km:tipitaka:sut:mn:sut.mn.135



ចូឡកម្មវិភង្គសូត្រ ទី៥

សង្ខេប

ហេតុ​​អ្វី​បាន​ជា បុគ្គល​ខ្លះ​មាន​ អាយុ​វែង​ និង​បុគ្គល​ខ្លះ​មាន​អាយុ​ខ្លី? ហេតុ​​អ្វី​បាន​ជា បុគ្គល​ខ្លះកើត​មក​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់​ និង​បុគ្គល​ខ្លះ​​កើត​មក​​ក្នុង​ត្រកូល​ក្រី​ក្រ?

mn 135 បាលី cs-km: sut.mn.135 អដ្ឋកថា: sut.mn.135_att PTS: ?

(ទី៥) ចូឡកម្មវិភង្គសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា និងឧបាសក សុខវិបុល និង ឧបាសិកា សុខវឌ្ឍនា៖
sut.mn.135.aac

(៥. ចូឡកម្មវិភង្គសុត្តំ)

[៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សុភមាណព ជាបុត្រ​របស់តោទេយ្យព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យសំណេះ​សំណាល និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។

[៥៥] លុះសុភមាណព តោទេយ្យបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីហ្ន៎ជាហេតុ អ្វីហ្ន៎​ជាបច្ច័យ ដែលនាំឲ្យពួកមនុស្ស កាលកើតមកជាមនុស្ស មានសេចក្តីថោកទាប និងខ្ពង់ខ្ពស់ ប្រាកដ​ឡើង បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា មនុស្សទាំងឡាយ មានអាយុខ្លី មានអាយុវែង មានអាពាធច្រើន មានអាពាធតិច មានសម្បុរអាក្រក់ មានសម្បុរល្អ មានសក្តិតូច ​មានសក្តិធំ មានភោគសម្បត្តិតិច មានភោគសម្បត្តិច្រើន មានត្រកូលទាប មាន​ត្រកូល​ខ្ពស់ មានប្រាជ្ញាតិច មានប្រាជ្ញាច្រើន បពិត្រព្រះគោតមដ៏ចំរើន អ្វីហ្ន៎ជាហេតុ អ្វីហ្ន៎​ជាបច្ច័យ ដែលនាំឲ្យពួកមនុស្ស កាលកើតមកជាមនុស្ស មានសេចក្តីថោកទាប និងខ្ពង់ខ្ពស់ ប្រាកដឡើង។

[៥៦] ម្នាលមាណព សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្ម​ជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក កម្មតែងចែក​សត្វ​ទាំងឡាយ ដើម្បីឲ្យថោកទាប និងខ្ពង់ខ្ពស់។ ខ្ញុំព្រះអង្គមិនយល់សេចក្តីពិស្តារ របស់​ភាសិតសង្ខេបនេះ ដែល​ព្រះគោតមដ៏ចម្រើន មិនទាន់ចែកសេចក្តី​ដោយពិស្តារ​បាន​ឡើយ សូមព្រះគោតមជាម្ចាស់ ទ្រង់សំដែងធម៌ តាមទំនងដែលខ្ញុំព្រះអង្គនឹងយល់​សេចក្តី​ពិស្តាររបស់ភាសិតសង្ខេបនេះ ដែលបពិត្រព្រះគោតមដ៏ចម្រើន មិនទាន់​ចែក​សេចក្តីដោយពិស្តារឲ្យទាន។ ម្នាលមាណព បើដូច្នោះ ចូរអ្នកយកចិត្តទុកដាក់ស្តាប់ឲ្យ​ប្រពៃចុះ តថាគតនឹងសំដែង។ សុភមាណព តោទេយ្យបុត្រ ទទួល​ព្រះពុទ្ធដីការបស់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៥៧] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលមាណព ស្ត្រី ឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ប្រព្រឹត្តអាក្រក់ មានដៃប្រឡាក់ឈាម តាំងនៅ​ក្នុងការ​បៀតបៀន និងការសម្លាប់ មិនដល់នូវសេចក្តី​អាណិតក្នុងពួកសត្វ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានសមាទានយ៉ាងនេះ បុគ្គលនោះ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ប្រសិនបើរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស ក្នុងទីណាៗ រមែង​ជាអ្នកមានអាយុខ្លី។ ម្នាលមាណព បុគ្គលសម្លាប់សត្វ ជាអ្នកប្រព្រឹត្តអាក្រក់ មានដៃ​ប្រឡាក់​ដោយឈាម តាំងនៅ​ក្នុងការ​បៀតបៀន និងការសម្លាប់ មិនដល់នូវសេចក្តី​អាណិតក្នុងពួកសត្វ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីឲ្យមានអាយុខ្លី។

[៥៨] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ លះបង់​បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានសស្ត្រា​ដាក់​ចុះហើយ ជាអ្នកមានសេចក្តីអៀនខ្មាស មានសេចក្តីអាណិតអាសូរ អនុគ្រោះដោយ​ប្រយោជន៍ ក្នុងពួកសត្វទាំងអស់។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុងសុគតិសួគ៌​ទេវលោក ប្រសិនបើបុគ្គលនោះ រំលាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុងទីណាៗ រមែងមានអាយុវែង។ ម្នាលមាណព បុគ្គលដែលលះបង់​បាណាតិបាត វៀរចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានសស្ត្រា​ដាក់​ចុះហើយ មាន​សេចក្តី​អៀនខ្មាស មានសេចក្តីអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះ ដោយ​ប្រយោជន៍ ក្នុងពួកសត្វទាំងអស់ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីឲ្យមាន អាយុវែង។

[៥៩] ម្នាលមាណព ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នកបៀតបៀនសត្វ​ទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយ​សស្ត្រាខ្លះ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នកមានអាពាធច្រើន។ ម្នាលមាណព បុគ្គលដែលជាអ្នកបៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយសស្ត្រាខ្លះ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី មានអាពាធច្រើន។

[៦០] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នក​មិន​បៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយ​សស្ត្រាខ្លះ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​សុគតិ​សួគ៌​​ទេវលោក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនបានទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកមានអាពាធតិច។ ម្នាលមាណព បុគ្គលដែលជាអ្នក​មិនបៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយ​សស្ត្រាខ្លះ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានអាពាធតិច។

[៦១] ម្នាលមាណព ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែគេស្តីថាបន្តិចបន្តួច ក៏ថ្នាំងថ្នាក់ ខឹង ព្យាបាទ តបត សំដែងសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តី​មិនត្រេកអរ ឲ្យ​ប្រាកដ​ឡើង។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នកមាន សម្បុរអាក្រក់។ ម្នាលមាណព បុគ្គលដែលមានសេចក្តីក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែគេស្តីថា​បន្តិចបន្តួច ក៏ថ្នាំងថ្នាក់ ក្រោធ ព្យាបាទ តបត សំដែង​សេចក្តីក្រោធ សេចក្តីប្រទូស្ត និង​សេចក្តីមិនត្រេកអរ ឲ្យប្រាកដឡើង នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​ មានសម្បុរអាក្រក់។

[៦២] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នក​មិន​ក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត ទុកជាគេស្តីថាច្រើន ក៏មិនថ្នាំងថ្នាក់ មិន​ក្រោធ មិនព្យាបាទ មិនតបត មិនសំដែងសេចក្តីក្រោធ សេចក្តីប្រទូស្ត និង​សេចក្តី​មិនត្រេកអរ​ ឲ្យប្រាកដឡើង។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​សុគតិ​សួគ៌​​ទេវលោក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនបានទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកប្រកបដោយ សម្បុរជ្រះថ្លា។ ម្នាលមាណព បុគ្គលដែល​មិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចចង្អៀតចង្អល់ចិត្ត ទុកជាគេស្តីថាច្រើន ក៏​មិនថ្នាំងថ្នាក់ មិនក្រោធ មិនព្យាបាទ មិនតបត មិនសំដែង​សេចក្តីក្រោធ សេចក្តីប្រទូស្ត និង​សេចក្តីមិនត្រេកអរ ឲ្យប្រាកដឡើង នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីជាអ្នកមានសម្បុរជ្រះថ្លា។

[៦៣] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រណែន តែង​ច្រណែន ប្រទូស្ត ចងទុកនូវសេចក្តី​ច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការ​រាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នក មានស័ក្តិតូច។ ម្នាលមាណព បុគ្គលជាអ្នកច្រណែន តែងច្រណែន ប្រទូស្ត ចងទុកនូវសេចក្តី​ច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​ មានសក្តិតូច។

[៦៤] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នក​មិនច្រណែន រមែងមិនច្រណែន មិនប្រទូស្ត មិនចងទុកនូវសេចក្តីច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​សុគតិ​សួគ៌​​ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនបានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកមានស័ក្តិធំ។ ម្នាលមាណព បុគ្គលដែល​មិនច្រណែន តែងមិនច្រណែន មិនប្រទូស្ត មិនចងទុក​នូវសេចក្តីច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី មានស័ក្តិធំ។

[៦៥] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់​សមណៈ ឬព្រាហ្មណ៍។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់​ខ្ជាប់​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ​ស្លាប់​​ទៅ មិនទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នកមានភោគសម្បត្តិតិច។ ម្នាលមាណព បុគ្គលដែលមិនបានឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ នេះឯងឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​ មានភោគសម្បត្តិតិច។

[៦៦] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់​សមណៈ ឬព្រាហ្មណ៍។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានសមាទាន​យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​សុគតិ​សួគ៌​​ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​សុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុង​ទី​ណាៗ រមែងជាអ្នក មានភោគសម្បត្តិច្រើន។ ម្នាលមាណព បុគ្គលដែលឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់​សមណៈ ឬព្រាហ្មណ៍ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានភោគសម្បត្តិច្រើន។

[៦៧] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នករឹងត្អឹង មើល​ងាយ មិនសំពះបុគ្គលដែលគួរសំពះ មិនក្រោកទទួលបុគ្គលដែលគួរក្រោកទទួល មិនឲ្យ​អាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ មិនឲ្យផ្លូវ ដល់បុគ្គលដែលគួរ​ដល់ផ្លូវ មិនធ្វើ​សក្ការៈ ដល់បុគ្គលដែលគួរដល់សក្ការៈ មិនធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើ​សេចក្តីគោរព មិនរាប់អានដល់បុគ្គលដែលគួររាប់អាន មិនបូជាដល់បុគ្គលដែលគួរ​បូជា។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់​ខ្ជាប់​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នក មានត្រកូលថោកទាប។ ម្នាលមាណព បុគ្គលដែលរឹងត្អឹង មើល​ងាយ មិនសំពះបុគ្គលដែលគួរសំពះ មិនក្រោកទទួលបុគ្គលដែលគួរក្រោកទទួល មិនឲ្យ​អាសនៈ ដល់បុគ្គលដែល​គួរ​ដល់​អាសនៈ មិនឲ្យផ្លូវ ដល់បុគ្គលដែលគួរ​ដល់ផ្លូវ មិនធ្វើ​សក្ការៈ ដល់បុគ្គលដែលគួរធ្វើ​សក្ការៈ មិនធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើ​សេចក្តីគោរព មិនរាប់អាន​បុគ្គល​ដែលគួររាប់អាន មិនបូជាបុគ្គលដែលគួរ​បូជា នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​មានត្រកូលថោកទាប។

[៦៨] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនរឹងត្អឹង មិនមើល​ងាយ សំពះបុគ្គលដែលគួរសំពះ ក្រោកទទួលបុគ្គលដែលគួរក្រោកទទួល ឲ្យ​អាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ ឲ្យផ្លូវ ដល់បុគ្គលដែលគួរ​ដល់ផ្លូវ ធ្វើ​សក្ការៈ ដល់បុគ្គលដែលគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរគោរព រាប់អានបុគ្គលដែលគួររាប់អាន បូជាដល់បុគ្គលដែលគួរ​បូជា។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់​ខ្ជាប់​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​សុគតិសួគ៌ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​សុគតិសួគ៌ទេវលោកទេ បើ​បានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នក មានត្រកូលខ្ពង់ខ្ពស់។ ម្នាលមាណព បុគ្គលដែលមិនរឹងត្អឹង មិនមើល​ងាយគេ សំពះបុគ្គលដែលគួរសំពះ ក្រោកទទួលបុគ្គល ដែលគួរក្រោកទទួល ឲ្យ​អាសនៈ ដល់បុគ្គលដែល​គួរ​ដល់​អាសនៈ ឲ្យផ្លូវ ដល់បុគ្គលដែលគួរ​ដល់ផ្លូវ ធ្វើ​សក្ការៈ ដល់បុគ្គលដែលគួរ​ធ្វើ​សក្ការៈ ធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើ​សេចក្តីគោរព រាប់អាន​បុគ្គល​ដែលគួររាប់អាន បូជាបុគ្គលដែលគួរ​បូជា នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​មានត្រកូលខ្ពង់ខ្ពស់។

[៦៩] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយមិនបានសួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន អ្វីជាកុសល អ្វីជាអកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅដើម្បី​ទោស ដើម្បីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលដ៏យូរ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់​ខ្ជាប់​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយ​រាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នក គ្មានប្រាជ្ញា។ ម្នាលមាណព បុគ្គលដែលចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយមិនបានសួរថា បពិត្រលោកដ៏ចម្រើន អ្វីជាកុសល អ្វីជាអកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅដើម្បី​ទោស ដើម្បីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលដ៏យូរ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​មិនមានប្រាជ្ញា។

[៧០] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ចូលទៅជិត​សមណៈ ឬព្រាហ្មណ៍ ហើយសួរថា បពិត្រលោកដ៏ចម្រើន អ្វីជាកុសល អ្វីជាអកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅដើម្បី​ទោស ដើម្បីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលដ៏យូរ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានសមាទាន​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​សុគតិសួគ៌ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​សុគតិសួគ៌ទេវលោកទេ បើ​ត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នកមានប្រាជ្ញាច្រើន។ ម្នាលមាណព បុគ្គលដែលចូលទៅរក​សមណៈ ឬព្រាហ្មណ៍ ហើយបានសួរថា បពិត្រលោកដ៏ចម្រើន អ្វីជាកុសល អ្វីជា​អកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្ត​ទៅ​ដើម្បី​ទោស ដើម្បីសេចក្តីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលដ៏យូរ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី ​មានប្រាជ្ញាច្រើន។

[៧១] ម្នាលមាណព ព្រោះហេតុថា សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅឲ្យ​មានអាយុខ្លី រមែងនាំឲ្យមានអាយុខ្លី សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានអាយុ​វែង រមែងនាំឲ្យមានអាយុវែង សេចក្តីប្រតិបត្តិ ប្រព្រឹត្តទៅ ដើម្បីឲ្យមានអាពាធច្រើន រមែង​នាំឲ្យមានអាពាធច្រើន សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បី​អាពាធតិច រមែង​នាំ​ឲ្យមានអាពាធតិច សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានសម្បុរ​អាក្រក់ រមែង​នាំឲ្យមានសម្បុរអាក្រក់ សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីជាអ្នកមានសម្បុរជ្រះ​ថ្លា រមែងនាំឲ្យ​ជាអ្នកមានសម្បុរជ្រះថ្លា សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យ​មានស័ក្តិ​តូច រមែងនាំឲ្យមានស័ក្តិតូច សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានស័ក្តិធំ រមែង​នាំឲ្យមានស័ក្តិធំ សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានភោគសម្បត្តិតិច រមែង​នាំឲ្យមានភោគសម្បត្តិតិច សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានភោគសម្បត្តិ​ច្រើន រមែងនាំឲ្យមានភោគសម្បត្តិច្រើន សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យ​មានត្រកូលថោកទាប រមែងនាំឲ្យមានត្រកូលថោកទាប សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានត្រកូលខ្ពង់ខ្ពស់ រមែងនាំឲ្យមានត្រកូលខ្ពង់ខ្ពស់ សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីមិនមានប្រាជ្ញា រមែងនាំឲ្យមិនមានប្រាជ្ញា សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានប្រាជ្ញាច្រើន រមែងនាំឲ្យមានប្រាជ្ញាច្រើន។ ម្នាលមាណព សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្ម​ជាផៅពង្ស មានកម្មជាគ្រឿង​រលឹក កម្មតែងចែកពួកសត្វដើម្បីឲ្យថោកទាប និងខ្ពង់ខ្ពស់។

[៧២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុភមាណព តោទេយ្យបុត្រ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌​ដែល​ព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជា​គេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ឬក៏ប្រាប់ផ្លូវ ដល់មនុស្សវង្វេង​ ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យពួកមនុស្សដែល​មានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គសូមដល់នូវ​ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូម​ព្រះ​គោតម​ដ៏ចម្រើន ចាំទុកនូវខ្ញុំ​ព្រះអង្គថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើម​តាំងពីថ្ងៃនេះតរៀងទៅ។

ចប់ ចូឡកម្មវិភង្គសូត្រ ទី៥។

 

លេខយោង

km/tipitaka/sut/mn/sut.mn.135.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann