តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » សុញ្ញតវគ្គ »
ព្រះពុទ្ធ ទូន្មានព្រះអានន្ទ នូវសុញ្ញតផលសមាបត្តិ ដែលជាសមាធិឈមទៅរកការសម្គាល់នូវភាពសូន្យ ភាពទទេរ ឆ្ពោះទៅរកការត្រាស់ដឹង។
mn 122 បាលី cs-km: sut.mn.122 អដ្ឋកថា: sut.mn.122_att PTS: ?
(ទី២) មហាសុញ្ញតសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. មហាសុញ្ញតសុត្តំ)
[១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ នាដែនរបស់ពួកសក្កៈ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូទៅបិណ្ឌបាត ក្នុងក្រុងកបិលព័ស្តុ។ លុះព្រះអង្គចូលទៅបិណ្ឌបាត ក្នុងក្រុងកបិលព័ស្តុហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅកាន់វិហារ របស់សក្កៈ ឈ្មោះ កាឡខេមកៈ ដើម្បីសម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ។ សម័យនោះឯង ក្នុងវិហាររបស់កាឡខេមកសក្កៈ មានគេក្រាលសេនាសនៈទុកច្រើន។ លំដាប់នោះ ព្រះមានបុណ្យ ទ្រង់ទតឃើញសេនាសនៈច្រើន គេរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ។ លុះព្រះអង្គទតឃើញហើយ ក៏មានព្រះហឫទ័យត្រិះរិះ ដូច្នេះថា សេនាសនៈច្រើន គេរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ ទំនងជាមានពួកភិក្ខុច្រើន នៅក្នុងទីនេះទេដឹង។
[១២] សម័យនោះឯង ព្រះអានន្ទមានអាយុ កំពុងចាត់ចែង ដេរចីពរ ក្នុងវិហាររបស់ ឃដាយសក្កៈ ជាមួយនឹងពួកភិក្ខុច្រើនរូប។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់វិហាររបស់ឃដាយសក្កៈ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេរៀបចំទុក។ លុះព្រះអង្គគង់ស៊ប់ហើយ ក៏ត្រាស់សួរព្រះអានន្ទមានអាយុថា ម្នាលអានន្ទ សេនាសនៈច្រើន ដែលគេបានរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ ហើយមានទាំងពួកភិក្ខុនៅក្នុងទីនុ៎ះ អ្វីច្រើនម្ល៉េះ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សេនាសនៈច្រើន ដែលគេរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ ហើយមានពួកភិក្ខុច្រើននៅក្នុងទីនុ៎ះ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ពេលនេះ ជាពេលធ្វើចីវរ ប្រព្រឹត្តមកដល់យើងខ្ញុំទាំងឡាយ។
[១៣] ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នា មិនល្អទេ ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នានោះ ហើយបាន មិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអានន្ទ បើភិក្ខុណា ចេញចាកពួក ហើយទៅនៅតែម្នាក់ឯង ភិក្ខុនោះ នឹងបាន មិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ជាប្រាកដ ពាក្យដូច្នេះនេះ ទើបសមហេតុ។ ម្នាលអានន្ទ ភិក្ខុនោះ ត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងគ្នីគ្នា រីករាយនឹងគ្នីគ្នា អាចនឹងចូលកាន់ចេតោវិមុត្តិ ដែលផុតស្រឡះចាកកិលេស ជាទីរីករាយ ឬនឹងចូលកាន់ចេតោវិមុត្តិ ដែលមិនទាន់ផុតស្រឡះចាកពួកកិលេស ជាវិមុត្តិមិនកំរើក ដោយកិលេសបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអានន្ទ លុះតែភិក្ខុណា ចេញចាកពួក ហើយទៅសម្ងំនៅតែម្នាក់ឯង ភិក្ខុនោះ នឹងចូលកាន់ចេតោវិមុត្តិ ដែលផុតចាកពួកកិលេស ជាទីរីករាយ ឬនឹងចូលកាន់ចេតោវិមុត្តិ ដែលមិនទាន់ផុតចាកពួកកិលេស ជាវិមុត្តិមិនកំរើកដោយកិលេស ជាប្រាកដ ពាក្យដូច្នេះនេះ ទើបសមហេតុ។ ម្នាលអានន្ទ តថាគត ពិចារណារកមើលមិនឃើញនូវរូប សូម្បីតែមួយ ដែបុគ្គលត្រេកអរ ត្រេកត្រអាលយ៉ាងមំាំ ហើយមិនកើតសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីតានតឹង ព្រោះមិនមានការប្រែប្រួលទៅជាប្រការដទៃ នោះសោះឡើយ។
[១៤] ម្នាលអានន្ទ វិហារធម៌ (ការនៅ) ក្នុងទីស្ងាត់ តថាគត បានត្រាស់ដឹងហើយ គឺបានសម្រេច នូវសុញ្ញតផលសមាបត្តិក្នុងសន្តាន ព្រោះមិនធ្វើទុកក្នុងចិត្ត នូវសង្ខតនិមិត្តទាំងអស់ (មានរូបជាដើម)។ ម្នាលអានន្ទ បើពួកភិក្ខុក្តី ពួកភិក្ខុនីក្តី ពួកឧបាសកក្តី ពួកឧបាសិកាក្តី ពួកព្រះរាជាក្តី ពួករាជមហាមាត្យក្តី ពួកតិរ្ថិយក្តី ពួកសាវ័កនៃតិរ្ថិយក្តី ជាអ្នកចូលមករកតថាគត ជាភគវន្ត ដែលកំពុងនៅដោយវិហារធម៌នេះ ម្នាលអានន្ទ តថាគតឋិតនៅ ក្នុងកណ្តាលបរិស័ទនោះ ក៏មានចិត្តឈមទៅរកវិវេក បែរទៅរកវិវេក ទោរទន់ទៅរកវិវេក ស្ងាត់ចាកពួកគណៈ ត្រេកអរនឹងនេក្ខម្មៈ ប្រាសចាកធម៌ ដែលជាទីតាំងនៃអាសវៈ ជាអ្នកធ្វើនូវពាក្យ ដែលប្រកបដោយការដាស់តឿន ឲ្យវៀរចាកធម៌ជាទីតាំងនៃអាសវៈ សព្វគ្រប់ ដោយពិត។ ម្នាលអានន្ទ ហេតុនោះ ភិក្ខុក្នុងសាសនានេះ បើមានសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីសម្រេច នូវសុញ្ញតផលសមាបត្តិ ខាងក្នុង គឺ បញ្ចក្ខន្ធរបស់ខ្លួន ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្ត ត្រូវញ៉ាំងចិត្តឲ្យរីករាយ ត្រូវធ្វើចិត្តឲ្យស្ងប់ស្ងាត់ ត្រូវធ្វើចិត្តឲ្យជ្រះថ្លា ខាងក្នុង តែមួយយ៉ាង។
[១៥] ម្នាលអានន្ទ ចុះភិក្ខុតាំងចិត្ត ធ្វើចិត្តឲ្យរីករាយ ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យជ្រះថ្លា ខាងក្នុង គឺ បញ្ចក្ខន្ធរបស់ខ្លួន តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក… ចូលកាន់ទុតិយជ្ឈាន… ចូលកាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលអានន្ទ ភិក្ខុតាំងចិត្ត ធ្វើចិត្តឲ្យជ្រះថ្លា ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យរីករាយ ខាងក្នុង យ៉ាងនេះឯង។ ភិក្ខុនោះ ឈ្មោះថា ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង។ តែកាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិខាងក្នុងទេ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងច្បាស់យ៉ាងនេះថា កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិ ខាងក្នុងទេ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្រៅ គឺ បញ្ចក្ខន្ធអ្នកដទៃ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង និងខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវសេចក្តីមិនញាប់ញ័រ គឺ អរូបសមាបត្តិ។ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងច្បាស់ យ៉ាងនេះថា កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្ត ធ្វើចិត្តឲ្យជ្រះថ្លា ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យរីករាយ ខាងក្នុង ក្នុងសមាធិនិមិត្ត ពីមុននោះវិញ។ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង។ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិខាងក្នុង។ ម្នាលអានន្ទ កាលបើចិត្តនុ៎ះ ស្ងប់ស្ងាត់យ៉ាងនេះ ភិក្ខុក៏ដឹងច្បាស់ យ៉ាងនេះថា កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិ ខាងក្នុង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង និងខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រ។ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងច្បាស់យ៉ាងនេះថា កាលអាត្មាអញធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។
[១៦] ម្នាលអានន្ទ កាលបើភិក្ខុនោះ នៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅ ដើម្បីចង្ក្រម។ ភិក្ខុនោះចង្ក្រម ដោយគិតដូច្នេះថា អកុសលធម៌ទាំងឡាយ ដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងចង្ក្រម យ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅដើម្បីកិរិយាឈរ។ ភិក្ខុនោះ ឈរដោយគិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងឈរយ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅដើម្បីអង្គុយ។ ភិក្ខុនោះ ក៏អង្គុយ ដោយគិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងអង្គុយនៅ យ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ នៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅដើម្បីដេក។ ភិក្ខុនោះ ក៏ដេក ដោយគិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងដេក យ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់នូវហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅ ដើម្បីនិយាយ។ ភិក្ខុនោះ គិតថា កថាណាថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ មិនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន គឺរាជកថា (និយាយពីព្រះរាជា) ចោរកថា (និយាយពីចោរ) មហាមត្តកថា (និយាយពីអាមាត្រធំ) សេនាកថា (និយាយពីសេនា) ភយកថា (និយាយពីភ័យ) យុទ្ធកថា (និយាយពីចម្បាំង) អន្នកថា (និយាយពីបាយ) បានកថា (និយាយពីទឹក) វត្ថកថា (និយាយពីសំពត់) សយនកថា (និយាយពីដំណេក) មាលាកថា (និយាយពីកម្រងផ្កា) គន្ធកថា (និយាយពីគ្រឿងក្រអូប) ញាតិកថា (និយាយពីញាតិ) យានកថា (និយាពីយានជំនិះ) គាមកថា (និយាយពីស្រុក) និគមកថា (និយាយពីនិគម) នគរកថា (និយាយពីក្រុង) ជនបទកថា (និយាយពីជនបទ) ឥត្ថីកថា (និយាយពីស្ត្រី) សូរកថា (និយាយពីមនុស្សក្លៀវក្លា) វិសិខាកថា (និយាយពីកំប៉ោយ) កុម្ភដ្ឋានកថា (និយាយពីកន្លែងដាក់ក្អមទឹក ឬកន្លែងកំណប់) បុព្វប្បេតកថា (និយាយពីមនុស្ស ដែលស្លាប់ហើយ) នានត្តកថា (និយាយពីមនុស្សផ្សេងៗគ្នា) លោកក្ខាយិកា (និយាយពីព្រហ្មកសាងលោក) សមុទ្ទក្ខាយិកា (និយាយពីព្រហ្មកសាងសមុទ្រ) និយាយអំពីភពតូច និងភពធំ ថា ដូច្នោះខ្លះ ដូច្នេះខ្លះ អាត្មាអញ មិននិយាយនូវកថា មានសភាពយ៉ាងនោះឡើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កថាណាផូរផង់ ជាទីសប្បាយ ដល់ការពិចារណា តាមដំណើរចិត្តប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន គឺអប្បិច្ឆកថា (និយាយពីសេចក្តីប្រាថ្នាតិច) សន្តុដ្ឋិកថា (និយាយពីសេចក្តីសន្តោស) បវិវេកកថា (និយាយពីសេចក្តីស្ងប់ស្ងាត់) អសំសគ្គកថា (និយាយពីការមិនជាប់ជំពាក់) វីរិយារម្ភកថា (និយាយពីការប្រារព្ធព្យាយាម) សីលកថា (និយាពីសីល) សមាធិកថា (និយាយពីសមាធិ) បញ្ញាកថា (និយាយពីប្រាជ្ញា) វិមុត្តិកថា (និយាយពីការរួចចាកកិលេស) វិមុត្តិញ្ញាណទស្សនកថា (និយាយពីការឃើញដោយបញ្ញា ចំពោះកិរិយារួចចាកកិលេស) អាត្មាអញ នឹងនិយាយតែកថា មានសភាពយ៉ាងនោះឯង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅ ដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅ ដើម្បីវិតក្កៈ (សេចក្តីត្រិះរិះ)។ ភិក្ខុនោះគិតថា វិតក្កៈទាំងឡាយណា ដែលថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ មិនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាករាគៈ មិនប្រព្តឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹង មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន គឺកាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ អាត្មាអញ នឹងមិនត្រិះរិះ ដោយវិតក្កៈ មានសភាពយ៉ាងនោះឡើយ។ ភិក្ខុនោះ ជាអ្នកដឹង ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ វិតក្កៈទាំងឡាយណា ដ៏ប្រសើរ ជានិយ្យានិកៈ ដឹកនាំសត្វ តែងដឹងនាំបុគ្គលជាអ្នកធ្វើតាមពុទ្ធវចនៈនោះ ឲ្យអស់ទៅនៃទុក្ខដោយប្រពៃបាន គឺនេក្ខម្មវិតក្កៈ អព្យាបាទវិតក្កៈ អវិហឹសាវិតក្កៈ ភិក្ខុគិតថា អាត្មាអញ នឹងត្រិះរិះនូវវិតក្កៈទាំងឡាយ មានសភាពយ៉ាងនោះឯង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។
[១៧] ម្នាលអានន្ទ កាមគុណនេះ មាន៥ប្រការ កាមគុណ ៥ប្រការ គឺអ្វីខ្លះ រូបទាំងឡាយ ដែលបុគ្គលដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក១ សំឡេងទាំងឡាយ ដែលបុគ្គលដឹងដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលបុគ្គលដឹងដោយច្រមុះ…១ រសទាំងឡាយ ដែលបុគ្គលដឹងដោយអណ្តាត…១ ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក១ ម្នាលអានន្ទ កាមគុណ៥ប្រការនេះឯង។ ភិក្ខុត្រូវពិចារណាចិត្តរបស់ខ្លួន ឲ្យរឿយៗថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់ចិត្ត នៃអាត្មាអញ កើតឡើង ក្នុងហេតុជាទីកើតនៃកិលេស ចំពោះកាមគុណណាមួយ មានដែរឬទេ។ ម្នាលអានន្ទ បើភិក្ខុពិចារណាទៅ ដឹងយ៉ាងនេះថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់នៃចិត្តរបស់អាត្មាអញ កើតឡើង ក្នុងហេតុជាទីកើតនៃកិលេស ចំពោះកាមគុណណាមួយ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងយ៉ាងនេះថា តម្រេកណា ដែលកើតក្នុងកាមគុណ ទាំង៥នេះ តម្រេកនោះ អាត្មាអញ មិនទាន់លះបង់បានទេ។ ម្នាលអានន្ទ មួយទៀត បើភិក្ខុពិចារណាទៅ ដឹងយ៉ាងនេះថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់នៃចិត្តរបស់អាត្មាអញ មិនកើតឡើង ក្នុងហេតុជាទីកើតនៃកិលេស ចំពោះកាមគុណណាមួយទេ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុក៏ដឹងយ៉ាងនេះថា សេចក្តីប្រាថ្នាណា ក្នុងកាមគុណ ទាំង៥នេះ សេចក្តីប្រាថ្នានោះ អាត្មាអញ បានលះបង់ហើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។
[១៨] ម្នាលអានន្ទ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ភិក្ខុត្រូវប្រព្រឹត្ត ដោយកិរិយាពិចារណាឃើញ នូវសេចក្តីកើត និងសេចក្តីរលត់ ដូច្នេះថា រូបដូច្នេះ ការកើតឡើងនៃរូប ដូច្នេះ ការវិនាសទៅនៃរូប ដូច្នេះ វេទនាដូច្នេះ… សញ្ញាដូច្នេះ… សង្ខារទាំងឡាយដូច្នេះ… វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅ នៃវិញ្ញាណ ដូច្នេះ។ កាលបើភិក្ខុនោះ ពិចារណាឃើញច្បាស់ នូវការកើត និងការរលត់ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ភិក្ខុនោះ រមែងលះបង់អស្មិមានះ ក្នុងឧបាទានក្ខន្ធ ទាំង៥ ចេញបាន។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុដឹងយ៉ាងនេះថា អាត្មាអញ បានលះបង់អស្មិមានះ ក្នុងឧបាទានក្ខន្ធ ទាំង៥ បានហើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ធម៌ទាំងឡាយនេះឯង ជាប់មកតាមកុសល ដោយចំណែកមួយ ដ៏បរិសុទ្ធ ប្រសើរក្នុងលោក ដែលមារមានចិត្តបាប មិនអាចគ្របសង្កត់បាន។ ម្នាលអានន្ទ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច សាវ័កពិចារណាឃើញ នូវអំណាចនៃប្រយោជន៍ដូចម្តេច បានជាមិនហៅរក តែគួរដើរតាមសាស្តា។ ព្រះអានន្ទ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងសេចក្តី នៃភាសិតនុ៎ះ ដោយប្រពៃ ដល់យើងខ្ញុំ ពួកភិក្ខុស្តាប់ភាសិត របស់ព្រះអង្គហើយ នឹងចងចាំទុក។
[១៩] ម្នាលអានន្ទ សាវ័កមិនគួរដើរតាមតែព្រះសាស្តាទេ គឺថា គួរតែស្តាប់នូវសុត្តៈ គេយ្យៈ វេយ្យាករណៈ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលអានន្ទ ព្រោះថា ធម៌ទាំងឡាយ អ្នកទាំងឡាយ ក៏បានស្តាប់ បានទ្រទ្រង់ ចាំរត់មាត់ ស្ទាត់ក្នុងចិត្ត ចាក់ធ្លុះដោយទិដ្ឋិ ជាយូរយារហើយ។ ម្នាលអានន្ទ មួយទៀត កថាណា ផូរផង់ក្រៃលែង ជាទីសប្បាយ ដល់កិរិយាពិចារណាដោយចិត្ត ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន កថានោះ គឺ អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា ម្នាលអានន្ទ សាវ័កគួរតែស្តាប់នូវកថា មានសភាពយ៉ាងនោះ ទើបឈ្មោះថា មិនហៅរក តែគួរដើរតាមសាស្តា។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ឧបទ្រពអាចារ្យ ក៏មាន កាលបើមានហេតុយ៉ាងនេះ ឧបទ្រពកូនសិស្ស ក៏មាន កាលបើមានហេតុយ៉ាងនេះ ឧបទ្រពព្រហ្មចារ្យ ក៏មាន។
[២០] ម្នាលអានន្ទ ឧបទ្រពអាចារ្យ តើដូចម្តេច។ ម្នាលអានន្ទ សាស្តាខ្លះ ក្នុងលោកនេះ នៅអាស្រ័យ នឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ កាលដែលសាស្តានោះ ចៀសចេញចាកពួកគណៈដូច្នោះ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាម (បែបផែននោះ)។ កាលបើព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ប្រព្រឹត្តតាមដូច្នោះហើយ សាស្តានោះ ប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភវិញ។ ម្នាលអានន្ទ នេះតថាគតហៅថា ឧបទ្រពអាចារ្យ ព្រោះឧបទ្រព គឺកិលេស កើតក្នុងអាចារ្យ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំឲ្យកើតក្នុងភពថ្មីទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ ជរា និងមរណៈ តទៅមុខ ក៏សម្លាប់នូវសាស្តានោះ។ ម្នាលអានន្ទ យ៉ាងនេះឯង ជាឧបទ្រពអាចារ្យ។
[២១] ម្នាលអានន្ទ ចុះ ឧបទ្រពសិស្ស តើដូចម្តេច។ ម្នាលអានន្ទ សាវ័ករបស់សាស្តានោះឯង កាលចំរើនវិវេក យកតម្រាប់សាស្តានោះ ក៏អាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមសាវ័ក ដែលចេញចាកពួកដូច្នោះ។ សាវ័កនោះ ប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួកព្រាហ្មណ៍ និងគហបតី អ្នកនិគម អ្នកជនបទ ដែលប្រព្រឹត្តតាម (ទាំងអម្បាលនោះ) វិញ។ ម្នាលអានន្ទ នេះ តថាគត ហៅថា ឧបទ្រពសិស្ស ព្រោះឧបទ្រព គឺកិលេស កើតក្នុងសិស្ស។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំឲ្យកើត ក្នុងភពថ្មីទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ ជរា និងមរណៈតទៅ ក៏សម្លាប់នូវសាវ័កនោះ។ ម្នាលអានន្ទ យ៉ាងនេះឯង ជាឧបទ្រពសិស្ស។
[២២] ម្នាលអានន្ទ ចុះឧបទ្រពព្រហ្មចារ្យ តើដូចម្តេច។ ម្នាលអានន្ទ ព្រះតថាគត ឆ្ងាយចាកសឹកសត្រូវ គឺកិលេស ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវចតុរារិយសច្ច មិនត្រឡប់មកកាន់ត្រៃភព ព្រះអង្គកើតឡើងក្នុងលោកនេះ។ ព្រះតថាគតនោះ អាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមព្រះតថាគត ដែលចេញចាកពួកដូច្នោះ។ ព្រះតថាគតនោះ មិនប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ មិនដល់នូវសេចក្តីត្រេកអរ មិនត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ដែលប្រព្រឹត្តតាម (នោះ) ទេ។ ម្នាលអានន្ទ តែថាសាវ័ករបស់សាស្តានោះឯង ចំរើនវិវេក យកតម្រាប់សាស្តានោះ ក៏នៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមសាវ័ក ដែលចេញចាកពួកដូច្នោះ។ សាវ័កនោះ បែរជាប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួក ព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ដែលប្រព្រឹត្តតាមនោះវិញ។ ម្នាលអានន្ទ នេះឯង តថាគតហៅថា ឧបទ្រពព្រហ្មចារ្យ ព្រោះឧបទ្រព គឺកិលេស ក្នុងព្រហ្មចារ្យ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំឲ្យកើត ក្នុងភពថ្មីទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ ជរា និងមរណៈតទៅ ក៏សម្លាប់នូវសាវ័កនោះ។ ម្នាលអានន្ទ យ៉ាងនេះឯង ជាឧបទ្រពព្រហ្មចារ្យ។ ម្នាលអានន្ទ បណ្តា ឧបទ្រពទាំងនោះ ឧបទ្រព្យអាចារ្យក្តី ឧបទ្រពសិស្សក្តី ឲ្យផលជាទុក្ខ ល្មមទេ ចំណែកឧបទ្រពព្រហ្មចារ្យនេះ ទើបឲ្យផលជាទុក្ខ យ៉ាងក្រៃលែង ឲ្យផលផ្សាក្តៅយ៉ាងក្រៃលែង ជាងឧបទ្រពអាចារ្យ និងឧបទ្រពសិស្សទាំងនោះទៅទៀត មិនតែប៉ុណ្ណោះ ប្រព្រឹត្តទៅ ដើម្បីធ្លាក់ចុះទៅកាន់អបាយ។ ម្នាលអានន្ទ ហេតុនោះ អ្នកទាំងឡាយចូររាប់អានតថាគត ដោយសេចក្តីប្រតិបត្តិថាជាមិត្ត កុំរាប់អានតថាគត ដោយសេចក្តីប្រតិបត្តិថា ជាអ្នកមានពៀរឡើយ សេចក្តីប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ អស់កាលជាអង្វែងទៅ។
[២៣] ម្នាលអានន្ទ ចុះពួកសាវ័ក រាប់អានសាស្តា ដោយសេចក្តីប្រតិបត្តិ ជាអ្នកមានពៀរ មិនរាប់អានសាស្តា ដោយសេចក្តីប្រតិបត្តិជាមិត្ត តើដូចម្តេច។ ម្នាលអានន្ទ សាស្តាក្នុងលោកនេះ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ ប្រកបដោយសេចក្តីអនុគ្រោះ ទើបសំដែងធម៌ ដល់ពួកសាវ័កថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ ឯពួកសាវ័ក របស់សាស្តានោះ មិនស្តាប់ដោយគោរព មិនផ្ទៀងត្រចៀកស្តាប់ មិនញ៉ាំងចិត្ត ដែលត្រាច់ទៅ ក្នុងទីដទៃ ឲ្យតាំងនៅនឹង លះបង់លែងប្រព្រឹត្តតាមសាសនា របស់សាស្តា។ ម្នាលអានន្ទ ពួកសាវ័ករាប់អានសាស្តា ដោយប្រតិបត្តិ ជាអ្នកមានពៀរ មិនរាប់អានដោយសេចក្តីប្រតិបត្តិ ដើម្បីជាមិត្ត យ៉ាងនេះឯង។
[២៤] ម្នាលអានន្ទ ចុះពួកសាវ័ករាប់អានសាស្តា ដោយសេចក្តីប្រតិបត្តិជាមិត្ត មិនរាប់អានដោយសេចក្តីប្រតិបត្តិជាអ្នកមានពៀរ តើដូចម្តេច។ ម្នាលអានន្ទ សាស្តាក្នុងលោកនេះ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ ប្រកបដោយសេចក្តីអនុគ្រោះ ទើបសំដែងធម៌ ដល់ពួកសាវ័កថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ ពួកសាវ័ក របស់សាស្តានោះ ខំប្រឹងស្តាប់ ផ្ទៀងត្រចៀកស្តាប់ ញ៉ាំងចិត្ត ដែលត្រេចទៅ ក្នុងទីដទៃ ឲ្យតាំងនៅនឹង ទាំងមិនលះបង់ លែងប្រព្រឹត្តតាមសាសនា របស់សាស្តាឡើយ។ ម្នាលអានន្ទ ពួកសាវ័ក រាប់អានសាស្តា ដោយសេចក្តីប្រតិបត្តិជាមិត្ត មិនរាប់អានដោយសេចក្តីប្រតិបត្តិ ជាអ្នកមានពៀរយ៉ាងនេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ គួររាប់អានតថាគត ដោយសេចក្តីប្រតិបត្តិជាមិត្តចុះ កុំរាប់អានតថាគតដោយសេចក្តីប្រតិបត្តិ ជាអ្នកមានពៀរឡើយ ការប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយ អស់កាលជាអង្វែងទៅ។ ម្នាលអានន្ទ ស្មូនឆ្នាំង កាន់ភាជន៍ទទឹកមិនទាន់ស្ងួត (ថ្នមមិនឲ្យបែក) យ៉ាងណា តថាគត មិនបៀតបៀនអ្នកទាំងឡាយយ៉ាងនោះដែរ។ ម្នាលអានន្ទ តថាគតសង្កត់សង្កិនហើយ ប្រៀនប្រដៅរឿយៗ ម្នាលអានន្ទ តថាគតបន្សាត់បង់ បំផ្លាញបង់នូវទោសចេញហើយ ប្រៀនប្រដៅថែមទៀត ដោយគិតថានឹងឲ្យអ្នកទាំងឡាយ មានសារៈ គឺមគ្គផលតាំងនៅក្នុងសន្តាន។ លុះព្រះមានបុណ្យ បានត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។
ចប់ មហាសុញ្ញតសូត្រ ទី២។