km:tipitaka:sut:mn:sut.mn.150



នគរវិន្ទេយ្យសូត្រ ទី៨

សង្ខេប

ព្រះ​ពុទ្ធ​ បាន​ឲ្យ​សំនួរ​គន្លឹះ​ មួយ​ចំនួន​ ដល់​​ពួក​គហបតី ក្នុង​ការ​ចោទ​សួរ​ ដេញ​ដោល​ ដើម្បី​ឲ្យ​បាន​​ដឹង​ បាន​ឃើញ​ នូវ​ពុត​មាយា​​របស់​ពួក​បរិព្វាជក​អន្យតិរ្ថិយ​។

mn 150 បាលី cs-km: sut.mn.150 អដ្ឋកថា: sut.mn.150_att PTS: ?

(ទី៨) នគរវិន្ទេយ្យសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា
sut.mn.150.aac

(៨. នគរវិន្ទេយ្យសុត្តំ)

[៣០៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់​ទៅ​កាន់​ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនរូប ក៏បានស្តេចទៅដល់​ព្រាហ្មណ​គ្រាម ឈ្មោះនគរវិន្ទៈ របស់ពួកអ្នកកោសល។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​នគរវិន្ទៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅ​ទ្រង់ព្រះផ្នួស ឥឡូវនេះ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រម​ដោយភិក្ខុ​សង្ឃច្រើនរូប ក៏បានស្តេច​មកដល់ស្រុកនគរវិន្ទៈហើយ កិត្តិសព្ទដ៏ពីរោះ របស់​ព្រះគោតម​ដ៏ចម្រើននោះ ក៏ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់​ឆ្ងាយ​ចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះ​ព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ព្រះអង្គ​ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ ព្រះអង្គជាអ្នកទូន្មាន​នូវ​បុរស ដែលគួរទូន្មានបាន ព្រះអង្គជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងមកកាន់​ភពថ្មីទៀត ព្រះអង្គទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញាដ៏ប្រសើររបស់ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ទ្រង់សំដែងធម៌ មានលំអ​បទ​ដើម មានលំអបទកណ្តាល មានលំអបទចុង ព្រះអង្គប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ក៏ដំណើរ​ដែលបានចួប​នឹងព្រះអរហន្ត​ទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេក។ គ្រានោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​នគរវិន្ទៈ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ ប្រកាសនាម និងគោត្រ ក្នុងសំណាក់ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយនៅស្ងៀម ក្នុងទីដ៏សមគួរ។

[៣០៨] លុះពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​នគរវិន្ទៈ អង្គុយក្នុងទីដ៏​សមគួរ​ហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតីទាំងឡាយ បើបរិព្វាជកជាអន្យតិរ្ថិយ (មានលទ្ធិផ្សេង) សួរអ្នកទាំងឡាយយ៉ាងនេះថា ម្នាលគហបតី​ទាំងឡាយ ពួកសមណព្រាហ្មណ៍បែបណា ដែល​គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួរ​រាប់អាន មិនគួរបូជា ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះហើយ គប្បីដោះស្រាយយ៉ាងនេះថា ពួក​សមណព្រាហ្មណ៍ណា មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់​ប្រាសចាកមោហៈ ក្នុងរូបដែលគប្បីដឹងបានដោយភ្នែក ជាអ្នកមានចិត្តមិនស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្ត ពួកសមណព្រាហ្មណ៍​បែប​នេះឯង គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បីពួកយើង ក៏មិនទាន់ប្រាសចាករាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងរូបដែល​គប្បីដឹង​បានដោយភ្នែក ជាអ្នក​មានចិត្ត​មិនស្ងប់រម្ងាប់ ខាងក្នុងសន្តាន នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្តដែរ នេះឯង​ជាសេចក្តី​ប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែលមិនឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះ​ហេតុនោះ ពួកសមណព្រាហ្មណ៍​ ដ៏ចម្រើនទាំងនោះ គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ។ ពួកសមណព្រាហ្មណ៍ណា មិនទាន់ប្រាសចាករាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងសំឡេង ដែល​គប្បីដឹង​បាន​ដោយត្រចៀក… ក្នុងក្លិនដែលគប្បីដឹងបានដោយច្រមុះ… ក្នុងឱជារស ដែលគប្បីដឹងបាន​ដោយអណ្តាត… ក្នុងផោដ្ឋព្វៈ ដែលគប្បីដឹងបានដោយកាយ… មិនទាន់ប្រាសចាករាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍ ដែល​គប្បីដឹង​បាន​ដោយចិត្ត ជាអ្នក​មានចិត្តមិន​ស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្ត ពួកសមណព្រាហ្មណ៍​បែបនេះឯង គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បី​ពួកយើង ក៏មិនទាន់ប្រាសចាករាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍ ដែល​គប្បីដឹង​បាន​ដោយចិត្ត ជាអ្នក​មានចិត្តមិន​ស្ងប់រម្ងាប់ ខាងក្នុងសន្តាន នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្តដែរ នេះឯង​ជាសេចក្តី​ប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែលមិនឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះ​ហេតុនោះ សមណព្រាហ្មណ៍​ដ៏ចម្រើនទាំងនោះ គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរ​យ៉ាងនេះ គប្បីដោះស្រាយយ៉ាងនេះឯង។

[៣០៩] ម្នាលគហបតីទាំងឡាយ មួយទៀត បើបរិព្វាជកជាអន្យតិរ្ថិយ សួរអ្នក​ទាំងឡាយ យ៉ាងនេះថា ម្នាលគហបតីទាំងឡាយ ចុះពួកសមណព្រាហ្មណ៍បែបណា ដែលគេ​គួរធ្វើសក្ការៈ គួរគោរព គួររាប់អាន​ គួរបូជា ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើ​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ យ៉ាងនេះថា ពួក​សមណព្រាហ្មណ៍ណា ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ក្នុងរូប​ដែលគប្បីដឹងបានដោយភ្នែក ជាអ្នកមានចិត្តស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រឹមត្រូវ ដោយកាយវាចាចិត្ត ពួកសមណព្រាហ្មណ៍បែបនេះឯង ទើប​គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បីពួកយើង មិនទាន់​ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងរូប​ដែលគប្បី​ដឹងបានដោយភ្នែក មានចិត្តមិនទាន់ស្ងប់រម្ងាប់ ខាងក្នុងសន្តានទេ នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយវាចាចិត្ត នេះឯង​ជាសេចក្តីប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែល​ឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះហេតុនោះ ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ ទើប​គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា។ ពួកសមណព្រាហ្មណ៍ណា ​ប្រាសចាក​រាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ក្នុងសំឡេង​ដែលគប្បី​ដឹងបាន​ដោយត្រចៀក… ក្នុងក្លិនដែលគប្បីដឹងបានដោយច្រមុះ… ក្នុងឱជារស ដែលគប្បីដឹង​បានដោយអណ្តាត… ក្នុងផោដ្ឋព្វៈ ដែលគប្បីដឹងបានដោយកាយ… ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍ ​ដែលគប្បី​ដឹងបានដោយចិត្ត ជាអ្នកមានចិត្តស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រឹមត្រូវ ដោយកាយវាចាចិត្ត ពួកសមណព្រាហ្មណ៍បែបនេះ ទើប​គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បីពួកយើង មិនទាន់​ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍​ដែលគប្បី​ដឹងបានដោយចិត្ត ជាអ្នកមានចិត្តមិនទាន់ស្ងប់រម្ងាប់ ខាងក្នុងសន្តាន នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយវាចាចិត្ត នេះឯង​ជាសេចក្តីប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែល​ឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះហេតុនោះ បានជា​ពួកសមណព្រាហ្មណ៍​ដ៏ចម្រើន​ទាំងនោះ ​គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ​យ៉ាងនេះឯង។

[៣១០] ម្នាលគហបតីទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាង​នេះថា ម្នាលអ្នកមានអាយុទាំងឡាយ ចុះលោកមានអាយុទាំងឡាយ មានហេតុ​ដូចម្តេច មានប្រាជ្ញាយោបល់ដូចម្តេច ដែលនាំឲ្យអ្នកទាំងឡាយនិយាយ យ៉ាងនេះថា អ្នកមាន​អាយុទាំងនោះ ប្រាសចាករាគៈ ឬកំពុងប្រតិបត្តិដើម្បីបន្ទោបង់នូវរាគៈ ប្រាសចាកទោសៈ ឬកំពុងប្រតិបត្តិដើម្បីបន្ទោបង់នូវទោសៈ ប្រាសចាកមោហៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់​​នូវមោហៈដោយពិត ម្នាលគហបតីទាំងឡាយ អ្នកទាំង​ឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយយ៉ាង​នេះថា ពិតដូច្នោះមែន ព្រោះលោកមានអាយុទាំងនោះ តែងគប់រកសេនាសនៈ​ដ៏ស្ងាត់ គឺ​ព្រៃតូច និងព្រៃធំ ដ្បិតរូប គប្បីដឹងបានដោយភ្នែក ដែលគេ​ឃើញញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ សំឡេង គប្បីដឹងបានដោយត្រចៀក ដែលគេ​ឮញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ ក្លិន គប្បីដឹងបានដោយ​ច្រមុះ ដែលគេ​ហិតញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ រស គប្បីដឹងបានដោយអណ្តាត ដែលគេ​ទទួលរសញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ ផោដ្ឋព្វៈ គប្បីដឹងបានដោយកាយ ដែលគេ​ប៉ះពាល់​ញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ ម្នាលអាវុសោទំាងឡាយ យើង​ទាំងឡាយ មានហេតុនេះឯង មានប្រាជ្ញាយោបល់នេះឯងហើយ ដែលនាំឲ្យពួកយើង​និយាយយ៉ាងនេះ ចំពោះអ្នកមានអាយុទាំងឡាយថា លោកមានអាយុទាំងនោះ ប្រាសចាករាគៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់រាគៈ ប្រាសចាកទោសៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់ទោសៈ ប្រាសចាកមោហៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់មោហៈ​ដោយពិត។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើ​​បរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ​យ៉ាងនេះឯង។

[៣១១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍​ និងគហបតី អ្នកស្រុកនគរវិន្ទៈ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សំដែងហើយ ដោយ​អនេកបរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចគេបើកបង្ហាញរបស់ដែល​កំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញរូបបាន ខ្ញុំព្រះអង្គ​ទាំងឡាយ​នេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជា​ទីពឹង សូមព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាបទុកនូវខ្ញុំព្រះអង្គទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។

ចប់ នគរវិន្ទេយ្យសូត្រ ទី៨។

 

លេខយោង

km/tipitaka/sut/mn/sut.mn.150.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann