(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 01.036 បាលី cs-km: sut.sn.01.036 អដ្ឋកថា: sut.sn.01.036_att PTS: ?
សទ្ធាសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៦. សទ្ធាសុត្តំ)
[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា1) ជាច្រើន មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១១៥] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
សទ្ធាជាទីពីរ របស់បុរស បើបុគ្គលមិនឋិតនៅក្នុងភាពជាអ្នកមិនមានសទ្ធាទេ យសបរិវារក្តី កិត្តិសព្ទក្តី តែងមានដល់បុរសនោះ ព្រោះតែការមិនឋិតនៅក្នុងភាពជាបុគ្គល មិនមានសទ្ធានោះ លុះបុគ្គលនោះ លះសរីរៈហើយ រមែងទៅកាន់ឋានសួគ៌។ បុគ្គលគប្បីលះបង់សេចក្តីក្រោធ គប្បីលះបង់មានះ គប្បីលះបង់សំយោជនៈទាំងពួង សង្គធម៌ទាំងឡាយ2) មិនធ្លាក់សង្កត់នូវបុគ្គលនោះ ដែលមិនជាប់ចំពាក់នៅក្នុងនាម និងរូប មិនមានសេចក្តីក្រវល់ក្រវាយឡើយ។
[១១៦] ពួកជនពាល ឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ អ្នកប្រាជ្ញ រមែងរក្សានូវសេចក្តីមិនប្រមាទ ដូចជាគេរក្សាទុក នូវទ្រព្យដ៏ប្រសើរ បុគ្គលកុំគប្បីប្រកបរឿយៗ នូវសេចក្តីប្រមាទ កុំប្រកបរឿយៗ នូវការមូលមិត្ត ដោយតម្រេកក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ អ្នកមានឈាន រមែងដល់នូវសេចក្តីសុខដ៏ឧត្តម។