User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.125



ទន្តភូមិសូត្រ ទី៥

សង្ខេប

ការមិនលះបង់សេចក្តីត្រេកត្រអាលនៅក្នងកាម ប្រៀបដូចជានៅក្នុងជ្រលងភ្នំ ជួបតែភាពទាប។ ព្រះពុទ្ធ​ទ្រង់​ប្រៀនប្រដៅ​សិស្ស​ឲ្យ​ដូច​ជា​អ្នក​បង្ហាត់​ដំរី ដើម្បី​ឡើង​ដល់​កំពូល​ភ្នំ និង​លើស​ដើម៖ អមតៈ។

mn 125 បាលី cs-km: sut.mn.125 អដ្ឋកថា: sut.mn.125_att PTS: ?

(ទី៥) ទន្តភូមិសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. ទន្តភូមិសុត្តំ)

[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះ សមណុទ្ទេស ឈ្មោះអចិរវតៈ នៅក្នុងកុដិជិតព្រៃ។ គ្រានោះឯង រាជកុមារព្រះនាមជយសេន1) ស្តេចយាងទៅមកៗ ដើម្បីសម្រួលព្រះជង្ឃា បានចូលទៅរកអចិរវតសមណុទ្ទេស លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកអចិរវតសមណុទ្ទេស លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។

[៥៧] លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ បានពោលនឹងអចិរវតសមណុទ្ទេស ដូច្នេះថា បពិត្រអគ្គិវេស្សនៈដ៏ចម្រើន ខ្ញុំបានឮមកថា ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រហែសធ្វេស មានព្យាយាម ដុត​កំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតា (ចិត្តដែលមាន​អារម្មណ៍​តែមួយ) មែនឬ។ អចិរវតសមណុទ្ទេស តបថា ថ្វាយព្រះពរព្រះរាជកុមារ ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ថ្វាយព្រះពរព្រះរាជកុមារ ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រហែសធ្វេស មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតាមែន។ ជយសេនរាជកុមារ តបថា ខ្ញុំសូមអង្វរ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌ តាមទំនង ដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំផង។

[៥៨] អចិរវតសមណុទ្ទេសពោលថា ថ្វាយព្រះពរព្រះរាជកុមារ អាត្មាភាព មិនអាចនឹងសំដែងធម៌ តាមទំនង ដែលបានស្តាប់ បានរៀនមក ថ្វាយទ្រង់បានទេ ទោះបីអាត្មាភាព សំដែងធម៌ តាមទំនង ដែល​បានស្តាប់ បានរៀនមក ថ្វាយទ្រង់ ក៏ទ្រង់យល់នូវសេចក្តីនៃភាសិត របស់អាត្មាភាពពុំបាន អាត្មាភាព មុខជានឹងមានសេចក្តីលំបាកនោះ អាត្មាភាព មុខជានឹងមានសេចក្តីនឿយហត់នោះ (ឥតអំពើ)។ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌តាមទំនង ដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំ ហើយធ្វើដូចម្តេច ឲ្យខាងតែខ្ញុំបានយល់សេចក្តីនៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើនផង។ បពិត្រព្រះរាជកុមារ អាត្មាភាព សូមសំដែងធម៌ តាមទំនងដែលបានស្តាប់ បានរៀនមក ថ្វាយទ្រង់ ប្រសិនបើទ្រង់យល់សេចក្តីនៃភាសិត របស់អាត្មាភាព ការយល់នុ៎ះ ជាការប្រពៃ តែបើទ្រង់មិនយល់​សេចក្តីនៃភាសិត របស់អាត្មាភាពទេ សូមទ្រង់ឋិតនៅ ក្នុងការមិនយល់ របស់ទ្រង់ដដែលចុះ ទ្រង់មិនគប្បីត្រឡប់សួរអាត្មាភាព ក្នុងសេចក្តីនោះ តទៅទៀតឡើយ។ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌ តាមទំនងដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំចុះ បើខ្ញុំយល់សេចក្តីនៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើន ការដែលយល់នុ៎ះ ជាការប្រពៃ តែបើខ្ញុំមិនយល់សេចក្តី នៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើនទេ ខ្ញុំនឹងឋិតនៅ ក្នុងការមិនយល់របស់ខ្លួនដដែល ខ្ញុំមិនត្រឡប់សួរ​អគ្គិវេស្សនៈដ៏ចម្រើន ក្នុងសេចក្តីនោះ តទៅទៀតទេ។

[៥៩] លំដាប់នោះ អចិរវតសមណុទ្ទេស ក៏សំដែងធម៌ តាមទំនងដែលបានស្តាប់ បានរៀនមក ថ្វាយជយសេនរាជកុមារ។ កាលបើអចិរវតសមណុទ្ទេស សំដែងដូច្នោះហើយ ជយសេនរាជកុមារ ក៏ពោលនឹងអចិរវតសមណុទ្ទេស ដូច្នេះថា បពិត្រអគ្គិវេស្សនៈដ៏ចម្រើន ត្រង់ដែលថា ភិក្ខុជាអ្នក​មិន​ប្រហែសធ្វេស មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតា នុ៎ះមិនទំនង មិនមែនជាឱកាសទេ។ លុះជយសេនរាជកុមារ ប្រកាសនូវហេតុ ដែលមិនមែនជាទំនង មិនមែនជាឱកាស របស់អចិរវតសមណុទ្ទេសហើយ ក៏ក្រោកអំពីអាសនៈស្តេចចេញទៅ។ កាលដែល​ជយសេនរាជកុមារ ស្តេចចេញទៅមិនយូរប៉ុន្មាន អចិរវតសមណុទ្ទេស ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះ​អចិរវតសមណុទ្ទេស អង្គុយ​ក្នុងទីសមគួរហើយ ក៏ក្រាបទូលពាក្យចរចា ដែលខ្លួននិយាយនឹងជយសេនរាជកុមារនោះ ចំពោះព្រះមានព្រះភាគ ដោយសព្វគ្រប់។

[៦០] កាលអចិរវតសមណុទ្ទេស ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងអចិរវតសមណុទ្ទេស ដូច្នេះថា ម្នាលអគ្គិវេស្សនៈ គុណជាតណា ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីឃើញ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ តើ​ជយសេនរាជកុមារ នឹងបាននូវគុណជាតនោះអំពីទីណា ក្នុងអត្តភាពនេះ ព្រោះថា ជយសេនរាជកុមារ កំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម នឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាតនោះ ដូចម្តេចកើត ពាក្យដូច្នេះនេះ មិនសមហេតុទេ។

[៦១] ម្នាលអគ្គិវេស្សនៈ ដូចសត្វពាហនៈ ២ពួក គឺ ដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ១ ដែលគេទូន្មានបានល្អហើយ១។ សត្វពាហនៈ ២ពួក គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេមិនទាន់ទូន្មាននៅឡើយ១ ដែលគេទូន្មានមិនទាន់បាន១។ ម្នាលអគ្គិវេស្សនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច សត្វពាហនៈ ២ពួកណា គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ១ ទូន្មានបានល្អហើយ១ ចុះពួកសត្វ ដែល​គេ​កំពុង​ទូន្មាន​នោះ តើនឹងលុះតាមដម្បូន្មានដែរឬ កាលបើទូន្មានហើយ តើនឹងដល់ថ្នាក់ ដែលគេធ្លាប់ទូន្មានដែរឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ សត្វពាហនៈ ២ពួកណា គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេមិនទាន់បានទូន្មាននៅឡើយ១ ទូន្មានមិនទាន់បាន១ ចុះសត្វពាហនៈ ដែល​គេ​មិនទាន់បានទូន្មាននៅឡើយនោះ តើនឹងលុះតាមដម្បូន្មានដែរឬ កាលបើមិនបានទូន្មានហើយ តើនឹងដល់ថ្នាក់ ដែលគេធ្លាប់ទូន្មាន ដូចសត្វសត្វពាហនៈ ២ពួក គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ និងដែលគេទូន្មានបានល្អហើយនោះ ដែរឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនដូច្នោះទេ។ ម្នាលអគ្គិវេស្សនៈ សេចក្តីនេះ មានឧបមេយ្យដូចជា ជយសេនរាជកុមារ ដែលកំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម នឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាត ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីយល់ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ ដូចម្តេចបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៦២] ម្នាលអគ្គិវេស្សនៈ ដូចភ្នំធំដែលនៅជិតស្រុក ឬនិគម។ មានបុរស ២នាក់ ជាសំឡាញ់នឹងគ្នា ចេញអំពីស្រុក ឬនិគមនោះ ដឹកដៃគ្នា ចូលទៅរកភ្នំនោះ លុះចូលទៅដល់ហើយ បុរសជាសំឡាញ់ម្នាក់ ឈរនៅទៀបជើងភ្នំខាងក្រោម បុរសជាសំឡាញ់ម្នាក់ ឡើងទៅខាងលើភ្នំ។ បុរសជាសំឡាញ់ ដែលឈរក្បែរជើងភ្នំខាងក្រោម សួរសំឡាញ់ ដែលឈរលើភ្នំនោះ យ៉ាងនេះថា នែសំឡាញ់ ដែលសំឡាញ់ឯង ឈរលើកំពូលភ្នំ តើបានឃើញអ្វីដែរ។ បុរសដែលឈរខាងលើភ្នំនោះ ប្រាប់យ៉ាងនេះថា ម្នាលសំឡាញ់ ដែលខ្ញុំឈរលើកំពូលភ្នំ បានឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ។ បុរសជាសំឡាញ់ ដែល​ឈរ​ទៀប​ជើងភ្នំនោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ដែលសំឡាញ់ឯងឈរលើកំពូលភ្នំ ហើយឃើញ​សួន​ច្បារ​ជា​ទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ នុ៎ះមិនមែនសមហេតុ មិនមែនជាឱកាសទេ។ បុរសជាសំឡាញ់ ដែលឈរលើភ្នំ ក៏ចុះមកនាជើងភ្នំខាងក្រោមនោះ ហើយកៀក​បុរសជាសំឡាញ់នោះ ដោយដើមដៃ នាំឡើងទៅលើភ្នំ លួងលោមមួយស្របក់ ក៏សួរយ៉ាងនេះថា នែសំឡាញ់ ដែលសំឡាញ់ឯងឈរលើភ្នំ បានឃើញអ្វីដែរ។ បុរសដែលឈរទៀបជើងភ្នំនោះ និយាយតប យ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំឈរលើភ្នំ ឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ។ បុរសដែលឈរលើភ្នំនោះ ពោលយ៉ាងនេះថា ម្នាលសំឡាញ់ ឥឡូវនេះ យើងដឹងច្បាស់ នូវសំដីរបស់សំឡាញ់ឯងហើយ (ដែលពោល) យ៉ាងនេះថា ម្នាលសំឡាញ់ ដែលសំឡាញ់ឯងឈរលើភ្នំ ហើយឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ នុ៎ះមិនមែនសមហេតុ មិនមែនជាឱកាសទេ។ មួយទៀត ឥឡូវនេះ យើងដឹងច្បាស់ នូវសំដីរបស់សំឡាញ់ឯងហើយ (ដែលពោល) យ៉ាងនេះថា ម្នាលសំឡាញ់ ដែលខ្ញុំឈរលើភ្នំ ឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណី​ជាទីត្រេកអរ។ សំឡាញ់ដែលឈរទៀបជើងភ្នំនោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ពិតដូច្នោះមែនហើយ ខ្ញុំជាបុគ្គលត្រូវភ្នំធំនេះបិទបាំង បានជាមិនឃើញ នូវរបស់ដែលគួរឃើញ។ ម្នាលអគ្គិវេស្សនៈ រឿងនេះមានឧបមា ដូចម្តេចមិញ មានឧបមេយ្យដូចជា ជយសេនរាជកុមារ ត្រូវគំនរអវិជ្ជា ដ៏ធំវិសេស ក្រៃលែងជាងភ្នំនោះទៅទៀត គ្របសង្កត់ ដោតក្រង ចាក់ស្រែះ រួបរឹតហើយ។ ជយសេនរាជកុមារ ដែលកំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម តើនឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាត ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីឃើញ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ ដូចម្តេចបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើអ្នកបំភ្លឺសេចក្តីឧបមា ទាំង២នេះ ដល់ជយសេនរាជកុមារនោះ ក៏ជាការអស្ចារ្យគ្រាន់បើរបស់អ្នកដែរ ជយសេនរាជកុមារ មុខជាជ្រះថ្លា លុះជ្រះថ្លាហើយ មុខជាធ្វើ នូវអាការនៃសេចក្តីជ្រះថ្លា ចំពោះអ្នកមិនខាន។ បពិត្រព្រះអង្គដ៏ចម្រើន ឧបមាទាំងពីរ ជាទីអស្ចារ្យនេះ ខ្ញុំព្រះអង្គមិនធ្លាប់បានស្តាប់ពីមុនមកសោះ នឹងបំភ្លឺដល់ជយសេនរាជកុមារ ឲ្យដូចជាព្រះមានព្រះភាគ ដូចម្តេចបាន។

[៦៣] ម្នាលអគ្គិវេស្សនៈ ដូចក្សត្រិយ៍ជាព្រះរាជា បានមុទ្ធាភិសេកហើយ ត្រាស់នឹងហ្មដំរីថា ម្នាលហ្មដំរីមានចិត្តស្មោះស្មើ ចូរអ្នកមកអាយ ចូរអ្នកឡើងជិះដំរីព្រះរាជទ្រព្យ ចូលទៅឯព្រៃដំរី លុះឃើញដំរីព្រៃច្បាស់លាស់ហើយ ចូរទាម ក ដំរីព្រះរាជទ្រព្យឲ្យមាំ។ ម្នាលអគ្គិវេស្សនៈ ហ្មដំរី ក៏ទទួលព្រះរាជឱង្ការ នៃក្សត្រិយ៍ ជាព្រះរាជាបានមុទ្ធាភិសេកហើយថា ព្រះករុណាថ្លៃវិសេស ហើយក៏ឡើងជិះដំរីព្រះរាជទ្រព្យ ចូលទៅឯព្រៃដំរី ឃើញដំរីច្បាស់លាស់ហើយ ក៏ទាម កដំរីព្រះរាជទ្រព្យយ៉ាងមាំ។ ឯដំរីព្រះរាជទ្រព្យ ក៏កៀងដំរីព្រៃនោះ ទៅរកទីវាល។ ម្នាលអគ្គិវេស្សនៈ ដោយហេតុប៉ុណ្ណេះឯង ដំរីព្រៃ ក៏ទៅនៅក្នុងទីវាល។ ម្នាលអគ្គិវេស្សនៈ ទោះបីដូច្នោះ ដំរីព្រៃ ក៏នៅតែមានចិត្តជាប់ជំពាក់ ក្នុងព្រៃដំរីដដែល។ ហ្មដំរី ក៏បានក្រាបបង្គំទូលដំណើរនោះ ចំពោះក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយថា បពិត្រព្រះសម្មតិទេព ដំរីព្រៃចេញទៅនៅក្នុងទីវាលហើយ។ ក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់នឹងហ្មដំរីនោះថា ម្នាលហ្មដំរីមាន​ចិត្ត​ស្មោះស្មើ ចូរអ្នកមកអាយ ចូរអ្នកទូន្មានដំរីព្រៃ ចូរអ្នកទៅញាំញី នូវសណ្តាប់ធ្នាប់ របស់ពួកដំរីព្រៃផង ញាំញីនូវតម្រិះ ក្នុងការស្ទុះទៅ របស់ពួកដំរីព្រៃផង ញាំញីនូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ធ្វើឲ្យកាន់យក​សណ្តាប់ធ្នាប់ ដែលជាទីត្រេកអរ របស់មនុស្សផង។ ម្នាលអគ្គិវេស្សនៈ ហ្មដំរី ក៏ទទួលព្រះបន្ទូល របស់ក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយថា ព្រះករុណាថ្លៃវិសេស ហើយជីកដាំសសរយ៉ាងធំ ក្នុងផែនដី ចងក្រៀកកដំរីព្រៃ ដើម្បីនឹងញាំញី នូវទម្លាប់របស់ពួកដំរីព្រៃផង ដើម្បីញាំញីនូវតម្រិះ ក្នុងការស្ទុះទៅ របស់ពួកដំរីព្រៃផង ដើម្បីញាំញី នូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ដើម្បីញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ដើម្បីឲ្យកាន់យកសណ្តាប់ធ្នាប់ ដែលជាទីត្រេកអរ របស់មនុស្សផង។ ទ្រម័កដំរី រមែងចរចា ដោយវាចា ដែលឥតទោស នាំឲ្យសុខដល់ត្រចៀក ជាទីស្រឡាញ់ គួរទុកក្នុងហឫទ័យ ជាវាចាអ្នកបុរី ជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីគាប់ចិត្ត នៃជនច្រើនគ្នាតែប៉ុណ្ណោះ។ ម្នាលអគ្គិវេស្សនៈ កាលណាទ្រម័កដំរីចរចា តែវាចាដែលឥតទោស នាំឲ្យសុខដល់ត្រចៀក ជាទីស្រឡាញ់ គួរទុកក្នុងហឫទ័យ ជាវាចាអ្នកបុរី ជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីគាប់ចិត្ត នៃជនច្រើនគ្នាដូច្នោះ ដំរីព្រៃក៏ស្តាប់ដោយស្រួល ផ្អៀងត្រចៀក តាំងចិត្តចាកអារម្មណ៍ដទៃ។ ទ្រម័កដំរីបំប៉នស្មៅ ដែលដំរីគួរស៊ីបាន និងទឹកឲ្យដំរីនោះតទៅ។ ម្នាល​អគ្គិវេស្សនៈ បើដំរីព្រៃទទួលស្មៅ ដែលដំរីគួរស៊ីបាន និងទឹករបស់ទ្រម័កដំរីកាលណា។ កាលនោះទ្រម័កដំរី ក៏មានសេចក្តីត្រិះរិះថា ឥឡូវនេះ ដំរីព្រៃមុខជានឹងរស់មិនខាន។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងកាន់ នែដំរីដ៏ចម្រើន ចូរឯងដាក់។ ម្នាលអគ្គិវេស្សនៈ បើដំរីព្រះរាជទ្រព្យ ធ្វើតាម​ពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការកាន់យក និងការដាក់ហើយ។ ទ្រម័កដំរី ក៏បង្ហាត់តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងឈានទៅមុខ នែដំរីដ៏ចម្រើន ចូរឯងថយក្រោយ។ ម្នាលអគ្គិវេស្សនៈ កាលណាបើ ដំរីព្រះរាជទ្រព្យ ធ្វើតាមពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការឈានទៅមុខ និងការថយក្រោយ​ហើយ។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងក្រោកឡើង នែដំរីដ៏ចម្រើន ចូរឯងទ្រោមចុះ។ ម្នាលអគ្គិវេស្សនៈ កាលណាបើដំរីព្រះរាជទ្រព្យធ្វើតាមពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការក្រោកឡើង និងការទ្រោមចុះហើយ។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ ឲ្យជាសត្វ​មិនញាប់ញ័រ តទៅទៀត ក៏យកក្តារយ៉ាងធំ ទៅចងក្រៀកនឹងប្រមោយដំរីនោះផង បុរសមានដៃកាន់លំពែងស្នែងក្របី ក៏អង្គុយលើ ក-ដំរីនោះផង បុរសមានដៃកាន់លំពែងស្នែងក្របី នាំគ្នាឈរព័ទ្ធដំរីនោះផង ទ្រម័កដំរី កាន់ដងលំពែងស្នែងក្របីដ៏វែង ឈរចំពីខាងមុខដំរីនោះផង។ ដំរីនោះ កាលដែលទ្រម័ក បង្ហាត់ឲ្យជាដំរីមិនញាប់ញ័រហើយ ក៏មិនកម្រើកជើងមុខ មិនកម្រើកជើងក្រោយ មិនកម្រើកកាយខាងមុខ មិនកម្រើកកាយខាងក្រោយ មិនកម្រើកក្បាល មិនកម្រើកត្រចៀក មិនកម្រើកភ្លុក មិនកម្រើកកន្ទុយ មិនកម្រើកប្រមោយ។ ដំរីព្រះរាជទ្រព្យនោះ ជាសត្វចេះអត់ទ្រាំ ចំពោះការប្រហារដោយលំពែង ការប្រហារដោយដាវ ការប្រហារដោយសរ និងការប្រហារ របស់សត្រូវឯទៀត និងសំឡេងរំពងនៃស្គរធំ ស្គរជ័យ ស័ង្គ និងស្គរទ័ព ជាសត្វកំចាត់បង់ នូវ​ទោស​វៀច​គ្រប់​យ៉ាង ជាសត្វអស់ពុតកំណាចហើយ គួរដល់ព្រះរាជា គួរជាទីប្រើប្រាស់ របស់ព្រះរាជា ដល់នូវការរាប់បញ្ចូលថា ជាអង្គរបស់ព្រះរាជាបាន សេចក្តីនេះ មានឧបមា ដូចម្តេចមិញ។

[៦៤] ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យដូចជា ព្រះតថាគត បានកើតឡើង ក្នុងលោកនេះ ជាព្រះអរហន្ត ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីទូន្មាន នូវបុរសដែលគួរទូន្មាន ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង នូវ​ចតុរារិយសច្ច លែងវិលមកកាន់ភពថ្មីទៀត ព្រះតថាគត អង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយ​បញ្ញា​ដ៏ឧត្តម ដោយព្រះអង្គឯង នូវលោកនោះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ នូវមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ព្រះអង្គសំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង​ ទ្រង់ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតី ឬគហបតីបុត្រ ដែលកើតជាខាងក្រោយ ក្នុងត្រកូលណាមួយ បានស្តាប់ធម៌នោះ លុះគហបតី ឬគហបតីបុត្រនោះ បានស្តាប់ធម៌នោះហើយ ក៏បានចំពោះនូវសទ្ធា ក្នុងព្រះតថាគត។ កាលបើគហបតីនោះ ប្រកបដោយ​កិរិយា​បានចំពោះនូវសទ្ធា ដូច្នេះហើយ រមែងពិចារណាឃើញច្បាស់ថា ឃរាវាសចង្អៀតពេកណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស បព្វជ្ជា ទើបមានពេលទំនេរ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ និងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែមួយយ៉ាង ឲ្យបរិសុទ្ធតែមួយយ៉ាង ឲ្យស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយ មិនងាយបានទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះគ្រាក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរទ្រព្យតិចផង លះបង់នូវគំនរទ្រព្យច្រើនផង លះបង់នូវញាតិវង្សតិចផង លះបង់នូវញាតិវង្សច្រើនផង ហើយកោរសក់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលអគ្គិវេស្សនៈ អរិយសាវ័ក ដែលទៅនៅក្នុងទីទំនេរបាន ក៏ដោយសារហេតុ មានប្រមាណប៉ុណ្ណេះ។ ម្នាលអគ្គិវេស្សនៈ ពួកទេវតា និងមនុស្ស រមែងមានសេចក្តីត្រេកអរ ក្នុងកាមគុណ ទាំង៥ប្រការនេះឯង។ ព្រះតថាគត ទ្រង់ប្រដៅបុគ្គលនោះ តទៅទៀតថា ម្នាលភិក្ខុ ចូរអ្នកមក ចូរជាអ្នកមានសីល ចូរជាអ្នក​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ចូរជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតិចតួច ចូរសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអគ្គិវេស្សនៈ កាលបើអរិយសាវ័ក ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយហើយ។ ព្រះតថាគត ក៏ប្រដៅតទៅទៀតថា ម្នាលភិក្ខុ ចូរអ្នកមក ចូរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ បើឃើញរូបដោយចក្ខុ ក៏មិនបានកាន់យកនិមិត្ត។បេ។ ភិក្ខុនោះ លះបង់នីវរណៈ ទាំង៥ប្រការ ដែលជាគ្រឿងសៅហ្មងចិត្ត ធ្វើប្រាជ្ញាឲ្យទុព្វល ពិចារណាឃើញច្បាស់ នូវកាយក្នុងកាយ ជាអ្នកព្យាយាមដុតកំដៅកិលេស មានសតិសម្បជញ្ញៈ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញច្បាស់ នូវវេទនាក្នុងវេទនាទាំងឡាយ … ពិចារណាឃើញច្បាស់ នូវចិត្តក្នុងចិត្ត… ពិចារណាឃើញច្បាស់ នូវធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ ព្យាយាមដុតកំដៅកិលេស មានសតិសម្បជញ្ញៈ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[៦៥] ម្នាលអគ្គិវេស្សនៈ ដូចទ្រម័កដំរី ដែលដាំសសរធំទៅក្នុងផែនដី ហើយចងក្រៀកដំរីព្រៃត្រង់ក​ ដើម្បីញាំញី នូវទម្លាប់របស់ពួកដំរីព្រៃផង ដើម្បីញាំញីនូវតម្រិះ ជាគ្រឿងស្ទុះទៅ របស់ពួកដំរីព្រៃផង ញាំញីនូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ដើម្បីញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ដើម្បីកាន់យកសណ្តាប់ធ្នាប់ ដែលជាទីស្រឡាញ់ របស់មនុស្សផង សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យដូចជា អរិយសាវ័ក ដែលចងក្រៀកចិត្ត ភ្ជាប់នឹងសតិប្បដ្ឋាន ទាំង៤នេះ ដើម្បីញាំញីនូវទម្លាប់ ដែលអាស្រ័យ​នឹង​បញ្ច​កាម​គុណ​ផង​ ដើម្បីញាំញីតម្រិះ ជាគ្រឿងស្ទុះទៅ ដែលអាស្រ័យនឹងបញ្ចកាមគុណផង ដើម្បីញាំញី នូវសេចក្តី​ក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ ដែលអាស្រ័យនឹងបញ្ចកាមគុណផង ដើម្បីត្រាស់ដឹង នូវអដ្ឋង្គិកមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

[៦៦] ព្រះតថាគត ទ្រង់ប្រដៅភិក្ខុនោះ តទៅទៀតថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរពិចារណា នូវកាយក្នុងកាយ តែកុំត្រិះរិះ នូវតម្រិះ ដែលប្រកបដោយកាមឡើយ។ អ្នកចូរពិចារណា នូវវេទនា ក្នុងវេទនាទាំងឡាយ… អ្នកចូរពិចារណា នូវចិត្តក្នុងចិត្ត… អ្នកចូរពិចារណា នូវធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ តែកុំត្រិះរិះនូវតម្រិះ ដែលប្រកបដោយធម្មារម្មណ៍ឡើយ។ ភិក្ខុនោះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ហើយចូលកាន់ទុតិយជ្ឈាន ដែលមានសេចក្តីជ្រះថ្លា ប្រព្រឹត្តទៅខាងក្នុង ជាចិត្តខ្ពស់ឯក ឥតមានវិតក្កៈ ឥតមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ… ចូលកាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។

[៦៧] ភិក្ខុនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនញាប់ញ័រ យ៉ាងនេះហើយ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ (ញាណដែលរឭកឃើញ នូវខន្ធ ដែលធ្លាប់កើតក្នុងភពមុនៗ)។ ភិក្ខុនោះ រមែងរឭកឃើញនូវបុព្វេនិវាស មានច្រើនប្រការ គឺរឭកឃើញជាតិ១ ជាតិ២។បេ។ រឭកឃើញនូវបុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។

[៦៨] ភិក្ខុនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនញាប់ញ័រ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ញាណដែលឆ្លុះឃើញ នូវចុតិបដិសន្ធិ) របស់​សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលកំពុងច្យុត កំពុងកើត ដ៏ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ មានរូបអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ។បេ។ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន។

[៦៩] ភិក្ខុនោះ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ (ញាណដែលឆ្លុះឃើញ នូវកិរិយាក្ស័យ នៃអាសវៈ)។ ភិក្ខុនោះ រមែងដឹងច្បាស់ដោយពិតថា នេះជាទុក្ខ ដឹងច្បាស់ដោយពិតថា នេះជាតណ្ហា ជាហេតុឲ្យកើតទុក្ខ ដឹងច្បាស់ដោយពិតថា នេះជាព្រះនិព្វាន ទីរំលត់ទុក្ខ ដឹងច្បាស់ដោយពិតថា នេះជាបដិបទា ដំណើរទៅកាន់ព្រះនិព្វាន ទីរលត់ទុក្ខ។ ភិក្ខុនោះ រមែងដឹងច្បាស់ ដោយពិតថា នេះជាពួកអាសវៈ ដឹងច្បាស់ដោយពិតថា នេះជាធម៌ នាំឲ្យកើតអាសវៈ ដឹងច្បាស់ដោយពិតថា នេះជាព្រះនិព្វានទីរំលត់អាសវៈ ដឹងច្បាស់ដោយពិតថា នេះជាបដិបទា ដំណើរទៅកាន់ព្រះនិព្វាន ទីរំលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចាកភវាសវៈផង ចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ក៏មានសេចក្តីដឹងថា ចិត្តរួចស្រឡះហើយដូច្នេះ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៧០] ភិក្ខុនោះ ជាអ្នកអត់ទ្រាំនឹងត្រជាក់ នឹងក្តៅ នឹងសេចក្តីស្រេក នឹងសេចក្តីឃ្លាន នឹងសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ នឹងពស់តូច ពស់ធំទាំងឡាយ ប្រកបដោយជាតិ ជា​អ្នក​អត់ធ្មត់ ចំពោះ​គន្លងពាក្យ ដែលគេស្តីអាក្រក់ ដែលមានដំណើរមកអាក្រក់ និងវេទនា ដែលអាស្រ័យ​ក្នុង​សរីរៈ​កើត​ឡើង​ហើយ ជាទុក្ខ ដ៏ក្លា ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចត្តិ នាំបង់នូវជីវិត។ ភិក្ខុនោះ ជាអ្នក​មាន​ទឹក​ចត់ គឺរាគៈ ទោសៈ មោហៈ ទាំងពួងកំចាត់បង់ហើយ ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមក អំពីចម្ងាយ គួរទទួលនូវទាន ដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទាន របស់បុគ្គលជាអ្នកជឿកម្មផល គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

[៧១] ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វចាស់ គេមិនបានទូន្មាន មិនបានប្រៀនប្រដៅ ហើយធ្វើមរណកាលទៅ គឺស្លាប់ទៅទាំងគេមិនទាន់បានទូន្មាន ដំរីព្រះរាជទ្រព្យ ជាសត្វចាស់ ដែលស្លាប់ហើយនោះ ដល់នូវកិរិយា រាប់ថាជាដំរីស្លាប់ហើយ។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វកណ្តាល… ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង គេមិនទាន់ទូន្មាន មិនទាន់ប្រៀនប្រដៅទេ ហើយធ្វើមរណកាលទៅ គឺស្លាប់ទៅទាំងគេមិនទាន់ទូន្មាន ដំរីព្រះរាជទ្រព្យ ដែលជាសត្វនៅក្មេងស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ជាដំរីស្លាប់ហើយដែរ។ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យ ដូចភិក្ខុជាថេរៈ ប្រសិនបើ មិនមែនជាព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅ​ ទាំងមិនទាន់បានទូន្មានខ្លួនទេ ភិក្ខុជាថេរៈ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ធ្វើមរណកាល។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុជាកណ្តាល… ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុបួសថ្មី មិនមែនជា​ព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅ ទាំងមិនទាន់បានទូន្មានខ្លួនទេ ភិក្ខុបួសថ្មី ដែលស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ធ្វើមរណកាលដែរ។

[៧២] ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វចាស់ គេបានទូន្មានប្រៀនប្រដៅ បានបែបបទហើយ ធ្វើមរណកាលទៅ គឺស្លាប់ទៅ ដោយគេបានទូន្មានហើយ ដំរីព្រះរាជទ្រព្យ ជាសត្វចាស់ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ជាសត្វស្លាប់។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅកណ្តាល…ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង គេបានទូន្មានប្រៀនប្រដៅ បានបែបបទហើយ ធ្វើមរណកាលទៅ គឺស្លាប់ទៅ ដោយគេបានទូន្មានហើយ ដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង ដែលស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ជាសត្វស្លាប់ដែរ។ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យ ដូចភិក្ខុជាថេរៈ បើជាព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅដោយបានទូន្មានខ្លួនហើយ ភិក្ខុជាថេរៈ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ធ្វើមរណកាល។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុ​ជា​កណ្តាល… ប្រសិនបើភិក្ខុបួសថ្មី ជាព្រះខីណាស្រព ធ្វើមរណកាល គឺស្លាប់ទៅ ទាំងបានទូន្មានខ្លួនហើយ ភិក្ខុបួសថ្មី ដែលធ្វើមរណកាលហើយនោះ ក៏ដល់នូវកិរិយារាប់ថា ធ្វើមរណកាលដែរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ អចិរវតសមណុទ្ទេស ក៏រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ ទន្តភូមិសូត្រ ទី៥។

 

លេខយោង

1)
ជាព្រះរាជឱរស របស់ព្រះបាទពិម្ពិសារ។អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.125.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann