(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 01.038 បាលី cs-km: sut.sn.01.038 អដ្ឋកថា: sut.sn.01.038_att PTS: ?
សកលិកសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. សកលិកសុត្តំ)
[១២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឱទ្យានឈ្មោះ មទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះបាទនៃព្រះមានព្រះភាគ ទង្គិចដោយបំណែកថ្ម (ដែលទេវទត្តប្រមៀលមក)។ វេទនាដ៏មានកម្លាំង ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត ក៏ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ នូវវេទនាទាំងនោះបាន មិនលំបាកឡើយ។ គ្រានោះ ព្រះមានព្រះភាគ ត្រាស់បង្គាប់ភិក្ខុ ឲ្យក្រាលសង្ឃាដី មានជាន់បួន ទ្រង់សម្រេចព្រះសីហសេយ្យាខាងស្តាំ តម្រួតព្រះបាទខាងឆ្វេង លើព្រះបាទខាងស្តាំ ទ្រង់មានព្រះសតិសម្បជញ្ញៈ។
២៥>[១២៥]</span> លំដាប់នោះ កាលវេលារាត្រីបឋមយាម កន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា ៧០០អង្គ មានរស្មីដ៏ល្អ ញុំាងមទ្ទកុច្ឆិឱទ្យានទាំងមូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។
[១២៦] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
យីអើ ព្រះសមណគោតម ជានាគមែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គលមានព្រះពលានុភាព ទោះបីវេទនាជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១២៧] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា
យីអើ ព្រះសមណគោតម ជាសីហៈមែនហ្ន៎ ព្រោះព្រះអង្គ ជាអ្នកមិនតក់ស្លុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១២៨] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
យីអើ ព្រះសមណគោតម ជាអាជានេយ្យមែនហ្ន៎ ព្រោះព្រះអង្គទ្រង់ជ្រាបនូវហេតុ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១២៩] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
យីអើ ព្រះសមណគោតម ជានិសភៈ1) មែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គល ឥតមានអ្នកណាស្មើ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១៣០] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
យីអើហ្ន៎ ព្រះសមណគោតម ព្រះអង្គ ជាធោរយ្ហបុគ្គលមែន ព្រោះព្រះអង្គ ជាអ្នកនាំទៅនូវធុរៈ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១៣១] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា
យីអើហ្ន៎ ព្រះសមណគោតម ជាទន្តបុគ្គល (អ្នកប្រដៅព្រះហឫទ័យបាន) មែន ព្រោះព្រះអង្គ ជាអ្នកមិនមានពុតត្បុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១៣២] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា
សូមព្រះអង្គ ទតចំពោះតែអរហត្តផលសមាធិ ដែលចម្រើនល្អហើយ និងចិត្តដែលរួចស្រឡះ ដោយផលវិមុត្តិហើយ សូមកុំទតនូវចិត្តដែលប្រព្រឹត្តទៅតាមរាគៈ ប្រព្រឹត្តទៅតាមទោសៈ និងចិត្តដែលសង្កត់សង្កិន នូវកិលេស ដោយសេចក្តីព្យាយាម របស់ខ្លួនហើយប្រព្រឹត្តទៅ អ្នកណាឡើយ នឹងរាប់អានបុគ្គល ដែលបៀតបៀននូវនាគបុរស សីហបុរស អាជានីយបុរស និសភបុរស ធោរយ្ហបុរស ទន្តបុរស មានសភាពយ៉ាងនេះ ដូចម្តេចបាន វៀរលែងតែបុគ្គលជាអន្ធពាលចេញ។
ពួកព្រាហ្មណ៍ អ្នកទ្រទ្រង់នូវវេទ ទាំង៥ ជាអ្នកប្រព្រឹត្តអាស្រ័យនូវតបៈ អស់មួយរយឆ្នាំគត់ ក៏ចិត្តរបស់ពួកព្រាហ្មន៍នោះ នៅតែមិនរួចស្រឡះដោយប្រពៃនៅឡើយ ព្រាហ្មណ៍ទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។ បុគ្គលអ្នកជាប់ចំពាក់ដោយសីលពត្ត2) ព្រោះតណ្ហាគ្របសង្កត់ ទោះប្រព្រឹត្តនូវតបៈដ៏សៅហ្មង អស់មួយរយឆ្នាំ ក៏ចិត្តរបស់បុគ្គលទាំងនោះ មិនរួចស្រឡះ ដោយប្រពៃឡើយ បុគ្គលទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។ ក្នុងលោកនេះ បុគ្គលអ្នកប្រាថ្នានូវមានះ រមែងមិនមានការទូន្មានឥន្ទ្រិយ បុគ្គលអ្នកមានចិត្តមិនតាំងមាំ រមែងមិនមានបញ្ញា បុគ្គលជាអ្នកប្រមាទ ទុកជានៅក្នុងព្រៃតែម្នាក់ឯង ក៏ឆ្លងនូវទីនៅ របស់មារទៅព្រះនិព្វាន ពុំបានឡើយ។ បុគ្គលណា លះមានះបានហើយ មានចិត្តតម្កល់នៅ ដោយប្រពៃ មានចិត្តផូរផង់ រួចស្រឡះចាកធម៌ ជាគ្រឿងសៅហ្មងទាំងពួង នៅក្នុងព្រៃតែម្នាក់ឯង ជាអ្នកមិនប្រមាទ បុគ្គលនោះ ទើបឆ្លងនូវទីនៅ របស់មារ ទៅព្រះនិព្វានបាន។