តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » ឧបរិបណ្ណាសកៈ » សឡាយតនវគ្គ »
ព្រះពុទ្ធ សំដែងនូវធម្មបរិយាយ ជាគ្រឿងបំភ្លឺនូវអាយតនៈធំៗប្រាំមួយ ឈានទៅដល់ការអស់អាសវៈ។
mn 149 បាលី cs-km: sut.mn.149 អដ្ឋកថា: sut.mn.149_att PTS: ?
(ទី៧) សឡាយតនវិភង្គសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. មហាសឡាយតនិកសុត្តំ)
[៣០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយ ជាគ្រឿងបំភ្លឺនូវអាយតនៈធំៗប្រាំមួយ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៣០១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនដឹង មិនឃើញនូវចក្ខុតាមពិត មិនដឹង មិនឃើញនូវរូបតាមពិត មិនដឹង មិនឃើញនូវចក្ខុវិញ្ញាណតាមពិត មិនដឹង មិនឃើញនូវចក្ខុសម្ផ័ស្សតាមពិតទេ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនដឹង មិនឃើញតាមពិត នូវវេទនានោះផង រមែងត្រេកអរក្នុងចក្ខុ ត្រេកអរក្នុងរូប ត្រេកអរក្នុងចក្ខុវិញ្ញាណ ត្រេកអរក្នុងចក្ខុសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏ត្រេកអរ ក្នុងវេទនានោះផង។ កាលបុគ្គលនោះ មានចិត្តត្រេកអរជ្រុលជ្រប់ វង្វេងងុលងប់ ជាអ្នកពិចារណាឃើញ នូវសេចក្តីត្រេកអរ1) ហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីចម្រើនតទៅ។ ឯតណ្ហា ដែលតាក់តែងនូវភពថ្មី ប្រកបដោយតម្រេក ដោយអំណាចនៃសេចក្តីត្រេកត្រអាល មានកិរិយារីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ របស់បុគ្គលនោះ រមែងចម្រើនឡើង។ បុគ្គលនោះ រមែងមានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏ចម្រើនឡើងផង។ បុគ្គលនោះ រមែងរងទុក្ខ ប្រព្រឹត្តទៅក្នុងកាយផង រងទុក្ខប្រព្រឹត្តទៅក្នុងចិត្តផង។
[៣០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវត្រចៀកតាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវច្រមុះតាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវអណ្តាតតាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវកាយតាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវចិត្តតាមពិត មិនដឹង មិនឃើញនូវធម្មារម្មណ៍តាមពិត មិនដឹង មិនឃើញនូវមនោវិញ្ញាណតាមពិត មិនដឹង មិនឃើញនូវមនោសម្ផ័ស្សតាមពិត វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនដឹង មិនឃើញតាមពិត នូវវេទនានោះផង តែងត្រេកអរក្នុងចិត្ត ត្រេកអរក្នុងធម្មារម្មណ៍ ត្រេកអរក្នុងមនោវិញ្ញាណ ត្រេកអរក្នុងមនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏ត្រេកអរ ក្នុងវេទនានោះផង។ កាលបុគ្គលនោះ មានចិត្តត្រេកអរជ្រុលជ្រប់ វង្វេងងុលងប់ ជាអ្នកពិចារណាឃើញ នូវសេចក្តីត្រេកអរហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីចម្រើនតទៅ។ ឯតណ្ហា ដែលតាក់តែងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានការរីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ របស់បុគ្គលនោះ រមែងចម្រើនឡើង។ បុគ្គលនោះ រមែងមានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង។ បុគ្គលនោះ រមែងរងទុក្ខ ប្រព្រឹត្តទៅក្នុងកាយផង រងទុក្ខប្រព្រឹត្តទៅក្នុងចិត្តផង។
[៣០៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹង ឃើញនូវចក្ខុតាមពិត កាលដឹង ឃើញនូវរូបតាមពិត កាលដឹង ឃើញនូវចក្ខុវិញ្ញាណតាមពិត កាលដឹង ឃើញនូវចក្ខុសម្ផ័ស្សតាមពិត វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏ដឹង ឃើញនូវវេទនានោះតាមពិតផង តែមិនត្រេកអរក្នុងចក្ខុ មិនត្រេកអរក្នុងរូប មិនត្រេកអរក្នុងចក្ខុវិញ្ញាណ មិនត្រេកអរក្នុងចក្ខុសម្ផ័ស្សទេ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនត្រេកអរ ក្នុងវេទនានោះផង។ កាលបុគ្គលនោះ មិនមានចិត្តត្រេកអរ មិនជ្រុលជ្រប់ មិនវង្វេងងុលងប់ ជាអ្នកពិចារណាឃើញនូវទោសហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីមិនចម្រើនតទៅ។ ឯតណ្ហា ដែលតាក់តែងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ បុគ្គលនោះឯង លះបង់ចេញបាន។ សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ បុគ្គលនោះ រមែងលះបង់បានផង សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែងលះបង់បានផង សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ក៏រមែងលះបង់បានផង សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែងលះបង់បានផង សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ក៏រមែងលះបង់បានផង សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែងលះបង់បានផង។ បុគ្គលនោះឯង តែងរងនូវសេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត។ សេចក្តីយល់ឃើញណា របស់បុគ្គលមានសភាពដូច្នោះ2) សេចក្តីយល់ឃើញនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីយល់ឃើញត្រូវ សេចក្តីត្រិះរិះណា របស់បុគ្គលមានសភាពដូច្នោះ សេចក្តីត្រិះរិះនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីត្រិះរិះត្រូវ សេចក្តីព្យាយាមណា របស់បុគ្គលមានសភាពដូច្នោះ សេចក្តីព្យាយាមនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីព្យាយាមត្រូវ ការរលឹកណា របស់បុគ្គលមានសភាពដូច្នោះ ការរលឹកនោះ របស់បុគ្គលនោះ ឈ្មោះថា ការរលឹកត្រូវ ការតាំងចិត្តនឹងណា របស់បុគ្គលមានសភាពដូច្នោះ ការតាំងចិត្តនឹងនោះ របស់បុគ្គលនោះ ឈ្មោះថា ការតាំងចិត្តនឹងត្រូវ។ បុគ្គលនោះឯង ឈ្មោះថា មានកាយកម្ម វចីកម្ម និងអាជីវៈដ៏បរិសុទ្ធល្អ ក្នុងកាលមុនពិត។ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះ របស់បុគ្គលនោះ រមែងដល់នូវការពេញបរិបូណ៌ ដោយភាវនាយ៉ាងនេះឯង។
[៣០៤] កាលបុគ្គលនោះ ចម្រើននូវអដ្ឋង្គិកមគ្គដ៏ប្រសើរនេះ យ៉ាងនេះហើយ សតិប្បដ្ឋាន៤ក្តី តែងដល់នូវការបរិបូណ៌ដោយភាវនា សម្មប្បធាន៤ក្តី តែងដល់នូវការបរិបូណ៌ដោយភាវនា ឥទ្ធិបាទ៤ក្តី ក៏ដល់នូវការបរិបូណ៌ដោយភាវនា ឥន្ទ្រិយ៥ក្តី ក៏ដល់នូវការបរិបូណ៌ដោយភាវនា ពលៈ៥ក្តី ក៏ដល់នូវការបរិបូណ៌ដោយភាវនា ពោជ្ឈង្គ៧ ក៏ដល់នូវការបរិបូណ៌ដោយភាវនា។ ធម៌២យ៉ាងនេះ គឺសមថៈ១ វិបស្សនា១ ជាធម៌ទាក់ទងគូនឹងគ្នា តែងប្រព្រឹត្តទៅដល់បុគ្គលនោះ។ ធម៌ទាំងឡាយណា ដែលគប្បីកំណត់ដឹងដោយប្រាជ្ញាដ៏ឧត្តម បុគ្គលនោះ ក៏កំណត់ដឹង នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម ក៏លះបង់ នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម ក៏ចម្រើននូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ក៏ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច ត្រូវឆ្លើយថា បានដល់ឧបាទានក្ខន្ធ (គំនរ ជាគ្រឿងប្រកាន់មាំ) ទាំង៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ នេះឯង ដែលជាធម៌គប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច អវិជ្ជា និងភវតណ្ហានេះឯង ជាធម៌ត្រូវលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច សមថៈ និងវិបស្សនានេះឯង ជាធម៌ត្រូវចម្រើន ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច វិជ្ជា និងវិមុត្តិនេះឯង ជាធម៌ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។
[៣០៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវត្រចៀក តាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវច្រមុះ តាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវអណ្តាត តាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវកាយ តាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវចិត្ត តាមពិត កាលដឹង ឃើញនូវធម្មារម្មណ៍តាមពិត កាលដឹង ឃើញនូវមនោវិញ្ញាណតាមពិត កាលដឹង ឃើញនូវមនោសម្ផ័ស្សតាមពិត វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី រមែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏ដឹង ឃើញនូវវេទនានោះ តាមពិតផង តែមិនត្រេកអរ ក្នុងចិត្ត មិនត្រេកអរ ក្នុងធម្មារម្មណ៍ មិនត្រេកអរ ក្នុងមនោវិញ្ញាណ មិនត្រេកអរ ក្នុងមនោសម្ផ័ស្សទេ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនត្រេកអរក្នុងវេទនានោះផង។ កាលបុគ្គលនោះមិនត្រេកអរ មិនជ្រុលជ្រប់ មិនវង្វេងងុលងប់ ជាអ្នកពិចារណាឃើញទោសរឿយៗ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីមិនចម្រើនតទៅ។ ឯតណ្ហាដែលតាក់តែងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ ក៏បុគ្គលនោះឯង លះបង់បាន។ សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ក៏បុគ្គលនោះ លះបង់បាន សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ក៏លះបង់បាន សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ក៏លះបង់បាន សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន។ បុគ្គលនោះ តែងទទួលនូវសេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត។ សេចក្តីយល់ឃើញណា របស់បុគ្គលមានសភាពដូច្នោះ សេចក្តីយល់ឃើញនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីយល់ឃើញត្រូវ សេចក្តីត្រិះរិះណា របស់បុគ្គលមានសភាពដូច្នោះ សេចក្តីត្រិះរិះនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីត្រិះរិះត្រូវ សេចក្តីព្យាយាមណា របស់បុគ្គលមានសភាពដូច្នោះ សេចក្តីព្យាយាមនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីព្យាយាមត្រូវ ការរលឹកណា របស់បុគ្គលមានសភាពដូច្នោះ ការរលឹកនោះ របស់បុគ្គលនោះ ឈ្មោះថា ការរលឹកត្រូវ ការតាំងចិត្តនឹងណា របស់បុគ្គលមានសភាពដូច្នោះ ការតាំងចិត្តនឹងនោះ របស់បុគ្គលនោះ ឈ្មោះថា ការតាំងចិត្តនឹងត្រូវ។ បុគ្គលនោះឯង ឈ្មោះថា មានកាយកម្ម វចីកម្ម និងអាជីវៈ បរិសុទ្ធល្អ ក្នុងកាលមុនពិត។ អដ្ឋង្គិកមគ្គដ៏ប្រសើរនេះ របស់បុគ្គលនោះ រមែងដល់នូវការបរិបូណ៌ ដោយភាវនាយ៉ាងនេះ។
[៣០៦] កាលបុគ្គលនោះ ចម្រើនអដ្ឋង្គិកមគ្គ ដ៏ប្រសើរយ៉ាងនេះហើយ សតិប្បដ្ឋាន៤ក្តី តែងដល់នូវការបរិបូណ៌ ដោយភាវនា សម្មប្បធាន៤ក្តី ក៏ដល់នូវការបរិបូណ៌ដោយភាវនា ឥទ្ធិបាទ៤ក្តី ក៏ដល់នូវការបរិបូណ៌ដោយភាវនា ឥន្ទ្រិយ៥ក្តី ក៏ដល់នូវការបរិបូណ៌ដោយភាវនា ពលៈ៥ក្តី ក៏ដល់នូវការបរិបូណ៌ដោយភាវនា ពោជ្ឈង្គ៧ក្តី ក៏ដល់នូវការបរិបូណ៌ដោយភាវនា។ បុគ្គលនោះ តែងមានធម៌ពីរយ៉ាងនេះ គឺសមថៈ១ វិបស្សនា១ ប្រព្រឹត្តទាក់ទងគូនឹងគ្នា។ ធម៌ទាំងឡាយណា ដែលគប្បីកំណត់ដឹងដោយប្រាជ្ញាដ៏ឧត្តម បុគ្គលនោះ ក៏កំណត់ដឹងនូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីលះបង់ដោយប្រាជ្ញាដ៏ឧត្តម ក៏លះបង់នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីចម្រើនដោយប្រាជ្ញាដ៏ឧត្តម ក៏ចម្រើននូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ក៏ធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច គប្បីឆ្លើយថា បានដល់ឧបាទានក្ខន្ធ ទាំង៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ នេះឯង ជាធម៌ដែលគប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច អវិជ្ជា និងភវតណ្ហានេះឯង ជាធម៌ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច សមថៈ និងវិបស្សនានេះឯង ជាធម៌ដែលគប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច វិជ្ជា និងវិមុត្តិនេះឯង ជាធម៌ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានសេចក្តីត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ សឡាយតនវិភង្គសូត្រ ទី៧។