User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.145



បុណ្ណោវាទសូត្រ ទី៣

សង្ខេប

ព្រះ​ពុទ្ធ​ សម្ដែង​ធម៌​សង្ខេប​ ដល់​ព្រះ​បុណ្ណៈ​​ មុន​នឹង​ត្រាច់​​តែ​ម្នាក់​ឯង ទៅ​កាន់​ជន​បទ​មួយ​ ដែល​សំបូរ​​ដោយ​មនុស្ស​សុទ្ធ​តែ​កាចៗ។

mn 145 បាលី cs-km: sut.mn.145 អដ្ឋកថា: sut.mn.145_att PTS: ?

(ទី៣) បុណ្ណោវាទសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣. បុណ្ណោវាទសុត្តំ)

[២២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី​ ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ចេញចាកទីសម្ងំ ក្នុងវេលារសៀល ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​ព្រះបុណ្ណៈ​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មេត្តាប្រោស ទូន្មានខ្ញុំព្រះអង្គដោយ​ព្រះ​ឱវាទយ៉ាងសង្ខេប លុះខ្ញុំ​ព្រះអង្គស្តាប់នូវធម៌ របស់ព្រះមានព្រះភាគ​ហើយ នឹងចេញ​ទៅ​តែម្នាក់ឯង មិនប្រមាទ មានព្យាយាមជាគ្រឿង​ដុត​បំផ្លាញកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន សម្រេចសម្រាន្តឥរិយាបថ ទាំង៤។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាល​បុណ្ណៈ បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រះបុណ្ណៈ​មានអាយុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។

[២៣០] ព្រះមានព្រះភាគត្រាស់យ៉ាងនេះថា ម្នាលបុណ្ណៈ រូបដែលគប្បីដឹង​ដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុរីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់ នូវ​រូបនោះ កាលដែលភិក្ខុនោះ រីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់ នូវ​រូបនោះហើយ សេចក្តី​រីករាយ​ក៏កើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ការកើតឡើង នៃសេចក្តីទុក្ខ ព្រោះការ​កើតឡើង​ នៃសេចក្តីរីករាយ។ ម្នាលបុណ្ណៈ សំឡេងដែលគប្បីដឹង ​ដោយត្រចៀក… ក្លិន​ដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ… ធម៌ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុរីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់នូវ​ធម៌នោះ កាលដែលភិក្ខុនោះ រីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់ នូវធម៌នោះហើយ សេចក្តី​រីករាយ ​ក៏កើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ការកើតឡើង នៃសេចក្តីទុក្ខ ព្រោះការ​កើតឡើង ​នៃសេចក្តីរីករាយ។

[២៣១] ម្នាលបុណ្ណៈ រូបដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុមិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវ​រូបនោះ កាលដែលភិក្ខុនោះ​មិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់ នូវរូបនោះហើយ សេចក្តី​រីករាយ​ក៏រលត់ទៅ ម្នាលបុណ្ណៈ តថាគតពោលថា ការរលត់សេចក្តីទុក្ខ ព្រោះការរលត់​សេចក្តីរីករាយ។ ម្នាលបុណ្ណៈ សំឡេងដែលគប្បីដឹងដោយត្រចៀក… ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ… ធម៌ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុមិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវ​ធម៌នោះ កាលដែលភិក្ខុនោះ​មិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវធម៌នោះហើយ សេចក្តី​រីករាយ​ក៏រលត់ទៅ ម្នាលបុណ្ណៈ តថាគតពោលថា ការរលត់សេចក្តីទុក្ខ ព្រោះការរលត់​សេចក្តីរីករាយ។ ម្នាលបុណ្ណៈ តថាគតទូន្មានអ្នក ដោយឱវាទយ៉ាងសង្ខេបនេះឯង​ហើយ តើអ្នកនឹងនៅក្នុងជនបទណា។ ព្រះបុណ្ណៈក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គ ដោយឱវាទ​សង្ខេបនេះហើយ ខ្ញុំព្រះអង្គ នឹងនៅក្នុង​ជនបទឈ្មោះ សុនាបរន្តៈ។

[២៣២] ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណៈ ពួកមនុស្សអ្នកនៅក្នុង សុនាបរន្ត​ជនបទ សុទ្ធតែកាចៗ ម្នាលបុណ្ណៈ ពួកមនុស្សអ្នកនៅក្នុងសុនាបរន្ត​ជនបទ សុទ្ធតែរឹងរូស ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ ជេរ គម្រាមអ្នក ម្នាលបុណ្ណៈ អ្នកនឹងប្រព្រឹត្តក្នុងហេតុនោះ ដូចម្តេចទៅ។ ព្រះបុណ្ណៈ​ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹងជេរ គម្រាមខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយបាតដៃ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៣] ព្រះមានព្រះភាគសួរថា ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុង​សុនាបរន្ត​ជនបទ នឹងប្រហារអ្នក ដោយបាតដៃ ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះដូចម្តេច។ ព្រះបុណ្ណៈ​ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយបាតដៃ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយដុំដី បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្ត​ក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៤] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារអ្នក ដោយដុំដី ម្នាលបុណ្ណៈ អ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារ​ខ្ញុំព្រះអង្គ ដោយដុំដី ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយដំបង បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៥] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារអ្នក ដោយដំបង ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារ​ខ្ញុំព្រះអង្គ ដោយដំបង ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយកាំបិត បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៦] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារអ្នក ដោយកាំបិត ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារ​ខ្ញុំព្រះអង្គ ដោយកាំបិត ខ្ញុំព្រះអង្គនឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនផ្តាច់ជីវិតខ្ញុំព្រះអង្គ ដោយកាំបិត​ដ៏មុតឡើយ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៧] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹងផ្តាច់​ជីវិតអ្នក ដោយកាំបិតដ៏មុត ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ផ្តាច់ជីវិត​ខ្ញុំព្រះអង្គ ដោយកាំបិតដ៏មុតមែន ខ្ញុំព្រះអង្គនឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកសាវ័ករបស់ព្រះមានព្រះភាគ ជាទុក្ខ ធុញទ្រាន់ ខ្ពើមកាយ និងជីវិត តែងស្វែងរក នូវគ្រឿង​សស្ត្រា ជាគ្រឿង​នាំបង់នូវជីវិត អាត្មាអញ មិនបាច់ស្វែងរក​ នូវ​គ្រឿង​សស្ត្រា ជាគ្រឿង​នាំបង់នូវជីវិតនោះទេ ស្រាប់តែបានមក បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៨] ម្នាលបុណ្ណៈ ប្រពៃណាស់ហើយ ម្នាលបុណ្ណៈ អ្នកឯងប្រកបដោយការ​ទូន្មានចិត្ត និងការរម្ងាប់ចិត្តនេះហើយ ទើបគួរនឹងនៅក្នុងសុនាបរន្តជនបទបាន ម្នាល​បុណ្ណៈ ចូរអ្នកសំគាល់​នូវកាលគួរនឹងទៅ ឥឡូវនេះចុះ។ គ្រានោះឯង ព្រះបុណ្ណៈ​មានអាយុ ត្រេកអរ អនុមោទនា ចំពោះភាសិត នៃ​ព្រះមានព្រះភាគ ហើយក្រោក​ចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយរៀបចំសេនាសនៈ រួចចាប់យកបាត្រ និងចីវរ និមន្តទៅកាន់ចារិក ក្នុងសុនាបរន្តជនបទ។ លុះនិមន្តទៅ​កាន់ចារិក តាមលំដាប់ ក៏បានដល់សុនាបរន្តជនបទនោះ។

[២៣៩] ឮថា ព្រះបុណ្ណៈមានអាយុ គង់នៅក្នុងសុនាបរន្តជនបទនោះ។ គ្រានោះ​ឯង ព្រះបុណ្ណៈមានអាយុ បានទូន្មាន​ពួកឧបាសក ប្រមាណ​៥០០ ខាងក្នុងវស្សានោះ បានទូន្មានពួកឧបាសិកា ប្រមាណ​៥០០ ខាងក្នុងវស្សានោះ ហើយលោកបានធ្វើ​ឲ្យជាក់​ច្បាស់ នូវវិជ្ជា៣ ខាងក្នុងវស្សានោះដែរ។ លំដាប់នោះ ព្រះបុណ្ណៈមានអាយុ ក៏បរិនិព្វាន​ទៅ ក្នុងសម័យខាងក្រោយ។ គ្រានោះឯង ភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កុលបុត្រឈ្មោះបុណ្ណៈ ដែលព្រះមានព្រះភាគទូន្មាន ដោយ​ឱវាទ​សង្ខេប លោកធ្វើមរណកាលទៅហើយ គតិរបស់លោក​ដូចម្តេច បរលោកដូចម្តេចទៅ។

[២៤០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រឈ្មោះបុណ្ណៈ ជាបណ្ឌិត បានប្រព្រឹត្តធម៌ ដ៏សមគួរដល់​នវលោកុត្តរធម៌ ទាំងមិនបានញុំាងតថាគត ឲ្យលំបាកព្រោះធម៌ជាហេតុ ម្នាលភិក្ខុទាំងឡាយ កុលបុត្រឈ្មោះបុណ្ណៈ បរិនិព្វាន​ហើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ចប់ បុណ្ណោវាទសូត្រ ទី៣។

 

លេខយោង

km/tipitaka/sut/mn/sut.mn.145.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann