តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » អនុបទវគ្គ »
ធ្វើដូចម្តេចដើម្បីទទួលបានសមាធិត្រឹមត្រូវ? តើការព្យាយាមដើម្បីបានសមាធិ និងការរំដោះ នៅឯណា? តើអ្វីជាការខិតខំប្រឹងប្រែងត្រឹមត្រូវ? តើអង្គនៃមគ្គរបស់សេខៈបុគ្គល (អរិយបុគ្គល៣ប្រភេទ) និងអង្គនៃមគ្គរបស់ព្រះអរហន្តខុសគ្នាដូម្ដេច?
mn 117 បាលី cs-km: sut.mn.117 អដ្ឋកថា: sut.mn.117_att PTS: ?
(ទី៧) មហាចត្តារីសកសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសិកា វិឡា
(៧. មហាចត្តារីសកសុត្តំ)
[២៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវសម្មាសមាធិ ដែលឥតទោស ព្រមទាំងបច្ច័យ ព្រមទាំងបរិវារ អ្នកទាំងឡាយ ចូរស្តាប់នូវសម្មាសមាធិនោះចុះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[២៥៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ ដែលឥតទោស ព្រមទាំងបច្ច័យ ព្រមទាំងបរិវារ តើអ្វីខ្លះ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្តមានអារម្មណ៍តែមួយណា មានអង្គទាំង៧នេះ ចោមរោមហើយ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្ត មានអារម្មណ៍តែមួយនេះ តថាគតហៅថា សម្មាសមាធិឥតទោស ព្រមទាំងបច្ច័យ ដូច្នេះផង ព្រមទាំងបរិវារ ដូច្នេះផង។
[២៥៤] ម្នាលភិក្ខុទាំងឡាយ បណ្តាអង្គមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន (ជាប្រធាន)។ ម្នាលភិក្ខុទាំងឡាយ ឯសម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គល ដឹងច្បាស់នូវមិច្ឆាទិដ្ឋិ ថាជាមិច្ឆាទិដ្ឋិ ដឹងច្បាស់នូវសម្មាទិដ្ឋិ ថាជាសម្មាទិដ្ឋិ។ សេចក្តីដឹងនោះ ជាសម្មាទិដ្ឋិ របស់បុគ្គលនោះ។
[២៥៥] ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីយល់ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល គ្រឿងបូជាតូច មិនមានផល គ្រឿងបូជាធំ មិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ សត្វជាឱបបាតិកៈកំណើត មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលព្រមព្រៀង ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ត្រាស់ដឹងនូវលោកនេះ និងលោកខាងមុខ មិនមាន នេះឈ្មោះថា មិច្ឆាទិដ្ឋិ។
[២៥៦] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាទិដ្ឋិ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺសម្មាទិដ្ឋិប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស ក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
[២៥៧] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីយល់ថា ទានដែលបុគ្គលឲ្យហើយ មានផល បូជាតូច មានផល បូជាធំ មានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ សត្វជាឱបបាតិកៈកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលព្រមព្រៀង ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ត្រាស់ដឹងនូវលោកនេះ និងលោកខាងមុខ ក៏មាន ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាទិដ្ឋិ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។
[២៥៨] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បញ្ញាបញ្ញិន្ទ្រិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គ សម្មាទិដ្ឋិ អង្គនៃមគ្គ របស់បុគ្គលមានចិត្តជាអរិយៈ មានចិត្តមិនមានអាសវៈ អ្នកបរិបូណ៌ដោយអរិយមគ្គ អ្នកចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាទិដ្ឋិដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះព្យាយាម ដើម្បីលះបង់នូវមិច្ឆាទិដ្ឋិ បំពេញនូវសម្មាទិដ្ឋិ។ សេចក្តីព្យាយាមនោះ ឈ្មោះថា សម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់នូវមិច្ឆាទិដ្ឋិ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាទិដ្ឋិ។ សតិនោះ ជាសម្មាសតិរបស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវសម្មាទិដ្ឋិ ដោយប្រការដូច្នេះឯង។
[២៥៩] ម្នាលភិក្ខុទាំងឡាយ បណ្តាអង្គមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវមិច្ឆាសង្កប្បៈ ថាជាមិច្ឆាសង្កប្បៈ ដឹងច្បាស់នូវសម្មាសង្កប្បៈ ថាជាសម្មាសង្កប្បៈ។ សេចក្តីដឹងច្បាស់នោះ ជាសម្មាទិដ្ឋិរបស់បុគ្គលនោះ។
[២៦០] ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ តើដូចម្តេច។ សេចក្តីត្រិះរិះក្នុងកាម សេចក្តីត្រិះរិះក្នុងការព្យាបាទ សេចក្តីត្រិះរិះក្នុងការបៀតបៀន ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា មិច្ឆាសង្កប្បៈ។
[២៦១] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាសង្កប្បៈ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
[២៦២] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ សេចក្តីត្រិះរិះក្នុងការចេញចាកកាម ត្រិះរិះក្នុងការមិនព្យាបាទ ត្រិះរិះក្នុងការមិនបៀតបៀន ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាសង្កប្បៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។
[២៦៣] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជញ្ជឹង រំពឹង ត្រិះរិះ ការញុំាងចិត្តឲ្យអែបនែប ការឲ្យជិតស្និទ្ធ ការលើកចិត្ត សភាវៈតាក់តែងនូវវាចា របស់បុគ្គលមានចិត្តជាអរិយៈ មានចិត្តឥតអាសវៈ បរិបូណ៌ដោយអរិយមគ្គ អ្នកចម្រើនអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាសង្កប្បៈដ៏ប្រសើរ ឥតអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់នូវមិច្ឆាសង្កប្បៈ ដើម្បីបំពេញនូវសម្មាសង្កប្បៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់នូវមិច្ឆាសង្កប្បៈ មានសតិផ្តេកផ្តួលចិត្ត ទៅតាមសម្មាសង្កប្បៈ ក៏សម្រេចសម្រាន្តនៅ។ សតិនោះ ឈ្មោះថា សម្មាសតិ របស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ រមែងតាមចោមរោម នូវសម្មាសង្កប្បៈ ដោយប្រការដូច្នេះឯង។
[២៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវមិច្ឆាវាចា ថាជាមិច្ឆាវាចា ដឹងច្បាស់នូវសម្មាវាចា ថាជាសម្មាវាចា។ សេចក្តីដឹងច្បាស់នោះ ជាសម្មាទិដ្ឋិ របស់បុគ្គលនោះ។
[២៦៥] ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា តើដូចម្តេច។ ការនិយាយកុហក សំដីញុះញង់ សំដីអាក្រក់ សំដីឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា មិច្ឆាវាចា។
[២៦៦] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាវាចា ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
[២៦៧] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ការវៀរចាកមុសាវាទ វៀរចាកវាចាញុះញង់ វៀរចាកវាចាអាក្រក់ វៀរចាកពាក្យឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាវាចា ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។
[២៦៨] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការតម ចៀស គេច វៀរចាកវចីទុច្ចរិតទាំង៤ប្រការ របស់បុគ្គលមានចិត្តជាអរិយៈ មានចិត្តឥតអាសវៈ បរិបូណ៌ដោយអរិយមគ្គ ចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាវាចាដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់ នូវមិច្ឆាវាចា បំពេញនូវសម្មាវាចា។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់នូវមិច្ឆាវាចា មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាវាចា។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ រមែងតាមចោមរោម នូវសម្មាវាចា ដោយប្រការដូច្នេះ។
[២៦៩] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវមិច្ឆាកម្មន្តៈ ថាជាមិច្ឆាកម្មន្តៈ ដឹងច្បាស់នូវសម្មាកម្មន្តៈ ថាជាសម្មាកម្មន្តៈ។ សេចក្តីដឹងច្បាស់នោះ ជាសម្មាទិដ្ឋិ របស់បុគ្គលនោះ។
[២៧០] ម្នាលភិក្ខុទាំងឡាយ មិច្ឆាកម្មន្តៈ តើដូចម្តេច។ ការសម្លាប់សត្វ ការលួចទ្រព្យគេ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា មិច្ឆាកម្មន្តៈ។
[២៧១] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាកម្មន្តៈ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺ សម្មាកម្មន្តៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
[២៧២] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការវៀរចាកសម្លាប់សត្វ វៀរចាកលួចទ្រព្យគេ វៀរចាកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាកម្មន្តៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។
[២៧៣] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការតម ចៀស គេច វៀរចាកកាយទុច្ចរិតទាំង៣ប្រការ របស់បុគ្គលមានចិត្តជាអរិយៈ មានចិត្តមិនមានអាសវៈ បរិបូណ៌ដោយអរិយមគ្គ អ្នកចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាកម្មន្តៈដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់ នូវមិច្ឆាកម្មន្តៈ ដើម្បីបំពេញនូវសម្មាកម្មន្តៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់នូវមិច្ឆាកម្មន្តៈ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាកម្មន្តៈ ហើយសម្រេចសម្រាន្តនៅ។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវសម្មាកម្មន្តៈ ដោយប្រការដូច្នេះ។
[២៧៤] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវមិច្ឆាអាជីវៈ ថាជាមិច្ឆាអាជីវៈ ដឹងច្បាស់នូវសម្មាអាជីវៈ ថាជាសម្មាអាជីវៈ។ សេចក្តីដឹងច្បាស់នោះ ជាសម្មាទិដ្ឋិ របស់បុគ្គលនោះ។
[២៧៥] ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ តើដូចម្តេច។ ការធ្វើសត្វលោកឲ្យស្ងើច និយាយលួងចងចិត្តគ្រហស្ថ ធ្វើបញ្ឆិតបញ្ឆៀងអួត លើកតំកើងខ្លួន ស្វែងលាភ ទាក់លាភ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា មិច្ឆាអាជីវៈ។
[២៧៦] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាអាជីវៈ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺ សម្មាអាជីវៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
[២៧៧] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវមិច្ឆាអាជីវៈ ចិញ្ចឹមជីវិតដោយសម្មាអាជីវៈ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាអាជីវៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។
[២៧៨] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការតម ចៀស គេច វៀរចាកមិច្ឆាអាជីវៈ របស់បុគ្គលមានចិត្តជាអរិយៈ មានចិត្តមិនមានអាសវៈ បរិបូណ៌ដោយអរិយមគ្គ ចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាអាជីវៈដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់នូវមិច្ឆាអាជីវៈ បំពេញនូវសម្មាអាជីវៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់នូវមិច្ឆាអាជីវៈ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាអាជីវៈ ហើយសម្រេចសម្រាន្តនៅ។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវសម្មាអាជីវៈនោះ ដោយប្រការដូច្នេះ។
[២៧៩] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ កើតមានដល់បុគ្គលមានសម្មាទិដ្ឋិ សម្មាវាចា កើតមានដល់បុគ្គលមានសម្មាសង្កប្បៈ សម្មាកម្មន្តៈ កើតមានដល់បុគ្គលមានសម្មាវាចា សម្មាអាជីវៈ កើតមានដល់បុគ្គលមានសម្មាកម្មន្តៈ សម្មាវាយាមៈ កើតមានដល់បុគ្គលមានសម្មាអាជីវៈ សម្មាសតិ កើតមានដល់បុគ្គលមានសម្មាវាយាមៈ សម្មាសមាធិ កើតមានដល់បុគ្គលមានសម្មាសតិ សម្មាញាណៈ កើតមានដល់បុគ្គលមានសម្មាសមាធិ សម្មាវិមុត្ត កើតមានដល់បុគ្គលមានសម្មាញាណៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអង្គ៨ ឈ្មោះថា សេខៈ ប្រកបដោយអង្គ១០ ឈ្មោះថា អរហន្ត ដោយប្រការដូច្នេះ។
[២៨០] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាទិដ្ឋិ មិច្ឆាទិដ្ឋិ តែងសាបសូន្យទៅ។ អកុសលធម៌ទាំងឡាយណា ដ៏លាមក ច្រើនប្រការ ដែលកើតឡើង ដោយមិច្ឆាទិដ្ឋិជាបច្ច័យ អកុសលធម៌ទាំងឡាយនោះ របស់បុគ្គលនោះ តែងសាបសូន្យ កុសលធម៌ទាំងឡាយដ៏ច្រើន ក៏ដល់នូវការបរិបូណ៌ ដោយភាវនាបាន ព្រោះសម្មាទិដ្ឋិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាសង្កប្បៈ មិច្ឆាសង្កប្បៈតែងសាបសូន្យ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាវាចា មិច្ឆាវាចាតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាកម្មន្តៈ មិច្ឆាកម្មន្តៈតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាអាជីវៈ មិច្ឆាអាជីវៈតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាវាយាមៈ មិច្ឆាវាយាមៈតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាសតិ មិច្ឆាសតិតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាសមាធិ មិច្ឆាសមាធិតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាញាណៈ មិច្ឆាញាណៈតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាវិមុត្តិ មិច្ឆាវិមុត្តិតែងសាបសូន្យ។ អកុសលធម៌ទាំងឡាយណា ដ៏លាមក ច្រើនប្រការ ដែលកើតដោយមិច្ឆាវិមុត្តិជាបច្ច័យ អកុសលធម៌ទាំងឡាយនោះ របស់បុគ្គលនោះ រមែងសាបសូន្យ កុសលធម៌ទាំងឡាយច្រើនប្រការ ក៏ដល់នូវការបរិបូណ៌ ដោយភាវនាបាន ព្រោះសម្មាវិមុត្តិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកុសល២០ ចំណែកខាងអកុសល២០ ដោយប្រការដូច្នេះ។ ធម្មបរិយាយឈ្មោះ មហាចត្តារីសកៈ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ សមណៈ ឬព្រាហ្មណ៍ ទេវតា មារ ឬព្រហ្ម បុគ្គលណាមួយក្នុងលោក ឲ្យប្រព្រឹត្តទៅ មិនបានឡើយ។
[២៨១] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ គប្បីសំគាល់នូវធម្មបរិយាយ ឈ្មោះ មហាចត្តារីសកៈនេះថា គួរតិះដៀល គួរហាមប្រាម វាទានុវាទ ប្រកបដោយធម៌ ១០ប្រការ របស់បុគ្គលនោះ រមែងដល់នូវឋានៈគួរតិះដៀល ក្នុងបច្ចុប្បន្ន។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាទិដ្ឋិ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាទិដ្ឋិ គួរអ្នកដ៏ចំរើនបូជាពួកសមណព្រាហ្មណ៍នោះ គួរអ្នកដ៏ចំរើនសរសើរពួកសមណព្រាហ្មណ៍នោះ។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសង្កប្បៈ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាសង្កប្បៈ គួរអ្នកដ៏ចំរើនបូជាពួកសមណព្រាហ្មណ៍នោះ គួរអ្នកដ៏ចំរើនសរសើរពួកសមណព្រាហ្មណ៍នោះ។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវាចា… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាកម្មន្តៈ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាអាជីវៈ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវាយាមៈ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសតិ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសមាធិ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាញាណៈ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវិមុត្តិ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាវិមុត្តិ គួរអ្នកដ៏ចំរើនបូជា ពួកសមណព្រាហ្មណ៍នោះ គួរអ្នកដ៏ចំរើនសរសើរពួកសមណព្រាហ្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ គប្បីសំគាល់នូវធម្មបរិយាយ ឈ្មោះ មហាចត្តារីសកៈនេះ ថាគួរតិះដៀល គួរឃាត់ហាម វាទានុវាទ ប្រកបដោយអង្គ ១០ប្រការនេះ របស់បុគ្គលនោះ តែងដល់នូវឋានៈគួរតិះដៀល ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា នៅក្នុងឧក្កលជនបទ ឈ្មោះ វស្សៈ១ ភញ្ញៈ១ ជាអហេតុវាទ អកិរិយវាទ នត្ថិកវាទ ជនទាំងឡាយនោះ មិនគប្បីសំគាល់នូវធម្មបរិយាយ ឈ្មោះ មហាចត្តារីសកៈ ថា គួរតិះដៀល មិនសំគាល់ថា គួរឃាត់ហាម ដំណើរនោះ ព្រោះហេតុអ្វី ព្រោះខ្លាចការនិន្ទា ប្រទូស្ត លើកទោស។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាចត្តារីសកសូត្រ ទី៧។