តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » សឡាយតនវគ្គ »
ព្រះសូត្រដ៏ចម្រូងចម្រាសបំផុតមួយរាយការណ៍អំពីការធ្វើអត្តឃាតរបស់ព្រះតេជគុណឆន្នៈ។ ហេតុពិតប្រាកដអាចត្រូវបានរកឃើញនៅក្នុងសមាគមអាក្រក់របស់គាត់។
mn 144 បាលី cs-km: sut.mn.144 អដ្ឋកថា: sut.mn.144_att PTS: ?
(ទី២) ឆន្នោវាទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. ឆន្នោវាទសុត្តំ)
[២១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះ ព្រះសារីបុត្រមានអាយុ ព្រះមហាចុន្ទៈមានអាយុ និងព្រះឆន្នៈមានអាយុ កំពុងគង់នៅនាភ្នំគិជ្ឈកូដ។ សម័យនោះឯង ព្រះឆន្នៈមានអាយុ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់។
[២១៧] គ្រានោះ ព្រះសារីបុត្រមានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាចុន្ទៈមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះមហាចុន្ទៈមានអាយុ យ៉ាងនេះថា ម្នាលចុន្ទៈមានអាយុ មក យើងចូលទៅរកព្រះឆន្នៈមានអាយុ នឹងបានសួរជម្ងឺ។ ព្រះមហាចុន្ទៈមានអាយុ ទទួលពាក្យព្រះសារីបុត្រមានអាយុថា ករុណា លោកមានអាយុ។ លំដាប់នោះ ព្រះសារីបុត្រមានអាយុ និងព្រះមហាចុន្ទៈមានអាយុ ចូលទៅរកព្រះឆន្នៈមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះឆន្នៈមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រមានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានសួរព្រះឆន្នៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោឆន្នៈ លោកអាចអត់ធន់បានឬទេ លោកអាចញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ ទុក្ខវេទនាបានស្រាកស្រាន្ត មិនចម្រើនឡើងទេឬ ការធូរថយប្រាកដ ការចម្រើនមិនប្រាកដទេឬ។ ព្រះឆន្នត្ថេរ និយាយថា ម្នាលអាវុសោ សារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំខ្លាំងណាស់ ចេះតែចម្រើនឡើង មិនស្រាកស្រាន្តទេ ការចម្រើនឡើង នៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដទេ។
[២១៨] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំង គប្បីចាក់ក្បាលដោយដែកស្រួចដ៏មុត យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង ចាក់នូវក្បាលខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនានៃខ្ញុំខ្លាំងណាស់ ចេះតែចម្រើនឡើង មិនស្រាកស្រាន្តទេ ការចម្រើនឡើង នៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ។
[២១៩] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំង រុំត្របែងក្បាលដោយកំណាត់ព្រ័ត្រដ៏មាំ យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង ចាក់ដោតក្បាលខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាកស្រាន្តទេ ការចម្រើនឡើងនៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ។
[២២០] ម្នាលអាវុសោសារីបុត្រ អ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោ ដែលប៉ិនប្រសប់ គប្បីវះពោះគោ ដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង វះអារពោះខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនានៃខ្ញុំ ខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាកស្រាន្តទេ ការចម្រើនឡើងនៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ។
[២២១] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំងពីរនាក់ ចាប់នូវបុរសមានកម្លាំងថយ ត្រង់ដើមដៃម្ខាងៗម្នាក់ នាំយកទៅរោលកំដៅ លើរណ្តៅរងើកភ្លើង យ៉ាងណា ម្នាលអាវុសោសារីបុត្រ សេចក្តីក្តៅក្រហាយ ក្នុងរាងកាយរបស់ខ្ញុំ ដ៏ក្រៃលែង យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំ ខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាកស្រាន្តទេ ការចម្រើនឡើង នៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ ម្នាលអាវុសោសារីបុត្រ ខ្ញុំនឹងនាំយកនូវកាំបិត1) ខ្ញុំមិនអាល័យជីវិតទេ។
[២២២] ព្រះសារីបុត្រនិយាយថា ឆន្នៈមានអាយុ កុំកាន់យកកាំបិតឡើយ ឆន្នៈមានអាយុ ចូរញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅចុះ ពួកយើងចង់ឲ្យឆន្នៈមានអាយុ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ប្រសិនបើមិនមានភោជនជាទីសប្បាយ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំ នឹងស្វែងរកភោជនជាទីសប្បាយ ឲ្យឆន្នៈមានអាយុ ប្រសិនបើមិនមានភេសជ្ជៈ ជាទីសប្បាយ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំ នឹងស្វែងរកភេសជ្ជៈ ជាទីសប្បាយ ឲ្យឆន្នៈមានអាយុ ប្រសិនបើមិនមានមនុស្ស ជាឧបដ្ឋាកដ៏សមគួរ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំនឹងបម្រើឆន្នៈមានអាយុ ឆន្នៈមានអាយុ កុំកាន់យកកាំបិតឡើយ ឆន្នៈមានអាយុ ចូរញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ យើងប្រាថ្នាឲ្យឆន្នៈមានអាយុ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅណាស់។
[២២៣] ឆន្នភិក្ខុឆ្លើយថា ម្នាលអាវុសោសារីបុត្រ ភោជនជាទីសប្បាយ សម្រាប់ខ្ញុំមិនមែនគ្មានទេ ភេសជ្ជៈជាទីសប្បាយសម្រាប់ខ្ញុំ មិនមែនគ្មានទេ មនុស្សជាឧបដ្ឋាកដ៏សមគួរ សម្រាប់ខ្ញុំមិនមែនគ្មានទេ ម្នាលអាវុសោសារីបុត្រ តែថា ខ្ញុំធ្លាប់បម្រើព្រះសាស្តា យូរអង្វែងមកហើយ ដោយសេចក្តីពេញចិត្តពិតៗ មិនមែនបម្រើ ដោយសេចក្តីមិនពេញចិត្តទេ ម្នាលអាវុសោសារីបុត្រ ព្រោះថា អំពើដែលសមគួរដល់សាវ័ក គឺត្រង់បម្រើព្រះសាស្តា ដោយសេចក្តីពេញចិត្តពិតៗ មិនមែនបម្រើដោយសេចក្តីមិនពេញចិត្តនោះទេ ម្នាលអាវុសោសារីបុត្រ អ្នកចូរចាំទុកសេចក្តីនុ៎ះ យ៉ាងនេះថា ឆន្នភិក្ខុ នឹងកាន់យកកាំបិតឥតទោសពៃរ៍អ្វីទេ។ ព្រះសារីបុត្រសួរថា បើឆន្នៈមានអាយុបើកឱកាស ដើម្បីឆ្លើយប្រស្នាបាន យើងនឹងសួរនូវហេតុបន្តិចនឹងឆន្នៈមានអាយុ។ ឆន្នភិក្ខុឆ្លើយថា ម្នាលអាវុសោសារីបុត្រ អ្នកសួរមកចុះ ខ្ញុំស្តាប់ហើយ គង់នឹងដឹង។
[២២៤] ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវសោតៈ នូវសោតវិញ្ញាណ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវឃានៈ នូវឃានវិញ្ញាណ… ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវជីវ្ហា នូវជីវ្ហាវិញ្ញាណ… ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវកាយ នូវកាយវិញ្ញាណ… ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញ នូវសោតៈ នូវសោតវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវឃានៈ នូវឃានវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវជីវ្ហា នូវជីវ្ហាវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវកាយ នូវកាយវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។
[២២៥] ព្រះសារីបុត្រសួរថា ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងចក្ខុ ក្នុងចក្ខុវិញ្ញាណ និងក្នុងពួកធម៌ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណ ទើបពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញទេ ម្នាលអាវុសោឆន្នៈ ក្នុងសោតៈ ក្នុងសោតវិញ្ញាណ… ម្នាលអាវុសោឆន្នៈ ក្នុងឃានៈ ក្នុងឃានវិញ្ញាណ… ម្នាលអាវុសោឆន្នៈ ក្នុងជិវ្ហា ក្នុងជិវ្ហាវិញ្ញាណ… ម្នាលអាវុសោឆន្នៈ ក្នុងកាយ ក្នុងកាយវិញ្ញាណ… ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងមនោ ក្នុងមនោវិញ្ញាណ និងក្នុងពួកធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណ ទើបពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ម្នាលអាវុសោសារីបុត្រ ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងចក្ខុ ក្នុងចក្ខុវិញ្ញាណ និងក្នុងពួកធម៌ ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ បើពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញទេ ម្នាលអាវុសោសារីបុត្រ ក្នុងសោតៈ ក្នុងសោតវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ក្នុងឃានៈ ក្នុងឃានវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ក្នុងជិវ្ហា ក្នុងជិវ្ហាវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ក្នុងកាយ ក្នុងកាយវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងមនោ ក្នុងមនោវិញ្ញាណ និងក្នុងពួកធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណ ទើបពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។
[២២៦] កាលបើឆន្នភិក្ខុនិយាយយ៉ាងនេះហើយ ព្រះមហាចុន្ទៈមានអាយុ និយាយនឹងឆន្នៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោឆន្នៈ ព្រោះហេតុនោះ សាសនានេះ របស់ព្រះមានព្រះភាគនោះ បុគ្គលគួរធ្វើទុកក្នុងចិត្ត អស់កាលជានិច្ច បុគ្គល ដែលមានតណ្ហា និងទិដ្ឋិអាស្រ័យនៅហើយ តែងមានសេចក្តីញាប់ញ័រ បុគ្គល ដែលមិនមានតណ្ហា និងទិដ្ឋិអាស្រ័យនៅហើយ មិនមានសេចក្តីញាប់ញ័រទេ កាលបើសេចក្តីញាប់ញ័រមិនមានហើយ សេចក្តីស្ងប់រម្ងាប់ នៃកាយ និងចិត្តរមែងមាន កាលបើសេចក្តីស្ងប់រម្ងាប់មានហើយ តណ្ហាក៏មិនមាន កាលបើតណ្ហាមិនមានហើយ អាគតិ និងគតិ2) ក៏មិនមាន កាលបើអាគតិ និងគតិមិនមានហើយ ចុតិ និងបដិសន្ធិ ក៏មិនមាន កាលបើចុតិ និងបដិសន្ធិ មិនមានហើយ លោកនេះក៏មិនមាន លោកខាងមុខ ក៏មិនមាន លោកទាំងពីរ ក៏មិនមាន នេះហៅថា ទីបំផុតនៃទុក្ខ។ គ្រានោះឯង ព្រះសារីបុត្រមានអាយុ និងព្រះមហាចុន្ទៈមានអាយុ បាននិយាយទូន្មានឆន្នៈមានអាយុ ដោយឱវាទនេះហើយ ក៏ក្រោកអំពីអាសនៈ ចេញទៅ។
[២២៧] គ្រាកាលដែលព្រះសារីបុត្រមានអាយុ និងព្រះមហាចុន្ទៈមានអាយុ ចេញទៅមិនយូរប៉ុន្មាន ព្រះឆន្នៈមានអាយុ ក៏នាំយកនូវកាំបិត។ គ្រានោះ ព្រះសារីបុត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយនៅក្នុងទីសមគួរ។ លុះព្រះសារីបុត្រមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឆន្នៈមានអាយុ នាំយកនូវកាំបិតហើយ គតិរបស់លោក ដូចម្តេចទៅ បរលោកដូចម្តេចទៅ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ ការមិនមានទោស (នោះ) ឆន្នភិក្ខុ បានព្យាករចំពោះមុខអ្នកឯងហើយតើ។ បពិត្រព្រះអង្គដ៏ចំរើន មានស្រុកវជ្ជី ឈ្មោះបុព្វជីរៈ ត្រកូលជាមិត្រ ត្រកូលជាសំឡាញ់ ត្រកូលដែលគួរចូលទៅរក របស់ឆន្នៈមានអាយុ មាននៅក្នុងស្រុកនោះ។
[២២៨] ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ ត្រកូលទាំងនោះ គឺត្រកូលជាមិត្រ ត្រកូលជាសំឡាញ់ ត្រកូលដែលគួរចូលទៅរក របស់ឆន្នៈភិក្ខុ មានមែនហើយ ម្នាលសារីបុត្រ តែថាតថាគត មិនហៅថាជាបុគ្គលគួរតិះដៀល ដោយហេតុមានប្រមាណប៉ុណ្ណេះទេ ម្នាលសារីបុត្រ អ្នកណាដាក់ចុះ នូវកាយនេះផង ប្រកាន់នូវកាយឯទៀតផង តថាគត ហៅអ្នកនោះថា គួរគេតិះដៀល ដំណើរនោះ មិនមានដល់ឆន្នភិក្ខុទេ ឆន្នភិក្ខុនាំយកនូវកាំបិត ឥតមានទោសឡើយ។ លុះព្រះមានព្រះភាគ ពោលពាក្យនេះហើយ ព្រះសារីបុត្រមានអាយុ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ឆន្នោវាទសូត្រ ទី២។