តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » វិភង្គវគ្គ »
អំពីវេទនា របស់ «អ្នកផ្ទះ» និង «អ្នកបួស» គឺខុសគ្នា កន្លែងណា គ្រោះថ្នាក់ណា និងរបៀបប្រើប្រាស់។ ការបរិយាយ អំពីអាយតនៈ ដែលជាទីលំនៅ ទីប្រជុំ ទីកើតនៃអារម្មណ៍ទាំងឡាយ។ ក្នុងសូត្រនេះ ភិក្ខុអាចដឹងនូវ អាស្រ័យពឹងផ្អែកនឹងធម្មារម្មណ៍នេះ ហើយលះបង់ នូវធម្មារម្មណ៍នេះ ដែលកើតតាមទ្វារទាំង៦ និងដឹងពីអាយតនៈរបស់ព្រះអរហន្ត។
mn 137 បាលី cs-km: sut.mn.137 អដ្ឋកថា: sut.mn.137_att PTS: ?
(ទី៧) សឡាយតនវិភង្គសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. សឡាយតនវិភង្គសុត្តំ)
[៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង សឡាយតនវិភង្គ (ចំណែកអាយតនៈទាំង៦) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ នូវសឡាយតនវិភង្គនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៩៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលគប្បីដឹងអាយតនៈខាងក្នុង ៦ គប្បីដឹងអាយតនៈខាងក្រៅ ៦ គប្បីដឹងកងនៃវិញ្ញាណ ៦ គប្បីដឹងកងនៃផស្សៈ៦ គប្បីដឹង មនោបវិចារៈ (សេចក្តីពិចារណានៃចិត្ត) ១៨ គប្បីដឹង សត្តបទ (ចំណែកនៃសត្វដែលអាស្រ័យនូវវដ្តៈ និងវិវដ្តៈ) ៣៦ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យនូវធម៌នេះ ហើយលះបង់ធម៌នេះចេញ ឯសតិប្បដ្ឋាន មាន៣ប្រការ ជាធម៌ដែលសាស្តាដ៏ប្រសើរ តែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរប្រៀនប្រដៅនូវគណៈបាន សាស្តានោះ តថាគតពោលថា ជាសារថីអ្នកទូន្មាននូវបុរស ជាអាចារ្យដ៏ប្រសើរ ជាងអាចារ្យអ្នកបង្ហាត់នូវវាហនៈ មានដំរីជាដើម នេះជាឧទ្ទេស របស់សឡាយតនវិភង្គ។
[៩៤] ពាក្យថា បុគ្គលគប្បីដឹងអាយតនៈខាងក្នុង៦ ដូច្នេះនេះ តថាគត បានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ អាយតនៈ (អណ្តូងជាទីកើតនៃអារម្មណ៍) គឺភ្នែក១ អាយតនៈគឺត្រចៀក១ អាយតនៈ គឺច្រមុះ១ អាយតនៈ គឺអណ្តាត១ អាយតនៈ គឺកាយ១ អាយតនៈ គឺចិត្ត១។ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលគប្បីដឹងអាយតនៈខាងក្នុង៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យនូវហេតុនេះឯង។
[៩៥] ពាក្យថា បុគ្គលគប្បីដឹងអាយតនៈខាងក្រៅ៦ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ អាយតនៈ គឺរូប១ អាយតនៈ គឺសំឡេង១ អាយតនៈ គឺក្លិន១ អាយតនៈ គឺរស១ អាយតនៈ គឺផោដ្ឋព្វៈ១ អាយតនៈ គឺធម៌១។ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលគប្បីដឹងអាយតនៈខាងក្រៅ៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យនូវហេតុនេះឯង។
[៩៦] ពាក្យថា បុគ្គលគប្បីដឹងកងនៃវិញ្ញាណ៦ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ ចក្ខុវិញ្ញាណ (សេចក្តីដឹងតាមទ្វារភ្នែក)១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលគប្បីដឹងកងនៃវិញ្ញាណ៦ ដូច្នេះ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យនូវហេតុនេះឯង។
[៩៧] ពាក្យថា បុគ្គលគប្បីដឹងកងនៃផស្សៈ៦ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ ចក្ខុសម្ផ័ស្ស (អារម្មណ៍ដែលប៉ះពាល់ដោយភ្នែក)១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលគប្បីដឹងកងនៃផស្សៈ៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យនូវហេតុនេះឯង។
[៩៨] ពាក្យថា បុគ្គលគប្បីដឹង មនោបវិចារៈ ទាំង១៨ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ បុគ្គលឃើញរូបដោយភ្នែកហើយ ក៏ពិចារណានូវរូបជាទីតាំងនៃសោមនស្ស ពិចារណានូវរូបជាទីតាំងនៃទោមនស្ស ពិចារណានូវរូបជាទីតាំងនៃឧបេក្ខា។ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ប៉ះពាល់ផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ដោយចិត្តហើយ ក៏ពិចារណានូវធម៌ ជាទីតាំងនៃសោមនស្ស ពិចារណានូវធម៌ជាទីតាំងនៃទោមនស្ស ពិចារណានូវធម៌ជាទីតាំងនៃឧបេក្ខា។ សោមនស្សូបវិចារៈ (សេចក្តីពិចារណាដោយសោមនស្ស) មាន៦ ទោមនស្សូបវិចារៈ មាន៦ ឧបេក្ខូបវិចារៈ មាន៦ (រួមគ្នាត្រូវជា១៨) ដោយប្រការដូច្នេះ។ ពាក្យណា ដែលតថាគតបានពោលហើយថា បុគ្គលគប្បីដឹងមនោបវិចារៈ ទាំង១៨ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យនូវហេតុនេះឯង។
[៩៩] ពាក្យថា បណ្ឌិតគប្បីដឹង សត្តបទ (ចំណែកនៃសត្វ) ៣៦ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ គេហសិតសោមនស្ស (សោមនស្សអាស្រ័យកាមគុណ) មាន៦ នេក្ខម្មសិតសោមនស្ស (សោមនស្សអាស្រ័យនេក្ខម្មៈ គឺវិបស្សនា) មាន៦ គេហសិតទោមនស្ស មាន៦ នេក្ខម្មសិតទោមនស្ស មាន៦ គេហសិតឧបេក្ខា មាន៦ នេក្ខម្មសិតឧបេក្ខា មាន៦ (ត្រូវជា៣៦)។
[១០០] បណ្តាធម៌ទាំងនោះ គេហសិតសោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គល កាលឃើញច្បាស់ នូវការបានរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ គឺតណ្ហា ថាជាការបានក្តី កាលរលឹកឃើញ (នូវរូប) ដែលខ្លួនធ្លាប់បានហើយក្នុងកាលមុន ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយក៏កើតសេចក្តីសោមនស្សឡើង សោមនស្សណា មានសភាពដូច្នេះ សោមនស្សនេះ តថាគតហៅថា គេហសិតសោមនស្ស។ បុគ្គល កាលឃើញច្បាស់ នូវការបានសំឡេង ដែលគប្បីដឹងដោយត្រចៀក… ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ… ធម៌ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ ថាជាការបានក្តី កាលរលឹកឃើញនូវធម៌ ដែលខ្លួនធ្លាប់បានហើយ ក្នុងកាលមុន ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយក៏កើតសេចក្តីសោមនស្សឡើង សោមនស្សណា មានសភាពដូច្នេះ សោមនស្សនេះ តថាគតហៅថា គេហសិតសោមនស្ស។ នេះ គេហសិតសោមនស្ស ៦យ៉ាង។
[១០១] បណ្តាធម៌ទាំងនោះ នេក្ខម្មសិតសោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គលកាលដឹងច្បាស់ថា រូបមានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ហើយឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា រូបក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏កើតសោមនស្សឡើង សោមនស្សណា មានសភាពដូច្នេះ សោមនស្សនេះ តថាគត ហៅថា នេក្ខម្មសិតសោមនស្ស។ បុគ្គលកាលដឹងច្បាស់ថា សំឡេង… ដឹងច្បាស់ថា ក្លិន… ដឹងច្បាស់ថា រស… ដឹងច្បាស់ថាផោដ្ឋព្វៈ… ដឹងច្បាស់ថា ធម៌ មានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ហើយឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះដូច្នេះថា ធម៌ទាំងឡាយ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី ធម៌ទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏កើតសោមនស្សឡើង សោមនស្សណា មានសភាពដូច្នេះ សោមនស្សនេះ តថាគតហៅថា នេក្ខម្មសិតសោមនស្ស។ នេះ នេក្ខម្មសិតសោមនស្ស ៦យ៉ាង។
[១០២] បណ្តាធម៌ទាំងនោះ គេហសិតទោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គល កាលឃើញច្បាស់ នូវការមិនបានរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ ថាជាការមិនបានក្តី កាលរលឹកឃើញ នូវរូប ដែលខ្លួនមិនធ្លាប់បានក្នុងកាលមុនក្តី ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយក៏កើតទោមនស្សឡើង ទោមនស្សណា មានសភាពដូច្នេះ ទោមនស្សនេះ តថាគតហៅថា គេហសិតទោមនស្ស។ បុគ្គលកាល កាលឃើញច្បាស់ នូវការមិនបានសំឡេង ដែលគប្បីដឹងដោយត្រចៀក… ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ… ធម៌ ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ ថាជាការមិនបានក្តី កាលរលឹកឃើញនូវធម៌ ដែលខ្លួនមិនធ្លាប់បាន ក្នុងកាលមុន ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយក៏កើតទោមនស្សឡើង ទោមនស្សណា មានសភាពដូច្នេះ ទោមនស្សនេះ តថាគតហៅថា គេហសិតទោមនស្ស។ នេះគេហសិតទោមនស្ស ៦យ៉ាង។
[១០៣] បណ្តាធម៌ទាំងនោះ នេក្ខម្មសិតទោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គលដឹងច្បាស់ថា រូបមានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះ ដូច្នេះថា រូបក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏ញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខ គឺព្រះអរហត្តថា កាលណាហ្ន៎ អាត្មាអញ នឹងបានដល់នូវអាយតនៈ គឺព្រះអរហត្ត ជាអាយតនៈដែលព្រះអរិយៈទាំងឡាយ តែងបានដល់ក្នុងកាលឥឡូវនេះ កាលញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខដូច្នេះ ហើយក៏កើតទោមនស្សឡើង ព្រោះតែសេចក្តីស្រឡាញ់ជាបច្ច័យ ទោមនស្សណា មានសភាពដូច្នេះ ទោមនស្សនេះ តថាគត ហៅថា នេក្ខម្មសិតទោមនស្ស។ បុគ្គលកាលដឹងច្បាស់ថា សំឡេង… ដឹងច្បាស់ថា ក្លិន… ដឹងច្បាស់ថា រស… ដឹងច្បាស់ថា ផោដ្ឋព្វៈ… ដឹងច្បាស់ថា ធម៌ មានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះដូច្នេះថា ធម៌ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី ធម៌ទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏ញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខថា កាលណាហ្ន៎ អាត្មាអញ នឹងបានដល់នូវអាយតនៈ ជាអាយតនៈ ដែលព្រះអរិយៈទាំងឡាយ តែងបានដល់ ក្នុងកាលឥឡូវនេះ កាលញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខ ដូច្នេះហើយ ក៏កើតទោមនស្សឡើង ព្រោះតែសេចក្តីស្រឡាញ់ជាបច្ច័យ ទោមនស្សណា មានសភាពដូច្នេះ ទោមនស្សនេះ តថាគតហៅថា នេក្ខម្មសិតទោមនស្ស។ នេះនេក្ខម្មសិតទោមនស្ស ៦យ៉ាង។
[១០៤] បណ្តាធម៌ទាំងនោះ គេហសិតឧបេក្ខា ៦យ៉ាង តើដូចម្តេច។ បុថុជ្ជន ជាបុគ្គលល្ងង់ វង្វេង ឬបុថុជ្ជន ដែលមិនទាន់ផ្ចាញ់កិលេសបាន មិនទាន់ផ្ចាញ់វិបាកបាន ជាអ្នកឃើញថា មិនមានទោស ជាអ្នកមិនចេះដឹងពុទ្ធវចនៈ ឃើញរូបដោយភ្នែក ហើយក៏កើតឧបេក្ខាឡើង ឧបេក្ខា1) ណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវរូបឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគត ហៅថា គេហសិតឧបេក្ខា។ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ… បុថុជ្ជន ល្ងង់ វង្វេង ឬបុថុជ្ជន ដែលមិនទាន់ផ្ចាញ់កិលេសបាន មិនទាន់ផ្ចាញ់វិបាកបាន ជាអ្នកឃើញថា មិនមានទោស ជាអ្នកមិនចេះដឹងពុទ្ធវចនៈ ដឹងនូវធម៌ដោយចិត្ត ហើយក៏កើតឧបេក្ខាឡើង ឧបេក្ខាណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវធម៌ឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគតហៅថា គេហសិតឧបេក្ខា។ នេះគេហសិតឧបេក្ខា ៦យ៉ាង។
[១០៥] បណ្តាធម៌ទាំងនោះ នេក្ខម្មសិតឧបេក្ខា ៦យ៉ាង តើដូចម្តេច។ បុគ្គលកាលដឹងច្បាស់ថា រូបមានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះដូច្នេះថា រូប ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏កើតឧបេក្ខាឡើង ឧបេក្ខាណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវរូបឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគតហៅថា នេក្ខម្មសិតឧបេក្ខា។ បុគ្គលកាលដឹងច្បាស់ថា សំឡេង… ថាក្លិន… ថារស… ថាផោដ្ឋព្វៈ… ដឹងច្បាស់ថា ធម៌ មានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះដូច្នេះថា ធម៌ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី ធម៌ទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏កើតឧបេក្ខាឡើង ឧបេក្ខាណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវធម៌ឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគតហៅថា នេក្ខម្មសិតឧបេក្ខា។ នេះនេក្ខម្មសិតឧបេក្ខា មាន៦យ៉ាង។ ពាក្យណា ដែលតថាគត ពោលហើយថា បណ្ឌិតគប្បីដឹង សត្តបទ ៣៦ ដូច្នេះ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យនូវហេតុនេះឯង។
[១០៦] ពាក្យថា បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យនឹងធម៌នេះ ហើយលះបង់ នូវធម៌នេះចេញ2) ដូច្នេះនេះ តថាគត បានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែក នូវនេក្ខម្មសិតសោមនស្ស ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវគេហសិតសោមនស្ស ទាំង៦ចេញ ការលះបង់ នូវសោមនស្សទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវសោមនស្សទាំងនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែក នូវនេក្ខម្មសិតទោមនស្ស ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវគេហសិតទោមនស្ស ទាំង៦ចេញ ការលះបង់ នូវទោមនស្សទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុតនូវទោមនស្សទាំងនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែកនឹងនេក្ខម្មសិតឧបេក្ខា ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវគេហសិតឧបេក្ខា ទាំង៦ចេញ ការលះបង់ឧបេក្ខាទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុតនូវឧបេក្ខាទាំងនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែកនឹងនេក្ខម្មសិតសោមនស្ស ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវនេក្ខម្មសិតទោមនស្ស ទាំង៦ចេញ ការលះបង់ នូវទោមនស្សទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវទោមនស្សទាំងនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែកនឹងនេក្ខម្មសិតឧបេក្ខា ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវនេក្ខម្មសិតសោមនស្ស ទាំង៦ចេញ ការលះបង់ នូវសោមនស្សទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវសោមនស្សទាំងនោះ យ៉ាងនេះឯង។
[១០៧] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា ក៏មាន ឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាក្នុងរូបក៏មាន ក្នុងសំឡេងក៏មាន ក្នុងក្លិនក៏មាន ក្នុងរសក៏មាន ក្នុងផោដ្ឋព្វៈក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាអាស្រ័យនូវអាកាសានញ្ចាយតនជ្ឈាន ក៏មាន អាស្រ័យនូវវិញ្ញាណញ្ចាយតនជ្ឈាន ក៏មាន អាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាន ក៏មាន អាស្រ័យនូវនេវសញ្ញានាសញ្ញាតយនជ្ឈានក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះ ជាឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តាឧបេក្ខាទាំងពីរនោះ អ្នកទាំងឡាយ ចូរអាស្រ័យ ពឹងផ្អែកនឹងឧបេក្ខាជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ហើយលះបង់ កន្លងឲ្យផុត នូវឧបេក្ខាផ្សេងគ្នា មានអារម្មណ៍ផ្សេងគ្នាចេញ ការលះបង់នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរអាស្រ័យនឹងតណ្ហា ពឹងផ្អែកនឹងតណ្ហា ហើយលះបង់ កន្លងឲ្យផុត នូវឧបេក្ខាជាមួយគ្នា មានអារម្មណ៍ជាមួយគ្នាចេញ ការលះបង់ឧបេក្ខានុ៎ះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង។ ពាក្យណា ដែលតថាគត ពោលហើយថា បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យនឹងធម៌នេះ ហើយលះបង់នូវធម៌នេះចេញ ដូច្នេះនេះ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យហេតុនេះឯង។
[១០៨] ពាក្យថា សតិប្បដ្ឋាន មាន៣ប្រការ ដែលសាស្តាដ៏ប្រសើរ តែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅគណៈបាន ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។
[១០៩] ម្នាលភិក្ខុទាំងឡាយ សាស្តាជាអ្នកអនុគ្រោះ ជាអ្នកស្វែងរកប្រយោជន៍ តែងសំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះ ដូច្នេះថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ តែពួកសាវ័ក របស់សាស្តានោះ មិនចង់ស្តាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ក៏ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តាទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ ព្រះតថាគត មិនមានចិត្តរីករាយ មិនទទួលនូវសេចក្តីរីករាយ មានចិត្តមិនប្រឡាក់ដោយរាគៈ មានតែសតិសម្បជញ្ញៈ ប្រព្រឹត្តទៅ គ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី១ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅគណៈបាន។
[១១០] ម្នាលភិក្ខុទាំងឡាយ មួយទៀត សាស្តាជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ តែងសំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ សាវ័កពួកខ្លះ របស់សាស្តានោះ មិនចង់ស្តាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ក៏ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តា។ សាវ័កពួកខ្លះ ចង់ស្តាប់ ផ្ចង់ត្រចៀក តាំងចិត្តដើម្បីឲ្យដឹងសេចក្តី មិនហ៊ានប្រព្រឹត្តកន្លង នូវពាក្យប្រៀនប្រដៅ របស់សាស្តាឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ ព្រះតថាគត ក៏មិនមានចិត្តរីករាយ មិនទទួលនូវសេចក្តីរីករាយ មិនមានតូចចិត្ត មិនទទួលនូវសេចក្តីតូចចិត្ត វៀរបង់នូវសេចក្តីរីករាយ និងសេចក្តីតូចចិត្តទាំងពីរនោះ ជាអ្នកព្រងើយ ប្រកបដោយសតិសម្បជញ្ញៈ ប្រព្រឹត្តទៅគ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី២ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅនូវគណៈបាន។
[១១១] ម្នាលភិក្ខុទាំងឡាយ មួយទៀត សាស្តាជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ រមែងសំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ តែពួកសាវ័ក របស់សាស្តានោះ ចង់ស្តាប់ ផ្ចង់ត្រចៀក តាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ទាំងមិនបានប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តា។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ ព្រះតថាគត រមែងមានចិត្តរីករាយ ទទួលនូវសេចក្តីរីករាយ តែថាមានចិត្តមិនប្រឡាក់ដោយរាគៈ ជាអ្នកមានសតិសម្បជញ្ញៈ ប្រព្រឹត្តទៅ គ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី៣ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅនូវគណៈបាន។ ពាក្យថា សតិប្បដ្ឋាន មាន៣ប្រការ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរប្រៀនប្រដៅនូវគណៈបាន ដូច្នេះ តថាគតពោលហើយ ពាក្យនេះ ដែលតថាគតពោល ព្រោះអាស្រ័យនូវហេតុនេះឯង។
[១១២] ពាក្យថា បុគ្គលនោះ តថាគតហៅថា ជាសារថី ទូន្មាននូវបុរស ជាអាចារ្យប្រសើរ ជាងអាចារ្យអ្នកទូន្មាននូវវាហនៈ មានដំរី ជាដើម ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ ដំរីគួរទូន្មានដែលទម័កដំរី បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាងជើងក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ សេះគួរទូន្មាន ដែលទម័កសេះ បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាងជើងក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ គោគួរទូន្មាន ដែលទម័កគោ បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាងជើងក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ ឯបុរសគួរទូន្មាន ដែលព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិស ទាំង៨បាន គឺបុគ្គលបាននូវរូបជ្ឈាន តែងមើលឃើញ នូវរូបទាំងឡាយ នេះជាទិសទី១។ បុគ្គលមិនបានសំគាល់នូវរូបខាងក្នុង តែងឃើញនូវរូបខាងក្រៅទាំងឡាយ នេះជាទិសទី២។ បុគ្គលបង្អោនចិត្តទៅកាន់អារម្មណ៍ថា (នេះ) ល្អដូច្នេះ នេះជាទិសទី៣។ បុគ្គល ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់បដិឃសញ្ញា ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ នេះជាទិសទី៤។ បុគ្គល ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ នេះជាទិសទី៥។ បុគ្គល ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ដូច្នេះ ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ នេះជាទិសទី៦។ បុគ្គល ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ នេះជាទិសទី៧។ បុគ្គល ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវសញ្ញាវេទយិតនិរោធ ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ នេះជាទិសទី៨។ ម្នាលភិក្ខុទាំងឡាយ បុរសគួរទូន្មាន ដែលព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ទូន្មានហើយ រមែងស្ទុះទៅកាន់ទិស ទាំង៨នេះឯង។ ពាក្យណា ថា បុគ្គលនោះ តថាគតហៅថា ជាសារថីអ្នកទូន្មាននូវបុរស ជាអាចារ្យប្រសើរ ជាងអាចារ្យអ្នកទូន្មាននូវវាហនៈ មានដំរី ជាដើម ដូច្នេះ តថាគតបានពោលហើយ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យនូវហេតុនេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ សឡាយតនវិភង្គសូត្រ ទី៧។