តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » សុញ្ញតវគ្គ »
សេចក្តីក្រោធ អភិព្យា ព្យាបាទ ណានៅមានក្នុងចិត្ត ជាធម៌សៅហ្មងរបស់ពាល។ សូម្បីតែស្រាល៖ពន្លឺភ្លឺ រូបភាព សញ្ញា លំនៅដ្ឋាននៅក្នុងសមាធិមកដល់ហើយទៅ។ ហេតុអ្វីមិនទៅសុវត្ថិភាព?
mn 128 បាលី cs-km: sut.mn.128 អដ្ឋកថា: sut.mn.128_att PTS: ?
(ទី៨) ឧបក្កិលេសសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. ឧបក្កិលេសសុត្តំ)
[១០៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ពួកភិក្ខុ ក្នុងក្រុងកោសម្ពី កើតមានការបង្កហេតុ កើតមានជម្លោះ ដល់នូវការទាស់ទែងគ្នា ចាក់ដោតគ្នា និងគ្នា ដោយលំពែង គឺមាត់។
[១០៨] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើតឋិតនៅក្នុងទីសមគួរ។ ឯភិក្ខុនោះ លុះឋិតនៅក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុ ក្នុងក្រុងកោសម្ពីនេះ កើតមានការបង្កហេតុ កើតមានជម្លោះ ដល់នូវការទាស់ទែងគ្នា ចាក់ដោតគ្នា និងគ្នា ដោយលំពែង គឺមាត់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ស្តេចចូលទៅកាន់ សំណាក់ភិក្ខុទាំងនោះ ដោយសេចក្តីអនុគ្រោះ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួល ដោយតុណ្ហីភាព។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ត្រាស់ឃាត់ភិក្ខុទាំងនោះ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវជម្លោះ កុំធ្វើនូវសេចក្តីប្រកាន់ខុសគ្នា កុំធ្វើនូវការទាស់ទែងគ្នាឡើយ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់ឃាត់ យ៉ាងនេះហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបនូវកិរិយានៅជាសុខ ក្នុងបច្ចុប្បន្នចុះ យើងខ្ញុំទាំងឡាយ នឹងប្រាកដដោយការបង្កហេតុ ដោយជម្លោះ ដោយសេចក្តីប្រកាន់ខុសគ្នា ដោយការទាស់ទែងគ្នានុ៎ះ មិនលែងទេ។
[១០៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ឃាត់ នូវភិក្ខុទាំងនោះ ជាគម្រប់ពីរដង ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវជម្លោះ កុំធ្វើនូវសេចក្តីប្រកាន់ខុសគ្នា កុំធ្វើនូវការទាស់ទែងគ្នាឡើយ។ ភិក្ខុនោះ ក៏ក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ជាគម្រប់ពីរដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបនូវកិរិយានៅជាសុខ ក្នុងបច្ចុប្បន្នចុះ យើងខ្ញុំទាំងឡាយ នឹងប្រាកដដោយការបង្កហេតុ ដោយជម្លោះ ដោយសេចក្តីប្រកាន់ខុសគ្នា ដោយការទាស់ទែងគ្នានុ៎ះ មិនលែងឡើយ។
[១១០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ឃាត់ នូវភិក្ខុទាំងនោះ ជាគម្រប់៣ដង ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវជម្លោះ កុំធ្វើនូវសេចក្តីប្រកាន់ខុសគ្នា កុំធ្វើនូវការទាស់ទែងគ្នាឡើយ។ ភិក្ខុនោះ ក៏ក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ជាគម្រប់៣ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបនូវកិរិយានៅជាសុខ ក្នុងបច្ចុប្បន្នចុះ យើងខ្ញុំទាំងឡាយ នឹងប្រាកដដោយការបង្កហេតុ ដោយជម្លោះ ដោយសេចក្តីប្រកាន់ខុសគ្នា ដោយការទាស់ទែងគ្នានុ៎ះ មិនលែងទេ។
[១១១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត្រ។ លុះព្រះមានព្រះភាគ ទ្រង់ស្តេចទៅក្នុងក្រុងកោសម្ពី ដើម្បីបិណ្ឌបាត្រ ត្រឡប់អំពីបិណ្ឌបាត្រ ក្នុងបច្ឆាភត្តហើយ ទ្រង់ឲ្យរៀបចំសេនាសនៈ ហើយកាន់យកបាត្រ និងចីវរ ទ្រង់ព្រះស្ថិត (ឈរ) សំដែងនូវព្រះគាថាទាំងនេះថា
ជនមានសំឡេងខ្លាំង (ទៅរកគ្នា) ផង ជនធ្វើនូវសេចក្តីបង្កហេតុប្រហែលគ្នាផង សូម្បីជនណាមួយ ដឹងខ្លួនថា អាត្មាអញ ជាបុគ្គលពាល ក៏គ្មានឡើយ កាលបើសង្ឃកំពុងតែបែកគ្នា ក៏មិនបានដឹងហេតុដទៃ ឲ្យក្រៃលែងដែរ1) ពួកជនដែលភ្លេចស្មារតី ហើយធ្វើឫកពាខ្លួន ដូចជាអ្នកប្រាជ្ញ មានសំដីជាអារម្មណ៍ ពោលនូវពាក្យជាប្រក្រតី ចង់ហាមាត់និយាយប៉ុន្មាន ក៏និយាយប៉ុណ្ណោះទៅ កាលបើជម្លោះណា នាំទៅហើយ ក៏មិនដឹងច្បាស់ នូវជម្លោះនោះឡើយ2) ពួកជនណា ចង នូវសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយអាត្មាអញ ជនឯណោះ បានផ្ចាញ់អាត្មាអញ ជនឯណោះ បានលួចទ្រព្យ របស់អាត្មាអញ ពៀររបស់ជនទាំងនោះ មិនរម្ងាប់ទេ លុះតែពួកជនណា មិនចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយអាត្មាអញ ជនឯណោះ បានផ្ចាញ់អាត្មាអញ ជនឯណោះ បានលួចទ្រព្យ របស់អាត្មាអញ ដូច្នេះទេ ពៀររបស់ជនទាំងនោះ ទើបរម្ងាប់ទៅបាន ធម្មតា ពៀរក្នុងលោកនេះ មិនដែលរម្ងាប់ ដោយការចងពៀរម្តងណាឡើយ ការរម្ងាប់ពៀរទៅបាន តែដោយការមិនចងពៀរ ធម៌នុ៎ះ ជាប្រវេណីពួកជនដទៃ3) តែងមិនដឹងច្បាស់ថា យើងនឹងវិនាស ក្នុងកណ្តាលជំនុំសង្ឃនេះឡើយ បណ្ឌិតទាំងឡាយណា ដឹងច្បាស់ក្នុងជំនុំសង្ឃនោះ ជម្លោះ តែងរម្ងាប់អំពីសំណាក់បណ្ឌិតទាំងនោះ អម្បាលឆ្អឹងមាតាបិតា របស់ទីឃាវុកុមារ គេកាត់ចោល ទាំងជីវិត គេក៏សម្លាប់ចោល ទាំងគោសេះ និងធនធាន គេក៏នាំយកទៅ ទាំងដែន គេក៏រឹបជាន់ដណ្តើមយកអស់ ស្តេចទាំងនោះ ម្តេចគង់មានសេចក្តីព្រមព្រៀងគ្នាបាន ចុះអ្នកទាំងឡាយ ហេតុអ្វី ក៏គ្មានសេចក្តីព្រមព្រៀងគ្នាសោះ បើបុគ្គលបាននូវសំឡាញ់ មានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន4) ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នា បុគ្គលនោះ អាចគ្របសង្កត់ នូវសេចក្តីអន្តរាយទាំងពួងបាន គប្បីជាអ្នកមានសេចក្តីត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសំឡាញ់នោះចុះ បើបុគ្គល មិនបាននូវសំឡាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នាទេ បុគ្គលនោះ គួរត្រាច់ទៅតែម្នាក់ឯង ប្រៀបដូចជាព្រះរាជា លះបង់ដែន ដែលខ្លួនឈ្នះហើយ (ត្រាច់ទៅម្នាក់ឯង) ពុំនោះសោត ប្រៀបដូចដំរី ដ៏ប្រសើរ (ត្រាច់ទៅម្នាក់ឯង) ក្នុងព្រៃ ការត្រាច់ទៅ នៃបុគ្គលម្នាក់ឯង ហៅពេញជាប្រសើរ ព្រោះបុគ្គលពាល គ្មានសាហាយតាគុណ5) ទេ មួយទៀត បុគ្គល គួរត្រាច់ទៅតែម្នាក់ឯង តែថា មិនគួរធ្វើអំពើលាមកឡើយ ដូចដំរីដ៏ប្រសើរ មានសេចក្តីខ្វល់ខ្វាយតិច (ត្រាច់ទៅតែម្នាក់ឯង) ក្នុងព្រៃ។
[១១២] លុះព្រះមានព្រះភាគ ទ្រង់ព្រះស្ថិត (ឈរ) ពោលគាថា ទាំងនេះរួចហើយ ក៏ទ្រង់ស្តេចទៅ ឯពាលកលោណការគ្រាម។ សម័យនោះឯង ក៏ជួនជាព្រះភគុមានអាយុ គង់ក្នុងពាលកលោណការគ្រាមនោះដែរ។ ឯព្រះភគុមានអាយុ បានឃើញព្រះមានព្រះភាគ ទ្រង់ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏រៀបក្រាលអាសនៈ រួចតម្កល់ទឹក សម្រាប់លាងព្រះបាទ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលព្រះភគុមានអាយុ ក្រាលថ្វាយ លុះគង់ហើយ ទើបទ្រង់លាងព្រះបាទា។ ចំណែកព្រះភគុមានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយនៅក្នុងទីសមគួរ។ លុះព្រះភគុមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ធន់បានទេឬ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅ បានទេឬ អ្នកមិនលំបាក ដោយបិណ្ឌបាតទេឬ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត ខ្ញុំព្រះអង្គមិនលំបាក ដោយបិណ្ឌបាតទេ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ព្រះភគុមានអាយុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ទ្រង់ក្រោកចាកអាសនៈ ស្តេចទៅឯប្រទេសព្រៃឈ្មោះ បាចីនវំសៈ។
[១១៣] សម័យនោះឯង ចួនជាព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ គង់នៅក្នុងប្រទេសព្រៃឈ្មោះ បាចីនវំសៈ នោះ។ ឯនាយទាយបាល (បុរសជាអ្នករក្សាព្រៃ) បានឃើញព្រះមានព្រះភាគ ទ្រង់ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាបបង្គំទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះសមណៈ ព្រះអង្គកុំស្តេចចូលទៅកាន់ព្រៃនេះឡើយ ដ្បិតមានពួកកុលបុត្រ ៣រូប មានសភាពជាអ្នកស្រឡាញ់ខ្លួន នៅក្នុងព្រៃនេះ ព្រះអង្គ កុំធ្វើឲ្យកុលបុត្រទាំងនោះ មានសេចក្តីមិនសប្បាយឡើយ។ ឯព្រះអនុរុទ្ធមានអាយុ បានឮពាក្យនាយទាយបាល កំពុងនិយាយជាមួយនឹងព្រះមានព្រះភាគ លុះឮហើយ ក៏និយាយទៅនឹងនាយទាយបាល ដូច្នេះថា ម្នាលនាយទាយបាល មានអាយុ អ្នកកុំឃាត់ព្រះមានព្រះភាគឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គ ទ្រង់ស្តេចមកដល់ហើយ។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ចូលទៅរកព្រះនន្ទិយៈ មានអាយុ និងព្រះកិម្ពិលៈមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ ដូច្នេះថា នែលោកមានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្តទៅទទួល នែលោកមានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្តទៅទទួល ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គ ទ្រង់ស្តេចមកដល់ហើយ។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ ក៏ក្រោកទៅទទួលព្រះមានព្រះភាគ មួយអង្គទទួលបាត្រ និងចីវរ នៃព្រះមានព្រះភាគ មួយអង្គរៀបក្រាលទីអាសនៈ មួយអង្គទៀត តម្កល់ទឹកសម្រាប់លាងព្រះបាទា។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលព្រះថេរៈនោះក្រាលថ្វាយ លុះគង់ហើយ ទ្រង់លាងព្រះបាទា។ ចំណែកលោកមានអាយុទាំងនោះ ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីសមគួរ។
[១១៤] លុះព្រះអនុរុទ្ធមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលអនុរុទ្ធទាំងឡាយ6) អ្នកល្មមអត់ធន់បានទេឬ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយ មិនលំបាកដោយបិណ្ឌបាត្រទេឬ។ ឯព្រះថេរៈ ទាំង៣អង្គ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ យើងខ្ញុំព្រះអង្គ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ យើងខ្ញុំព្រះអង្គ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនលំបាកដោយបិណ្ឌបាត្រទេ។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ដែរឬ។ ព្រះករុណា ព្រះអង្គ យើងខ្ញុំព្រះអង្គ ព្រមព្រៀងស្មោះសរនឹងគ្នា មិនវិវាទគ្នាទេ ដូចជាទឹកដោះ លាយនឹងទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់បាន។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក មើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ តើដោយហេតុដូចម្តេចខ្លះ។
[១១៥] សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ហៅពេញជាមានលាភ អត្តភាពជាមនុស្ស ហៅពេញជាអាត្មាអញបានដោយល្អ ព្រោះថាអាត្មាអញ បាននៅជាមួយនឹងសព្រហ្មចារីបុគ្គល មានសភាពយ៉ាងនេះ សូមទ្រង់មេត្តាប្រោស ខ្ញុំព្រះអង្គ បានតម្កល់កាយកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ បានតម្កល់វចីកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ បានតម្កល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះលោកមានអាយុអម្បាលនេះ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្ត នៃលោកមានអាយុ ទាំងនេះវិញ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ក៏បានដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្ត នៃលោកមានអាយុទាំងនេះទៅ សូមទ្រង់ព្រះមេត្តាប្រោស ទោះបីរាងកាយ របស់យើងខ្ញុំព្រះអង្គទាំងឡាយ ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែចិត្ត ហាក់ដូចតែមួយ។
[១១៦] ឯព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ហៅពេញជាមានលាភ អត្តភាពជាមនុស្ស ហៅពេញជាអាត្មាអញបានដោយល្អ ព្រោះថាអាត្មាអញ បាននៅជាមួយនឹងសព្រហ្មចារីបុគ្គល មានសភាពយ៉ាងនេះ សូមទ្រង់មេត្តាប្រោស ខ្ញុំព្រះអង្គ បានតម្កល់កាយកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ បានតម្កល់វចីកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ បានតម្កល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះលោកមានអាយុអម្បាលនេះ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្ត នៃលោកមានអាយុ ទាំងនេះវិញចុះ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ក៏បានដាក់ចិត្ត របស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្ត នៃលោកមានអាយុទាំងនេះវិញទៅ សូមទ្រង់ព្រះមេត្តាប្រោស ទោះបីរាងកាយ របស់យើងខ្ញុំរាល់គ្នា ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែចិត្តហាក់ដូចតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ ព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក មើលគ្នាទៅវិញទៅមក ដោយចក្ខុជាទីស្រឡាញ់បាន ដោយហេតុយ៉ាងនេះឯង។
[១១៧] ម្នាលអនុរុទ្ធទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ មិនបានប្រហែលធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ខ្លះដែរឬ។ ព្រះករុណា ព្រះអង្គ យើងខ្ញុំព្រះអង្គ មិនបានប្រហែលធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ ដែលមិនបានប្រហែលធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន តើដោយហេតុដូចម្តេច។
[១១៨] សូមទ្រង់ព្រះមេត្តាប្រោស បណ្តាយើងខ្ញុំព្រះអង្គ ដែលនៅក្នុងទីនេះ បើលោកអង្គណា ត្រឡប់មកអំពីបិណ្ឌបាត ក្នុងស្រុកមុនគេ លោកអង្គនោះ រៀបចំក្រាលអាសនៈ តម្កល់ទឹកឆាន់ និងទឹកប្រើប្រាស់ តម្កល់ភាជន៍សម្រាប់ផ្ទេរ លោកអង្គណា ត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុក ក្រោយគេ បើមានរបស់ ដែលសល់ពីឆាន់ បើលោកនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ចាក់ចោលទៅក្នុងទីគ្មានស្មៅស្រស់ ក៏បាន បាចសាចទៅក្នុងទឹក ដែលគ្មានសត្វតូច ក៏បាន រួចលោកនោះ រៀបចំទុកដាក់អាសនៈ រៀបចំទុកដាក់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ រៀបចំទុកដាក់ភាជន៍សម្រាប់ផ្ទេរ ហើយបោសសំអាតរោងភត្ត បើលោកណា ឃើញក្អមសម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹកលាងវច្ចៈក្តី នៅរលីងទទេ លោកនោះ ក៏តម្កល់ទុកឲ្យមានឡើង បើលោកនោះ មិនអាចនឹងលើកដោយដៃបានទេ យើងខ្ញុំ ក៏ហៅគ្នីគ្នា មកជួយលើកដោយដៃ ហើយតម្កល់ទុកក្អម សម្រាប់ដាក់ទឹកឆាន់ ឬក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនដែលបញ្ចេញវាចា ព្រោះហេតុប៉ុណ្ណោះឡើយ សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត តែគ្រប់ប្រាំថ្ងៃហើយ7) យើងខ្ញុំតែងអង្គុយប្រជុំគ្នា ដោយធម្មីកថា អស់រាត្រីទាំងមូល គឺអស់មួយយប់ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ យ៉ាងនេះឯង។
[១១៩] ម្នាលអនុរុទ្ធទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះកាលដែលអ្នកទាំងឡាយ មិនបានប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ យ៉ាងនេះ តើអ្នកទាំងឡាយ ត្រាស់ដឹងនូវផាសុវិហារធម៌ ដ៏វិសេស គឺញាណទស្សនៈ ដ៏ប្រសើរ ដែលអាចកំចាត់បង់ នូវកិលេស ដ៏ក្រៃលែង ជាងមនុស្សធម៌ មានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ យើងខ្ញុំព្រះអង្គ មិនបានប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ក៏ស្គាល់ច្បាស់ នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង ប៉ុន្តែឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់យើងខ្ញុំព្រះអង្គ មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ ឯយើងខ្ញុំព្រះអង្គ ក៏មិនបានត្រាស់ដឹង នូវនិមិត្តនោះទេ។
[១២០] ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ គប្បីត្រាស់ដឹងនូវនិមិត្តនោះ ជាប្រាកដ ម្នាលអនុរុទ្ធទាំងឡាយ ក្នុងកាលមុន អំពីការត្រាស់ដឹង តថាគត មិនទាន់បានត្រាស់ដឹង នៅជាពោធិសត្វនៅឡើយ ក៏ស្គាល់ច្បាស់ នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង។ ប៉ុន្តែឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់តថាគត មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យពន្លឺ និងការឃើញរូបទាំងឡាយ របស់អាត្មាអញ បាត់បង់ទៅ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា វិចិកិច្ឆា (សេចក្តីសង្ស័យ) កើតឡើងដល់អាត្មាអញ ឯសមាធិរបស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានវិចិកិច្ឆាជាហេតុ (ជាទោស) កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា នឹងកើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១២១] ម្នាលអនុរុទ្ធទាំងឡាយ តថាគត មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបទ ក៏ស្គាល់ច្បាស់នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង។ ឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់តថាគត មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យពន្លឺ និងការឃើញរូបទាំងឡាយ របស់អាត្មាអញ បាត់បង់ទៅ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា អមនសិការៈ (ការមិនធ្វើទុកក្នុងចិត្ត) កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានអមនសិការៈ ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា និងអមនសិការៈ កើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១២២] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ថីនមិទ្ធៈ (សេចក្តីងងុយ និងងោកងក់) កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែថីនមិទ្ធៈជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើគរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ និងថីនមិទ្ធៈ កើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១២៣] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគតមានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីរន្ធត់កាយ កើតឡើងហើយដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីរន្ធត់កាយជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ ម្នាលអនុរុទ្ធទាំងឡាយ ដូចបុរសដើរផ្លូវឆ្ងាយ ហើយមានពេជ្ឈឃាត នៅចាំផ្លូវទាំងពីរខាង នៃបុរសនោះ ឯសេចក្តីរន្ធត់កាយ ក៏កើតឡើងដល់បុរសនោះ ព្រោះតែពេជ្ឈឃាតនោះ ជាហេតតុ យ៉ាងណាមិញ ម្នាលអនុរុទ្ធទាំងឡាយ សេចក្តីរន្ធត់កាយ កើតឡើងហើយ ដល់តថាគត ឯសមាធិ របស់តថាគត ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីរន្ធត់កាយជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ ក៏យ៉ាងនោះឯង។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ និងសេចក្តីរន្ធត់កាយ កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគត នឹងធ្វើយ៉ាងនោះ។
[១២៤] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីឆ្មើងឆ្មៃ កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីឆ្មើងឆ្មៃ ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ ម្នាលអនុរុទ្ធទាំងឡាយ ដូចបុរសស្វែងរកកំណប់ទ្រព្យមួយ ស្រាប់តែបានកំណប់ទ្រព្យ ៥តែម្តង សេចក្តីឆ្មើងឆ្មៃ គប្បីកើតឡើង ដល់បុរសនោះ ព្រោះតែបានកំណប់ទ្រព្យនោះ ជាហេតុ យ៉ាងណាមិញ ម្នាលអនុរុទ្ធទាំងឡាយ សេចក្តីឆ្មើងឆ្មៃ កើតឡើងហើយ ដល់តថាគត ឯសមាធិ របស់តថាគត ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីឆ្មើងឆ្មៃ ជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ ក៏យ៉ាងនោះឯង។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ និងសេចក្តីឆ្មើងឆ្មៃ កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគត នឹងធ្វើយ៉ាងនោះ។
[១២៥] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីក្រវល់ក្រវាយកាយ កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែសេចក្តីក្រវល់ក្រវាយកាយ ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ និងសេចក្តីក្រវល់ក្រវាយកាយ កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគត នឹងធ្វើយ៉ាងនោះ។
[១២៦] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីព្យាយាមតឹងហួសពេក របស់អាត្មាអញកើតឡើងហើយ ឯសមាធិរបស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីព្យាយាមតឹងហួសពេកជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ ម្នាលអនុរុទ្ធទាំងឡាយ ដូចបុរសចាប់សត្វចាបខ្លាំងពេក ដោយដៃទាំងពីរ សត្វចាបនោះ គប្បីស្លាប់ក្នុងដៃនោះមិនខាន យ៉ាងណាមិញ ម្នាលអនុរុទ្ធទាំងឡាយ សេចក្តីព្យាយាមតឹងហួសពេក របស់តថាគតកើតឡើងហើយ ឯសមាធិរបស់តថាគត ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីព្យាយាមតឹងហួសពេកជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយបាត់បង់ទៅដែរ ក៏យ៉ាងនោះឯង។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ និងសេចក្តីព្យាយាមតឹងហួសពេក កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគតនឹងធ្វើយ៉ាងនោះ។
[១២៧] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគតមានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីព្យាយាមធូរពេក របស់អាត្មាអញកើតឡើងហើយ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីព្យាយាមធូរពេក ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ ម្នាលអនុរុទ្ធទាំងឡាយ ដូចបុរសចាប់សត្វចាបស្រាលពេក សត្វចាបនោះ គប្បីហើរទៅអំពីដៃ នៃបុរសនោះបាន យ៉ាងណាមិញ ម្នាលអនុរុទ្ធទាំងឡាយ សេចក្តីព្យាយាមធូរពេក របស់តថាគតកើតឡើងហើយ ឯសមាធិរបស់តថាគតក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីព្យាយាមធូរពេកជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយក៏បាត់ទៅដែរ យ៉ាងនោះឯង។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក និងសេចក្តីព្យាយាមធូរពេក កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគតនឹងធ្វើ យ៉ាងនោះ។
[១២៨] ម្នាលអនុរុទ្ធទាំងឡាយ តថាគត ។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីប្រាថ្នាហួសពេក (តណ្ហា) របស់អាត្មាអញ កើតឡើងហើយ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីប្រាថ្នាហួសពេកជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក សេចក្តីព្យាយាមធូរពេក និងសេចក្តីប្រាថ្នាហួសពេក កើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១២៩] ម្នាលអនុរុទ្ធទាំងឡាយ តថាគត ។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា នានត្តសញ្ញា (សេចក្តីសំគាល់ផ្សេងគ្នា) កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមាននានត្តសញ្ញាជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក សេចក្តីព្យាយាមធូរពេក សេចក្តីប្រាថ្នាហួសពេក និងនានត្តសញ្ញា កើតឡើងមិនបានទៀត ដល់អាត្មាអញ យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១៣០] ម្នាលអនុរុទ្ធទាំងឡាយ តថាគត មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ក៏ស្គាល់ច្បាស់នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង។ ប៉ុន្តែ ពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់តថាគត មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យពន្លឺ និងការឃើញរូបទាំងឡាយ របស់អាត្មាអញ បាត់ទៅ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ការសំឡឹងមើលនូវរូបក្រៃពេក កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានការសំឡឹងមើល នូវរូបក្រៃពេកជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក សេចក្តីព្យាយាមធូរពេក សេចក្តីប្រាថ្នាហួសពេក នានត្តសញ្ញា និងការសំឡឹងមើលនូវរូបក្រៃពេក កើតឡើងមិនបាន ដល់អាត្មាអញ យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១៣១] ម្នាលអនុរុទ្ធទាំងឡាយ តថាគតដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេស (គ្រឿងសៅហ្មង) របស់ចិត្ត ហើយក៏បានលះបង់ នូវវិចិកិច្ឆា ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា អមនសិការៈ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវអមនសិការៈ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេស របស់ចិត្ត ហើយក៏បានលះបង់ ថីនមិទ្ធៈ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីរន្ធត់កាយ ជាឧបក្កិលេស របស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីរន្ធត់កាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមធូរពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីព្យាមធូរពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា នានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវនានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា ការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេសរបស់ចិត្តចេញ។
[១៣២] ម្នាលអនុរុទ្ធទាំងឡាយ តថាគតមិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយទេ បានឃើញរូបទាំងឡាយ តែមិនបានស្គាល់ច្បាស់នូវពន្លឺទេ រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យអាត្មាអញ ស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយ បានឃើញនូវរូបទាំងឡាយ តែមិនស្គាល់ច្បាស់នូវពន្លឺ រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សម័យណា អាត្មាអញ មិនបានធ្វើទុកក្នុងចិត្ត នូវរូបនិមិត្ត តែបានធ្វើទុកក្នុងចិត្តនូវឱភាសនិមិត្ត (ពន្លឺ) ប៉ុណ្ណោះ សម័យនោះ អាត្មាអញស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយ មួយទៀត សម័យណា អាត្មាអញ មិនបានធ្វើទុកក្នុងចិត្ត នូវឱភាសនិមិត្ត តែបានធ្វើទុកក្នុងចិត្តនូវរូបនិមិត្ត (ប៉ុណ្ណោះ) សម័យនោះ អាត្មាអញ បានឃើញរូបទាំងឡាយ តែមិនបានស្គាល់ច្បាស់នូវពន្លឺឡើយ រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។
[១៣៣] ម្នាលអនុរទ្ធទាំងឡាយ តថាគត មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ក៏ស្គាល់ច្បាស់នូវពន្លឺ មានប្រមាណតិចផង ឃើញរូបទាំងឡាយ មានប្រមាណតិចផង ស្គាល់ច្បាស់ពន្លឺ ប្រមាណមិនបានផង ឃើញរូបទាំងឡាយ ប្រមាណមិនបានផង រហូតអស់មួយយប់ក៏មាន រហូតអស់មួយថ្ងៃក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះដូច្នេះថា ចុះមានហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យអាត្មាអញស្គាល់ពន្លឺ មានប្រមាណតិចផង ឃើញរូបទាំងឡាយមានប្រមាណតិចផង ស្គាល់ច្បាស់នូវពន្លឺ ប្រមាណមិនបានផង ឃើញរូបទាំងឡាយ ប្រមាណមិនបានផង រហូតអស់មួយយប់ក៏មាន រហូតអស់មួយថ្ងៃក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះដូច្នេះថា សម័យណា សមាធិរបស់អាត្មាអញ មានប្រមាណតិច8) សម័យនោះ ចក្ខុរបស់អាត្មាអញ ក៏មានប្រមាណតិច9) ដែរ ព្រោះតែចក្ខុមានប្រមាណតិច បានជាអាត្មាអញស្គាល់ច្បាស់ពន្លឺ មានប្រមាណតិចផង ឃើញរូបទាំងឡាយ មានប្រមាណតិចផង មួយទៀត សម័យណា សមាធិរបស់អាត្មាអញ ប្រមាណមិនបាន សម័យនោះ ចក្ខុរបស់អាត្មាអញ ប្រមាណមិនបានដែរ ព្រោះតែចក្ខុប្រមាណមិនបាន បានជាអាត្មាអញ ស្គាល់ច្បាស់ពន្លឺ ប្រមាណមិនបានផង ឃើញរូបទាំងឡាយ ប្រមាណមិនបានផង រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ កាលបើតថាគតដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់វិចិកិច្ឆា ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា អមនសិការៈ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់អមនសិការៈ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់ថីនមិទ្ធៈ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីរន្ធត់កាយ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីរន្ធត់កាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមធូរពេក ជាឧបក្កិលេស របស់ចិត្តហើយ ក៏បានលះបង់សេចក្តីព្យាយាមធូរពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា នានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់នានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា ការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់ការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេស របស់ចិត្តចេញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគតមានសេចក្តីត្រិះរិះដូច្នេះថា ឧបក្កិលេសណា របស់ចិត្តនៃអាត្មាអញ ឧបក្កិលេសទាំងនោះ អាត្មាអញ បានលះបង់អស់ហើយ បើដូច្នោះ មានតែអាត្មាអញ ចម្រើននូវសមាធិ ៣ប្រការ ក្នុងកាលឥឡូវនេះ។
[១៣៤] ម្នាលអនុរុទ្ធទាំងឡាយ តថាគតក៏បានចម្រើននូវសមាធិ ប្រកបដោយវិត្តកៈ ប្រកបដោយវិចារៈផង។ បានចម្រើននូវសមាធិមិនមានវិត្តកៈ មានតែវិចារៈផង។ បានចម្រើននូវសមាធិ មិនមានវិត្តកៈ ទាំងមិនមានវិចារៈផង។ បានចម្រើននូវសមាធិ ប្រកបដោយបីតិផង។ បានចម្រើននូវសមាធិ មិនមានបីតិផង។ បានចម្រើននូវសមាធិ ប្រកបដោយសេចក្តីសប្បាយផង។ បានចម្រើននូវសមាធិ ប្រកបដោយឧបេក្ខាផង។ ម្នាលអនុរុទ្ធទាំងឡាយ កាលបើតថាគត បានចម្រើនសមាធិ ប្រកបដោយវិត្តកៈ ប្រកបដោយវិចារៈរួចហើយ។ បានចម្រើនសមាធិ មិនមានវិត្តកៈ មានតែវិចារៈរួចហើយ។ បានចម្រើនសមាធិ មិនមានវិត្តកៈ ទាំងមិនមានវិចារៈរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយបីតិរួចហើយ។ បានចម្រើនសមាធិមិនមានបីតិរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយសេចក្តីសប្បាយរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយឧបេក្ខារួចហើយ។ សេចក្តីដឹង និងសេចក្តីឃើញ ក៏កើតឡើងដល់តថាគតថា វិមុត្តិរបស់អាត្មាអញ ជាធម្មជាតិមិនកក្រើក ជាតិរបស់អាត្មាអញនេះ មានក្នុងទីបំផុត ឥឡូវនេះ សេចក្តីកើតទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអនុរុទ្ធមានអាយុ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ឧបក្កិលេសសូត្រទី៨។