User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.121



ចូឡសុញ្ញតសូត្រ ទី១

សង្ខេប

ដូច​ម្ដេច​ដែល​ហៅ​ថា​ សុញ្ញត (ការ​​​សម្គាល់​នូវ​​ភាព​សូន្យ ឬ​ដំណើរ​​ទៅ​ក្នុង​ភាព​ទទេរ)?

mn 121 បាលី cs-km: sut.mn.121 អដ្ឋកថា: sut.mn.121_att PTS: ?

(ទី១) ចូឡសុញ្ញតសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា
sut.mn.121.aac

(១. ចូឡសុញ្ញតសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុង​ទី​សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ទូលសួរ នឹងព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងនគរតូច ជានិគមរបស់ពួកសក្យៈ ក្នុង​សក្កជនបទ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀន ក្នុងទីចំពោះ​ព្រះភក្ត្រ នៃព្រះមានព្រះភាគ ក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅច្រើនដោយការ​នៅ​ស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនុ៎ះ ឈ្មោះថា ខ្ញុំព្រះអង្គ បានស្តាប់ដោយប្រពៃ បានរៀន​ដោយ​ប្រពៃ បានធ្វើទុកក្នុងចិត្ត ដោយប្រពៃ បានចងចាំ ដោយប្រពៃហើយឬ។

[២] ព្រះមានព្រះភាគត្រាស់ថា អើអានន្ទ ពាក្យនុ៎ះ ឈ្មោះថា អ្នកបានស្តាប់ដោយប្រពៃ រៀន​ដោយប្រពៃ ធ្វើទុកក្នុងចិត្ត ដោយប្រពៃ ចងចាំដោយប្រពៃហើយ។ ម្នាលអានន្ទ កាលពីដើមក្តី ឥឡូវ​នេះក្តី តថាគតធ្លាប់នៅច្រើន ដោយការនៅស្ងប់ស្ងាត់។ ម្នាលអានន្ទ ប្រាសាទរបស់មិគារមាតានេះ សូន្យចាកដំរី គោ សេះ លា សូន្យចាកមាស និងប្រាក់ សូន្យចាកការជួបជុំស្រី និងប្រុសអស់ហើយ។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យភិក្ខុសង្ឃ មានឧបមា ដូចម្តេច​មិញ ម្នាលអានន្ទ មានឧបមេយ្យដូចជា ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវគាមសញ្ញា (សេចក្តីសំគាល់ថាស្រុក) មិនធ្វើទុកក្នុងចិត្ត នូវមនុស្សសញ្ញា (សេចក្តីសំគាល់ថាមនុស្ស) ទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យ​អរញ្ញសញ្ញា (សេចក្តីសំគាល់ថាព្រៃ) ក៏ដូច្នោះដែរ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអរញ្ញសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់ យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយ​ទាំងឡាយ​ណា នៅមាន ព្រោះអាស្រ័យគាមសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយណា នៅមាន ព្រោះអាស្រ័យមនុស្សសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះ​អាស្រ័យ​អរញ្ញសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកគាមសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកមនុស្សសញ្ញា។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអរញ្ញសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយ​ណា​ មិនដែលមាន ត្រង់កន្លែងនោះ ភិក្ខុក៏ពិចារណាឃើញ នូវសេចក្តីក្រវល់ក្រវាយនោះ ថាជារបស់សូន្យ ត្រង់កន្លែងនោះ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអានន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៣] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវមនុស្សសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា (សេចក្តីសគាល់ថាដី)។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ក្នុងបឋវីសញ្ញា។ ម្នាលអានន្ទ ស្បែកគោ ដែល​គេកោស គេរូស ដោយខ្នោស មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ មានឧបមេយ្យ ដូចជាទីណា ខ្ពស់ ទាប ឆ្លងទឹក ឆ្លងភក់ មានដង្គត់ និងបន្លាច្រូងច្រាង មានភ្នំរដិបរដុប ដែលមាននៅលើផែនដីនេះ ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវទីទាំងអស់នោះទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័បឋវីសញ្ញា ក៏ដូច្នោះដែរ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងបឋវីសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យមនុស្សសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណានៅមាន ព្រោះអាស្រ័យអរញ្ញសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកមនុស្សសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវ​សេចក្តី​សំគាល់ថាសូន្យ ចាកអរញ្ញសញ្ញា។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះ ភិក្ខុពិចារណាឃើញ នូវសេចក្តីក្រវល់ក្រវាយនោះ ថាជារបស់សូន្យ ត្រង់កន្លែងនោះ បើសេចក្តី​ក្រវល់​ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៤] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវបឋវីសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអាកាសានញ្ចាយតនសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអរញ្ញសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យបឋវីសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តី​ក្រវល់ក្រវាយនេះ បែរជានៅមាន គឺ នៅមានសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអរញ្ញសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកបឋវីសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះទេ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់កន្លែងនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុ ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៥] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្តនូវបឋវីសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវអាកាសានញ្ចាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្តនូវសភាវៈមួយ ព្រោះអាស្រ័យ​វិញ្ញាណញ្ចាយតនសញ្ញា។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងវិញ្ញាណញ្ចាយតនសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យបឋវីសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកបឋវីសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកាសានញ្ចាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះទេ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់កន្លែងនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅ ត្រង់កន្លែងនោះ ភិក្ខុក៏ ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៦] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអាកាសានញ្ចាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវវិញ្ញាណញ្ចាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអាកិញ្ចញ្ចាយតនសញ្ញា។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអាកិញ្ចញ្ចាយតនសញ្ញា។ ភិក្ខុនោះ ដឹង​ច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យ​អាកាសានញ្ចា​យតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យ​អាកិញ្ចញ្ចា​យតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកាសានញ្ចា​យតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកវិញ្ញាណញ្ចាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់កន្លែងនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់ទីនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៧] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវវិញ្ញាណញ្ចាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវអាកិញ្ចញ្ចាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យ​នេវសញ្ញានាសញ្ញា​យតនសញ្ញា។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយ​ទាំងឡាយណា នៅមាន ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យ​អាកិញ្ចញ្ចា​យតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកវិញ្ញាណញ្ចាយតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកិញ្ចញ្ញាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា នៅមានសល់ត្រង់ទីនោះ ភិក្ខុក៏ដឹងច្បាស់ថា សេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៨] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអាកិញ្ចញ្ញាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនេវសញ្ញានាសញ្ញាយតនសញ្ញា តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអនិមិត្តចេតោសមាធិ។1) ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអនិមិត្តចេតោសមាធិ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តី​ក្រវល់​ក្រវាយ​ទាំងឡាយណា នៅមាន ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យ​នេវសញ្ញា​នាសញ្ញាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺមាន ព្រោះអាស្រ័យនូវកាយ ដែលប្រកបដោយសឡាយតនៈនេះ ដោយមានជីវិតជាបច្ច័យ។ ភិក្ខុនោះ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកិញ្ចញ្ញាយតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកនេវសញ្ញា​នាសញ្ញាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមាន ព្រោះអាស្រ័យកាយ ដែល​ប្រកប​ដោយ​សឡាយតនៈនេះ ដោយមានជីវិតជាបច្ច័យ។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមាន​ក្នុងទីនោះ ភិក្ខុក៏ពិចារណា ឃើញសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សល់នៅក្នុងទីនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៩] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូអាកិញ្ចញ្ញាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនេវសញ្ញានាសញ្ញាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្តនូវសភាវៈមួយ ព្រោះអាស្រ័យ​អនិមិត្តចេតោសមាធិ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអនិមិត្តចេតោសមាធិ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អនិមិត្តចេតោសមាធិ នេះ អាត្មាអញ បានតាក់តែងហើយ បានរិះគិតសន្សំហើយ។ ភិក្ខុនោះដឹងទៀតថា បើធម្មជាតិណាមួយ ដែលអាត្មាអញ តាក់តែងហើយ រិះគិតសន្សំហើយ ធម្មជាតិនោះ មិនទៀង មានការរលត់ជាធម្មតា។ កាលបើភិក្ខុដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញ មានចិត្តរួចស្រឡះហើយ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ អាត្មាអញ បានប្រព្រឹត្តិស្រេចហើយ កិច្ចដែលអញត្រូវធ្វើ ក៏ធ្វើស្រេចហើយ មិនមានកិច្ចដទៃក្រៅពីនេះទៀតទេ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យកាមាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យភវាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអវិជ្ជាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមាន ព្រោះអាស្រ័យកាយ ដែលប្រកបដោយ​សឡាយតនៈនេះឯង ដោយមានជីវិតជាបច្ច័យ។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តី​សំគាល់ថាសូន្យ ចាកកាមាសវៈ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកភវាសវៈ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអវិជ្ជាសវៈ។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមាន ព្រោះអាស្រ័យកាយ ដែលប្រកបដោយសឡាយតនៈនេះឯង ដោយមានជីវិតជាបច្ច័យ។ សេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនេះ ថាជារបស់សូន្យ ពុំនោះ បើសេចក្តីក្រវល់ក្រវាយណា សល់នៅក្នុងទីនោះ ភិក្ខុក៏ដឹងច្បាស់ នូវ​សេចក្តី​ក្រវល់ក្រវាយ ដែលមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអានន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធ ប្រសើរក្រៃលែង យ៉ាងនេះឯង។

[១០] ម្នាលអានន្ទ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរ ក្រៃលែង ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តែងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង​នេះឯង។ ម្នាលអានន្ទ បើពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ នឹងចូល​កាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែងនេះឯង។ ម្នាលអានន្ទ បើពួកសមណៈ ឬព្រាហ្មណ៍​ណាមួយ ក្នុងបច្ចុប្បន្នកាល ចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តែងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែងនេះឯង។ ម្នាលអានន្ទ ហេតុនោះ ក្នុងសាសនានេះ ភិក្ខុត្រូវគិតថា យើងរាល់គ្នា នឹងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង។

ចប់ ចូឡសុញ្ញតសូត្រ ទី១។

 

លេខយោង

1)
អនិមិត្តចេតោសមាធិនោះ បានដល់សមាធិចិត្តដែលប្រកបដោយវិបស្សនា។ ព្រោះសមាធិនោះ ប្រាសចាកនិមិត្ត មានសេចក្តីមិនទៀងជាដើម បានជាលោកហៅថាអនិមិត្ត
km/tipitaka/sut/mn/sut.mn.121.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann