km:tipitaka:sut:mn:sut.mn.123



អច្ឆរិយព្ភូតធម្មសូត្រ ទី៣

សង្ខេប

តើធម៌ដ៏អស្ចារ្យអ្វីខ្លះ ដែលអ្នកធ្លាប់បានស្តាប់ ការពិពណ៌នាពីព្រះពុទ្ធ? អច្ឆរិយព្ភូតធម៌ របស់ព្រះរបស់សម្មាសម្ពុទ្ធគ្រប់ៗអង្គ ទាំងក្នុងអតីត និងអនាគត នៅមានច្រើនទៀត។

mn 123 បាលី cs-km: sut.mn.123 អដ្ឋកថា: sut.mn.123_att PTS: ?

(ទី៣) អច្ឆរិយព្ភូតធម្មសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣. អច្ឆរិយអព្ភុតសុត្តំ)

[២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលពួកភិក្ខុមានចំនួនច្រើន ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយប្រជុំគ្នា ក្នុងបដ្ឋានសាលា ក្នុងកាលនោះឯង អន្តរាកថានេះ ក៏កើតឡើងថា អស្ចារ្យណាស់ អាវុសោ ចំឡែកណាស់ អាវុសោ ត្រង់ដែលព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រះតថាគត ទ្រង់ជ្រាប នូវព្រះអតីតពុទ្ធទាំងឡាយ ដែលបរិនិព្វានហើយ ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញ៉ាំងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់ នូវកម្មជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់ នូវទុក្ខទាំងពួងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានព្រះនាមយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានព្រះគោត្រយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានសីលយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានបញ្ញាយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិហារធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ។ លុះភិក្ខុទាំងឡាយ និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ​ បានពោលនឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជា​បុគ្គល​អស្ចារ្យ ទាំងប្រកបដោយ​ធម៌អស្ចារ្យមែន ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលចំឡែក ទាំងប្រកបដោយធម៌ ដ៏ចំឡែកមែន។ នេះជាអន្តរាកថា របស់ភិក្ខុទាំងនោះ អន្តរាកថានេះ ក៏ដាច់ពាក់កណ្តាលទៅ។

[២៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីការសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលសំដៅទៅឧបដ្ឋានសាលា លុះទ្រង់ចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះបន្ទូលនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា និយាយដូចម្តេច ចុះពាក្យដូចម្តេច ដែលអ្នកទាំងឡាយ បញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គទាំងឡាយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏អង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា អន្តរាកថានេះ កើតឡើងដូច្នេះថា អស្ចារ្យណាស់ អាវុសោ ចំឡែកណាស់ អាវុសោ ត្រង់ដែលព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រះតថាគត ទ្រង់ជ្រាប នូវព្រះអតីតពុទ្ធទាំងឡាយ ដែលបរិនិព្វានហើយ ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញ៉ាំង​សត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់ នូវកម្មជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់ នូវទុក្ខទាំងពួងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ… មានព្រះនាមយ៉ាងនេះខ្លះ… មានព្រះគោត្រយ៉ាងនេះខ្លះ… មានសីលយ៉ាងនេះខ្លះ… មានធម៌យ៉ាងនេះខ្លះ… មានប្រាជ្ញាយ៉ាងនេះខ្លះ មានវិហារធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គទាំងឡាយ និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏និយាយនឹងខ្ញុំព្រះអង្គទាំងឡាយ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ មានសេចក្តីអស្ចារ្យ ទាំងប្រកបដោយធម៌ ដ៏អស្ចារ្យមែន ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលចំឡែក ជាបុគ្គលប្រកបដោយធម៌ ដ៏ចំឡែកមែន បពិត្រព្រះអង្គដ៏ចម្រើន នេះជាអន្តរាកថា ដែលខ្ញុំព្រះអង្គទាំងឡាយ បញ្ឈប់ក្នុងវេលាដែលព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់។

[២៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងព្រះអានន្ទថា ម្នាលអានន្ទ បើដូច្នោះ ធម៌ណា ដែលអស្ចារ្យ ដែលចំឡែក អ្នកចូរបំភ្លឺនូវធម៌នោះ ចំពោះតថាគត ឲ្យលើសលន់ពន់ប្រមាណ ក្នុងទីនេះចុះ។

[២៨] ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនុ៎ះ ខ្ញុំព្រះអង្គ បានស្តាប់​ក្នុង​ទីចំពោះព្រះភ័ក្ត្រ ពាក្យនេះ ខ្ញុំព្រះអង្គ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វកើតក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វកើតក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គ​ដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ (ធម៌អស្ចារ្យ ចំឡែក) របស់ព្រះមានព្រះភាគ។

[២៩] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ឋិតនៅក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វឋិតនៅក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣០] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ឋិតនៅក្នុងពួកទេវតាជាន់តុសិត ដរាបដល់អស់អាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វឋិតនៅក្នុងពួកទេវតាជាន់តុសិត ដរាបដល់​អស់​ព្រះជន្មាយុ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣១] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត ចុះមកកាន់ផ្ទៃនៃមាតា តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វច្យុតចាក​ពួក​ទេវតាជាន់តុសិត ទ្រង់ចុះមកកាន់ផ្ទៃព្រះមាតា តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ។បេ។

[៣២] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត ចុះមកកាន់ផ្ទៃនៃមាតា កាលនោះ ពន្លឺដ៏លើសលុបហួសប្រមាណ កើតប្រាកដក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងសមណព្រាហ្មណ៍ និងពួកសត្វ គឺទេវតា និងមនុស្សដ៏សេស ជាពន្លឺ កន្លងនូវទេវានុភាព របស់ទេវតាទាំងឡាយ ទាំងចន្លោះនៃលោកណា ដែលបើកជានិច្ច មិនមានទីតម្កល់នៅខាងក្រោម មានតែងងឹត ប្រកបដោយងងឹត និងអព្ទ ព្រះចន្ទ្រ និងព្រះអាទិត្យនេះ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ មិនបានចាំងទៅក្នុងទីណា ពន្លឺដ៏លើសលុប ហួសប្រមាណ កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ ក៏កើតប្រាកដ ក្នុងទីនោះ មួយទៀត ពួកសត្វណា ដែលកើតក្នុងទីនោះ ពួកសត្វនោះ ក៏ស្គាល់គ្នាច្បាស់ទៅវិញទៅមក ដោយពន្លឺនោះថា យីអើ ពួកសត្វដទៃមានមកកើតក្នុងទីនេះដែរតើ មួយទៀត លោកធាតុទាំងមួយម៉ឺននេះ ក៏រំភើប ញាប់ញ័រ រន្ធត់ ឯពន្លឺដ៏លើសលុប ហួសប្រមាណ កន្លងបង់នូវទេវានុភាព របស់ទេវតា ក៏កើតប្រាកដក្នុងលោក បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៣] បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃព្រះមាតា មានទេវបុត្រ៤អង្គ ចូលមករក្សាពោធិសត្វនោះ ក្នុងទិសទាំង៤ ដោយគិតថា កុំឲ្យមនុស្ស ឬអមនុស្ស ឬអ្នកណាមួយ បៀតបៀនពោធិសត្វ និងមាតាពោធិសត្វបានឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៤] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ ជាអ្នកមានសីលដោយប្រក្រតី គឺជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ មិនកើតចំណង់ ដែលប្រកបដោយកាមគុណ ក្នុងបុរស​ទាំងឡាយឡើយ ទាំងបុរសណាមួយ ដែលមានចិត្តត្រេក ក៏មិនគប្បីប្រព្រឹត្តកន្លងមាតាពោធិសត្វបានទេ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៦] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ ជាស្ត្រីបាននូវកាមគុណ ទាំង៥ប្រការ ឆ្អែតស្កប់ស្កល់ មូលមិត្ត ដោយកាមគុណ ទាំង៥ប្រការ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៧] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ ឥតមានអាពាធណាមួយកើតឡើងទេ មាតាពោធិសត្វជាស្ត្រីមានសេចក្តីសុខ ឥតមានលំបាកកាយ មាតាពោធិសត្វ រមែងឃើញពោធិសត្វសព្វអវយវៈតូចធំ មានឥន្ទ្រិយមិនសៅហ្មង ហាក់ដូចជាឋិតនៅខាងក្រៅផ្ទៃ។ ម្នាលអានន្ទ ដូចកែវមណី និងកែវពៃទូរ្យដ៏ល្អ មានពន្លឺ មានជ្រុង៨ ដែលគេច្នៃហើយដោយល្អ។ បុគ្គលយកសូត្រ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី សូត្រដែលមានពណ៌លឿងទុំក្តី ទៅដោតក្នុងកែវនោះ។ បុរសដែលមានចក្ខុ យកមកដាក់ក្នុងដៃហើយ ពិចារណាស្គាល់ច្បាស់ នូវកែវនោះថា នេះជាកែវមណី ជាកែវពៃទូរ្យដ៏ល្អ មានពន្លឺ មានជ្រុង៨ ដែលគេច្នៃដោយប្រពៃ។ បុគ្គលយកសូត្រ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី សូត្រដែលមានពណ៌លឿងទុំក្តី ទៅដោតក្នុងកែវនោះ យ៉ាងណា​ ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ មិនដែលមានអាពាធណាមួយកើតឡើងទេ មាតា​ពោធិសត្វ​ ជា​ស្ត្រី​មានសេចក្តីសុខ ឥតមានលំបាកកាយ មាតាពោធិសត្វ រមែងឃើញពោធិសត្វសព្វអវយវៈតូចធំ មានឥន្ទ្រិយមិនសៅហ្មង ហាក់ដូចជាឋិតនៅខាងក្រៅផ្ទៃ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៨] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលពោធិសត្វប្រសូតហើយ បាន៧ថ្ងៃ មាតាពោធិសត្វ រមែងធ្វើមរណកាល ទៅកើតក្នុងពួកទេវតាជាន់តុសិត។ បពិត្រព្រះអង្គ​ដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៩] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពួកស្ត្រីឯទៀត ពគភ៌ដោយផ្ទៃ អស់៩ខែខ្លះ ១០ខែខ្លះ ទើបប្រសូតកូន ដូចម្តេចមិញ ឯមាតាពោធិសត្វ មិនប្រសូតពោធិសត្វ ដូច្នោះទេ មាតាពោធិសត្វ លុះតែពពោធិសត្វដោយផ្ទៃ អស់១០ខែគត់ ទើបប្រសូត។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤០] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពួកស្ត្រីឯទៀត អង្គុយប្រសូតក៏មាន ដេកប្រសូតក៏មាន ឯមាតាពោធិសត្វ មិនប្រសូតពោធិសត្វបែបនេះទេ មាតាពោធិសត្វ តែងឈរប្រសូតពោធិសត្វតែមួយយ៉ាង បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤១] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា ពួកទេវតាទទួលមុន ទើបពួកមនុស្សទទួលក្រោយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤២] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា ពោធិសត្វមិនទាន់ដល់ផែនដីនៅឡើយ ទេវបុត្រ៤អង្គ ទទួលពោធិសត្វនោះ មកតម្កល់ទុក នៅទីចំពោះព្រះភក្ត្រមាតា ហើយពោលថា សូមព្រះនាងទេវី មានព្រះទ័យរីករាយចុះ ព្រះរាជបុត្រ មានស័ក្តិធំរបស់ព្រះនាង កើតហើយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៣] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃព្រះមាតា ក៏ចេញមកស្អាតបាត មិនប្រឡាក់ដោយទឹករំអិល មិនប្រឡាក់ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយខ្ទុះ មិនប្រឡាក់ដោយវត្ថុមិនស្អាត ណាមួយឡើយ ជាឱរសបរិសុទ្ធ ស្អាតវិសេស។ ម្នាលអានន្ទ ដូចកែវមណី ដែលគេដាក់លើកាសិកពស្ត្រ កែវមណីមិនបានប្រឡាក់កាសិកពស្ត្រ ទាំងកាសិកពស្ត្រ ក៏មិនប្រឡាក់កែវមណីឡើយ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះហេតុវត្ថុទាំងពីរនោះ ជារបស់ស្អាតដូចគ្នា សេចក្តីនេះ យ៉ាងណា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា ក៏ចេញមកស្អាតវិសេស មិនប្រឡាក់ដោយទឹករំអិល មិនប្រឡាក់ដោយស្លេស្ម។បេ។ មិនប្រឡាក់ដោយវត្ថុមិនស្អាត ណាមួយឡើយ ជាឱរសបរិសុទ្ធ ស្អាតវិសេស ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៤] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា មានធារទឹក២ ហូរមកអំពីអាកាស គឺធារទឹកត្រជាក់១ ធារទឹកក្តៅ១ អ្នកផងក៏ធ្វើឧទកកិច្ច ជម្រះពោធិសត្វ និងព្រះមាតា ដោយធារដែលហូរមកនោះ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វប្រសូតមកភ្លាម ទ្រង់ប្រតិស្ថានលើផែនដី ដោយព្រះបាទដ៏ស្មើ បែរព្រះភក្ត្រទៅទិសខាងជើង ទ្រង់ស្តេចដោយ​ព្រះបាទបាន ៧ជំហាន កាលគេកំពុងបាំងស្វេតឆត្រថ្វាយ ទ្រង់ក្រឡេកមើលគ្រប់ទិសទាំងអស់ ទើបបញ្ចេញអាសភិវាចាថា អាត្មាអញ ជាកំពូលរបស់លោក អាត្មាអញ ជាបុគ្គលចម្បងជាងលោក អាត្មាអញ ជាបុគ្គលប្រសើរជាងសត្វលោក ជាតិនេះ ជាជាតិទីបំផុត ឥឡូវនេះ មិនមានភពថ្មីទៀតឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៦] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា មានពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កើតប្រាកដ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព ព្រមទាំងមនុស្សដ៏សេស ជាពន្លឺកន្លងបង់ នូវទេវានុភាព របស់ទេវតាទាំងឡាយ ឱកាសណា ដែលចំហទទេ មានក្នុងចន្លោះលោក ឥតមានអ្វីបាំងរាំង មានតែអ័ព្ទងងឹត មួយទៀត ព្រះច័ន្ទ្រ ព្រះអាទិត្យទាំងនេះ សឹងមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ផ្សាយពន្លឺទៅមិនដល់ ក្នុងទីឱកាសណា ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ ក៏កើតប្រាកដឡើង ក្នុងទីឱកាសទាំងនោះ ពួកសត្វដែលកើតក្នុងទីនោះ ក៏ស្គាល់គ្នាទៅវិញទៅមក ដោយសារពន្លឺនោះថា អើហ្ន៎ មានពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ លោកធាតុទាំង ១ម៉ឺននេះ ក៏កក្រើក រំពើក ញាប់ញ័រ ឯពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក ជាពន្លឺ កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៧] ព្រះមានព្រះភាគ 【ទ្រង់ត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកចូរចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះតថាគត ក្នុងសាសនានេះចុះ។ ម្នាលអានន្ទ តថាគត មានវេទនាកើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ សញ្ញា… វិតក្កៈ កើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ក្នុងលោកនេះ។ ម្នាលអានន្ទ ចូរអ្នកចំណាំទុកនូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះតថាគតចុះ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ មានវេទនាកើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ដោយហេតុណា។ សញ្ញា… វិតក្កៈ កើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ដោយហេតុណា។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះ។ ព្រះសាស្តា ទ្រង់ពេញព្រះហ្ឫទ័យ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះអានន្ទមានអាយុ។

ចប់ អច្ឆរិយព្ភូតធម្មសូត្រ ទី៣។

 

លេខយោង

km/tipitaka/sut/mn/sut.mn.123.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann