km:tipitaka:sut:mn:sut.mn.152



ឥន្ទ្រិយភាវនាសូត្រ ទី១០

សង្ខេប

តើ​ការ​ចម្រើន​​ឥន្ទ្រិយ​ដ៏​ប្រសើរ ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ ដូច​ម្តេច?

mn 152 បាលី cs-km: sut.mn.152 អដ្ឋកថា: sut.mn.152_att PTS: ?

(ទី១០) ឥន្ទ្រិយភាវនាសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០. ឥន្ទ្រិយភាវនាសុត្តំ)

[៣២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ព្រៃឫស្សី ជិតកជ្ជង្គលនិគម។ គ្រានោះឯង ឧត្តរមាណព ជាកូនសិស្សរបស់​បារាសិរិយព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល​គួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៣២៩] លុះឧត្តរមាណព ជាកូនសិស្សរបស់បារាសិរិយព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរ​ដូច្នេះថា ម្នាលឧត្តរៈ បារាសិរិយព្រាហ្មណ៍ តែងសំដែង​វិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយ មែនឬ។ ឧត្តរ​មាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន បារាសិរិយព្រាហ្មណ៍ តែង​សំដែង​វិធី​ចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយមែន។ ព្រះអង្គត្រាស់សួរថា ម្នាលឧត្តរៈ ចុះ​បារាសិរិយព្រាហ្មណ៍ តែងសំដែង​វិធីចម្រើន​ឥន្ទ្រិយ របស់សាវ័កទាំងឡាយ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន បារាសិរិយព្រាហ្មណ៍ សំដែងថា បុគ្គល​ក្នុងលោកនេះ កុំមើល1) រូបដោយភ្នែក កុំស្តាប់2) សំឡេង​ដោយត្រចៀក បពិត្រព្រះគោតមដ៏ចំរើន ឯបារាសិរិយព្រាហ្មណ៍ តែង​សំដែងនូវវិធី​ចម្រើន​ឥន្ទ្រិយ របស់សាវ័កទាំងឡាយ យ៉ាងនេះឯង។ ឱឧត្តរៈ កាលបើយ៉ាងនេះ បុគ្គលខ្វាក់ នឹងបាននាមថា​ ជាអ្នកចម្រើនឥន្ទ្រិយហើយ បុគ្គលថ្លង់ នឹងបាននាមថា​ ជាអ្នកចម្រើនឥន្ទ្រិយហើយ ទើបសមនឹងពាក្យ របស់បារាសិរិយព្រាហ្មណ៍ ម្នាលឧត្តរៈ ព្រោះថា បុគ្គលខ្វាក់ មិនឃើញរូបដោយភ្នែកទេ បុគ្គលថ្លង់ មិនឮសំឡេង​ ដោយត្រចៀក​ទេ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ឧត្តរមាណព ជាកូនសិស្ស​បារាសិរិយព្រាហ្មណ៍ ក៏អង្គុយនៅស្ងៀម អៀនអន់ ឱនក ដាក់មុខជ្រប់ មិននិយាយ។

[៣៣០] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ឧត្តរមាណព ជាសិស្សរបស់​បារាសិរិយព្រាហ្មណ៍ អង្គុយនៅស្ងៀម អៀនអន់ ឱនក ដាក់មុខជ្រប់ មិននិយាយ​ហើយ ទើប​ត្រាស់ហៅ​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ បារាសិរិយព្រាហ្មណ៍ តែងសំដែង​ នូវ​វិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយ ផ្សេង ចំណែកការចម្រើន​ឥន្ទ្រិយដ៏ប្រសើរ ក្នុង​វិន័យ​របស់ព្រះអរិយៈផ្សេង។ ព្រះអានន្ទត្ថេរ ​ក្រាបបង្គំទូលថា ព្រះមានព្រះភាគ គប្បីសំដែង​នូវវិធីចម្រើនឥន្ទ្រិយ ដ៏ប្រសើរណា ក្នុងវិន័យរបស់​ព្រះអរិយៈ បពិត្រ​ព្រះមានព្រះភាគ កាលនេះ ជាកាលគួរនឹង​សំដែង នូវ​វិធីចម្រើនឥន្ទ្រិយ​នុ៎ះ បពិត្រ​ព្រះសុគត កាលនេះ ជាកាលគួរនឹងសំដែង ​នូវវិធីចម្រើន​ឥន្ទ្រិយនុ៎ះ ភិក្ខុទាំងឡាយ បានស្តាប់​ព្រះពុទ្ធដីកា របស់ព្រះអង្គហើយ នឹងចងចាំបាន។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះបន្ទូល នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៣៣១] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​ដូច្នេះថា ម្នាលអានន្ទ ចុះការចម្រើន​ឥន្ទ្រិយដ៏ប្រសើរ ក្នុងវិន័យរបស់ព្រះអរិយៈ តើដូចម្តេច។ ទ្រង់ឆ្លើយដោយព្រះអង្គឯង​ថា ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឃើញ​រូបដោយ​ភ្នែក។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះ កើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងឡើយ មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានភ្នែកភ្លឺ បើកហើយបិទវិញ ឬបិទហើយ​បើកវិញ មាន​ឧបមាយ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយ​រលត់ទៅវិញ ឯវិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើននូវឥន្ទ្រិយដ៏ប្រសើរ ក្នុងរូបដែល​គប្បីដឹងបានដោយភ្នែក ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣២] ម្នាលអានន្ទ មួយទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះស្តាប់​សំឡេងដោយត្រចៀក។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យ​តាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានកម្លាំង ទះម្រាមដៃ ដោយ​មិនលំបាក យ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់​ចិត្ត​ខ្លះ កើតឡើង ហើយ​រលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័ស​យ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងសំឡេង ដែល​គប្បីដឹងបាន​ដោយត្រចៀក ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣៣] ម្នាលអានន្ទ មួយទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះធុំក្លិន​ដោយច្រមុះ។ ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្ត ជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ តំណក់ទឹក រមៀល​លើស្លឹកឈូក ដែល​ផ្អៀងបន្តិច រមែងមិនដក់នៅ មានឧបមា យ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយ​រលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងក្លិនដែល​គប្បីដឹងបានដោយច្រមុះ ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣៤] ម្នាលអានន្ទ មួយទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ សេចក្តីមិនគាប់ចិត្តខ្លះ កើតឡើង ព្រោះទទួលរស ដោយអណ្តាត។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តី​គាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោត​គ្រាត​នោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិន​គាប់​ចិត្ត​នោះ​​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់​ទៅ​វិញ ឯវិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានកម្លាំង ប្រមូលដុំទឹកមាត់ មកលើ​ចុងអណ្តាត ហើយស្តោះ ដោយមិនលំបាក មានឧបមា យ៉ាងណាមិញ ម្នាល​អានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយ​រលត់ទៅវិញ ឯវិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មាន​លំបាកយ៉ាងនេះ ក៏មាន​ឧបមេយ្យ​ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយ​ដ៏ប្រសើរ ក្នុងរសដែល​គប្បីដឹងបានដោយអណ្តាត ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣៥] ម្នាលអានន្ទ មួយទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះពាល់ត្រូវ​នូវផោដ្ឋព្វៈ ដោយកាយ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តី​គាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានកម្លាំង លាដៃ​ដែល​បត់ចូល ឬបត់​ចូលដៃ ដែលលាចេញ មានឧបមា យ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយ​រលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើន​ឥន្ទ្រិយ​ដ៏ប្រសើរ ក្នុងផោដ្ឋព្វៈ ដែល​គប្បីដឹងបានដោយកាយ ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣៦] ម្នាលអានន្ទ មួយវិញទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មាន​សេចក្តី​​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះដឹងធម្មារម្មណ៍ដោយចិត្ត។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តី​គាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមាន​កម្លាំង សម្រក់នូវតំណក់ទឹក ២តំណក់ ឬ៣តំណក់ ទៅក្នុងខ្ទះដែក ដ៏ក្តៅអស់១ថ្ងៃ ម្នាលអានន្ទ ការសម្រក់នូវតំណក់​ទឹកទាំងឡាយយឺតយូរ​ ឯទឹកនោះ ក៏ដល់នូវការអស់ទៅ ស្ងួតទៅ ​ដោយឆាប់រហ័ស មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់​ចិត្ត​ខ្លះនោះ កើតឡើង ហើយ​រលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយ ក្នុងធម្មារម្មណ៍ ដែល​គប្បី​ដឹង​បានដោយចិត្ត ក្នុង​វិន័យរបស់​ព្រះអរិយៈ។ ម្នាលអានន្ទ ការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងវិន័យរបស់ព្រះអរិយៈ យ៉ាងនេះឯង។

[៣៣៧] ម្នាលអានន្ទ បុគ្គលដែលឈ្មោះថា សេក្ខៈ ជាអ្នកមានបដិបទា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីគាប់ចិត្ត កើតឡើង មាន​សេចក្តី​​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឃើញរូប​ដោយភ្នែក។ ភិក្ខុនោះ ក៏នឿយណាយ ធុញទ្រាន់ ខ្ពើមរអើម ដោយ​សេចក្តី​គាប់ចិត្ត ដែលកើតឡើង ដោយសេចក្តី​មិនគាប់ចិត្ត ដែលកើតឡើង ដោយ​​សេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ ដែលកើតឡើងនោះ។ ភិក្ខុមានសេចក្តី​គាប់ចិត្តកើត​ឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឮសំឡេង​ដោយត្រចៀក… ព្រោះធុំក្លិនដោយច្រមុះ… ព្រោះទទួល​រស​ដោយអណ្តាត… ព្រោះពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ… ព្រោះដឹង​ធម្មារម្មណ៍ដោយ​ចិត្ត។ ភិក្ខុនោះ ក៏នឿយណាយ ធុញទ្រាន់ ខ្ពើមរអើម ដោយសេចក្តី​គាប់ចិត្ត ដែល​កើតឡើង ដោយសេចក្តី​មិនគាប់ចិត្ត ដែលកើតឡើង ដោយសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ ដែល​កើតឡើងនោះ។ ម្នាលអានន្ទ បុគ្គលដែលឈ្មោះថាសេក្ខៈ ជាអ្នក​មានបដិបទា យ៉ាងនេះឯង។

[៣៣៨] ម្នាលអានន្ទ បុគ្គលដែលឈ្មោះថាអរិយៈ មានឥន្ទ្រិយចម្រើនហើយ តើ​ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីគាប់ចិត្ត កើតឡើង មាន​សេចក្តី​​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឃើញរូប​ដោយភ្នែក។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បី​ជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើម ថាជា​របស់មិនគួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់​មិនគួរខ្ពើម ក្នុងរបស់ដែលគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ ជាអ្នកសំគាល់ ក្នុងរបស់មិនគួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថា ជារបស់​គួរខ្ពើម ក្នុងរបស់ដែលមិនគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ ​ជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើមផង មិនគួរខ្ពើមផង ថាជារបស់​មិនគួរ​ខ្ពើម ដូច្នេះ ហើយក៏សំគាល់ថា ជារបស់​មិនគួរខ្ពើម ក្នុងរបស់ដែលគួរ​ខ្ពើម និងមិនគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ គប្បី​ជាអ្នកសំគាល់ ក្នុងរបស់មិនគួរខ្ពើមផង គួរខ្ពើមផង ថាជារបស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថា ជារបស់គួរខ្ពើម ក្នុងរបស់ដែលមិនគួរ​ខ្ពើម និងគួរខ្ពើមនោះ។ បើប្រាថ្នាថា អាត្មាអញ គួរវៀរចេញ នូវរបស់ទាំងពីរ គឺ របស់គួរខ្ពើម និងមិនគួរខ្ពើម ជាអ្នកព្រងើយកន្តើយ មានស្មារតីដឹងសព្វ ដូច្នេះហើយ ក៏ជាអ្នក​ព្រងើយ​កន្តើយ មានស្មារតីដឹងសព្វ ក្នុងរបស់ទាំងពីរនោះ។

[៣៣៩] ម្នាលអានន្ទ មួយវិញទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មាន​សេចក្តី​​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឮសំឡេង​ដោយត្រចៀក… ព្រោះធុំក្លិនដោយច្រមុះ… ព្រោះទទួល​រសដោយ​អណ្តាត… ព្រោះពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ… ព្រោះដឹង​ធម្មារម្មណ៍​ដោយចិត្ត។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើម ថាជារបស់មិន​គួរខ្ពើមដូច្នេះ ហើយក៏សំគាល់ថា ជារបស់​មិនគួរខ្ពើម ក្នុងរបស់ដែលមិន​គួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ ក្នុងរបស់មិនគួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់​គួរខ្ពើម ក្នុងរបស់ដែលមិនគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ ​គប្បីជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើមផង មិនគួរខ្ពើមផង ថាជារបស់​មិនគួរ​ខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់​មិនគួរខ្ពើម ក្នុងរបស់ដែលគួរ​ខ្ពើម និងមិនគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ គប្បី​ជាអ្នកសំគាល់ ក្នុងរបស់​មិនគួរខ្ពើម​ផង គួរខ្ពើមផង ថាជារបស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់គួរខ្ពើម ក្នុងរបស់ដែលមិនគួរ​ខ្ពើម និងគួរខ្ពើមនោះ។ បើប្រាថ្នាថា អាត្មាអញ គួរ​ជាអ្នកវៀរស្រឡះ នូវរបស់ទាំងពីរ គឺរបស់គួរខ្ពើម និងរបស់មិនគួរខ្ពើម ជាអ្នកព្រងើយកន្តើយ មានស្មារតីដឹងសព្វ ដូច្នេះហើយ ក៏ជាអ្នក​ព្រងើយ​កន្តើយ មានស្មារតីដឹងសព្វ ក្នុងរបស់ទាំងពីរនោះ។ ម្នាលអានន្ទ បុគ្គលដែល​ឈ្មោះថា អរិយៈ មានឥន្ទ្រិយចម្រើនហើយ យ៉ាងនេះឯង។

[៣៤០] ម្នាលអានន្ទ ការចម្រើននូវឥន្ទ្រិយដ៏ប្រសើរ ក្នុងវិន័យរបស់ព្រះអរិយៈ តថាគត បានសំដែងហើយ បុគ្គលដែលឈ្មោះថា សេក្ខៈ ប្រកបដោយបដិបទា តថាគត បាន​សំដែងហើយ បុគ្គលដែលឈ្មោះថា អរិយៈ មានឥន្ទ្រិយចម្រើនហើយ តថាគត ក៏​បានសំដែងហើយ ដោយប្រការដូច្នេះឯង ម្នាលអានន្ទ កិច្ចណា ដែលព្រះសាស្តា ជាអ្នក​ស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ ដល់​សាវ័កទាំងឡាយ គប្បីធ្វើព្រោះអាស្រ័យ​សេចក្តីអនុគ្រោះ កិច្ចនោះ តថាគតបាន​ធ្វើហើយ ដល់អ្នកទាំងឡាយ ម្នាលអានន្ទ នុ៎ះ រុក្ខមូល នុ៎ះ សុញ្ញាគារ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរពិនិត្យមើលចុះ ចូរកុំប្រមាទ កុំ​មាន​សេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ នេះហើយជាពាក្យប្រៀនប្រដៅ របស់​តថាគត ចំពោះអ្នកទាំងឡាយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ​ចប់ហើយ ព្រះអានន្ទមានអាយុ មានសេចក្តី​ត្រេកអរ រីករាយ ចំពោះភាសិត​ព្រះមានព្រះភាគ។

ចប់ ឥន្ទ្រិយភាវនាសូត្រ ទី១០។

ចប់ សឡាយតនវគ្គ ទី៥។

ឧទ្ទាន នៃសឡាយតនវគ្គនោះ គឺ

អនាថបិណ្ឌិកោវាទសូត្រ១ ឆន្នោវាទសូត្រ១ បុណ្ណោវាទសូត្រ១ នន្ទកោវាទសូត្រ១ ចូឡរាហុលោវាទសូត្រ១ ឆឆក្កសូត្រ១ សឡាយតនវិភង្គសូត្រ១ នគរវិន្ទេយ្យសូត្រ១ បិណ្ឌបាតបារិសុទ្ធិសូត្រ១ ឥន្ទ្រិយភាវនាសូត្រ១ (នេះ) ជាវគ្គទី៥ ខាងចុងបំផុត។

ចប់ ឧបរិបណ្ណាសកៈ។

ចប់ មជ្ឈិមនិកាយ។

ចប់ ភាគ២៨

 

លេខយោង

1)
មិនគប្បីមើល។ អដ្ឋកថា។
2)
មិនគប្បីស្តាប់។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.152.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann