តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » វិភង្គវគ្គ »
ព្រះពុទ្ធទ្រង់ប្រៀនប្រដៅផ្លូវ កុំត្រេកអរនឹងវិញ្ញាណខាងក្រៅ និងវិញ្ញាណខាងក្នុងគ្រប់យ៉ាង ដល់ប្រាជ្ញាដើម្បីសេចក្តីពិត។
mn 138 បាលី cs-km: sut.mn.138 អដ្ឋកថា: sut.mn.138_att PTS: ?
(ទី៨) ឧទ្ទេសវិភង្គសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. ឧទ្ទេសវិភង្គសុត្តំ)
[១១៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវ ឧទ្ទេសវិភង្គ (ចំណែកឧទ្ទេស គឺមាតិកា) ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវឧទ្ទេស និងវិភង្គនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១១៤] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ដូច្នេះថា កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ ដ៏សេសសល់ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ លុះព្រះសុគត ទ្រង់មានព្រះពុទ្ធដីកាដូច្នេះហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ។
[១១៥] គ្រាកាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅមិនយូរប៉ុន្មាន ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង នូវឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ តើឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ នរណាហ្ន៎ នឹងអាចចែកអត្ថដោយពិស្តារបាន។ គ្រានោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈមានអាយុនេះ ព្រះសាស្តា ទ្រង់សរសើរផង សព្រហ្មចារីទាំងឡាយ ជាអ្នកប្រាជ្ញ លើកតំកើងផង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈ មានអាយុ ទើបអាចចែកអត្ថ ដោយពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ នាំគ្នាចូលទៅរកព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ យើងទាំងឡាយ គប្បីសួរនូវសេចក្តីនេះ នឹងព្រះមហាកច្ចានៈ មានអាយុ។
[១១៦] លំដាប់នោះ ភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមហាកច្ចានៈ មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈ មានអាយុ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិនឋិតនៅខាងក្នុង ហើយមិនបានតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនបានប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ បពិត្រព្រះកច្ចានៈ មានអាយុ កាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅ មិនយូរប៉ូន្មាន យើងទាំងឡាយនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារឡើយ ក៏ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិនឋិតនៅខាងក្នុង ហើយមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ តើឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ នរណាហ្ន៎ នឹងអាចចែកអត្ថដោយពិស្តារបាន បពិត្រព្រះកច្ចានៈមានអាយុ យើងទាំងឡាយនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរផង សព្រហ្មចារីទាំងឡាយ ជាអ្នកប្រាជ្ញ លើកតម្កើងផង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈមានអាយុ ទើបអាចចែកអត្ថ ដោយពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ នាំគ្នាចូលទៅរកព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ យើងទាំងឡាយ គប្បីសួរនូវសេចក្តីនេះ នឹងព្រះមហាកច្ចានៈ មានអាយុ ដូច្នេះ សូមព្រះមហាកច្ចានៈ មានអាយុ ចែក (អត្ថនោះ ដោយពិស្តារឲ្យទាន)។
[១១៧] ព្រះមហាកច្ចានៈមានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុរសអ្នកត្រូវការដោយឈើខ្លឹម ជាអ្នកស្វែងរកឈើខ្លឹម បានដើរទៅស្វែងរកឈើខ្លឹម កាលបើដើមឈើធំ ដុះនៅ (ចំពោះមុខ) ក៏ដើររំលងឫស រំលងដើម សំគាល់នូវមែក និងសន្លឹកថាជាខ្លឹម ដែលខ្លួនត្រូវស្វែងរកវិញ មានឧបមា ដូចម្តេចមិញ សេចក្តីនេះ ក៏មានឧបមេយ្យដូច កាលដែលព្រះសាស្តា ឋិតនៅចំពោះមុខ នៃលោកមានអាយុទាំងឡាយ លោកទាំងឡាយ ក៏រំលងព្រះមានព្រះភាគនោះ ហើយសំគាល់នូវយើង ថាជាបុគ្គលគួរសួរ នូវសេចក្តីនេះវិញ ម្នាលអាវុសោទាំងឡាយ ព្រោះថា ព្រះមានព្រះភាគ នោះ ព្រះអង្គ ជ្រាបនូវហេតុ ដែលគួរជ្រាប ឃើញនូវហេតុ ដែលគួរឃើញបាន ជាអ្នកមានបញ្ញាចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ មានសេចក្តីប្រសើរកើតហើយ ជាអ្នកពោលធម៌ ជាអ្នកញុំាងធម៌ ឲ្យប្រព្រឹត្តទៅ ជាអ្នកពន្យល់សេចក្តី ជាអ្នកឲ្យនូវអមតៈ (និព្វាន) ព្រះតថាគត ជាម្ចាស់នៃធម៌ កាលនោះ ជាកាលគួរ អ្នកទាំងឡាយសួរសេចក្តីនេះ នឹងព្រះមានព្រះភាគបាន ព្រះមានព្រះភាគ ព្យាករ ដល់អ្នកទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ ភិក្ខុទាំងឡាយពោលថា ម្នាលព្រះកច្ចានៈមានអាយុ ព្រះមានព្រះភាគ ព្រះអង្គជ្រាប នូវហេតុ ដែលគួរជ្រាប ឃើញនូវហេតុ ដែលគួរឃើញ ព្រះអង្គមានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ មានសេចក្តីប្រសើរកើតហើយ ជាអ្នកពោលធម៌ ជាអ្នកញុំាងធម៌ ឲ្យប្រព្រឹត្តទៅ ជាអ្នកពន្យល់សេចក្តី ជាអ្នកឲ្យនូវអមតៈ (និព្វាន) ព្រះតថាគត ជាម្ចាស់នៃធម៌ កាលនោះ ជាកាលគួរយើងទាំងឡាយ សួរសេចក្តីនេះ នឹងព្រះមានព្រះភាគហើយ បើព្រះមានព្រះភាគព្យាករ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះ ដោយពិតមែនហើយ តែថា ព្រះមហាកច្ចានៈមានអាយុ ព្រះសាស្តាសរសើរផង សព្រហ្មចារីទាំងឡាយ ជាអ្នកប្រាជ្ញ លើកតម្កើងផង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈ ទើបអាចចែកនូវអត្ថ ដោយពិស្តារបាន សូមព្រះមហាកច្ចានៈ មានអាយុ កុំធ្វើនូវសេចក្តីចង្អៀតចង្អល់ឡើយ សូមចែក (អត្ថនេះ ដោយពិស្តារ)។ ព្រះកច្ចានៈពោលថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យល្អចុះ ខ្ញុំនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យព្រះមហាកច្ចានៈ មានអាយុថា ករុណា អាវុសោ។
[១១៨] ព្រះមហាកច្ចានៈមានអាយុ ពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសណា ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិនឋិតនៅខាងក្នុង ហើយមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ ការកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះឯង ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារ ខ្ញុំក៏ដឹងច្បាស់ នូវអត្ថដោយពិស្តារ ដូចនឹងពោលតទៅនេះឯង។
[១១៩] ម្នាលអាវុសោទាំងឡាយ ដូចម្តេចហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ដោយចក្ខុហើយ ក៏មានវិញ្ញាណរលឹកទៅតាមរូបនិមិត្ត ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត ជាប់ចំពាក់ដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត ប្រកបព្រមដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត (នេះ) ហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ។ ភិក្ខុឮសំឡេង ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរស ដោយអណ្តាត… ប៉ះពាល់ផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ ដោយចិត្តហើយ ក៏មានវិញ្ញាណរលឹកទៅតាមធម្មនិមិត្ត ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត (នេះ) ហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ដែលហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ យ៉ាងនេះឯង។
[១២០] ម្នាលអាវុសោទាំងឡាយ ដូចម្តេចហៅថា វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ តែវិញ្ញាណមិនបានរលឹកទៅតាមរូបនិមិត្ត មិនបានប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត មិនជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត (នេះ) ហៅថា វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ។ ភិក្ខុឮសំឡេង ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ប៉ះពាល់នូវផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ ដោយចិត្តហើយ វិញ្ញាណក៏មិនបានរលឹកទៅតាមធម្មនិមិត្ត មិនប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត មិនជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត (នេះ) ហៅថា វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ដែលហៅថា វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ យ៉ាងនេះឯង។
[១២១] ម្នាលអាវុសោទាំងឡាយ ដូចម្តេចហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីវិវេក ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ រលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីវិវេក ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខដែលកើតអំពីវិវេក ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ រួចហើយបានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ រលឹកទៅតាមនូវបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ព្រោះនឿយណាយ ចាកបីតិហើយ ប្រកបដោយឧបេក្ខា មានស្មារតី និងមានសេចក្តីដឹងខ្លួន ទទួលសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល ដែលបានតតិយជ្ឈាន ទោះបីបុគ្គល ដែលបានតតិយជ្ឈាន តែងមានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ រលឹកទៅតាម នូវឧបេក្ខា ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងសុខ ប្រកបដោយឧបេក្ខា ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងឧបេក្ខា និងសុខ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ រលឹកទៅតាមអទុក្ខមសុខ គឺឧបេក្ខា ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ដែលហៅថា ចិត្តឋិតនៅខាងក្នុង។
[១២២] ម្នាលអាវុសោទាំងឡាយ ចុះដូចម្តេចហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីវិវេក មិនបានប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក មិនបានជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវទុតិយជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីសមាធិ មិនបានប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ មិនជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខដែលកើតអំពីសមាធិ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ព្រោះនឿយណាយ ចាកបីតិ។បេ។ បានដល់នូវតតិយជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមឧបេក្ខា មិនបានប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា មិនជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងឧបេក្ខា និងសុខ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ ព្រោះលះបង់ នូវសុខផង។បេ។ បានដល់នូវចតុត្ថជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមអទុក្ខមសុខ មិនប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ មិនជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ហៅថា ចិត្តមិនឋិតនៅខាងក្នុង។
[១២៣] ម្នាលអាវុសោទាំងឡាយ ចុះសេចក្តីតក់ស្លុត ព្រោះមិនប្រកាន់មាំនោះ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុថុជ្ជនក្នុងលោកនេះ មិនចេះដឹងពុទ្ធវចនៈ មិនបានឃើញព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ មិនឃើញសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ឬឃើញនូវខ្លួន ថាមានរូប ឃើញនូវរូប ថាមានក្នុងខ្លួន ឃើញនូវខ្លួន ថាមានក្នុងរូប។ រូបនោះ របស់បុគ្គលនោះ រមែងប្រែប្រួលទៅជាដទៃ។ បុគ្គលនោះ រមែងមានវិញ្ញាណត្រឡប់ទៅតាមសេចក្តីប្រែប្រួលនៃរូប ព្រោះភាវៈនៃរូបប្រែប្រួលទៅជាដទៃ។ ឯសេចក្តីតក់ស្លុត និងហេតុ ជាទីកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការត្រឡប់ទៅតាមសេចក្តីប្រែប្រួលនៃរូប រមែងគ្របសង្កត់ចិត្តរបស់បុគ្គលនោះ។ បុគ្គលនោះ ព្រោះតែសេចក្តីគ្របសង្កត់ចិត្ត ក៏ប្រកបដោយសេចក្តីខ្លាចផង ប្រកបដោយសេចក្តីចង្អៀតចង្អល់ផង ប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងតក់ស្លុត ព្រោះមិនប្រកាន់មាំ។ បុគ្គលពិចារណាឃើញនូវវេទនា… សញ្ញា… សង្ខារ… បុគ្គលពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួន ឬឃើញនូវខ្លួន ថាមានវិញ្ញាណ ឃើញវិញ្ញាណ ថាមានក្នុងខ្លួន ឬឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ វិញ្ញានោះ របស់បុគ្គលនោះ ក៏ប្រែប្រួលទៅជាដទៃ។ បុគ្គលនោះ រមែងមានវិញ្ញាណត្រឡប់ទៅ តាមសេចក្តីប្រែប្រួលនៃវិញ្ញាណ ព្រោះភាវៈនៃវិញ្ញាណប្រែប្រួលទៅជាដទៃ។ ឯសេចក្តីតក់ស្លុត និងហេតុជាទីកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការត្រឡប់ទៅតាម នូវសេចក្តីប្រែប្រួលនៃវិញ្ញាណ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ បុគ្គលនោះ ព្រោះតែសេចក្តីគ្របសង្កត់ចិត្ត ក៏ប្រកបដោយសេចក្តីខ្លាចផង ប្រកបដោយសេចក្តីចង្អៀតចង្អល់ផង ប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងតក់ស្លុត ព្រោះមិនប្រកាន់មាំ។ ម្នាលអាវុសោទាំងឡាយ សេចក្តីតក់ស្លុត ព្រោះមិនប្រកាន់មាំ យ៉ាងនេះឯង។
[១២៤] ម្នាលអាវុសោទាំងឡាយ ចុះសេចក្តីមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកចេះដឹងពុទ្ធវចនៈ បានឃើញព្រះអរិយៈ ឈ្លាសវៃក្នុងអរិយធម៌ ទូន្មានខ្លួន ក្នុងអរិយធម៌ បានឃើញសប្បុរស ឈ្លាសវៃក្នុងសប្បុរិសធម៌ បានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងមិនពិចារណាឃើញនូវរូប ថាជាខ្លួន មិនឃើញនូវខ្លួន ថាមានរូប មិនឃើញរូប ថាមានក្នុងខ្លួន មិនឃើញខ្លួន ថាមានក្នុងរូប។ រូបនោះ របស់បុគ្គលនោះ ក៏ប្រែប្រួលទៅជាដទៃ។ បុគ្គលនោះ ក៏រមែងមានវិញ្ញាណ មិនបានត្រឡប់ទៅ តាមសេចក្តីប្រែប្រួលនៃរូប ព្រោះតែភាវៈនៃរូបប្រែប្រួល ទៅជាដទៃឡើយ។ ឯសេចក្តីតក់ស្លុត និងហេតុជាទីកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការត្រឡប់ទៅតាម នូវសេចក្តីប្រែប្រួលនៃរូប រមែងមិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះទេ។ បុគ្គលនោះ ព្រោះតែសេចក្តីមិនគ្របសង្កត់ចិត្ត ក៏មិនបានប្រកបដោយសេចក្តីខ្លាចផង មិនប្រកបដោយសេចក្តីចង្អៀតចង្អល់ផង មិនប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ។ បុគ្គល មិនបានពិចារណាឃើញនូវវេទនា… សញ្ញា… សង្ខារ… បុគ្គល មិនបានពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួន មិនឃើញខ្លួន ថាមានវិញ្ញាណ មិនឃើញវិញ្ញាណ ថាមានក្នុងខ្លួន មិនឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ វិញ្ញានោះ របស់បុគ្គលនោះ ប្រែប្រួលទៅជាដទៃ។ បុគ្គលនោះ រមែងមានវិញ្ញាណមិនបានត្រឡប់ទៅ តាមសេចក្តីប្រែប្រួលនៃវិញ្ញាណ ព្រោះភាវៈនៃវិញ្ញាណ ប្រែប្រួលទៅជាដទៃទេ។ ឯសេចក្តីតក់ស្លុត និងហេតុជាទីកើតឡើង នៃអកុសលធម៌ ដែលកើតឡើង អំពីការត្រឡប់ទៅតាម នូវសេចក្តីប្រែប្រួលនៃវិញ្ញាណ រមែងមិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះឡើយ។ បុគ្គលនោះ ព្រោះតែសេចក្តីមិនគ្របសង្កត់ចិត្ត ក៏មិនបានប្រកបដោយសេចក្តីខ្លាចផង មិនប្រកបដោយសេចក្តីចង្អៀតចង្អល់ផង មិនប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ។ ម្នាលអាវុសោទាំងឡាយ សេចក្តីមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ យ៉ាងនេះឯង។
[១២៥] ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយ ទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ ឯការកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ ម្នាលអាវុសោទាំងឡាយ នេះឯងឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារ ខ្ញុំយល់ច្បាស់ នូវអត្ថដោយពិស្តារ យ៉ាងនេះឯង បើលោកមានអាយុទាំងឡាយ ប្រាថ្នា (ចង់ដឹង) គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនេះ ថែមទៀតចុះ បើព្រះមានព្រះភាគទ្រង់ព្យាករ ដល់យើងទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។
[១២៦] លំដាប់នោះ ភិក្ខុទាំងនោះ ត្រេកអរ អនុមោទនា នឹងភាសិតរបស់ព្រះមហាកច្ចានៈមានអាយុ ហើយក៏ក្រោកអំពីអាសនៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួររួចហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសណា ដល់យើងខ្ញុំព្រះអង្គទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង ហើយមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ ឯការកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ ឯការកើតព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនចែកអត្ថ ដោយពិស្តារនេះ តើនរណាហ្ន៎ នឹងចែកអត្ថ ដោយពិស្តារបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈ មានអាយុនេះឯង ព្រះសាស្តាសរសើរផង សព្រហ្មចារីទាំងឡាយ ជាអ្នកប្រាជ្ញ លើកតំកើងផង ឯឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសង្ខេប មិនចែកអត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈមានអាយុ ទើបអាចចែកអត្ថ ដោយពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ នាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ គប្បីសួរសេចក្តីនេះ នឹងព្រះមហាកច្ចានៈមានអាយុ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងព្រះមហាកច្ចានៈមានអាយុ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះមហាកច្ចានៈមានអាយុ ក៏បានចែកអត្ថ ដោយអាការៈទាំងនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះ ដល់ខ្ញុំព្រះអង្គទាំងឡាយ។
[១២៧] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ មានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរសេចក្តីនេះ នឹងតថាគតទៀត តថាគត ក៏គប្បីព្យាករ ដូចជាសេចក្តី ដែលមហាកច្ចានៈ បានព្យាកររួចហើយ យ៉ាងនុ៎ះដែរ នេះហើយ ជាសេចក្តីរបស់ឧទ្ទេសនោះ អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ឧទ្ទេសវិភង្គសូត្រ ទី៨។