km:tipitaka:sut:mn:sut.mn.141



សច្ចវិភង្គសូត្រ ទី១១

សង្ខេប

តើ​​អ្វី​ជា​ធម្ម​ចក្រ​ដ៏​ប្រសើរ ដែល​ព្រះ​តថាគត ទ្រង់​ឲ្យ​ប្រព្រឹត្ត​ទៅ និង​សម្ដែង​ ក្នុង​ឥសិ​បតន​មិគទាយ​វ័ន ទៀបក្រុងពារាណសី? ព្រះ​សារីបុត្ត ពន្យល់​​យ៉ាង​​លម្អិត​ អំពី​អរិយ​សច្ច​ទាំង ៤។​

mn 141 បាលី cs-km: sut.mn.141 អដ្ឋកថា: sut.mn.141_att PTS: ?

(ទី១១) សច្ចវិភង្គសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា

(១១. សច្ចវិភង្គសុត្តំ)

[១៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៧៤] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មចក្រដ៏ប្រ​សើរ ដែលតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅ ក្នុងឥសិបតនមិគទាយវ័ន ជិត​ក្រុង​ពារាណសី ជាធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយ​ក្តី ក្នុងលោក មិនអាចធ្វើ​បដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យងាយ នូវអរិយសច្ចទាំង៤ អរិយសច្ចទាំង៤ តើដូចម្តេច គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យ​ងាយ នូវទុក្ខអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យ​ងាយ នូវទុក្ខសមុទយអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យ​ងាយ នូវទុក្ខនិរោធអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យ​ងាយ នូវទុក្ខនិរោធគាមិនីបដិបទា​អរិយសច្ច១ ម្នាលភិក្ខុទាំងឡាយ ធម្មចក្រដ៏ប្រសើរ ដែលតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅ ក្នុងឥសិបតនមិគទាយវ័ន ជិត​ក្រុង​ពារាណសី ជាធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយ​ក្តី ក្នុងលោក មិនអាចធ្វើ​បដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការ​ធ្វើ​ឲ្យងាយ នូវអរិយសច្ច ទាំង៤នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសេព​នូវ​សារីបុត្ត និងមោគ្គល្លានចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរគប់​រកសារីបុត្ត និងមោគ្គល្លានចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន ជាបណ្ឌិតភិក្ខុ ជាអ្នកអនុគ្រោះ​សព្រហ្ម​ចារីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រៀបដូចជាម្តាយបង្កើតកូន។ មោគ្គល្លាន ប្រៀបដូចជាអ្នកចិញ្ចឹមកូន ដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្ត ទូន្មានបុគ្គល ក្នុងសោតាបត្តិផល មោគ្គល្លាន ទូន្មានបុគ្គល​ក្នុងប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ម្នាលភិក្ខុ​ទាំងឡាយ សារីបុត្ត អាចប្រាប់ សំដែង បញ្ជាក់ តែងតាំង បើក វែកញែក ធ្វើ​ឲ្យងាយ នូវអរិយសច្ច ទាំង៤ ដោយពិស្តារបាន។ ព្រះមានព្រះភាគ បានសំដែង​ពាក្យនេះ​រួចហើយ លុះព្រះសុគត ទ្រង់សំដែង​សេចក្តីនេះរួចហើយ ក៏ក្រោកអំពីអាសនៈ ហើយស្តេច​ចូលទៅកាន់វិហារ។

[១៧៥] កាលដែលព្រះមានព្រះភាគ ស្តេចចៀសចេញទៅមិនយូរ​ប៉ុន្មាន ព្រះ​សារីបុត្ត​មានអាយុ ក៏ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា នែអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួល​ពាក្យព្រះសារីបុត្តមានអាយុថា អើអាវុសោ។ ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា នែអាវុសោទាំងឡាយ ធម្មចក្រដ៏ប្រសើរ ដែលព្រះតថាគត ជាអរហន្ត​ សម្មាសម្ពុទ្ធ ទ្រង់បានឲ្យប្រព្រឹត្តទៅ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុង​ពារាណសី ជា​ធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយក្តី ក្នុង​លោក មិនអាចធ្វើបដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវអរិយសច្ច ទាំង៤ អរិយសច្ច ទាំង៤ តើដូចម្តេច គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវទុក្ខអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវទុក្ខសមុទយអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវទុក្ខនិរោធអរិយសច្ច១ ការ​ប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច១។

[១៧៦] ម្នាលអាវុសោទាំងឡាយ ទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិទុក្ខ១ ជរាទុក្ខ១ មរណទុក្ខ១ សោកទុក្ខ១ បរិទេវទុក្ខ១ ទុក្ខទុក្ខ១ ទោមនស្សទុក្ខ១ ឧបាយាសទុក្ខ១ យម្បិច្ឆំ ន លភតិ តម្បិទុក្ខ១ ដោយបំប្រួញ បញ្ចុបាទានក្ខន្ធ ឈ្មោះថាទុក្ខ។ ម្នាលអាវុសោ​ទាំងឡាយ ជាតិ តើដូចម្តេច ការកើត ការកើតព្រម ការចុះកាន់គភ៌ ការប្រព្រឹត្ត​ទៅ​មិនដាច់ ការវិល​ត្រឡប់ ការកើតប្រាកដនៃខន្ធ និងការបានចំពោះ​ នូវអាយតនៈណា របស់ពួកសត្វនោះៗ ក្នុង​សត្តនិកាយនោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា ជាតិ។ ម្នាលអាវុសោទាំងឡាយ ជរា តើដូចម្តេច សេចក្តីចាស់ ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែក​ជ្រួញជ្រីវយុរយារ ការថយអាយុ ការចាស់ជោរ នៃឥន្ទ្រិយណា របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយ​នោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា ជរា។ ម្នាលអាវុសោ​ទាំងឡាយ មរណៈ តើដូចម្តេច ការច្យុតិ ការឃ្លាតចាកសត្តនិកាយនោះៗ ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ មរណៈ កាលកិរិយា ការបែកធ្លាយខន្ធ ការដាក់ចុះ នូវសាក​សព ការផ្តាច់បង់នូវជីវិតិន្ទ្រិយ​ណា របស់ពួកសត្វនោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា មរណៈ។ ម្នាលអាវុសោទាំងឡាយ សោកៈ តើដូចម្តេច ម្នាលអាវុសោ​ទាំងឡាយ សេចក្តីស្ងួត​ស្ងប់ ការស្រពោនស្រពាប់ ការស្រណោះស្រណោក ការក្រៀមក្រំ​ខាងក្នុង ការសង្រេងសង្រៃ​ខាងក្នុងណា របស់សត្វ ដែលប្រកបដោយ​សេចក្តីវិនាស​ណាមួយ ឬត្រូវសេចក្តីទុក្ខ​ណាមួយ ប៉ះពាល់ហើយ ម្នាលអាវុសោទាំងឡាយ នេះហៅថា សោកៈ។ ម្នាលអាវុសោទាំងឡាយ បរិទេវៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ទំនួញ ការទួញ​រៀបរាប់ ការត្អូញត្អែរ ការយំយែក ការអណ្តឺតអណ្តក ការយំរៀបរាប់ណា របស់សត្វ ដែល​ប្រកបដោយ​សេចក្តីវិនាសណាមួយ ឬត្រូវ​សេចក្តីទុក្ខណាមួយ ប៉ះពាល់ហើយ ម្នាលអាវុសោទាំងឡាយ នេះហៅថា បរិទេវៈ។ ម្នាលអាវុសោទាំងឡាយ ទុក្ខៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តីលំបាកកាយ ការមិនសប្បាយកាយ សេចក្តីទុក្ខ​កើត​អំពី​កាយសម្ផ័ស្ស ការទទួលអារម្មណ៍មិនជាទីសប្បាយណា ម្នាលអាវុសោទាំងឡាយ នេះ​ហៅថា ទុក្ខៈ។ ម្នាលអាវុសោទាំងឡាយ ទោមនស្ស តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តី​លំបាកក្នុងចិត្ត ការមិនសប្បាយចិត្ត សេចក្តីទុក្ខកើតអំពីមនោសម្ផ័ស្ស ការទទួល​អារម្មណ៍មិនជាទីសប្បាយណា ម្នាលអាវុសោទាំងឡាយ នេះហៅថា ទោមនស្ស។ ម្នាលអាវុសោទាំងឡាយ ឧបាយាសៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តី​តានតឹង ការចង្អៀតចិត្ត ការខ្ទាំងខ្ទាស់ ការតឹងចិត្តណា របស់សត្វដែលប្រកបដោយ​សេចក្តីវិនាសណាមួយ ឬត្រូវ​សេចក្តីទុក្ខណាមួយប៉ះពាល់ហើយ ម្នាលអាវុសោ​ទាំងឡាយ នេះហៅថា ឧបាយាសៈ។ ម្នាលអាវុសោទាំងឡាយ យម្បិច្ឆំ ន លភតិ តម្បិទុក្ខ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ពួកសត្វដែល​មានជាតិជាធម្មតា រមែង​មាន​សេចក្តី​ប្រាថ្នាយ៉ាងនេះថា ឱហ្ន៎ សូមឲ្យយើងទាំងឡាយ កុំគប្បីជាអ្នក​មានជាតិជាធម្មតាឡើយ ពុំ​នោះសោត ជាតិកុំគប្បីមកដល់យើងទាំងឡាយឡើយ អំពើនុ៎ះឯង ក៏សត្វ​ទាំងឡាយ មិន​គប្បីដល់តាមសេចក្តី​ប្រាថ្នាឡើយ នេះហៅថា យម្បិច្ឆំ ន លភតិ តម្បិទុក្ខដែរ ម្នាលអាវុសោទាំងឡាយ ពួក​សត្វដែលមានជរាជាធម្មតា…. ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមានព្យាធិជាធម្មតា… ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមាន​សេចក្តី​ស្លាប់ជាធម្មតា… ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមាន​សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ជាធម្មតា រមែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាង​នេះថា ឱហ្ន៎ សូមឲ្យយើងទាំងឡាយ កុំគប្បីជាអ្នកមានសេចក្តីសោក ខ្សឹកខ្សួលទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់ចិត្តជាធម្មតាឡើយ ពុំនោះសោត សេចក្តីសោក ខ្សឹក​ខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ កុំគប្បីមកដល់​យើងទាំងឡាយឡើយ អំពើនុ៎ះឯង ក៏សត្វទាំងឡាយ មិនគប្បីដល់តាមសេចក្តីប្រាថ្នាឡើយ នេះហៅថា យម្បិច្ឆំ ន លភតិ តម្បិទុក្ខដែរ។ ម្នាលអាវុសោទាំងឡាយ ដោយបំប្រួញ បញ្ចុបាទានក្ខន្ធ ឈ្មោះ​ថាទុក្ខ តើដូចម្តេច រូបជាឧបាទានក្ខន្ធ១ វេទនាជាឧបាទានក្ខន្ធ១ សញ្ញា​ជាឧបាទានក្ខន្ធ១ សង្ខារជាឧបាទានក្ខន្ធ១ វិញ្ញាណជាឧបាទានក្ខន្ធ១ ម្នាលអាវុសោទាំងឡាយ ទាំង​នេះ​ហៅថា បញ្ចុបាទានក្ខន្ធទុក្ខ ដោយបំប្រួញ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច។

[១៧៧] ម្នាលអាវុសោទាំងឡាយ ទុក្ខសមុទយអរិយសច្ច តើដូចម្តេច។ តណ្ហាណា ដែលនាំសត្វទៅកើតទៀត ប្រកបព្រមដោយសេចក្តី​ត្រេកត្រអាល មានសេចក្តីត្រេកអរ ក្នុងភពនោះៗគឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ ម្នាលអាវុសោទាំងឡាយ នេះហៅ​ថា ទុក្ខសមុទយអរិយសច្ច។

[១៧៨] ម្នាលអាវុសោទាំងឡាយ ទុក្ខនិរោធអរិយសច្ច តើដូចម្តេច។ សេចក្តី​វិនាស​ និងការរលត់មិនមានសល់ នៃតណ្ហានោះឯង កិរិយាលះបង់ ការរលាស់ចោល ការជម្រុះ​ចោល នូវ​តណ្ហានោះឯង ការមិនអាល័យ ក្នុងតណ្ហានោះឯង ណា ម្នាលអាវុសោទាំងឡាយ នេះហៅ​ថា ទុក្ខនិរោធអរិយសច្ច។

[១៧៩] ម្នាលអាវុសោទាំងឡាយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ប្រការនេះឯង គឺសេចក្តីយល់ឃើញត្រូវ១ សេចក្តីត្រិះរិះ​ត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ សេចក្តីរលឹកត្រូវ១ ការ​តម្កល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ សេចក្តីយល់ឃើញត្រូវ តើដូចម្តេច ម្នាល​អាវុសោទាំងឡាយ សេចក្តីដឹងក្នុងកងទុក្ខ សេចក្តីដឹងក្នុងហេតុឲ្យកើតទុក្ខ សេចក្តី​ដឹង​ក្នុងធម៌រំលត់ទុក្ខ សេចក្តីដឹងក្នុងសេចក្តីប្រតិបត្តិ ដើម្បីរំលត់ទុក្ខ ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីយល់ឃើញត្រូវ។ ម្នាលអាវុសោទាំងឡាយ សេចក្តីត្រិះរិះត្រូវ តើដូច​ម្តេច សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម១ សេចក្តីត្រិះរិះ ដើម្បីមិនព្យាបាទ១ សេចក្តីត្រិះរិះ ដើម្បីមិនបៀតបៀន១ ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីត្រិះរិះ​ត្រូវ។ ម្នាលអាវុសោទាំងឡាយ វាចាត្រូវ តើដូចម្តេច ការវៀរចាកសំដីកុហក១ ការវៀរចាក​សំដីញុះញង់១ ការវៀរចាកសំដីទ្រគោះ១ ការវៀរចាកពាក្យរោយរាយ​ឥត​ប្រយោជន៍១ ម្នាលអាវុសោទាំងឡាយ នេះហៅថា វាចាត្រូវ។ ម្នាលអាវុសោទាំងឡាយ ការងារត្រូវ តើដូចម្តេច ការវៀរចាកបាណាតិបាត១ ការវៀរចាកអទិន្នាទាន១ ការវៀរ​ចាកកាមេសុមិច្ឆាចារ១ ម្នាលអាវុសោទាំងឡាយ នេះហៅថា ការងារត្រូវ។ ម្នាលអាវុសោ​ទាំងឡាយ ការចិញ្ចឹមជីវិតត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ក្នុង​សាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយសម្រេច​ជីវិតដោយការចិញ្ចឹម​ជីវិតត្រូវ ម្នាលអាវុសោទាំងឡាយ នេះហៅថា ការចិញ្ចឹមជីវិតត្រូវ។ ម្នាលអាវុសោទាំងឡាយ ព្យាយាមត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ​ឲ្យ​កើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងអកុសល​ធម៌ដ៏​លាមកទាំងឡាយ ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ញុំាំង​ឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីលះបង់នូវអកុសលធម៌ដ៏​លាមក​ទាំងឡាយ ដែលកើតឡើងហើយ ញុំាងឆន្ទៈ​ឲ្យ​កើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងកុសល​ធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ញុំាំង​ឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងកុសលធម៌​ទាំងឡាយ ដែលកើតឡើងហើយ ឲ្យបានឋិតថេរនៅ មិនឲ្យ​វិនាស​ទៅវិញ ឲ្យបានចម្រើនធំទូលាយ ឲ្យកើតបរិបូណ៌ ម្នាលអាវុសោទាំងឡាយ នេះហៅថា ព្យាយាមត្រូវ។ ម្នាលអាវុសោទាំងឡាយ សេចក្តីរលឹកត្រូវ តើដូចម្តេច ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម​ដុតកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ។បេ។ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត។បេ។ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម​ដុតកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី បន្ទោបង់នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីរលឹកត្រូវ។ ម្នាលអាវុសោទាំងឡាយ ការ​តំកល់ចិត្តត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាក​កាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ បានដល់នូវ​បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ក៏សម្រេចសម្រាន្ត​នៅ គ្រប់ឥរិយាបថ ភិក្ខុបានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តានចិត្ត ប្រកប​ដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមាន​វិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ… (បានដល់) នូវតតិយជ្ឈាន… បានដល់នូវចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ គ្រប់​ឥរិយាបថ ម្នាលអាវុសោទាំងឡាយ នេះហៅថា ការតំកល់ចិត្តត្រូវ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។

[១៨០] ម្នាលអាវុសោទាំងឡាយ ធម្មចក្រដ៏ប្រសើរ ដែល​ព្រះតថាគត ជា​អរហន្ត សម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅ ក្នុង​ឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ជាធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយក្តី ក្នុងលោក​ មិនអាចធ្វើ​បដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវអរិយសច្ច ទាំង៤នេះឯង។ លុះព្រះសារីបុត្តមានអាយុ សំដែង​ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់​ព្រះសារីបុត្តមានអាយុ។

ចប់ សច្ចវិភង្គសូត្រ ទី១១។

 

លេខយោង

km/tipitaka/sut/mn/sut.mn.141.txt · ពេលកែចុងក្រោយ: 2023/08/28 06:34 និពន្ឋដោយ Johann