តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » វិភង្គវគ្គ »
ដោយចៃដន្យ កុលបុត្តឈ្មោះបុក្កុសាតិ ដែលបានចេញចាកផ្ទះ សម្រាកពេលយប់ជាមួយគ្នាព្រះសង្ឃមួយ នៅគេហដ្ឋានតែមួយ ប៉ុន្តែគាត់មិនដឹងថា គាត់ជាព្រះពុទ្ធទេ។ ក្នុងឱកាសនេះ លោកបុក្កុសាតិ ទទួលបានការបង្រៀនអំពីធាតុវិភង្គ។ ឃើញព្រះធម៌បានស្គាល់ព្រះពុទ្ធ! គោមួយបានសម្លាប់បុក្កុសាតិមុននឹងអាចបួសបាននិងបានទទួលផលមិនត្រឡប់ចាកលោកនោះមកវិញឡើយ។
mn 140 បាលី cs-km: sut.mn.140 អដ្ឋកថា: sut.mn.140_att PTS: ?
(ទី១០) ធាតុវិភង្គសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១០. ធាតុវិភង្គសុត្តំ)
[១៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនរបស់ពួកអ្នកមគធៈ បានដល់ទៅក្រុងរាជគ្រឹះ ចូលទៅរកស្មូនឆ្នាំង ឈ្មោះ ភគ្គវៈ លុះចូលទៅដល់ហើយ ទើបត្រាស់នឹងស្មូនឆ្នាំងឈ្មោះភគ្គវៈ យ៉ាងនេះថា ម្នាលភគ្គវៈ បើអ្នកមិនមានសេចក្តីចង្អៀតចង្អល់ទេ តថាគត សូមនៅក្នុងផ្ទះ បានមួយរាត្រី។ ស្មូនឆ្នាំងក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឥតមានសេចក្តីចង្អៀតចង្អល់អ្វីទេ ប៉ុន្តែមានអ្នកបួស ចូលទៅនៅក្នុងផ្ទះនេះមុនរួចហើយ បពិត្រព្រះអង្គដ៏ចំរើន បើអ្នកបួសនោះយល់ព្រម សូមព្រះអង្គគង់នៅ តាមសេចក្តីសប្បាយចុះ។
[១៤៩] សម័យនោះឯង កុលបុត្តឈ្មោះ បុក្កុសាតិ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសព្រោះសទ្ធា ចំពោះព្រះមានព្រះភាគ។ បុក្កុសាតិកុលបុត្តនោះឯង ជាអ្នកចូលមកនៅមុន ក្នុងផ្ទះស្មូនឆ្នាំងនោះ។ ព្រះមានព្រះភាគ ទ្រង់ចូលទៅរកបុក្កុសាតិមានអាយុ លុះចូលទៅដល់ហើយ ទើបត្រាស់នឹងបុក្កុសាតិមានអាយុថា ម្នាលភិក្ខុ បើអ្នកមិនមានសេចក្តីចង្អៀតចង្អល់ទេ តថាគត សូមនៅក្នុងផ្ទះបានមួយរាត្រី បុក្កុសាតិតបថា ម្នាលអាវុសោ នេះកុម្ភការនិវេសន៍ ឈ្មោះឩរុន្ទ1) សូមលោកមានអាយុ នៅតាមសេចក្តីសប្បាយចុះ។
[១៥០] ទើបព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់កុម្ភការនិវេសន៍ ទ្រង់ក្រាលកម្រាលស្មៅក្នុងទីសមគួរ ហើយគង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ ផ្ចង់ព្រះសតិឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ដល់យប់ជ្រៅ។ ឯបុក្កុសាតិមានអាយុ ក៏អង្គុយនៅដល់យប់ជ្រៅដែរ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា កុលបុត្តនេះ ប្រតិបត្តិវត្តគួរជ្រះថ្លាដែរឬហ្ន៎ បើដូច្នោះ គួរតែតថាគតសួរមើល។ ទើបព្រះមានព្រះភាគ ទ្រង់សួរបុក្កុសាតិមានអាយុ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកបួសចំពោះលោកណា លោកណា ជាគ្រូអ្នក មួយទៀត អ្នកពេញចិត្តនឹងធម៌របស់លោកណា។
[១៥១] បុក្កុសាតិតបថា ម្នាលអាវុសោ ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូលទៅបួស ក៏កិត្តិសព្ទសរសើរព្រះគោតមដ៏ចម្រើននោះ ពីរោះល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ត្រាស់ដឹងដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មាន ព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងត្រឡប់មកកាន់ភពថ្មីទៀត ដោយហេតុនេះៗ ខ្ញុំបួសចំពោះព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គនោះឯង ជាគ្រូរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងធម៌របស់ព្រះមានព្រះភាគអង្គនោះ។ ម្នាលភិក្ខុ ចុះឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ លោកគង់នៅក្នុងទីណា។ ម្នាលអាវុសោ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គគង់នៅក្នុងក្រុងសាវត្ថី ដែលមាននៅក្នុងជនបទ ប៉ែកខាងជើង ម្នាលភិក្ខុ ចុះព្រះមានព្រះភាគអង្គនោះ អ្នកដែលបានឃើញឬទេ ប្រសិនបើឃើញ អាចស្គាល់ឬទេ។ ម្នាលអាវុសោ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនដែលបានឃើញទេ ទុកជាខ្ញុំឃើញ ក៏គង់មិនស្គាល់ដែរ។
[១៥២] ទើបព្រះមានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា កុលបុត្តនេះ បួសចំពោះតថាគត បើដូច្នោះ គួរតថាគតសំដែងធម៌ ដល់កុលបុត្តនេះ។ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងបុក្កុសាតិមានអាយុថា ម្នាលភិក្ខុ យើងនឹងសំដែងធម៌ដល់អ្នក ចូរអ្នកយកចិត្តទុកដាក់ស្តាប់ធម៌នោះ ដោយប្រពៃចុះ យើងនឹងសំដែង។ បុក្កុសាតិមានអាយុ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា អើ អាវុសោ។
[១៥៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ បុរសនេះ មានធាតុ៦ មានផស្សាយតនៈ៦2) មានមនោបវិចារៈ3) ១៨ មានអធិដ្ឋាន4) ៤ សេចក្តីសំគាល់ និងសេចក្តីវិលវល់ តែងមិនប្រព្រឹត្តទៅកាន់បុគ្គលដែលឋិតនៅ ក្នុងអធិដ្ឋានទាំងឡាយណា កាលបើសេចក្តីសំគាល់ និងសេចក្តីវិលវល់មិនប្រព្រឹត្តទៅហើយ បុគ្គលនោះ យើងហៅថា អ្នកប្រាជ្ញមានចិត្តស្ងប់រម្ងាប់ បុគ្គលមិនគួរបណ្តែតបណ្តោយបញ្ញា5) គួររក្សារឿយៗ នូវសច្ចៈ6) គួរចម្រើនរឿយៗ នូវចាគៈ7) គួរសិក្សានូវសន្តិ8) នេះជាឧទ្ទេសនៃឆធាតុវិភង្គ។
[១៥៤] ពាក្យថា ម្នាលភិក្ខុ បុរសនេះមានធាតុ៦ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុ ឯធាតុនេះ មាន៦ប្រការ គឺបឋវីធាតុ (ធាតុដី)១ អាបោធាតុ (ធាតុទឹក)១ តេជោធាតុ (ធាតុភ្លើង)១ វាយោធាតុ (ធាតុខ្យល់)១ អាកាសធាតុ (ធាតុអាកាស)១ វិញ្ញាណធាតុ (ធាតុវិញ្ញាណ ឬចិត្ត)១ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានធាតុ៦ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៥៥] ពាក្យថា ម្នាលភិក្ខុ បុរសនេះ មានផស្សាយតនៈ៦ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុ ជាផស្សាយតនៈ១ សោតៈ ជាផស្សាយតនៈ១ ឃានៈ ជាផស្សាយតនៈ១ ជិវ្ហា ជាផស្សាយតនៈ១ កាយ ជាផស្សាយតនៈ១ មនោ ជាផស្សាយតនៈ១។ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានផស្សាយតនៈ៦ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៥៦] ពាក្យថា ម្នាលភិក្ខុ បុរសនេះមានមនោបវិចារៈ១៨ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ បុគ្គល បានឃើញរូបដោយភ្នែក ហើយពិចារណារូប ដែលជាទីតាំង9) នៃសោមនស្សវេទនា ពិចារណារូបដែលជាទីតាំងនៃទោមនស្សវេទនា ពិចារណារូប ដែលជាទីតាំង នៃឧបេក្ខាវេទនា ស្តាប់សំឡេងដោយត្រចៀក។បេ។ ហិតក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ… ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណាធម៌ ដែលជាទីតាំងនៃសោមនស្សវេទនា ពិចារណាធម៌ ដែលជាទីតាំងនៃទោមនស្សវេទនា ពិចារណាធម៌ ដែលជាទីតាំងនៃឧបេក្ខាវេទនា ត្រូវជាសោមនស្សុបវិចារៈ៦ ទោមនស្សុបវិចារៈ៦ ឧបេក្ខូបវិចារៈ៦ ដោយប្រការដូច្នេះ។ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានមនោបវិចារៈ ១៨ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៥៧] ពាក្យថា ម្នាលភិក្ខុ បុរសនេះ មានអធិដ្ឋាន10) ៤ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ បុរសមានអធិដ្ឋានក្នុងបញ្ញា១ មានអធិដ្ឋានក្នុងសច្ចៈ១ មានអធិដ្ឋានក្នុងចាគៈ១ មានអធិដ្ឋានក្នុងឧបសមៈ11) ១។ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានអធិដ្ឋាន៤ ដូច្នេះ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៥៨] ពាក្យថា បុគ្គលនោះ មិនគួរបណ្តែតបណ្តោយបញ្ញា គួររក្សារឿយៗ នូវសច្ចៈ គួរចម្រើនរឿយៗ នូវចាគៈ គួរសិក្សានូវសន្តិ ដូច្នេះនុ៎ះ យើងបានពោលហើយ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុ ចុះបុគ្គលមិនបណ្តែតបណ្តោយបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុ ធាតុនេះ មាន៦ប្រការ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ១។
[១៥៩] ម្នាលភិក្ខុ ចុះបឋវីធាតុ តើដូចម្តេច។ ឯបឋវីធាតុ ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ ចុះបឋវីធាតុជាខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់កក ជារបស់រឹង មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬរបស់ដទៃណាមួយ ជាធម្មជាតកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់កក ជារបស់រឹង មានវិញ្ញាណចូលទៅអាស្រ័យនៅដែរ ម្នាលភិក្ខុ នេះ យើងហៅថាបឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុខាងក្នុងណាក្តី បឋវីធាតុខាងក្រៅណាក្តី ទាំងពីរនេះ ជាបឋវីធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិតនូវបឋវីធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ លុះឃើញតាមពិត នូវបឋវីធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងនឿយណាយក្នុង បឋវីធាតុ រមែងញុំាងចិត្តឲ្យគ្រាកចេញអំពីបឋវីធាតុ។
[១៦០] ម្នាលភិក្ខុ ចុះអាបោធាតុ តើដូចម្តេច។ អាបោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ អាបោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់ជ្រាយ ជារបស់រលាយ មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺប្រមាត់ ស្លែស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល មូត្រ ឬរបស់ដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់ជ្រាយ ជារបស់រលាយ មានវិញ្ញាណចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះ យើងហៅថា អាបោធាតុខាងក្នុង។ អាបោធាតុខាងក្នុងណាក្តី អាបោធាតុខាងក្រៅណាក្តី ទាំងពីរនេះ ជាអាបោធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវអាបោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ លុះឃើញតាមពិតនូវអាបោធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអាបោធាតុ រមែងញុំាងចិត្តឲ្យគ្រាកចេញ អំពីអាបោធាតុ។
[១៦១] ម្នាលភិក្ខុ ចុះតេជោធាតុ តើដូចម្តេច។ តេជោធាតុ ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ ចុះតេជោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់មានចំហាយ ជារបស់មានកំដៅ មានវិញ្ញាណ ចូលទៅអាស្រ័យនៅ គឺភ្លើងធាតុ ដែលធ្វើកាយឲ្យក្តៅស្រួល១ ភ្លើងធាតុដែលធ្វើការឲ្យទ្រុតទ្រោម ឬគ្រាំគ្រាទៅ១ ភ្លើងធាតុដែលធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធាតុ ដែលធ្វើអាហារដែលបុគ្គលស៊ី ផឹក ទំពាស៊ី ក្រេប ជញ្ជាប់ ឲ្យដល់នូវការរលាយទៅដោយស្រួល១ ឬធម្មជាតដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់មានចំហាយ ជារបស់មានកំដៅ មានវិញ្ញាណ ចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះ យើងហៅថា តេជោធាតុខាងក្នុង។ មួយទៀត តេជោធាតុខាងក្នុងណាក្តី តេជោធាតុខាងក្រៅណាក្តី ទាំងពីរនេះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវតេជោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ លុះឃើញតាមពិត នូវតេជោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងនឿយណាយ ក្នុងតេជោធាតុ រមែងញុំាងចិត្ត ឲ្យគ្រាកចេញ អំពីតេជោធាតុ។
[១៦២] ម្នាលភិក្ខុ ចុះ វាយោធាតុ តើដូចម្តេច។ វាយោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ ចុះវាយោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់បក់ទៅមក ជារបស់ផ្សព្វផ្សាយទៅមក មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺខ្យល់ដែលបក់ឡើងលើ ខ្យល់ដែលបក់ចុះក្រោម ខ្យល់ដែលខាំងនៅក្នុងផ្ទៃ ខ្យល់ដែលខាំងនៅក្នុងក្រពះ ខ្យល់ដែលរត់តាមអវយវៈតូចធំ ខ្យល់ដកដង្ហើមចេញ ខ្យល់ដកដង្ហើមចូល ឬធម្មជាតដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់បក់ទៅមក ជារបស់ផ្សព្វផ្សាយទៅមក មានវិញ្ញាណចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុខាងក្នុងណាក្តី វាយោធាតុខាងក្រៅណាក្តី ទាំងពីរនេះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវវាយោធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ លុះឃើញតាមពិត នូវវាយោធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះហើយ រមែងនឿយណាយក្នុងវាយោធាតុ រមែងញុំាងចិត្តឲ្យគ្រាកចេញអំពីវាយោធាតុ។
[១៦៣] ម្នាលភិក្ខុ ចុះអាកាសធាតុ តើដូចម្តេច។ អាកាសធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ ចុះអាកាសធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់សូន្យ ជារបស់ទទេ មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ និងប្រទេសសម្រាប់លេបអាហារ ដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ និងកន្លែងជាទីឋិតនៃអាហារ ដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ និងប្រទេសជាទីហូរចេញតាមចំណែកខាងក្រោម នៃអាហារដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ ឬធម្មជាតដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់សូន្យ ជារបស់ទទេ មានវិញ្ញាណចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុខាងក្នុងណាក្តី អាកាសធាតុខាងក្រៅណាក្តី ទាំងពីរនេះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវអាកាសធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ លុះឃើញតាមពិត នូវអាកាសធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងនឿយណាយក្នុងអាកាសធាតុ រមែងញុំាងចិត្តឲ្យគ្រាកចេញអំពីអាកាសធាតុ។ ចំណែកខាងក្រោយ នៅសល់តែវិញ្ញាណដ៏បរិសុទ្ធ ផូរផង់ បុគ្គលតែងដឹងអ្វីមួយ គឺដឹងថាសុខខ្លះ ដឹងថាទុក្ខខ្លះ ដឹងថាមិនមែនទុក្ខ មិនមែនសុខខ្លះ ដោយវិញ្ញាណនោះឯង។
[១៦៤] ម្នាលភិក្ខុ សុខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃសុខវេទនា។ បុគ្គលនោះ កាលដែលទទួលនូវសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលនូវសុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ដែលជាហេតុនៃសុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុ នៃសុខវេទនានោះឯង។ ម្នាលភិក្ខុ ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈជាហេតុ នៃទុក្ខវេទនា។ បុគ្គលនោះ កាលទទួលនូវទុក្ខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ដែលជាហេតុ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុនៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុ អទុក្ខមសុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃអទុក្ខមសុខវេទនា។ បុគ្គលនោះ កាលទទួលអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺអទុក្ខមសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាហេតុនៃអទុក្ខមសុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុនៃអទុក្ខមសុខវេទនានោះឯង។
[១៦៥] ម្នាលភិក្ខុ ដូចកំដៅតែងកើតមាន ភ្លើងតែងកើតមាន ព្រោះកិរិយាខ្ទប់គ្នា ព្រោះកិរិយាប្រជុំគ្នា នៃកំណាត់ឈើទាំងពីរ កំដៅណា ដែលកើតអំពីកិរិយាខ្ទប់គ្នានោះ កំដៅនោះ ក៏រលត់ទៅ កំដៅនោះ ក៏ស្ងប់រម្ងាប់ ព្រោះកិរិយាញែកគ្នា ព្រោះកិរិយាបែកគ្នា នៃកំណាត់ឈើទាំងពីរនោះឯង មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ មានឧបមេយ្យដូចសុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃសុខវេទនា បុគ្គលនោះ កាលទទួលសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាហេតុ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ជាហេតុនៃសុខវេទនានោះឯង។ ម្នាលភិក្ខុ ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃទុក្ខវេទនា។ បុគ្គលនោះ កាលទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាហេតុ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុ នៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុ អទុក្ខមសុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃអទុក្ខមសុខវេទនា។ បុគ្គលនោះ កាលទទួលអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺអទុក្ខមសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាហេតុ នៃអទុក្ខមសុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុនៃអទុក្ខមសុខវេទនានោះឯង ក៏យ៉ាងនោះដែរ។ ចំណែកខាងក្រោយ នៅសល់តែឧបេក្ខាដ៏បរិសុទ្ធ ផូរផង់ ជាធម្មជាតទន់ផង គួរដល់ការងារផង ភ្លឺថ្លាផង។
[១៦៦] ម្នាលភិក្ខុ ដូចជាងមាសក្តី កូនសិស្សរបស់ជាងមាសក្តី ដែលប្រសប់ គប្បីរៀបចំនូវចង្ក្រានស្នប់ លុះរៀបចំនូវចង្ក្រានស្នប់រួចហើយ គប្បីដុតនូវមាត់នៃចង្ក្រានស្នប់ លុះដុតនូវមាត់នៃចង្ក្រានស្នប់រួចហើយ គប្បីយកដង្កាប់ចាប់មាស ដាក់ទៅក្នុងមាត់នៃចង្ក្រានស្នប់។ គប្បីផ្លុំនូវមាត់នៃចង្ក្រានស្នប់នោះសព្វៗកាល យកទឹកប្រស់ព្រំសព្វៗកាល សំឡឹងមើលសព្វៗកាល។ មាសនោះ ប្រាសចាកទោស ប្រាសចាកមន្ទិល ជាមាសទន់ផង គួរដល់ការងារផង ភ្លឺថ្លាផង ទោះបីប្រាថ្នានឹងធ្វើគ្រឿងប្រដាប់ដ៏ប្លែកណាៗ គឺខ្សែខ្លួនក្តី កាវក្តី កងកក្តី ផ្កាមាសក្តី មាសនោះ នឹងសម្រេចប្រយោជន៍ ដល់បុគ្គលនោះបាន មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ មានឧបមេយ្យដូចចំណែកខាងក្រោយ នៅសល់តែឧបេក្ខា [ឧបេក្ខានេះ សំដៅយកចតុត្ថជ្ឈានុបេក្ខា គឺឧបេក្ខា ដែលមានក្នុងរូបាវចរចតុត្ថជ្ឈាន។] ដ៏បរិសុទ្ធ ផូរផង់ ជាធម្មជាតទន់ផង គួរដល់ការងារផង ភ្លឺថ្លាផង យ៉ាងនោះឯង។ បុគ្គលនោះ តែងដឹងច្បាស់ យ៉ាងនេះថា បើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់អាកាសានញ្ចាយតនជ្ឈាន ហើយចម្រើនចិត្ត12) ជាធម៌ដ៏សមគួរ ដល់អាកាសានញ្ចាយតនជ្ឈាននោះ ឧបេក្ខារបស់អាត្មាអញនេះ អាស្រ័យនូវអាកាសានញ្ចាយតនជ្ឈាននោះ អែបនែបនឹងអាកាសានញ្ចាយតនជ្ឈាននោះយ៉ាងនេះ គប្បីឋិតនៅអស់កាលជាយូរអង្វែង [កំណត់ពីរហ្មឺនកប្ប។] ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់វិញ្ញាណញ្ចាយតនជ្ឈាននោះ ឧបេក្ខារបស់អាត្មាអញនេះ ដែលអាស្រ័យនូវវិញ្ញាណញ្ចាយតនជ្ឈាននោះ ដែលអែបនែបនឹងវិញ្ញាណញ្ចាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិតនៅអស់កាលជាយូរអង្វែង ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់អាកិញ្ចញ្ញាយតនជ្ឈាននោះ ឧបេក្ខារបស់អាត្មាអញនេះ ដែលអាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាននោះ ដែលអែបនែបនឹងអាកិញ្ចញ្ញាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិតនៅអស់កាលជាយូរអង្វែង ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់នេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ឧបេក្ខារបស់អាត្មាអញនេះ ដែលអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ដែលអែបនែបនឹងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិតនៅអស់កាលជាយូរអង្វែង។ បុគ្គលនោះ តែងដឹងច្បាស់ យ៉ាងនេះថា ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់អាកាសានញ្ចាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់អាកាសានញ្ចាយតនជ្ឈាននោះ ឈាននុ៎ះ នៅជាសង្ខតជ្ឈាន [ប្រែថា ឈាននៅមានបច្ច័យតាក់តែង គឺនៅមានជាតិ ជរា ជាប់តាម នៅមានមរណៈគ្របសង្កត់ តាំងនៅក្នុងសេចក្តីទុក្ខ ជាឈាននៅមិនមែនជាទីពឹងមាំ។] ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់វិញ្ញាណញ្ចាយតនជ្ឈាននោះ ឈាននុ៎ះ ក៏នៅជាសង្ខតជ្ឈាន ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់អាកិញ្ចញ្ញាយតនជ្ឈាននោះ ឈាននុ៎ះ ក៏នៅជាសង្ខតជ្ឈាន ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់នេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ឈាននុ៎ះ ក៏នៅជាសង្ខតជ្ឈាន។ បុគ្គលនោះ ក៏លែងតាក់តែង លែងត្រិះរិះគិត ដើម្បីសេចក្តីចម្រើន ឬសេចក្តីវិនាស។ បុគ្គលនោះ កាលលែងតាក់តែង លែងត្រិះរិះគិត ដើម្បីសេចក្តីចម្រើន ឬសេចក្តីវិនាស ក៏លែងប្រកាន់របស់នីមួយ ក្នុងលោក កាលបើលែងប្រកាន់ហើយ ក៏មិនតក់ស្លុត កាលមិនតក់ស្លុត រមែងរំលត់កិលេសដោយពិតប្រាកដ រមែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើបុគ្គលនោះ ទទួលសុខវេទនា ក៏ដឹងច្បាស់ថា សុខវេទនានោះមិនទៀង ដឹងច្បាស់ថា សុខវេទនានោះ អាត្មាអញមិនគួរនឹងជ្រប់ជាប់ឡើយ ដឹងច្បាស់ថា សុខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។ ប្រសិនបើ បុគ្គលនោះ ទទួលទុក្ខវេទនា ក៏ដឹងច្បាស់ថា ទុក្ខវេទនានោះមិនទៀង ដឹងច្បាស់ថា ទុក្ខវេទនានោះ អាត្មាអញ មិនគួរនឹងជ្រប់ជាប់ឡើយ ដឹងច្បាស់ថា ទុក្ខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។ ប្រសិនបើ បុគ្គលនោះ ទទួលអទុក្ខមសុខវេទនា ក៏ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះមិនទៀង ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ អាត្មាអញ មិនគួរនឹងជ្រប់ជាប់ឡើយ ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។ បើបុគ្គលនោះ ទទួលសុខវេទនា រមែងមានចិត្តនឿយណាយ ហើយទទួលសុខវេទនានោះ។ បើបុគ្គលនោះ ទទួលទុក្ខវេទនា រមែងមានចិត្តនឿយណាយ ហើយទទួលទុក្ខវេទនានោះ។ បើបុគ្គលនោះ ទទួលអទុក្ខមសុខវេទនា រមែងមានចិត្តនឿយណាយ ហើយទទួលអទុក្ខមសុខវេទនានោះ។ កាលបុគ្គលនោះ ទទួលវេទនា ដែលមានកាយជាទីបំផុត ក៏រមែងដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត។ កាលទទួលវេទនា ដែលមានជីវិតជាទីបំផុត ក៏រមែងដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ ដឹងច្បាស់ថា កាលបើមានរាងកាយបែកធ្លាយទៅហើយ ខាងនាយអំពីការអស់ជីវិតទៅ វេទនាទាំងពួង ដែលអាត្មាអញមិនគួរត្រេកអរ ក្នុងលោកនេះ នឹងរលត់អស់ទៅមិនមានសល់។
[១៦៧] ម្នាលភិក្ខុ ដូចជាប្រទីបប្រេង តែងឆេះរុងរឿង ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង។ អណ្តាតប្រទីបមិនមាន អាហារតែងរលត់ទៅ ព្រោះអស់ប្រេង និងប្រឆេះមុននោះផង ព្រោះមិនបានបន្ថែមប្រេង និងប្រឆេះដទៃទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុ កាលបុគ្គលនោះ ទទួលវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត។ កាលទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ ដឹងច្បាស់ថា កាលបើមានរាងកាយបែកធ្លាយទៅហើយ ខាងនាយអំពីការអស់ជីវិតទៅ វេទនាទាំងពួង ដែលអាត្មាអញមិនគួរត្រេកអរ ក្នុងលោកនេះ នឹងរលត់អស់ទៅមិនមានសល់ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែលប្រកបដោយគុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយបញ្ញាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា សេចក្តីដឹងក្នុងធម៌13) ជាទីអស់ទៅ នៃទុក្ខទាំងពួងណា សេចក្តីដឹងនុ៎ះ ហៅថា បញ្ញាដ៏ប្រសើរក្រៃលែង។ វិមុត្តិនោះ របស់បុគ្គលនោះ ឋិតនៅក្នុងសច្ចៈ ជាវិមុត្តិ មិនកម្រើក។ ម្នាលភិក្ខុ ព្រោះថា របស់ណា ដែលមានសេចក្តីវិនាសជាធម្មតា របស់នោះ ជារបស់មុសា ព្រះនិព្វានណា ដែលមានសេចក្តីមិនវិនាសជាធម្មតា ព្រះនិព្វាននោះ ជារបស់សច្ចៈ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គល ដែលប្រកបដោយគុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយ សច្ចាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា ព្រះនិព្វានណា ដែលមានសេចក្តីមិនវិនាសជាធម្មតា ព្រះនិព្វាននុ៎ះ ឈ្មោះថា ជា អរិយសច្ច ដ៏ឧត្តម។ ក៏កាលពីដើម14) បុគ្គលនោះ មិនទាន់ដឹងច្បាស់ តែងបំពេញ តែងកាន់យក នូវឧបធិ15) ទាំងឡាយ។ ឧបធិទាំងនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតទៀត ជាធម្មតាតទៅ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែលប្រកបដោយគុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយ ចាគាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា ការលះបង់ នូវឧបធិទាំងពួងណា ការលះបង់នុ៎ះ ហៅថា ចាគៈដ៏ប្រសើរក្រៃលែង។ កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់ អភិជ្ឈា16) ឆន្ទៈ17) និង សារាគៈ18) ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតតទៅទៀត ជាធម្មតា។ មួយទៀត កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់ អាឃាត19) ព្យាបាទ20) និង សម្បទោសៈ21) ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់ចោលហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតតទៅទៀត ជាធម្មតា។ កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់ អវិជ្ជា22) សម្មោហៈ23) និង សម្បមោហៈ24) ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់ចោលហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតតទៅទៀត ជាធម្មតា ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែលប្រកបដោយគុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយ ឧបសមាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា ការរម្ងាប់នូវរាគៈ ទោសៈ និងមោហៈទាំងឡាយណា ការរម្ងាប់នុ៎ះ ឈ្មោះថា ឧបសមៈ ដ៏ប្រសើរក្រៃលែង។ ពាក្យណា ដែលយើងពោលហើយថា បុគ្គលនោះ មិនគួរបណ្តែតបណ្តោយបញ្ញា25) គួររក្សារឿយៗ នូវសច្ចៈ គួរចម្រើនរឿយៗ នូវចាគៈ គួរសិក្សានូវសន្តិ ដូច្នេះ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៦៨] ពាក្យថាសេចក្តីសំគាល់ និងសេចក្តីវិលវល់ តែងមិនប្រព្រឹត្តទៅកាន់បុគ្គលដែលឋិតនៅ ក្នុងអធិដ្ឋានទាំងឡាយណា កាលបើសេចក្តីសំគាល់ និងសេចក្តីវិលវល់ មិនប្រព្រឹត្តទៅហើយ បុគ្គលនោះ យើងហៅថា ជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុ សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ កើតមានឥឡូវនេះ សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ មិនកើតមានឥឡូវនេះ សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងកើតមាន សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមិនកើតមាន សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ នឹងមានរូប សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមិនមានរូប សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមានសញ្ញា សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមិនមានសញ្ញា សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ មានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន។ ម្នាលភិក្ខុ សេចក្តីសំគាល់ ឈ្មោះថា ជារោគ សេចក្តីសំគាល់ ឈ្មោះថា ជាបូស សេចក្តីសំគាល់ ឈ្មោះថា ជាសរ។ ម្នាលភិក្ខុ បុគ្គលនោះ យើងហៅថា ជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ព្រោះតែការប្រព្រឹត្តិកន្លង នូវសេចក្តីសំគាល់ទាំងពួងបាន។ ម្នាលភិក្ខុ ឯអ្នកប្រាជ្ញ ដែលមានចិត្តស្ងប់រម្ងាប់ រមែងលែងកើត លែងចាស់ លែងស្លាប់ លែងស្អប់ លែងស្រឡាញ់។ ម្នាលភិក្ខុ សត្វគប្បីកើត ដោយហេតុណា ហេតុនោះ របស់បុគ្គលនោះ មិនមានឡើយ កាលបុគ្គលនោះមិនកើត នឹងចាស់មកពីណា កាលបើមិនចាស់ហើយ នឹងស្លាប់មកពីណា កាលបើមិនស្លាប់ហើយ នឹងស្អប់មកពីណា កាលបើមិនស្អប់ហើយ នឹងស្រឡាញ់មកពីណា។ ពាក្យណា ដែលយើងពោលហើយថា សេចក្តីសំគាល់ និងសេចក្តីវិលវល់ តែងមិនប្រព្រឹត្តទៅកាន់បុគ្គល ដែលឋិតនៅក្នុងអធិដ្ឋានទាំងឡាយណា កាលបើសេចក្តីសំគាល់ និងសេចក្តីវិលវល់ មិនប្រព្រឹត្តទៅហើយ បុគ្គលនោះ យើងហៅថា ជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ដូច្នេះ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ ម្នាលភិក្ខុ ចូរអ្នកចាំទុក នូវចំណែកនៃធាតុ ទាំង៦ ដោយសេចក្តីសង្ខេប របស់យើងនេះចុះ។
[១៦៩] គ្រានោះឯង បុក្កុសាតិមានអាយុ ក៏ភ្ញាក់ស្មារតីដឹងថា ព្រះសាស្តារបស់អញ ស្តេចមកដល់ហើយតើ ព្រះសុគតរបស់អញ ស្តេចមកដល់ហើយតើ ព្រះសម្មាសម្ពុទ្ធរបស់អញ ស្តេចមកដល់ហើយតើ ដូច្នេះ ក៏ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ក្រាបទៀបបាទា របស់ព្រះមានព្រះភាគ ដោយត្បូងហើយ ទើបសូមខមាទោស ចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីល្មើសហើយ ដោយហេតុថា ខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះខ្ញុំព្រះអង្គ បានសំគាល់ នូវព្រះមានព្រះភាគ ថាជាបុគ្គលដែលគេគប្បីហៅរក ដោយពាក្យថា អាវុសោ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អត់ទោស តាមទោសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅមុខទៀត។
[១៧០] ព្រះអង្គទ្រង់ត្រាស់ថា អើភិក្ខុ អ្នកមានសេចក្តីល្មើសហើយ ដោយហេតុថា អ្នក ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះអ្នក បានសំគាល់នូវតថាគត ថាជាបុគ្គល ដែលគេគប្បីហៅរក ដោយពាក្យថា អាវុសោ ដូច្នេះ ម្នាលភិក្ខុ កាលណាបើអ្នកបានឃើញទោស តាមទោសហើយ សំដែងដោយសមគួរ តាមធម៌ហើយ យើងនឹងអត់ទោសនោះ ដល់អ្នក ម្នាលភិក្ខុ បុគ្គលណា ឃើញនូវទោសតាមទោស ហើយសំដែង ដោយសមគួរតាមធម៌ហើយ ដល់នូវការសង្រួមតទៅ នេះ ជាសេចក្តីចម្រើន របស់បុគ្គលនោះ ក្នុងអរិយវិន័យ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ ម្នាលភិក្ខុ ចុះបាត្រ និងចីវររបស់អ្នក មានគ្រប់គ្រាន់ហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន បាត្រ និងចីវររបស់ខ្ញុំព្រះអង្គ មិនទាន់មានគ្រប់គ្រាន់ទេ។ ម្នាលភិក្ខុ ព្រះតថាគតទាំងឡាយ មិនដែលឲ្យឧបសម្បទា ដល់កុលបុត្ត ដែលមានបាត្រ និងចីវរមិនគ្រប់គ្រាន់ទេ។
[១៧១] គ្រានោះឯង បុក្កុសាតិមានអាយុ ត្រេកអរ រីករាយនឹងភាសិតរបស់ព្រះមានព្រះភាគ ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ហើយធ្វើប្រទក្សិណ ចៀសចេញទៅកាន់ទី ស្វែងរកបាត្រនិងចីវរ។ គ្រាកាលដែលបុក្កុសាតិមានអាយុ កំពុងត្រាច់ទៅកាន់ទីស្វែងរកបាត្រ និងចីវរ មេគោក៏មកបុះផ្តាច់ជីវិតទៅ។ គ្រានោះឯង ភិក្ខុច្រើនរូប នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កុលបុត្តឈ្មោះ បុក្កុសាតិ ណា ដែលព្រះមានព្រះភាគ ទ្រង់ប្រដៅ ដោយឱវាទសង្ខេប បុក្កុសាតិកុលបុត្តនោះ ធ្វើមរណកាលទៅហើយ ចុះគតិ និងបរលោក របស់បុក្កុសាតិកុលបុត្តនោះ តើដូចម្តេច។
[១៧២] ម្នាលភិក្ខុទាំងឡាយ បុក្កុសាតិកុលបុត្តជាបណ្ឌិត បានដល់នូវធម៌ ដ៏សមគួរដល់ធម៌ មិនបាច់ញុំាងតថាគតឲ្យនឿយព្រួយ ព្រោះធម៌ជាហេតុ ម្នាលភិក្ខុទាំងឡាយ បុក្កុសាតិកុលបុត្ត ជាឱបបាតិកៈ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ទាំង៥ ហើយបរិនិព្វាន ក្នុងលោកនោះតែម្តង មានសភាពមិនបានត្រឡប់ចាកលោកនោះមកវិញឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ធាតុវិភង្គសូត្រ ជាគម្រប់១០។