User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.127

។

អនុរុទ្ធសូត្រ ទី៧

សង្ខេប

ចេត្តិវិមុត្តិ​ពី​រយ៉ាង ជា​ធម៌​ផ្សេង​គ្នា​ដោយ​អត្ថ​ផង ដោយ​ន័យ​ផង បាន​សម្តែង​ដោយ​ព្រះអនុរុទ្ធ។ កម្ម​ផ្សេង​គ្នា សម្គាល់​សូម្បី​តែ​សត្វក្នុង​ស្ថានសួគ៌ ទេវៈ។

mn 127 បាលី cs-km: sut.mn.127 អដ្ឋកថា: sut.mn.127_att PTS: ?

(ទី៧) អនុរុទ្ធសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧. អនុរុទ្ធសុត្តំ)

[៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង បញ្ចកង្គថបតិ1) បានហៅបុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកចូរមក ចូរអ្នកទៅឯព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​បាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង តាមពាក្យរបស់យើងថា បពិត្រលោកដ៏ចម្រើន បញ្ចកង្គថបតិ សូមថ្វាយបង្គំបាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង រួចហើយអ្នកចូរពោលយ៉ាងនេះទៀតថា បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ មានខ្លួនជាគម្រប់៤ ទទួលភត្ត របស់បញ្ចកង្គថបតិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ ប្រញាប់និមន្តមកអំពីព្រឹកឲ្យទាន បពិត្រលោកដ៏ចម្រើន ព្រោះថាបញ្ចកង្គថបតិ គាត់មានកិច្ចច្រើន មានការងារច្រើន ដោយព្រះរាជកិច្ច។ បុរសនោះ ក៏ទទួលពាក្យបញ្ចកង្គថបតិថា បាទលោកនាយ ហើយក៏ចូលទៅរកព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអនុរុទ្ធមានអាយុ ហើយអង្គុយ ក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយ ក្នុងទីសមគួរហើយ ក៏ទូលព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន បញ្ចកង្គថបតិ សូមថ្វាយបង្គំបាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង រួចពោលយ៉ាងនេះទៀតថា បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ មានខ្លួនជាគម្រប់៤ ទទួលភត្ត របស់បញ្ចកង្គថបតិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ ប្រញាប់និមន្តទៅអំពីព្រឹកឲ្យទាន បពិត្រលោកដ៏ចម្រើន ព្រោះថា បញ្ចកង្គថបតិ គាត់មានកិច្ចច្រើន មានការងារច្រើន ដោយព្រះរាជកិច្ច។ ឯព្រះអនុរុទ្ធមានអាយុ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។

[៨៩] គ្រានោះ ព្រះអនុរុទ្ធមានអាយុ លុះកន្លងរាត្រីនោះទៅហើយ ក៏ស្លៀកស្បង់ ប្រដាប់ដោយ​បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅឯផ្ទះបញ្ចកង្គថបតិ លុះចូលទៅដល់ហើយ ក៏គង់​លើ​អាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ បញ្ចកង្គថបតិ ញ៉ាំងព្រះអនុរុទ្ធមានអាយុ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយដៃនៃខ្លួន ត្រាតែព្រះអនុរុទ្ធហាមឃាត់។ ឯបញ្ចកង្គថបតិ កំណត់ដឹងថា ព្រះអនុរុទ្ធមានអាយុ ឆាន់រួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រទៀតហើយ ក៏កាន់យកនូវអាសនៈមួយដ៏ទាប ហើយអង្គុយក្នុងទីសមគួរ។ លុះបញ្ចកង្គថបតិ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន ពួកភិក្ខុជាថេរៈ ក្នុងសាសនានេះ ចូលមករកខ្ញុំ ហើយពោលយ៉ាងនេះថា ម្នាលគហបតី អ្នកចូរចម្រើន នូវអប្បមាណចេតោវិមុត្តិទៅ ព្រះថេរៈពួកខ្លះ ពោលយ៉ាងនេះថា ម្នាលគហបតី អ្នកចូរចម្រើននូវមហគ្គតចេតោវិមុត្តិទៅ បពិត្រលោកដ៏ចម្រើន ចុះអប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈទេ។ ម្នាលគហបតី បើដូច្នោះ អ្នកចូរបំភ្លឺ នូវសេចក្តីនោះ ក្នុងប្រស្នានុ៎ះមកមើល បើអ្នក (សំដែង) នឹងមិនមានសេចក្តីខុសភ្លាត់ ក្នុងប្រស្នានេះឡើយ។ បពិត្រលោកដ៏ចម្រើន ខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា អប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។

[៩០] ម្នាលគហបតី អប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ម្នាលគហបតី សេចក្តីនោះ អ្នកគប្បីដឹង ដោយបរិយាយនេះចុះ ថា តាមពិត ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ម្នាលគហបតី អប្បមាណចេតោវិមុត្តិ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកប​ដោយ​មេត្តា ផ្សាយទៅកាន់ទិសទី១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ ដូចគ្នា សូម្បីក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនឯង ទៅប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង ក្នុងទីទាំងពួង។ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកប​ដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ ដូចគ្នា សូម្បីក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ជាអ្នកមានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួន​ឯង ទៅប្រៀបផ្ទឹម​នឹងសត្វទាំងពួង ក្នុងទីទាំងពួង ម្នាលគហបតី នេះហៅថា អប្បមាណចេតោវិមុត្តិ។

[៩១] ម្នាលគហបតី ចុះមហគ្គតចេតោវិមុត្តិ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល១2) ជាកំណត់ ថាជាទីមហគ្គតៈ គឺទីដែលត្រូវយកចិត្តទុកដាក់ ម្នាលគហបតី នេះលោកហៅថា មហគ្គតចេតោវិមុត្តិ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះលោកហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាល​គហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ផែនដី មានសមុទ្រជាទីបំផុត ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី សេចក្តីនេះឯង ដែលអ្នកគប្បីដឹង ដោយបរិយាយនេះថា ធម៌ទាំងពីរនេះឯង មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។

[៩២] ម្នាលគហបតី កិរិយាកើតក្នុងភពនេះ មាន៤យ៉ាង។ ៤យ៉ាង តើដូចម្តេច។ ម្នាលគហបតី បុគ្គលខ្លះក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់បរិត្តាភជ្ឈាន។3) បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកបរិត្តាភទេវតា។4) ម្នាលគហបតី មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់អប្បាមាណាភជ្ឈាន។5) បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយ​នឹង​ពួក​អប្បមាណាភទេវតា។6) ម្នាលគហបតី បុគ្គលខ្លះ ក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់សង្កិលិដ្ឋាភជ្ឈាន។ បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកសង្កិលិដ្ឋាភទេវតា។7) ម្នាលគហបតី មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់បរិសុទ្ធាភជ្ឈាន។ បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកបរិសុទ្ធាភទេវតា។8) ម្នាលគហបតី កិរិយាកើតក្នុងភព មាន៤យ៉ាងនេះឯង។

[៩៣] ម្នាលគហបតី មានសម័យដែលពួកទេវតាប្រជុំគ្នា ក្នុងទីមួយ ឯពួកទេវតា ដែលប្រជុំគ្នា ក្នុងទីមួយនោះ ប្រាកដជាមានសម្បុរផ្សេងគ្នា តែមិនមែនមានពន្លឺផ្សេងគ្នាទេ។ ម្នាលគហបតី ដូចបុរស ដែលញ៉ាំងប្រទីបប្រេងជាច្រើន ឲ្យចូលទៅកាន់ផ្ទះមួយ ឯប្រទីបប្រេងទាំងនោះ ដែលចូលទៅកាន់ផ្ទះមួយ ប្រាកដជាមានអណ្តាតភ្លើងផ្សេងគ្នា តែមិនមែនមានពន្លឺផ្សេងគ្នាទេ មានឧបមា យ៉ាងណាមិញ ម្នាលគហបតី មានឧបមេយ្យ ដូចយ៉ាងសម័យ ដែលពួកទេវតាប្រជុំគ្នា ក្នុងទីមួយ ឯពួកទេវតាដែលប្រជុំគ្នា ក្នុងទីមួយនោះ ប្រាកដជាមានសម្បុរផ្សេងគ្នា តែមិនមែនមានពន្លឺផ្សេងគ្នាទេ។

[៩៤] ម្នាលគហបតី សម័យ ដែលពួកទេវតា ចេញទៅអំពីទីប្រជុំនោះ ឯពួកទេវតានោះ កាលដែលចេញទៅ អំពីទីប្រជុំនោះ ប្រាកដជាមានសម្បុរក៏ផ្សេងគ្នា មានពន្លឺក៏ផ្សេងគ្នា។ ម្នាលគហបតី ដូចបុរសនាំយកនូវប្រទីបប្រេង ដ៏ច្រើនទាំងនោះ ចេញអំពីផ្ទះនោះ ឯប្រទីបប្រេងទាំងនោះ កាលដែល​គេនាំចេញអំពីផ្ទះនោះ ប្រាកដជាមានអណ្តាតភ្លើងផ្សេងគ្នា មានពន្លឺក៏ផ្សេងគ្នា មានឧបមាយ៉ាងណាមិញ ម្នាលគហបតី មានឧបមេយ្យដូចយ៉ាងសម័យ ដែលពួកទេវតាចេញទៅអំពីទីប្រជុំនោះ ឯពួកទេវតានោះ កាលដែលចេញទៅ អំពីទីប្រជុំនោះ ប្រាកដជាមានសម្បុរផ្សេងគ្នា មានពន្លឺក៏ផ្សេងគ្នា។

[៩៥] ម្នាលគហបតី ឯទេវតាទាំងនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយទៀត ពួកទេវតាណា នៅអាស្រ័យក្នុងទីណាៗ ទេវតាទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗឯង។ ម្នាលគហបតី ដូចហ្វូងរុយ ដែលគេនាំទៅ ដោយអម្រែកក្តី ដោយកញ្ជើរក្តី តែងមិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយវិញទៀត រុយទាំងនោះ ទៅអាស្រ័យក្នុងទីណាៗ រុយទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗឯង មានឧបមា យ៉ាងណាមិញ ម្នាលគហបតី មានឧបមេយ្យដូចយ៉ាង ទេវតាទាំងនោះ តែងមិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយវិញទៀត ពួកទេវតាណា នៅអាស្រ័យក្នុងទីណាៗ ទេវតាទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗ។

[៩៦] កាលបើព្រះអនុរុទ្ធ ពោលយ៉ាងនេះហើយ ព្រះអភិយកច្ចានៈមានអាយុ ក៏ពោលនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពាក្យរបស់លោកម្ចាស់ ប្រពៃហើយ តែខ្ញុំត្រូវការសួរ ក្នុងប្រស្នានុ៎ះ តទៅទៀត បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពួកទេវតាណា ដែលមានពន្លឺ ទេវតាទាំងនោះ មានពន្លឺតិចទាំងអស់ឬ ឬក៏មានពួកទេវតា ដែលមានពន្លឺប្រមាណមិនបាន ក្នុងទីនុ៎ះ​ខ្លះដែរ។ ព្រះអនុរុទ្ធឆ្លើយថា ម្នាលអាវុសោកច្ចានៈ ដោយហេតុនោះៗ ទេវតាដែលមានពន្លឺតិច ក៏មានក្នុងទីនុ៎ះខ្លះ ទេវតា ដែលមានពន្លឺប្រមាណមិនបាន ក៏មានក្នុងទីនុ៎ះខ្លះដែរ។ បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យទេវតាទាំងនោះ ចូលទៅកើត ក្នុងពួកនៃទេវតាដូចគ្នា តែទេវតាពួកខ្លះក្នុងទីនុ៎ះ មានពន្លឺតិចក៏មាន ទេវតាពួកខ្លះក្នុងទីនុ៎ះ មានពន្លឺប្រមាណមិនបានក៏មាន។

[៩៧] ម្នាលអាវុសោកច្ចានៈ បើដូច្នោះ ខ្ញុំនឹងត្រឡប់សួរលោក ក្នុងប្រស្នានុ៎ះវិញ បើប្រស្នានោះ គាប់ចិត្តលោក យ៉ាងណា លោកគប្បីដោះស្រាយ នូវប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល១ ជាកំណត់ ថាជាទីមហគ្គតៈ (ទីជាធំ គឺទីត្រូវយកចិត្តទុកដាក់) និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ថា ជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[៩៨] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈ​ខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[៩៩] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[១០០] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[១០១] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[១០២] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ផែនដី មានសមុទ្រជាទីបំផុត ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ផែនដី មានសមុទ្រជាទីបំផុត ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ ម្នាលអាវុសោ កច្ចានៈ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យទេវតាទាំងនោះ ចូលទៅកើតក្នុងពួកទេវតាតែមួយពួក ប៉ុន្តែទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺតិច ក៏មាន ទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺប្រមាណមិនបាន ក៏មាន។

[១០៣] បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពាក្យរបស់លោកម្ចាស់ ប្រពៃហើយ តែខ្ញុំនៅតែត្រូវការសួរ ក្នុងប្រស្នានុ៎ះ តទៅទៀត បពិត្រលោកដ៏ចម្រើន ទេវតាទាំងអម្បាលមាណ ដែលមានពន្លឺ តើទេវតា​ទាំងនោះ មានពន្លឺស្រអាប់ទាំងអស់ឬ ឬក៏មានទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺថ្លាដែរ។ ម្នាលអាវុសោ កច្ចានៈ ដោយហេតុដូចពោលមកហើយនោះឯង ទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺស្រអាប់ក៏មាន ទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺថ្លា ក៏មាន។ បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យ​ទេវតា​ទាំងនោះ ចូលទៅកើតក្នុងពួក នៃទេវតាតែមួយពួកសោះទេ ប៉ុន្តែទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺស្រអាប់ ក៏មាន ទេវតាពួកខ្លះ ក្នុងទីនុ៎ះ មានពន្លឺថ្លា ក៏មាន។

[១០៤] ម្នាលអាវុសោ កច្ចានៈ បើដូច្នោះ ខ្ញុំនឹងធ្វើនូវសេចក្តីឧបមាដល់លោក ព្រោះថាវិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ តែងដឹងច្បាស់ នូវសេចក្តីនៃភាសិត ដោយសារពាក្យឧបមា។ ម្នាលអាវុសោ កច្ចានៈ ដូចប្រទីបប្រេង ដែលកំពុងឆេះ មានប្រេងមិនបរិសុទ្ធខ្លះ មានប្រឆេះមិនស្អាតខ្លះ។ ប្រទីបប្រេងនោះឯង ព្រោះតែប្រេងមិនបរិសុទ្ធ ក៏មាន ព្រោះតែប្រឆេះមិនស្អាត ក៏មាន ក៏ឆេះហាក់ដូចជា​ងងឹត​ស្រអាប់ មានឧបមា យ៉ាងណាមិញ ម្នាលអាវុសោ កច្ចានៈ មានឧបមេយ្យដូចយ៉ាង ភិក្ខុខ្លះ ក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់សង្កិលិដ្ឋាភជ្ឈាន (ឈានមានពន្លឺស្រអាប់)។ គឺភិក្ខុនោះ មានសេចក្តីឆ្គាំឆ្គងកាយ មិនបានស្ងប់រម្ងាប់ខ្លះ មានថីនមិទ្ធៈ មិនបានដកចោលខ្លះ មានឧទ្ធច្ចកុក្កុច្ចៈ មិនបានកំចាត់ចោលខ្លះ។ ភិក្ខុនោះ ព្រោះតែសេចក្តីឆ្គាំឆ្គងកាយ មិនបានស្ងប់រម្ងាប់ក៏មាន ព្រោះតែមានថីនមិទ្ធៈ មិនបានដកចោលក៏មាន ព្រោះតែមានឧទ្ធច្ចកុក្កុច្ចៈ មិនបានកំចាត់ចោលក៏មាន ក៏ចម្រើនឈាន ហាក់ដូចជាងងឹតស្រអាប់។ ភិក្ខុនោះ លុះបែកធ្លាយរាងកាយ​ស្លាប់ទៅ ខាងមុខ​បន្ទាប់អំពីមរណៈ តែងទៅកើតជាមួយនឹងពួកទេវតា ដែលមានពន្លឺស្រអាប់។ ម្នាលអាវុសោ កច្ចានៈ មួយទៀត ដូចប្រទីបប្រេង ដែលកំពុងឆេះ មានប្រេងបរិសុទ្ធផង មានប្រឆេះស្អាតផង។ ប្រទីបប្រេងនោះ ព្រោះតែប្រេងបរិសុទ្ធផង ព្រោះតែប្រឆេះស្អាតផង ក៏ឆេះហាក់ដូចជាមិនងងឹតស្រអាប់ មាន​ឧបមា​យ៉ាង​ណា​មិញ ម្នាលអាវុសោ កច្ចានៈ មានឧបមេយ្យដូចយ៉ាង ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់បរិសុទ្ធាភជ្ឈាន (ឈានមានពន្លឺថ្លា)។ គឺភិក្ខុនោះ មានសេចក្តីឆ្គាំឆ្គងកាយ ស្ងប់រម្ងាប់ផង មានថីនមិទ្ធៈ ដកចោលហើយផង មានឧទ្ធច្ចកុក្កុច្ចៈ កំចាត់ចោលហើយផង។ ភិក្ខុនោះ ព្រោះតែមានសេចក្តីឆ្គាំឆ្គងកាយ ស្ងប់រម្ងាប់ហើយផង ព្រោះតែមានថីនមិទ្ធៈ ដកចោលហើយផង ព្រោះតែមានឧទ្ធច្ចកុក្កុច្ចៈ កំចាត់ចោលហើយផង រមែងចម្រើនឈាន ហាក់ដូចជាមិនងងឹតស្រអាប់។ ភិក្ខុនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតជាមួយ​នឹង​ពួកទេវតា ដែលមានពន្លឺថ្លា។ ម្នាលអាវុសោ កច្ចានៈ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យទេវតាទាំងនោះ ទៅកើតក្នុងពួកទេវតាតែមួយពួកទេ ប៉ុន្តែទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺស្រអាប់ ក៏មាន ទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺថ្លា ក៏មាន។

[១០៥] កាលបើព្រះអនុរុទ្ធមានអាយុ ពោលយ៉ាងនេះហើយ អភិយកច្ចានៈមានអាយុ ក៏ពោល​ទៅ​នឹង​ព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពាក្យរបស់លោក ប្រពៃហើយ បពិត្រលោកដ៏ចម្រើន ព្រះអនុរុទ្ធមានអាយុ មិនបានពោលយ៉ាងនេះថា ខ្ញុំបានស្តាប់មកយ៉ាងនេះ ឬថាសេចក្តីយ៉ាងនេះ គួរនឹងមានទេ បពិត្រលោកដ៏ចម្រើន តែថា ព្រះអនុរុទ្ធមានអាយុ សំដែងអំពី​ទេវតានោះ យ៉ាងនេះខ្លះ សំដែងអំពីទេវតានោះ ដូច្នេះខ្លះ បពិត្រលោកដ៏ចម្រើន ខ្ញុំមានសេចក្តី​ចូលចិត្ត យ៉ាងនេះថា ព្រះអនុរុទ្ធមានអាយុ ធ្លាប់នៅផង ធ្លាប់និយាយផង ធ្លាប់សាកច្ឆាផង ធ្លាប់រួមគំនិតផង ជាមួយនឹងទេវតាទាំងនោះឯង។ ម្នាលអាវុសោ កច្ចានៈ វាចាស្មាននេះ លោកបានពោលហើយ ដោយត្រឹមត្រូវពិត បើដូច្នោះ ខ្ញុំនឹងប្រាប់លោក ម្នាលអាវុសោ កច្ចានៈ ខ្ញុំធ្លាប់នៅផង ធ្លាប់និយាយផង ធ្លាប់សាកច្ឆាផង ធ្លាប់រួមគំនិតផង ជាមួយនឹងទេវតាទាំងនោះឯង អស់កាលជាយូរអង្វែងពិតមែន។

[១០៦] កាលបើព្រះអនុរុទ្ធមានអាយុ ពោលយ៉ាងនេះហើយ អភិយកច្ចានៈ មានអាយុ ក៏ពោលទៅនឹង បញ្ចកង្គថបតិ ដូច្នេះថា ម្នាលគហបតី អ្នកពេញជាមានលាភ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នកពេញជាបានដោយល្អហើយ ព្រោះថា អ្នកបានលះបង់នូវធម៌កង្ខា (សេចក្តីសង្ស័យ) នោះ ព្រោះថា យើងទាំងឡាយ បានស្តាប់នូវធម្មបរិយាយនេះ។

ចប់ អនុរុទ្ធសូត្រ ទី៧។

 

លេខយោង

1)
ជាងឈើប្រកប​ដោយ​អង្គ៥ គឺកាំបិតព្រា១ ពូថៅ១ ពន្លាក១ អន្លូង១ ស្នូកបន្ទាត់១។ អដ្ឋកថា។
2)
ក្នុងវេលាថ្ងៃត្រង់ ម្លប់ដើមឈើ មានកំណត់ជុំវិញត្រឹមណា ទីត្រឹមនោះ ហៅថារុក្ខមូល១ យោគីកំណត់រុក្ខមូល១នោះ ដោយកសិណនិមិត្តហើយ ពិចារណាត្រាតែកើត​មហគ្គតជ្ឈានឡើង ក្នុងកសិណនិមិត្តនោះ។ ឯមហគ្គតជ្ឈាន គឺរូបាវចរជ្ឈាន និងអរូបាវចរជ្ឈាន
3)
ឈានដែលជាហេតុ នាំឲ្យកើត​ក្នុង​បរិត្តាភព្រហ្មលោក បានដល់ទុតិយជ្ឈានយ៉ាងទាប។ ឯក្នុងប្រយោគនេះ បានសេចក្តីថា ចំរើនបរិត្តាភជ្ឈាន ប៉ុណ្ណោះឯង
4)
ទេវតាមានពន្លឺតិច ឬទេវតាឋិតនៅក្នុងបរិត្តាភព្រហ្មលោក
5)
ឈានដែលជាហេតុ នាំឲ្យកើតក្នុងអប្បមាណាភព្រហ្មលោក បានដល់ទុតិយជ្ឈានយ៉ាងកណ្តាល
6)
ទេវតាមានពន្លឺប្រមាណមិនបាន ឬទេវតាឋិតនៅក្នុងអប្បមាណាភព្រហ្មលោក
7)
ទេវតាមានពន្លឺស្រអាប់
8)
ទេវតាមានពន្លឺថ្លា។ ពួកបរិត្តាភទេវតា (ទេវតាមានពន្លឺតិច) មានពន្លឺស្រអាប់ខ្លះ មានពន្លឺថ្លាខ្លះ យោគីណា ធ្វើបរិកម្ម ក្នុងកសិណប្រមាណប៉ុនចង្អេរក្តី ប៉ុនផ្តិលក្តី ហើយញ៉ាំងសមាបត្តិ ឲ្យកើតបានស្ទាត់ជំនាញ ដោយអាការ ទាំង៥ តែមិនបរិសុទ្ធចាកបច្ចនិកធម៌ (ធម៌ជាសត្រូវ) យោគីនោះ ប្រើប្រាស់សមាបត្តិ ដែលថយកម្លាំង ឋិតនៅក្នុងឈាន ដែលមិនស្ទាត់ស្ទាញ លុះធ្វើមរណៈកាលទៅ ក៏ទៅកើតជាបរិត្តាភទេវតា ពន្លឺរបស់ទេវតានោះ តិចផង ស្រអាប់ផង។ យោគីណា ស្ទាត់ស្ទាញ ដោយអាការ ទាំង៥ ហើយបរិសុទ្ធចាក​បច្ចនិកធម៌ ប្រើប្រាស់សមាបត្តិដ៏​បរិសុទ្ធ ឋិតនៅក្នុង​ឈាន ដែល​ស្ទាត់ស្ទាញ លុះធ្វើមរណកាលទៅ ក៏ទៅកើតជាបរិត្តាភទេវតា ពន្លឺរបស់ទេវតានោះ តិច តែថ្លា។ អប្បមាណាភទេវតា (ទេវតាមានពន្លឺប្រមាណមិនបាន) មានពន្លឺស្រអាប់១ពួក មានពន្លឺថ្លា១ពួក សេចក្តីដូចគ្នានឹងខាងដើម ប្លែកគ្នាតែត្រង់ធ្វើបរិកម្ម ក្នុងកសិណ ដែល​ធំទូលាយ​ប្រមាណមិនបាន​ប៉ុណ្ណោះ
km/tipitaka/sut/mn/sut.mn.127.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann