km:tipitaka:sut:mn:sut.mn.136



មហាកម្មវិភង្គសូត្រ ទី៦

សង្ខេប

ព្រះពុទ្ធ​ទ្រង់​ត្រាស់​នូវ​គំនិត​ខុស​សាធារណៈ​អំពី​កម្មផល៖ មិន​ប្រាកដ​ថា​ផ្លែ​​នឹង​ទុំ​នៅ​ទីណា​និង​ពេល​ណា​ឡើយ!

mn 136 បាលី cs-km: sut.mn.136 អដ្ឋកថា: sut.mn.136_att PTS: ?

(ទី៦) មហាកម្មវិភង្គសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦. មហាកម្មវិភង្គសុត្តំ)

[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសមិទ្ធិមានអាយុ គង់​នៅក្នុងកុដិ ដែលតាំងនៅក្នុងព្រៃ។ គ្រានោះឯង បរិព្វាជក ឈ្មោះ បោតលិបុត្រ ដើរ​ចង្ក្រមត្រាច់ទៅមក ដើម្បីសម្រួលស្មង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ នឹងព្រះសមិទ្ធិមានអាយុ លុះ​បញ្ចប់​ពាក្យ​រាក់ទាក់ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៧៤] លុះបោតលិបុត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹង​ព្រះសមិទ្ធិមានអាយុថា ម្នាលអាវុសោសមិទ្ធិ ពាក្យនេះ ខ្ញុំបានស្តាប់មក ក្នុងទី​ចំពោះ​ព្រះភក្ត្រ បានទទួលមកក្នុងទីចំពោះ​ព្រះភក្ត្រ នៃ​ព្រះសមណគោតមថា កាយកម្ម​ជាកម្ម​ឥត​អំពើ វចីកម្មជាកម្មឥតអំពើ មនោកម្មទើបជាកម្មពិត មួយទៀត បុគ្គលចូលកាន់​សមាបត្តិណា ហើយមិនទទួលអារម្មណ៍អ្វីមួយ សមាបត្តិនោះក៏មានដែរ។ ព្រះសមិទ្ធិ​ពោល​តបថា ម្នាលអាវុសោបោតលិបុត្ត អ្នកកុំពោលយ៉ាងនេះឡើយ អ្នក​កុំ​ពោល​បង្កាច់​ព្រះមានព្រះភាគ ព្រោះថា ការពោលបង្កាច់ព្រះមានព្រះភាគ មិនល្អទេ ដ្បិត​ថា ព្រះមានព្រះភាគ មិនបានត្រាស់ថា កាយកម្ម ​ជាកម្ម​ឥត​អំពើ វចីកម្ម ជា​កម្ម​ឥតអំពើ មនោកម្ម ទើបជាកម្មពិត យ៉ាងនេះទេ ម្នាលអាវុសោ តែចំណែក​ខាងបុគ្គល​ ចូលកាន់​សមាបត្តិណា មិនទទួលអារម្មណ៍អ្វីមួយ សមាបត្តិនោះ ក៏មានមែន។ ម្នាលអាវុសោ សមិទ្ធិ លោកបួស​បានយូរប៉ុន្មានវស្សាហើយ។ ម្នាលអាវុសោ មិនយូរប៉ុន្មាន​ទេ ទើបតែនឹង​បាន​៣វស្សា។ ឥឡូវនេះ យើងទាំងឡាយ ចាំនិយាយថ្វី ចំពោះពួក​ភិក្ខុ​ជាថេរៈ ក្នុងរឿងនេះ ព្រោះសូម្បីភិក្ខុថ្មី ក៏គង់សំគាល់នូវសាស្តា ដែលខ្លួនគួរការពារ យ៉ាង​នេះបានដែរ ម្នាលអាវុសោសមិទ្ធិ បុគ្គលធ្វើកម្មប្រកបដោយចេតនា ដោយកាយវាចាចិត្ត​ហើយ តើរងវេទនាដូចម្តេច។ ម្នាលអាវុសោ បោតលិបុត្ត បុគ្គលធ្វើកម្ម ប្រកប​ដោយ​ចេតនា ដោយកាយវាចាចិត្ត​ហើយ រមែងរងទុក្ខវេទនា។ គ្រានោះ បោតលិបុត្តបរិព្វាជក មិន​ត្រេកអរ មិនខាំងឃាត់ភាសិត របស់ព្រះសមិទ្ធិមានអាយុ លុះមិនត្រេកអរ មិនខាំង​ឃាត់ហើយ ក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ។

[៧៥] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ កាលបោតលិបុត្តបរិព្វាជក ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់​ទាក់ នឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែល​គួររាក់ទាក់ និងពាក្យគួររលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ផ្តៀងពាក្យចរចាទាំងអស់ ដែលខ្លួន​និយាយនឹងបោតលិបុត្តបរិព្វាជក ទាំងប៉ុន្មាន ដល់​ព្រះអានន្ទមានអាយុ។ កាលព្រះសមិទ្ធិមានអាយុ ពោលយ៉ាងនេះហើយ ព្រះអានន្ទ​មានអាយុ ក៏ពោលនឹងព្រះសមិទ្ធិមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ សមិទ្ធិ ពាក្យនេះ ជាពាក្យមានមូលហេតុហើយ ម្នាលអាវុសោសមិទ្ធិ គួរយើងនាំគ្នាមក ដើម្បី​គាល់​ព្រះមានព្រះភាគ គួរនាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ គួរ​ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងព្យាករ ដល់យើង​យ៉ាងណា យើងគប្បីចងចាំសេចក្តីនោះ យ៉ាងនោះ។ ព្រះសមិទ្ធិមានអាយុ ទទួល​ពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ គ្រានោះ ព្រះសមិទ្ធិមានអាយុ និង​ព្រះអានន្ទមានអាយុ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុង​ទីដ៏​សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យចរចាទាំងប៉ុន្មាន របស់ព្រះសមិទ្ធិមានអាយុ ជាមួយនឹងបោតលិបុត្តបរិព្វាជកទាំងអស់ ចំពោះព្រះមានព្រះភាគ។

[៧៦] លុះព្រះអានន្ទក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាលអានន្ទ តថាគត មិនទាំងធ្លាប់ឃើញ នូវ​បោតលិបុត្តបរិព្វាជកសោះ តើនឹងមានការចរចាជាមួយបែបនេះ មកពីណា ម្នាល​អានន្ទ ប្រស្នាដែលគួរចែក គួរដោះស្រាយ ដល់បោតលិបុត្តបរិព្វាជក លោកសមិទ្ធិ ជាមោឃ​បុរសនេះឯង ដោះស្រាយហើយតែមួយចំណែក។ កាល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះហើយ ព្រះឧទាយិមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្រែងសមិទ្ធិមានអាយុ ពោលដូច្នោះ ព្រោះអាងហេតុនេះថា វេទនា​ណានីមួយ វេទនានោះ សុទ្ធតែជាទុក្ខដូច្នេះទេដឹង។

[៧៧] កាលព្រះឧទាយិ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ ចូរអ្នកមើលនូវសេចក្តី​ល្ងង់​របស់ឧទាយិ ជាមោឃបុរសនេះ ម្នាលអានន្ទ តថាគត បានដឹងច្បាស់ហើយថា ឥឡូវនេះ ឧទាយិ​នេះ ជាមោឃបុរស កាលងើបឡើង តែងងើបឡើង ដោយឧបាយមិនមែនជាប្រាជ្ញា ម្នាល​អានន្ទ បោតលិបុត្តបរិព្វាជក បានសួរវេទនា ៣ ខាងដើម ម្នាលអានន្ទ ប្រសិនបើសមិទ្ធិ​ជាមោឃបុរសនេះ ត្រូវបោតលិបុត្តបរិព្វាជកសួរយ៉ាងនេះ គប្បីដោះស្រាយ យ៉ាង​នេះថា ម្នាលអាវុសោ បោតលិបុត្ត បុគ្គលធ្វើអំពើប្រកបដោយចេតនា ដោយកាយវាចាចិត្ត ជាហេតុ​នៃសុខវេទនា បុគ្គលនោះ ក៏រងសុខវេទនា ម្នាលអាវុសោ បោតលិបុត្ត បុគ្គល​ធ្វើ​កម្មប្រកបដោយចេតនា ដោយកាយវាចាចិត្ត ជាហេតុនៃទុក្ខវេទនា បុគ្គលនោះ តែង​រងទុក្ខវេទនា ម្នាលអាវុសោ បោតលិបុត្ត បុគ្គល​ធ្វើអំពើប្រកបដោយចេតនា ដោយកាយ​វាចាចិត្ត ជាហេតុនៃអទុក្ខមសុខវេទនា បុគ្គលនោះ តែងរងអទុក្ខមសុខវេទនា ម្នាល​អានន្ទ សមិទ្ធិជាមោឃបុរស កាលព្យាករយ៉ាងនេះ ឈ្មោះថា គួរព្យាករដោយប្រពៃ ដល់​បោតលិបុត្តបរិព្វាជក ម្នាល​អានន្ទ មួយទៀត ពួកតិរ្ថិយបរិព្វាជកដទៃទាំងនោះ ជា​មនុស្ស​ល្ងង់ មិនឈ្លាសប្រតិពល ម្តេចឡើយនឹងដឹងមហាកម្មវិភង្គ របស់តថាគតបាន ម្នាល​អានន្ទ បើដូច្នោះ កាលបើតថាគត ចែកមហាកម្មវិភង្គ អ្នកទាំងឡាយ គប្បីស្តាប់ចុះ។ បពិត្រ​ព្រះមានព្រះភាគ កាលនេះជាកាលគួរ ព្រះមានព្រះភាគ គួរចែក​នូវមហាកម្មវិភង្គ បពិត្រព្រះសុគត កាលនេះជាកាលគួរ ព្រះមានព្រះភាគ គួរចែកមហាកម្មវិភង្គ ពួកភិក្ខុ​បានស្តាប់ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ និងបានចងចាំទុក។ ម្នាល​អានន្ទ បើដូច្នោះ ចូរអ្នកយកចិត្តទុកដាក់ ស្តាប់ដោយប្រពៃចុះ តថាគតនឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏​ទទួល​ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៧៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះថា ម្នាល​អានន្ទ បុគ្គលក្នុង​លោកនេះ មាន៤ពួក។ បុគ្គល៤ពួក តើដូចម្តេចខ្លះ។ ម្នាល​អានន្ទ បុគ្គលពួកមួយ ក្នុង​លោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាម​ទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យ​ឥត​ប្រយោជន៍ សំឡឹងរំពៃ ចំពោះ​ទ្រព្យរបស់គេ មានចិត្តព្យាបាទ មានគំនិត​យល់ខុស ក្នុង​លោកនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ ម្នាល​អានន្ទ មួយទៀត បុគ្គល​ពួក​មួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្ត​ខុស ក្នុងកាម​ទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោល​ពាក្យ​​ឥត​ប្រយោជន៍ ជាអ្នកសំឡឹងរំពៃ ចំពោះ​ទ្រព្យរបស់គេ មានចិត្តព្យាបាទ មានគំនិត​យល់ខុស ក្នុង​លោកនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។1) ម្នាល​អានន្ទ បុគ្គល​ពួក​មួយ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ​ចាក​បាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរ​ស្រឡះចាកកាមេសុមិច្ឆាចារ វៀរ​ស្រឡះ​ចាកមុសាវាទ វៀរស្រឡះ​ចាកបិសុណវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ជាអ្នកមានចិត្តមិនបានសំឡឹងរំពៃ ចំពោះទ្រព្យរបស់គេ មានចិត្តមិនបាន​ព្យាបាទ ជាអ្នកមានគំនិត​យល់ត្រូវ ក្នុង​លោកនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ ម្នាល​អានន្ទ មួយទៀត បុគ្គល​ពួក​មួយ ក្នុងលោកនេះ វៀរស្រឡះ​ចាក​បាណាតិបាត វៀរស្រឡះ​ចាកអទិន្នាទាន វៀរ​ស្រឡះចាកកាមេសុមិច្ឆាចារ វៀរ​ស្រឡះ​ចាកមុសាវាទ វៀរស្រឡះ​ចាកបិសុណវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ជាអ្នកមានចិត្តមិនបានរំពៃ ចំពោះទ្រព្យរបស់គេ មានចិត្តមិន​ព្យាបាទ ជាអ្នកមានគំនិត​យល់ត្រូវ ក្នុង​លោកនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។2)

[៧៩] ម្នាល​អានន្ទ សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យសេចក្តីព្យាយាម ជាគ្រឿង​តំកល់ចិត្តទុក អាស្រ័យ​សេចក្តីប្រឹងប្រែង អាស្រ័យសេចក្តីមិនប្រមាទ អាស្រ័យសេចក្តីយកចិត្ត​ទុកដាក់ ដោយប្រពៃ រមែង​បាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើតំកល់ចិត្តនឹង​ហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែង​ឃើញដោយទិព្វចក្ខុដ៏​បរិសុទ្ធ កន្លងបង់​ចក្ខុ​របស់​មនុស្សធម្មតា នូវបុគ្គល​ឯណោះដែលសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ ប្រ​ព្រឹត្តខុស ក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យ​អាក្រក់ ពោលពាក្យឥតប្រយោជន៍ មានចិត្តសំឡឹងរំពៃ ចំពោះ​ទ្រព្យរបស់គេ មានចិត្តព្យាបាទ មានគំនិតយល់ខុស ក្នុងលោកនេះ រមែងឃើញបុគ្គលនោះ ដែល​ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ អំពើអាក្រក់​ក៏មាន ផលរបស់​ទុច្ចរិត ក៏​មាន អាត្មាអញ បានឃើញបុគ្គលឯណោះ ដែលសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេមិនបានឲ្យ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ។បេ។ មានគំនិត​យល់ខុស ក្នុងលោក​នេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ បានឮថា បុគ្គលណា ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណាដឹងផ្សេង (អំពី​នេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស។ សមណព្រាហ្មណ៍នោះ រមែងកួច​កាន់ ព្រោះស្ទាបអង្អែល នូវហេតុដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយ​កម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។

[៨០] ម្នាល​អានន្ទ មួយទៀត សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យ​នូវ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យនូវសេចក្តីព្យាយាម ​តំកល់ចិត្តទុក អាស្រ័យ​នូវសេចក្តីប្រឹងប្រែង អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យ​នូវ​សេចក្តីយកចិត្ត​ទុកដាក់ ដោយប្រពៃ រមែង​បាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើបានតំកល់ចិត្តនឹង​ហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែង​ឃើញដោយទិព្វចក្ខុដ៏​បរិសុទ្ធ កន្លងបង់​នូវចក្ខុ ​របស់​មនុស្សធម្មតា នូវបុគ្គល​ឯណោះ ដែលសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ រមែង​ឃើញ​បុគ្គលនោះ ដែល​ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុង​សុគតិសួគ៌ទេវលោក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ កម្មដ៏លាមកមិនមាន ផលរបស់​ទុច្ចរិតក៏មិន​មាន ខ្ញុំបានឃើញបុគ្គលឯណោះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោក​នេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះទៀតថា អើហ្ន៎ បុគ្គលណា ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តី​ស្លាប់​ទៅ រមែងទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះ​ថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពី​នេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស។ សមណព្រាហ្មណ៍នោះ កួច​កាន់ ព្រោះស្ទាបអង្អែលនូវហេតុ ដែលយល់ខ្លួនឯង ឃើញ​ខ្លួន​ឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយ​កម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។

[៨១] ម្នាល​អានន្ទ សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យនូវ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យនូវសេចក្តីព្យាយាម ​តំកល់ចិត្តទុក អាស្រ័យ​នូវ​សេចក្តីប្រឹងប្រែង អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្ត​ទុកដាក់ ដោយប្រពៃ រមែង​បាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើ​តំកល់ចិត្តមាំ​ហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែង​ឃើញដោយទិព្វចក្ខុ ដ៏​បរិសុទ្ធ កន្លងបង់​នូវចក្ខុ ជា​របស់​មនុស្សធម្មតា នូវបុគ្គល​ឯណោះ ដែលវៀរស្រឡះចាក​បាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះ ចាក​កាមេសុមិច្ឆាចារ វៀរ​ស្រឡះ​ចាកមុសាវាទ វៀរស្រឡះ ចាក​បិសុណវាចា វៀរស្រឡះ ចាកផរុសវាចា វៀរស្រឡះ​ចាកសម្ផប្បលាបៈ ជាអ្នកមានចិត្ត​មិនបានសំឡឹងរំពៃ ចំពោះ​ទ្រព្យរបស់គេ មានចិត្ត​មិនព្យាបាទ មានគំនិតយល់ត្រូវ ក្នុងលោកនេះ រមែងឃើញបុគ្គលនោះ ដែល​ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ អំពើជាកុសលក៏មាន ផលរបស់​សុចរិតក៏​មាន ខ្ញុំបានឃើញបុគ្គលឯណោះ ដែលជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោក​នេះ បានឃើញ​បុគ្គល​នោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុងសុគតិសួគ៌​ទេវលោក។​ សមណៈ ឬព្រាហ្មណ៍នោះ ក៏ពោលយ៉ាងនេះថា អើហ្ន៎ បុគ្គលណា វៀរស្រឡះចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក។ បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពី​នេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស។ សមណព្រាហ្មណ៍នោះ រមែងកួច​កាន់ ព្រោះស្ទាបអង្អែល នូវហេតុដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយ​កម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។

[៨២] ម្នាល​អានន្ទ មួយទៀត សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យនូវ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យនូវសេចក្តីព្យាយាម ​តំកល់ចិត្តទុក អាស្រ័យ​នូវសេចក្តីប្រឹងប្រែង អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវ​ការយកចិត្ត​ទុកដាក់ ដោយប្រពៃ រមែង​បាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើបានតំកល់ចិត្តនឹង​ហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែង​ឃើញដោយទិព្វចក្ខុ ដ៏​បរិសុទ្ធ កន្លងបង់​ចក្ខុ​របស់​មនុស្សធម្មតា នូវបុគ្គល​ឯណោះ ដែលវៀរស្រឡះចាក​បាណាតិបាត វៀរស្រឡះ​ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ រមែង​ឃើញបុគ្គល​នោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោល​យ៉ាង​នេះ​ថា អើហ្ន៎ អំពើជាកុសលក៏មិនមាន ផលរបស់​សុចរិតក៏​មិនមាន ខ្ញុំបានឃើញ​បុគ្គល​ឯណោះ ដែលវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះ​ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ បុគ្គលណា វៀរស្រឡះ​ចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណាដឹងផ្សេង (អំពី​នេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថាដឹងខុស។ សមណព្រាហ្មណ៍នោះ រមែងស្ទាបអង្អែល ប្រកាន់​នូវហេតុ ដែល​យល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយ​កម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។

[៨៣] ម្នាល​អានន្ទ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍​ណា ពោលយ៉ាងនេះថា អើហ្ន៎ អំពើដ៏លាមកក៏មាន ផលរបស់​ទុច្ចរិតក៏មាន ដូច្នេះ តថាគត​យល់ស្រប តាមពាក្យរបស់ពួក​សមណព្រាហ្មណ៍នោះដែរ។ ទាំងត្រង់សមណព្រាហ្មណ៍​នោះពោលពាក្យយ៉ាងនេះថា ខ្ញុំបានឃើញបុគ្គលឯណោះ ដែលជាអ្នកសម្លាប់សត្វ ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ បាន​ឃើញ​បុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត ក៏យល់ស្របតាមពាក្យ របស់​សមណ​ព្រាហ្មណ៍​នោះដែរ។ តែត្រង់សមណព្រាហ្មណ៍​នោះ ពោលពាក្យយ៉ាងនេះថា អើហ្ន៎ បុគ្គលណា ជាអ្នកសម្លាប់សត្វ ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិត​យល់ខុស ​បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើតក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត មិនយល់​ស្រប​តាម​ពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ​ពោល​ពាក្យ​យ៉ាង​នេះថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណាដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់​ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះដែរ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់​នូវហេតុ​ ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំង​ទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត ក៏មិនយល់​ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វតែងមាន​សេចក្តីយល់ ក្នុងមហាកម្មវិភង្គ ផ្សេងគ្នា។

[៨៤] ម្នាល​អានន្ទ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍​ណា ពោលយ៉ាងនេះថា អើហ្ន៎ កម្មដ៏លាមកមិនមានទេ ទាំងផលរបស់​ទុច្ចរិត ក៏មិនមានដែរ តថាគត មិន​យល់ស្រប តាមពាក្យរបស់​សមណព្រាហ្មណ៍នោះទេ។ តែត្រង់​សមណ​ព្រាហ្មណ៍​​នោះ ពោលយ៉ាងនេះថា យើងបានឃើញបុគ្គលឯណោះ ដែលជាអ្នក​សម្លាប់សត្វ ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោក​នេះ បាន​ឃើញ​បុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុង​សុគតិសួគ៌ទេវលោក តថាគត យល់ស្របតាមពាក្យ​របស់​សមណព្រាហ្មណ៍នោះ។3) ឯត្រង់សមណព្រាហ្មណ៍​នោះ ពោលពាក្យ​យ៉ាង​នេះ​ថា អើហ្ន៎ បុគ្គលណា ជាអ្នកសម្លាប់សត្វ ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិត​យល់ខុស ​បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់​ទៅ រមែង​ទៅ​កើតក្នុងសុគតិសួគ៌ទេវលោក តថាគត មិនយល់ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ​ ពោល​ពាក្យ​យ៉ាង​នេះថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់​ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ តែត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់​នូវហេតុ​ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំង​ទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត មិនយល់​ស្រប​តាម​ពាក្យ របស់សមណព្រាហ្មណ៍នោះទេ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វ តែងមាន​សេចក្តីយល់ ក្នុងមហាកម្មវិភង្គ ផ្សេងគ្នា។

[៨៥] ម្នាលអានន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍​ណា ពោលយ៉ាងនេះថា អើហ្ន៎ អំពើជាកុសល ក៏មាន ផលរបស់សុចរិត ក៏មាន តថាគត​យល់ស្រប តាមពាក្យរបស់​សមណព្រាហ្មណ៍នោះ។ ទាំងត្រង់សមណព្រាហ្មណ៍​នោះ​ពោលពាក្យ យ៉ាងនេះថា ខ្ញុំឃើញបុគ្គលឯណោះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ បាន​ឃើញ​បុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុង​សុគតិសួគ៌ទេវលោក តថាគត ក៏យល់ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះ។ ទាំងត្រង់សមណព្រាហ្មណ៍​នោះ ពោលពាក្យយ៉ាងនេះថា អើហ្ន៎ បុគ្គលណា វៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិត​យល់ត្រូវ ​បុគ្គលទាំង​អស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​សុគតិសួគ៌​ទេវលោក តថាគត ក៏យល់​ស្រប​តាម​ពាក្យ របស់​សមណព្រាហ្មណ៍នោះដែរ។ ឯត្រង់សមណព្រាហ្មណ៍នោះ​ ពោល​ពាក្យ​យ៉ាង​នេះថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត មិនយល់​ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់បុគ្គលនោះ ស្ទាបអង្អែល ប្រកាន់​នូវហេតុ ​ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំង​ទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជា​របស់​ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត មិនយល់​ស្របតាមពាក្យ របស់សមណ​ព្រាហ្មណ៍​នោះទេ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វតែងមាន​សេចក្តីយល់ ក្នុងមហាកម្មវិភង្គផ្សេងគ្នា។

[៨៦] ម្នាលអានន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍​ណា ពោលពាក្យ យ៉ាងនេះថា អើហ្ន៎ អំពើជាកុសល មិនមាន ផលរបស់សុចរិត ក៏មិនមាន តថាគត មិន​​យល់ស្រប តាមពាក្យរបស់​សមណព្រាហ្មណ៍នោះទេ។ តែត្រង់​សមណ​ព្រាហ្មណ៍​​នោះ ពោលពាក្យយ៉ាងនេះថា ខ្ញុំឃើញបុគ្គលឯណោះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិត​យល់ត្រូវ រមែងឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត យល់ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះ។4) ឯត្រង់សមណព្រាហ្មណ៍​នោះ ពោលពាក្យយ៉ាងនេះថា អើហ្ន៎ បុគ្គលណា ជា​អ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិត​យល់ត្រូវ ​បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត មិនយល់​ស្រប​តាម​ពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ​ ពោល​ពាក្យ​យ៉ាង​នេះថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់​ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់​នូវហេតុ​ ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ តាមកម្លាំង​ទិដ្ឋិ ហើយ​ពោល​ថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត មិន​យល់​​ស្របតាមពាក្យ របស់បុគ្គលនោះទេ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វតែងមាន​សេចក្តីយល់ ក្នុងមហាកម្មវិភង្គផ្សេងគ្នា។

[៨៧] ម្នាលអានន្ទ បណ្តាពួកបុគ្គលទាំងនោះ បុគ្គលណា ​ក្នុងលោកនេះ ជា​អ្នក​សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស លុះ​ទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បាបកម្មនោះ ដែលបុគ្គលនោះ បានធ្វើ ក្នុងកាលមុន ក៏ជាហេតុនៃ​ទុក្ខវេទនា បាបកម្មនោះ ដែលបុគ្គលនោះ បានធ្វើ ក្នុងខាងក្រោយ ក៏ជាហេតុនៃ​ទុក្ខវេទនា​ដែរ មិច្ឆាទិដ្ឋិ ដែលបុគ្គល​នោះ បានធ្វើឲ្យបរិបូណ៌ បានសមាទានហើយ ក្នុងពេល​ជិតស្លាប់ ដោយអំពើនោះ បុគ្គលនោះ លុះទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ បុគ្គលនោះ សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ ដោយហេតុណា។ បុគ្គលនោះ រមែង​ទទួលវិបាក របស់ហេតុនោះ ក្នុងបច្ចុប្បន្ននេះ ឬក្នុងជាតិជាលំដាប់ ឬក្នុងអត្តភាព ជាខាងក្រោយៗមក។

[៨៨] ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ​ក្នុងលោកនេះ ជា​អ្នក​សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស លុះ​ទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុងសុគតិសួគ៌ ទេវលោក អំពើ​ជាកុសលនោះ ដែលបុគ្គលនោះ ធ្វើក្នុងកាលមុន ក៏ជាហេតុនៃសុខវេទនា អំពើជាកុសល​នោះ ដែលបុគ្គលនោះ ធ្វើខាងក្រោយ ក៏ជាហេតុនៃ​សុខវេទនា​ដែរ សម្មាទិដ្ឋិ ដែលបុគ្គល​ធ្វើឲ្យបរិបូណ៌ហើយ បានសមាទានហើយ ក្នុងកាល​ជិតស្លាប់ ព្រោះអំពើនោះ បុគ្គលនោះ លុះទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុងសុគតិសួគ៌ទេវលោក។ ព្រោះហេតុតែ បុគ្គលនោះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ។ បានជាបុគ្គលនោះ ​ទទួលវិបាក របស់កម្មនោះ ក្នុងបច្ចុប្បន្ន ឬក្នុងជាតិជាលំដាប់ ឬក៏ក្នុងអត្តភាពជាខាងក្រោយៗមក។

[៨៩] ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គលណា​ ក្នុងលោកនេះ ជា​អ្នក​វៀរ​ស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ លុះ​ទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុងសុគតិសួគ៌ទេវលោក អំពើជាកុសលនោះ ដែលបុគ្គលនោះធ្វើ ក្នុងកាលមុន ក៏ជាហេតុនៃ​សុខវេទនា អំពើជាកុសលនោះ ដែលបុគ្គលនោះធ្វើ ក្នុងខាងក្រោយ ក៏ជាហេតុនៃ​សុខវេទនា​ដែរ សម្មាទិដ្ឋិ ដែលបុគ្គល​នោះ បានធ្វើឲ្យបរិបូណ៌ហើយ បានសមាទានហើយ ក្នុងកាល​ជិត​ស្លាប់ ព្រោះអំពើនោះ បុគ្គលនោះ លុះទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុងសុគតិសួគ៌ទេវលោក។ ព្រោះហេតុតែបុគ្គលនោះ វៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ។ បានជាបុគ្គលនោះ ​ទទួលនូវវិបាក របស់កម្មនោះ ក្នុងបច្ចុប្បន្ន ឬក្នុងជាតិជាលំដាប់ ឬក៏ក្នុងអត្តភាពខាងក្រោយៗមក។

[៩០] ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ​ក្នុងលោកនេះ ជា​អ្នកវៀរ​ស្រឡះ​ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ លុះ​ទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បាបកម្មនោះ ដែលបុគ្គលនោះបានធ្វើ ក្នុងកាលមុន ក៏ជាហេតុនៃ​ទុក្ខវេទនា បាបកម្មនោះ ដែលបុគ្គលនោះធ្វើខាងក្រោយ ក៏ជាហេតុនៃ​ទុក្ខវេទនា​ដែរ មិច្ឆាទិដ្ឋិ ដែលបុគ្គល​នោះ បានធ្វើឲ្យបរិបូណ៌ហើយ បានសមាទានហើយ ក្នុងកាល​ជិតស្លាប់ ព្រោះអំពើនោះ បុគ្គលនោះ លុះទំលាយ​រាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ ព្រោះហេតុតែ​បុគ្គលនោះ វៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ។ បានជាបុគ្គលនោះ ​ទទួលនូវវិបាក របស់កម្មនោះ ក្នុងបច្ចុប្បន្ន ឬក្នុងជាតិជាលំដាប់ ឬក៏ក្នុងអត្តភាពជាខាងក្រោយៗមក។

[៩១] ម្នាលអានន្ទ ព្រោះហេតុនោះ កម្មមិនគួរ ឃាត់កម្មមិនគួរក៏មាន កម្ម​មិនគួរ ឃាត់កម្មគួរក៏មាន កម្មគួរ ឃាត់កម្មគួរក៏មាន កម្មគួរ ឃាត់កម្មមិនគួរក៏មាន។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានចិត្ត​ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ មហាកម្មវិភង្គសូត្រ ទី៦។

 

លេខយោង

1)
ព្រោះកុសលជ្រែកអកុសល ក្នុងវេលាជិតស្លាប់។
2)
ព្រោះអកុសល​ជ្រែកកុសល ក្នុងវេលាជិតស្លាប់។
3)
បានជា​ទ្រង់យល់ស្រប ព្រោះទ្រង់ជ្រាបច្បាស់ថា ទោះបីធ្វើអកុសលមកពីដើមក៏ពិត តែដល់​វេលាជិតស្លាប់ ជួនមានកុសលណាមួយ មកឲ្យផល កុសលនោះ ក៏អាច​ជ្រែកអកុសល​បាន ទើបទៅកើតក្នុងសុគតិភព។
4)
បានជាទ្រង់យល់តាម ព្រោះទ្រង់ជ្រាបច្បាស់ថា ទោះបីធ្វើ​កុសលមកពីដើមក៏ពិត តែដល់វេលាជិតស្លាប់ ចួន​មានអកុសលណាមួយ មកឲ្យផល អកុសលនោះ អាចជ្រែកកុសលបាន ទើបបានទៅកើតក្នុងទុគ្គតិភព
km/tipitaka/sut/mn/sut.mn.136.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann