តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » សឡាយតនវគ្គ »
ដល់វេនរបស់ព្រះនន្ទកៈប្រៀនប្រដៅពួកភិក្ខុនី។ លុះដល់វេនទី២ ភិក្ខុនីពិតជា បានទៅដល់ព្រះធម៌របស់ព្រះអរហន្ត។ ព្រះសូត្រក៏ផ្តល់នូវការប្រៀបធៀបដ៏ល្បីនៃស្បែកគោដែលដាច់ចេញពីសាច់។
mn 146 បាលី cs-km: sut.mn.146 អដ្ឋកថា: sut.mn.146_att PTS: ?
(ទី៤) នន្ទកោវាទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. នន្ទកោវាទសុត្តំ)
[២៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះនាងមហាបជាបតិគោតមី ព្រមទាំងភិក្ខុនី ប្រមាណប្រាំរយរូប នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះនាងមហាបជាបតិគោតមី ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទូន្មានពួកភិក្ខុនី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ប្រៀនប្រដៅពួកភិក្ខុនី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ធ្វើនូវធម្មីកថាដល់ពួកភិក្ខុនី។
[២៤២] ក្នុងសម័យនោះឯង ពួកភិក្ខុជាថេរៈ តែងទូន្មានពួកភិក្ខុនីតាមវេនៗ។ ចំណែកនន្ទកៈមានអាយុ មិនចង់ទូន្មានពួកភិក្ខុនីតាមវេនឡើយ។ ទើបព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ ថ្ងៃនេះ ជាវេនភិក្ខុណាហ្ន៎ ដែលត្រូវឲ្យឱវាទពួកភិក្ខុនីតាមវេន។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងអស់ បានធ្វើវេន ដើម្បីទូន្មានពួកភិក្ខុនី តាមវេនៗហើយ បពិត្រព្រះអង្គដ៏ចំរើន នន្ទកៈមានអាយុនេះ មិនចង់ទូន្មានពួកភិក្ខុនីតាមវេនទេ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅនន្ទកៈមានអាយុមកថា ម្នាលនន្ទកៈ អ្នកចូរទូន្មានពួកភិក្ខុនី ម្នាលនន្ទកៈ អ្នកចូរប្រៀនប្រដៅពួកភិក្ខុនី ម្នាលព្រាហ្មណ៍ អ្នកចូរធ្វើនូវធម្មីកថា ដល់ពួកភិក្ខុនី។ នន្ទកៈមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត មានខ្លួនជាគំរប់ពីរ គឺមានគ្នាពីរនាក់ ចូលទៅកាន់រាជការាម។ ពួកភិក្ខុនីទាំងនោះ បានឃើញនន្ទកៈមានអាយុ មកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ តំកល់ទឹកសម្រាប់លាងព្រះបាទ។ នន្ទកៈមានអាយុ អង្គុយលើអាសនៈ ដែលគេក្រាលទុកហើយ លុះអង្គុយស៊ប់ ទើបលាងជើង។ ភិក្ខុនីទាំងនោះ ថ្វាយបង្គំនន្ទកៈមានអាយុ ហើយអង្គុយក្នុងទីសមគួរ។
[២៤៣] លុះភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ នន្ទកៈមានអាយុ បាននិយាយយ៉ាងនេះថា ម្នាលនាងទាំងឡាយ តទៅមុខ បើមានពាក្យគេសាកសួរ បើពួកភិក្ខុនីដឹងច្បាស់ ក្នុងប្រស្នានោះ គប្បីឆ្លើយថា ពួកយើងដឹង បើមិនដឹងទេ គប្បីឆ្លើយថា ពួកយើងមិនដឹងទេ មួយទៀត ភិក្ខុនីណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ ភិក្ខុនីនោះ គប្បីសួរយើង ក្នុងប្រស្នានោះចុះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះដូចម្តេច សេចក្តីអធិប្បាយ របស់ពាក្យនេះ ដូចម្តេច។ ពួកភិក្ខុនីតបថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់នន្ទកៈ បវារណាយើង ដោយពាក្យណា ពួកយើងមានចិត្តត្រេកអរ រីករាយ ចំពោះលោកម្ចាស់នន្ទកៈ ដោយពាក្យមានប្រមាណប៉ុណ្ណេះ។
[២៤៤] នន្ទកៈភិក្ខុសួរថា ម្នាលនាងទាំងឡាយ ពួកនាងសំគាល់នូវសេចក្តីនោះដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណាដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច ត្រចៀកទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ច្រមុះទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ អណ្តាតទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ចិត្តទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃថា អាយតនៈខាងក្នុង ទាំងប្រាំមួយនេះ មិនទៀងទេ។ ម្នាលនាងទាំងឡាយ ប្រពៃណាស់ហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនោះដែរ។
[២៤៥] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច សំឡេងទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ក្លិនទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ រសទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ផោដ្ឋព្វៈ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ធម្មារម្មណ៍ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ អាយតនៈខាងក្រៅ ទាំង៦នេះ មិនទៀងទេ។ ម្នាលនាងទាំងឡាយ ប្រពៃណាស់ហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនោះដែរ។
[២៤៦] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច សោតវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ឃានវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ជិវ្ហាវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ មនោវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនុ៎ះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញា ដ៏ប្រពៃថា វិញ្ញាណកាយ ទាំង៦នេះ មិនទៀងទេ។ ម្នាលនាងទាំងឡាយ ប្រពៃណាស់ហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនោះដែរ។
[២៤៧] ម្នាលនាងទាំងឡាយ សេចក្តីប្រៀបថា ប្រទីបពេញដោយប្រេងកំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ពន្លឺក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា និយាយយ៉ាងនេះថា ប្រទីបពេញដោយប្រេងឯណោះ កំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើង ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ពន្លឺណា របស់ប្រទីបនោះ ពន្លឺនោះ ទើបទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ ការនិយាយនុ៎ះ មិនត្រូវទេ លោកម្ចាស់។ ពាក្យនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ប្រទីបពេញដោយប្រេងឯណោះ កំពុងតែឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់ទៅពន្លឺរបស់ប្រទីបនោះ ដែលជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។
[២៤៨] ម្នាលនាងទាំងឡាយ សេចក្តីនេះ ក៏ដូច្នេះដែរ ជនណានិយាយ យ៉ាងនេះថា អាយតនៈខាងក្នុងប្រាំមួយនេះ មិនទៀង អាត្មាអញ ទទួលដឹងអារម្មណ៍ណាជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិនសុខ ព្រោះអាស្រ័យអាយតនៈខាងក្នុង អារម្មណ៍នោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ ការនិយាយនុ៎ះ មិនត្រឹមត្រូវទេ លោកម្ចាស់។ ពាក្យនោះ មិនត្រឹមត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា វេទនា ដែលកើត អំពីអាយតនៈខាងក្នុងនោះៗ តែងកើតឡើង ព្រោះអាស្រ័យបច្ច័យ ដែលកើតអំពីអាយតនៈខាងក្នុងនោះៗ វេទនា ដែលកើត អំពីអាយតនៈខាងក្នុងនោះៗ តែងរលត់ទៅ ព្រោះរលត់នៃបច្ច័យ ដែលកើតអំពីអាយតនៈខាងក្នុងនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃណាស់ហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
[២៤៩] ម្នាលនាងទាំងឡាយ ប្រៀបដូចជាឈើធំ មានខ្លឹមកំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ស្រមោល ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា និយាយយ៉ាងនេះថា ឈើធំឯណោះ មានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹកក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ស្រមោលណា របស់ឈើនោះ ស្រមោលនោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា អ្នកនោះ ឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ ការនិយាយនុ៎ះ មិនត្រូវទេ លោកម្ចាស់។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះថា ឈើធំឯណោះ មានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែកនិងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់ស្រមោលរបស់ឈើនោះ ដែលជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។
[២៥០] ម្នាលនាងទាំងឡាយ សេចក្តីនេះ ក៏យ៉ាងនោះដែរ ជនណានិយាយយ៉ាងនេះថា អាតយនៈខាងក្រៅប្រាំមួយនេះ មិនទៀង អាត្មាអញ អាស្រ័យអាយតនៈខាងក្រៅហើយ ទទួលដឹងអារម្មណ៍ណា ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខមិនមែនសុខ អារម្មណ៍នោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ការនិយាយនុ៎ះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា វេទនាដែលកើត អំពីអាយតនៈខាងក្រៅនោះៗ តែងកើតឡើង ព្រោះអាស្រ័យបច្ច័យ ដែលកើតអំពីអាយតនៈខាងក្រៅនោះៗ វេទនា ដែលកើត អំពីអាយតនៈខាងក្រៅនោះៗ រលត់ទៅវិញ ព្រោះរលត់បច្ច័យ ដែលកើតអំពីអាយតនៈខាងក្រៅនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃណាស់ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
[២៥១] ម្នាលនាងទាំងឡាយ ប្រៀបដូចជាបុរសអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោ ដែលប្រសប់ សម្លាប់នូវមេគោ ហើយពន្លះនូវមេគោ ដោយកាំបិតសម្រាប់អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺសាច់វាវ ខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុងក្តី ក៏អារពន្លះកាត់យកវត្ថុនោះៗ ដោយកាំបិតសម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែកខាងក្រៅ មកគ្របមេគោ ដោយស្បែកនោះវិញដដែល ហើយនិយាយយ៉ាងនេះថា មេគោនេះ នៅមានស្បែកដូចមុនដដែល ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកម្ចាស់ ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះថា បុរសអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោឯណោះ ដែលប្រសប់ បានសម្លាប់នូវមេគោ ហើយអារនូវមេគោ ដោយកាំបិតសម្រាប់អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺសាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុងក្តី ក៏អារពន្លះ កាត់យកវត្ថុនោះៗ ដោយកាំបិតសម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែកខាងក្រៅ មកគ្របមេគោនោះ ដោយស្បែកនោះវិញដដែល ជននោះ និយាយយ៉ាងនេះថា មេគោនេះ នៅមានស្បែកដូចមុនដដែល ដូច្នេះក៏ពិតមែនហើយ ប៉ុន្តែមេគោនោះ ប្រាសចាកស្បែកនោះហើយ ដោយប្រាកដ។
[២៥២] ម្នាលនាងទាំងឡាយ ពាក្យឧបមាដែលយើងធ្វើហើយនេះ ដើម្បីឲ្យពួកនាងដឹងច្បាស់ នូវសេចក្តីអធិប្បាយ។ ឯសេចក្តីអធិប្បាយ ក្នុងអាយតនៈនុ៎ះ ដូចតទៅនេះ។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ខាងក្នុងនុ៎ះ ជាឈ្មោះ នៃអាយតនៈខាងក្នុងប្រាំមួយ។ ម្នាលនាងទាំងឡាយ ពាក្យថា ស្បែកខាងក្រៅនុ៎ះ ជាឈ្មោះ នៃអាយតនៈខាងក្រៅប្រាំមួយ។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ វាវ ខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុងក្តី នុ៎ះជាឈ្មោះ នៃនន្ទិរាគ។ ម្នាលនាងទាំងឡាយ ពាក្យថា កាំបិតសម្រាប់អារគោដ៏មុតនុ៎ះ ជាឈ្មោះ នៃប្រាជ្ញាដ៏ប្រសើរ។ ប្រាជ្ញាដ៏ប្រសើរនេះ តែងអារពន្លះ កាត់កិលេសខាងក្នុង សំយោជនៈខាងក្នុង ចំណងខាងក្នុង។
[២៥៣] ម្នាលនាងទាំងឡាយ ពោជ្ឈង្គទាំងប្រាំពីរនេះ ភិក្ខុណាចម្រើនហើយ ធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ រមែងអស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ពោជ្ឈង្គ ទាំង៧ ដូចម្តេចខ្លះ។ ម្នាលនាងទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ឈមមុខទៅកាន់សេចក្តីលះបង់ ចម្រើននូវធម្មវិចយសម្ពោជ្ឈង្គ… ចម្រើននូវវីវិយសម្ពោជ្ឈង្គ… ចម្រើននូវបីតិសម្ពោជ្ឈង្គ… ចម្រើននូវបស្សទ្ធិសម្ពោជ្ឈង្គ… ចម្រើននូវសមាធិសម្ពោជ្ឈង្គ… ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ឈមមុខទៅកាន់សេចក្តីលះបង់។ ម្នាលនាងទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលភិក្ខុណា បានចម្រើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ រមែងអស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។
[២៥៤] លំដាប់នោះឯង ព្រះនន្ទកៈមានអាយុ ទូន្មានពួកភិក្ខុនីនោះ ដោយឱវាទនេះហើយ ទើបបញ្ជូនទៅថា ម្នាលនាងទាំងឡាយ ចូរពួកនាងទៅចុះ ព្រោះកាលគួរហើយ។ ទើបភិក្ខុនីទាំងនោះ ត្រេកអរ អនុមោទនា នូវភាសិត របស់ព្រះនន្ទកៈមានអាយុ ហើយក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះនន្ទកៈមានអាយុ ធ្វើប្រទក្សិណហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុនីទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុនីទាំងឡាយ ចូរពួកនាងទៅចុះ ព្រោះកាលគួរហើយ។ ទើបភិក្ខុនីទាំងនោះ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។
[២៥៥] កាលដែលភិក្ខុនីទាំងនោះ ចេញទៅមិនយូរប៉ុន្មាន ទើបព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃឧបោសថ ទី១៤ ជនជាច្រើន រមែងមិនមានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ថា ព្រះចន្ទខ្វះ ឬព្រះចន្ទពេញ ដូច្នេះឡើយ រមែងចូលចិត្តថា ព្រះចន្ទខ្វះដោយពិត សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក៏ពួកភិក្ខុនីនោះ គ្រាន់តែមានសេចក្តីត្រេកអរ នឹងធម្មទេសនា របស់នន្ទកភិក្ខុមែន ប៉ុន្តែមានបំណងមិនបានពេញលេញឡើយ មានឧបមេយ្យ យ៉ាងនោះឯង។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅព្រះនន្ទកៈមានអាយុថា ម្នាលនន្ទកៈ បើដូច្នោះ ក្នុងថ្ងៃស្អែក អ្នកគប្បីទូន្មានពួកភិក្ខុនីនោះ ដោយឱវាទនោះទៀត។ ព្រះនន្ទកៈមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២៥៦] លំដាប់នោះឯង ព្រះនន្ទកៈមានអាយុ កាលរាត្រីនោះកន្លងទៅ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត មានខ្លួនជាគំរប់ពីរ ចូលទៅកាន់រាជការាម។ ភិក្ខុនីទាំងនោះ បានឃើញព្រះនន្ទកៈមានអាយុ និមន្តមកអំពីចម្ងាយ។ លុះឃើញហើយ ក៏នាំគ្នាក្រាលអាសនៈផង តំកល់ទឹកសម្រាប់លាងជើងផង។ ព្រះនន្ទកៈមានអាយុ គង់លើអាសនៈ ដែលពួកភិក្ខុនីក្រាលហើយ។ លុះគង់រួចហើយ ទើបលាងនូវជើងទាំងឡាយ។ ឯពួកភិក្ខុនីនោះ ថ្វាយបង្គំព្រះនន្ទកៈមានអាយុ ហើយអង្គុយនៅក្នុងទីសមគួរ។
[២៥៧] លុះពួកភិក្ខុនីនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះនន្ទកៈមានអាយុ បានសួរយ៉ាងនេះថា ម្នាលនាងទាំងឡាយ បើមានពាក្យសាកសួរ ពួកភិក្ខុនីអាចដឹងក្នុងប្រស្នានោះ គប្បីឆ្លើយថា ពួកយើងដឹង (បើ) មិនដឹងទេ គប្បីឆ្លើយថា ពួកយើងមិនដឹងទេ បើសេចក្តីសង្ស័យ ឬងឿងឆ្ងល់ មានដល់ភិក្ខុនីណា ភិក្ខុនីនោះ គប្បីសួរយើង ក្នុងប្រស្នានោះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះដូចម្តេច សេចក្តីអធិប្បាយរបស់ពាក្យនេះ ដូចម្តេច។ បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់នន្ទកៈ បវារណាយើងដោយពាក្យណា យើងមានសេចក្តីត្រេកអរ រីករាយ ចំពោះលោកម្ចាស់នន្ទកៈ ដោយពាក្យមានប្រមាណប៉ុណ្ណេះ។
[២៥៨] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច ត្រចៀកទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ច្រមុះទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ អណ្តាតទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ចិត្តទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃថា អាយតនៈខាងក្នុង៦នេះ មិនទៀងទេ។ ម្នាលនាងទាំងឡាយ ប្រពៃណាស់ហើយ ម្នាលនាងទាំងឡាយ រឿងនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
[២៥៩] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច សំឡេងទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ក្លិនទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ រសទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ផោដ្ឋព្វៈ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ធម្មារម្មណ៍ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញយ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃថា អាយតនៈខាងក្រៅទាំង៦នេះ មិនទៀងទេ។ ម្នាលនាងទាំងឡាយ ប្រពៃពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
[២៦០] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់នូវសេចក្តីនោះ ដូចម្តេច ចក្ខុវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញយ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃថា វិញ្ញាណកាយ ទាំង៦នេះ មិនទៀង។ ម្នាលនាងទាំងឡាយ ប្រពៃពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។ សោតវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ឃានវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ជិវ្ហាវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ មនោវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃថា វិញ្ញាណកាយ ទាំង៦នេះ មិនទៀងទេ។ ម្នាលនាងទាំងឡាយ ប្រពៃពេកហើយ ម្នាលនាងទាំងឡាយ រឿងនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
[២៦១] ម្នាលនាងទាំងឡាយ ប្រៀបដូចជាប្រទីប ពេញដោយប្រេងកំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើង ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ពន្លឺ ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា និយាយយ៉ាងនេះថា ប្រទីបពេញដោយប្រេងឯណោះ កំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើង ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា តែពន្លឺណា របស់ប្រទីបនោះ ពន្លឺនោះទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ប្រទីបពេញដោយប្រេងឯណោះ កំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់ពន្លឺរបស់ប្រទីបនោះ ដែលជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។
[២៦២] ម្នាលនាងទាំងឡាយ ដំណើរនេះក៏ដូច្នោះដែរ ជនណា និយាយយ៉ាងនេះថា អាយតនៈខាងក្នុង ទាំង៦នេះ មិនទៀង អាត្មាអញ អាស្រ័យអាយតនៈខាងក្នុង ទាំង៦ហើយ ទទួលដឹងវេទនាណាជាសុខ ឬជាទុក្ខ ឬក៏មិនមែនទុក្ខមិនមែនសុខ វេទនានោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា វេទនាដែលកើត អំពីអាយតនៈខាងក្នុងនោះៗ តែងកើតឡើង ព្រោះអាស្រ័យបច្ច័យ ដែលកើតអំពីអាយតនៈខាងក្នុងនោះៗ វេទនា ដែលកើត អំពីអាយតនៈខាងក្នុងនោះៗ រលត់ទៅ ព្រោះរលត់នៃបច្ច័យ ដែលកើតអំពីអាយតនៈខាងក្នុងនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
[២៦៣] ម្នាលនាងទាំងឡាយ ប្រៀបដូចជាឈើធំ មានខ្លឹមកំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែកនិងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ស្រមោល ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា និយាយយ៉ាងនេះថា ឈើធំឯណោះ មានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា តែស្រមោលណា របស់ឈើនោះ ស្រមោលនោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតាឡើយ ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនុ៎ះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ឈើធំឯណោះមានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់ទៅស្រមោល របស់ឈើនោះ ដែលជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។
[២៦៤] ម្នាលនាងទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ ជនណានិយាយយ៉ាងនេះថា អាតយនៈខាងក្រៅ ទាំង៦នេះ មិនទៀង អាត្មាអញ អាស្រ័យអាយតនៈខាងក្រៅហើយ ទទួលដឹងវេទនាណា ជាសុខ ឬជាទុក្ខ ឬក៏មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍នោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតាឡើយ ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនុ៎ះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា វេទនាដែលកើត អំពីអាយតនៈខាងក្រៅនោះៗ តែងកើតឡើង ព្រោះអាស្រ័យបច្ច័យ ដែលកើតអំពីអាយតនៈខាងក្រៅនោះៗ វេទនា ដែលកើត អំពីអាយតនៈខាងក្រៅនោះៗ រលត់ទៅ ព្រោះរលត់នៃបច្ច័យ ដែលកើតអំពីអាយតនៈខាងក្រៅនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
[២៦៥] ម្នាលនាងទាំងឡាយ ប្រៀបដូចជាបុរសអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោ ដែលប្រសប់ សម្លាប់មេគោ ហើយពន្លះនូវមេគោ ដោយកាំបិតសម្រាប់អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺ សាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុង ក៏អារពន្លះកាត់វត្ថុនោះៗ ដោយកាំបិតសម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែកខាងក្រៅ មកគ្របមេគោនោះ ដោយស្បែកនោះវិញដដែល ហើយនិយាយ យ៉ាងនេះថា មេគោនេះ នៅមានស្បែកដូចមុនដដែល ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា បុរសអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោឯណោះ ដែលប្រសប់ បានសម្លាប់មេគោ ហើយពន្លះនូវមេគោ ដោយកាំបិតសម្រាប់អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺ សាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុងក្តី ក៏អារពន្លះកាត់វត្ថុនោះៗ ដោយកាំបិតសម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែកខាងក្រៅ មកគ្របមេគោនោះ ដោយស្បែកនោះដដែល អ្នកនោះនិយាយយ៉ាងនេះថា មេគោនេះ នៅមានស្បែកដូចមុនដដែល ក៏ពិតមែនហើយ ប៉ុន្តែមេគោនោះ ប្រាសចាកស្បែកនោះទៅហើយ។
[២៦៦] ម្នាលនាងទាំងឡាយ ពាក្យឧបមាដែលយើងធ្វើហើយនេះ ដើម្បីឲ្យពួកនាងដឹងច្បាស់ នូវសេចក្តីអធិប្បាយ។ ឯសេចក្តីអធិប្បាយ ក្នុងអាយតនៈនុ៎ះ ដូចតទៅនេះ។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ខាងក្នុងដូច្នេះនុ៎ះ ជាឈ្មោះនៃអាយតនៈខាងក្នុង៦។ ម្នាលនាងទាំងឡាយ ពាក្យថា ស្បែកខាងក្រៅដូច្នេះនុ៎ះ ជាឈ្មោះនៃអាយតនៈខាងក្រៅ៦។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ វាវ ខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុងក្តី ដូច្នេះនុ៎ះ ជាឈ្មោះនៃនន្ទិរាគៈ។ ម្នាលនាងទាំងឡាយ ពាក្យថា កាំបិតសម្រាប់អារគោដ៏មុត ដូច្នេះនុ៎ះ ជាឈ្មោះនៃប្រាជ្ញាដ៏ប្រសើរ។ ប្រាជ្ញាដ៏ប្រសើរនេះ តែងអារពន្លះ កាត់នូវកិលេសខាងក្នុង សំយោជនៈខាងក្នុង និងចំណងខាងក្នុង។
[២៦៧] ម្នាលនាងទាំងឡាយ ពោជ្ឈង្គទាំងប្រាំពីរនេះ ភិក្ខុណាចម្រើនហើយ ធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ រមែងអស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ពោជ្ឈង្គទាំង៧ ដូចម្តេចខ្លះ។ ម្នាលនាងទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ ឈមមុខទៅកាន់សេចក្តីលះបង់ ចម្រើននូវធម្មវិចយសម្ពោជ្ឈង្គ… ចម្រើននូវវីវិយសម្ពោជ្ឈង្គ… ចម្រើននូវបីតិសម្ពោជ្ឈង្គ… ចម្រើននូវបស្សទ្ធិសម្ពោជ្ឈង្គ… ចម្រើននូវសមាធិសម្ពោជ្ឈង្គ… ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ ឈមមុខទៅកាន់សេចក្តីលះបង់។ ម្នាលនាងទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលភិក្ខុណា បានចម្រើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ រមែងអស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។
[២៦៨] លំដាប់នោះឯង លុះព្រះនន្ទកៈមានអាយុ បានទូន្មានភិក្ខុនីទាំងនោះ ដោយឱវាទនេះហើយ ទើបបញ្ជូនទៅថា ម្នាលនាងទាំងឡាយ ពេលល្មមហើយ ចូរនាំគ្នាទៅចុះ។ គ្រានោះឯង ពួកភិក្ខុនីនោះ ត្រេកអរ អនុមោទនា នូវភាសិតរបស់ព្រះនន្ទកៈមានអាយុហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះនន្ទកៈមានអាយុ ធ្វើប្រទក្សិណហើយ ទើបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនីនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលនាងទាំងឡាយ ពេលល្មមហើយ ចូរទៅចុះ។ លំដាប់នោះ ពួកភិក្ខុនីនោះ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយទើបចេញទៅ។
[២៦៩] កាលដែលពួកភិក្ខុនីនោះ ចេញទៅមិនយូរប៉ុន្មាន ទើបព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃឧបោសថ ទី១៥ ជនជាច្រើន តែងមិនមានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ថា ព្រះចន្ទខ្វះ ឬព្រះចន្ទពេញ ដូច្នេះឡើយ គឺចូលចិត្តថា ព្រះចន្ទពេញដោយពិត សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីនោះ មានសេចក្តីត្រេកអរ ក្នុងធម្មទេសនា របស់នន្ទកភិក្ខុផង មានបំណងពេញលេញផង ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុនីទាំងឡាយប្រាំរយនោះ ភិក្ខុនីណា ដែលក្រោយគេបំផុត ភិក្ខុនីនោះ ជាសោតាបន្នា មានសភាពមិនធ្លាក់ទៅក្នុងអបាយភូមិ ជាអ្នកទៀង តទៅភពខាងមុខ នឹងបានត្រាស់ដឹង (នូវសច្ចធម៌)។ លុះព្រះមានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ នន្ទកោវាទសូត្រ ទី៤។