km:tipitaka:sut:mn:sut.mn.143



អនាថបិណ្ឌិកោវាទសូត្រ ទី១

សង្ខេប

អនាថបិណ្ឌិក​គហបតី​​ជិត​ស្លាប់​ហើយ​សុំ​​ព្រះ​សារីបុត្ត​​មក ដែល​​បង្រៀន​​ព្រះ​​ធម៌​របស់​​ព្រះ​​អរហន្ត​​ក្នុង​ឱកាស​​នេះ។ បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​គាត់​នឹង​ឱ្យ​អ្នក​ភ្ញាក់​ផ្អើល។

mn 143 បាលី cs-km: sut.mn.143 អដ្ឋកថា: sut.mn.143_att PTS: ?

(ទី១) អនាថបិណ្ឌិកោវាទសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. អនាថបិណ្ឌិកោវាទសុត្តំ)

[១៩៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់។ គ្រានោះ អនាថបិណ្ឌិកគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកឯងចូរមកអាយ ចូរ​អ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរអ្នកថ្វាយបង្គំ​ព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យរបស់យើង រួចហើយ ចូរក្រាប​បង្គំ​ទូល​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវ​សេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ក្រាបថ្វាយបង្គំ​ព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ រួចហើយ ចូរអ្នកទៅគាល់ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ចូរអ្នក​ថ្វាយបង្គំ​ព្រះបាទាព្រះសារីបុត្តមានអាយុ តាមពាក្យរបស់យើង រួចហើយ ចូរអ្នកទូលយ៉ាង​នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវ​សេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ថ្វាយបង្គំ​ព្រះបាទាព្រះសារីបុត្តមានអាយុ ដោយសិរ្សៈ ដូច្នេះផង ចូរអ្នកទូលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំព្រះករុណាសូមអង្វរ សូម​ព្រះសារីបុត្តមានអាយុ អាស្រ័យនូវសេចក្តី​អនុគ្រោះ ចូលទៅកាន់លំនៅរបស់​អនាថបិណ្ឌិក​គហបតី ដូច្នេះផង។ បុរសនោះ ទទួលពាក្យ​អនាថបិណ្ឌិកគហបតីថា បាទ លោកដ៏ចម្រើន ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។

[១៩៦] លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តី​ទុក្ខ មានជម្ងឺធ្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ ហើយបុរស​នោះ ក៏ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះសារីបុត្ត​មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូល​ព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ថ្វាយបង្គំ​ព្រះបាទាព្រះសារីបុត្តមានអាយុ ដោយ​សិរ្សៈ ហើយបុរសនោះ ក៏ទូលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំព្រះករុណា​សូមអង្វរ សូមព្រះសារីបុត្តមានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់ផ្ទះរបស់​អនាថបិណ្ឌិកគហបតី (ឲ្យទាន)។ ព្រះសារីបុត្តមានអាយុ ក៏ទទួល​និមន្តដោយ​តុណ្ហីភាព។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ មាន​ព្រះអានន្ទមានអាយុ ជាបច្ឆាសមណៈ ក៏ចូលទៅកាន់ផ្ទះ របស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលប្រគេន។

[១៩៧] លុះព្រះសារីបុត្តមានអាយុ គង់រួចហើយ ក៏មានថេរវាចានឹង​អនាថបិណ្ឌិកគហបតី ដូច្នេះថា ម្នាលគហបតី សរីរយន្តអ្នកល្មមអត់ធន់​បានដែរឬ ល្មម​ឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាបានស្រាកស្រាន្ត មិនចម្រើនឡើង​ទេឬ ការធូរថយ​រមែងប្រាកដ ឯការចម្រើនឡើង រមែង​មិនប្រាកដទេឬ។ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំ​អត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ ចេះតែចម្រើនឡើង មិនស្រាកស្រាន្តទេ ការចម្រើន ចេះតែប្រាកដ ការធូរថយ មិនប្រាកដទេ។

[១៩៨] បពិត្រព្រះសារីបុត្តដ៏ចម្រើន បុរសមានកម្លាំង ចាក់អំបែង​ក្បាលដោយ​ដែកស្រួចមុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្យល់ដ៏ខ្លាំង ចាក់ដោត​អំបែង​ក្បាលខ្ញុំ ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅ​មិនបានទេ ព្រោះទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ រមែងចម្រើនឡើង មិនស្រាកស្រាន្តទេ មានតែ​រឹត​ឡើង ឥតធូរថយសោះ។

[១៩៩] បពិត្រព្រះសារីបុត្តដ៏ចម្រើន បុរសមានកម្លាំង យកចង្វាយព្រ័ត្រដ៏មាំ មក​ត្របែងក្បាល យ៉ាងណាមិញ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្យល់ដ៏ខ្លាំង ឆ្កៀលក្បាលខ្ញុំ ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅ​មិនបានទេ ព្រោះទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ តែងចម្រើនឡើង មិនស្រាកស្រាន្តទេ មានតែ​រឹត​ឡើង ឥតធូរថយសោះ។

[២០០] បពិត្រព្រះសារីបុត្តដ៏ចម្រើន អ្នកសម្លាប់គោក្តី កូនសិស្សរបស់​អ្នក​សម្លាប់​គោដ៏ឈ្លាសក្តី វះពោះ ដោយកាំបិតសម្រាប់វះគោដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្ត​ដ៏ចម្រើន ខ្យល់ដែលខ្លាំង រមែងអារពោះរបស់ខ្ញុំ ក៏យ៉ាងនោះឯង បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅ​មិនបានទេ ព្រោះទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ តែងចម្រើនឡើង មិនស្រាកស្រាន្ត មានតែ​រឹត​ឡើង ឥតធូរថយសោះ។

[២០១] បពិត្រព្រះសារីបុត្តដ៏ចម្រើន បុរស២នាក់ មានកម្លាំង ចាប់បុរស​ម្នាក់ដែល​ខ្សោយជាង ត្រង់ដើមដៃទាំងពីរ រោលកំដៅលើរណ្តៅរងើកភ្លើង យ៉ាងណាមិញ បពិត្រព្រះសារីបុត្តដ៏ចម្រើន ឯសេចក្តីក្តៅក្រហាយដ៏ខ្លាំង ក្នុងកាយរបស់ខ្ញុំ ក៏យ៉ាងនោះឯង បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅ​មិនបានទេ ព្រោះទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ តែងចម្រើនឡើង មិនស្រាកស្រាន្តទេ មានតែ​រឹត​ឡើង ឥតធូរថយសោះ។

[២០២] ព្រះសារីបុត្តតបថា ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នក​ត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវចក្ខុ ទាំងវិញ្ញាណ ដែលអាស្រ័យ​ចក្ខុ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវត្រចៀក ទាំងវិញ្ញាណ ដែលអាស្រ័យ​ត្រចៀក របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវច្រមុះ ទាំងវិញ្ញាណ ដែលអាស្រ័យ​ច្រមុះ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវអណ្តាត ទាំងវិញ្ញាណ ដែលអាស្រ័យ​អណ្តាត របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវកាយ ទាំងវិញ្ញាណ ដែលអាស្រ័យ​កាយ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវចិត្ត ទាំងវិញ្ញាណ ដែលអាស្រ័យ​ចិត្ត របស់អាត្មាអញ ក៏នឹង​មិនមាន​ឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៣] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវរូប ទាំងវិញ្ញាណ ដែលអាស្រ័យ​រូប របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវសំឡេង… នឹងមិនប្រកាន់នូវក្លិន… នឹងមិនប្រកាន់នូវរស… នឹងមិនប្រកាន់​នូវផ្សព្វ… នឹងមិនប្រកាន់នូវធម្មារម្មណ៍ ទាំងវិញ្ញាណ ដែលអាស្រ័យធម្មារម្មណ៍ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។

[២០៤] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវចក្ខុវិញ្ញាណ ទាំងវិញ្ញាណដែលអាស្រ័យ​ចក្ខុវិញ្ញាណ របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវសោតវិញ្ញាណ… នឹង​មិនប្រកាន់​នូវឃានវិញ្ញាណ… នឹងមិនប្រកាន់នូវជិវ្ហាវិញ្ញាណ… នឹងមិនប្រកាន់នូវកាយវិញ្ញាណ… នឹង​មិនប្រកាន់នូវមនោវិញ្ញាណ ទាំងវិញ្ញាណ ដែលអាស្រ័យមនោវិញ្ញាណ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៥] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវចក្ខុសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យ​ចក្ខុសម្ផ័ស្ស របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវសោតសម្ផ័ស្ស… នឹង​មិនប្រកាន់​នូវឃានសម្ផ័ស្ស… នឹងមិនប្រកាន់នូវជិវ្ហាសម្ផ័ស្ស… នឹងមិនប្រកាន់នូវកាយសម្ផ័ស្ស… នឹង​មិនប្រកាន់នូវមនោសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យមនោសម្ផ័ស្ស របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៦] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យ​វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា ​យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវវេទនា ដែលកើត​អំពី​សោតសម្ផ័ស្ស… នឹង​មិនប្រកាន់​នូវវេទនា ដែលកើតអំពីឃានសម្ផ័ស្ស… នឹងមិនប្រកាន់នូវវេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស… នឹងមិនប្រកាន់នូវវេទនា ដែលកើតអំពីកាយសម្ផ័ស្ស… នឹង​មិនប្រកាន់នូវវេទនា ដែលកើតអំពីមនោសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យវេទនា ដែលកើតអំពីមនោសម្ផ័ស្ស របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៧] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ ​មិនប្រកាន់នូវបឋវីធាតុ ទាំងវិញ្ញាណ ដែលអាស្រ័យ​បឋវីធាតុ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​ យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវអាបោធាតុ… នឹង​មិនប្រកាន់​នូវតេជោធាតុ… នឹងមិនប្រកាន់នូវវាយោធាតុ… នឹងមិនប្រកាន់នូវអាកាសធាតុ… នឹង​មិនប្រកាន់នូវវិញ្ញាណធាតុ ទាំងវិញ្ញាណ​ដែលអាស្រ័យ​វិញ្ញាណធាតុ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៨] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវរូប ទាំងវិញ្ញាណ ដែលអាស្រ័យរូប របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​ យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវវេទនា… នឹង​មិនប្រកាន់​នូវសញ្ញា… នឹងមិនប្រកាន់នូវសង្ខារទាំងឡាយ… នឹងមិនប្រកាន់នូវវិញ្ញាណ ទាំងវិញ្ញាណ ដែលអាស្រ័យវិញ្ញាណ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៩] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់ នូវអាកាសានញ្ចាយតនៈ ទាំងវិញ្ញាណ ដែលអាស្រ័យ​អាកាសានញ្ចាយតនៈ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​ យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់ នូវវិញ្ញាណញ្ចាយតនៈ… នឹង​មិនប្រកាន់ នូវអាកិញ្ចញ្ញាយតនៈ… នឹងមិនប្រកាន់ នូវនេវសញ្ញានាសញ្ញាយតនៈ ទាំងវិញ្ញាណ ដែលអាស្រ័យ​នេវសញ្ញានាសញ្ញាយតនៈ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២១០] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់ នូវលោកនេះ1) ទាំងវិញ្ញាណ ដែលអាស្រ័យ​លោកនេះ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់ នូវលោកខាងមុខ2) ទាំងវិញ្ញាណ ដែលអាស្រ័យលោកខាងមុខ របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២១១] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា ធម្មជាតណា ដែលអាត្មាអញបានឃើញហើយ ឮហើយ ប៉ះពាល់​ហើយ ដឹងច្បាស់ហើយ ស្វែងរកហើយ ស្ទាបស្ទង់ដោយចិត្តហើយ អាត្មាអញ នឹង​មិនប្រកាន់​នូវ​ធម្មជាតនោះ ទាំងវិញ្ញាណ ដែលអាស្រ័យ​ធម្មជាតនោះ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​ យ៉ាងនេះចុះ។

[២១២] កាលដែលព្រះសារីបុត្តមានថេរវាចា យ៉ាងនេះហើយ អនាថបិណ្ឌិក​គហបតី យំសម្រក់ទឹកភ្នែក។ គ្រានោះ ព្រះអានន្ទមានអាយុ មានថេរវាចានឹង​អនាថបិណ្ឌិក​គហបតី ដូច្នេះថា ម្នាលគហបតី អ្នកជាប់នៅក្នុងទ្រព្យសម្បត្តិឬ ម្នាល​គហបតី អ្នកលិចនៅក្នុងទ្រព្យសម្បត្តិឬ។ អនាថបិណ្ឌិក​គហបតីឆ្លើយថា បពិត្រ​ព្រះអានន្ទដ៏ចម្រើន ខ្ញុំមិនជាប់ មិនលិចនៅក្នុងទ្រព្យសម្បត្តិទេ តែថាខ្ញុំព្រះករុណា ដែល​ចូលទៅអង្គុយជិតព្រះសាស្តា អស់កាលយូរហើយផង ចូល​ទៅអង្គុយជិតពួកភិក្ខុ ជា​អ្នក​ចម្រើនចិត្ត អស់កាលយូរហើយផង ក៏ខ្ញុំ​ព្រះករុណា មិនដែលបានស្តាប់ធម្មីកថា មាន​សភាព​ដូច្នេះឡើយ។ ម្នាលគហបតី ធម្មីកថាមានសភាពដូច្នេះ តែង​មិនច្បាស់​ប្រាកដ ដល់​ពួកគ្រហស្ថអ្នកស្លៀកសទេ ម្នាលគហបតី ឯធម្មីកថាមានសភាព​ដូច្នេះ រមែង​ច្បាស់​ប្រាកដដល់ពួកបព្វជិត (តែ​ប៉ុណ្ណោះ)។ បពិត្រព្រះសារីបុត្តដ៏ចម្រើន បើដូច្នោះ ធម្មីកថា​មានសភាពដូច្នេះ សូមឲ្យបាន​ច្បាស់ប្រាកដ ដល់ពួកគ្រហស្ថអ្នកស្លៀកសផង បពិត្រ​លោកដ៏ចម្រើន ព្រោះថា មានពួកកុលបុត្ត ដែលប្រកបដោយ​ជាតិ ជាអ្នក​មានធុលីតិច​ក្នុងភ្នែក ជាអ្នកដឹងច្បាស់នូវធម៌ ព្រោះតែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យ​ចាក​ធម៌​មិនខាន។ លុះព្រះសារីបុត្តមានអាយុ និងព្រះអានន្ទមានអាយុ ទូន្មានអនាថបិណ្ឌិក​គហបតី ដោយឱវាទនេះរួចហើយ ក៏ក្រោកចាកអាសនៈចៀសចេញទៅ។

[២១៣] កាលបើព្រះសារីបុត្តមានអាយុ និងព្រះអានន្ទមានអាយុ ចៀសចេញ​ទៅ អស់កាលមិនយូរប៉ុន្មាន អនាថបិណ្ឌិក​គហបតី ក៏ធ្វើមរណកាល ទៅកើតក្នុងពួក​ទេវតា​ឋានតុសិត។ លំដាប់នោះ អនាថបិណ្ឌិក​ទេវបុត្ត លុះរាត្រីបឋមយាមកន្លងទៅហើយ មាន​ពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងអស់ ឲ្យភ្លឺស្វាងហើយ ក៏ចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិត​នៅក្នុង​ទីសមគួរ។ លុះអនាថបិណ្ឌិក​ទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា វត្តជេតពននេះ សុទ្ធតែពួកអ្នកស្វែងរកគុណដ៏ល្អ នៅអាស្រ័យជានិច្ច ដែល​ព្រះពុទ្ធជាធម្មរាជ គង់អាស្រ័យនៅ ជាទីញុំាងបីតិ ឲ្យកើតព្រមដល់ខ្ញុំព្រះអង្គ កម្ម គឺ​មគ្គចេតនា១ វិជ្ជា គឺ មគ្គបញ្ញា១ ធម៌ទាំងឡាយ ជាបក្ខពួកខាងសមាធិ១ សីល ឈ្មោះ​ថាជីវិតខ្ពស់បំផុត១ សត្វទាំងឡាយរមែងស្អាត ដោយធម៌នេះ មិនមែនដោយគោត្រ ឬ​មិនមែនដោយទ្រព្យឡើយ ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់ នូវ​ប្រយោជន៍របស់ខ្លួន ត្រូវពិចារណាធម៌ ដោយឧបាយនៃប្រាជ្ញា ទើបស្អាតក្នុងធម៌នោះ យ៉ាងនេះបាន មានតែព្រះសារីបុត្តមួយ ទើប​ប្រសើរ​ដោយបញ្ញាផង ដោយសីលផង ដោយ​កិរិយារម្ងាប់នូវកិលេសផង ទុកជាភិក្ខុណា ដល់នូវត្រើយ គឺព្រះនិព្វាន (ភិក្ខុនោះ) ក៏មានគុណអស់ត្រឹមប៉ុណ្ណោះឯង។ លុះ​អនាថបិណ្ឌិក​ទេវបុត្ត ពោលនូវ​គាថានេះចប់ ព្រះសាស្តា ក៏មានព្រះហឫទ័យ​ត្រេកអរ។ លំដាប់នោះ អនាថបិណ្ឌិក​ទេវបុត្ត ដឹងថា ព្រះសាស្តារបស់អាត្មាអញ មានព្រះហឫទ័យត្រេកអរហើយ ក៏ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ​ រួច​ក៏បាត់ក្នុងទីនោះទៅ។

[២១៤] លុះកន្លងរាត្រីនោះទៅហើយ ព្រះមានព្រះភាគក៏ត្រាស់ហៅពួក​ភិក្ខុ​មកថា ម្នាលភិក្ខុទាំងឡាយ កាលដែល​រាត្រីបឋមយាមកន្លងទៅហើយ ក្នុងយប់នេះឯង មាន​ទេវបុត្តមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ហើយក៏ចូល​មករក​តថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ លុះ​ទេវបុត្តនោះ ឋិតនៅក្នុងទីសមគួរហើយ ពោលគាថាទាំងនេះ ចំពោះតថាគតថា វត្តជេតពននេះ សុទ្ធតែពួកលោកអ្នកស្វែងរកគុណដ៏ល្អ នៅអាស្រ័យ​ជានិច្ច ដែល​ព្រះពុទ្ធជាធម្មរាជ គង់អាស្រ័យនៅហើយ ជាទីញុំាងបីតិឲ្យកើតព្រម ដល់ខ្ញុំព្រះអង្គ កម្ម១ វិជ្ជា១ ធម៌ទាំងឡាយ១ សីល ឈ្មោះថាជីវិតខ្ពស់បំផុត១ សត្វទាំងឡាយ រមែងស្អាត​ដោយធម៌នេះ មិនមែន​ដោយគោត្រ ឬមិនមែន​ដោយទ្រព្យឡើយ ព្រោះហេតុ​នោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួនហើយ ត្រូវពិចារណា​នូវធម៌ ដោយឧបាយនៃប្រាជ្ញា ទើប​ស្អាតក្នុងធម៌នោះ យ៉ាងនេះបាន មានតែ​ព្រះសារីបុត្តមួយ ទើប​ប្រសើរ ដោយបញ្ញាផង ដោយសីលផង ដោយកិរិយារម្ងាប់ នូវកិលេសផង ទុកជា​ភិក្ខុណា​ បានដល់នូវត្រើយ គឺព្រះនិព្វាន (ភិក្ខុនោះ) ក៏មានគុណអស់ត្រឹមប៉ុណ្ណេះឯង។ ម្នាលភិក្ខុទាំងឡាយ លុះទេវបុត្តនោះ ពោលនូវគាថានេះចប់ហើយ ដឹងថា​ព្រះសាស្តា របស់អាត្មាអញ មានព្រះហឫទ័យត្រេកអរហើយ ក៏ក្រាបថ្វាយបង្គំ​តថាគត ធ្វើប្រទក្សិណ រួចក៏បាត់ក្នុងទីនោះទៅ។

[២១៥] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទេវបុត្តនោះឯង ប្រាកដជាអនាថបិណ្ឌិកគហបតីនោះ បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​អនាថបិណ្ឌិកគហបតី បានជ្រះថ្លាក្រៃពេក ក្នុងព្រះសារីបុត្តមានអាយុ។ ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ ហេតុដែលអ្នកបានត្រិះរិះនោះ ត្រូវហើយ ទេវបុត្តនោះ គឺ​អនាថបិណ្ឌិកហ្នឹងឯង មិនមែនអ្នកដទៃទេ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវពាក្យ​នេះចប់ហើយ ព្រះអានន្ទមានអាយុ មានសេចក្តីត្រេកអរ រីករាយ នឹងភាសិត​ព្រះមានព្រះភាគ។

ចប់ អនាថបិណ្ឌិកោវាទសូត្រ ទី១។

 

លេខយោង

1)
អដ្ឋកថា ថា លោកនេះ សំដៅយក​កន្លែង​សំរាប់នៅ គ្រឿងសំរាប់ស៊ី និងគ្រឿង​ស្លៀកពាក់។
2)
អដ្ឋកថា ថា សង្គ្រោះយកលោកដទៃ លើកលែងតែមនុស្សលោកចេញ។ អធិប្បាយថា ឲ្យលះចិត្ត​គិតថា អាត្មាអញ នឹងកើតក្នុងទេវលោកឯណោះ នៅក្នុងទេវលោកឯណោះ បរិភោគ​ និងស្លៀកដណ្តប់យ៉ាងនេះ។
km/tipitaka/sut/mn/sut.mn.143.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann