយ ព្រះបច្ចេកពុទ្ធ ឈ្មោះហិង្គូ១ ហិង្គៈ១ មានអានុភាពច្រើន ព្រះបច្ចេកពុទ្ធ ឈ្មោះជាលី២ គឺចុល្លជាលី១ មហាជាលី១ ជាអ្នកប្រាជ្ញ ឈ្មោះអដ្ឋកៈ១ ព្រះបច្ចេកពុទ្ធ ឈ្មោះកោសល្លៈ១ សុពាហុ១ ឧបនេមិសៈ១ នេមិសៈ១ សន្តចិត្តៈ១ សច្ចៈ១ តថៈ១ វិរជៈ១ បណ្ឌិតៈ១ កាឡៈ១ ឧបកាឡៈ១ វិជិតៈ១ ជិតៈ១ អង្គៈ១ បង្គៈ១ គុតិច្ឆិតៈ១ ព្រះបច្ចេកពុទ្ធ ឈ្មោះបស្សី១ បានលះឧបធិកិលេស ជាឫសនៃសេចក្តីទុក្ខហើយ ព្រះបច្ចេកពុទ្ធ ឈ្មោះអបរាជិតៈ បានផ្ចាញ់នូវមារ និងពលនៃមារហើយ ព្រះបច្ចេកពុទ្ធឈ្មោះ សត្ថា១ បវត្តា១ សរភង្គៈ១ លោមហង្សៈ១ ឧច្ចង្គមាយៈ១ អសិតៈ១ អនាសវៈ១ មនោមយៈ១ ពន្ធុមា ជាអ្នកផ្តាច់បង់នូវមានះ១ ឈ្មោះ តទាធិមុត្តៈ១ វិមលៈ១ កេតុមា១ កេតុម្ពរាគៈ១ មាតង្គៈ១ អរិយៈ១ អច្ចុតៈ១ អច្ចុតគាមព្យាមកៈ១ សុមង្គលៈ១ ទព្វិលៈ១ សុបតិដ្ឋិតៈ១ អសយ្ហៈ១ ខេមាភិរតៈ១ សោរតៈ១ ទុរន្នយៈ១ សង្ឃៈ១ ឧជ្ជយៈ១ និងបច្ចេកពុទ្ធដទៃ ឈ្មោះសយ្ហៈ ជាអ្នកប្រាជ្ញ មានព្យាយាមមិនថោកថយ ព្រះបច្ចេកពុទ្ធ ១២អង្គទៀត ឈ្មោះអានន្ទៈ (៤អង្គ) នន្ទៈ (៤អង្គ) ឧបនន្ទៈ (៤អង្គ) ភារទ្វាជៈ អ្នកទ្រទ្រង់នូវរាងកាយ មានក្នុងទីបំផុតភព១ ពោធិ១ មហានាមៈ១ ឧត្តរៈ១ កេសី១ សិខី១ សុន្ទរៈ១ ភារទ្វាជៈ១ តិស្សៈ១ ឧបតិស្សៈ១ ជាអ្នកផ្តាច់បង់នូវចំណង គឺភព ឈ្មោះ ឧបសីទរី១ សីទរី ជាអ្នកផ្តាច់បង់តណ្ហា១ បច្ចេកពុទ្ធ ឈ្មោះ មង្គលៈ មានរាគៈទៅប្រាសហើយ១ ឈ្មោះ ឧសភៈ បានផ្តាច់បង់នូវតណ្ហា ជាឫសនៃទុក្ខ១ ឧបណីតៈ បានដល់នូវចំណែក ដ៏ស្ងប់រម្ងាប់១ ឧបោសថៈ១ សុន្ទរៈ១ សច្ចនាមៈ១ ជេតៈ១ ជយន្តៈ១ បទុមៈ១ ឧប្បលៈ១ បទុមុត្តរៈ១ រក្ខិតៈ១ បព្វតៈ១ មានត្ថទ្ធៈ១ សោភិតៈ១ វីតរាគៈ១ កណ្ហៈ១ បានត្រាស់ដឹងហើយ មានចិត្តរួចវិសេសហើយ ព្រះបច្ចេកពុទ្ធ មានឈ្មោះប៉ុណ្ណេះ និងនៅមានឈ្មោះដទៃទៀត មានអានុភាពច្រើន មានតណ្ហា ជាគ្រឿងនាំទៅកាន់ភពអស់ហើយ អ្នកទាំងឡាយ ចូរថ្វាយបង្គំ នូវព្រះបច្ចេកពុទ្ធទាំងឡាយនោះ ដែលកន្លងនូវកិលេស ជាគ្រឿងជាប់ចំពាក់ទាំងពួង ស្វែងរកនូវគុណដ៏ប្រសើរ មានគុណរកប្រមាណមិនបាន ដែលបរិនិព្វានទៅហើយ។
ចប់ ឥសិគិលិសូត្រ ទី៦