km:tipitaka:sut:mn:sut.mn.131



ភទ្ទេករត្តសូត្រ ទី១

សង្ខេប

ព្រះពុទ្ធ​​ទ្រង់​​លើក​​ទឹក​​ចិត្ត​​ព្រះសង្ឃ​​កុំ​​ឲ្យ​​ខាត​​ពេល និង​ចំណាយ​ពេល​មួយ​យប់​ដ៏​រីករាយ។ ថ្ងៃ​ស្អែក​មិន​ប្រាកដ​ទេ។ អតីតកាល​រលត់​ទៅ អនាគត​មិន​ប្រាកដ៖ ល្អ​រំលាយ​ទុក្ខ​ទាំង​អស់​ក្នុង​បច្ចុប្បន្ន​ឥឡូវ​នេះ!

mn 131 បាលី cs-km: sut.mn.131 អដ្ឋកថា: sut.mn.131_att PTS: ?

(ទី១) ភទ្ទេករត្តសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. ភទ្ទេករត្តសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅ​ពួកភិក្ខុក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវឧទ្ទេស គឺមាតិកា ជាគ្រឿងសំដែងឡើង និង​វិភង្គ គឺបទ ជាគ្រឿង​ចែកដោយពិស្តារ របស់បុគ្គលអ្នកមានរាត្រីមួយដ៏ចម្រើន ដល់​អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវសូត្រនោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ​តថាគត នឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលមិនគប្បីអាឡោះអាឡ័យ​បញ្ចក្ខន្ធ ដែលកន្លងទៅហើយ មិនគប្បីប្រាថ្នាបញ្ចក្ខន្ធ ដែលមិនទាន់មកដល់ទេ ព្រោះ​បញ្ចក្ខន្ធ​ណា ជាអតីត បញ្ចក្ខន្ធ​នោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធ​ណា ជាអនាគត បញ្ចក្ខន្ធ​​នោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែលមិនរសេមរសាម1) និងមិនបានកម្រើក (ដោយពួកកិលេស) គប្បីចម្រើនឲ្យរឿយៗ នូវ​ផលសមាបត្តិ ដែលជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឯការព្យាយាម ជាគ្រឿងដុត​កិលេស បុគ្គលគួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុង​ថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាដ៏ច្រើននោះ មិនមានសោះឡើយ អ្នកប្រាជ្ញដែលស្ងប់ទុក្ខហើយ តែងហៅបុគ្គល ដែលមាន​វិហារធម៌​យ៉ាងនេះ ជាអ្នកមានព្យាយាម ដុតកិលេស ជាអ្នកមិនខ្ជិលច្រអូស អស់យប់ និងថ្ងៃ​នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

[៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលអាឡោះអាល័យ​បញ្ចក្ខន្ធ ដែលកន្លង​ទៅហើយ តើដូចម្តេច។ បុគ្គលរមែងប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលដែលកន្លងទៅហើយ ប្រព្រឹត្តទៅតាមតណ្ហា ក្នុងវេទនា​នោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាម​សេចក្តី​ត្រេកអរ​ ក្នុងសញ្ញានោះថា អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាម​សេចក្តីត្រេកអរ ក្នុងសង្ខារទាំងឡាយនោះថា អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុង​កាល​ជាអតីត ប្រព្រឹត្តទៅតាមសេចក្តី​ត្រេកអរ ក្នុងវិញ្ញាណនោះថា អាត្មាអញ មានវិញ្ញាណ​យ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អាឡោះអាល័យ​បញ្ចក្ខន្ធ ដែល​កន្លងទៅហើយ យ៉ាងនេះឯង។

[៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនអាឡោះអាល័យ​បញ្ចក្ខន្ធ ជាអតីត តើដូចម្តេច។ បុគ្គលមិនប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងវេទនា​នោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាម​សេចក្តី​ត្រេកអរ​ ក្នុង​សញ្ញានោះថា អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាម​សេចក្តីត្រេកអរ ក្នុងសង្ខារទាំងឡាយនោះថា អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុង​កាល​ជាអតីត មិនប្រព្រឹត្តទៅតាមសេចក្តី​ត្រេកអរ ក្នុងវិញ្ញាណនោះថា អាត្មាអញ មាន​វិញ្ញាណ​​យ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិន​អាឡោះអាល័យ​បញ្ចក្ខន្ធ ដែល​កន្លងទៅហើយ យ៉ាងនេះឯង។

[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ក្នុងកាលជាអនាគត តើដូចម្តេច។ បុគ្គលប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត មានវេទនា​យ៉ាងនេះ។បេ។ មានសញ្ញាយ៉ាងនេះ។បេ។ មាន​សង្ខារយ៉ាងនេះ។បេ។ រមែង​ប្រព្រឹត្តទៅតាមសេចក្តី​ត្រេកអរ ក្នុងវិញ្ញាណនោះថា សូមឲ្យអាត្មាអញ មានវិញ្ញាណ​យ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រាថ្នានូវ​បញ្ចក្ខន្ធ ក្នុងកាលជាអនាគត យ៉ាងនេះឯង។

[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ក្នុងកាលជាអនាគតនោះ តើដូចម្តេច។ បុគ្គលមិនប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត មានវេទនាយ៉ាងនេះ។បេ។ មានសញ្ញាយ៉ាង​នេះ។បេ។ មានសង្ខារយ៉ាងនេះ។បេ។ មិនប្រព្រឹត្តទៅតាម​សេចក្តីត្រេកអរ ក្នុងវិញ្ញាណ​នោះថា សូមឲ្យអាត្មាអញ មានវិញ្ញាណ​យ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ក្នុងកាលជាអនាគត យ៉ាងនេះឯង។

[៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលរសេមរសាម (ដោយតណ្ហា និងទិដ្ឋិ) ក្នុងពួក​ធម៌ ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបាន​ស្តាប់ មិនបានជួបប្រទះនឹងពួកព្រះអរិយៈ ជាអ្នកមិនឈ្លាស ក្នុងធម៌របស់ព្រះអរិយៈ មិនបាន​ហាត់ក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះ នូវសប្បុរសទាំងឡាយ មិនឈ្លាស​ក្នុង​ធម៌របស់សប្បុរស មិនបានហាត់ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវ​រូប​ថាជាខ្លួន ពិចារណាឃើញ នូវ​ខ្លួនថាមានរូប នូវរូប​ថាមានក្នុងខ្លួន ឬនូវខ្លួន​ថាមានក្នុង​រូប ពិចារណាឃើញ នូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារទាំងឡាយ។បេ។ នូវ​វិញ្ញាណ​ថាជាខ្លួន នូវខ្លួនថាមានវិញ្ញាណ នូវវិញ្ញាណថាមានក្នុងខ្លួន ឬនូវខ្លួន​ថាមានក្នុង​វិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនរសេមរសាម ក្នុង​ធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកបាន​ស្តាប់ ជាអ្នកបាន​ជួប​ប្រទះ​នឹងពួកព្រះអរិយៈ ជាអ្នកឈ្លាសវៃ ក្នុងធម៌របស់ព្រះអរិយៈ បាន​ហាត់ល្អ ក្នុង​ធម៌​របស់​ព្រះអរិយៈ បានជួបប្រទះ នឹងពួកសប្បុរស ឈ្លាសវៃ​ក្នុង​ធម៌របស់សប្បុរស បានហាត់ក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញ​រូប​ថាជាខ្លួន មិនពិចារណាឃើញ​ខ្លួនថាមានរូប មិនពិចារណាឃើញរូប ​ថាមានក្នុងខ្លួន មិនពិចារណាឃើញខ្លួន ​ថា​មានក្នុង​រូប មិនពិចារណាឃើញវេទនា។បេ។ មិនពិចារណាឃើញសញ្ញា។បេ។ មិនពិចារណាឃើញសង្ខារទាំងឡាយ។បេ។ មិនពិចារណាឃើញ​វិញ្ញាណ ​ថាជាខ្លួន មិនពិចារណាឃើញខ្លួន ថាមានវិញ្ញាណ មិនពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន មិនពិចារណាឃើញខ្លួន ​ថាមានក្នុង​វិញ្ញាណឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិន​រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[៩] បុគ្គលមិនគប្បីអាឡោះអាល័យ នូវបញ្ចក្ខន្ធជាអតីត មិនគប្បីប្រាថ្នា នូវ​បញ្ចក្ខន្ធ​ជាអនាគតឡើយ ព្រោះបញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់​នូវ​ព្រះនិព្វាន ដែលមិនរសេមរសាម និងមិនកម្រើកហើយ គប្បីចម្រើន​ផលសមាបត្តិ ដែល​ជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឲ្យរឿយៗ ឯការព្យាយាម ជាគ្រឿងដុតកិលេស បុគ្គល​គួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណាអាចដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះ​ថាការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាដ៏ច្រើននោះ មិនមានសោះឡើយ អ្នកប្រាជ្ញ ដែលស្ងប់ទុក្ខហើយ តែងហៅបុគ្គល ដែល​មានវិហារធម៌យ៉ាងនេះ មាន​ព្យាយាម​ដុតកំដៅកិលេស ជាអ្នកមិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នក​មានរាត្រី​មួយដ៏ចំរើន។

ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវឧទ្ទេស គឺមាតិកា និងវិភង្គ គឺ​ភាជនីយ របស់បុគ្គល​អ្នកមានរាត្រីមួយដ៏ចម្រើន ដល់អ្នកទាំងឡាយ។ ពាក្យណា ដែលតថាគត​ពោលហើយ ដោយប្រការដូច្នេះ ពាក្យនោះ តថាគត ពោលសំដៅហេតុនេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្ត​ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ភទ្ទេករត្តសូត្រ ទី១។

 

លេខយោង

1)
ប្រែថា មិនងីកងាកក៏បាន។
km/tipitaka/sut/mn/sut.mn.131.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann