តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » សុញ្ញតវគ្គ »
តើការចង់បានការត្រាស់ ដឹងរារាំងដល់ការជោគជ័យឬទេ? តើការត្រាស់ដឹងអាចសម្រេចបាន ដោយការមិនដើរតាមមាគ៌ាត្រឹមត្រូវឬទេ? មិនមែនទន្លេទាំងអស់ហូរចូលទៅក្នុងមហាសមុទ្រទេ។ តែបើចូលទន្លេត្រូវនឹងនាំឲ្យរួចពីទុក្ខ។
mn 126 បាលី cs-km: sut.mn.126 អដ្ឋកថា: sut.mn.126_att PTS: ?
(ទី៦) ភូមិជសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៦. ភូមិជសុត្តំ)
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ គ្រានោះ ព្រះភូមិជៈមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ដំណាក់ នៃព្រះរាជកុមារ ព្រះនាមជយសេន លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ ជយសេនរាជកុមារ ចូលទៅរកព្រះភូមិជៈមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះភូមិជៈមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។
[៧៤] លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះភូមិជៈមានអាយុ ដូច្នេះថា បពិត្រព្រះភូមិជៈដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង (ដើម្បីត្រាស់ដឹងនូវផល) ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលទេ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ក៏មិនគួរ ដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ ចុះក្នុងសាសនានេះ ព្រះជាគ្រូ របស់ភូមិជៈដ៏ចម្រើន តើមានវាទៈដូចម្តេច មានទិដ្ឋិដូចម្តេច បានពោលដូចម្តេច។
[៧៥] ថ្វាយព្រះពរព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព ពុំដែលបានស្តាប់មក ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយ យ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ទើបគួរដើម្បីត្រាស់ដឹងនូវផលបាន មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បពិត្រព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព ពុំដែលបានស្តាប់មក ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយ យ៉ាងនេះឯង។ បើព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ បានពោលយ៉ាងនេះមែន ព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន ហាក់ដូចជាសំពងអំបែងក្បាល នៃពួកសមណព្រាហ្មណ៍ជាច្រើនទាំងអស់ដោយពិត។ គ្រានោះ ជយសេនរាជកុមារ ក៏អង្គាសព្រះភូមិជៈមានអាយុ ដោយសម្រាប់របស់ខ្លួន។
[៧៦] លំដាប់នោះ ព្រះភូមិជៈមានអាយុ កាលត្រឡប់ពីបិណ្ឌបាតមក ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ដំណាក់ របស់ជយសេនរាជកុមារ ក្នុងទីឯណោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ជយសេនរាជកុមារ ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងខ្ញុំព្រះអង្គ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ ក៏ចោទសួរ ចំពោះខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះភូមិជៈដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលទេ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ ចុះក្នុងសាសនានេះ ព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន តើមានវាទៈដូចម្តេច មានទិដ្ឋិដូចម្តេច បានពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើជយសេនរាជកុមារ ទ្រង់សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏ពោលតបទៅនឹងជយសេនរាជកុមារ ដូច្នេះថា ថ្វាយព្រះពរ ព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព មិនដែលបានស្តាប់ ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ទើបគួរដើម្បីត្រាស់ដឹងនូវផលបាន បើមិនធ្វើនូវបំណង… បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បពិត្រព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព មិនដែលបានស្តាប់ ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយ យ៉ាងនេះឯង។ ជយសេនរាជកុមារ ទ្រង់ត្រាស់ថា បើព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ បានពោលយ៉ាងនេះមែន ព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន ហាក់ដូចជាសំពងអំបែងក្បាល នៃពួកសមណព្រាហ្មណ៍ជាច្រើនទាំងអស់ដោយពិត។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើរាជកុមារ ទ្រង់សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បានដោះស្រាយយ៉ាងនេះ តើឈ្មោះថា ខ្ញុំព្រះអង្គ ពោលត្រូវតាមព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា សំដែងនូវធម៌ ដ៏សមគួរដល់ធម៌ផង ឬទេ មួយទៀត វាទានុវាទបន្តិចបន្តួច ដែលប្រកបដោយធម៌ មិនមកកាន់ទី ដែលបណ្ឌិតគួរតិះដៀលទេឬ។
[៧៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើភូមិជៈ កាលដែលព្រះរាជកុមារ ទ្រង់ចោទសួរយ៉ាងនុ៎ះ ហើយអ្នកដោះស្រាយយ៉ាងនុ៎ះ ឈ្មោះថា អ្នកពោលត្រូវតាមពាក្យ របស់តថាគតផង ឈ្មោះថា មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ឈ្មោះថា សំដែងនូវធម៌ដ៏សមគួរដល់ធម៌ផង មួយទៀត វាទានុវាទបន្តិចបន្តួច ដែលប្រកបដោយធម៌ មិនបានមកកាន់ទី ដែលបណ្ឌិតគួរតិះដៀលទេ។ ម្នាលភូមិជៈ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានព្យាយាមខុស មានសតិខុស មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផល។
[៧៨] ម្នាលភូមិជៈ ដូចបុរសដែលត្រូវការដោយប្រេង ស្វែងរកប្រេង ត្រាច់ទៅកាន់ទីស្វែងរកប្រេង ក៏យកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ បើទុកជាធ្វើនូវបំណង ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹក មកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងឡើយ បើទុកជាមិនធ្វើនូវបំណង ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹក មកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកដីខ្សាច់មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលគួរឲ្យបានប្រេងឡើយ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានព្យាយាមខុស មានសតិខុស មានសមាធិខុស សមណៈ ឬព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលឡើយ។
[៧៩] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះស្រស់ ស្វែងរកទឹកដោះស្រស់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះស្រស់ ក៏ចាប់មួលស្នែងមេគោដែលមានកូនខ្ចី បើទុកជាធ្វើនូវបំណង ហើយចាប់មួលស្នែងមេគោ ដែលមានកូនខ្ចី ក៏មិនគួរដើម្បីបាន នូវទឹកដោះស្រស់ឡើយ បើទុកជាមិនធ្វើនូវបំណង។បេ។ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយចាប់មួលស្នែងមេគោ ដែលមានកូនខ្ចី ក៏មិនគួរដើម្បីបាននូវទឹកដោះស្រស់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យបាននូវទឹកដោះស្រស់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស។បេ។ មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះថាគ្មានទំនង ដើម្បីឲ្យត្រាស់ដឹងនូវផលឡើយ។
[៨០] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះខាប់ ស្វែងរកទឹកដោះខាប់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះខាប់ ហើយយកទឹក មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត បើទុកជាធ្វើនូវបំណង ហើយយកទឹកមកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត ក៏មិនគួរដើម្បីបាននូវទឹកដោះខាប់ឡើយ បើទុកជាមិនធ្វើនូវបំណង…បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកទឹក មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត ក៏មិនគួរដើម្បីបាន នូវទឹកដោះខាប់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលគួរឲ្យបានទឹកដោះខាប់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស។បេ។ មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈដ៏ចម្រើន ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលឡើយ។
[៨១] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយភ្លើង ស្វែងរកភ្លើង ត្រាច់ទៅកាន់ទីស្វែងរកភ្លើង ក៏កាន់យកនូវឈើពំនួតខាងលើ ទៅពួតនឹងឈើស្រស់ ដែលនៅមានជ័រ បើទុកជាធ្វើនូវបំណង ហើយកាន់យកនូវឈើពំនួតខាងលើ ទៅពួតនឹងឈើស្រស់ ដែលនៅមានជ័រ ក៏មិនគួរដើម្បីបាននូវភ្លើងឡើយ បើទុកជាមិនធ្វើនូវបំណង…បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយកាន់យកនូវឈើពំនួតខាងលើ ទៅពួតនឹងឈើស្រស់ ដែលនៅមានជ័រ ក៏មិនគួរដើម្បីបាននូវភ្លើងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យបាននូវភ្លើង សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស។បេ។ មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលឡើយ។
[៨២] ម្នាលភូមិជៈ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានព្យាយាមត្រូវ មានសតិត្រូវ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលបាន។
[៨៣] ម្នាលភូមិជៈ ដូចបុរសដែលត្រូវការដោយប្រេង ស្វែងរកប្រេង ត្រាច់ទៅកាន់ទីស្វែងរកប្រេង ក៏យកម្សៅល្ងមកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ បើទុកជាធ្វើនូវបំណង ហើយយកម្សៅល្ង មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ ក៏គួរដើម្បីបាននូវប្រេង បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកម្សៅល្ង មកចាក់ក្នុងស្នូក ហើយយកទឹក មកប្រស់ព្រំ ច្របាច់រឿយៗ ក៏គួរដើម្បីបាននូវប្រេងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវប្រេង សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ។បេ។ មានសមាធិត្រូវ ពួកសមណព្រាហ្មណ៍នោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង … បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផល។
[៨៤] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះស្រស់ ស្វែងរកទឹកដោះស្រស់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះស្រស់ ក៏ចាប់មួលដោះមេគោដែលមានកូនខ្ចី បើធ្វើនូវបំណង ហើយចាប់មួលដោះមេគោ ដែលមានកូនខ្ចី ក៏គួរដើម្បីបាននូវទឹកដោះស្រស់ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយចាប់មួលដោះមេគោ ដែលមានកូនខ្ចី ក៏គួរដើម្បីបាន នូវទឹកដោះស្រស់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវទឹកដោះស្រស់ សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវបេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង គួរឲ្យត្រាស់ដឹងនូវផលបាន។
[៨៥] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះខាប់ ស្វែងរកទឹកដោះខាប់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះខាប់ ហើយយកទឹកដោះជូរ មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត បើទុកជាធ្វើនូវបំណង ហើយយកទឹកដោះជូរ មកស្រោចលើភក់ រួចវិត ដោយឈើសម្រាប់វិត ក៏គួរដើម្បីបាន នូវទឹកដោះខាប់ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកទឹកដោះជូរ មកស្រោចលើភក់ ហើយវិត ដោយឈើសម្រាប់វិត ក៏គួរដើម្បីបាន នូវទឹកដោះខាប់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវទឹកដោះខាប់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ។បេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលបាន។
[៨៦] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយភ្លើង ស្វែងរកភ្លើង ត្រាច់ទៅកាន់ទីស្វែងរកភ្លើង ហើយកាន់យកឈើពំនួតខាងលើ ទៅពួតនឹងឈើស្ងួតខ្សោះ ក៏គួរដើម្បីបាននូវភ្លើង បើទុកជាធ្វើនូវបំណង… បើទុកជាមិនធ្វើនូវបំណង…បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកឈើពំនួតខាងលើ ទៅពួតនឹងឈើស្ងួតខ្សោះ ក៏គួរដើម្បីបាននូវភ្លើងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវភ្លើង សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ មានសេចក្តីត្រិះរិះត្រូវ។បេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលបាន។
[៨៧] ម្នាលភូមិជៈ បើអ្នកអាចសំដែងនូវឧបមា ទាំង៤នេះ ដល់ជយសេនរាជកុមារបាន សេចក្តីអស្ចារ្យរបស់អ្នក ក៏នឹងកើតមាន ឯជយសេនរាជកុមារ ក៏មុខជាជ្រះថ្លានឹងអ្នក លុះជ្រះថ្លាហើយ នឹងធ្វើនូវអាការជ្រះថ្លាដល់អ្នកទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ចុះខ្ញុំព្រះអង្គ អាចនឹងសំដែង ដល់ជយសេនរាជកុមារ នូវសេចក្តីឧបមា ទាំង៤នេះ ដែលជាទីអស្ចារ្យ ខ្ញុំព្រះអង្គ មិនធ្លាប់ស្តាប់មក ក្នុងកាលមុនសោះ ដូចជាព្រះមានព្រះភាគអំពីណាបាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ព្រះភូមិជៈមានអាយុ ក៏មានសេចក្តីត្រកអរ រីករាយនឹងភាសិត នៃព្រះមានព្រះភាគ។
ចប់ ភូមិជសូត្រ ទី៦។