តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » វិភង្គវគ្គ »
ទេវតា ជាសម្មាទិដ្ឋិបាន មកជួបព្រះសមិទ្ធិ ដើម្បីឲ្យ រំលឹកធម៌ជាខាងដើម។ តើធម៌នោះដូម្តេច? បានជាព្រះសមិទ្ធិ ចូលទៅគាល់សួរព្រះពុទ្ធ និងព្រះមហាកច្ចានៈ។
mn 133 បាលី cs-km: sut.mn.133 អដ្ឋកថា: sut.mn.133_att PTS: ?
(ទី៣) មហាកច្ចានភទ្ទេករត្តសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
sut.mn.133.aac
(៣. មហាកច្ចានភទ្ទេករត្តសុត្តំ)
[២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថ ក្នុងតបោទារាម ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយចូលទៅរកស្ទឹងឈ្មោះតបោទា ដើម្បីនឹងស្រលាបខ្លួន។ លុះចុះទៅស្រលាបខ្លួន ក្នុងស្ទឹងឈ្មោះតបោទាស្រេចហើយ លោកក៏ឡើងមកវិញ មានតែចីវរមួយ ឈរហាលខ្លួនឲ្យស្ងួត។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងទៅហើយ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងស្ទឹងឈ្មោះតបោទាទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ទើបឈរក្នុងទីសមគួរ។
[២៤] លុះទេវតានោះ ឈរក្នុងទីសមគួរហើយ បាននិយាយនឹងព្រះសមិទ្ធិមានអាយុ យ៉ាងនេះថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែលមានរាត្រីមួយដ៏ចម្រើនឬទេ។ ម្នាលអាវុសោ អាត្មាមិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ដែលមានរាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ដែលមានរាត្រីមួយដ៏ចម្រើនឬទេ។ បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ដែលមានរាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចុះលោកចាំគាថា មានរាត្រីមួយដ៏ចម្រើនឬទេ។ ម្នាលអាវុសោ អាត្មាមិនចាំគាថាមានរាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំគាថាមានរាត្រីមួយដ៏ចម្រើនឬទេ។ បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនចាំគាថាមានរាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចូរលោករៀន នូវឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកទន្ទេញ នូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកចាំទុក នូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ព្រោះឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើន ជាធម៌ប្រកបដោយប្រយោជន៍ ហើយជាខាងដើម នៃមគ្គព្រហ្មចារ្យ។ ទេវតានោះ បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏បាត់ក្នុងទីនោះទៅ។
[២៥] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ លុះកន្លងរាត្រីនោះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានក្រោកឡើង ក្នុងបច្ចូសសម័យនៃរាត្រី ក្នុងទីនេះ បានចូលទៅឯស្ទឹងតបោទា ដើម្បីនឹងស្រលាបខ្លួន។ លុះបានស្រលាបខ្លួន ក្នុងស្ទឹងតបោទាស្រេចហើយ ខ្ញុំព្រះអង្គ ក៏ឡើងមកវិញ មានតែចីវរមួយ ឈរហាលខ្លួនឲ្យស្ងួត។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងគ្រារាត្រីបឋមយាមកន្លងហើយ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងស្ទឹងតបោទា ឲ្យភ្លឺស្វាង ហើយចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីសមគួរ លុះទេវតានោះ ឈរក្នុងទីសមគួរហើយ បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើនឬទេ។ បពិត្រព្រះអង្គដ៏ចំរើន កាលទេវតាពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បានពោលនឹងទេវតានោះ ដូច្នេះថា ម្នាលអាវុសោ អាត្មាមិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើនឬទេ។ ទេវតានោះ តបថា បពិត្រភិក្ខុ ខ្ញុំករុណា ក៏មិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចុះលោកចាំនូវគាថា មានរាត្រីមួយដ៏ចម្រើនឬទេ។ ខ្ញុំព្រះអង្គតបថា ម្នាលអាវុសោ អាត្មាមិនចាំនូវគាថាមានរាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំនូវគាថាមានរាត្រីមួយដ៏ចម្រើនឬទេ។ ទេវតាតបថា បពិត្រភិក្ខុ ខ្ញុំករុណា ក៏មិនចាំនូវគាថាមានរាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចូរលោករៀនយក នូវឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកទន្ទេញ នូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកចាំទុក នូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ព្រោះថាឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើន ជាធម៌ប្រកបដោយប្រយោជន៍ ជាខាងដើមនៃព្រហ្មចារ្យ។ បពិត្រព្រះអង្គដ៏ចំរើន ទេវតានោះ បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏បាត់ក្នុងទីនោះទៅ។ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គ ទ្រង់សំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន ដល់ខ្ញុំព្រះអង្គ។ ព្រះអង្គក៏ទ្រង់ត្រាស់ថា ម្នាកភិក្ខុ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ព្រះសមិទ្ធិមានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់គាថានេះថា បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធជាអតីត មិនគប្បីប្រាថ្នាបញ្ចក្ខន្ធជាអនាគត ព្រោះបញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញច្បាស់នូវធម៌ ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែលមិនរសេមរសាម មិនកម្រើកហើយ គប្បីចម្រើនឲ្យរឿយៗ នូវផលសមាបត្តិ ដែលជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឯការព្យាយាម ជាគ្រឿងដុតនូវកិលេស បុគ្គលគួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាច្រើននោះ មិនមានសោះឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គល ដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស មិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ លុះព្រះសុគត ត្រាស់ភាសិតនេះចប់ហើយ ទ្រង់ក្រោកអំពីអាសនៈ ហើយចូលទៅកាន់វិហារ។
[២៧] គ្រានោះឯង កាលព្រះមានព្រះភាគ ចៀសចេញទៅមិនយូរប៉ុន្មាន ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសំដែងឧទ្ទេសនេះឯង ដោយសេចក្តីបំប្រួញ មិនទាន់ចែកសេចក្តីដោយពិស្តារ ដល់យើងទាំងឡាយនៅឡើយ ទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)
បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត មិនគប្បីប្រាថ្នាបញ្ចក្ខន្ធជាអនាគត ព្រោះថា បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែលមិនរសេមរសាម មិនកម្រើកហើយ ត្រូវចម្រើនឲ្យរឿយៗ នូវផលសមាបត្តិ ដែលជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឯការព្យាយាម ជាគ្រឿងដុតនូវកិលេស បុគ្គលគួរធ្វើក្នុងថ្ងៃនេះឯង អ្នកណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាច្រើននោះ មិនមានសោះឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គល ដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស ជាអ្នកមិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នកមានរាត្រីមួយចម្រើន។
កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនចែកសេចក្តីដោយពិស្តារហើយ អ្នកណា គប្បីចែកសេចក្តី ដោយពិស្តារបាន។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមហាកច្ចានៈមានអាយុនេះ ព្រះសាស្តា ទ្រង់សរសើរផង ពួកសព្រហ្មចារី ជាអ្នកចេះដឹង បានលើកតំកើងផង ព្រះមហាកច្ចានៈមានអាយុ អាចចែករំលែក នូវសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែករំលែកសេចក្តីដោយពិស្តារនេះ ឲ្យពិស្តារបានផង បើដូច្នោះ គួរពួកយើងនាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ យើងត្រូវសួរសេចក្តីនុ៎ះ នឹងព្រះកច្ចានៈមានអាយុ។
[២៨] គ្រានោះឯង ភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់សំណេះសំណាល ជាមួយនឹងព្រះមហាកច្ចានៈមានអាយុ លុះបញ្ចប់ពាក្យរាក់ទាក់ សំណេះសំណាល និងពាក្យគួរឲ្យរលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បាននិយាយនឹងព្រះមហាកច្ចានៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិនចែករំលែកសេចក្តីដោយពិស្តារ ដល់យើងទាំងឡាយនៅឡើយ ហើយទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ (ឧទ្ទេសនោះគឺ)
បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន
ម្នាលអាវុសោកច្ចានៈ កាលព្រះមានបុណ្យ ស្តេចចេញទៅមិនយូរប៉ុន្មាន ពួកយើងខ្ញុំទាំងនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិនបានចែកសេចក្តីដោយពិស្តារ ដល់យើងទាំងឡាយនៅឡើយ ហើយទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ (ឧទ្ទេសនោះគឺ)
បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
ឧទ្ទេសនេះ បើព្រះមានបុណ្យ ទ្រង់សំដែងដោយសេចក្តីសង្ខេប មិនបានចែកសេចក្តីដោយពិស្តារ អ្នកណាហ្ន៎ គប្បីចែកសេចក្តីដោយពិស្តារបាន ម្នាលអាវុសោកច្ចានៈ ពួកយើងខ្ញុំទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមហាកច្ចានៈមានអាយុនេះឯង ព្រះសាស្តាតែងសរសើរផង ពួកសព្រហ្មចារី ជាអ្នកចេះដឹង បានលើកតំកើងផង ព្រះមហាកច្ចានៈមានអាយុ អាចចែករំលែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ ឲ្យពិស្តារបានផង បើដូច្នោះ គួរតែយើងនាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ត្រូវសួរសេចក្តីនេះ នឹងព្រះមហាកច្ចានៈមានអាយុ សូមឲ្យព្រះមហាកច្ចានៈមានអាយុ ចែកសេចក្តីឲ្យទាន។
[២៩] ព្រះមហាកច្ចានៈពោលថា ម្នាលអាវុសោ បុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ស្វែងរកខ្លឹមឈើ កាលឈើមានខ្លឹមដុះ (នៅមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់រកខ្លឹមឯមែក និងសន្លឹកវិញ មានឧបមាយ៉ាងណាមិញ សេចក្តីនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ ព្រះសាស្តានៅក្នុងទីចំពោះមុខ របស់លោកមានអាយុទាំងឡាយ ពួកលោករម្លងព្រះមានព្រះភាគនោះ ហើយសំគាល់សេចក្តីដែលត្រូវសួរនោះ ចំពោះខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ជ្រាបនូវធម៌ ដែលគួរជ្រាបបាន ឃើញនូវធម៌ ដែលគួរឃើញបាន ទ្រង់មានបញ្ញាចក្ខុ មានញាណ ទ្រង់មានធម៌ មានគុណដ៏ប្រសើរ ទ្រង់កាន់ធម៌ ប្រព្រឹត្តធម៌ ពន្យល់សេចក្តី ទ្រង់ប្រទាននូវអមតៈ (និព្វាន) ជាម្ចាស់ធម៌ ជាព្រះតថាគត ឯកាលដ៏សមគួរដល់ប្រស្នានុ៎ះ គឺកាលវេលាដែលអ្នកទាំងឡាយ គួរតែសួរសេចក្តីនុ៎ះ នឹងព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់អ្នកទាំងឡាយ យ៉ាងណា ចូរអ្នកទាំងឡាយ ចាំទុកសេចក្តីនោះ យ៉ាងនោះចុះ។ ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ព្រះអង្គជ្រាប នូវធម៌ ដែលគួរជ្រាប ឃើញនូវធម៌ ដែលគួរឃើញ មានបញ្ញាចក្ខុ មានញាណ មានធម៌ មានគុណដ៏ប្រសើរ ទ្រង់កាន់ធម៌ ប្រព្រឹត្តធម៌ ពន្យល់សេចក្តី ប្រទានអមតៈ (និព្វាន) ជាម្ចាស់ធម៌ ជាព្រះតថាគត ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺកាលវេលា ដែលយើងទាំងឡាយ គួរតែសួរសេចក្តីនុ៎ះ នឹងព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកសេចក្តីនោះ យ៉ាងនោះ ក៏ពិតមែនហើយ តែថា ព្រះមហាកច្ចានៈមានអាយុ ព្រះសាស្តាតែងសរសើរផង ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង តែងលើកតម្កើងផង មួយទៀត ព្រះមហាកច្ចានៈមានអាយុ លោកអាចចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ សំដែងហើយដោយសង្ខេប មិនទាន់ចែករំលែកសេចក្តីដោយពិស្តារនេះ ឲ្យពិស្តារបានផង សូមព្រះមហាកច្ចានៈមានអាយុ កុំធ្វើឲ្យយឺតយូរឡើយ សូមចែកឲ្យទាន។ ព្រះមហាកច្ចានៈតបថា ម្នាលអាវុសោ បើដូច្នោះ លោកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ក៏ទទួលពាក្យរបស់ព្រះមហាកច្ចានៈមានអាយុថា ករុណា អាវុសោ។
[៣០] ព្រះមហាកច្ចានៈមានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដល់អ្នកទាំងឡាយ ដោយសេចក្តីសង្ខេប មិនទាន់ចែកសេចក្តីដោយពិស្តារនៅឡើយ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)
បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
ម្នាលអាវុសោ កាលព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះ ដោយសង្ខេប មិនបានចែកសេចក្តីឲ្យពិស្តារ ខ្ញុំយល់សេចក្តីពិស្តារដូចតទៅនេះ។
[៣១] ម្នាលអាវុសោ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូចម្តេច។ វិញ្ញាណ រមែងជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបនោះថា អាត្មាអញ មានចក្ខុ ក្នុងកាលជាអតីតដូច្នេះ មានរូបដូច្នេះ បុគ្គលតែងត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា អាឡោះអាល័យចក្ខុ និងរូបជាអតីត។ អាត្មាអញ មានសោតៈ ក្នុងកាលជាអតីត ដូច្នេះ មានសំឡេង ដូច្នេះ… អាត្មាអញ មានឃានៈ ក្នុងកាលជាអតីត ដូច្នេះ មានក្លិនដូច្នេះ… អាត្មាអញ មានជិវ្ហា ក្នុងកាលជាអតីត ដូច្នេះ មានរសដូច្នេះ… អាត្មាអញ មានកាយក្នុងកាលជាអតីត ដូច្នេះ មានផោដ្ឋព្វៈដូច្នេះ… អាត្មាអញ មានចិត្ត ក្នុងកាលជាអតីត ដូច្នេះ មានធម្មារម្មណ៍ ដូច្នេះ វិញ្ញាណ រមែងជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍នោះ ដូច្នេះ បុគ្គលរមែងត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ព្រោះវិញ្ញាណជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា នៅអាឡោះអាល័យចិត្ត និងធម្មារម្មណ៍ជាអតីត។ ម្នាលអាវុសោ បុគ្គលនៅអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។
[៣២] ម្នាលអាវុសោ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូចម្តេច។ វិញ្ញាណ រមែងមិនជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបនោះថា អាត្មាអញ មានចក្ខុ ក្នុងកាលជាអតីតដូច្នេះ មានរូបដូច្នេះ បុគ្គលរមែងមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណមិនបានជាប់ចំពាក់ នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា មិនបានអាឡោះអាល័យចក្ខុ និងរូបជាអតីត។ អាត្មាអញ មានសោតៈ ក្នុងកាលជាអតីត ដូច្នេះ មានសំឡេង ដូច្នេះ… អាត្មាអញ មានឃានៈ ក្នុងកាលជាអតីត ដូច្នេះ មានក្លិនដូច្នេះ… អាត្មាអញមានជិវ្ហា ក្នុងកាលជាអតីត ដូច្នេះ មានរសដូច្នេះ… អាត្មាអញ មានកាយ ក្នុងកាលជាអតីត ដូច្នេះ មានផោដ្ឋព្វៈដូច្នេះ… វិញ្ញាណ រមែងមិនជាប់ចំពាក់ដោយឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍នោះថា អាត្មាអញ មានចិត្ត ក្នុងកាលជាអតីត ដូច្នេះ មានធម្មារម្មណ៍ដូច្នេះ បុគ្គលមិនត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ព្រោះវិញ្ញាណមិនជាប់ចំពាក់ដោយឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា មិនអាឡោះអាល័យចិត្ត និងធម្មារម្មណ៍ជាអតីត។ ម្នាលអាវុសោ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។
[៣៣] ម្នាលអាវុសោ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គលតម្កល់ចិត្ត ដើម្បីការបាននូវរបស់ដែលមិនទាន់បានថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានចក្ខុដូច្នេះ មានរូបដូច្នេះ ព្រោះការតម្កល់ចិត្តជាបច្ច័យ នាំឲ្យបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា ប្រាថ្នានូវចក្ខុ និងរូបជាអនាគត។ ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានសោតៈដូច្នេះ មានសំឡេងដូច្នេះ… ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានឃានៈដូច្នេះ មានក្លិនដូច្នេះ… ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានជិវ្ហាដូច្នេះ មានរសដូច្នេះ… ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានកាយដូច្នេះ មានផោដ្ឋព្វៈដូច្នេះ… បុគ្គលតម្កល់ចិត្ត ដើម្បការបាននូវចិត្ត និងធម្មារម្មណ៍ ដែលមិនទាន់បានថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានចិត្តដូច្នេះ មានធម្មារម្មណ៍ដូច្នេះ ព្រោះការតម្កល់ចិត្តជាបច្ច័យ នាំឲ្យបុគ្គលនោះ ត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ កាលបុគ្គលត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា ប្រាថ្នានូវចិត្ត និងធម្មារម្មណ៍ជាអនាគត។ ម្នាលអាវុសោ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។
[៣៤] ម្នាលអាវុសោ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គលមិនបានតម្កល់ចិត្ត ដើម្បីការបាននូវរបស់ដែលខ្លួនមិនទាន់បានថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានចក្ខុដូច្នេះ មានរូបដូច្នេះ ព្រោះការមិនបានតម្កល់ចិត្តជាបច្ច័យ នាំឲ្យបុគ្គលលែងត្រេកអរ ចំពោះចក្ខុ និងរូបនោះ កាលបុគ្គលលែងត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា មិនប្រាថ្នានូវចក្ខុ និងរូបជាអនាគត។ ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានសោតៈដូច្នេះ មានសំឡេងដូច្នេះ… ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានឃានៈដូច្នេះ មានក្លិនដូច្នេះ… ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានជិវ្ហាដូច្នេះ មានរសដូច្នេះ… ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានកាយដូច្នេះ មានផោដ្ឋព្វៈដូច្នេះ… បុគ្គលមិនបានតម្កល់ចិត្តទុក ដើម្បការបាននូវចិត្ត និងធម្មារម្មណ៍ ដែលមិនទាន់បានថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានចិត្តដូច្នេះ មានធម្មារម្មណ៍ដូច្នេះ ព្រោះការមិនបានតម្កល់ចិត្តទុកជាបច្ច័យ នាំឲ្យបុគ្គលលែងត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ កាលបុគ្គលលែងត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា មិនប្រាថ្នានូវចិត្ត និងធម្មារម្មណ៍ជាអនាគត។ ម្នាលអាវុសោ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។
[៣៥] ម្នាលអាវុសោ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលអាវុសោ ចក្ខុនិងរូបទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបជាបច្ចុប្បន្ននោះឯង បុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ ត្រចៀកនិងសំឡេង… ម្នាលអាវុសោ ច្រមុះ និងក្លិន… ម្នាលអាវុសោ អណ្តាត និងរស… ម្នាលអាវុសោ កាយ និងផោដ្ឋព្វៈ… ម្នាលអាវុសោ ចិត្ត និងធម្មារម្មណ៍ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍ ជាបច្ចុប្បន្ននោះឯង បុគ្គលរមែងត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ព្រោះវិញ្ញាណជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះជាបច្ចុប្បន្ននោះ ឈ្មោះថា រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។
[៣៦] ម្នាលអាវុសោ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលអាវុសោ ចក្ខុនិងរូប ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណមិនជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបជាបច្ចុប្បន្ននោះឯង បុគ្គលមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណមិនជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា មិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ ត្រចៀក និងសំឡេង… ម្នាលអាវុសោ ច្រមុះ និងក្លិន… ម្នាលអាវុសោ អណ្តាត និងរស… ម្នាលអាវុសោ កាយ និងផោដ្ឋព្វៈ… ម្នាលអាវុសោ ចិត្ត និងធម្មារម្មណ៍ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងមិនជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍ ជាបច្ចុប្បន្ននោះឯង បុគ្គលមិនត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍ជាបច្ចុប្បន្ននោះ ព្រោះវិញ្ញាណមិនជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា មិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។
[៣៧] ម្នាលអាវុសោ ត្រង់ដែលព្រះមានព្រះភាគ ត្រាស់សំដែងនូវឧទ្ទេស ដោយសេចក្តីសង្ខេប មិនបានចែករំលែកសេចក្តីដោយពិស្តារ ដល់អ្នកទាំងឡាយ ហើយទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)
បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
ម្នាលអាវុសោ ឧទ្ទេសដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកសេចក្តីដោយពិស្តារនេះឯង ខ្ញុំយល់សេចក្តីដោយពិស្តារយ៉ាងនេះ តែប្រសិនបើលោកមានអាយុប្រាថ្នា ត្រូវចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរបញ្ជាក់សេចក្តីនុ៎ះ ហើយត្រូវចាំទុកសេចក្តីនោះ តាមទំនងដែលព្រះមានព្រះភាគ ទ្រង់ដោះស្រាយ យ៉ាងនោះចុះ។
[៣៨] គ្រានោះឯង ពួកភិក្ខុទាំងនោះ ក៏ត្រេកអរ អនុមោទនា នឹងភាសិតរបស់ព្រះមហាកច្ចានៈមានអាយុ ហើយក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។
លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវឧទ្ទេសណា ដោយសេចក្តីសង្ខេប មិនទាន់បានចែករំលែកសេចក្តីដោយពិស្តារនៅឡើយ ហើយទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ (ឧទ្ទេសនោះគឺ)
បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន
បពិត្រព្រះអង្គដ៏ចំរើន កាលព្រះមានព្រះភាគ ស្តេចចេញទៅ មិនយូរប៉ុន្មាន យើងខ្ញុំទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិនទាន់ចែកសេចក្តីដោយពិស្តារនៅឡើយ ហើយទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)
បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីតទេ មិនគប្បីប្រាថ្នាបញ្ចក្ខន្ធជាអនាគតទេ ព្រោះថា បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ មិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែលមិនរសេមរសាម មិនកម្រើកហើយ ត្រូវចម្រើនឲ្យរឿយៗ នូវផលសមាបត្តិ ដែលជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឯការព្យាយាមដុតកំដៅកិលេស បុគ្គលគួរតែធ្វើ ក្នុងថ្ងៃនេះឯង នរណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាច្រើននោះ មិនមានឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គល ដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស ជាអ្នកមិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
នរណាហ្ន៎ គប្បីចែករំលែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងដោយសង្ខេប ទ្រង់មិនទាន់ចែកសេចក្តីដោយពិស្តារនេះ ឲ្យពិស្តារបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមហាកច្ចានៈមានអាយុនេះឯង ព្រះសាស្តាតែងសរសើរផង ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង តែងលើកតំកើងផង ព្រះមហាកច្ចានៈមានអាយុ អាចចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែង ដោយសង្ខេប មិនទាន់ចែកសេចក្តីដោយពិស្តារនេះ ឲ្យពិស្តារបានផង បើដូច្នោះ គួរពួកយើង ចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ពួកយើងគប្បីសួរបញ្ជាក់សេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈមានអាយុចុះ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ ពួកខ្ញុំព្រះអង្គ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះទៅដល់ហើយ បានសួរបញ្ជាក់សេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈមានអាយុ បពិត្រព្រះអង្គដ៏ចំរើន ព្រះមហាកច្ចានៈមានអាយុ ក៏បានចែកសេចក្តី ដោយអាការៈទាំងឡាយនេះ ដោយបទទាំងឡាយនេះ ដោយព្យញ្ជនៈទាំងឡាយនេះ ដល់ពួកខ្ញុំព្រះអង្គទាំងនោះ។
[៣៩] ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ សួរបញ្ជាក់សេចក្តីនុ៎ះ នឹងតថាគត តថាគត ក៏នឹងដោះស្រាយសេចក្តីនោះ តាមទំនង ដែលមហាកច្ចានៈដោះស្រាយ យ៉ាងនោះដែរ សេចក្តីនៃភាសិតនោះ ដូច្នោះមែនហើយ ចូរអ្នកទាំងឡាយ ចាំទុកយ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនោះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ កច្ចានភទ្ទេករត្តសូត្រ ទី៣។