តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » វិភង្គវគ្គ »
ហេតុអ្វីបានជា ព្រះពុទ្ធមិនព្រមទទួលយកសម្ពត់ថ្មីដែលព្រះនាងមហាបជាបតិគោតមី ប្រគេន? ព្រះពុទ្ធទ្រង់ប្រទានបញ្ជីតម្រៀបជាជួរនៃការបូជា។
mn 142 បាលី cs-km: sut.mn.142 អដ្ឋកថា: sut.mn.142_att PTS: ?
(ទី១២) ទក្ខិណាវិភង្គសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
អានដោយ ឧបាសិកា ដានាថ
(១២. ទក្ខិណាវិភង្គសុត្តំ)
[១៨១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី នាំយកសំពត់ថ្មី ១គូ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះនាង មហាបជាបតិគោតមី គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សំពត់ថ្មី ១គូ នេះ ខ្ញុំម្ចាស់រវៃខ្លួនឯង ត្បាញខ្លួនឯង ផ្គងចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គ ដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យនូវសេចក្តីអនុគ្រោះ ចំពោះខ្ញុំម្ចាស់ ទទួលយកនូវសំពត់នោះ។
[១៨២] កាលបើព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិគោតមី ដូច្នេះថា បពិត្រព្រះនាងគោតមី សូមព្រះនាងប្រគេន (សំពត់នេះ) ចំពោះសង្ឃវិញចុះ កាលបើព្រះនាងប្រគេនសំពត់នេះ ចំពោះសង្ឃហើយ តថាគតឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំងសង្ឃ ក៏ឈ្មោះថា ព្រះនាងបានបូជាហើយដែរ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលអង្វរព្រះមានព្រះភាគ អស់វារៈ២ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សំពត់ថ្មី ១គូនេះ ខ្ញុំម្ចាស់រវៃខ្លួនឯង ត្បាញខ្លួនឯង ឧទ្ទិសចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យនូវសេចក្តីអនុគ្រោះ ចំពោះខ្ញុំម្ចាស់ ទទួលយកនូវសំពត់នោះ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិគោតមី អស់វារៈ២ដង ដូច្នេះថា បពិត្រព្រះនាងគោតមី សូមព្រះនាងប្រគេនសង្ឃវិញចុះ កាលបើព្រះនាងប្រគេនសង្ឃហើយ តថាគត ក៏ឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំងសង្ឃ ក៏ឈ្មោះថា ព្រះនាងបានបូជាហើយដែរ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈ៣ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សំពត់ថ្មី ១គូនេះ ខ្ញុំម្ចាស់រវៃខ្លួនឯង ត្បាញខ្លួនឯង ឧទ្ទិសចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យនូវសេចក្តីអនុគ្រោះ ចំពោះខ្ញុំម្ចាស់ ហើយទទួលយកនូវសំពត់នោះ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល នឹងព្រះនាងមហាបជាបតិគោតមី អស់វារៈ៣ដង ដូច្នេះថា បពិត្រព្រះនាងគោតមី សូមព្រះនាងប្រគេនសង្ឃវិញចុះ កាលបើព្រះនាងប្រគេនសង្ឃហើយ តថាគត ក៏ឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំងសង្ឃ ក៏ឈ្មោះថា ព្រះនាងបានបូជាហើយដែរ។
[១៨៣] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលអង្វរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលសំពត់ថ្មី ១គូ របស់ព្រះនាងមហាបជាបតិគោតមី បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី ជាអ្នកមានឧបការៈច្រើន ជាព្រះមាតុច្ឆា របស់ព្រះមានព្រះភាគ ជាអ្នកថែរក្សា អ្នកចិញ្ចឹម អ្នកថ្វាយទឹកក្សីរ កាលព្រះមាតាបង្កើតព្រះមានព្រះភាគ ទ្រង់ទិវង្គតទៅ នាងបានបំបៅទឹកដោះ បពិត្រព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគ ក៏មានឧបការៈច្រើន ដល់ព្រះនាងមហាបជាបតិគោតមីដែរ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះនាងមហាបជាបតិគោតមី អាស្រ័យព្រះមានព្រះភាគ ទើបបានដល់នូវព្រះពុទ្ធ ជាទីពឹង បានដល់នូវព្រះធម៌ ជាទីពឹង បានដល់នូវព្រះសង្ឃ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី អាស្រ័យព្រះមានព្រះភាគ ទើបជាអ្នកបានវៀរចាកការសម្លាប់សត្វ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ វៀរចាកការនិយាយកុហក វៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី អាស្រ័យនូវព្រះមានព្រះភាគ ទើបប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ដែលជាទីត្រេកអរ នៃព្រះអរិយបុគ្គល បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី អាស្រ័យនូវព្រះមានព្រះភាគ ទើបជាអ្នកអស់សង្ស័យក្នុងទុក្ខ អស់សង្ស័យក្នុងហេតុឲ្យកើតទុក្ខ អស់សង្ស័យ ក្នុងធម៌រំលត់ទុក្ខ អស់សង្ស័យ ក្នុងសេចក្តីប្រតិបត្តិទៅកាន់ទីរំលត់ទុក្ខ បពិត្រព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគ ក៏មានឧបការៈច្រើន ដល់ព្រះនាងមហាបជាបតិគោតមីដែរ។
[១៨៤] ព្រះមានព្រះភាគទ្រង់ត្រាស់ថា អើយ៉ាងហ្នឹងហើយអានន្ទ អើយ៉ាងហ្នឹងហើយ អានន្ទ ម្នាលអានន្ទ បុគ្គលអាស្រ័យបុគ្គលណា ទើបបានដល់ព្រះពុទ្ធ ជាទីពឹង បានដល់ព្រះធម៌ ជាទីពឹង បានដល់ព្រះសង្ឃ ជាទីពឹង ម្នាលអានន្ទ តថាគត មិនសំដែងនូវការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គលនេះ តបស្នងដល់បុគ្គលនេះ បានដោយល្អឡើយ។ ម្នាលអានន្ទ មួយទៀត បុគ្គលអាស្រ័យនូវបុគ្គលណា ហើយបានវៀរចាកការសម្លាប់សត្វ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកការនិយាយកុហក វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ម្នាលអានន្ទ តថាគតមិនសំដែងនូវការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គលនេះ តបស្នងដល់បុគ្គលនេះ បានដោយល្អឡើយ។ ម្នាលអានន្ទ មួយទៀត បុគ្គល អាស្រ័យនូវបុគ្គលណា ហើយបានប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ជាទីត្រេកអរ នៃព្រះអរិយបុគ្គល ម្នាលអានន្ទ តថាគត មិនសំដែងនូវការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គលនេះ តបស្នងដល់បុគ្គលនេះ បានដោយល្អឡើយ។ ម្នាលអានន្ទ មួយទៀត បុគ្គល អាស្រ័យនូវបុគ្គលណា ហើយជាអ្នកអស់សង្ស័យក្នុងទុក្ខ អស់សង្ស័យក្នុងហេតុឲ្យកើតទុក្ខ អស់សង្ស័យក្នុងធម៌រំលត់ទុក្ខ អស់សង្ស័យក្នុងសេចក្តីប្រតិបត្តិទៅកាន់ធម៌រំលត់ទុក្ខ ម្នាលអានន្ទ តថាគតមិនសំដែង នូវការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គលនេះ តបស្នងដល់បុគ្គលនេះ បានដោយល្អឡើយ។
[១៨៥] ម្នាលអានន្ទ បាដិបុគ្គលិកាទក្ខិណា (ទានដែលឲ្យចំពោះបុគ្គល) នេះ មាន១៤យ៉ាង។ បុគ្គលឲ្យទានចំពោះព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ នេះជាបាដិបុគ្គលិកាទក្ខិណា ទី១។ ឲ្យទានចំពោះព្រះបច្ចេកពុទ្ធ នេះជាបាដិបុគ្គលិកាទក្ខិណា ទី២។ ឲ្យទានចំពោះព្រះអរហន្ត ជាសាវ័ករបស់ព្រះតថាគត នេះជាបាដិបុគ្គលិកាទក្ខិណា ទី៣។ ឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល នេះជាបាដិបុគ្គលិកាទក្ខិណា ទី៤។ ឲ្យទានចំពោះអនាគាមិបុគ្គល នេះជាបាដិបុគ្គលិកាទក្ខិណា ទី៥។ ឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល នេះជាបាដិបុគ្គលិកាទក្ខិណា ទី៦។ ឲ្យទានចំពោះសកទាគាមិបុគ្គល នេះជាបាដិបុគ្គលិកាទក្ខិណា ទី៧។ ឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល នេះជា បាដិបុគ្គលិកាទក្ខិណា ទី៨។ ឲ្យទានចំពោះសោតាបន្នបុគ្គល នេះជាបាដិបុគ្គលិកាទក្ខិណា ទី៩។ ឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល1) នេះជាបាដិបុគ្គលិកាទក្ខិណា ទី១០។ ឲ្យទានចំពោះអ្នកបួស ជាខាងក្រៅ (ពុទ្ធសាសនា) ដែលប្រាសចាកតម្រេកក្នុងកាម2) ទាំងឡាយ នេះជាបាដិបុគ្គលិកាទក្ខិណា ទី១១។ ឲ្យទានចំពោះបុថុជ្ជន មានសីល នេះជាបាដិបុគ្គលិកាទក្ខិណា ទី១២។ ឲ្យទានចំពោះបុថុជ្ជនទ្រុស្តសីល នេះជាបាដិបុគ្គលិកាទក្ខិណា ទី១៣។ ឲ្យទានចំពោះសត្វតិរច្ឆាន នេះជាបាដិបុគ្គលិកាទក្ខិណា ទី១៤។
[១៨៦] ម្នាលអានន្ទ បណ្តាបុគ្គលអ្នកទទួលទានទាំងនោះ ទក្ខិណាមានគុណមួយរយ3) ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះសត្វតិរច្ឆាន។ ទក្ខិណាមានគុណមួយពាន់ ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះបុថុជ្ជនទ្រុស្តសីល។ ទក្ខិណាមានគុណមួយសែន ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះបុថុជ្ជនមានសីល។ ទក្ខិណាមានគុណមួយសែនកោដិ ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះអ្នកបួសខាងក្រៅ ដែលប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ។ ទក្ខិណាមានគុណរាប់មិនបាន ប្រមាណមិនកើត ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះបុគ្គល ដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ នឹងបាច់និយាយទៅថ្វី (ដល់ទក្ខិណាដែលបុគ្គលឲ្យ) ចំពោះសោតាបន្នបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល នឹងនិយាយទៅថ្វី ចំពោះសកទាគាមិបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល នឹងនិយាយទៅថ្វី ចំពោះអនាគាមិបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល នឹងនិយាយទៅថ្វី ចំពោះព្រះអរហន្ត ជាសាវ័ករបស់តថាគត នឹងនិយាយទៅថ្វី ចំពោះព្រះបច្ចេកសម្ពុទ្ធ នឹងនិយាយទៅថ្វី ចំពោះព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ។
[១៨៧] ម្នាលអានន្ទ សង្ឃគតាទក្ខិណា (ទានដែលតំកល់ក្នុងសង្ឃ) នេះមាន ៧យ៉ាង។ បុគ្គលឲ្យទានចំពោះសង្ឃទាំងពីរចំណែក មានព្រះពុទ្ធជាប្រធាន4) នេះជាសង្ឃគតាទក្ខិណា ទី១។ កាលបើព្រះតថាគតបរិនិព្វានទៅ បុគ្គលឲ្យទានចំពោះសង្ឃទាំងពីរចំណែក នេះជា សង្ឃគតាទក្ខិណា ទីពីរ។ ឲ្យទានចំពោះតែភិក្ខុសង្ឃ នេះជា សង្ឃគតាទក្ខិណា ទី៣។ ឲ្យទានចំពោះតែភិក្ខុនីសង្ឃ នេះជាសង្ឃគតាទក្ខិណា ទី៤។ បុគ្គល (ទៅនិមន្តអំពីសំណាក់សង្ឃ) ថា សូមលោកទាំងឡាយ ចាត់ពួកភិក្ខុប៉ុណ្ណេះ ពួកភិក្ខុនីប៉ុណ្ណេះ អំពីសង្ឃ ដើម្បីខ្ញុំ ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៥។ បុគ្គល (ទៅនិមន្តអំពីសំណាក់សង្ឃ) ថា សូមលោកទាំងឡាយ ចាត់ពួកភិក្ខុប៉ុណ្ណេះ អំពីសង្ឃ ដើម្បីខ្ញុំ ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៦។ បុគ្គល (ទៅនិមន្តអំពីសំណាក់សង្ឃ) ថា សូមលោកទាំងឡាយ ចាត់ពួកភិក្ខុនីប៉ុណ្ណេះ អំពីសង្ឃ ដើម្បីខ្ញុំ ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៧។
[១៨៨] ម្នាលអានន្ទ ក្នុងកាលជាអនាគត នឹងមានគោត្រភូសង្ឃ (សង្ឃមានតែឈ្មោះ) មានតែសំពត់កាសាវៈចងក ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ជនទាំងនោះ ឧទ្ទិសចំពោះសង្ឃ ហើយនឹងឲ្យទាន ដល់បុគ្គលទ្រុស្តសីលទាំងនោះ ម្នាលអានន្ទ សូម្បីក្នុងកាលនោះ ក៏តថាគតពោលថា សង្ឃគតាទក្ខិណាទាន មានអានិសង្សរាប់មិនបាន ប្រមាណមិនកើតដែរ ម្នាលអានន្ទ តថាគតមិនដែលពោលនូវបាដិបុគ្គលិកទាន ថាមានផលច្រើនជាងសង្ឃគតាទក្ខិណាទាន ដោយបរិយាយណាមួយឡើយ។
[១៨៩] ម្នាលអានន្ទ ទក្ខិណាវិសុទ្ធិ (ការបរិសុទ្ធិ និងមិនបរិសុទ្ធិរបស់ទាន) នេះមាន៤យ៉ាង។ ឯ ទក្ខិណាវិសុទ្ធិ ទាំង៤ តើដូចម្តេច។ ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាងអ្នកឲ្យ មិនបរិសុទ្ធខាងអ្នកទទួល១ ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាងអ្នកទទួល មិនបរិសុទ្ធខាងអ្នកឲ្យ១ ម្នាលអានន្ទ ទក្ខិណា មិនបរិសុទ្ធខាងអ្នកឲ្យផង មិនបរិសុទ្ធខាងអ្នកទទួលផង១ ម្នាលអានន្ទ ទក្ខិណាបរិសុទ្ធខាងអ្នកឲ្យផង បរិសុទ្ធខាងអ្នកទទួលផង១។
[១៩០] ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាងអ្នកឲ្យ មិនបរិសុទ្ធខាងអ្នកទទួល តើដូចម្តេច។ ម្នាលអានន្ទ អ្នកឲ្យក្នុងលោកនេះ ជាបុគ្គលមានសីល មានធម៌ល្អ ឯពួកអ្នកទទួល ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ម្នាលអានន្ទ យ៉ាងនេះឯង ឈ្មោះថា ទក្ខិណា បរិសុទ្ធខាងអ្នកឲ្យ មិនបរិសុទ្ធខាងអ្នកទទួល។
[១៩១] ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាងអ្នកទទួល តែមិនបរិសុទ្ធខាងអ្នកឲ្យ តើដូចម្តេច។ ម្នាលអានន្ទ អ្នកឲ្យក្នុងលោកនេះ ជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមក ឯពួកអ្នកទទួល ជាបុគ្គលមានសីល មានធម៌ល្អ ម្នាលអានន្ទ យ៉ាងនេះឯង ឈ្មោះថា ទក្ខិណា បរិសុទ្ធខាងអ្នកទទួល មិនបរិសុទ្ធខាងអ្នកឲ្យ។
[១៩២] ម្នាលអានន្ទ ទក្ខិណា មិនបរិសុទ្ធខាងអ្នកឲ្យផង មិនបរិសុទ្ធខាងអ្នកទទួលផង តើដូចម្តេច។ ម្នាលអានន្ទ អ្នកឲ្យក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ទាំងពួកអ្នកទទួល ក៏ជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមកដូចគ្នា ម្នាលអានន្ទ យ៉ាងនេះឯង ឈ្មោះថា ទក្ខិណា មិនបរិសុទ្ធខាងអ្នកឲ្យផង មិនបរិសុទ្ធខាងអ្នកទទួលផង។
[១៩៣] ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាងអ្នកឲ្យផង បរិសុទ្ធខាងអ្នកទទួលផង តើដូចម្តេច។ ម្នាលអានន្ទ អ្នកឲ្យក្នុងលោកនេះ ជាបុគ្គលមានសីល មានធម៌ល្អ ទាំងពួកអ្នកទទួល ក៏ជាបុគ្គលមានសីល មានធម៌ល្អដូចគ្នា ម្នាលអានន្ទ យ៉ាងនេះឯង ឈ្មោះថា ទក្ខិណា បរិសុទ្ធខាងអ្នកឲ្យផង បរិសុទ្ធខាងអ្នកទទួលផង។ ម្នាលអានន្ទ នេះឯង ជា ទក្ខិណាវិសុទ្ធិ៤យ៉ាង។
[១៩៤] ព្រះមានព្រះភាគទ្រង់ត្រាស់នូវព្រះសូត្រនេះ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់នូវព្រះសូត្រនេះរួចហើយ ទើបទ្រង់ត្រាស់នូវព្រះគាថា តទៅទៀត ដូច្នេះថា បុគ្គលណា ជាអ្នកមានសីល មានចិត្តជ្រះថ្លា ដោយប្រពៃ ជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមក ដោយធម៌ ចំពោះពួកបុគ្គលទ្រុស្តសីល ទក្ខិណានោះ បរិសុទ្ធខាងអ្នកឲ្យ បុគ្គលណា ជាអ្នកទ្រុស្តសីល មានចិត្តមិនបានជ្រះថ្លា មិនជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមក មិនដោយធម៌ ចំពោះពួកបុគ្គលអ្នកមានសីល ទក្ខិណានោះ បរិសុទ្ធខាងអ្នកទទួល បុគ្គលណា ជាអ្នកទ្រុស្តសីល មានចិត្តមិនបានជ្រះថ្លា មិនជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមកមិនដោយធម៌ ចំពោះពួកបុគ្គលទ្រុស្តសីល តថាគត មិនពោលថា ទាននោះ មានផលដ៏បរិបូណ៌ទេ បុគ្គលណា ជាអ្នកមានសីល មានចិត្តជ្រះថ្លាដោយប្រពៃ ជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមកដោយធម៌ ចំពោះពួកបុគ្គលមានសីល តថាគត ពោលថា ទាននោះឯង ទើបបានផលដ៏បរិបូណ៌ បុគ្គលណា ជាអ្នកប្រាសចាករាគៈ មានចិត្តជ្រះថ្លាដោយប្រពៃ ជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមកដោយធម៌ ចំពោះពួកបុគ្គលប្រាសចាករាគៈ ទាននោះឯង ប្រសើរជាងពួកអាមិសទាន (ទាំងអស់)។
ចប់ ទក្ខិណាវិភង្គសូត្រ ទី១២។
ចប់ វិភង្គវគ្គ ទី៤។
ឧទ្ទាននៃវិភង្គវគ្គនោះ គឺ
ភទ្ទេករត្តសូត្រ១ រឿងព្រះអានន្ទសំដែង (ភទ្ទេករត្តសូត្រ) ក្នុងឧបដ្ឋានសាលា១ រឿងព្រះសមិទ្ធិ (ក្នុងមហាកច្ចានភទ្ទេករត្តសូត្រ)១ រឿងចន្ទនទេវបុត្រ (ក្នុងលោមសកង្គិយសូត្រ)១ រឿងមាណពអគ្គិវេសនគោត្រ (ក្នុងចូឡកម្មវិភង្គសូត្រ)១ រឿងបុគ្គលឈ្មោះថាមានញាណដ៏ប្រសើរ (ក្នុងមហាកម្មវិភង្គសូត្រ)១ រឿងព្រះសម្ពុទ្ធព្រះនាមបុរិសទម្មសារថិ (ក្នុងសឡាយតនវិភង្គសូត្រ)១ ឧទ្ទេសវិភង្គសូត្រ១ អរណវិភង្គសូត្រ១ រឿងបុក្កុសកុលបុត្រ (ក្នុងធាតុវិភង្គសូត្រ)១ រឿងសច្ចៈដ៏ប្រសើរ (ក្នុងសច្ចវិភង្គសូត្រ)១ រឿងទាន (ក្នុងទក្ខិណាវិភង្គសូត្រ)១។