តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » សឡាយតនវគ្គ »
ព្រះពុទ្ធ សម្ដែងធម៌ ដល់ព្រះរាហុល ឲ្យសម្រេចដល់នូវអហរត្តផល។
mn 147 បាលី cs-km: sut.mn.147 អដ្ឋកថា: sut.mn.147_att PTS: ?
(ទី៥) ចូឡរាហុលោវាទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. ចូឡរាហុលោវាទសុត្តំ)
[២៧០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួនសម្ងំ (ក្នុងផលសមាបត្តិ) ក៏មានព្រះតម្រិះ ក្នុងព្រះហឫទ័យ កើតឡើងយ៉ាងនេះថា ធម៌ទាំងឡាយ សម្រាប់ធ្វើវិមុត្តិឲ្យចាស់ក្លា របស់រាហុល ចាស់ក្លាហើយ បើដូច្នោះ គួរតែតថាគតទូន្មានរាហុល ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ តទៅទៀត។
[២៧១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹកព្រហាម ស្តេចចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ លុះព្រះអង្គស្តេចទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្តវិញ ទ្រង់ត្រាស់ហៅព្រះរាហុលមានអាយុថា ម្នាលរាហុល ចូរអ្នកកាន់យកសំពត់និសីទនៈ យើងនឹងចូលទៅឯអន្ធវ័ន (ព្រៃជាទីនៅនៃចោរខ្វាក់) ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះរាហុលមានអាយុ ទទួលតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់យកសំពត់និសីទនៈ ដើរតាមក្រោយៗព្រះមានព្រះភាគទៅ។ សម័យនោះឯង ទេវតាច្រើនពាន់ ទៅតាមព្រះមានព្រះភាគ ដោយគិតថា ថ្ងៃនេះព្រះមានព្រះភាគ នឹងទូន្មានព្រះរាហុលមានអាយុ ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ តទៅទៀត។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅដល់អន្ធវ័ន ហើយគង់នៅលើអាសនៈ ដែលគេក្រាលថ្វាយ ទៀបគល់ឈើមួយដើម។ ចំណែកព្រះរាហុលមានអាយុ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។
[២៧២] លុះព្រះរាហុលមានអាយុ គង់នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុទៀង ឬមិនទៀង។ ព្រះរាហុលមានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ។
[២៧៣] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ។
[២៧៤] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុវិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។
[២៧៥] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុសម្ផ័ស្សទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។
[២៧៦] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ធម្មជាតណា គឺវេទនា សញ្ញា សង្ខារ វិញ្ញាណ កើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះ តើទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។
[២៧៧] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ត្រចៀកទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។បេ។ ច្រមុះទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។បេ។ អណ្តាតទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។បេ។ កាយទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។បេ។
[២៧៨] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចិត្តទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ។
[២៧៩] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ធម្មារម្មណ៍ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។
[២៨០] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច មនោវិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។
[២៨១] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច មនោសម្ផ័ស្ស ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។
[២៨២] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ធម្មជាតណា គឺវេទនា សញ្ញា សង្ខារ វិញ្ញាណ តែងកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ធម្មជាតនោះ តើទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ។
[២៨៣] ម្នាលរាហុល អរិយសាវ័ក ដែលមានសេចក្តីចេះដឹង យល់ឃើញយ៉ាងនេះ ក៏នឿយណាយ ក្នុងចក្ខុផង នឿយណាយ ក្នុងរូបផង នឿយណាយ ក្នុងចក្ខុវិញ្ញាណផង នឿយណាយ ក្នុងចក្ខុសម្ផ័ស្សផង នឿយណាយ ក្នុងវេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកើតឡើងព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យផង។ នឿយណាយ ក្នុងត្រចៀកផង នឿយណាយ ក្នុងសំឡេងផង… នឿយណាយ ក្នុងច្រមុះផង នឿយណាយ ក្នុងក្លិនផង… នឿយណាយ ក្នុងអណ្តាតផង នឿយណាយ ក្នុងរសផង… នឿយណាយ ក្នុងកាយផង… នឿយណាយ ក្នុងផោដ្ឋព្វៈផង… នឿយណាយ ក្នុងចិត្តផង នឿយណាយ ក្នុងធម្មារម្មណ៍ផង នឿយណាយ ក្នុងមនោវិញ្ញាណផង នឿយណាយ ក្នុងមនោសម្ផ័ស្សផង នឿយណាយ ក្នុងវេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យផង។ កាលអរិយសាវ័ក នឿយណាយ (យ៉ាងនេះ)ហើយ ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះប្រាសចាកតម្រេក កាលបើចិត្តផុតស្រឡះហើយ ប្រាជ្ញាក៏កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយសាវ័កនោះ ក៏ដឹងច្បាស់ ដូច្នេះថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៨៤] លុះព្រះមានព្រះភាគ ទ្រង់សំដែងនូវព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានសេចក្តីត្រេកអរ នឹងភាសិតនៃព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់សំដែងនូវវេយ្យាករណ៍នេះចប់ហើយ ចិត្តរបស់រាហុលមានអាយុ ក៏បានរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ (ថាអញ ថាយើង) ទៀតឡើយ។ ធម្មចក្ខុ [ក្នុងព្រះសូត្រនេះ សំដៅយកមគ្គ៤ និងផល៤ ហៅថាធម្មចក្ខុ ព្រោះថា បណ្តាទេវតាទាំងនោះ ទេវតាពួកខ្លះ ដែលស្តាប់ព្រះសូត្រនេះ បានជាសោតាបន្នបុគ្គល ខ្លះបានជាសកទាគាមិបុគ្គល ខ្លះបានជាអនាគាមិបុគ្គល ខ្លះបានជាព្រះខីណាស្រព។] (ភ្នែកឃើញធម៌) ដ៏ប្រាសចាកធូលី គឺ រាគាទិក្កិលេស ប្រាសចាកមន្ទិល គឺ អកុសល បានកើតឡើងហើយ ដល់ពួកទេវតាច្រើនពាន់ទាំងនោះថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។
ចប់ ចូឡរាហុលោវាទសូត្រ ទី៥។