តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » វិភង្គវគ្គ »
អ្វីទៅជាធម៌ ដែលមិនមានសឹកសត្រូវ គឺសេចក្ដីសៅហ្មងនោះ?
mn 139 បាលី cs-km: sut.mn.139 អដ្ឋកថា: sut.mn.139_att PTS: ?
(ទី៩) អរណវិភង្គសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា ម៉ាឡែន
sut.mn.139.aac
(៩. អរណវិភង្គសុត្តំ)
[១២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវ អរណវិភង្គ1) ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវអរណវិភង្គនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១២៩] ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា បុគ្គលមិនគប្បីប្រកបរឿយៗ នូវសេចក្តីសុខក្នុងកាម ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ មួយទៀត មិនគប្បីប្រកបរឿយៗ នូវសេចក្តីព្យាយាមធ្វើខ្លួនឯង ឲ្យលំបាក ជារបស់នាំមក នូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ ឯមជ្ឈិមប្បដិបទា គឺសេចក្តីប្រតិបត្តិយ៉ាងកណ្តាល មិនប៉ះពាល់នូវធម៌អមខាង ទាំង២2) នោះ ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីចេះដឹង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹង នូវអរិយសច្ច ដើម្បីព្រះនិព្វាន។ បុគ្គលគប្បីដឹង នូវការលើកតំកើងផង គប្បីដឹងនូវការបន្តុះបង្អាប់ផង លុះដឹងនូវការលើកតំកើង ទាំងដឹងនូវការបន្តុះបង្អាប់ហើយ មិនគប្បីលើកតំកើង មិនគប្បីបន្តុះបង្អាប់ ត្រូវសំដែងធម៌ដោយត្រង់ គប្បីដឹងនូវសេចក្តីសុខ ដែលថោកថយ លុះដឹងនូវសេចក្តីសុខ ដែលថោកថយហើយ គប្បីប្រកបរឿយៗ នូវសេចក្តីសុខ ក្នុងសន្តាន មិនគប្បីពោលពាក្យ ក្នុងទីកំបាំងមុខ (ពាក្យញុះញង់) មិនគប្បីពោលពាក្យសៅហ្មង3) ក្នុងទីចំពោះមុខ គប្បីពោលកុំឲ្យរួសរាន់ពេក មិនគប្បីពោលរួសរាន់ពេក មិនគប្បីប្រកាន់ភាសាក្នុងជនបទ មិនគប្បីប្រព្រឹត្តកន្លងនូវឈ្មោះ4) នេះជាឧទ្ទេសនៃ អរណវិភង្គ។
[១៣០] ឯពាក្យថា បុគ្គលមិនគប្បីប្រកបរឿយៗ នូវសេចក្តីសុខក្នុងកាម ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ មួយទៀត មិនគប្បីប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯង ឲ្យលំបាក ជារបស់នាំមក នូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគត បានពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ធម៌ណា គឺការប្រកបរឿយៗ នូវសេចក្តីសោមនស្ស របស់បុគ្គល ដែលមានសេចក្តីសុខដោយកាមប្បដិសន្ធិ5) ដែលជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នេះ ជាធម៌ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស។ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស របស់បុគ្គល ដែលមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ជាសេចក្តីព្យាយាមថោកទាប ជាធម៌របស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នេះ ជាធម៌មិននាំមកនូវសេចក្តីទុក្ខ មិនលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ។ ធម៌ណា គឺសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជារបស់នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នេះ រមែងប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស។ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជាសេចក្តីព្យាយាម នាំមកនូវទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិននាំមកនូវសេចក្តីទុក្ខ មិនលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ។ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលមិនគប្បីប្រកបរឿយៗ នូវសេចក្តីសុខក្នុងកាម ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ មួយទៀត មិនគប្បីប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក នាំមកនូវទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣១] ឯពាក្យថា មជ្ឈិមប្បដិបទា គឺ សេចក្តីប្រតិបត្តិយ៉ាងកណ្តាល មិនប៉ះពាល់ នូវធម៌អមខាង ទាំង២នុ៎ះ ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីចេះដឹង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹង នូវអរិយសច្ច ដើម្បីព្រះនិព្វាន ដូច្នេះនុ៎ះ តថាគត បានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តនឹងត្រូវ១។ ពាក្យណា ដែលតថាគត ពោលហើយថា មជ្ឈិមប្បដិបទា គឺ សេចក្តីប្រតិបត្តិជាកណ្តាល មិនបានប៉ះពាល់ នូវធម៌អមខាង ទាំង២នុ៎ះ ដែលតថាគត ត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីចេះដឹង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ដើម្បីស្គាល់អរិយសច្ច ដើម្បីត្រាស់ដឹងអរិយសច្ច ដើម្បីព្រះនិព្វាន ដូច្នេះ ពាក្យនុ៎ះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣២] ឯពាក្យថា បុគ្គលគប្បីដឹង នូវការលើកតំកើងផង គប្បីដឹងនូវការបន្តុះបង្អាប់ផង លុះដឹងនូវការលើកតំកើង ទាំងដឹងនូវការបន្តុះបង្អាប់ហើយ មិនគប្បីលើកតំកើង មិនគប្បីបន្តុះបង្អាប់ គប្បីសំដែងធម៌ដោយត្រង់ ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគតបានពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការលើកតម្កើង និងការបន្តុះបង្អាប់ មិនមែនជាការសំដែងធម៌ តើដូចម្តេច។ កាលដែលបុគ្គលអ្នកសំដែងធម៌ពោលថា ជនទាំងឡាយណា មានសេចក្តីសុខ ដោយកាមប្បដិសន្ធិ រមែងប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស ដែលជារបស់ថោកទាប ជាធម៌របស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ ឈ្មោះថា ប្រកបដោយទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា បន្តុះបង្អាប់បុគ្គលពួកខ្លះ ដោយប្រការដូច្នេះ។ កាលដែលបុគ្គលសំដែងធម៌ពោលថា ជនទាំងឡាយណា មានសេចក្តីសុខ ដោយកាមប្បដិសន្ធិ មិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស ដែលជារបស់ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា លើកតំកើងបុគ្គលពួកខ្លះ ដោយប្រការដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ពោលថា ជនទាំងឡាយណា ប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា បន្តុះបង្អាប់បុគ្គលពួកខ្លះ ដោយប្រការដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ពោលថា ជនទាំងឡាយណា មិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជារបស់នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា លើកតំកើងបុគ្គលពួកខ្លះ ដោយប្រការដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ ពោលថា ជនទាំងឡាយណាមួយ មិនបានលះបង់ នូវសំយោជនៈក្នុងភព (តណ្ហា) ជនទាំងអស់នោះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា បន្តុះបង្អាប់បុគ្គលពួកខ្លះ ដោយប្រការដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ ពោលថា បុគ្គលណាមួយ លះបង់សំយោជនៈ ក្នុងភពបានហើយ ជនទាំងអស់នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា លើកតំកើងបុគ្គលពួកខ្លះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ការលើកតំកើង និងការបន្តុះបង្អាប់ មិនមែនជាការសំដែងធម៌ យ៉ាងនេះឯង។
[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះការមិនលើកតំកើង ការមិនបន្តុះបង្អាប់ ជាការសំដែងធម៌ដោយត្រង់ តើដូចម្តេច។ បុគ្គលអ្នកសំដែងធម៌មិនបានពោលយ៉ាងនេះថា ជនទាំងឡាយណា ដែលជាអ្នកមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ ឈ្មោះថា ប្រកបដោយទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អនុយោគធម៌6) នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាងនេះថា ជនទាំងឡាយណា ជាអ្នកមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ មិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អននុយោគធម៌7) នុ៎ះ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីលំបាក មិនមានការចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាងនេះថា ជនទាំងឡាយណា ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អនុយោគធម៌8) នេះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាងនេះថា ជនទាំងឡាយណា ដែលមិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក នាំមកនូវទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អននុយោគធម៌9) នុ៎ះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាងនេះថា ជនទាំងឡាយណាមួយ មិនបានលះបង់នូវភវសំយោជនៈ10) ជនទាំងអស់នោះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ ពោលថា កាលបើភវសំយោជនៈ មិនទាន់លះបង់នៅឡើយ ភពក៏មិនបានលះបង់ទៅដែរ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាងនេះថា ជនទាំងឡាយណាមួយ បានលះបង់នូវភវសំយោជនៈ ជនទាំងអស់នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ ពោលថា កាលបើភវសំយោជនៈ លះបង់ទៅហើយ ភពក៏លះបង់ទៅដែរ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ ម្នាលភិក្ខុទាំងឡាយ ការមិនលើកតំកើង ការមិនបន្តុះបង្អាប់ ជាការសំដែងធម៌ដោយត្រង់ យ៉ាងនេះឯង។ ពាក្យណា ដែលតថាគត ពោលហើយថា បុគ្គលគប្បីដឹងនូវការលើកតំកើងផង គប្បីដឹងនូវការបន្តុះបង្អាប់ផង លុះដឹងនូវការលើកតំកើង និងដឹងនូវការបន្តុះបង្អាប់ហើយ មិនគប្បីលើកតំកើង មិនគប្បីបន្តុះបង្អាប់ គប្បីសំដែងធម៌ដោយត្រង់ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣៤] ពាក្យថា បុគ្គលគប្បីដឹងនូវសេចក្តីសុខដែលថោកថយ លុះដឹងនូវសេចក្តីសុខ ដែលថោកថយហើយ គប្បីប្រកបរឿយៗ នូវសេចក្តីសុខ ក្នុងសន្តាន ដូច្នេះ ពាក្យនុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើអ្វីខ្លះ រូបដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ សំឡេងដែលគប្បីដឹងដោយត្រចៀក… ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ម្នាលភិក្ខុទាំងឡាយ នេះឯង កាមគុណមាន៥ប្រការ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ និងសោមនស្សណា តែងកើតឡើង ព្រោះអាស្រ័យនូវកាមគុណ ទាំង៥នេះ សេចក្តីសុខ និងសោមនស្សនេះ តថាគតហៅថា ជាសេចក្តីសុខក្នុងកាម ជាសេចក្តីសុខរបស់បុថុជ្ជន ជាសេចក្តីសុខដ៏លាមក មិនមែនជាសេចក្តីសុខ របស់ព្រះអរិយបុគ្គលទេ។ តថាគត ពោលថា បុគ្គលមិនគប្បីសេព មិនគប្បីចម្រើន មិនគប្បីធ្វើឲ្យច្រើន គប្បីខ្លាចសេចក្តីសុខនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន… បានដល់នូវតតិយជ្ឈាន… បានដល់នូវចតុត្ថជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤នេះ តថាគតហៅថា នេក្ខម្មសុខ11) បវិវេកសុខ12) ឧបសមសុខ13) សម្ពោធិសុខ។14) តថាគតពោលថា បុគ្គលគួរសេព គួរចម្រើន គួរធ្វើឲ្យច្រើន មិនគួរខ្លាចសេចក្តីសុខនេះឡើយ។ ពាក្យណាដែលតថាគតពោលហើយថា បុគ្គលគប្បីដឹង នូវសេចក្តីសុខ ដែលថោកថយ លុះដឹងនូវសេចក្តីសុខ ដែលថោកថយហើយ គប្បីប្រកបរឿយៗ នូវសេចក្តីសុខ ក្នុងសន្តាន ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣៥] ពាក្យថា បុគ្គលមិនគប្បីពោលពាក្យក្នុងទីកំបាំងមុខ មិនគប្បីពោលពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ដូច្នេះនុ៎ះ តថាគត បានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាពាក្យទាំងនោះ បុគ្គលដឹងនូវពាក្យស្ងាត់កំបាំងណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ដោយពិត មិនគប្បីពោលពាក្យស្ងាត់កំបាំងឡើយ មួយទៀត បុគ្គលដឹងនូវពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ពាក្យទៀង តែមិនប្រកបដោយប្រយោជន៍ បុគ្គលគប្បីរៀនដើម្បីមិននិយាយនូវពាក្យនោះ មួយទៀត បុគ្គលដឹងនូវពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ពាក្យទៀង ហើយប្រកបដោយប្រយោជន៍ បុគ្គលគួរជាអ្នកដឹងនូវកាលគួរក្នុងពាក្យនោះ ដើម្បីនិយាយនូវពាក្យស្ងាត់កំបាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពាក្យទាំងនោះ បុគ្គលដឹងនូវពាក្យណា ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ដោយពិត មិនគប្បីពោលពាក្យដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខនោះទេ មួយទៀត បុគ្គលដឹងនូវពាក្យណា ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ជាពាក្យពិត ពាក្យទៀង តែមិនប្រកបដោយប្រយោជន៍ បុគ្គលគប្បីរៀន ដើម្បីមិនពោលនូវពាក្យនោះ មួយទៀត បុគ្គលដឹងនូវពាក្យណា ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ជាពាក្យពិត ពាក្យទៀង ហើយប្រកបដោយប្រយោជន៍ បុគ្គល គួរជាអ្នកដឹងនូវកាលគួរ ក្នុងពាក្យនោះ ដើម្បីនិយាយ នូវពាក្យដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ។ ពាក្យណា ដែលតថាគតបានពោលហើយថា បុគ្គល មិនគប្បីពោលពាក្យ ក្នុងទីកំបាំងមុខ មិនគប្បីពោលពាក្យ ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣៦] ពាក្យថា បុគ្គលគប្បីពោលកុំឲ្យរួសរាន់ពេក មិនគប្បីពោលរួសរាន់ពេក នុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលដែលពោលរហ័ស កាយក៏រមែងលំបាក ចិត្តក៏រមែងព្រួយ សំឡេងក៏ស្អក កក៏ឈឺចាប់ សំដីរបស់បុគ្គល ដែលពោលញាប់ ជាសំដីមិនស្រឡះផង ស្តាប់មិនជាក់ផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលដែលពោលមិនរហ័សពេក កាយក៏មិនលំបាក ចិត្តក៏មិនព្រួយ សំឡេងក៏មិនស្អក កក៏មិនឈឺចាប់ សំដីរបស់បុគ្គល ដែលពោលមិនញាប់ ជាសំដីស្រឡះផង ដឹងសេចក្តីច្បាស់ផង។ ពាក្យណា ដែលតថាគត ពោលហើយថា បុគ្គលគប្បីពោលកុំឲ្យរួសរាន់ពេក មិនគប្បីពោលរួសរាន់ពេក ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣៧] ពាក្យថា បុគ្គលមិនគប្បីប្រកាន់ភាសាក្នុងជនបទ មិនគប្បីប្រព្រឹត្តកន្លង នូវឈ្មោះ ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចុះការប្រកាន់នូវភាសា ក្នុងជនបទ និងការប្រព្រឹត្តិកន្លងនូវឈ្មោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងជនបទខ្លះ ក្នុងលោកនេះ ភាជនៈតែមួយបែបនោះសោះ តែជនទាំងឡាយ រមែងស្គាល់ថាបាតិខ្លះ រមែងស្គាល់ថាបត្តៈខ្លះ រមែងស្គាល់ថាបិដ្ឋៈខ្លះ រមែងស្គាល់ថាសរាវៈខ្លះ រមែងស្គាល់ថាហរោសៈខ្លះ រមែងស្គាល់ថាបោណៈខ្លះ រមែងស្គាល់ថាហនៈខ្លះ រមែងស្គាល់ថាបិបិលៈខ្លះ។15) ព្រោះហេតុនោះ ពួកជនស្គាល់នូវរបស់នោះ ក្នុងជនបទនោះៗ យ៉ាងណាៗ បុគ្គលខ្លះ ក៏ប្រកាន់មាំមួន យ៉ាងនោះៗ ហើយពោលថា16) ពាក្យនេះជាពាក្យពិត ពាក្យដទៃ ជាមោឃៈ។ ម្នាលភិក្ខុទាំងឡាយ ការប្រកាន់នូវភាសា ក្នុងជនបទ និងការប្រព្រឹត្តិកន្លងនូវឈ្មោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះការដែលមិនប្រកាន់នូវភាសា ក្នុងជនបទ និងការមិនប្រព្រឹត្តកន្លងនូវឈ្មោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងជនបទខ្លះ ក្នុងលោកនេះ ភាជនៈតែមួយបែបនោះសោះ តែជនទាំងឡាយ រមែងស្គាល់ថាបាតិខ្លះ រមែងស្គាល់ថាបត្តៈខ្លះ រមែងស្គាល់ថា បិដ្ឋៈខ្លះ រមែងស្គាល់ថាសរាវៈខ្លះ រមែងស្គាល់ថា ហរោសៈខ្លះ រមែងស្គាល់ថា បោណៈខ្លះ រមែងស្គាល់ថា ហនៈខ្លះ រមែងស្គាល់ថា បិបិលៈខ្លះ។ ព្រោះហេតុនោះ ពួកជន តែងស្គាល់នូវភាជនៈនោះ ក្នុងជនបទនោះៗថា លោកមានអាយុទាំងនេះ ពោលសំដៅរបស់នេះ ដូច្នេះ យ៉ាងណាៗ បុគ្គលខ្លះ មិនប្រកាន់មាំ តែងពោល យ៉ាងនោះៗ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកាន់ នូវភាសាក្នុងជនបទ និងការមិនប្រព្រឹត្តិកន្លងនូវឈ្មោះ យ៉ាងនេះឯង។ ពាក្យណា ដែលតថាគត បានពោលហើយថា បុគ្គល មិនគប្បីប្រកាន់នូវភាសា ក្នុងជនបទ មិនគប្បីប្រព្រឹត្តកន្លង នូវឈ្មោះ ដូច្នេះ ពាក្យនុ៎ះ តថាគត បានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣៨] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺសេចក្តីព្យាយាម ដោយសោមនស្ស របស់បុគ្គលដែលមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស របស់បុគ្គល ដែលមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៣៩] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជាធម៌នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជាសេចក្តីព្យាយាមនាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤០] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីប្រតិបត្តិយ៉ាងកណ្តាលណា ដែលព្រះតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីព្រះនិព្វាន ធម៌នុ៎ះ ឈ្មោះថាមិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤១] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ការលើកតំកើង និងការបន្តុះបង្អាប់ ទាំងមិនមែនជាការសំដែងធម៌ ណា ធម៌នុ៎ះ ឈ្មោះថាប្រកបដោយទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ការដែលមិនលើកតំកើង និងការមិនបន្តុះបង្អាប់ ទាំងការសំដែងធម៌ដោយត្រង់ណា ធម៌នេះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤២] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីសុខណា ជាសេចក្តីសុខក្នុងកាម ជាសេចក្តីសុខរបស់បុថុជ្ជន ជាសេចក្តីសុខដ៏លាមក មិនមែនជាសេចក្តីសុខ របស់ព្រះអរិយបុគ្គល ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីសុខណា ដែលជាសេចក្តីសុខក្នុងការចេញចាកកាម ជាសេចក្តីសុខក្នុងការស្ងាត់ ជាសេចក្តីសុខ ក្នុងការរម្ងាប់កិលេស ជាសេចក្តីសុខក្នុងការត្រាស់ដឹងមគ្គផល ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៣] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ទៀង តែមិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ទៀង ប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិននាំមកនូវសេចក្តីទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៤] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជាពាក្យពិត ទៀង តែមិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជាពាក្យពិត ទៀង ទាំងប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៥] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺពាក្យរបស់បុគ្គលអ្នកពោលរហ័សពេក ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺពាក្យរបស់បុគ្គល អ្នកពោលមិនរហ័សពេក ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៦] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការប្រកាន់មាំ នូវភាសា ក្នុងជនបទ និងការប្រព្រឹត្តិកន្លងនូវឈ្មោះ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការមិនប្រកាន់នូវភាសា ក្នុងជនបទ និងការមិនប្រព្រឹត្តិកន្លងនូវឈ្មោះ ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះថា យើងទាំងឡាយ នឹងដឹងនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង និងដឹងនូវធម៌ ដែលមិនមានសេចក្តីសៅហ្មងផង លុះដឹងនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង និងដឹងនូវធម៌ ដែលមិនមានសេចក្តីសៅហ្មងហើយ ក៏នឹងដើរទៅកាន់ផ្លូវប្រតិបត្តិដែលមិនមានសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកសុភូតិកុលបុត្ត បានដើរទៅកាន់ផ្លូវប្រតិបត្តិ ដែលមិនមានសេចក្តីសៅហ្មង។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ អរណវិភង្គសូត្រ ទី៩។