km:tipitaka:sut:mn:sut.mn.151



បិណ្ឌបាតបារិសុទ្ធិសូត្រ ទី៩

សង្ខេប

តើភិក្ខុ​គួរ​ធ្វើការ​ពិចារណា​យ៉ាង​ដូច​ម្ដេច​ខ្លះ​ ទើប​ធ្វើ​បិណ្ឌ​បាត ឲ្យ​បរិ​សុទ្ធ ?

mn 151 បាលី cs-km: sut.mn.151 អដ្ឋកថា: sut.mn.151_att PTS: ?

(ទី៩) បិណ្ឌបាតបារិសុទ្ធិសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា
sut.mn.151.aac

(៩. បិណ្ឌបាតបារិសុទ្ធិសុត្តំ)

[៣១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីផលសមាបត្តិ ក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះ​ព្រះសារីបុត្តមានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់​សួរ​ដូច្នេះថា ម្នាលសារីបុត្ត ឥន្ទ្រិយរបស់អ្នកជ្រះថ្លា សម្បុរស្បែករបស់អ្នក ស្អាត​ផូរផង់ ម្នាល​សារីបុត្ត ក្នុងកាលឥឡូវនេះ តើលោកច្រើនប្រព្រឹត្តទៅដោយវិហារធម៌ដូចម្តេច។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គ ក្នុងកាលឥឡូវនេះ ខ្ញុំព្រះអង្គ ច្រើនប្រព្រឹត្ត​ទៅដោយ ​សុញ្ញតាវិហារធម៌។1)

[៣១៣] ម្នាលសារីបុត្ត ប្រពៃណាស់ហើយៗ ម្នាលសារីបុត្ត បានឮថា ក្នុងកាលឥឡូវ​នេះ លោកច្រើនប្រព្រឹត្តទៅ ដោយវិហារធម៌របស់មហាបុរស2) ម្នាលសារីបុត្ត ឯវិហារធម៌របស់មហាបុរស ក៏គឺ​សុញ្ញតាវិហារធម៌នេះឯង។ ម្នាលសារីបុត្ត ព្រោះហេតុនោះ បើភិក្ខុក្នុងសាសនានេះ ប្រាថ្នាថា អាត្មាអញ គួរតែប្រព្រឹត្ត​ទៅច្រើនដោយសុញ្ញតាវិហារធម៌ ម្នាលសារីបុត្ត ភិក្ខុ​នោះ គប្បីពិចារណា ដូច្នេះថា អាត្មាអញ បានចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតាម​ផ្លូវ​ណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុក​តាមផ្លូវណាក្តី តើក្នុងផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ គឺសេចក្តីពេញចិត្ត ឬ​រាគៈ គឺសេចក្តីត្រេក ទោសៈ គឺសេចក្តីប្រទូស្ត ឬមោហៈ គឺសេចក្តីវង្វេង ឬក៏បដិឃៈ គឺ​សេចក្តីថ្នាំងថ្នាក់នៃចិត្ត ក្នុងរូបដែលគប្បីដឹងបានដោយភ្នែកដែរឬទេ។ ម្នាលសារីបុត្ត កាលបើ​ភិក្ខុពិចារណាដឹង យ៉ាងនេះថា អាត្មាអញ បានចូលទៅកាន់ស្រុក ដើម្បីបិណ្ឌ​បាត​តាម​ផ្លូវ​ណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុកតាមផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងរូបដែល​គប្បីដឹងបាន​ដោយភ្នែកដែរ ម្នាលសារីបុត្ត ​ភិក្ខុនោះ គប្បីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាល​សារីបុត្ត តែបើភិក្ខុពិចារណាដឹង យ៉ាងនេះវិញថា អាត្មាអញ បានចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតាម​ផ្លូវ​ណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុកតាម​ផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មិនមានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងរូបដែលគប្បី​ដឹងបាន​ដោយភ្នែកទេ ម្នាលសារីបុត្ត ​ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ​ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៤] ម្នាលសារីបុត្ត មួយទៀត ភិក្ខុគប្បីពិចារណាដូច្នេះថា អាត្មាអញ បានចូល​ទៅកាន់ស្រុកដើម្បីបិណ្ឌបាត តាមផ្លូវណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេស​ណា​ក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុកតាមផ្លូវណាក្តី តើផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងសំឡេង ដែលគប្បីដឹងបាន​ដោយត្រចៀក… ក្នុងក្លិន ដែលគប្បីដឹងបានដោយច្រមុះ… ក្នុង​ឱជារស ដែលគប្បីដឹង​បានដោយអណ្តាត… ក្នុងផោដ្ឋព្វៈ ដែលគប្បីដឹងបានដោយកាយ… ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្តដែរឬទេ។ ម្នាលសារីបុត្ត បើ​ភិក្ខុពិចារណាដឹង យ៉ាងនេះថា អាត្មាអញ បានចូល​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត តាមផ្លូវណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេស​ណា​ក្តី បានត្រឡប់អំពី​បិណ្ឌបាត ចេញ​អំពីស្រុកតាម​ផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈ​នៃចិត្ត ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្តដែរ ម្នាលសារីបុត្ត ភិក្ខុនោះ​ គប្បីព្យាយាម ដើម្បីលះបង់អកុសលធម៌ ដ៏លាមកទាំងនោះ​ចេញ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណាដឹង យ៉ាងនេះវិញថា អាត្មាអញ បានចូល​ទៅកាន់ស្រុកដើម្បីបិណ្ឌបាត តាមផ្លូវណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេស​ណា​ក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុកតាមផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មិនមានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងធម្មារម្មណ៍​ ដែលគប្បីដឹងបានដោយចិត្តទេ ម្នាលសារីបុត្ត ​ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៥] ម្នាលសារីបុត្ត មួយទៀត ភិក្ខុគប្បីពិចារណា ដូច្នេះថា កាមគុណ៥​ប្រការ អាត្មាអញ បានលះបង់ហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណាដឹងយ៉ាងនេះថា កាមគុណ៥​ប្រការ អាត្មាអញ មិនទាន់បានលះបង់ទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីលះបង់នូវកាមគុណ ទាំង៥ប្រការចេញ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណាដឹង យ៉ាងនេះវិញថា កាមគុណ ទាំង៥​ប្រការ អាត្មាអញ លះបង់ហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៦] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា នីវរណៈ ទាំង៥​ប្រការ អាត្មាអញ បានលះបង់ហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា នីវរណៈ ទាំង៥​ប្រការ អាត្មាអញ មិនទាន់បានលះបង់ទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីលះបង់ នូវនីវរណៈ ទាំង៥ប្រការចេញ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា នីវរណៈ ទាំង៥​ប្រការ អាត្មាអញ បានលះបង់ហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៧] ម្នាលសារីបុត្ត មួយទៀត ភិក្ខុគប្បីពិចារណា ដូច្នេះថា ឧបាទានក្ខន្ធ ទាំង៥​ប្រការ អាត្មាអញ កំណត់ដឹងហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឧបាទានក្ខន្ធ ទាំង៥​ប្រការ អាត្មាអញ មិនទាន់កំណត់ដឹងទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីកំណត់ដឹង នូវឧបាទានក្ខន្ធ​ ទាំង៥ប្រការ​។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ឧបាទានក្ខន្ធ ទាំង៥​ប្រការ អាត្មាអញ បានកំណត់ដឹងហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៨] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា សតិប្បដ្ឋានទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា សតិប្បដ្ឋាន ទាំង៤​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវសតិប្បដ្ឋាន ៤ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹង យ៉ាងនេះវិញថា សតិប្បដ្ឋាន ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈ​នោះឯង។

[៣១៩] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា សម្មប្បធាន ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា សម្មប្បធាន ទាំង៤​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវសម្មប្បធាន ទាំង៤ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹង យ៉ាងនេះវិញថា សម្មប្បធាន ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣២០] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ឥទ្ធិបាទ ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឥទ្ធិបាទ ទាំង៤​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវឥទ្ធិបាទ ទាំង៤ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ឥទ្ធិបាទ ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះ​ឯង។

[៣២១] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ឥន្ទ្រិយ ទាំង៥​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឥន្ទ្រិយ ទាំង៥​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវឥន្ទ្រិយ ទាំង៥ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ឥន្ទ្រិយទាំង៥​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះ​ឯង។

[៣២២] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ពលៈ ទាំង៥​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ពលៈ ទាំង៥​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវពលៈ ទាំង៥ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ពលៈ ទាំង៥​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣២៣] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ពោជ្ឈង្គ ទាំង៧​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ពោជ្ឈង្គ ទាំង៧​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវពោជ្ឈង្គ ទាំង៧ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ពោជ្ឈង្គ ទាំង៧​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះ​ឯង។

[៣២៤] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះ​ថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវអដ្ឋង្គិកមគ្គ ដ៏ប្រសើរ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះ​ឯង។

[៣២៥] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា សមថៈ និងវិបស្សនា អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា សមថៈ និងវិបស្សនា អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវសមថៈ និងវិបស្សនា។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា សមថៈ និងវិបស្សនា អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣២៦] ម្នាលសារីបុត្ត មួយវិញទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា វិជ្ជា និងវិមុត្តិ អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា វិជ្ជា និងវិមុត្តិ អាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា វិជ្ជា និងវិមុត្តិ អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣២៧] ម្នាលសារីបុត្ត បុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ ក្នុងអតីត​កាល កាលនឹងធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ បុគ្គលទាំងអស់នោះ សុទ្ធតែបានពិចារណារឿយៗ ហើយធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ យ៉ាងនេះឯង។ ម្នាលសារីបុត្ត បុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ ក្នុងអនាគត​កាល កាលនឹងធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ បុគ្គលទាំងអស់នោះ នឹងពិចារណារឿយៗ ហើយធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ យ៉ាងនេះឯង។ ម្នាលសារីបុត្ត បុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ ក្នុង​កាលឥឡូវនេះ កាលនឹងធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ បុគ្គលទាំងអស់នោះ តែងពិចារណារឿយៗ ហើយធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ យ៉ាងនេះឯង ម្នាលសារីបុត្ត ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវសិក្សាក្នុង​សាសនា​នេះថា យើងទាំងឡាយ នឹងពិចារណារឿយៗ ហើយធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ ដូច្នេះ ម្នាលសារីបុត្ត អ្នកទាំងឡាយ ត្រូវតែសិក្សា យ៉ាងនេះឯង។ លុះព្រះមានព្រះភាគ ទ្រង់​ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រេកអរ រីករាយ ចំពោះ​ភាសិត របស់ព្រះមានព្រះភាគ។

ចប់ បិណ្ឌបាតបារិសុទ្ធិសូត្រ ទី៩។

 

លេខយោង

1)
បានដល់សុញ្ញតផលសមាបត្តិ
2)
បានដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងមហាសាវ័ក។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.151.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann