User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.119



កាយគតាសតិសូត្រ ទី៩

សង្ខេប

កាយ​​គតា​សតិ គឺជា​ការ​​រក្សា​ ការ​តាំង​សតិ​ឲ្យ​បរិបូណ៌​ ជាប់​នូវ​ជាមួយ​កាយ ជា​សតិប្ប​ដ្ឋាន​​គូ​ជាមួយ​នឹង​អនាបាន​ស្សតិ។ កាល​បើ​កាយ​គតា​សតិ ដែល​ភិក្ខុ បាន​ធ្វើ​ឲ្យ​​ថ្នឹក បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយៗ​ បាន​ធ្វើ​ឲ្យ​ដូច​ជា​យាន បាន​តំកល់ បាន​ប្រព្រឹត្ត​ឲ្យ​រឿយ​ៗ បាន​សន្សំ ប្រារព្ធ​ល្អ ផ្គូ​ផ្គង​ល្អ​ហើយ តែង​បាន​នូវ អានិ​សង្ស ១០​ប្រការ។

mn 119 បាលី cs-km: sut.mn.119 អដ្ឋកថា: sut.mn.119_att PTS: ?

(ទី៩) កាយគតាសតិសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា

អានដោយព្រះខេមានន្ទ

(៩. កាយគតាសតិសុត្តំ)

[២៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយ​ច្រើន​រូប ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ​ប្រជុំគ្នា ក្នុង​ឧបដ្ឋានសាលា កើតកថាក្នុងចន្លោះនេះថា ម្នាលអ្នកមានអាយុទាំងឡាយ អស្ចារ្យ​ណាស់ ម្នាលអ្នកមានអាយុទាំងឡាយ ចំឡែក​ណាស់ កាយគតាសតិ ដែលបុគ្គល​បាន​ចម្រើន បានធ្វើឲ្យរឿយៗហើយ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ ត្រាស់សរសើរថា មានផលច្រើន មានអានិសង្សច្រើន ដោយពិត។ នេះឯង ជាកថាក្នុងចន្លោះ ដែលភិក្ខុទាំងអម្បាលនោះ និយាយមិនទាន់ចប់។

[២៩៣] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងវេលា​រសៀល ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់​លើ​អាសនៈ ដែលគេតែងតាំងថ្វាយ។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ បានត្រាស់​នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយ​ប្រជុំគ្នា ដោយកថាអ្វី មួយទៀត កថាអ្វីក្នុងចន្លោះនេះ ដែលអ្នកទាំងឡាយ និយាយមិនទាន់ចប់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គ ត្រឡប់​មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ​ប្រជុំគ្នា ក្នុងឧបដ្ឋានសាលា កើតកថាក្នុងចន្លោះនេះថា ម្នាលអ្នកមានអាយុទាំងឡាយ អស្ចារ្យ​ណាស់ ម្នាលអ្នក​មាន​អាយុទាំងឡាយ ចំឡែក​ណាស់ កាយគតាសតិ ដែលបុគ្គល​បាន​ចម្រើន បានធ្វើឲ្យ​រឿយៗ​ហើយ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ ត្រាស់សរសើរថា មានផលច្រើន មានអានិសង្សច្រើន ដោយពិត បពិត្រព្រះអង្គដ៏ចំរើន នេះជាកថាក្នុងចន្លោះ ដែលពួកខ្ញុំព្រះអង្គ និយាយមិនទាន់ចប់ ស្រាប់តែព្រះអង្គ​ស្តេច​មក​ដល់។

[២៩៤] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលបុគ្គល​បាន​ចម្រើនដូចម្តេច បានធ្វើឲ្យរឿយៗដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះ​ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី​ដកដង្ហើមចេញ មានស្មារតីដកដង្ហើមចូល។ ភិក្ខុ កាល​ដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដក​ដង្ហើម​ចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ដកដង្ហើម​ចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដង្ហើមចេញទាំងពួង និងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដង្ហើមចូលទាំងពួង និងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ គឺដង្ហើមចេញ នឹង​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ គឺដង្ហើមចូល នឹងដកដង្ហើមចូល។ កាលភិក្ខុនោះមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានយ៉ាងនេះ ក៏បានលះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥។ ព្រោះលះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះចេញបាន ចិត្តខាងក្នុងក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[២៩៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ (ក្នុងសាសនានេះ) ទោះដើរ ក៏ដឹងច្បាស់ថា អាត្មាអញដើរ ទោះឈរ ក៏ដឹងច្បាស់ថា អាត្មាអញឈរ ទោះអង្គុយ ក៏ដឹងច្បាស់ថា អាត្មាអញអង្គុយ ទោះដេក ក៏ដឹងច្បាស់ថា អាត្មាអញដេក។ ឬក៏កាយ​របស់ភិក្ខុនោះ តំកល់នៅដោយអាការយ៉ាងណាៗ ភិក្ខុក៏ដឹងច្បាស់ នូវកាយនោះ ដោយ​អាការយ៉ាងនោះៗ។ កាលភិក្ខុនោះ មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះ ក៏បានលះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះ​ទៅ ដែលអាស្រ័យនូវកាមគុណ ទាំង៥បាន។ លុះលះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[២៩៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការទៅមុខ និងការថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការក្រឡេកមើលទៅមុខ និងក្រឡេក​មើល​ទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបត់ដៃជើង និងលាដៃជើង ធ្វើនូវ​សេចក្តីដឹង​ខ្លួន ក្នុងការទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ និងជញ្ជប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ និងនៅស្ងៀម។ កាលភិក្ខុនោះមិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះ ក៏បានលះបង់ នូវសេចក្តី​ត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥បាន។ ព្រោះលះបង់​សេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់​នូវ​ភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[២៩៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ពិចារណាឃើញច្បាស់ នូវ​កាយនេះឯង ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែល​មានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុង​កាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹក​រំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយ​ធញ្ញជាតិ មានប្រការផ្សេងៗ ធញ្ញជាតិទាំងនោះគឺ ស្រូវខ្សាយស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែល​មានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យ​មើល ដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែក​រាជមាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​ច្បាស់នូវកាយនេះឯង ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែល​មានស្បែកបិទបាំងជុំវិញ ពេញដោយ​វត្ថុ​មិន​ស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុង​កាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹក​រំអិល ទឹកមូត្រ ក៏មានឧបមេយ្យ ដូច្នោះឯង។ កាល​ភិក្ខុ​នោះ​មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន យ៉ាងនេះហើយ ក៏លះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យ​កាមគុណ​ ទាំង៥បាន។ លុះលះបង់នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះ​បាន​ហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏មាន។

[២៩៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ពិចារណាឃើញច្បាស់ នូវ​កាយនេះ​ឯង ដែលឋិតនៅយ៉ាងណា ដែលតំកល់​នៅយ៉ាងណា ដោយកំណត់​ថាគ្រាន់តែ​ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាលភិក្ខុទាំងឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បីសម្លាប់​គោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវ​ធំបែកជា៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណាឃើញច្បាស់ នូវ​កាយនេះ​ឯង ដែលឋិតនៅយ៉ាងណា ដែលតំកល់​នៅយ៉ាងណា ដោយកំណត់​គ្រាន់តែ​ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ក៏មានឧបមេយ្យ ដូច្នោះឯង។ កាល​ភិក្ខុ​នោះ​មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះហើយ ក៏លះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាម​គុណ​ទាំង៥បាន។ លុះលះបង់នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[២៩៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវ​សរីរៈស្លាប់ ដែល​គេចោលក្នុងព្រៃស្មសាន ទោះស្លាប់អស់ថ្ងៃ១ក្តី ស្លាប់អស់ថ្ងៃ២ក្តី ស្លាប់អស់ថ្ងៃ៣ក្តី ដែល​កំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូច​ម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹម​នឹងកាយនេះឯង ដូច្នេះថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយទៅជាយ៉ាងនេះ នឹង​កន្លងភាវៈយ៉ាងនេះ ពុំបានឡើយ។ កាលភិក្ខុនោះ ​មិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុត​កំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានយ៉ាងនេះហើយ ក៏លះបង់ នូវ​សេចក្តី​ត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥បាន។ លុះលះបង់នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់​ភាវៈ​ខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[៣០០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែល​គេចោល​ក្នុងព្រៃស្មសាន ក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់​ទាំងឡាយ កំពុងចឹកស៊ីក្តី ស្វានទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយ កំពុង​កកេរ​ស៊ីក្តី បាណកជាតិ (សត្វតូចៗ មានដង្កូវជាដើម) ទាំងឡាយផ្សេងៗ កំពុងជញ្ជក់​ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯង​ថា សូម្បីកាយនេះ ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយទៅជាយ៉ាងនេះ នឹងកន្លង​នូវភាវៈយ៉ាងនេះ ពុំបានឡើយ។ កាល​ភិក្ខុ​នោះ​មិនប្រមាទយ៉ាងនេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែល​គេចោល​ក្នុងព្រៃស្មសាន នៅសល់តែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម នៅមានសរសៃ​ជា​គ្រឿងចង… នៅសល់តែរាងឆ្អឹងឥតសាច់ តែនៅប្រឡាក់​ដោយឈាម មានសរសៃ​ជាគ្រឿង​ចង… នៅសល់តែរាងឆ្អឹង ប្រាសចាកសាច់និងឈាម តែនៅ​មានសរសៃ​ជាគ្រឿងចង… នៅសល់តែឆ្អឹងទទេ ប្រាសចាកសរសៃជាគ្រឿង​ចង ខ្ចាត់​ខ្ចាយរាត់រាយ ទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃទៅដោយឡែក ឆ្អឹងជើង​ទៅ​ដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹង​ខ្នងទៅដោយឡែក… លលាដ៏ក្បាលទៅដោយឡែក ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯង​ថា សូម្បីកាយនេះ ក៏គង់នឹង​មានសភាពយ៉ាងនេះ គង់នឹងក្លាយទៅជាយ៉ាងនេះ កន្លង​នូវភាវៈយ៉ាងនេះ ពុំបាន​ឡើយ។ កាល​ភិក្ខុ​នោះ ​មិនប្រមាទយ៉ាងនេះហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើន​កាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែល​គេចោល​ក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរដូចជាសម្បុរនៃស័ង្ខ… សល់នៅតែឆ្អឹង​ទទេ គរជាពំនូក កន្លងហួសមួយឆ្នាំហើយ… សល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាលំ​អិតតូច លំអិតធំ ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹង​កាយ​នេះឯង​ថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយ​ទៅ​យ៉ាងនេះ នឹងកន្លង​នូវភាវៈយ៉ាងនេះ ពុំបានឡើយ។ កាល​ភិក្ខុ​នោះ​មិនប្រមាទ​យ៉ាង​នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកធម៌ទាំងឡាយជាអកុសល ហើយចូលដល់បឋមជ្ឈាន ដែលប្រកប​ដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ឯកទេសបន្តិចបន្តួចនៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សេចក្តីស្ងប់ស្ងាត់ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាជាងកោរកាត់ ឬកូនសិស្សរបស់ជាងកោរកាត់ ដែលប៉ិនប្រសប់ រោយនូវលំអិតសម្រាប់ងូត ទៅក្នុងផ្តិល​សំរិទ្ធិ ហើយស្រោចស្រប់ ច្របល់ដោយទឹក។ ឯដុំលំអិតសម្រាប់ងូតនោះ ក៏រលាយទៅ​ដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំដោយទឹក ទាំងខាងក្នុង ទាំងខាងក្រៅ មិន​បានខ្ចាត់ខ្ចាយចេញពីគ្នាឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាង​ករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ក៏យ៉ាងនោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះ​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ វិចារៈ។បេ។ ក៏បានចូល​ទុតិយជ្ឈាន។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាអន្លង់ទឹកជ្រៅ មានទឹកជោរឡើង ប្រឡាយទឹកក្នុងទិសខាងកើត ក៏មិនមាន ប្រឡាយទឹក ក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយទឹកក្នុងទិសខាងជើង ក៏មិនមាន ប្រឡាយទឹកក្នុងទិសខាងត្បូង ក៏មិនមាន។ មួយយ៉ាងទៀត ភ្លៀងបង្អុរនូវធារទឹក ស្រួលសព្វៗកាលទៅ។ ក៏ស្រាប់តែធារទឹកត្រជាក់ជោរឡើង អំពីអន្លង់ទឹកនោះ ហើយញុំាង​អន្លង់ទឹកនោះឯង ឲ្យជោកជាំ ឲ្យពោរពេញ ឲ្យបរិបូណ៌ ឲ្យហូរហៀរ ដោយទឹកត្រជាក់ (នោះ) ឯកទេសបន្តិចបន្តួច នៃអន្លង់ទឹកទាំងអស់នោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាង​ករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ មិនមានឡើយ ក៏យ៉ាងដូច្នោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះ​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះនឿយណាយ ចាកបីតិ។បេ។ ក៏បានដល់តតិយជ្ឈាន។ ភិក្ខុនោះ ញុំាង​ករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃ​ឈូក​ក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី តែងកើតឡើងក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតលាស់​ឡើងតាមទឹក លិចនៅក្នុងទឹក ជោកជាំ ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹក​ត្រជាក់ តាំងអំពីចុង រហូតដល់គល់ ឯកទេសបន្តិចបន្តួច នៃផ្កាជលជាតិទាំងអស់នោះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយទឹកត្រជាក់នោះ មិនមានឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាង​ករជកាយនេះឯង ឲ្យជោកជាំ ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ​ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែល​ឈ្មោះថា មិនផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិនោះ មិនមានឡើយ ដូច្នោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះ​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើន​កាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះលះបង់នូវសេចក្តី​សុខផង។បេ។ ក៏ចូលកាន់​ចតុត្ថជ្ឈាន។ ភិក្ខុនោះ ក៏ផ្សព្វផ្សាយនូវ​ករជកាយនេះឯង ដោយចិត្តដ៏​បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់នោះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស យកសំពត់ស មកដណ្តប់កាយ ព្រមទាំងក្បាល អង្គុយ​នៅ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់បុរសនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយសំពត់សនោះ មិនមានឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុផ្សព្វផ្សាយនូវ​ករជកាយនេះឯង ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯកទេស​បន្តិច​បន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយចិត្ត​ដ៏បរិសុទ្ធ ផូរផង់នោះ មិនមានឡើយ ក៏ដូច្នោះឯង។ កាលភិក្ខុនោះ មិនប្រមាទ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះហើយ ក៏លះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥បាន។ ព្រោះលះ​បង់​នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[៣០៧] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយបានចំរើន បានធ្វើ​ឲ្យរឿយៗហើយ ភិក្ខុនោះ ឈ្មោះថា មានកុសលធម៌ណាមួយ ជាចំណែក​នៃវិជ្ជា តាំង​នៅក្នុងសន្តានបាន។ ម្នាលភិក្ខុទាំងឡាយ ដូចមហាសមុទ្រ ដែលភិក្ខុណាមួយ បាន​ផ្សាយ​ចិត្តទៅហើយ ភិក្ខុនោះឈ្មោះថា មានស្ទឹងតូចៗ ទាំងឡាយណាមួយ ដែលហូរមកកាន់​សមុទ្រ ក៏តាំងនៅក្នុងសន្តានចិត្ត ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែល​ភិក្ខុណាមួយបានចំរើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះឈ្មោះថា មានកុសលធម៌​ទាំង​ឡាយណាមួយ ដែលជាចំណែកនៃវិជ្ជា តាំងនៅក្នុងសន្តាន ដូច្នោះឯង។

[៣០៨] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចំរើន មិន​បាន​ធ្វើ​ឲ្យរឿយៗហើយ មារក៏បាននៅចន្លោះរបស់ភិក្ខុនោះ មារក៏បាននូវអារម្មណ៍ របស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចោលដុំថ្មដ៏ធ្ងន់ ទៅលើគំនរដីជ្រាយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះដូចម្តេច ដុំថ្មដ៏ធ្ងន់នោះ គួរនឹងបាន​នូវចន្លោះលើគំនរដីជ្រាយដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែល​ភិក្ខុណាមួយ មិនបានចំរើន មិនបានធ្វើឲ្យរឿយៗហើយ មារតែងបាននូវចន្លោះរបស់ភិក្ខុនោះ មារតែងបានអារម្មណ៍ របស់ភិក្ខុនោះ ដូច្នោះឯង។

[៣០៩] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើស្ងួតក្រៀម។ វេលានោះ មានបុរសមក​នាំយកឈើពំនួតខាងលើ ដោយគិតថា អាត្មាអញ នឹងញុំាងភ្លើងឲ្យកើតឡើង អាត្មាអញ នឹងធ្វើតេជោធាតុ (ឲ្យកើតឡើង)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តី​នោះ ដូចម្តេច បុរសនោះ នាំយកឈើពំនួតខាងលើ មកពួតនឹងឈើស្ងួតក្រៀមឯណោះ ឲ្យកើតជាភ្លើងឡើង ធ្វើឲ្យទៅជាតេជោធាតុ បានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ ធ្វើបាន។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យដូច​កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចំរើន មិនបានធ្វើឲ្យរឿយៗហើយ មារតែង​បាននូវចន្លោះ របស់ភិក្ខុនោះ មារតែងបាននូវអារម្មណ៍របស់ភិក្ខុនោះ។

[៣១០] ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមទឹកស្ងួតធេងទទេ ដែលគេដាក់លើជើង​សម្រាប់រង។ វេលានោះ មានបុរសទៅនាំយកទឹកមកចាក់ (ក្នុងក្អមនោះ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច បុរសនោះ គួរនឹងចាក់​ទឹក (ក្នុងក្អមនោះ) បានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចំរើន មិនបានធ្វើឲ្យ​រឿយ​ៗ​ហើយ មារតែង​បាននូវចន្លោះ របស់ភិក្ខុនោះ មារតែងបាននូវអារម្មណ៍របស់ភិក្ខុនោះ ក៏យ៉ាងដូច្នោះឯង។

[៣១១] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗហើយ មារមិន​បាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវ​អារម្មណ៍ របស់ភិក្ខុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់​ដុំអម្បោះដ៏ស្រាល ទៅលើសន្លឹកទ្វារ ដែលធ្វើពីឈើខ្លឹមសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច ដុំអម្បោះដ៏ស្រាលនោះ គួរនឹងបាននូវចន្លោះ​លើសន្លឹកទ្វារ ដែលធ្វើពីឈើខ្លឹមសុទ្ធដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចម្រើន បានធ្វើ​ឲ្យរឿយៗហើយ មារមិន​បាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវ​អារម្មណ៍ របស់ភិក្ខុនោះ ក៏យ៉ាងនោះឯង។

[៣១២] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើស្រស់ដែលប្រកបដោយជ័រ។ វេលានោះ មានបុរសទៅយកឈើពំនួតភ្លើងខាងលើមក ដោយគិតថា អាត្មាអញ នឹងញុំាងភ្លើង​ឲ្យកើត​ឡើង អាត្មាអញ នឹងធ្វើតេជោធាតុ (ឲ្យកើតឡើង)។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច បុរសនោះ នាំយកឈើពំនួតភ្លើង​ខាងលើ​ មកពួតនឹងឈើស្រស់ ដែលប្រកបដោយជ័រឯណោះ គួរឲ្យកើតជាភ្លើង គួរឲ្យ​ទៅជាតេជោធាតុបានដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ មារមិន​បាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវអារម្មណ៍ របស់ភិក្ខុនោះ​ឡើយ ក៏យ៉ាងដូច្នោះឯង។

[៣១៣] ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមទឹក ដ៏ពេញដោយទឹកស្មើត្រឹមកណ្តាប់មាត់ ល្មមក្អែកផឹកបាន ដែលគេដាក់លើជើងសម្រាប់រង។ ប្រសិនបើមានបុរសទៅដងទឹក យកមក​ចាក់ថែម (ក្នុងក្អមនោះទៀត)។ ម្នាលភិក្ខុទាំងឡាយ តើអ្នកទាំងឡាយ សំគាល់​នូវ​ហេតុនោះ ដូចម្តេច បុរសនោះ គួរនឹងចាក់ទឹកថែម (ទៅក្នុងក្អមនោះទៀត) បានដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ មារមិន​បាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវអារម្មណ៍ របស់ភិក្ខុនោះ​ឡើយ យ៉ាងដូច្នោះឯង។

[៣១៤] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយ​បញ្ញាដ៏​ក្រៃលែង ចំពោះធម៌ណាៗ​ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ក្រៃលែង កាលបើ​ហេតុនៃសតិ​មានហើយ ចិត្តក៏បានដល់នូវភាវៈជាក់ច្បាស់ ក្នុងធម៌នោះៗ។ ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមទឹក ដ៏ពេញដោយទឹកស្មើកណ្តាប់មាត់ ល្មមក្អែក​ឱនផឹក​បាន ដែលគេដាក់លើ​ជើងសម្រាប់រង។ ប្រសិនបើមានបុរសមានកំលាំង មកប៉ះពាល់ត្រូវក្អមទឹកនោះ (ឲ្យផ្អៀងទៅ) ខាងណាៗ ទឹកក៏ហូរមកខាងនោះៗដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ក្រៃលែង ចំពោះធម៌ណាៗ ដែលគួរធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញាដ៏ក្រៃលែង កាលបើហេតុនៃសតិមានហើយ ចិត្តក៏បានដល់នូវភាវៈ​ជាក់ច្បាស់ ក្នុងធម៌នោះៗ ដូច្នោះឯង។

[៣១៥] ម្នាលភិក្ខុទាំងឡាយ ដូចស្រះបោក្ខរណី ៤ជ្រុង។ មានភ្លឺជាប់ក្នុងផ្ទៃផែន​ដី​ក៏​ស្មើ ពេញដោយទឹកស្មើត្រឹមមាត់ ល្មមក្អែកឱនផឹកបាន។ បុរសអ្នកមានកំឡាំង គប្បី​ទំលាយ​ភ្លឺស្រះបោក្ខរណីនោះ អំពីខាងណាៗ ទឹកក៏ហូរមកខាងនោះៗ ដែរឬ។ ភិក្ខុទាំងឡាយ​ ក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ក្រៃលែង ចំពោះធម៌ណាៗ ដែលគួរធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញា ដ៏ក្រៃលែង កាលបើហេតុនៃសតិមានហើយ ចិត្តក៏បានដល់នូវភាវៈ​ជាក់ច្បាស់ ក្នុងធម៌នោះៗ ដូច្នោះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ ដូចជារថសេះអាជានេយ្យ ដែលសារថីទឹមហើយ ចត​ទុក នាផ្លូវធំបែកជា៤ លើផ្ទៃផែនដីក៏ស្មើល្អ មានជន្លួញក្នុងរវាងទាំងពីរ។ អ្នកទឹមរទេះ ដែល​ជាសារថី ចេះបង្ហាត់សេះជាអ្នកឈ្លាស ឡើងជិះរថនោះហើយ កាន់ខ្សែដោយ​ដៃឆ្វេង កាន់ជន្លួញដោយដៃស្តាំ បរទៅកាន់ទីដែល​ខ្លួនប្រាថ្នាហើយៗ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា​ដ៏​ក្រៃលែង ចំពោះធម៌ណាៗ ដែលគួរធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញាដ៏ក្រៃលែង កាលបើហេតុ​នៃ​សតិមានហើយ ចិត្តក៏បានដល់នូវភាវៈ​ជាក់ច្បាស់ ក្នុងធម៌នោះៗ ដូច្នោះឯង។

[៣១៧] ម្នាលភិក្ខុទាំងឡាយ កាលបើកាយគតាសតិ ដែលភិក្ខុ បានធ្វើឲ្យ​ថ្នឹក បានចំរើន បានធ្វើឲ្យរឿយៗ​ បានធ្វើឲ្យដូចជាយាន បានតំកល់ បានប្រព្រឹត្តឲ្យរឿយ​ៗ បានសន្សំ ប្រារព្ធល្អ ផ្គូផ្គងល្អហើយ តែងបាននូវ អានិសង្ស ១០ប្រការនេះ ជាប្រាកដ គឺភិក្ខុនោះ គ្របសង្កត់សេចក្តីត្រេកអរ ដោយសេចក្តី​មិនត្រេកអរបាន ទាំងសេចក្តី​មិន​ត្រេកអរ ក៏មិនគ្របសង្កត់ភិក្ខុនោះឡើយ ភិក្ខុនោះ តែងគ្របសង្កត់សេចក្តី​មិនត្រេកអរ ដែលកើតហើយ១។ ជាអ្នកគ្របសង្កត់នូវភ័យ និងសេចក្តីខ្លាចបាន ឯភ័យ និងសេចក្តី​ខ្លាច គ្របសង្កត់ភិក្ខុនោះពុំបានឡើយ ភិក្ខុនោះ តែងគ្របសង្កត់នូវភ័យ និងសេចក្តីខ្លាច ដែលកើតហើយ១។ ជាអ្នកអត់ធ្មត់ ចំពោះត្រជាក់ កំដៅ សេចក្តីឃ្លាន ស្រេក ចំពោះ​សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ជាអ្នកអត់ធ្មត់ ចំពោះ​គន្លងពាក្យ ដែលគេពោលអាក្រក់ ដែលមកអាក្រក់ ចំពោះទុក្ខវេទនាទាំងឡាយ ដែលកើតហើយ ដែលមានក្នុងសរីរៈ ជាវេទនាដ៏ខ្លាំងក្លា ក្រហល់ក្រហាយ មិនជាទី​ត្រេកអរ មិនជាទីពេញចិត្ត ដែលអាចនាំជីវិតចេញបាន១។ ភិក្ខុនោះ បានដូចសេចក្តី​ប្រាថ្នា បានមិនលំបាក បានមិនខុសវេលានូវឈាន ទាំង៤ ដែលប្រកប​ដោយចិត្តដ៏ឧត្តម ហើយនៅជាសុខ ក្នុងបច្ចុប្បន្ន១។ ភិក្ខុនោះ តែងបាននូវការតាក់តែង សំដែងឫទ្ធិ​បាន​ច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន ឬកាយច្រើន ធ្វើឲ្យត្រឡប់ទៅ​ជា​កាយ​តែមួយក៏បាន នៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន។បេ។ ញុំាង​អំណាចកាយ ឲ្យផ្សព្វផ្សាយ រហូតដល់ព្រហ្មលោក ក៏បាន១។ ភិក្ខុនោះ មាន​ត្រចៀក​ទិព្វ ដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេង​ទិព្វ និងសំឡេង​មនុស្ស ឆ្ងាយក៏បាន ជិតក៏បាន១។ ភិក្ខុនោះ អាចកំណត់ដឹងចិត្ត របស់​សត្វ​ដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តរបស់សត្វដទៃ ដែលប្រកបដោយរាគៈ​ក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ ចិត្តរបស់សត្វដទៃ ដែលប្រាសចាករាគៈក្តី។បេ។ ចិត្តដែល​ប្រកបដោយទោសៈក្តី… ចិត្តដែលប្រាសចាកទោសៈក្តី… ចិត្តដែលប្រកប​ដោយ​មោហៈក្តី… ចិត្តដែលប្រាសចាកមោហៈក្តី… ចិត្តដែលមូលអារម្មណ៍​ក្តី… ចិត្តដែលរាយ​មាយ​ក្តី… ចិត្តដែលជាមហគ្គតៈ គឺជារូបាវចរ និងអរូបាវចរក្តី… ចិត្តដែលមិនមែន​ជាមហគ្គតៈក្តី… ចិត្តដែលជាសឧត្តរៈ គឺជាលោកិយៈក្តី… ចិត្តដែល​ជាអនុត្តរៈ គឺជា​លោកុត្តរៈក្តី… ចិត្តដែលតាំងនៅល្អ ដោយសមាធិក្តី… ចិត្តដែល​មិនតាំង​នៅល្អ​ដោយសមាធិក្តី… ចិត្តដែលរួចចាកកិលេសាសវៈក្តី… ចិត្តដែលមិនទាន់រួច​ចាក​កិលេសាសវៈក្តី… ក៏ដឹងច្បាស់ថា ជាចិត្តមិនបានរួចចាកកិលេសាសវៈ១។ ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាស គឺលំដាប់ខន្ធ ដែលអាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ គឺ​រលឹកឃើញ១ជាតិ ២ជាតិ។បេ។ ព្រមទាំង​អាការ គឺរូប និងអាហារជាដើម ព្រមទាំង​ឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ១។ ភិក្ខុនោះ មានចក្ខុទិព្វ ដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វ ដែលច្យុត និងកើតឡើង ជាសត្វ​ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ មានរូបអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ។បេ។ បានដឹងនូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម របស់ខ្លួន ដោយប្រ​ការដូច្នេះ១។ ភិក្ខុនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ហើយ​សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំងបួន១។ ម្នាលភិក្ខុទាំងឡាយ កាលបើ​កាយគតាសតិ ដែលភិក្ខុបានធ្វើឲ្យថ្នឹក បានចំរើន បានធ្វើឲ្យរឿយៗ បានធ្វើ​ឲ្យដូច​ជាយាន បានតំកល់ បានប្រព្រឹត្តរឿយៗ បានប្រារព្ធល្អ ផ្គត់ផ្គង់ល្អហើយ តែង​បាននូវ អានិសង្ស ទាំង១០ប្រការ នេះឯង ជាប្រាកដ។ លុះ​ព្រះមានព្រះភាគ បាន​ត្រាស់​សូត្រនេះចប់ហើយ ភិក្ខុទាំងអម្បាលនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះ​ភាសិតព្រះមានព្រះភាគ។

ចប់ កាយគតាសតិសូត្រ ទី៩។

 

លេខយោង

km/tipitaka/sut/mn/sut.mn.119.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann